ភាគទី២៨

406 6 0
                                    

“អ្នកណាដណ្ដើមរបស់អ្នកណា ខ្ញុំថាអ្នកនាងដឹងច្បាស់នៅក្នុងចិត្តស្រាប់ហើយ មិនចាំបាច់ឱ្យខ្ញុំបញ្ជាក់នោះទេ” ក្នុងនាមនាងជាគូដណ្ដឹង វ៉ាល់សៀស៍ តាំងពីតូចនឹងមនុស្សស្រីដែលទើបតែស្គាល់គ្នា អ្នកណាមានសិទ្ធជាងគួរតែដឹងច្បាស់ស្រាប់ហើយ។
“ហ៊ឹស! ខ្ញុំមិនបានចង់សម្ដៅដល់រាងកាយនោះទេ តែខ្ញុំសម្ដៅដល់បេះដូង បង វ៉ាល់សៀស៍ គាត់ស្រលាញ់ខ្ញុំ មិនមែនជានាងដែលគ្រាន់តែជាប្រពន្ធលម្អ រៀបការព្រោះមិនអាចប្រឆាំងបាននោះទេ” បេកា នៅមិនចោលស្នាមញញឹមចំអកឡកឡឺយ នៅថែមទាំងបន្តប្រយោគចុកឈាមដល់អ្នកម៉ាក់ទៀត “ឃើញនាងគួរឱ្យអាណិតអ៊ីចឹងខ្ញុំប្រាប់នាងរឿងមួយទៅចុះ! បើគាត់មិនគិតថាខ្ញុំស្លាប់តំណែងជាប្រពន្ធក៏មិនបានមកលើនាងដែរ វាគួរតែជារបស់ខ្ញុំទៅវិញទេ ហើយពេលដែលដឹងថាខ្ញុំមិនទាន់ស្លាប់គាត់ក៏ត្រលប់មក រកខ្ញុំវិញទាំងក្ដីស្រលាញ់ភាពរោលរាលនៅតែមានចំពោះខ្ញុំដូចកាលពីដំបូងអ៊ីចឹង ហ៊ឹសៗ”
“ហើយយ៉ាងម៉េច! យ៉ាងណានាងនៅតែជាស្រីលួចលាក់ គ្មានថ្ងៃបានតំណែងជាប្រពន្ធគាត់នោះទេ ដរាបណាខ្ញុំនៅមានឈ្មោះអ្នកស្រីក្នុងផ្ទះនេះ”
“នេះខ្ញុំនិយាយប៉ុណ្ណឹងហើយ នាងនៅតែមិនយល់ទៀតហ្អេស...” បេកា ធ្វើជាញញឹមមិនបានឈឺនឹងសម្ដី ហ្វេនស៊ី ទាំងខាងក្នុងកំពុងតែក្ដៅឆួលសឹងតែធ្លាយចេញមកខាងក្រៅទៅហើយ “ប្រាប់នាងទៅចុះ មិនយូរទេខ្ញុំនឹងបានធ្វើជាអ្នកស្រីទីពីរនៅក្នុងផ្ទះនេះ ហើយមិនយូរទៀតទេខ្ញុំក៏បានឈរលើតំណែងអ្នកស្រីទីមួយដូចគ្នា.... ដែលខ្ញុំហ៊ានឈានជើងចូលមកទីនេះទាំងមិនញញើតព្រោះតែបានការអះអាងពីបង វ៉ាល់សៀស៍ នេះឯង” បេកា ញញឹមសមចិត្តពេលបានឃើញទឹកមុខផ្លាស់ប្ដូររបស់ ហ្វេនស៊ី។  
បងពិតជាធ្វើដាក់អូនបែបនេះមែនហ្អេស វ៉ាល់សៀស៍... អ្នកម៉ាក់គិតទាំងឈឺចាប់ កុំថានាងត្រចៀក.សល្ងង់ឆាប់ជឿអ្នកដទៃ តែទង្វើរបស់ស្វាមី ភាពសោះកក្រោះរបស់គេ ការមិនពេញចិត្ត សម្ដីគ្រោតគ្រាតទាំងនោះវាធ្វើឱ្យនាងអត់គិតមិនបាន។
“អរ ត្រូវហើយគាត់នៅប្រាប់ទៀតថាប្រពន្ធមានផ្ទៃពោះពិបាកនឹងផ្ដល់ក្ដីសុខឱ្យគាត់ណាស់ ទើបត្រូវការឱ្យខ្ញុំបំពេញក្ដីសុខឱ្យគាត់ ដូច្នេះហើយអ្នកបងកុំសង្ស័យអីបើភ្ញាក់កណ្ដាលយប់មិនឃើញស្វាមី អ្នកបងមានផ្ទៃពោះបែបនេះគួរតែសម្រាកឱ្យបានច្រើន មិនបាច់ប្រឹងផ្គាប់ចិត្តស្វាមីទេប្រយ័ត្នប៉ះពាល់ដល់កូន ហ៊ឹសៗ យ៉ាងណាខ្ញុំក៏ជិតក្លាយជាប្រពន្ធម្នាក់របស់គាត់ទៅហើយ បម្រើប្ដីខ្លះក៏មិនទាស់ខុសអីដែរហ្ន៎!”
“បើនាងយល់ថាខ្លួនមិនបានមុខក្រាស់ ធ្វើរឿងគ្មានកេរ្ដិ៍ខ្មាសទេក៏អញ្ជើញតាមសប្បាយ យ៉ាងណាខ្ញុំក៏ចិត្តល្អចែកទានឱ្យមនុស្សអត់ឃ្លានស្រាប់ទៅហើយ” ថាហើយ ហ្វេនស៊ី ក៏ដើរបុកអ្នកម្ខាងទៀតចូលទៅក្នុងបន្ទប់របស់ខ្លួន ទុកឱ្យមាជ្រែកនៅឈរខាំមាត់គុំកួនតែម្នាក់ឯង។
“ស្រីចង្រៃ!”
បេកា ដែលកំពុងតែខឹងចិត្តក៏ស្រាប់តែជ្រួញចិញ្ចើមសង្ស័យពេលឃើញ ហ្វេនស៊ី ដើរចូលទៅបន្ទប់ផ្សេងទាំងដែលនាងចាំបានថាមុននេះ វ៉ាល់សៀស៍ មិនបានចូលក្នុងបន្ទប់មួយនេះទេ! ស្រីស្រស់ញញឹមពេញចិត្តកាន់តែខ្លាំង បែបនេះមិនល្អទេឬ វាជាឳកាសសម្រាប់នាងទៅវិញទេក្នុងការដណ្ដើមប្រុសកំលោះមកវិញ។
“ហ៊ឹស កុំថាឡើយមានកូនទោះនាងមានកូនដប់ទៀតក៏ខ្ញុំកម្ចាត់ម៉ែកូនពួកឯងចេញពីទីនេះឱ្យបានដូចគ្នា” រលាយបាត់ស្នាមញញឹមសមចិត្តសល់ត្រឹមភាពសាហាវឃោរឃៅជំនួសវិញ! បេកា រលាស់គំនិតចេញពីសត្រូវរបស់ខ្លួន បែរសម្ដៅទៅរកគោលដៅដែលខ្លួនប៉ងប្រាថ្នាវិញ។
តុក តុក
សំឡេងគោះទ្វារពីខាងក្រៅ សាងឱ្យមនុស្សក្រម៉ូវមុននេះប្រញាប់រៀបឫកពាជាថ្មី។
“អ្នកណា?”
“គឺអូនបង វ៉ាល់សៀស៍!”
“ចូលម៉ោ  ទ្វារមិនបានចាក់សោរទេ”
ម្ចាស់បន្ទប់ស្រែកស្រាប់ទាំងក្រោកដើរទៅអង្គុយលើសាឡុងកណ្ដាលបន្ទប់ ដោយស្រីស្រស់ចូលមកអង្គុយទល់មុខគេដោយមិនចាំបាច់អញ្ជើញ។
“អូនមករកមានការអី?”
“គ្មានអីទេ គឺអូនគ្រាន់តែបារម្ភពីបងហ្នឹងណា!” មានឳកាសភ្លាម បេកា និយាយយកល្អឱ្យខ្លួនភ្លែតទាញពិន្ទុពីប្រុសកំលោះ ហើយវាក៏បានផលតាមតម្រូវការរបស់នាងដូចគ្នា។
“អគុណដែលអូនបារម្ភពីបងតែបងមិនអីនោះទេ នេះបើប្រពន្ធបងមានចិត្តតែពាក់កណ្ដាលអូនមិនដឹងជាល្អប៉ុណ្ណាទេ!” នេះគេកំពុងតែអន់ចិត្តនឹងប្រពន្ធខ្លួនឯងមែនទេ... ត្រូវហើយគេអន់ចិត្ត ហើយក៏តូចចិត្តដែរ ដែលនាងមិនអើពើរវល់ពីអារម្មណ៍របស់គេគួរណាស់តែមកលួងលោមសុំទោសគេក៏បានដែរ តែនេះគ្មានសោះ។  
ហើយអន់ចិត្តធ្វើស្អី ក្រែងជាខ្លួនឯងមិនអ៊ីចឹង ទៅសម្ដីខ្លាំងដាក់គេមុននេះ ប្រពន្ធជាស្រីថែមទាំងមានផ្ទៃពោះ ហើយចុះខ្លួនឯងជាស្អីដែរ បែរជាមកងរង៉ក់មើលតែមនុស្សស្រីបែបនេះយ៉ាប់មែនហើយស្វាមីទំនើងម្នាក់នេះ ហុ ហុ...
“បងកុំទៅខឹងអ្នកនាង ហ្វេនស៊ី អីនាងគ្រាន់តែអារម្មណ៍មិនល្អឆេវឆាវមួយពេលតែប៉ុណ្ណោះ” បេកា ស្ទុះចូលទៅអង្គុយម្ចាស់បន្ទប់លូកដៃមកអង្អែលដើមដៃមាំតិចៗបែបថាលួងលោម ក៏បើកឳកាសឱ្យប្រុសកំលោះដូចគ្នា តែអ្វីដែលនាងទទួលបានមកវិញគឺការអាម៉ាស់មុខ ពេលអ្នកម្ខាងទៀតមិនបានលេងជាមួយនៅថែមទាំងទាញដៃចេញពីនាងរក្សាគម្លាតរវាងគ្នាបានយ៉ាងល្អ។
នេះបងស្រលាញ់មីស្រីចង្រៃម្នាក់នោះមែនឬ! ហ៊ឹស អូនមិនព្រមនោះទេ បងគឺជារបស់អូនតែម្នាក់គត់ ដាច់ខាតអូនត្រូវតែយកបងមកវិញឱ្យទាល់តែបាន!.... បបូរមាត់ក្រហមឆេះត្រូវម្ចាស់របស់វាខាំសឹងតែដាច់ចេញឈាមទៅហើយ។
“វ៉ាល់សៀស៍ កុំខឹងអូនណា បើអូនចង់សួរបងរឿងមួយ?”
“អូនចង់ដឹងអ្វីក៏សួរមកចុះ”
“ម៉េចក៏ពួកបងទាំងពីរគេងបែកបន្ទប់គ្នាបែបនេះទៅវិញ?”
“គ្មានអ្វីទេ គ្រាន់តែពេលខ្លះបងត្រូវការភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ” គេកុហក! ភាពផ្ទាល់ខ្លួនរបស់គេគឺការមកអង្គុយសំងំអន់ចិត្ត តូចចិត្តតែម្នាក់ឯងដូចឃើញហ្នឹងហើយ។
“ប្ដីប្រពន្ធចាំបាច់ត្រូវការភាពផ្ទាល់ខ្លួនដែរឬ? ឬមួយក៏ប្រពន្ធរបស់បង...” មិនទាន់បានហើបមាត់និយាយអស់ផង សំឡេងស្រែកមិនពេញចិត្ត វ៉ាល់សៀស៍ បន្លឺឡើងមុនបាត់ទៅហើយ។
“បេកា!”

ភរិយាលម្អទ្រនំWhere stories live. Discover now