ភាគ២

125 7 0
                                    

     "នាយនិយាយពីអី?"ធីណាហាក់ប្លែកកាលបើឮដូច្នេះ។
     វិភូញញិមស្រាលសម្លឹងមើលមុខធីណា តាមបែបមនុស្សយកចិត្តទុកដាក់ គេឃើញធីណាមិនស្រួលក៏ចេះតែនិយាយលួងលោមទៅក្រែងជាចំណែកដោះស្រាយបន្ទុកបានខ្លះ។
     "ពាងទឹកនៅខាងក្រោយផ្ទះណា៎ បើពេលណាប្រើអស់ទឹកស្រែកប្រាប់ខ្ញុំបាន ខ្ញុំមកបូមដាក់ឱ្យ"វិភូប្តួរប្រធានបទ។
     ធីណាងក់ក្បាលមិននិយាយអ្វីបន្តទៀត ដោយទុកឱ្យវិភូឈរសម្លឹងមើលអាការៈស្ងៀមស្ងាត់របស់គេមួយសន្ទុះទើបនាយចុះទៅខាងក្រោមបាត់។
     ប្រោកប្រាក!
     ចាបក្រដាស់ដែលចង់ព្យួរមាត់បង្អួចកាលបើប៉ះនឹងកម្លាំងវាយោក៏បណ្តាលឱ្យរេរាទង្គិចគ្នាបញ្ចេញសំឡេងស្រាលៗបំពេរអារម្មណ៍លោកគ្រូកំលោះដែលកំពុងអង្គុយរៀបចំសម្លៀកកំពាក់បត់ទុកដាក់ក្នុងទូផ្តៅ។
     ធីណារៀបចំទុកដាក់របស់របរមួយសន្ទុះគេក៏លើកប្រអប់អ្វីម៉្យាងយកមកបើកមើលរម្លឹកអនុស្សារីយ៍។កែវភ្នែកនាយចាប់ផ្តើមបញ្ចេញកម្តៅក្តៅភាយៗមួយស្របក់ទឹកថ្លាៗក៏ហូរចេញពីកែវភ្នែករំលេចឱ្យឃើញនៅទុក្ខសោកដែលកប់ទុកក្នុងទ្រូងជាច្រើនអនេកដែលមិនអាចបំភ្លេចបាន។
     នាឡិកាអស់ថ្ម ស្ករគ្រាប់សល់តែសំបក និងប៊ិកពណ៌ខៀវមួយដើម ទាំងអស់នេះជាអំណោចបញ្ចាំចិត្តដែលនៅសេសសល់ជាប់ខ្លួនរបស់យុកាដែលបានផ្តល់ឱ្យគេ។នៅមានរបស់ជាច្រើនទៀតដូចជា ខោអាវ កាបូប ស្បែកជើង ដែលយុកាទិញឱ្យប៉ុន្តែរបស់ទាំងនេះត្រូវបានម្តាយរបស់គេដុតបំផ្លាញចោលអស់តាំងពីយប់មុនថ្ងៃដែលយុកាចាកចេញទៅម៉្លេះ។
     "តើយើងអាចចួបគ្នាម្តងទៀតទេបងយុ!"ធីណាហាក់ពិបាកក្នុងអារម្មណ៍នាយពោលទាំងអួលដើមកស្របពេលដៃទាំងគូរស្រវ៉ាឱបប្រអប់ដាក់វត្ថុអនុស្សាវរីយ៍នេះជាប់នឹងទ្រូងដូចជាខ្លាចវត្ថុនេះបាត់បង់ទៅតាមយុកាដែរអ៊ីចឹង។
     ក្រឡេកមកមើលអ្នកកំលោះសង្ហាម្ចាស់ផ្ទះជួលឯណេះវិញ កាលបើរៀបចំឱ្យធីណាបានបន្ទប់ស្នាក់នៅហើយ នាយក៏បែរមករៀបចំដាំផ្កានៅឯមុខក្លោងទ្វារចូលដូចដើមវិញ។មួយសន្ទុះអ្នកគ្រូបរមីក៏ជិះកង់មកដល់។
     បរមីញញិមស្រស់តាមបែបមនុស្សរូសរាយសួរទៅកាន់វិភូ៖
     "បងភូៗឃើញធីណាមិត្តខ្ញុំទេ គេនៅផ្ទះមួយខ្នងណាដែរ?"
     វិភូជ្រួញចិញ្ចើមឆ្ងល់៖
     "ធីណា ណាទៅ? អ៎...លោកគ្រូម្នាក់ដែលមករកផ្ទះជួលអម្បាញ់មិញនោះមែនទេ?"
     "ចាស៎! គេជាមិត្តខ្ញុំណា៎បង"បរមីតប។
     វិភូរាងភ្ញាក់ផ្អើលបន្តិចដំបូងនាយស្មានតែលោកគ្រូមាឌតូចនោះមកទីនេះតែម្នាក់ឯងគ្មានស្គាល់អ្នកណាទេតើព្រោះមើលទៅរាងស្ងាត់ៗចម្លែកៗ។
     "លោកគ្រូនៅផ្ទះជាប់ដើមខ្នុរនោះ មែនហើយ...អ្នកគ្រូបរមីឆាប់ទៅមើលអ្នកគ្រូម្នាក់ហ្នឹងផងព្រោះអម្បាញ់មិញខ្ញុំឃើញគាត់យំ"វិភូប្រញាប់ប្រាប់ដំណឹងដល់បរមី។
     បរមីធ្វើមុខជូរ៖
     "អាធីណាមិនចោលចរិតសោះ..."
     "កើតអីមែនទេ?"វិភូចង់ដឹង។
     "គ្មានអីទេចាស៎ អ៊ីចឹងខ្ញុំចូលទៅខាងក្នុងសិនហើយណា៎"
     "បាទ៎!"
     តុក! តុក! តុក!
     "ធីណាបើកទ្វារ...ខ្ញុំបរមី"អ្នកគ្រូបរមីស្រែកហៅ។
     ធីណាដើរចេញមកបើកទ្វារឱ្យបរមីចូលក្នុងទាំងទឹកមុខមិនសូវរីក។បរមីដឹងច្បាស់ព្រោះនាងជាមិត្តតែម្នាក់ដែលយល់ពីអារម្មណ៍ធីណានិងជាមនុស្សដែលធីណាតែងតែប្រាប់ពីអារម្មណ៍សោកសៅមករហូត។
     "សុំទោសផង ខ្ញុំជាប់បង្រៀន២ថ្នាក់ទើបមកយឺតដូច្នេះ ផ្ទះនេះនៅបានធម្មតាទេហីមានអីឱ្យជួយទេហ្នឹង?"បរមីប្រញាប់សួរ។
     "..."ធីណាគ្រវីក្បាល។
     បរមីដកដង្ហើមធំ៖
     "បងភូប្រាប់ថា គាត់ឃើញឯងយំពិតទេ?"
     "អ្ហាស៎?...គ្មានទេផ្តាំប្រាប់គេផងថាស្រវាំងភ្នែកហើយ"ធីណាប្រញាប់ប្រកែក។
     "អ៎...គ្មានអីល្អហើយខ្ញុំទៅទៅបន្ទប់ខ្ញុំហើយណាយប់បន្តិចចុះទៅញ៊ាំអីជុំគ្នា"បរមីនិយាយរួចចុះសម្តៅផ្ទះមួយដែលនៅរំលងគ្នា៣ផ្ទះ។
     បរមីទៅបាត់ធីណាក៏ប្រែជាស្រងេះស្រងោចដូចដើម។ម៉្យាងដែរពេលល្ងាចអ៊ីចឹងទើបសភាពនៅទីនេះចាប់ផ្តើមអ៊ូអរព្រោះតែមានគ្រូៗ១០ទៅ២០នាក់ដែលជួលផ្ទះនៅទីនេះត្រលប់មកពីបង្រៀនវិញ។
     យប់ម៉ោង៧...
     បន្ទាប់ពីញ៉ាំអារហារពេលយប់រួច បរមីបានឱ្យកិច្ចការខ្លះៗដើម្បីឱ្យធីណាបំពេញព្រោះស្អែកនេះត្រូវដល់ពេលចេញបង្រៀនហើយ។
     ខ្យល់ត្រជាក់ធ្លាក់មក សម្លេងចង្រិតស្រែកយំទ្រហឹងពេញបរិវេណផ្ទះជួលនេះ ម៉ោង១០យប់ទៅហើយធីណានៅមិនទាន់គេងនៅឡើយទេ ពន្លឺព្រះច័ន្ទជះចូលតាមបង្អួចធីណាដើរទៅផ្តេកខ្លួនសម្ជឹងគិតម្នាក់ឯងមួយស្របក់ក្លិនផ្កាចេកទុំក៏រសាយផាត់កាត់ច្រមុះលោកគ្រូកំលោះធ្វើឱ្យនាយរាងធូរក្នុងចិត្តខ្លះៗដែរ។
     ច្រាវ...
     សំឡេងចាក់ទឹកនៅខាងក្រោយផ្ទះលាយឡំជាមួយសំឡេងត្អូញត្អែរតិចតួចដែលធ្វើឱ្យធីណាហាក់ចម្លែកក្នុងចិត្តក៏ងើបខ្លួនងើយរកមើលប្រភពសំឡេង។
     ច្រាវ...
     "ន៎ែលោកខ្យល់...មេត្តាស្ងាត់បន្តិចបានទេមិនឃើញមនុស្សងូតទឹកទេឬយ៉ាងម៉េច?ចង់បក់មកឱ្យរងាស្លាប់មែនទេ?"
     សំឡេងអ្នកកំលោះដែលឈរបែរខ្នងដាក់ធីណា ពេលនេះនាយស្ថិតក្នុងសភាពដោះអាវស្លៀកតែខោខ្លីត្រឹមភ្លៅឈរដួសទឹកពាងងូតទាំងរអ៊ូជេរមេឃជេរផ្កាយ នាយម្នាក់នេះគឺជាវិភូហ្នឹងឯង។
     "ថ្មើរហ្នឹងហើយមិនដេកពួនទេហ៎?"ធីណាឈរមើលទាំងរអ៊ូតិចៗ។
     វិភូបន្តដុះខ្លួននិងកក់សក់ទាំងមិនដឹងថាមានមនុស្សកំពុងឈរមើលខ្លួនពីមាត់បង្អួចមកទេ មួយសន្ទុះស្រាប់តែនាយក្រឡេកភ្នែកទៅឃើញធីណាកំពុងភ្លឹកមើលខ្លួនពីចំងាយ។
     ក្តុក!
     វិភូភ្ញាក់ព្រើតរបូតផ្តិលពីដៃ នាយលាន់មាត់ទាំងយកដៃខ្ទប់ដើមទ្រូងទាំងសង៖
     "ហ៊ើយ...លោកគ្រូមកលួចមើលខ្ញុំងូតទឹកតាំងពីពេលណា?"
     គ្រាំង!
     ធីណាស្ទុះបិទបង្អួចភ្លាមៗពេលនាយម្ទាស់ផ្ទះងាកមកឃើញខ្លួនដូច្នេះ។ ធីណាកើតជាភ័យបេះដូងលោតឌឹបៗ មិនគួរណាឱ្យគេឃើញអ៊ីចឹងសោះ។
     វិភូកាលអស់សំណើចពេលឃើញធីណាប្រញាប់បិទបង្អួចដូច្នេះ។ គេចាប់ផ្តើមរាល់ផ្តិលមកដួសទឹកងូតបន្តថែមទាំងឆ្លៀតរអ៊ូឌឺដងថែមទៀតផង។
     "ហ៊ើយ! លួចមើលគេងូតទឹកប្រយ័ត្នឈឺភ្នែកណា៎"
     ពាក្យឌឺដងទាំងនេះធីណាឮហើយសែនក្នាញ់តែធ្វើអ្វីមិនកើតក៏ស្ទុះទៅដេកវិញ។
     "ខ្ញុំគ្មានបំណងលួចមើលនាយទេ នាយប្រជ្រុយដោះ"

រឿង បើយើងស្រឡាញ់គ្នា (BLខ្មែរ)Where stories live. Discover now