"បង..." បៃប៊ល មិនដឹងថាត្រូវហាមាត់និយាយពីអីបន្តទៀត ក៏ព្រោះទឹកភ្នែកកើតចេញពីភាពភ័យខ្លាចបាត់បង់ម្ដាយនិងកូនក្នុងផ្ទៃដែលជាកែវភ្នែកនិងជាផ្នែកមួយនៃជីវិតរបស់គេវាបានស្រក់ចុះបណ្ដើរៗហើយ។ រយលានអត្ថន័យរយលានប្រយោគពាក្យពេចន៍បង្ហាញចេញតានរយៈខ្សែភ្នែកស្រទន់បាញ់តម្រង់មក បៀវ។ រាងតូចហាក់យល់ចិត្តរបស់គេ នាយដើរមកជិត ប្រអប់ដៃតូចស្ដើងលើកក្រសោបរង្វង់មុខពងក្រពើថ្នមៗ ពេលបានប្រសព្វភ្នែកហើយក៏យល់ពីចិត្តទៅវិញទៅមក។ បៀវ ចង្អើតជើងងើយទំលាក់ស្នាមថើបលើបបូមាត់ក្រាសដើម្បីលួងលោម។ ទិដ្ឋភាពមួយនេះធ្វើឲ្យអ្នកជាបងរំភើបចិត្តជំនួស ដល់ថ្នាក់ចង់រលីងរលោងតាមទាំងដែលគេជាមនុស្សចិត្តរឹងបំផុតមិនងាយសម្រក់ទឹកភ្នែក។
"សង្ឃឹមថាបងនឹងគោរពតាមការសម្រេចចិត្តរបស់អូន"
"..."
"សូមអង្វរ"
"បាន បងក៏សន្យាថាមើលថែអូនឲ្យបានល្អបំផុត មិនឲ្យមានគ្រោះអាក្រក់កើតឡើងដាច់ខាត"
"អរគុណបងហើយ"
"វាជាតួនាទី ក្នុងនាមជាឪពុកនិងជាស្វាមីម្នាក់..." បៀវ ប្រឹងញញឹមទាំងទឹកភ្នែក មិនចង់ឲ្យគេកើតទុក្ខជាងនេះ។
"បើអ៊ីចឹងទៅហើយ យើងស្ម័គ្រជួយអស់ពីលទ្ធភាព" ជេហ្វ ស្ទុះងើបឈរ រលាស់អាវធំពណ៌ខ្មៅសាច់កំណាត់ម៉ត់រលើបឲ្យវាមានរបៀបបន្តិចហើយនិយាយដោយការតាំងចិត្តខ្ពស់ថាអាចជួយ បៀវ បាន។
បៃប៊ល គ្រាន់តែញញឹមជំនួសពាក្យអរគុណទាំងអស់ នាយងាកមកជូតសម្អាតទឹកភ្នែកមានពន្លឺភ្លឺថ្លាដូចគ្រាប់ពេជ្យចេញពីថ្ពាល់រលោងផ្លាឈូកស្រាលមិនសេសសល់សូម្បីមួយដំណក់។ប៉ុន្មានម៉ោងបន្ទាប់ បៀវ បានមកដល់ apartment វិញតែមើលទៅនាយហាក់គ្មានអារម្មណ៍ក្នុងខ្លួនឡើយ ចេះតែឈ្ងោកមើលពោះហើយអង្អែលថ្នមៗមិនមាត់កស្រដីរក បាខូត ឬ វ៉ុនយ៉ុង ធ្វើឲ្យអ្នកទាំងពីរកើតចិត្តបារម្ភជាមួយទង្វើរប្លែកៗរបស់នាយ។
"បាខូត ប្រាប់ថាឯងទៅមន្ទីពេទ្យ កើតអីឬអត់នេះ?" ពេលឃើញមិត្តភិក្តអង្គុយភ្លឹកៗដូចមនុស្សគ្មានវិញ្ញាណថែមទាំងដឹងមកថាទើបតែចេញពីមន្ទីពេទ្យ អ្នកកំលោះអត់បារម្ភមិនបាន គេស្ទុះមកអង្គុយជិតហើយសួរនាំ ក្រែងថា បៀវ មានបញ្ហាសុខភាពធ្ងន់ធ្ងរដល់ថ្នាក់ភិតភ័យភាំងៗគ្មានសមាធិដូចជាពេលនេះ។
"អ៎ មិនមានអីធំដុំទេ"
"ល្អហើយ..." ថ្វីត្បិតទទួលបានចម្លើយរួចរាល់ វ៉ុនយ៉ុង នៅតែមិនស្រណុកក្នុងចិត្តអស់បារម្ភបាន ព្រោះមើលតាមរយៈទឹកមុខ បៀវ ប្រាកដណាស់ដែលកំពុងមានទុក្ខកង្វល់លាក់បាំងមិនព្រមនិយាយចេញ។
"ការងារពួកយើងជិតរួចហើយ បីថ្ងៃទៀតត្រឡប់ទៅកូរ៉េវិញល្អទេ? នៅសល់ឯកសាខ្លះៗចាំបង្ហើយពេលដែលទៅដល់ក៏បាន យើងមិនចង់ឃើញឯងបែបនេះទេ ចាប់តាំងពីមកដល់បារីសឯងចូលពេទ្យញឹកញាប់ណាស់" វ៉ុនយ៉ុង ប្ដូរប្រធានបទភ្លាមៗ ចិត្តចង់នាំរាងតូចត្រឡប់ទៅប្រទេសកំណើតវិញដូចគ្នា មិនអាចទ្រាំឱបដៃឈរមើល បៀវ មានទំនាក់ទំនងស្អិតរមួតជាមួយអ្នកផ្សេងជាពិសេសគឺ បៃប៊ល ម៉ាទីនដា។
"បៀវ ទៅណាមិនបានទាំងអស់" សំឡេងធំសង្កត់ធ្ងន់ពោពេញដោយអំណាចគួរឲ្យញញើតរអារបស់ Vampire វ័យ118ឆ្នាំបន្លឺក្រហឹមឡើង គេដើរចូលមកបង្ហាញទឹកមុខរាបស្មើរមិនបញ្ចេញស្នាមញញឹម។
"បៃប៊ល!" បៀវ រហ័សដើរទៅរកគេ។
"បងមកទទួលអូនទៅផ្ទះវិញ" ប្រយោគមួយឃ្លារួមជាមួយសព្វនាមដែលគេបើកការសន្ទនាជាមួយ បៀវ ធ្វើឲ្យ វ៉ុនយ៉ុង ដឹងភ្លែតថាពួកគេមានទំនាក់ទំនងអ្វី វាបានបង្ហាញច្បាស់ៗហើយ គេស្រាប់តែមានអារម្មណ៍ថាឈឺចុកចាប់ទ្រូងខាងឆ្វេងពើតៗដូចជាត្រូវនណាម្នាក់យកចុងកាំបិតមុតស្រួចឆ្កឹះឆ្កៀលរូងជ្រៅលួចយកបេះដូងថ្លើមប្រមាត់ចេញពីខ្លួនអស់អ៊ីចឹង។
បាខូតឌី ឈរស្រឡាំងកាំងមិនតិចទេ តែក៏ទាក់ក្រសែភ្នែកជាមួយរាងសង្ហាម្នាក់ទៀតកំពុងឈានជើងចូលមក។
"បង ជេហ្វ!" នាយលាន់មាត់ហៅឈ្មោះរាងខ្ពស់ស្រឡះពេលពិនិត្យឃើញច្បាស់ថាពិតជាគេ កាន់តែងឿងឆ្ងល់ហេតុអីគេមកទីនេះបាន។
"ខ ខ្ញុំទៅមិនបានទេ" បៀវ ព្យាយាមនិយាយបង្វែរស្ថានការ មិនចង់ឲ្យមិត្តរួមការងារដឹងឮរឿងផ្ទាល់ខ្លួនច្រើនជាងនេះជាពិសេសរឿងដែល បៃប៊ល មិនមែនជាមនុស្សធម្មតា ខ្លាចថាដឹងហើយនាំគ្នារត់ចែកជើងអស់។
បៃប៊ល មិនតបសម្ដីជាមួយរាងល្អិតគ្រាន់តែដកដង្ហើមធំ ចោលកន្ទុយភ្នែកក្រឡេកឃើញទឹកមុខ វ៉ុនយ៉ុង ក៏អាចឆ្លុះធ្លុះចិត្តរបស់គេគិតអ្វីប្រាកដ មិនល្ងង់ដល់ថ្នាក់មើលមិនដឹងដែលអាម្សៀ វ៉ុនយ៉ុង ឆយ គិតលើ បៀវ លើសពាក្យថាមិត្តនោះទេ។ ដល់ពេលត្រូវបង្ហាញភាពជាម្ចាស់កម្មសិទ្ធរាងតូចស្រឡូនហើយកុំឲ្យមានអាកូនឆ្កែមួយក្បាលក្បែនេះលូកថ្លើមម្ដងហើយម្ដងទៀតអត់ចេះក្រែងចិត្ត។
"អូនចង់លាក់នឹងពួកគេដល់ពេលណា?"
"អឹ..." បៀវ គាំងសម្ដីពេលត្រូវគេចាប់ទាញឲ្យខិតជិតនិងឱបក្រសោបកាយស្ដើងយ៉ាងណែនបង្អួតភ្នែក វ៉ុនយ៉ុង។
"អូនត្រូវទទួលបានការមើលថែយ៉ាងដិតដល់បំផុតអំឡុងពេលពរពោះ ដូច្នេះដាច់ខាតអូនត្រូវតែទៅនៅជាមួយបង"
"គឺ..."
"បងគោរពតាមការសម្រេចចិត្តអូនរួចហើយ ដល់ពេលអូនគោរពតាមការសម្រេចចិត្តរបស់បងដូចគ្នា" គេចាំបាច់ដាក់កំហិតធ្ងន់បែបនេះ ដើម្បីឲ្យ បៀវ ទាល់គំនិតរកលេសក្រកែកឆ្វេងស្ដាំលែងបាន។
"មានរឿងអីទៅ បៀវ យើងមិនយល់ទេ" វ៉ុនយ៉ុង លូកមាត់កាត់ចង្វាក់ការសន្ទនា បៀវ និង បៃប៊ល។ គេតែចង់ឮ បៀវ បកស្រាយគ្រប់យ៉ាងចេញពីមាត់។
"វ៉ុនយ៉ុង..." បៀវ មិនទាន់ទាំងបានហានិយាយបកស្រាយនឹងមិត្តភិក្តផង ក៏ត្រូវ Vampire កំពូលប្រច័ណ្ឌចេញមុខពើងទ្រូងនិយាយជំនួស។ គេមិនចង់ឮសូម្បីតែ បៀវ ហៅឈ្មោះអាម្សៀ វ៉ុនយ៉ុង ឆយ នោះមួយម៉ាត់ឡើយ។
"ខ្ញុំត្រូវទទួលខុសត្រូវលើ បៀវ ពួកយើងក្លាយជាមនុស្សតែមួយហើយ ក៏មានដំណឹងល្អឆាប់ៗ ប៉ុណ្ណឹងលោកគួរតែកាត់ន័យយល់បានហើយមែនទេ?" បៃប៊ល ញញឹមកំណាចតាមបែបជាបិសាចរបស់គេ និយាយជាមួយសត្រូវស្នេហាព្យាយាមទប់ចិត្តទប់ស្មារតីខ្លួនឯងដែលមិនត្រឹមតែចង់បង្ហាញបញ្ជាក់ពីទំនាក់ទំនងស្អិតរបួតជាមួយ បៀវ ឲ្យ វ៉ុនយ៉ុង បានដឹងគេថែមទាំងចង់ចូលទៅចាប់ហែករាងកាយអាល្អិតថ្លើមធំជាច្រើនចម្រៀកទៀតផង។
ពេលបានឮហើយ នាយកំលោះសញ្ជាតិកូរ៉េឈរភ្លឹកមួយកន្លែងម្ដងទៀត បន្ទាប់មកប្រឹងសម្រួលអាកប្បកិរិយាញញឹមឡើងវិញធ្វើដូចជាសប្បាយចិត្តជំនួសមិត្តភក្តិទាំងទ្រូងខ្ទេចខ្ទាំ។
"ចុះការងារពួកយើងគិតបែបណា?" គេសួររាងតូចដោយសំឡេងញ័រៗរដាក់រដុប។
"លុបចោលទាំងអស់ បៀវ មិនចាំបាច់ធ្វើការទៀតទេ ព្រោះខ្ញុំមានលទ្ធភាពមើលថែគេបានហើយ លោកកុំបារម្ភអី" បៃប៊ល ហកតបសំណួរជំនួសរាងតូចក្នុងរង្វង់ដៃម្ដងទៀត។
"តោះយើងទៅបានហើយអូនសម្លាញ់" អ្នកកំលោះលើកបីរាងតូចឡើងដើរសំដៅជណ្ដើរយន្តរួចបន្តទៅដល់ចំណតឡាន គេដាក់ម្ចាស់កាយស្រឡូនឲ្យអង្គុយលើពូកថ្នមៗរួច ឈោងទាញខ្សែក្រវាត់សុវត្តិភាពពាក់ឲ្យ ខណៈអ្នកដែលត្រូវគេចាប់លើកបីនៅភាំងៗគាំងសម្ដីគ្រប់ម៉ាត់មិនទាន់អាចនិយាយចេញមកបាន បានត្រឹមតាមសម្លឹងមើលទឹកមុខញញឹមៗរបស់គេមិនដាក់ភ្នែក។"ជេហ្វ បង ជេហ្វ ឈប់សិន!" អ្នកដែលបោះជំហានដើរលឿនដូចហោះត្រូវបង្ខំចិត្តទច់ដំណើរឈប់ពេលដឹងថាមានក្មេងរត់មកតាមត្រហេបត្រហប គេតាំងចិត្តថាមិនចួបនិយាយជាមួយ បាខូត ទៀតទេ។ ចង់បញ្ចប់ទំនាក់ទំនងនឹងរាងស្ដើងចាប់តាំងពីពេលនេះតទៅ ពឹងផ្អែកលើហេតុផលតែមួយគត់ គឺគេមិនមែនជាមនុស្សធម្មតា ខ្លាចថាថ្ងៃក្រោយមានរឿងឈឺចាប់ដូចស្នេហា បៀវ និង បៃប៊ល មិនចង់ឲ្យ បាខូត ចួបរឿងជូរចត់ដូចជា បៀវ។ ហើយអ្វីដែលកាន់តែធ្វើឲ្យគេបារម្ភប្រសិនបើ ខូតឌី ដឹងការពិតហើយ នាយប្រហែលជាខ្លាចគេមិនហ៊ានសូម្បីរំលឹកដល់ឈ្មោះក៏ថាបាន។
"ពួកយើងមិនអាចនៅជាមួយគ្នាបានទេ សូមទោស..." លើកទីមួយដែលជេហ្វ ជេហ្វីអាដាម ចេះពោលពាក្យសូមទោស ជាលើកជាមួយដូចគ្នាដែលបុគ្គលដែលបានឮពាក្យនេះទើបតែមានអាយុ១៨ឆ្នាំប៉ុណ្ណោះ។
"ហេតុអីមិនបាន! បងមិនដែលស្រលាញ់ខ្ញុំសូម្បីម្ដងមែនទេ? ហឹក" ខូតឌី ស្រែកសួរនិងយំឡើងខ្លាំងៗដូចកូនក្មេងពេលឮស្នេហាដំបូងសុំបែកបាកគ្មានហេតុផលច្បាស់លាស់។
"ព្រោះយើងជា..."
"ជាអីឆាប់និយាយមក!"
"យើងមិនមែនជាមនុស្សធម្មតាទេ យើងជាបិសាចជញ្ជក់ឈាម ឯងមិនខ្លាចទេហ្អេស?"
"យកហេតុផលឆ្កួតឡប់របស់បងទៅបោកក្មេងក៏វាមិនជឿដែរ! លើលោកនេះគ្មានបិសាចអីទេ បើចង់បែកគ្នាណាស់បងក៏និយាយឲ្យស្រួលបួលជាងនេះបាន គិតថាខ្ញុំជាក្មេងប្រាំឆ្នាំ? ហឺៗ" បាខូត ឈរស្រែកគំហកដាក់មនុស្សចាស់តាមកំហឹងរហូតអ្នកកំលោះអត់ទ្រាំលែងបាន រហ័សស្ទុះចូលមកគ្រប់គ្រងបបូមាត់ផ្អែមជាលើកទីមួយដើម្បីបំបិទសំឡេងយំស្រែកឆោឡោ។
"វាជាការពិត អូនមិនខ្លាចបងជញ្ជក់ឈាមទេ?" សព្វនាមត្រូវបានផ្លាស់ប្ដូរតាមបេះដូងបញ្ជា រាងក្រាសរុញផែនស្មាតូចចេញពីខ្លួនបន្តិច ផ្ដល់ឱកាសឲ្យកំលោះតូចបានឃើញសភាពជា Vampire កំណាចរបស់គេ មានចង្កូបមុតស្រួចទឹកមុខស្លេកស្លាំងរួមជាមួយកែវភ្នែកទាំងគូប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅ។
"អូនស្រលាញ់បង ហឹកៗ" បាខូត ចង្អើតជើងឱបតោងក Vampire សង្ហាណែនដៃ ព្រមជឿសម្ដីរបស់គេហើយព្រោះតែបានឃើញច្បាស់ៗផ្ទាល់ភ្នែក តែបើសួរថាខ្លាចរអាដែទេ? ក៏ញាប់ញ័រខ្លះដែរប៉ុន្តែសេចក្ដីស្រលាញ់ធ្វើឲ្យនាយមានភាពក្លាហានពេញខ្លួនតែម្ដង។To be continued
ផ្អែមទាំងបង ផ្អែមទាំងប្អូន កំសត់តែអ្នកសរសេរនិងវ៉ុនយ៉ុងអង្គុយច្រណែនស្នេហាគេ.