ភាគទី០៣

13 0 0
                                    

ម្ចាស់ស្នេហ៍គ្រាដំបូង
| ភាគទី០៣~ ជួយសង្រ្គោះ |

សប្តាហ៍ទីពីរនៃខែមិថុនា
អគារA ផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាក
«អ្នកទាំងអស់សូមស្ងាត់!! ថ្ងៃនេះខ្ញុំត្រូវប្រមូលកិច្ចការឱ្យលោកគ្រូអញ្ចឹងតាមក្រុមនីមួយៗ សូមយកកិច្ចការដែលធ្វើហើយតាមថ្ងៃកំណត់មកឱ្យខ្ញុំឥឡូវនេះ សុំឱ្យបានគ្រប់គ្នាណា!!»
ដោយសារតែការប្រឡងឆមាសទី១ នៅខាងមុខនេះជិតមកដល់ធ្វើឱ្យនិស្សិត ផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី១ មានភាពអ៊ូអរខុសធម្មតាមព្រោះនិស្សិតម្នាក់ៗកំពុងមានភាពមមាញឹករៀងៗខ្លួន អ្នកខ្លះក៏ប្រញាប់ប្រញាល់បញ្ចប់កិច្ចការ ខ្លះទៀតក៏ដើរទៅដើរមកយកកិច្ចការឱ្យប្រធានថ្នាក់។ ជាមួយនឹងភាពអ៊ូអរនោះដែរ មាននារីម្នាក់ដើរមកខាងមុខ គឺកុសាវត្តីកំពុងរហ័សរហួនហៅឈ្មោះនិស្សិតដែលធ្វើខុសលក្ខខណ្ឌឱ្យក្រដាសទៅកែសម្រួលឡើងវិញតាមអ្វីដែលប្រធានថ្នាក់ពឹងឱ្យធ្វើ ព្រោះនាងមានតួនាទីជាអនុប្រធាននៅក្នុងថ្នាក់។
និស្សិតប្រុសស្រីដើរទៅដើរមកធ្វើឱ្យបន្ទប់រៀនមានភាពរញ៉េរញ៉ៃបន្តិច ប្រធានក្រុមដើរមកហុចក្រដាសកិច្ចការជាបន្តបន្ទាប់ទៅឲ្យវត្តី។ កុសាវត្តីបានយកបណ្តើរនិងហៅឈ្មោះនិស្សិតបណ្តើរយ៉ាងស្វាហាប់ ព្រមទាំងប្រុងប្រយ័ត្នមិនឱ្យរហែកក្រដាសកិច្ចការគេនោះទេ ភាពយកចិត្តទុកនិងការខ្វល់ខ្វាយរបស់វត្តីទៅកាន់សមាជិកក្នុងថ្នាក់ជាមួយនឹងស្នាមញញឹម ដោយវត្តីមិនបានដឹងឡើយថាទិដ្ឋភាពទាំងអស់នោះត្រូវបានសម្លឹងដោយក្រសែភ្នែកដ៏មុតស្រួចមួយគូររបស់នារីម្នាក់ដែលសម្លឹងវត្តីមិនដាក់ភ្នែកក្រោមស្ថានភាពដ៏រញ៉េរញ៉ៃ រួមជាមួយនឹងសម្លេងកងរំពងនៅក្នុងថ្នាក់។
ខេមា ចន្ទរង្សី នារីវ័យ១៩ឆ្នាំ ជានិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក កម្ពស់១.៦០ម៉ែត្រ ផ្ទៃមុខសស្អាតគ្មានស្នាម ទម្រង់មុខពងក្រពើ ត្របកភ្នែកវៀវែង រាងអក្សរH បបូរមាត់តូចច្រមិចពណ៌សុីជម្ពូ ព្រមជាមួយនឹងសរសៃសក់ត្រង់ពណ៌ខ្មៅវែងក្រាស់ខ្មឹកត្រឹមខ្នងលើកចងឡើងលើជាមួយនឹងបូរពណ៌ក្រហមក្រម៉ៅកាន់តែបន្ថែមសម្រស់ស្រស់ស្អាត ឱ្យមានភាពទាក់ទាញលើសដើម។ នាងជាមនុស្សមិនសូវមាត់មិនសូវក ស្ងៀមស្ងាត់ ឆ្លាត យកចិត្តទុកដាក់ ស្មោះត្រង់ ក្លាហាន រឹងមាំតែខ្វះភាពកក់ក្តៅ។
ចន្ទរង្សីស្រាប់តែភាំង មានអារម្មណ៍ថាពេលវេលាបានឈប់ដើរ អ្វីៗទាំងអស់ហាក់បីដូចជាគាំងនៅនឹងមួយកន្លែង ដោយសារតែមនុស្សស្រីម្នាក់ដែលមានតួនាទីជាអនុប្រធានក្នុងថ្នាក់ ។ កុសាវត្តីដូចជាបានឆ្លុះបញ្ចាំងរូបភាពនៃអតីតរបស់នាង ភាពយកអាសារ យកចិត្តទុកដាក់ ខ្វល់ខ្វាយ និងមានស្នាមញញឹមជាប់រហូតរបស់នារីម្នាក់នោះ ជាមួយនឹងសកម្មភាពដ៏មមាញឹក ធ្វើឱ្យចន្ទរង្សីមានអារម្មណ៍ថានាងហាក់បីដូចជាបានជួបកុមារភាពខ្លួនឯងយ៉ាងអញ្ចឹង គ្រប់យ៉ាងបានឈប់ដំណើរការ មានអារម្មណ៍ថា ក្នុងថ្នាក់ដូចជាមានតែវត្តីហើយនិងនាង។ ចន្ទរង្សីបានឈរភាំងមួយភ្លែត ហើយក៏ប្រមូលអារម្មណ៍បានមកវិញជាមួយនឹងសំណួរ។
តើខ្ញុំពិតជាអាចធ្វើមិត្តរបស់នាងបានទេ? ពិតជានៅសល់មនុស្សដូចជានាងនៅក្នុងសម័យកាលដ៏ឃោរឃៅនេះដែរមែនទេ?
ខ្ញុំមានអារម្មណ៍ថាខ្ញុំទើបតែជួបនឹងខ្លួនឯងកាលពីអតីតកាលដែលបានបាត់ជាយូរមកហើយ...
ក្រោយពីប្រមូលកិច្ចការសមាជិកក្នុងថ្នាក់រួចអស់សព្វគ្រប់មក ភ្លាម
នោះកុសាវត្តីស្រាប់តែអស់កម្លាំងដោយគ្មានហេតុផល ភ្នែកក៏ចាប់ស្រវាំង ដៃច្រត់នឹងតុដើម្បីទប់ជំហរ ក្បាលក៏ឈឺខ្ទោកៗ អ្វីគ្រប់យ៉ាងហាក់វិលខ្ញាល់ ដល់ថ្នាក់គ្រប់គ្រងមិនបានក៏ត្រូវស្រុញជើងដួលទៅតាមទំនាញផែនដីនៅនឹងកន្លែងតែម្តង។
ឌឹប!!!
«វត្តី!! វត្តី!!! យ៉ាងម៉េចហើយ!! វត្តីឮខ្ញុំហៅទេ?»
«ប្រធានថ្នាក់ៗ វត្តីសន្លប់ហើយ!!» មិត្តស្រីៗស្រែកលាន់សម្លេងឡើង ព្រោះស្លន់ស្លោធ្វើអ្វីមិនត្រូវ ក្រោយពីឃើញវត្តីដួលខ្ពោកសន្លប់ស្ដូកបាត់ស្មារតីនៅលើឥដ្ឋ មុខមាត់ឡើងស្លេកស្លាំងគួរអោយបារម្ភ បាត់មាត់បាត់-កឈឹង ថែមទាំងអម្បាញ់មិញឃើញរត់ទៅក្អួតមិនដឹងជាមិនប៉ុន្មានដងទៅហើយទេ។ គ្រប់គ្នានៅទីនោះស្ទុះស្ទារហៅលោកគ្រូអ្នកគ្រូដែលនៅជិតៗនោះឱ្យមកជួយ អ្នកខ្លះក៏បានទៅយកទូរស័ព្ទហៅឡានពេទ្យភ្លាមៗដែរ។
«ជីពចរនាងខ្សោយណាស់ ឆាប់ទូរស័ព្ទហៅឡានពេទ្យភ្លាមមក!!» វីរៈសក្តិដែលមាននាមជាប្រធានថ្នាក់ចូលទៅជិតកុសាវត្តី ហើយក៏លូកដៃស្ទាបជីពចរនាងបន្តិច មុននឹងងាកបែរទៅប្រាប់សមាជិកថ្នាក់វិញ។
«នោះឡានពេទ្យមកហើយ!!»
មិនចាំយូរម្ចាស់រាងកាយខ្ពស់ស្រឡះសក្តិក៏រហ័សចាប់លើកបីរាងកាយត្រជាក់ល្អូកទន់ល្វក់របស់វត្តីឡើងភ្លាមជាមួយនឹងសេចក្តីបារម្ភជាខ្លាំងដោយមិនខ្វល់ពីក្រសែភ្នែកគ្រប់គ្នាកំពុងសម្លឹងនោះទេ ព្រោះជីវិតមនុស្សសំខាន់ជាង។
វីរៈសក្តិស្ទុះស្ទាត្រកងវត្តីសម្តៅទៅឡានពេទ្យ ទឹកមុខនិងរាងកាយដ៏រឹងមាំរបស់សក្តិទប់តុល្យភាពរាងកាយគេបានទាំងស្រុង វត្តីហាក់បីដូចជាស្រាលពេកសម្រាប់គេ។ គេត្រកងនាងយ៉ាងនឹងធឹងដោយហេតុការណ៍គ្រប់យ៉ាងដែលកំពុងកើតឡើងនោះស្ថិតក្រោមក្រសែភ្នែកមួយគូរដែលហាក់ដូចជាកត់ចំណាំនិងប្រមូលព័ត៌មានយ៉ាងលម្អិតតាមរយៈកែវភ្នែករបស់ចន្ទរង្សី នាងហាក់បីដូចជាមានអ្វីមួយមិនអាចពិពណ៌នាបាន។ នាងតាមសម្លឹងមើលកែវភ្នែកវីរៈសក្តិដែលកំពុងត្រកងកុសាវត្តីដាក់ចូលឡានពេទ្យរហូតដល់ផុតខ្សែនេត្រាបាត់ទៅ។
មន្ទីរពេទ្យខេត្ត
«លោកគ្រូពេទ្យ!!» កន្លងផុតទៅមួយសន្ទុះធំ ទ្វារបន្ទប់សង្រ្គោះបន្ទាន់ត្រូវបើកឡើង ស្របពេលលោកដុកទ័រចេញមក។
នាង ខេមរវង្សា វ័យ២៤ឆ្នាំ បុរសរាងកាយមាំទាំនិងខ្ពស់ស្រឡះគឺជាបងប្រុសបង្កើតរបស់វត្តីដែលកំពុងតែឈរសម្លឹងទៅបន្ទប់សង្រ្គោះបន្ទាន់ទាំងទឹកមុខតប់ប្រមល់ពោរពេញទៅដោយក្តីព្រួយបារម្ភ ព្រមទាំងដកដង្ហើមធំមិនដឹងជាប៉ុន្មានរយដង គ្រាន់តែឃើញទ្វារបន្ទប់បើកក៏រហ័សទៅសួរលោកគ្រូពេទ្យភ្លាមៗ ចំណែកឯសក្តិក៏ក្រោកឈរត្រៀមស្ដាប់ពីអាការៈរបស់វត្តីដូចគ្នា។
«ប្អូនស្រីខ្ញុំយ៉ាងម៉េចហើយ? លោកគ្រូពេទ្យ»
«ពួកយើងបានចាក់ថ្នាំវីតាមីន បំប៉ូវ ផ្ដល់កម្លាំង ជូនរួចរាល់ហើយ ប៉ុន្តែអ្នកជម្ងឺមិនទាន់ធូរស្បើយនៅឡើយទេ ព្រោះឈាមរបស់អ្នកជម្ងឺមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមសារពាង្គកាយទេ ដោយសារនាងមានជម្ងឺIron anemiaដែលជាជំងឺកង្វះជាតិដែក ពួកយើងត្រូវការឈាមប្រភេទOជាបន្ទាប់ ដើម្បីជួយសង្គ្រោះអ្នកជម្ងឺឲ្យបានទាន់ពេល មិនជ្រាបថាសាច់ញាតិរបស់អ្នកជម្ងឺមានប្រភេទឈាម O ដែរទេ?»
«បាទ! មាន ប៉ុន្តែម៉ាក់របស់ខ្ញុំគាត់កំពុងធ្វើដំណើរ ២ម៉ោងទៀតទើបបានគាត់មកដល់!!»
«មិនអីទេបង!! ខ្ញុំមានមិត្តភក្តិម្នាក់ដែលមានឈាមប្រភេទO ទុកឱ្យខ្ញុំចាត់ចែងចុះ!!»
«អរគុណឯងច្រើនហើយប្អូនប្រុស បងផ្ញើផង!!» ខេមរវង្សាក៏ងាកទៅអរគុណសក្តិមានកម្ពស់ប្រហាក់ប្រហែលខ្លួនដែលកំពុងឈរក្បែរ។
«បាទ!! មិនអីទេបង ខ្ញុំឈ្មោះសក្តិ ជាប្រធានថ្នាក់របស់វត្តី»
«អញ្ចឹង សូមសាច់ញាតិអ្នកជម្ងឺមកបំពេញបែបបទបន្តិច អញ្ជើញមកតាមខ្ញុំខាងនេះ»
«បាទ!!» ខេមរវង្សាគ្រាន់តែងក់ក្បាល រួចដើរទៅតាមគិលានុបដ្ឋាយិកា ដើម្បីទៅបំពេញបែបបទឱ្យវត្តី ស្របពេលវីរៈសក្តិទាញទូរស័ព្ទមកផ្អឹបនឹងត្រចៀក ចុចខលទៅមិត្តរបស់ខ្លួន។
«ឯងមកមន្ទីរពេទ្យខេត្តបន្តិច យើងត្រូវការជំនួយរបស់ឯងជាបន្ទាន់!!»
(អូខេ បន្តិចទៀតទៅដល់ហើយ!!)
បន្ទាប់ពីការបរិច្ចាគឈាមត្រូវបានធ្វើឡើងដោយជោគជ័យ អ្នកកម្លោះដែលដេកសម្រាកមួយភ្លែតក្រោយបរិច្ចាគរួច ក៏ចុះចេញពីគ្រែដែលពេទ្យបូមឈាមយឺតៗ ហើយក៏ដើររហូតមកឈប់នៅមុខបន្ទប់សម្រាកវីអាយភីមួយដែលកុសាវត្តីបានផ្លាស់មក បន្ទាប់ពីឆ្លងការសង្រ្គោះរយៈពេលជិត២ម៉ោងមកកាន់បន្ទប់សម្រាកព្យាបាលឯកជនរបស់មន្ទីរពេទ្យ។ គេឈប់ស្ងៀមធ្មឹងមួយកន្លែងសម្លឹងតាមរយៈកញ្ចក់ទ្វារមើលទៅរាងកាយស្លេកស្លាំងដែលគេងមិនដឹងខ្យល់អីនៅលើគ្រែអ្នកជម្ងឺ ព្រមទាំងព្យួរសេរ៉ូមនិងសាក់ឈាម ហើយក៏មានបំពាក់ឧបករណ៍ជំនួយការដកដង្ហើមដោយមិនពព្រិច។
«ឃើញថាថ្ងៃមុន មាត់មិនបាត់មួយម៉ាត់សោះ តែថ្ងៃនេះបែរជាបាត់មាត់ឈឹងតែម្តង!!»
     កន្លងទៅមិនយូរប៉ុន្មានកែវភ្នែកស្រទន់ថ្លាចាប់ផ្ដើមញោចឡើងម្ដងបន្តិចៗ  បបូរមាត់ដែលស្លេកស្លាំងប្រើជាស្រស់បស់ឡើងវិញបន្តិច ភ្នែកមូលក្រឡំទាំងគូបើកឡើងប្រឈមនឹងពិដានបន្ទប់ពណ៍ ទើបនាងងាកចាប់អារម្មណ៍ជុំវិញ។ ក្លិនថ្នាំពេទ្យនិងសម្លេងឧបករណ៍វេជ្ជសាស្រ្ត ធ្វើឱ្យនាងដឹងថាខ្លួនឯងកំពុងនៅមន្ទីរពេទ្យ ទាំងត្រចៀកឭការសន្ទនារបស់មនុស្សជុំវិញ នាងព្យាយាមព្រិចបើកសម្លឹងមើល បន្ទាប់ពីសន្លប់មិនដឹងជាប៉ុន្មានម៉ោងទេ។
«អ្ហឹម!!» នាងក្រមុំលើកដៃមកក្ដោបក្បាលយ៉ាងរហ័ស ព្រោះមានអារម្មណ៍ឈឺខ្ទោកៗ ហើយខ្លួនប្រាណក៏ល្ហិតល្ហៃខុសពីរាល់ដង។
«វត្តី!!» គ្រប់គ្នាក្នុងបន្ទប់ឃើញនាងចាប់ងើបឡើង ពួកគាត់នាំគ្នាដើរមកមើលដោយការព្រួយបារម្ភ។
«ចាំម៉ាក់ទៅយកទឹកមកឱ្យ!!» ស្រ្តីវ័យប្រមាណ៤៤ឆ្នាំ លោកស្រីមាលានៅរក្សាសម្រស់ក្មេងខ្ចីដែលជាម្តាយរបស់វត្តីនិយាយទាំងដើរទៅចាក់ទឹកមកឱ្យ ចង្វាក់នោះលោក នាងសុវណ្ណរិទ្ធ បុរសវ័យចំណាស់ដែលជាឪពុកវ័យប្រមាណ៥៤ឆ្នាំជួយនាងងើបអង្គុយ ដោយម្តាយរបស់នាងហុចទឹកមកឱ្យ កុសាវត្តីទទួលយកនិងលើកផឹករហូតអស់ពីកែវនិងយកឱ្យម្តាយវិញ។
«កូនយ៉ាងម៉េចហើយ មានឈឺត្រង់ណាទេ?» សំនៀងទន់ភ្លន់សួរបូករួមនិងកែវភ្នែកដែលមើលដោយក្ដីព្រួយបារម្ភរបស់អ្នកដែលជាម្តាយទាំងលើកដៃអង្អែលសក់ទន់រលាស់ត្រូវកាត់ត្រឹមស្មា ដោយអ្នកជាឪពុកប្រញាប់ទៅហៅពេទ្យមកពិនិត្យមើល។
«ម៉ាក់ ខ្ញុំមិនអីទេ!!» កុសាវត្តីនិយាយឡើងដោយសម្លេងខ្សោយៗ ព្រមទាំងញញឹមដាក់ កុំឱ្យគាត់បារម្ភ។
«កូនមិនអីគឺល្អហើយណា!!»
ស្របពេលនោះទ្វារបើកឡើងបង្ហាញលោកដុកទ័រនិងគិលានុបដ្ឋាយិកាពីរនាក់មកតាមចាប់ផ្ដើមពិនិត្យមើល។
«លោកគ្រូពេទ្យ កូនស្រីខ្ញុំយ៉ាងម៉េចទៅហើយ?»
«អ្នកជម្ងឺប្រសើរច្រើនហើយ ក្រោយពីបានបញ្ចូលឈាម គ្រាន់តែនៅខ្សោះខ្សោយកម្លាំងបន្តិច សូមឱ្យអ្នកជម្ងឺសម្រាកឱ្យបានច្រើននិងញ៊ាំឱ្យបានទៀងទាត់ ជាពិសេសអាហារដែលប៉ូវឈាមនិងជាតិដែកឱ្យបានច្រើន ខានស្អែកអាចចេញពីមន្ទីរពេទ្យបានហើយ!!» លោកដុកទ័រនិយាយពីអាការៈបច្ចុប្បន្ន និងការមើលថែ ការហាមប្រាមដល់នាង ឮបែបនេះប៉ាម៉ាក់របស់វត្តីញញឹមចេញមក ធូរទ្រូងបានមួយប្រឡោះទៀតដែលកូនស្រីមិនកើតអ្វីធ្ងន់ខ្លាំង។
«អរគុណលោកគ្រូពេទ្យអ្នកគ្រូពេទ្យច្រើនហើយ!!»
«បាទ/ចាស!!» បន្ទាប់ពីនោះលោកគ្រូពេទ្យអ្នកគ្រូចេញពីបន្ទប់វិញ ហើយក៏លេចវត្តមានខេមរវង្សាបើកទ្វារចូលមកល្មមជាមួយនឹងថង់អាហារមួយកញ្ចប់ជាប់ដៃ។
«បងវង្ស!!» សម្លេងស្អកបន្លឺថើៗ ខេមរវង្សាក៏ងាកមកប្រសព្វជាមួយប្អូនស្រី ដាក់ថង់អាហារលើតុក្បែរគ្រែអ្នកជម្ងឺ រួចក៏ចូលទៅឱបវត្តីដែលជាប្អូន ហើយក៏ថើបថ្ងាសប្អូនស្រីបណ្ដូលចិត្តមួយខ្សឺត។
«ភ្ញាក់ហើយហ៎ ដឹងទេព្រោះតែនាងច្រម៉ក់ឯងធ្វើឱ្យបារម្ភពេញមួយផ្ទះ មិនអីទេមែនទេ? មើលទៅឯងស្គមជាងមុន ឆ្ងាយណាស់ មុខមាត់ក៏ស្លាំងស្លក់ ខំរៀនពេកឬអត់?»
«ចា៎ ខ្ញុំមិនអីទេ បន្តិចទៀតជាហើយ!!» វត្តីតបមិនពេញសម្លេង ហើយធ្វើមុខក្រម៉ូវជូរ ព្រោះឱ្យតែជួបបងប្រុសគឺតែងតែត្រូវគាត់ទូន្មានទេសនារាល់តែលើកនឹង។
«ឱ្យតែបានដូចមាត់ នេះញាំុអីបន្តិចសិនទេ បងទើបតែទិញមក បាយឆាគ្រឿងសមុទ្រនិងទឹកដោះគោដែលឯងចូលចិត្ត ហើយបងទិញរបស់ញាំុមកច្រើនណាស់ ថែមទាំងទិញស៊ុបឱ្យទៀតផង ហ៊ុតក្ដៅៗ ទើបឆ្ងាញ់ ដើម្បីប៉ូវរាងកាយឯង កុំឱ្យខ្សត់កម្លាំង!!» សម្ដីយកចិត្តទុកដាក់របស់បងប្រុស វត្តីប្រាប់ថាចង់ញាំុខ្លាំងៗ ក្រោយមកម៉ាក់របស់នាងក៏រៀបចំអាហារហើយយកលើកមកដាក់នៅចំពោះមុខនាង ចាប់ដាក់ចាន។ ហើយខេមរវង្សាក៏ញាំុកំដរប្អូននិងសួរនាំពីនេះពីនោះមិនឈប់ធ្វើឱ្យអ្នកជាជាឪពុកម្តាយញញឹមឡើងមក កាលបើឃើញកូនប្រុសច្បងកូនស្រីពៅនិយាយញាប់មាត់ស្អេក ព្រោះថាបងប្អូនពីរនាក់នេះ ថ្ងៃខ្លះក៏ត្រូវគ្នា ថ្ងៃខ្លះក៏ឈ្លោះគ្នាដូចឆ្មាកណ្តុរអញ្ចឹង។
ថ្ងៃបន្ទាប់ ម៉ោង ១២ រសៀល
តឹបៗ
សម្រឹបស្បែកជើងក្រវ៉ាត់ខ្មៅបោះជំហានដើរនៅក្នុងមន្ទីរពេទ្យដោយម្ចាស់រាងកាយស្រឡៅស្រឡូនក្នុងឯកសណ្ឋានសាលាពណ៌ស សក់ពណ៌ខ្មៅវែងលើកចងឡើងលើជាមួយនឹងបូរពណ៌ក្រហមក្រម៉ៅ ទឹកមុខរាបស្មើប្រាសចាកស្នាមញញឹម ព្រមទាំងសម្លឹងរកមើលបន្ទប់សម្រាកព្យាបាល ក្នុងដៃមានកន្រ្តកផ្លែឈើតូចមួយ។
«សួស្ដី! មកសុខទុក្ខវត្តីមែនទេ?» នាងកំពុងឈររសាត់អណ្ដែតនៅបរិវេណក្នុងមន្ទីរពេទ្យតែម្នាក់ឯង តែរំពិចនោះសម្លេងក៏រន្ទឺឡើងពីក្រោយនាងធ្វើឱ្យនាងរហ័សងាកមើលបុរសដែលជាម្ចាស់សម្លេង ទើបប្រទះនឹងរាងខ្ពស់កុសលក្នុងឯកសណ្ឋានសាលាពណ៌ខៀវដើរសំដៅមករកនាង ក្នុងដៃក៏មានថង់ក្រដាសមកជាមួយដូចគ្នា។
«ចាស មែនហើយ!!» ចន្ទរង្សីតបដោយមិនគិតច្រើន ព្រោះនាងតាំងចិត្តមកសួរសុខទុក្ខវត្តីដោយផ្ទាល់ភ្នែក។
«សួស្តី! ខ្ញុំឈ្មោះកុសល ជាមិត្តសម្លាញ់របស់វត្តី»
«ចា...ចា៎ ខ្ញុំឈ្មោះ ចន្ទរង្សី ជាមិត្តរួមថ្នាក់របស់វត្តី!!» ចន្ទរង្សីឆ្លើយដោយសម្លេងទាក់ទើ ព្រោះកុសលមកភ្លាមៗពេក។
«ចៃដន្យម្ល៉េះ ខ្ញុំក៏មកសួរសុខទុក្ខវត្តីដែរ អញ្ចឹងពួកយើងទៅជាមួយគ្នាតែម្តងទៅ!!» ចន្ទរង្សីធ្វើបានត្រឹមងក់ក្បាលយល់ស្របនឹង
សំណើររបស់គេ។ កុសលក៏បានសួរនាំចន្ទរង្សីអំពីថ្ងៃដែលវត្តីសន្លប់ ហើយក៏នាំគ្នាដើរបណ្តើរនិយាយគ្នាបណ្តើរ រហូតដល់បន្ទប់ដែលកុសាវត្តីសម្រាក។
តុកៗ ក្រាក!
«ជំរាបសួរ អ្នកមីង!!» ទ្វារត្រូវបើកឡើងដែលបានបង្វែរចំណាប់អារម្មណ៍អ្នកនៅក្នុងបន្ទប់ឱ្យងាកមើល ដើម្បីដឹងថាអ្នកណាមកសួរសុខទុក្ខ ។ ពេលបើកទ្វារដើរចូលហើយ ទាំងកុសលទាំងចន្ទរង្សីក៏ឃើញកុសាវត្តីនៅអង្គុយលើគ្រែអ្នកជម្ងឺ ដៃស្ដាំមានព្យួរសេរ៉ូម ចំណែកដៃម្ខាងកាន់ចំណិតផ្លែក្រូច ព្រមទាំងងាកទៅមើលពួកគេ ហេីយញញឹមដាក់តិចៗ ដោយមានស្រ្តីវ័យកណ្តាលម្នាក់អង្គុយលើសាឡុងក្បែរនោះ អាចដៅបានថាជាម៉ាក់របស់វត្តីទៅហើយ ទើបចន្ទរង្សីនិងកុសលលើកដៃសំពះរាក់ទាក់តាមការគួរសម។
«ចាស ជំរាបសួរ!!» គាត់ក៏ញញឹមស្រទន់ដាក់
«នេះរបស់បន្តិចបន្តួចដែលពួកខ្ញុំទិញមកផ្ញើវត្តី!!»
«ចាស អរគុណច្រើន!! អញ្ចឹងក្មេងៗនៅនិយាយគ្នាលេងទៅ មីងយកកន្សែងទៅបោកគក់បន្តិចសិន!!» គាត់ទទួលរបស់ដែលកុសលនិងរង្សីយកមកផ្ញើឱ្យវត្តីទៅទុកនៅលើតុក្បែរគ្រែ មុននឹងជួយទាញកៅអីឱ្យពួកគេអង្គុយ ហើយក៏ដើរចេញពីបន្ទប់ទៅបាត់។
«បាទ/ចាស!!»
«សួស្តី កុសល!! ហើយក៏សួស្តីរង្សី សារជូនពរដែលរង្សីផ្ញើមកម្សិលមិញក៏គ្រប់គ្រាន់ហើយ មិនបាច់ឯងដល់ថ្នាក់មកសួរសុខទុក្ខផ្ទាល់ក៏បានដែរ រំខានហើយ!!» កុសាវត្តីញញឹមឡើងបង្ហាញនូវត្រង់ខួចនៅលើថ្ពាល់ទាំងសងខាង ព្រោះភ្ញាក់ផ្អើលដែលនាងមិនត្រឹមតែបានឃើញវត្តមានរបស់កុសលមិត្តសម្លាញ់របស់នាងនោះទេ តែក៏បានឃើញមានវត្តមានចន្ទរង្សី មិត្តរួមថ្នាក់របស់នាងផងដែរ មិននឹកស្មានថាចន្ទរង្សីមកសួរសុខទុក្ខនាងដោយផ្ទាល់នោះទេ។
«មិនអីទេ មិនជារំខានអីណាស់ណាទេ ណាមួយវាជាម៉ោងសម្រាកផង ក៏ឆ្លៀតមកសួរសុខទុក្ខឯងបន្តិចទៅ ហើយវត្តីយ៉ាងម៉េចហើយ?» ចន្ទរង្សីសួរនាងដោយការព្រួយបារម្ភ
«រៀងបានធូរស្បើយខ្លះហើយ គ្រាន់បេីជាងម្សិលមិញ!!»
«ហ្អើយ!! យើងបារម្ភពីឯងរហូត គេងមិនលក់ពេញមួយយប់ទៅហើយ!!» កុសលរអ៊ូប្រាប់វត្តី
«យើងមិនបានកើតអីធ្ងន់ធ្ងរឯណា!!» កុសាវត្តីសើចតិចៗ ដើម្បីជៀសវាងឱ្យអ្នកម្ខាងទៀតកាន់តែបារម្ភ ព្រោះមិនបានធ្ងន់ធ្ងរមែន។
«ចេះមកសើចស្រស់ទៅកើត រង្សីនិយាយប្រាប់យើង ពេលដើរមកជាមួយគ្នាអម្បាញ់មិញ ថាសភាពពេលសន្លប់ឡើងស្លេកស្លាំងស្លេកដូចជាគូទមាន់ស្ងោរយ៉ាងចឹង មិនឱ្យបារម្ភពីឯងម៉េចនឹងបាន!!» កុសលនិយាយទេសនាឱ្យកុសាវត្តីជាខ្សែតែម្តង សភាពមិត្តគេដល់ថ្នាក់នេះទៅហើយ ថែមទាំងបញ្ចូលឈាមអស់ពីរសាក់ទៀត មិនឱ្យគេខ្វល់ខ្វាយម៉េចនឹងបានទៅ គេមានមិត្តយុិនសុិនតែមួយគ្រាប់នេះផង។
«ទៅឱ្យយើងសុំទោស ពេលនេះយើងអស់អីហើយតើ!!»
«លើកក្រោយ បើវត្តីមិនស្រួលខ្លួនឬមានការអីចាំបាច់ អាចមកពឹងពាក់ខ្ញុំបានណា!!» រង្សីក៏លូកមាត់និយាយម្នាក់ទៀត ព្រោះថាវត្តីនិងនាងជាមិត្តរួមថ្នាក់នឹងគ្នា បើមានរឿងអីមិនស្រួលក៏អាចប្រាប់គ្នាឱ្យជួយទាន់ពេលបានដែរ។
«ចាស! អរគុណរង្សីហើយដែលបានបារម្ភ!!»
«ហើយ ឯងមានដឹងទេថាអ្នកណាជាអ្នកបរិច្ចាគឈាមឱ្យឯងអត់?» កុសលសួរនាំវត្តីតែម្តង ធ្វើឱ្យរង្សីចាប់អារម្មណ៍នឹងសំណួររបស់កុសល ប៉ុន្តែនាងបានដឹងរួចទៅហើយថាជាអ្នកណាដែលមកបរិច្ចាគឈាមឱ្យវត្តីនៅថ្ងៃនោះ លើកលែងតែវត្តីនាងមិនបានដឹងខ្យល់អ្វីនោះទេ ព្រោះនាងបានសន្លប់បាត់បង់ស្មារតីបាត់ទៅហើយ ណាមួយគ្មានអ្នកណាទាន់ប្រាប់នាងដូចគ្នា ពេលឮសំណួររបស់កុសលដូច្នោះកុសាវត្តិក៏រហ័សសួរភ្លាមៗ។
«អត់ទេ ខ្ញុំអត់ដឹងទេ ខ្ញុំក៏កំពុងតែចង់សួររឿងនេះទៅកាន់ពួកឯងល្មម តើឯងមានដឹងអត់ថាអ្នកណាជាអ្នកមកបរិច្ចាគឈាមឱ្យខ្ញុំ?» វត្តីគ្រវីក្បាលយកតែម្តង ព្រោះមិនដឹងថាជាអ្នកណា ដឹងត្រឹមថាម្សិលមិញបងប្រុសខ្លួនប្រាប់ថាជាមិត្តរបស់ប្រធានថ្នាក់ នាងចង់ដឹង ព្រោះយ៉ាងហោចណាស់នាងនឹងអរគុណ ហើយក៏ជូនរបស់បន្តិចបន្តួចជាការអរគុណដល់គេដែលបានជួយសង្រ្គោះនាងដែរ។
«ឯងនៅចាំប្រុសម្នាក់ដែលជិះម៉ូតូបិះនឹងកៀរឯងថ្ងៃមុនទេ? គឺគេហ្នឹងហើយដែលជាជួយបរិច្ចាគឈាមឱ្យឯង!!» ចម្លើយរបស់កុសលធ្វើឱ្យកុសាវត្តីស្រឡាំងកាំងព្រិចភ្នែកពីរបីដង ដល់ថ្នាក់និយាយមិនចេញ នាងស្ទើរតែមិនជឿនូវអ្វីដែលនាងបានឮ ព្រោះនាងមិននឹកស្មានដល់ថា បុរសដែលមានឬកពារក្រអឺតក្រទមម្នាក់
នោះអាចមកធ្វើរឿងសប្បុរសធម៌បាន។ នាងរឹតតែភ្ញាក់ផ្អើលនឹងវីរៈសក្តិដែលជាមនុស្សមុឺងម៉ាត់នឹងការងារព្រមទាំងមិនសូវនិយាយស្តីច្រើនអាចទៅស្គាល់និងរាប់អានមនុស្សដូចជាគូ-សត្រូវរបស់នាងបានរបៀបណា ព្រោះចរិតពួកគេទាំងពីរនាក់ខុសគ្នាដាច់ដូចមេឃនឹងដី ហើយឮថាជាមិត្តភក្តិនឹងគ្នាទៀតផង នាងកុសាវត្តីវិលវ៉ល់សឹងមិនជឿ តែដោយហេតុថានាងបានឮពាក្យនេះពីមាត់កុសលដែលជាមិត្តសម្លាញ់នាងទៅហើយ ក៏ព្រមជឿទាំងមិនអស់ចិត្តព្រោះថា មនុស្សដែលនាងនឹងត្រូវទៅអរគុណគឺជាបុរសវាយឫក ក្រអឺតក្រទមឆ្មើងឆ្មៃម្នាក់នោះ។
«ហេតុអ្វីក៏ឯងធ្វើមុខជូរអញ្ជឹង? គឺជាគេហ្នឹងឯងដែលជាអ្នកបរិច្ចាគឈាមឱ្យឯងកាលពីម្សិលមិញ ឯងមិនជឿមែនទេ?» ចន្ទរង្សីនិយាយញ៉ោះវត្តីលេង បន្ទាប់ពីឃើញទឹកមុខដូចឆ្ងល់បន្តិច ជូរបន្តិចរបស់វត្តី រកថាមិនត្រូវ ព្រោះចន្ទរង្សីក៏បានឃើញទិដ្ឋភាពថ្ងៃដែលសត្យាបិះនឹងកៀរវត្តីនិងវត្តមានគេពេលមកបរិច្ចាគឈាមដូចគ្នា។
«នោះឯង!! យើងមិនដឹងទេ គេខំមកជួយហើយ ឯងត្រូវតែអរគុណគេដោយផ្ទាល់!!» កុសលនិយាយបន្តពីរង្សី ទាំងកុសលនិងរង្សីនាំគ្នាសើចគឃឹក អស់សំណើចនឹងទឹកមុខវត្តី ព្រោះពួកគេដឹងថាវត្តីនឹងត្រូវទៅអរគុណសត្រូវរបស់នាងដោយផ្ទាល់។
«នែ!! ពួកឯងឈប់សើចភ្លាមទៅ យើងមិនដឹងថានឹងត្រូវធ្វើទឹកមុខយ៉ាងម៉េចឱ្យសម ពេលទៅនិយាយជាមួយគេទេ!!»

#ម្ចាស់ស្នេហ៍គ្រាដំបូង
តួស្រីថ្មីចេញមកហើយ...

#ម្ចាស់ស្នេហ៍គ្រាដំបូងតួស្រីថ្មីចេញមកហើយ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
«ម្ចាស់ស្នេហ៍គ្រាដំបូង» [រដូវកាលទី០១]Where stories live. Discover now