ភាគទី៤០

426 8 0
                                    

“ចាសអគុណដែលបញ្ជាក់ពីឋានៈរបស់ខ្ញុំ តែយ៉ាងណាក៏ខ្ញុំដឹងពីឋានៈរបស់ខ្លួនស្រាប់ទៅហើយ មិនមែនវង្វេងខ្យល់វង្វេងឋានដូចជានាងនោះទេ” មិនបានខ្លាចក្រែងចិត្តស្អីមេផ្ទះដាក់ទៅវិញយ៉ាងកប់មាត់តែមាត់ ដែលធ្វើឱ្យ បេកា ខឹងឡើងញ័រសាច់ទៅហើយ។
“អាយយ មីកញ្ចាស់...”
“ពួកនាងឆាប់ទៅធ្វើការទៅ នៅទីនេះនាំតែឆ្លងរោគអាក្រក់នោះទេ” ឮបញ្ជាមេផ្ទះធំហើយស្រីបម្រើគ្រប់គ្នាម្នីម្នាដើរចេញទៅធ្វើការរៀងខ្លួន គ្មានអ្នកណាខ្វល់ពី បេកា សូម្បីម្នាក់ទុកឱ្យនាងនៅឈរកន្ត្រំឈឺចិត្តតែម្នាក់ឯងកំហឹងគុំកួនក្នុងចិត្តមានកាន់តែខ្លាំង។
“ងាប់ជាខ្មោចក៏យើងមិនព្រមចាញ់ពួកឯងដែរ”
ពិបាកណាស់បើមនុស្សមានចិត្តលោភលន់ គំនិតគុំកួន ឃោរឃៅជាប់ក្នុងខ្លួនហើយ គឺមិនងាយនឹងបន្សាបបានងាយៗនោះទេ កាន់តែភាពច្រណែនឈ្នានីសជ្រាបជ្រៅសាយភាយចូលទៅក្នុងចិត្ត ពន្លឺនៃអំពើល្អកាន់ តែមិនអាចជ្រាបចូលទៅក្នុងចិត្តពួកគេបានងាយៗដូចគ្នា។
អ្នកម៉ាក់ដែលកំពុងបិទភ្នែកសំងំគេងនៅលើគ្រែ ក៏ត្រូវបើកភ្នែកជាថ្មីមើលជនទីពីរដែលឈ្លានពានបន្ទប់គេងរបស់ខ្លួនតែពេលដឹងថាអ្នកចូលមកជាអ្នកណា អារម្មណ៍ដែលតឹងថប់មុននេះស្រាប់តែធូរស្រាលបានដោយគ្មានមូលហេតុ... មូលហេតុនោះគឺមកពីវត្តមានអ្នកដែលទើបមកដល់ហ្នឹងឯង! ហ្វេនស៊ី ដែលអាការៈធ្ងន់ក្បាលចាប់ផ្ដើមថមថយ ប្រឹងក្រោកអង្គុយដោយមានដៃមាំទាំពេញដោយភាពកក់ក្ដៅអ្នកជាស្វាមីជួយត្រកងឡើង។
“បងត្រលប់មកវិញហើយឬ?” ភ្លាមៗមិនដឹងថាត្រូវនិយាយអ្វីទើបអ្នកម៉ាក់សួរសំណួរដែលមិនគួរហ្នឹងសួរ តែក៏សាងការពេញចិត្តដល់លោកប៉ាមិនតិចដូចគ្នា។
រំភើបចិត្ត ពេញចិត្តហើយយ៉ាងម៉េច តែយ៉ាងណាក៏មនុស្សចិត្តរឹងមិនព្រមទម្លាយអារម្មណ៍របស់ខ្លួនចេញមកងាយៗដូចគ្នា វ៉ាល់សៀស៍ បានត្រឹមលាក់ភាពពេញចិត្តកប់ក្នុងបេះដូង ធ្វើដូចជាគ្មានអារម្មណ៍អ្វីនឹងសំណួររបស់ភរិយា ដោយការសួរសំណួរបន្លប់មកវិញ។
“មេផ្ទះប្រាប់ថាថ្ងៃនេះនាងចាញ់ខ្លាំង ពេលនេះយ៉ាងម៉េចហើយ?” ឃើញទឹកមុខស្លេកស្លាំងរបស់ប្រពន្ធហើយ គេខ្លួនឯងក៏ទៅជាមួម៉ៅមិនពេញចិត្តតែម្ដង។
“កាលពីរសៀលចាញ់ខ្លាំងតែពេលនេះអស់អីហើយបងកុំបារម្ភអី” ទោះដឹងថាគេមិនបានបារម្ភពីខ្លួន តែអ្នកម៉ាក់ក៏អត់មានសង្ឃឹមមិនបានថាថ្ងៃណាមួយគេនឹងព្រួយបារម្ភនាងចេញពីចិត្ត តែនាងមិនបានដឹងទេថាគ្រប់យ៉ាងដែលគេធ្វើនៅពេលនេះគឺចេញពីក្រអៅបេះដូងតែម្ដង។
វ៉ាល់សៀស៍ មិនបាននិយាយអ្វីក៏មិនគិតនឹងបកស្រាយការពិតឱ្យអ្នកម៉ាក់ឈប់អន់ចិត្ត តែក៏ងាកទៅចាប់អារម្មណ៍ដៃតូចដែលសាមីខ្លួនដាក់ក្រោមភួយព្យាយាមលាក់បាំងពីភ្នែករបស់គេ។ 
“យកដៃចេញម៉ោ!” មិនមែនបញ្ជាក៏មិនមែនដាក់សម្ពាធ អ្វីដែលគេកំពុងតែប្រាប់នាងគឺជារឿងដាច់ខាតដែលនាងត្រូវតែធ្វើតាម ក៏គ្មានសិទ្ធិជំទាស់ប្រឆាំងដូចគ្នា។
“អឺ...” ហ្វេនស៊ី ទៅជាស្លេកមុខពេលឮប្រយោគប្រុសកំលោះ មិនគិតថាគេនឹងដឹងរឿងដៃរបស់ខ្លួន ដែលនាងលាក់បាំងគេមិនមែនទាមទារចំណាប់អារម្មណ៍ ក៏មិនគិតថាគេនឹងព្រួយបារម្ភនាងដូចគ្នា គ្រាន់តែមិនចង់ឱ្យគេឃើញហើយជេរស្ដីនាងតែប៉ុណ្ណោះ តែពេលនេះប្រហែលជាជៀសមិនផុតនឹងត្រូវគេស្ដីឱ្យទេមើលទៅ។
“យកដៃចេញភួយភ្លាម ហ្វេនស៊ី!”
“អូន...អូនត្រជាក់ដៃ”
“ម៉ោនេះ!”
“អូយយ” ស្រីស្រស់ស្រែកដោយការឈឺចាប់ពេលត្រូវស្វាមីផ្ដាច់ការចាប់កន្រ្តាក់ដៃមួយទំហឹងមិនថ្នមកម្លាំង។
វ៉ាល់សៀស៍ ចាប់ទាញដៃទាំងគូភរិយាចេញពីក្រោមភួយមកមើល ព្រោះមិនដឹងថាជាដៃខាងណា តែហើយក៏បានឃើញខ្នងដៃខាងឆ្វេងរបស់នាងដែលមានស្នាមរលាកក្រហមរងាល កើតចេញពីការរលាកទឹកក្ដៅនឹងឯង។
ហ្វេនស៊ី ខាំមាត់ឱនមុខចុះប្រឹងទប់ទឹកភ្នែករង់ចាំការស្ដីបន្ទោសពីស្វាមី តែក្រៅពីភាពស្ងប់ស្ងាត់អ្វីក៏នាងមិនបានឮពីមាត់របស់គេដូចគ្នា អ្នកម៉ាក់សម្លឹងមើលខ្នងដៃរបស់ខ្លួនដែលត្រូវអង្អែលថ្នមៗ ដោយម្រាមដៃវែងស្រឡូនអ្នកជាស្វាមីមិនដឹងថាយ៉ាងម៉េចនោះទេគ្រាន់តែទទួលបានការថ្នាក់ ថ្នមពីអ្នកម្ខាងទៀត នាងក៏គ្មានអារម្មណ៍ថាឈឺចាប់ត្រង់មុខរបួសអីបន្តិចសោះហាក់ដូចបានលាបថ្នាំទិព្វមកពីឋានទេវតាអ៊ីចឹង។
នេះឬការព្រួយបារម្ភពីមនុស្សដែលយើងស្រលាញ់ វាមានឥទ្ធិពលខ្លាំងដល់ថ្នាក់នេះហ្អេស... ស្នេហាមិនត្រឹមតែធ្វើឱ្យមនុស្សខ្វាក់ភ្នែកទេ ថែមទាំងខ្វាក់ចិត្តគំនិតទៀតផង។
“ឈឺទេ? ម៉េចក៏ធ្វើអ្វីមិនចេះប្រយ័ត្នបែបនេះ!” ពាក្យសម្ដីទន់ភ្លន់ស្ដីឱ្យបែបព្រួយបារម្ភរបស់គេ អ្នកដែលប្រឹងទប់ទឹកភ្នែកក៏ស្រាប់តែស្រក់ទឹកភ្នែកចុះទាងមិនដឹងខ្លួន មិនមែនអន់ចិត្តនឹងសម្ដីរបស់គេ តែជឿថានាងកំពុងរំភើបចិត្តទៅវិញទេជាមួយពាក្យពេចន៍ទន់ភ្លន់មួយនោះ។
“គ្រាន់ជារឿងចៃដន្យប៉ុណ្ណោះបងកុំយកចិត្តទុកដាក់អីពេលនេះបានលាបថ្នាំអូនធូរខ្លះហើយ” ហ្វេនស៊ី ប្រឹងដកដៃចេញមកវិញ តែក៏មិនបានសម្រេចព្រោះត្រូវលោកប្ដីចាប់ជាប់មិនលែងសោះ។
“ថ្ងៃក្រោយមិនចាំបាច់ទៅខ្វល់នឹងរឿងអស់ទាំងនោះទេ អ្នកបម្រើមានពួកគេចេះធ្វើហើយ”
“មិន...មិនបានទេ! អូនចង់ធ្វើអ្វីដើម្បីបងខ្លះ” ការងារនេះជាតួនាទីប្រពន្ធដែលគេតែងធ្វើមិនអ៊ីចឹង។
“ស្ដាប់បញ្ជាខ្ញុំចាត់ទុកថាធ្វើដើម្បីខ្ញុំស្រាប់ហើយ កុំប្រឆាំងជំទាស់នាំរឿងអំពល់ទៅបានហើយ” ពេលអ្នកម៉ាក់ក្បាលរឹងមិនគិតនឹងស្ដាប់សម្ដីលោកប៉ាបញ្ចេញឬទ្ធិដាក់តែម្ដង ហើយប្រាកដណាស់ថាសម្ដីនេះសាងឱ្យអ្នកទន់ជ្រាយស្រាប់ទៅជាអន់ចិត្តភ្លែតតែម្ដង។
“សុំទោស! ថ្ងៃក្រោយអូននឹងមិននាំរឿងអំពល់ដល់បងទៀតទេ”
ហ្វេនស៊ី ឱនមុខចុះកាន់តែខ្លាំងជ្រប់មុខសឹងតែជាប់នឹងដើមទ្រូងទៅហើយ ទឹកភ្នែកដែលស្រក់ព្រោះរំភើបមុននេះ ក៏ស្រក់កាន់តែខ្លាំងតែមិនមែនរំភើបដូចពីដំបូងនោះទេ តែវាពោរពេញទៅដោយការអន់ចិត្តទៅវិញទេ។
វ៉ាល់សៀស៍ មើលឃើញតំណក់ទឹកភ្នែកភរិយាដែលស្រក់ចុះមកក៏មានអារម្មណ៍ដឹងខុសមួយរំពេចន៍ ដឹងថាមុននេះខ្លួនជ្រុលមាត់ស្ដីឱ្យនាងទាំងដឹងហើយថាមនុស្សមានផ្ទៃពោះគិតច្រើនប៉ុណ្ណា ស្ដីឱ្យបែបបារម្ភក៏គិតថាស្អប់ដែរ។
យំធ្វើស្អីក្មេងឆ្កួត!
លោកប៉ាគិតដោយការហួសចិត្តតែក៏ជ្រើសរើសមិននិយាយអ្វីក្រៅពីចាប់ផ្ងើយចង្កាស្រីស្រស់ឱ្យងើយមកប្រសព្វភ្នែកជាមួយខ្លួន តែសាមីខ្លួនបែរជាព្យាយាមងាកមុខចេញតែក៏មិនបានសម្រេច ពេលនេះឯងដែលគេបានឃើញពីភាពសោកសៅ បង្កប់នៅក្នុងកែវភ្នែកមួយគូនោះច្បាស់! ម្រាមដៃវែងស្អាតផ្ដិតទឹកភ្នែកចេញពីថ្ពាល់រលោងអ្នកម៉ាក់ទាល់តែស្ងួត កែវភ្នែកមុតថ្លាសម្លឹងផ្ទៃមុខស្អាតគ្មានទាស់របស់អ្នកម៉ាក់មិនដាក់ភ្នែកថ្នាក់ម្ចាស់រាងស្ដើងទៅជាក្រហមមុខអៀននឹងការសម្លឹងរបស់គេ... គេចូលចិត្តមែនទែនពេលឃើញនាងអៀនព្រោះតែខ្លួន ហើយលោកប៉ាក៏មិនគិតនឹងឈប់ត្រឹមនេះដូចគ្នា ដោយការ...
“អ្ហឹមម!”

ភរិយាលម្អទ្រនំWhere stories live. Discover now