ភាគទី ០១

296 22 0
                                    


ម៉ោងមួយរំលងអាធ្រាត្រទៅហើយ តាមដងផ្លូវនៃទីក្រុងសេអ៊ូល នៅតែមានពន្លឺភ្លឺចិញ្ចែងចិញ្ចាចប្រៀបដូចជាពេលថ្ងៃនៅឡើយ ខណៈដែលក្មេងៗយុវវ័យទាំងប្រុសទាំងស្រីបន្ដដើរលេងកំសាន្ដយ៉ាងអ៊ូអរដោយមិនខ្វាយខ្វល់ពីពេលវេលា តែក៏គ្មានអ្វីចម្លែក ព្រោះនេះជាទម្លាប់ដែលកើតឡើងជាធម្មតានៅក្នុងទីក្រុងទៅហើយ។
បើនិយាយពីយុវវ័យដែលចូលចិត្តការសប្បាយ ច្បាស់ណាស់ពួកគេនឹងមិនអាចមើលរំលងកន្លែងមួយនេះបានឡើយ  “ក្លឹបកំសាន្ដ ORANGEBLOOD” ជាកន្លែងដ៏ពេញនិយមបំផុតមួយក្នុងចំណោមកន្លែងកំសាន្ដជាច្រើនទៀត។ យប់នេះក៏មិនខុសពីយប់មុនៗ នៅមុខច្រកចូលរបស់ក្លឹប ពេលនេះមានក្មេងៗយុវវ័យជាច្រើនក្រុមកំពុងឈរត្រៀតត្រាតម្រង់ជាជួរយ៉ាងវែងអន្លាយរងចាំលេខរាងដើម្បីចូលទៅលេងនៅខាងក្នុង។ ម្នាក់ៗតែងខ្លួនស្អាតប្លែក ស្ទាយមិនឱ្យចាញ់គ្នា ព្រមជាមួយនិងម៉ូតសម្លៀកបំពាក់ដេញតាមសម័យកាលយ៉ាងស៊ីវីល័យ បាញ់ទឹកអប់ក្លិនក្រអូបឈ្ងុយមិនដឹងជាប៉ុន្មានក្លិន បានហិតហើយអាចធ្វើឱ្យវិលមុខដួលសម្លប់បានយ៉ាងងាយ។
នៅក្នុងចំណោមមនុស្សទាំងអស់នោះក៏មានវត្តមានមនុស្សស្រីខ្លួនតូចម្នាក់ ស្ថិតក្នុងឈុតសម្លៀកបំពាក់ដ៏សាមញ្ញ គ្មានរសនិយម ផ្ទៃមុខស្លេកស្លាំងគ្មានការតុបតែង ទោះមើលយ៉ាងណាក៏នាងមិនសាកសមជាមនុស្សដែលចូលចិត្តមកកន្លែងបែបនេះដែរ។
“នាងមកលេងក្លឹបដែរមែនទេ?” សំឡេងមួយបន្លឺឡើងនៅពីក្រោយខ្នងរបស់នាងតូច ទោះមិនច្បាស់ថាម្ចាស់សំឡេងមួយនេះកំពុងនិយាយមកកាន់នាងឬអត់ តែយ៉ាងណានាងក៏ងាកទៅរកប្រភពសំឡេង។
“មើលតាមការស្លៀកពាក់ដ៏ចាស់គម្រិលរបស់នាង ខ្ញុំគិតថានាងនឹងទៅថ្វាយបង្គំព្រះនៅឯព្រះវិហារច្រើនជាង” ព្រោះតែនាងតូចងាកមកហើយមិននិយាយអ្វី ទើបនារីម្នាក់នោះនិយាយបន្ដ ព្រមទាំងសំឡឹងនាងតូចពីលើដល់ក្រោមដោយក្រសែភ្នែកពោរពេញដោយការសើចចំអក។
“មុខមាត់នាងមិនអាក្រក់ទេ រៀនរៀបចំខ្លួនឱ្យល្អជាងនេះបន្ដិចទៅ” មិនដឹងថាជាពាក្យមើលងាយឬជាការដាស់តឿនក្នុងន័យល្អឱ្យប្រាកដ នាងតូចបែងចែកសម្ដីនារីម្នាក់នេះមិនដាច់នោះទេ។ ក្រោយពីនិយាយឱ្យនាងតូចប៉ុន្មានម៉ាត់រួចហើយ នារីម្នាក់នោះក៏ដកខ្លួនចេញពីជួរហើយក៏ចាកចេញទៅព្រមទាំងដកបារីមួយដើមដើរជក់កំដរអារម្មណ៍។
បន្ទាប់ពីរងចាំអស់ពេលយ៉ាងយូរ ទីបំផុតក៏ដល់វេនរបស់នាងចូលទៅ នាងតូចក្ដាប់ដៃយ៉ាងណែន ព្យាយាមទប់ភាពញ័រញាក់នៃរាងកាយ ប្រឹងបោះជំហានចូលទៅម្ដងមួយជំហានៗទាំងបេះដូងលោតញាប់ខុសចង្វាក់។ បើប្រាប់ថានេះជាលើកដំបូងដែលនាងមកកន្លែងបែបនេះប្រហែលជាគ្មានអ្នកណាជឿទេ តែនេះពិតជាលើកទីមួយរបស់នាងពិតមែន ហើយគោលបំណងដែលនាងមកនៅថ្ងៃនេះក៏មិនមែនមកដើម្បីសប្បាយដែរ នាងតាំងចិត្តមកដើម្បីរកមនុស្សម្នាក់ដែលបាត់ខ្លួនពីផ្ទះអស់រយៈពេលមួយខែមកហើយ បាត់ដំណឹងឈឹងមិនឃើញសូម្បីស្រមោលទៅអើតនៅមុខផ្ទះ ទូរស័ព្ទក៏បិត ទាក់ទងមិនបាន។ ម្ដាយរបស់គេ បាយមិននឹកទឹកមិនស្រេកមួយថ្ងៃៗគិតតែពីយំបារម្ភពីសុខទុក្ខរបស់កូន ខ្លាចក្រែងគេទៅកើតរឿងអ្វីដែលមិនល្អ ទាំងដែលការពិតទៅកូនរបស់គាត់សុខសប្បាយខ្លាំងណាស់ គេដើរលេងផឹកស៊ីរាល់យប់ ចាយលុយដូចក្រដាល សប្បាយហ៊ឺហារជាមួយនិងមិត្តភក្ដិមិនដែលគិតពីចិត្តម្ដាយដែលដេកស្រក់ទឹកភ្នែកព្រោះតែគេឡើយ។
សំឡេងស្រែកហ៊ោកញ្ច្រៀនជាមួយនិងភ្លេងតន្ត្រីញាក់ៗបន្លឺឡើងយ៉ាងទ្រហឹងក្នុងសភាពងងឹតស្លុងៗនៃក្លឹប ដែលមានភ្លើងចម្រុះពណ៌វិញប្រដេញគ្នាទៅមកមិនដឹងចង្វាក់ ធ្វើឱ្យនាងតូចងងឹតមុខឈឹង សឹងតែដួលសន្លប់។ នាងតូចគ្រវីក្បាលខ្លាំងៗ ព្យាយាមទប់ស្មារតីឱ្យនឹងនរ ដើរជ្រែកហ្វូងមនុស្សចូលទៅយ៉ាងលំបាក ខណៈកែវភ្នែកទាំងគូរខំប្រឹងសំឡឹងមើលជុំវិញខ្លួនយ៉ាងយកចិត្តទុកដាក់ ក្រែងបានប្រទះនិងមនុស្សដែលនាងចង់រកនៅត្រង់កន្លែងណាមួយដោយចៃដន្យ តែថាវាមិនងាយស្រួលដូចជាការគិតនោះទេ នៅទីនេះមានមនុស្សច្រើនណាស់ ពន្លឺក៏មិនចំណោយផលក្នុងការបង្ហាញពីផ្ទៃមុខរបស់នរណាម្នាក់បានច្បាស់ឡើយ ។
“អាយ‍យយ!” នាងតូចស្រែកឡើងដោយភាពភ្ញាក់ផ្អើល កាលបើនៅសុខៗស្រាប់តែមានដៃអ្នកណាក៏មិនដឹងលូកមកឱបចង្កេះនាងយ៉ាងព្រហើនទាញរាងកាយរបស់នាងមួយទំហឹងឱ្យងាកទៅប្រឈមមុខជាមួយគេ។ ស្នាមញញឹមបានបង្ហាញឡើងយ៉ាងច្បាស់នៅលើផ្ទៃមុខដ៏ខិលខូច បន្ទាប់ពីបានឃើញមុខមាត់ដ៏ស្រស់ស្អាតបែបធម្មជាតិ គ្មានម្សៅក្រាស់ៗកកលើផ្ទៃមុខ បបូរមាត់ពណ៌ស៊ីជម្ពូរ ព្រមជាមួយនិងក្លិនកាយក្រហូបប្រហើរដែលភាយចេញពីរាងកាយនាងមកប៉ះនិងចុងច្រមុះរបស់គេយ៉ាងផ្អែមល្ហែម។ គេញញឹមយ៉ាងពេញចិត្តដោយមិនគិតចាប់អារម្មណ៍ពីនាងតូចដែលមានអាការៈភ័យស្លន់ស្លោរជាខ្លាំងចំពោះទង្វើមិនគួរគម្បីរបស់គេដែលកំពុងធ្វើក្នុងពេលនេះ នាងព្យាយាមរើបម្រាស់ខ្លាំងៗដើម្បីរំដោះខ្លួនចេញពីគេ ដែលជាជនចម្លែកមុខសម្រាប់នាងដោយទឹកមុខភ័យស្លេកស្លាំង ប៉ុន្ដែគេមិនព្រមលែង មានតែបន្ថែមកម្លាំងរឹតបន្តឹងរង្វង់នៃឱបនាងខ្លាំងលើសដើម។
“លោកជាអ្នកណា?...ឆាប់លែងខ្ញុំភ្លាម” នាងតូចសំឡក់មុខគេ ដោយទឹកមុខស្អប់ខ្ពើម នាងស្រែកខ្លាំងៗប្រាប់ឱ្យគេដោះលែងទាំងមិនមានសង្ឃឹម ខណៈដែលព្យាយាមសំឡឹងទៅមនុស្សជុំវិញខ្លួនដើម្បីសុំជំនួយ តែគ្មាននរណាម្នាក់ចាប់អារម្មណ៍មកនោះទេ។ ពួកគេគិតតែពីសប្បាយរាងៗខ្លួន ខ្លះឱបគ្នា ខ្លះថើបគ្នា រាំលេងសប្បាយ សកម្មភាពពោរពេញដោយភាពស្និតស្នាលទាំងស្រីទាំងប្រុស ធ្វើឱ្យសភាពរបស់នាងពេលនេះមើលនេះមើលទៅធម្មតាក្នុងភ្នែកគេឯង ទាំងដែលការពិតនាងត្រូវបានមនុស្សម្នាក់នេះលូកលាន់។
“មិនចាំបាច់រកជំនួយទេ គ្មានអ្នកណាចាប់អារម្មណ៍ឡើយ” គេឱនមុខមកខ្សឹបក្បែរត្រចៀករបស់នាងតូច ព្រមទាំងបញ្ចេញសំឡេងសើចយ៉ាងគួរឱ្យស្អប់។
“លោកចង់ធ្វើអី លែងខ្ញុំៗ...” នាងតូចកាន់តែមានការភិតភ័យខ្លាំងលើសដើម ព្យាយាមរើបម្រាស់សឹងតែស្លាប់ខ្លួន នៅពេលដែលគេស្រាប់តែឱនមុខចុះទៅញីញក់ត្រង់គល់ត្រចៀករបស់នាងយ៉ាងឈ្លើយបំផុត ក្នុងចំណោមមនុស្សជាច្រើនដោយមិនចេះខ្មាស់អៀន។
“ឌឹបៗ...” រាងកាយបុរសម្នាក់នោះស្រាប់តែត្រូវបាននរណាម្នាក់ចាប់ទាញគ្រវាសចេញពីនាងតូចមួយទំហឹង ព្រមទាំងម៉ាត់មួយទំហឹងដៃកណ្ដាលមុខដួលព្រូសទៅលើឥដ្ឋ។ មិនព្រមបញ្ចប់តែត្រឹមនេះ គេស្ទុះហក់ឡើងជិះពីលើរួចបន្តដាល់មុខបុរសម្នាក់នោះធ្វើឱ្យផ្ទៃមុខព្រាននារីបែកឈាមខ្ចាយប្រលាក់ពេញឥដ្ឋ ហើយគេក៏មិនទុកឱកាសឱ្យបុរសម្នាក់នោះតដៃមកវិញបានដែរ។ គេបន្ដដាល់ត្រង់កន្លែងដដែលៗជាច្រើនដង ដូចជាបុរសម្នាក់នោះជាបាវសាក់ដែលមិនចេះឈឺចាប់ ទុកសម្រាប់យកមកវាយលេងដើម្បីបញ្ចេញកំហឹង មើលទៅគេខឹងខ្លាំងណាស់ដូចជាមានគំនុំជាមួយបុរសម្នាក់នោះរាប់សិបឆ្នាំមកហើយយ៉ាងអ៊ីចឹង ។
នៅក្នុងក្លឹបមានភាពចលាចលយ៉ាងខ្លាំង ចំពោះហេតុការណ៍វាយតប់ដែលកំពុងកើតឡើង សំឡេងតន្ត្រីក៏ត្រូវបានស្ងាត់ជំនួសមកនូវសំឡេងស្រែកស្លន់ស្លោរយ៉ាងរញ៉ែរញ៉ៃ។ នាងតូចភ័យញ័រខ្លួនទទ្រើក បបូរមាត់ស្លេកស្លាំងដោយសារភាពភ័យខ្លាច ហើយកាន់តែខ្លាចជាងនេះនៅពេលដែលបានឃើញសភាពដ៏អាក្រក់របស់បុរសដែលលូកលាន់នាងមុននេះ កំពុងត្រូវបានគេវាយមិនដកដៃរហូតទន់ខ្លួនល្អូកលែងមានស្មារតីទៅហើយ។
“ប៉ុននិងបានហើយ ឈប់ទៅ...” ទោះស្អប់ខ្ពើមទង្វើដែលបុរសម្នាក់នោះប្រព្រឹត្តចំពោះខ្លួនខ្លាំងយ៉ាងណា ក៏មិនមែនបានន័យថានាងចង់ឃើញគេធ្លាក់ក្នុងសភាពពិបាកភ្នែកបែបនេះដែរ។ នាងតូចប្រមូលភាពក្លាហាន ប្រើកម្លាំងទាំងអស់ដែលមានស្ទុះចូលទៅចាប់ទាញអ្នកម្ខាងទៀតឱ្យក្រោកចេញពីបុរសម្នាក់នោះ បញ្ឍប់គេកុំឱ្យប្រើអំពើហិង្សារលើរាងកាយអ្នកដទៃតទៅទៀត ហើយគេក៏ព្រមឈប់ ក្រោកចេញតាមការចាប់ទាញរបស់នាងយ៉ាងងាយស្រួល តែការដែលគេព្រមឈប់នេះមិនមែនព្រោះតែគេស្ដាប់តាមនាងនោះទេ ផ្ទុយទៅវិញ គេមានរឿងដែលត្រូវមកចាត់ការជាមួយនិងនាងច្រើនជាង។
អំពូលភ្លើងត្រូវបានបើកបំភ្លឺទាំងស្រុង បន្ទាប់ពីហេតុការណ៍បានកើតឡើង វិនាទីនោះហើយដែលនាងតូចអាចមើលឃើញយ៉ាងច្បាស់ថាអ្នកដែលមានចិត្តល្អចូលមកជួយនាងពីមនុស្សខិលខូចមុននេះជាអ្នកណា។

Sabrinawriter_

ហាមស្រលាញ់អ្នកណាក្រៅពីបងWhere stories live. Discover now