៣ វិបត្តិបេះដូង
ព្រូស!
"អូយម៉ែ!...កុំ...កុំវៃខ្ញុំ"ធីណាស្រែកយំព្រោះមុននេះមីងម៉ៃបានអូសទាញគេចូលមកដល់ក្នុងផ្ទះហើយថែមទាំងអូសចូលទៅបន្ទប់កាត់ទោសមួយរបស់គាត់ដែលធ្វើឡើងសម្រាប់ប្រដៅកូនតាមបែបគ្រួសារដែលមានវិន័យ។
"អញសួរឯង...ឯងទៅជាមួយវាមែនទេអាធីណា?"មីងម៉ៃសួរទាំងខឹងស្របពេលដៃម្ខាងលូកទាញរំពាត់ផ្តៅដែលសៀតជាប់ជញ្ជាំង។
ច្វាច់!
មួយរំពាត់វាត់ចំបន្ទះរនាបឡើងបែបផ្សែងហុយដី ធ្វើឱ្យធីណាស្រែកយំអង្វរកដល់ម្តាយកឱ្យធ្វើបាបខ្លួន ព្រោះថារឿងនេះខ្លួនមិនបានគិតថាវានឹងកើតឡើងទេ។
"ទេម៉ែខ្ញុំមិនបានទៅជាមួយគាត់ទេ ខ្ញុំចួបគាត់តាមផ្លូវ..."ធីណានិយាយប្រាប់ម្តាយតាមតែអ្វីដែលបានកើតឡើងមីងម៉ៃឈរសម្លឹងមកខ្លួនដូចខ្លាកំណាចចាំហែកស៊ីសាច់កូនជ្រូសដូច្នុះដែរ។
"តែអញឃើញឯងថើបគ្នាជាមួយអាយុកា ឯងឆ្គួតឬឡប់អ្ហាស៎អាធីណា? អញខំចិញ្ចឹមឯងអញខំពត់ឯងតាំងពីក្មេងតែឯងនៅមិនចោលសណ្តានថោកទាបនេះដដែល ឯងចង់ធ្វើដូចឪឯងមែនទេ? ឯងចង់រត់តាមប្រុសដូចជាឪឯងឬ? អ្ហឹស៎!អាចោរម្សៀតមិនគួរណាអញមកចួបមនុស្សដូចឯងអ៊ីចឹងសោះ"មីងម៉ៃនិយាយទាំងគំហឹងក្តៅរោលរាលកាលបើនឹកឃើញដល់អតីតស្វាមីរបស់អ្នកមីងដែលមានប្រវត្តិខ្មាសគេទូទាំងស្រុកគឺរត់តាមប្រុស។ ដំបូងស្នេហាអ្នកមីងគឺជាការផ្សំផ្គុំរបស់ចាស់ទុំមិននឹកស្មានថាការផ្សំផ្គុំនេះបែរជាធ្វើឱ្យស្វាមីអ្នកស្រីមិនពេញចិត្តចុងក្រោយគេក៏ទៅចោលអ្នកមីងដែលបន្សល់ទុកតំណក់ឈាមមួយនេះឯងដែលមីងម៉ៃគាត់ការពារហាត់ពត់លត់ដំតាំងពីក្មេងហាមដាចខាតមិនឱ្យមានទំនាក់ទំនងជាមួយមនុស្សប្រុសចុងក្រោយ ការខំប្រឹងទាំងនេះគ្មានបានការដដែល។
យុកាយំសស្រាក់ទោះជាមិនទាន់ត្រូវមួយរំពាត់ក៏ដោយ ក្មេងជំទង់ស្ទុះឱបជើងម្តាយយំអង្វរសន្យាឈប់ធ្វើបែបនេះទៀតហើយត្បិតថារឿងអម្បាញ់មិញនេះជាជារឿងចៃដន្យហើយទំនាក់ទំនងគេជាមួយយុកាក៏មិនមែនជាអ្វីនឹងគ្នាដែរ ព្រោះទើបតែស្និតស្នាលក្នុងពេលប៉ុន្មានម៉ោងមុននេះប៉ុណ្ណឹងឯង។
"លែងអញ ប្រាប់អញមកថាឯងនឹងវាជាស្អីនឹងគ្នា?"មីងម៉ៃនិយាយទាំងរុញកូនឱ្យចេញពីជើងរបស់ខ្លួន។
ធីណាជូតទឹកភ្នែករួចវាចាតបទាំងអណ្តឺតអណ្តក៖
"ខ្ញុំមិនដែលទាក់ទងអីជាមួយគាត់ទេ មុននេះគាត់ទេដែលទាញខ្ញុំទៅថើប"
មីងម៉ៃនៅស្ងៀមមួយសន្ទុះទើបនិយាយ៖
"កុំឱ្យអញដឹងថាឯងនៅតែធ្វើចរិតថោកទាបបែបនេះទៀត មិនអ៊ីចឹងទេអញមិនទុកឯងឱ្យនៅក្នុងផ្ទះអញបន្តទេ"
និយាយចប់ហើយមីងម៉ៃដើរចេញពីបន្ទប់នេះបាត់ទៅ។យុកាអង្គុយយំម្នាក់ឯងទាំងឈឺចាប់ព្រោះតែរឿងនេះមិនមែនជាលើកទីមួយឡើយសម្រាប់ខ្លួន កាលមុនគ្រាន់តែដើរមកពីរៀនជាមួយមិត្តភក្តិប្រុសៗលេងចាក់ចង្កេះគ្នាធម្មតាសោះក៏ម្តាយខ្លួនវាយសឹងតែស្លាប់ ចុះម្តងនេះដល់ថ្នាក់ថើបគ្នាមិនដឹងថាម្តាយរបស់ខ្លួនគិតយ៉ាងណាបន្តទេ។
"បងយុប្រាប់ថាចាប់អារម្មណ៍ខ្ញុំ!"ធីណាបន្លឺតិចៗត្បិតថាខ្លួនមិនដែលឮពាក្យទាំងនេះចេញពីមាត់នរណាឡើយ ខ្លួនតែងតែចំណាំមើលអ្នកជិតខាងម្នាក់នេះព្រោះគេតែងតែលួចសម្លឹងខ្លួនរាល់ថ្ងៃមិននឹកស្មានថាពាក្យមួយឃ្លានេះជាចម្លើយដែលធ្វើឱ្យចិត្តរបស់ខ្លួនពិបាកនឹងធ្វើចិត្តដូច្នេះសោះ ។
ពិតណាស់តែថាធីណាទើបតែនិយាយស្និទ្ធស្នាលនឹងយុកាជាលើកដំបូងក៏ពិតមែនតែបេះដូងរបស់គេហាក់ដូចជាយល់ព្រមនូវពាក្យសំណើអម្បាញ់មិញ។
"មិនចង់ឮពាក្យនេះទៀតទេ! អ្ហឹក៎...ខ្ញុំមិនអាចធ្វើតាមបេះដូងបានទេ..."ធីណារអ៊ូក្នុងចិត្តអារម្មណ៍ពេលនេះហាក់ដូចជាខ្យល់ដែលបក់ផាត់ទៅមកទោះចង់ប្រកែកនិយាយហេតុផលក៏គ្មានរណាយល់។
"ហើយឬនៅខ្ញុំស្ពឹកជើងអស់ឥឡូវហើយលោកគ្រូ"វិភូឃើញធីណានៅស្ងៀមកាត់សំឡីជូតត្រង់របួសថ្មឹងដូចម៉ាឡាំកាំងដូច្នេះក៏ស្រែកសួរ។
"..."ធីណាហាក់កំពុងភ្លឹករវើរវាយម្នាក់ឯង មួយស្របក់ក៏ស្រាប់តែហូរទឹកភ្នែកមកដោយមិនដឹងខ្លួន។
"ធីណា! យំមែនទេ? មានរឿងអី?"វិភូប្រញាប់សួរព្រោះនៅសុខៗធីណាក៏ស្រាប់តែយំមិមដឹងមូលហេតុនេះម្សិលមិញក៏ឃើញយំដែរច្បាស់ណាស់ធីណាប្រាកដជាមានរឿងទុក្ខបៀមជាប់ក្នុងទ្រុងមិនខាន។
"អត់ទេ! គ្មានអ្វីទេ"ធីណានិយាយស្របពេលទឹកភ្នែកបានហូរហៀរមកសារជាថ្មី គេប្រញាប់ស្ទូះរត់ចេញទៅខាងក្រៅបាត់។
"ធីណា! ឈប់សិនមានរឿងអី"វិភូស្រែកសួរតែធីណាចេញទៅបាត់ហើយ បន្សក់ទុកនូវសំណួរដែលចាប់ផ្តើមចោទសួរឡើងពេញខួរក្បាលរបស់នាយថាធីណាគេកើតអី?
ចេញមកខាងក្រៅផ្ទៃមេឃងងឹតបាត់ទៅហើយ ពពកខ្មៅរសាត់អណ្តែតគ្របលើផែនពសុធាបរិយាកាសខ្មួលខ្មាញ់ក៏ចាប់ផ្តើមកើតមានឡើងពេញខួរក្បាលរបស់ធីណា ពេលនេះខ្លួនចង់តែស្តែកយំឱ្យទុក្ខទាំងប៉ុន្មានបានធូរស្តើយខ្លះ។
ច្រាវ!
"អ្ហឹក...ហេតុអី?...ហេតុអីបណ្តោយឱ្យខ្ញុំតាមរក?ហេតុអីបងមិនត្រលប់មករកខ្ញុំ? បើបងប្រាប់ខ្ញុំថាបងចាកចេញទៅរហូតតាំងពីដំបូងម៉្លេះសមពេលនេះខ្ញុំមិនឆ្កួតដល់ថ្នាក់រវើរវាយឃើញមុខបងរហូតអ៊ីចឹងទេ...ហ៊ឺ...មនុស្សចិត្តខ្មៅ"ធីណាពិបាកក្នុងអារម្មណ៍នាយស្រែកយំម្នាកឯងទាំងដួសទឹកពាងក្រោយផ្ទះងូតដើម្បីឱ្យស្វាង។
យំឆ្អែតហើយគេក៏ដើរចូលផ្ទះទាំងញ័រខ្លួនទទ្រើកដូចកូនសត្វ។វិភូឃើញតាំងពីដំបូងតែនាយទប់អារម្មណ៍មិនចូលទៅឃាត់ខ្លាចធីណាថាឱ្យខ្លួនចេះដឹង។ពេលនេះវិភូអាចដឹងពីទំហំនៃទុក្ខសោករបស់ធីណាបានខ្លះៗហើយទោះបីជានាយស្តាប់មិនបានថាធីណាគេនិយាយពីអ្វីក៏ដោយក៏នាយអាចស្តាប់ឮពាក្យមួយឃ្លារដែរ "ចាកចេញ" ពាក្យនេះឯងដែលជាវិបត្តិបេះដូងរបស់ធីណា។
វិភូដកដង្ហើមធំមុននឹងត្រលប់ចូលទៅក្នុងផ្ទះវិញចាំមានឱកាសល្អនាយនឹងទៅជជែកសួរនាំនឹងលើកចិត្តដល់ធីណាព្រោះមើលទៅគេម្នាក់នេះកំពុងតែមានវិបត្តិច្រើនគួរសម។វិភូនៅតែមិនថាហេតុអ្វីលោកគ្រូម្នាក់នេះឱ្យតែនៅជិតខ្លួនម្តងណាគឺតែងតែហូរទឹកភ្នែករហូតអ៊ីចឹង?
យប់ជ្រៅមេឃបើកស្រឡះ ហ្វូងតារារាប់ពាន់រះបញ្ចេញពន្លឺពេញវេហាស៍។ធីណាអង្គុយលើកាំជណ្តើរម្នាក់ឯង បរមីដេកបាត់ហើយនេះមិនដឹងទេឬណាមិត្តកំពុងមានទុក្ខ?
"សុំអង្គុយផងបានទេ?"ស្ងាត់ៗសំឡេងវិភូក៏លាន់លឿននៅក្បែរធីណាគេឃើញធីណាស្រងោះស្រងោចពេកក៏ដើរមករក។
"យប់ជ្រៅហើយមិនទាន់គេងទៀត នាយរវល់ការងារមែនទេ?"ធីណាប្រញាប់សួរស្របពេលដៃទាំងគូរជូតទឹកភ្នែកដែលកំពុងហូរចេញពីផែនថ្ពាល់។
"ឃើញក្មេងយំទើបនៅមិនសុខក៏ចង់មកលួង"វិភូនិយាយ។
ធីណាជ្រួញចិញ្ចើមតបវិញ៖
"ម្តុំនេះមានក្មេងពីណាមក?"
"គឺអ្នកដែលកំពុងយំហ្នឹងហើយ"វិភូក្រវីក្បាលឈរឱបដៃមើលធីណាដែលមុខគេពេលនេះឡើងហើមអស់ហើយ។
"សម្តៅលើខ្ញុំអ្ហេស៎? ខ្ញុំមិនមែនក្មេងទេសុំទោសផង"ធីណាញាក់ស្មាតបវិញ។
"បាទ៎! លោកគ្រូកំលោះ! ចង់សួរថាហេតុអីបានចេះតែយំរហូតអ៊ីចឹង?ប្រាប់ខ្ញុំមកក្រែងបានធូរស្រាលខ្លះ"វិភូនិយាយតែមិនឃើញធីណាតបទើបនាយនិយាយបន្ត "នឹកសង្សារមែនទេឬមួយសង្សារក្បត់ចិត្ត?"
"ប្រុសបោក..."
"អ្ហាស៎?"