ជំនួបជុងវុននៅថ្ងៃនោះធ្វេីឲ្យសុងហ៊ុនងឿងឆ្ងល់ជាខ្លាំង ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អេីលបំផុតនោះគឺ ជុងវុនមិនមែនជាកូនប្រុសរបស់លោកយ៉ាង។
ជុងវុនគឺជាក្មេងប្រុសដែលធំធាត់ឡេីងជាមួយម្ដាយនៅឯជាយក្រុង ទាំងដែលការពិតជុងវុនត្រូវជាកូនប្រុសម្ចាស់ក្រុមហ៊ុនដ៏ធំមួយលំដាប់ប្រទេស។ វាហាក់បីដូចជុងវុនមានខ្សែជីវិតខុសពីមុនទាំងស្រុង។
ឬមួយការបង្វិលពេលវេលាលេីកនេះពិតជាអាចកែប្រែវាសនាបានមែន?
ស៊ុងហ៊ុនមានអារម្មណ៍ថាប្លែក ប៉ុន្តែក៏មានក្ដីសង្ឃឹមតិចតួចនៅក្នុងនោះផងដែរ។ គេសង្ឃឹមថា ម្ដងនេះជុងវុននឹងមិនត្រូវស្លាប់ដូចពេលមុនៗទៅចុះ ហើយសូមឲ្យគេនឹងជុងវុនបានជួបជុំគ្នា។
ចាប់ពីពេលនោះមក ស៊ុងហ៊ុនបានឲ្យនីគីដែលជាមនុស្សជំនិតតាមស៊េីបដំណឹងរបស់ជុងវុនជារឿយៗ ហើយជួនកាលគេទៅលបមេីលជុងវុនដោយខ្លួនឯងក៏មាន។ នីគីសង្ស័យនឹងទង្វេីរបស់ស៊ុងហ៊ុនប៉ុន្តែគេមិនហ៊ានសួរនាំឡេីយ អ្វីដែលគេដឹងច្បាស់បំផុតនោះគឺ
ក្ដីស្រឡាញ់ដែលស៊ុងហ៊ុនមានចំពោះជុងវុន!
ហាងកាហ្វេ
ជុងវុនអង្គុយស្ងៀមដូចកំពុងគិតអំពីអ្វីម្យ៉ាង។ ភ្លាមនោះសម្លេងរបស់នរណាម្នាក់ស្រាប់តែបន្លឺឡេីង ធ្វើឲ្យជុងវុនភ្ញាក់ឡេីងក្រញ៉ាង។
"ឯងកំពុងភ្លឹកពីអីសម្លាញ់?"
សូនូដែលជាមិត្តជិតស្និទ្ធតែម្នាក់គត់របស់ជុងវុនឧទានសួរនៅក្បែរត្រចៀក។
"គ្មានអីទេ!" ជុងវុនគេចវេសមិនចង់ប្រាប់នូវអ្វីដែលខ្លួនកំពុងគិត ព្រោះគិតថាវាមិនសូវសំខាន់។
"កុហកច្បាស់ណាស់!" សូនូសម្លក់មុខ ព្រោះជុងវុនមិនអាចលាក់បាំងបានជិតនោះទេ។ គិតថាបោកគេបានងាយៗអញ្ចឹងឬ? កុំសង្ឃឹម!
"រឿងអត់ប្រយោជន៍ទេ ឯងកុំចង់ដឹងអី!" ជុងវុនឆ្លេីយតបហេីយប្រុងចាកចេញពីទីនោះ តែគិតថាសូនូយល់ព្រមដែរឬ? អ្វីដែលទាក់ទងនឹងជុងវុនគឺសំខាន់សម្រាប់គេគ្រប់យ៉ាង។
"ប្រាប់មកណា៎! យេីងចង់ដឹងពិតមែន" សូនូនៅតែមិនបោះបង់ គេព្យាយាមអង្វរករ រហូតបានសម្រេច។
ជុងវុនដកដង្ហេីមធំ រួចចាប់ផ្តើមបកស្រាយគ្រប់យ៉ាងឲ្យមិត្តសម្លាញ់បានដឹង។ រឿងដែលធ្វេីឲ្យគេចំណាយពេលវេលាគិតនៅម៉ោងសម្រាកនោះគឺជាសុបិនចម្លែក។
ជុងវុនយល់សប្តិឃេីញហេតុការណ៍ដដែលៗជារៀងរាល់យប់។ បុរសប្លែកមុខម្នាក់យំអោបរាងកាយដែលគ្មានវិញ្ញាណរបស់គេជាប់នឹងដេីមទ្រូង។ ជុងវុនមេីលមុខគេមិនច្បាស់ឡេីយ តែគេអាចចំណាំកែវភ្នែករបស់ប្រុសម្នាក់នោះបាន។ វាពោរពេញទៅដោយភាពសោកសៅ ហាក់ដូចបុរសម្នាក់នោះបានបាត់បង់អ្វីមួយដែលសំខាន់បំផុតសម្រាប់គេ។
បន្ទាប់ពីស្ដាប់ហើយសូនូឡេីងព្រឺសម្បុរ ហើយគេរហ័សចាប់ដៃរបស់ជុងវុន។
"ឬប្រុសម្នាក់នោះមានអ្វីពាក់ព័ន្ធនឹងឯងកាលពីជាតិមុន?"
"មិនដឹងទេ! តែប្រហែលមកពីយេីងគិតច្រើនដោយខ្លួនឯង"
"តែហេតុអីក៏យល់សប្តិឃេីញដដែលៗរហូតចឹង? ច្បាស់ជាមានអ្វីមួយប្រាកដណាស់!" សូនូធ្វើការសន្និដ្ឋាន។
"គិតមិនចេញទេ! មានតែចាំមេីលបន្តហេីយ!" ជុងវុនពិតជាគ្មានដំណោះស្រាយសម្រាប់រឿងនេះពិតមែន គេព្យាយាមគិតឡើងចង់ផ្ទុះខួរទៅហេីយ ដូច្នេះជម្រើសចុងក្រោយគឺមានតែឈប់គិតប៉ុណ្ណោះ។
រំពេចនោះ រាងកាយខ្ពស់ស្រឡះរបស់នរណាម្នាក់ស្រាប់តែបង្ហាញឡេីង។ គេមេីលទៅសង្ហារណាស់ទោះបីជាគេពាក់ម៉ាសជិតក៏ដោយ។
គ្រាន់តែដេីរចូលហាងក៏ជះរាងសង្ហាដែរ!
"បានហើយឆាប់ទៅទទួលភ្ញៀវទៅ!" ជុងវុនផ្អាកការសន្ទនាពីរឿងផ្ទាល់ខ្លួនរួចប្រាប់សូនូឲ្យទៅរាក់ទាក់ភ្ញៀវដែលកំពុងចូលមក។
ជុងវុនទទួលបានអារម្មណ៍ចម្លែកសារជាថ្មី។ បេះដូងរបស់គេស្រាប់តែលោតញាប់នៅពេលដែលគេសម្លឹងមេីលបុរសម្នាក់នោះ ហើយជុងវុនស្រាប់តែនឹកដល់បុរសម្នាក់ដែលគេបានជួបកាលពីថ្ងៃមុន គឺនៅពេលដែលជួយអ៊ំស្រីរេីសផ្លែឈេីដែលជ្រុះតាមផ្លូវ។
"បេីជាគេពិតមែន ពិភពលោកនេះសម្បូររឿងចៃដន្យច្រេីនពេកហេីយ!" ជុងវុននិយាយក្នុងចិត្ត រួចប្រញាប់ទៅធ្វេីការងារបន្ត។
ពេលខ្លះយេីងគិតថាវាជានិស្ស័យដែលបណ្ដាលឲ្យមនុស្សពីរនាក់បានជួបគ្នា តែជួនកាលវាអាចជាចេតនារបស់នរណាម្នាក់ក៏ថាបាន។