ឈរដង្ហក់មិនទាន់ទាំងដកដង្ហើមបានស្រួលនៅឡើយស្រាប់ទូរស័ព្ទដៃឋិតក្នុងហោប៉ៅខោខាងស្ដាំរោទ៍ញ័របន្លឺសំឡេងឡើង នាយកំលោះរហ័សលូកទាញយកមកចុចលើកនិយាយភ្លាមៗព្រោះលេខដែលហៅចូលមកជាចៅហ្វាយនាយ។
"ហៃយ៉ា បៀវ ឯងនៅឯណា? ព្រឹកនេះមិនមកធ្វើការទេឬយ៉ាងម៉េច?" ស្ដាប់តែសំឡេងក៏ដឹងថាអ្នកម្ខាងទៀតកំពុងខឹងសម្បាមិនតិចទេ បៀវ ដកទូរស័ព្ទចេញពីត្រចៀកដើម្បីសម្រួលអារម្មណ៍សិនមុននិយាយឆ្លើយតបសំណួរម៉ាត់ៗរបស់ចៅហ្វាយស្រី។
"គឺ គឺខ្ញុំ អ៎គឺឡានរបស់ខ្ញុំបែកកង់បាទ ខិខិ" ព្យាយាមរកនឹកយកលេសផ្សេងមកបកស្រាយ មិនហ៊ានសារភាពការពិតដែលទៅធ្វើការយឺតព្រោះរវល់មានណាត់ជាមួយសង្សាដើម្បីដោះស្រាយបញ្ហាបេះដូងនោះទេ ក្លាយថាចម្លើយមួយនេះអាចធ្វើឲ្យគេខ្ទាតចេញពីក្រុមហ៊ុនលែងបានបន្តការងារជាអ្នកសរសេរព័ត៌មានដែលជាការងារស្រលាញ់បំផុតនោះ។
"ពេលនេះយ៉ាងម៉េចហើយ សម្រេចថាមកក្រុមហ៊ុនឬអត់?" ចៅហ្វាយស្រីបន្ទាប់ពេលដឹងថាគេមានហេតុផលត្រឹមត្រូវ ម្ល៉ោះហើយទើបគាត់អាចត្រជាក់ចិត្តបន្ថយសំឡេងមកនិយាយបែបធម្មតាវិញ។
"គឺ..." គិតថាចង់សុំច្បាប់ផ្អាកការងារមួយថ្ងៃដើម្បីទៅដោះស្រាយបញ្ហាបេះដូងបន្តទៀតឲ្យដាច់ស្រេច ប៉ុន្តែមិនទាន់ទាំងបានហាមាត់និយាយផងក៏ត្រូវអ្នកម្ខាងទៀតកាត់សម្ដីភ្លាមៗ។
"អ៎ បើសិនជាឯងមិនមកទេ Project ដែលត្រូវទៅប្រទេសបារាំងក៏ត្រូវលុបចោលដូចគ្នា អត់ទេមិនបានលុបចោលតែយើងនឹងឲ្យអ្នកផ្សេងទៅជំនួស" និយាយចប់ ហើយ ធីណា ក៏ចុចបិទផ្ដាច់ខ្សែទូរស័ព្ទយ៉ាងរហ័ស ព្រោះមិនចង់ស្ដាប់ពាក្យដោះសាររបស់កូនចៅកំពូលកូម្នាក់នេះ តែនាងក៏ដឹងច្បាស់ថាគេនឹងមកជាមិនខានព្រោះ Project ទៅប្រទេសបារាំងដើម្បីសិក្សាស្រាវជ្រាវពីវិមានបុរាណល្បីឈ្មោះមួយកន្លែងនៅទីនោះមកបង្កើតជា magazine ប្រចាំឆ្នាំគឺ បៀវ ជាអ្នកទទូចសុំបង្កើត Project នេះឡើងដោយខ្លួនឯង។
"ឈ ឈប់សិន Boss!" អ្នកកំលោះគ្រាន់តែឮថាគំរោងដែលគេទទូចសុំរហូតមក ពេលនេះចៅហ្វាយនាយបានអនុញ្ញាតហើយក៏សប្បាយចិត្តមិនតិចដូចគ្នា ភ្លេចអស់រឿងស្នេហាដែលត្រូវដោះស្រាយអ្វីទាំងអស់ បៀវ ប្រញាប់ងាកទៅយករថយន្តបើកចេញទៅកាន់ក្រុមហ៊ុនភ្លាមៗ។
ពេលនៅតាមផ្លូវ នាយកំលោះឆ្លៀតទាញទូរស័ព្ទមកចុចមើលរូបថតវិមានចំណាសមួយនោះដោយក្នុងចិត្តរំភើបស្ទើរស្រក់ទឹកភ្នែក ស្នាមញញឹមបង្ហាញលើថ្ពាលមិនដឹងខ្លួន ក៏មិនយល់ថាហេតុអីគេមានអារម្មណ៍បែបនេះ ខណៈនោះស្រាប់តែបេះដូងឋិតក្នុងទ្រូងខាងឆ្វេងចាប់ផ្ដើមឈឺចុងចាប់ពឺតៗមិនដឹងមូលហេតុ មិនអាចអត់ទ្រាំបាន បៀវ ក៏ចតរថយន្តនៅមាត់ផ្លូវសម្រួលការឈឺចុកចាប់មួយនេះដោយលើកប្រអប់ដៃតូចក្ដាប់ណែនមកគោះលើវាថ្នមៗហាក់លួងលោមបេះដូងកំសម្សត់យ៉ាងណាក៏មិនដឹង ព្រោះវាមិនមែនជាលើកទីមួយឡើយ កាន់តែចម្លែកចិត្តនោះគឺស្របពេលដែលបេះដូងកំពុងឈឺចុកពឺតក៏មានអារម្មណ៍ថានឹកមនុស្សម្នាក់ខ្លាំងបំផុតលាយឡំជាមួយភាពសោកសៅខកចិត្តជាមួយរឿងអ្វីម្យ៉ាងដែលកាន់តែគិតកាន់តែមិនយល់...