Fall Out Of Love

225 25 6
                                    

   ធ្លាប់ឮគេនិយាយថា ពេលវេលានិងផ្លាស់ប្តូរគ្រប់យ៉ាង ហើយវានិងព្យាបាលរបួសមិនថារបួសផ្លូវកាយឬចិត្តនោះទេ។ ប៉ន្តែ...សម្រាប់ខ្ញុំពេលវេលាកន្លងមកនេះហាក់បីដូចជាគ្មានបានព្យាបាលអ្វីសោះឡើយ ផ្ទុយទៅវិញវាបែរជាដក់ដាមជាប់ក្នុងស្រទាប់ខួរក្បាលនិងបេះដូងយ៉ាងជ្រាលជ្រៅទៅវិញ។
  ខ្ញុំនៅចាំគ្រប់យ៉ាងបានយ៉ាងច្បាស់ ហាក់បីដូចជាអតីតកាលទាំងនោះកំពុងតែរត់កាត់ភ្នែករបស់ខ្ញុំ។ ពីពេលចាប់ផ្តើមរហូតដល់វិនាទីដែលត្រូវបញ្ចប់ទៅវិញ ខ្ញុំនៅចាំបានទាំងអស់។
  ខ្ញុំនៅចាំ ថ្ងៃមួយដែលខ្ញុំបានពាក់នូវស្នាមញញឹមយ៉ាងធំបំផុតបន្ទាប់ពីបានឮពាក្យ " ស្រលាញ់" ចេញពីមាត់របស់គេ។ នៅថ្ងៃនោះ ខ្ញុំញញឹមពីសាលារហូតដល់ផ្ទះប្រៀបដូចជាមនុស្សឆ្គួត ខ្ញុំចាំនៅពេលដែលខ្ញុំមានបញ្ហាលំបាកចិត្តតែក៏នៅតែអាចញញឹមបានដោយគ្រាន់តែឃើញសារមួយខ្សែពីគេប៉ុណ្ណោះ។ ត្រឹមពាក្យថា "រាត្រីសួស្តី" មួយម៉ាត់ក៏អាចធ្វើឲគេងលក់ស្រួលបានដែរ អស្ចារ្យពេកហើយ ខ្ញុំមិនធ្លាប់គិតថាខ្ញុំនិងទទួលបានអារម្មណ៍បែបនេះពីនរណាម្នាក់នោះទេ។
តែ...ដូចខ្ញុំបាននិយាយពីខាងលើអ៊ីចឹង ពេលវេលានិងផ្លាស់ប្តូរគ្រប់យ៉ាង ផ្លាស់ប្តូរទីកន្លែង ការលូតលាស់ រួមទាំងចិត្តមនុស្សផងដែរ។ បីឆ្នាំក្រោយការទាក់ទងគ្នា អារម្មណ៍ល្អៗបែរជារសាត់អស់ជំនួសមកវិញដោយការឈ្លោះប្រកែកខ្វែងគំនិតគ្នាស្ទើរតែមិនលួសថ្ងៃ ពេលវេលាតែមួយគត់ដែលយើងមិនបានបើកបំពង់កតម្លើងសរសៃកដាក់គ្នានោះគឺពេលចូលគេង។ មិនយល់ថាពួកយើងដើរដល់ចំណុចប្រេះស្រាំនេះដោយរបៀបណានោះទេ ខ្ញុំព្យាយាមហើយ ព្យាយាមស្រោចស្រង់ទំនាក់ទំនងមួយនេះឲល្អឡើងវិញ ព្យាយាមផ្សះផ្សារស្នេហាមួយដែលរលត់អស់នូវពន្លឺនៃសេចក្តីស្រលាញ់។ ខ្ញុំព្យាយាមតែម្ខាង ត្រដរទាំងត្រដាបត្រដួសព្រោះចង់ឲពួកយើងដូចដើមវិញ តែវាមិនអាចទេ កន្លែងដែលធ្លាប់ទៅក៏លែងសប្បាយដូចមុន គាត់តែងតែចងចិញ្ចើមនិងមើលមកខ្ញុំដោយភាពធុញទ្រាន់ រឿងកំប្លែងដែលខ្ញុំនិយាយមិនបានធ្វើឲឡាត់សើចនោះទេ វាបានក្លាយជារឿងមួយដែលឥតប្រយោជន៍ទៅវិញ។
  ខ្ញុំគួរតែទទួលស្គាល់ថាពួកយើងលែងដូចមុនហើយ គាត់អស់ចិត្តហើយ រវាងយើងមិនអាចបន្តទៀតទេ ខ្ញុំគួរតែស្រាយចំណងលែងដៃគាត់ចេញទៅ ប៉ុន្តែ..ខ្ញុំមិនរឹងមាំដល់ថ្នាក់នេះនោះទេ ខ្ញុំមិនរឹងមកកនិងការឈរមើលគាត់ដើរចេញទេ មិនចាំបាច់ស្រលាញ់ខ្ញុំបន្តទៀតក៏បាន ខ្ញុំគ្រាន់តែចង់នៅក្បែរៗខ្លួនគាត់ប៉ុណ្ណោះ។
  ខ្ញុំស៊ូទ្រាំគេងឱបភ្លើងរហូតដល់ថ្ងៃមួយ...
  «ពួកយើងចែកផ្លូវគ្នាទៅ» សម្តីស្រាលៗតែសង្លត់ន័យធ្ងន់លើចិត្ត នៅពេលនោះបើទោះបីជាគាត់កំពុងឈរទល់មុខខ្ញុំក៏ដោយ តែវាប្រៀបបីដូចជាពួកយើងត្រូវបានខណ្ឌដោយកំផែងជញ្ជាំងយ៉ាងក្រាស់ខ្មឹក។ ខ្ញុំស្រូបខ្យល់ដង្ហើមយ៉ាងវែង និយាយប្រាប់ខ្លួនឯងក្នុងចិត្តថា គាត់គ្រាន់តែចង់សាកចិត្តខ្ញុំទេ គាត់មិនបានមានន័យដូច្នោះទេ។
  «ហេតុអី?» បបូរមាត់ខ្ញុំញ័រទទ្រើក ខ្ជាក់ចេញមកបានត្រឹមពាក្យពីម៉ាត់ប៉ុណ្ណោះ ហេតុអីក៏មិនអាចល្អដាក់អូនដូចពីមុន? ហេតុអីក៏មិនអាចស្រលាញ់អូនឲយូរជាងនេះ? ហេតុអ្វីក៏ចង់ចាកចេញទាំងបេះដូងមួយនេះច្រាបពេញទៅដោយក្តីស្រលាញ់បែបនេះ? ខ្ញុំពិតជាចង់សួរសំនួរទាំងនេះទៅកាន់គាត់ណាស់ តែតើខ្ញុំនិងត្រៀមខ្លួនរួចរាល់និងទទួលចម្លើយពីគាត់វិញហើយមែនទេ?
  «...» គាត់មិនតប ក៏មិនព្រមសម្លឹងមុខខ្ញុំឲចំ ធ្វើឲបេះដូងមួយនេះរមួលឈឺទ្វេដង សូម្បីតែមុខខ្ញុំក៏គាត់លែងចង់ឃើញដែរមែនទេ?
  «បង...បងមានអ្នកថ្មីហើយមែនទេ?» ទឹកភ្នែកខ្ញុំស្រក់ដំណាលនិងពាក្យដែលខ្ញុំរលាស់ចេញមក តើមានអ្នកដែលមកជំនួសកន្លែងខ្ញុំហើយមែនទេ អ្នកណាដែលកែចិត្តគាត់ឲកែប្រែរហ័សយ៉ាងនេះ។
  «គ្មានទេ-»
  «បើគ្មានហេតុអ្វីយើងគួរតែបែកគ្នា? ចាំមានថ្មីចាំបងចាកចេញមិនបានទេអ្ហេស៎? ចាំដល់បងរកអ្នកថ្មីបានចាំបែកគ្នាមិនបានទេមែនទេ?» ខ្ញុំស្រែកកាត់សម្តីគាត់ដ្បិតមិនអាចទ្រាំស្តាប់ហេតុផលដូចផ្លែកាំបិតទាំងនោះបានទេ។ នៅវិនាទីដែលយើងចាប់ផ្តើមសោះកក្រោះដាក់គ្នាខ្ញុំក៏បានដៅទុករួចទៅហើយ ថាថ្ងៃនេះវាគង់និងមកដល់ មិនថាយូរឬឆាប់នោះទេ ខ្ញុំបានត្រៀមខ្លួនរួចមកហើយតែវានៅតែឈឺ ខ្ញុំគ្មានបំណងអ្វីក្រៅពីស្រលាញ់គាត់នោះទេប៉ុណ្ណឹងតើវាធ្ងន់ធ្ងរណាស់មែនទេ? បើមិនមានថ្មីហេតុអ្វីក៏ទុកខ្ញុំក្បែរខ្លួនផងមិនបាន ខ្ញុំមិនបានទាមទារឲគាត់វិលមកស្រលាញ់ខ្ញុំវិញទេ ខ្ញុំគ្រាន់តែត្រូវការពេលវេលាសម្រាប់ធ្វើចិត្តឲរឹងមាំជាងនេះប៉ុណ្ណោះ។
  ទឹកភ្នែកខ្ញុំហូររដឹកមិនឈប់បើទោះបីជាខ្ញុំប្រឹងហាមឃាត់យ៉ាងណាក៏ដោយ តើនេះជាផលតបស្នងចំពោះចិត្តស្រលាញ់ដ៏ស្មោះត្រង់របស់ខ្ញុំមែនទេ?
«នៅជាមួយគ្នាមានតែរឿងរ៉ាវឈ្លោះ ចូលដល់បន្ទប់ឃើញមុខអូនបងក៏ធុញបាត់ទៅហើយ! តើអូនចង់បន្តបែបណា អូនមិនហត់ទេមែនទេ? បើអូនមិនហត់ បងហត់!បងហត់ក្នុងការបន្តទំនាក់ទំនងរបស់ពួកយើងខ្លាំងណាស់» កាំបិតស្នៀតជាច្រើនត្រូវបានដោតចំកណ្តាលបេះដូង រហូតដល់ខ្ញុំហើបមាត់និយាយតទៅទៀតលែងចេញ បានន័យថាទាំងនេះជាអ្វីដែលគាត់បានគិតកន្លងមក កន្លងមកនេះគឺមានតែខ្ញុំប៉ុណ្ណោះដែលឆ្គួតព្យាយាមតែម្ខាង។
  ក្រឹប!
  គាត់ដើរចេញស្របពេលដែលខ្លួនប្រាណខ្សោះកម្លាំងរបស់ខ្ញុំបានធ្លាក់ដល់ដី។ ប្រុសម្នាក់នេះដាច់ចិត្តពេកហើយ បេះដូងដែលធ្លាប់តែកក់ក្តៅមួយនោះប្រែជាកករឹងបាត់បង់អស់រាល់មនោសញ្ចេតនា ខ្ញុំចង់ហាមាត់ឃាត់ក៏មិនបាន ចង់ស្រែកប្រាប់គាត់កុំឲចាកចេញពីខ្ញុំអី បេះដូងមួយនេះទន់ជ្រាយពេកហើយមិនអាចទទួលស្គាល់នូវការចាកចេញមួយនេះបាននោះទេ បែកគ្នាវាយ៉ាប់ណាស់ទៅហើយអ្វីដែលកាន់តែឈឺនោះគឺសម្លឹងមើលគាត់ដើរចេញទៅ ហើយចុងក្រោយគឺមានតែខ្ញុំនិងសម្លេងខ្សឹកខ្សួលរងំក្នុងបន្ទប់ប៉ុណ្ណោះ។
គាត់បានចាកចេញទៅហើយ អ្វីដែលបានបន្សល់ទុកឲខ្ញុំនោះគឺ ស្លាកស្នាមទឹកភ្នែក និងរបួសដែលខ្ញុំដឹងថាគ្មានថ្ងៃនិងរលុបឬព្យាបាលបាននោះទេ។ក្តីស្រលាញ់មួយនេះបានបង្រៀននូវបំណិនជីវិតមួយគឺ នៅពេលយើងស្រលាញ់នរណាម្នាក់ខ្លាំង ម្នាក់នោះតមែងក្លាយជារបួសកប់យ៉ាងជ្រៅនៅក្នុងបេះដូង ការចងចាំនិងអានុស្សានិងក្លាយជាសុបិនអាក្រក់ដែលតាមលងបន្លាចយើងមិនលួសថ្ងៃ។ ចុងបញ្ចប់របស់ពួកយើងមិនល្អទេ ប៉ុន្តែយ៉ាងហោចណាស់ក៏យើងបានជួប ក៏អរគុណសម្រាប់ពេលកន្លងមក។

     THE END

Jakehoon One-shotWhere stories live. Discover now