ភាគទី០៥

11 1 2
                                    

ម្ចាស់ស្នេហ៍គ្រាដំបូង
| ភាគទី០៥~ ចម្លែកចិត្ត |

«សក្តិ ឯងគិតថាសត្យា ព្រឹកនេះ គេមកទាន់ម៉ោងឬក៏យឺតដូចរាល់ដង ចាប់អារម្មណ៍ភ្នាល់ទេ? យើងថាគេនឹងមកយឺតដូចរាល់ដងនឹង ចុះឯង?» សម្លេងគ្រលរមាំបន្លឺឡើង ក្នុងខណៈពេលមានមនុស្សប្រុសម្នាក់ក្នុងឯកសណ្ឋានពណ៌ស ចំណែកម្នាក់ទៀតក្នុងឯកសណ្ឋានពណ៌ខៀវដែលកំពុងអង្គុយទល់មុខគ្នានៅខាងមុខកង់ទីនអាហារក្នុងសាលានៅពេលព្រឹកព្រលឹម។
«តែយើងថាព្រឹកនេះសត្យានឹងមកលឿន!!» សក្តិនិយាយផូងតាមការគិតធ្វើឱ្យសក្តាដែលជាអ្នកផ្តើមភ្នាល់ក៏ជ្រួញចិញ្ចើមភ្លាមៗ អត់មិនបានក៏សួរបញ្ជាក់
«ប្រាកដអត់? អ្នកចាញ់ប៉ាវកាហ្វេអ្នកឈ្នះមួយខែ អូខេទេ?»
«អូខេ តាមហ្នឹង!!» សក្តិតបដោយញាក់ស្មា ព្រោះមិនដឹងថាគេភ្នាល់ឈ្នះឬអត់ ដឹងត្រឹមថាសញ្ជាតិញាណរបស់គេប្រាប់មកបែបនេះ។ ស្របពេលជាមួយគ្នានោះ បុរសសង្ហារទាំងពីរនាក់និយាយគ្នាមិនទាន់បានប៉ុន្មានផង ក៏ឮសម្លេងអ៊ូអរពីមនុស្សស្រីរន្ទឺក្បែរនោះទាក់ទាញឱ្យទាំងសក្តិនិងសក្តាអត់មិនបាននឹងងាកទៅមើល ឃើញវត្តមានមនុស្សប្រុសរាងខ្ពស់សង្ហាក្នុងឯកសណ្ឋានពណ៌ខៀវ បានធ្វើឱ្យមនុស្សស្រីក្បែរនោះបញ្ឈប់ដំណើរងាកទៅមើលគេគ្រប់គ្នាតែបុរសដែលស្រីៗនាំគ្នាមើលបែរជាមុខស្មើមាំគឺគ្មានអ្នកណាក្រៅពីសត្យានោះទេ ជាបុគ្គលដែលពួកគេដាក់ភ្នាល់គ្នាអម្បាញ់មិញនេះឯង។
«បដិហារប្រាកដណាស់!!» សក្តិនិយាយឡើងព្រមទាំងញោចចុងមាត់ញញឹម ហើយលើកដៃមើលម៉ោងនឹងនាឡិកាដៃ ឃើញថាសត្យាមកដល់មុនកន្លះម៉ោង។
«អូហូ! ថ្ងៃនេះមានព្យុះធំហើយ សក្ដិយើងស្រវាំងភ្នែកទេដឹងដែលឃើញសត្យាមកមុនម៉ោងបែបនេះ ជាប្រវត្តិសាស្រ្តហើយ!» សក្តានិយាយឌឺដងដាក់ លើកចិញ្ចើមម្ខាងសម្លឹងមើលមិត្តភក្ដិរបស់គេទាញកៅអីមកអង្គុយនៅកណ្តាលចន្លោះគេនិងសក្តិ។
«បិទមាត់របស់ឯងទៅសក្តា បើឯងមិននិយាយក៏គ្មានអ្នកណាថាឯងគរដែរ!!» សម្លេងរបស់វត្តមានអ្នកមកថ្មីទាក់ទាញឱ្យសក្តិនិងសក្តាសើចនៅដើម-កទាំងអស់សំណើច តែថាសក្តាមើលទៅដូចជាសើចមិនសូវសម ព្រោះចាញ់ភ្នាល់ហើយថ្ងៃនេះសត្យា មិត្តគេ គិតយ៉ាងម៉េចបានថ្ងៃនេះមករៀនលឿនខុសពីធម្មតាតែម្តង។
«ឯងចាញ់ភ្នាល់ហើយសក្តា!!»
«យើងដឹងហើយ យើងជាកូនប្រុស ម៉ាត់ណាម៉ាត់ហ្នឹង!!»
«ភ្នាល់ស្អីពួកឯង? ហើយសុខៗយើងក្លាយជារបស់ដែលពួកឯងភ្នាល់គ្នាពីកាល?» ឮត្រឹមនេះ សត្យា បុគ្គលដែលគេនាំគ្នាភ្នាល់ក៏និយាយឡើង ព្រមទាំងលើកចិញ្ចើមម្ខាងងាកមកសួរសក្តា ព្រោះគេដឹងថាអារឿងភ្នាល់អីនោះ គ្មានអ្នកណាជាអ្នកផ្តើមគំនិតក្រៅពីសក្តានេះឯង។
«យើងគ្រាន់រកអីលេងសប្បាយៗ មិនឃើញទាល់ខុសត្រង់ណាទេ មែនអត់សក្តិ?» សក្តាញាក់ស្មា រួចងាកមកសួរយោបល់
ពីសក្តិ ហើយសក្តិក៏ងក់ក្បាលយល់ស្របតាម យ៉ាងហោចណាស់គេក៏ឈ្នះការភ្នាល់បានកាហ្វេហ្រ្វីៗផឹកមួយខែដែរ ណាមួយគេក៏ចូលចិត្តចូលរួមជាមួយសក្តា ដើម្បីញ៉ោះសត្យាដូចគ្នា ព្រោះគេក៏ដឹងថាមិត្តគេមិនយករឿងអញ្ចឹងដាក់ក្នុងចិត្តនោះទេ។
«ហើយនេះជាស្អី?» សក្តាទាញថង់ក្រណាត់ដែលសត្យាដាក់នៅលើតុទាញយកមកបើកមើលដោយមិនក្រែងចិត្តសត្យាដែលអង្គុយក្បែរសូម្បីតែបន្តិច ទង្វើមួយនេះទទួលបានកែវភ្នែកមិនពេញចិត្តពីអ្នកកម្លោះនៅក្បែរដល់ថ្នាក់ធ្វើឱ្យសក្តិទប់សំណើចស្ទើរមិនចង់ជាប់
«សក្តា!! ឆាប់ទុកវិញភ្លាម!!» សត្យាងាកទៅសម្លក់ដាក់សក្តា គេមិនចូលចិត្តឱ្យអ្នកផ្សេងប៉ះរបស់គេផ្តេសផ្តាសនោះទេ។
«ស្អីឯង? ប៉ះរបស់បន្តិចបន្តួច ធ្វើឯងខឹងទៅកើត គ្នាឯងសោះ ហើយឯងចូលចិត្តរបស់ខ្យូតៗតាំងពីពេលណាមកហា៎!!» សក្តាយកថង់ក្រណាត់ទុកនៅកន្លែងដើមវិញ ដោយមិនភ្លេចត្បកទៅវិញដោយផ្អែកខ្នងនឹងកៅអី ហើយចង្អុលទៅថង់ក្រណាត់ពណ៌ទឹកដោះគោថែមទាំងមានបណ្តោងរូបមឹកពណ៌ស្វាយទៀត តាមដែលសក្តាដឹង ដើមឡើយសត្យាមិនដែលចូលចិត្តរបស់របរ ចម្រុះពណ៌នោះទេ ភាគច្រើនគឺមានតែពណ៌ខ្មៅ ស ប្រផេះ អីបែបនេះ ងងឹតអាប់អួរ កំណាច អាថ៌កំបាំងដូចមនុស្សដែលជាមិត្តរបស់គេតែម្តង ប៉ុន្តែដល់ពេលឃើញអញ្ចឹងៗអីនៅនឹងមុខបែបនេះ មិនឲ្យចម្លែកចិត្តម៉េចនឹងបាន នៅមានរឿងដែលគេមករៀនលឿនមួយទៀត។
«សត្យា ឯងចម្លែកម្ល៉េះថ្ងៃនេះ? មើល៎ឱ្យយើងស្ទាបឯងមើលថាក្តៅខ្លួនឬអត់?» សក្តាធ្វើមុខមិនចង់ជឿ ព្រមទាំងលូកដៃស្ទាបថ្ងាសសត្យា តែត្រូវសត្យាវៃដៃចេញ។
«វាមិនមែនរបស់យើងទេ!!»
«បើមិនមែនរបស់ឯង ជារបស់អ្នកណា? កុំប្រាប់ថាឯងទៅជាប់ចិត្តនឹងនារីណាម្នាក់ហើយមែនទេ?? អបអរសាទរផង បុរសគល់ឈើសម្លាញ់ខ្ញុំមានស្នេហាហើយ!!» សក្តាឧទានឡើងដោយសម្លេងឮៗ ធ្វើឱ្យសក្តិផ្ទុះសំណើចសើចបិទមាត់មិនជិត ប៉ុន្តែបើក្រឡេកមើលទឹកមុខសត្យាវិញ មុខដូចចែកទ្រព្យមិនស្មើ។
«អបអរក្បាលឯងស្អី ស្នេហាស្នេហ៍ហឺតស្អីឯង!! ចេះតែនិយាយតាមការនឹកឃើញ ខូចក្រេឌីតភាពនៅលីវយើងអស់ហើយ» សត្យាចងចញ្ចើមភ្នែកសម្លក់ថ្មែរទៅសក្តា តែក៏មិនភ្លេចនិយាយបញ្ជាក់ពីភាពបរិសុទ្ធដោយការជឿជាក់ដែរ។ ទាំងសក្តានិងសក្តិកំពុងរំកិលកែវភ្នែកមើលដៃសត្យាដែលទាញថង់ក្រណាត់មកកាន់ ហើយក្រោកឈរអស់កម្ពស់បម្រុងដើរចេញ។
«សត្យា ឯងទៅណា?» សក្តិតាមមើលក៏សួរទាំងឆ្ងល់ សុខៗសត្យាក៏ងើបដូចចង់ទៅណាយ៉ាងអញ្ចឹង។
«យើងទៅថ្នាក់មុនហើយ!!»
«សត្យាគេទៅលេបថ្នាំច្រឡំឬយ៉ាងម៉េចហ្នឹង? ឬកពារប្លែកៗចម្លែកៗ» អ្នកកម្លោះសក្តិលាន់មាត់មុននឹងងើបដើរសម្តៅទៅថ្នាក់។
ស្របពេលជាមួយគ្នានោះ កុសាវត្តីនិងកុសលក៏កំពុងតែបណ្ដើរគ្នាសម្តៅទៅកង់ទីនទៅញាំអាហារព្រឹក និស្សិតទាំងស្រីទាំងប្រុសដើរចេញចូលច្រើនបង្កជាភាពអ៊ូអរនាពេលព្រឹក។ ហើយដើរមិនបានប៉ុន្មាននាទីកន្លងផុត កុសាវត្តីក៏មានអារម្មណ៍ចម្លែកៗ មុននឹងស្រាប់តែឭសំឡេងស្រែកចេចចាចរបស់នារីៗដែលនៅជិតនឹង មុនដំបូងកុសាវត្តីមិនគិតចង់ចាប់អារម្មណ៍ តែពេលនាងងាកទៅមើល ក៏ឃើញរាងកាយខ្ពស់ដើរសម្តៅចូលមកជិតរហូតប្រាកដរូបរាងនៅចំពោះមុខនាង កុសាវត្តីរឹងខ្លួនមួយរំពេច ។ មិនចាំយូរ សត្យាហុចថង់ក្រណាត់មកឱ្យនាងទទួលយកមកកាន់សឹងតែមិនទាន់ ថែមទាំងញាត់ថង់ចូលដៃឱ្យនាងបែបទំនើងបំផុត។
«វត្តី យើងចូលទៅហៅបាយឱ្យឯងមុនហើយណា យកដូចដើមមែនអត់?» ដោយយល់ការណ៍មិនចង់រំខានវត្តីនិងសត្យា កុសលក៏សួរឡើង កុសាវត្តីបានត្រឹមតែងក់ក្បាលធ្វើឱ្យកុសលប្រញាប់ដើរទៅកម្ម៉ង់បាយមុន។
«ហេឡូ អារុណសួស្តីណឺត៍!» សក្តាដែលកំពុងដើរសម្តៅទៅថ្នាក់ក៏ចៃដន្យជ្រួសផ្លូវជួបកុសល ប៉ុន្តែកុសលមិនត្រឹមតែមិនតបនឹងសក្តាទេ គេរឹតតែបន្ថែមល្បឿនព្យាយាមដើរឱ្យផុតនឹងសក្តាតែម្តង។
«ឯងដើរស្គាល់គេពេញប្រទេសតែម្តងហើយនេះ!!» សក្តិលាន់មាត់ ហើយសក្តាបានត្រឹមធ្វើមុខឌឺហើយញាក់ស្មា រួចបន្តដើរសម្តៅទៅថ្នាក់ ចំណែកឯសត្យាបន្ទាប់ពីហុចថង់ក្រណាត់រួចហើយ ក៏សម្លឹងមើលមុខនាងក្រមុំវត្តីបន្តិចមុននឹងដើរចេញទៅបាត់ទុកឱ្យនាងឈរមីងមាំងតែម្នាក់ឯង។
«វត្តី? នៅឈរធ្វើអីម្នាក់ឯងនឹង?» សំណួរខ្សាវៗទៅជាឮច្បាស់ភ្លាម ពេលនាងងាកទៅរកក៏ប្រទះមនុស្សស្រីចងបូរក្រហមដើរមកជិតដែលនាងស្គាល់ច្បាស់ថាជាចន្ទរង្សី មិត្តរួមថ្នាក់របស់នាង។
«រង្សី? សួស្តី!!» នាងក្រមុំវត្តីក៏ញញឹមស្រស់ដាក់
«ទៅញាំបាយព្រឹកនៅកង់ទីនដែរឬ? ហើយចុះឯណាកុសល មិនមកជាមួយទេហ៎?»
«កុសលគេដើរទៅមុនបាត់ហើយ មិនចឹងឯងចូលទៅញាំជាមួយយើងតែម្តងទៅ!!»
«អូខេ!!» ឮដូច្នេះកុសាវត្តីក៏អូសដៃឲ្យដើរតាមពេលចន្ទរង្សីយល់ព្រម
«ប្រធានថ្នាក់!!» ខណៈពេលកំពុងបណ្ដើរគ្នា កុសាវត្តីក៏ឧទានឡើង ពេលឃើញសក្តិនិងសក្តាកំពុងដើរមកជ្រួសផ្លូវជាមួយនាង។
«វត្តី យ៉ាងម៉េចហើយ បានធូរខ្លះនៅ?»
«ខ្ញុំបានធូរខ្លះ អរគុណប្រធានថ្នាក់ខ្លាំងណាស់ចំពោះរឿងកាលពីថ្ងៃមុន បើមិនបានប្រធានថ្នាក់ជួយ មិនដឹងជាពេលនេះខ្ញុំទៅជាយ៉ាងណានោះទេ»
«មិនអីទេ!! យ៉ាងណាកន្លងមកវត្តីក៏ជួយខ្ញុំនូវកិច្ចការក្នុងថ្នាក់ដែរ»
«សួស្ដី ខ្ញុំសក្តា ជាមិត្តរបស់សក្តិ រីករាយដែលបានស្គាល់» មិត្តភក្តិរបស់សក្តិរាក់ទាក់ ទើបរង្សីនិងវត្តីងាកមុខទៅមើលបន្តិចដើម្បីរាក់ទាក់តប
«សួស្តី ខ្ញុំវត្តី ចំណែកនេះគឺ រង្សី មិត្តរបស់ខ្ញុំ!!»
«ចា៎សួស្ដី!! រីករាយដែលបានស្គាល់» បបូរមាត់ស្តើងពណ៌សុីជម្ពូបង្ហើរសំនៀងស្រាលស្រទន់ជាការគួរសមជាមួយនឹងស្នាមញញឹមតិចៗ ក្នុងកំឡុងពេលរង្សីនិយាយ ក៏ទាក់ទាញក្រសែភ្នែកសក្តិឱ្យសម្លឹងមើលមុខចន្ទរង្សីបន្តិច រួចក៏រហ័សងាកចេញ ព្រោះបើទោះបីជាពួកគេរៀនថ្នាក់ជាមួយគ្នាពិតមែន តែសក្តិដែលជាប្រធានថ្នាក់មិនទាន់ស្គាល់មុខអស់នោះទេ។
«អញ្ចឹង អញ្ចេះចុះ ពេលណាប្រធានថ្នាក់ទំនេរ ខ្ញុំនឹងប៉ាវបាយមួយពេល ទុកជាការអរគុណ សក្តាលោកដែរណា!!» វត្តីនិយាយឡើង ណាមួយគេក៏ចង់អរគុណសក្តិឱ្យហើយតែម្តង។
«អីយ៉ា មានកិត្តិយសណាស់ បានស្រីស្អាតអញ្ជើញញាំបាយជាមួយគ្នា អញ្ចឹងខ្ញុំក៏មិនគួរសមដែរ!!» គ្រាន់តែឮបែបនេះកុសាវត្តីក៏សើចតិចៗ ព្រោះអស់សំណើចនឹងប្រយោគនោះ មិននឹកស្មានថាមិត្តសក្តិម្នាក់នេះកំប្លែងស្ងួតដល់ម្លឹង តែម្ចាស់សាមីខ្លួនបែរជាទទួលបាននូវបាតដៃរន្ទះរបស់សក្តិដែលឈរនៅក្បែរចំកណ្តាលខ្នងពីក្រោយ សូរឮតែឌឹបតែម្តង ដល់ថ្នាក់សក្តាត្រូវខាំមាត់មិនបញ្ចេញសំឡេងឱ្យឮ ខ្លាចបាក់កាលីបគេអស់ទៅ គិតយ៉ាងម៉េច ប៉ុន្តែមួយដៃនេះបាក់គ្រោងឆ្អឹងគេហើយទេដឹង។
«សក្តា គេចូលចិត្តលេងសើចច្រើនណាស់ វត្តី កុំយកដាក់ក្នុងចិត្តអី!!» សក្តិលើកដៃទៅឱបស្មា-សក្តា ទើបធ្វើឱ្យសក្តាមិត្តភក្តិគេ ដែលឈរក្បែរងាកទៅសម្លក់ នេះវៃក្បាលអង្អែលខ្នងឲ្យច្បាស់ក្រឡែត។
«មិនអីទេ ខ្ញុំក៏មិនប្រកាន់អីដែរ អញ្ចឹងខ្ញុំនិងរង្សីលាអ្នកទាំងពីរទៅសិនហើយ ជួបគ្នាពេលក្រោយ!!»
«បាទ ជួបគ្នាពេលក្រោយ ស្រីស្អាតទាំងពីរ!!» សក្តាបង្ហាញស្នាមញញឹមសង្ហាខាបព្រលឹង លើកដៃលាទៅនារីទាំងពីរដែលដើរបណ្តើរគ្នាចូលទៅក្នុងកង់ទីនបាត់។
«សក្តិ ឯងឃើញដូចយើងឬអត់? ថង់ក្រណាត់ដែលពួកយើងនិយាយគ្នាអម្បាញ់មិញជាមួយសត្យា ពេលនេះគឺនៅក្នុងដៃរបស់វត្តី សត្យាអើយ មិនមាត់ៗទេ ប៉ុន្តែរហ័សរហួនជាងយើងតែម្តង!!» សក្តាលាន់មាត់ឡើងខ្សឹបសួរសក្តិ ដោយមិនភ្លេចចម្អន់សត្យាលេងទោះបីជាម្ចាស់សាមីខ្លួនមិននៅទីនេះក៏ដោយ។
«អ្ហឹម ក៏ដូចដែលឯងបានឃើញមិនចឹង!»
«មែនហើយ ហេតុអីយូរណាស់ មិនគិតណែនាំពួកនាងឱ្យយើងស្គាល់ផង?»
«ព្រានមិនបាត់សោះឯងនេះ អម្បាញ់មិញយើងសុំទោស រាងធ្ងន់ដៃបន្តិច!!»
«កុំតែយើងយល់មុខដល់ឯងជាមិត្ត កុំអី យើងនឹងកាត់ថ្លៃកាហ្វេឯងឱ្យសល់ត្រឹមកន្លះខែឥឡូវនេះតែម្តង!!»
«បើឯងហ៊ានកាត់ យើងនឹងដាក់ឱ្យឯងបាក់ឆ្អឹងនៅថ្ងៃនេះតែម្តង!!» 
   ពេលដែលចូលមកដល់ក្នុងកង់ទីនហើយ ចន្ទរង្សីក៏ដើរទៅតម្រង់ជួរដើម្បីកម្ម៉ង់បាយបាត់ នៅសល់កុសាវត្តីដែលដើរប្រជ្រៀតនិស្សិតផ្សេងៗរកមើលកន្លែងអង្គុយដែលកុសលនៅចាំ។
«វត្តី ខាងនេះ!!» មុនពេលកុសាវត្តីបានដើរហួសដល់ណាណី កុសលងាកមកឃើញក៏រហ័សហៅជាមុន។
«បាត់យូរដល់ហើយ ឯងនេះ?» កំឡុងពេលកុសាវត្តីមកអង្គុយទល់មុខកុសល ព្រមទាំងដាក់ថង់ក្រណាត់និងកាបូបលុយលើតុ សម្លេងរអ៊ូរទាំក៏បន្លឺឡើង ព្រមទាំងទឹកមុខញញឹមញញែមខុសពីធម្មតាមកដូចគ្នា។
«សុំទោសដែលឱ្យឯងចាំ!!»
«នេះ បាយស្រូបដាក់តែពងទាសុទ្ធរបស់ឯង ថ្ងៃនេះមនុស្សច្រើនដល់ហើយ តម្រង់ជួរទម្រាំនឹងបាន!!»
«អរគុណហើយឯង ស្រឡាញ់ឯងបំផុត!!» កុសាវត្តីនិយាយដោយមិនភ្លេចញញឹមបង្ហាញថ្ពាល់ខួច ព្រមទាំងធ្វើភ្នែកព្រិចៗធ្វើឱ្យកុសលសើចតិចៗ មុននឹងរុញក្បាលមិត្តជិតស្និតតិចៗ ពេលនាងធ្វើមាត់ស្រួចដាក់។
«កុំមកធ្វើមាត់ស្រួចដាក់យើងឱ្យសោះ ឃើញហើយយើងព្រឺសម្បុរតែម្តង!! អូ រង្សី ឯងមកដែរឬ?» នៅចុងប្រយោគកុសលនិយាយជាមួយចន្ទរង្សីដែលកំពុងកាន់ចានបាយមក ហើយក៏ចូលអង្គុយក្បែរកុសល។
«ចាស!! ខ្ញុំមកជាមួយវត្តី»
«រង្សី និយាយអញ្ចឹង ថ្ងៃសៅរិ៍ ស្អែកនេះ ឯងទំនេរទេ? យើងចង់បបួលឯងមកហាងកាហ្វេបន្តិច ណាមួយកុសលក៏ធ្វើការនៅទីនោះដែរ!!»
«ចាស ខ្ញុំទំនេរតើ!!»
«ចាំយើងទម្លាក់Locationឱ្យ!!»
«អូខេ!!» ចន្ទរង្សីក៏ងក់ក្បាល
«អញ្ចឹងក៏ល្អដែរ យើងកំពុងមានរឿងចង់ពិភាក្សាសុំយោបល់ពីពួកឯងដែរ!!» កុសលនិយាយធ្វើឱ្យចន្ទរង្សីនិងកុសាវត្តីឮហើយ អត់នឹងចង់ដឹងមិនបាន ទើបកុសាវត្តីងាកមកសួរនាំ
«រឿងអី? និយាយពេលនេះមិនបានឬយ៉ាងម៉េច?»
«ជួបគ្នាថ្ងៃសៅរិ៍ ឯងនឹងដឹងហើយ ឆាប់ញាំបាយទៅ!!»
បន្ទាប់មកពួកគេទាំងបីក៏នាំគ្នាញាំបាយ ព្រមទាំងនិយាយគ្នាពីនេះមិនដាច់សូរ រហូតទាល់ឮកណ្តឹងរោទិ៍ដល់ម៉ោងចូលរៀន ទើបនាំគ្នាដើរចេញពីកង់ទីន ហើយក៏បំបែកទៅថ្នាក់រៀងៗខ្លួន។
ម៉ោង ៥ : ៣០ ល្ងាច
    មនុស្សស្រីក្នុងឈុតនិស្សិតពណ៌សឡើងទៅជាន់ខាងលើនៃផ្ទះឈើ រួចយកសោរមកចាក់ទ្វារបើកចូលបន្ទប់ទីមួយ ពេលចាក់សោរទ្វាររួចក៏ទុកសោរនៅលើតុជាប់ទ្វារ ហើយក៏ដោះស្បែកជើងក្រវ៉ាត់ខ្មៅទុកនៅថ្នើរក្បែរទ្វារ បន្ទាប់មកក៏ដើរចូលទៅបន្ទប់ដែលមានកូនអំពូលនៅជាប់ក្បែរទ្វារបញ្ចាំងពន្លឺឱ្យឃើញគ្រែនិងចង្រ្កានបាយតូចល្មមស្ថិតក្នុងបន្ទប់តែមួយ នៅជាប់គ្រែមានតុសិក្សានិងកូនទូសៀវភៅ ឯផ្នែកខាងស្ដាំជាចង្រ្កានបាយមានទូខោអាវនិងបន្ទប់ទឹកក្បែរគ្នា។ កុសាវត្តីដោះកាបូបនិងថង់ក្រណាត់ទុកលើតុសិក្សារបស់នាងក្រោយពីបានត្រលប់មករៀនវេនល្ងាចវិញ ទើបនាងដើរតម្រង់ទៅរកទូរទឹកកកតូចមួយ ដើម្បីរកទឹកត្រជាក់ៗមកផឹក។ បន្ទាប់មកក៏ចាប់ផ្តើមរៀបចំកាបូបដកសៀវភៅទុកនៅធ្នើរសៀវភៅ ចង្វាក់កំពុងរៀបរបស់របរទុកវិញ ពេលបើកថង់ក្រណាត់ក៏ឃើញក្រដាសមួយសន្លឹកបិទជាប់នឹងប្រអប់បាយរបស់នាង ដៃស្រឡូនសម្រចចិត្តដកក្រដាសណូតយកមកអានហើយបានធ្វើឱ្យនាងក្រមុំទៅជាស្ងៀមជាច្រើនវិនាទី ព្រមទាំងមើលវាយ៉ាងហួសចិត្ត។
"បាយរបស់នាងផ្អូមហើយ ចេញធ្វើបុណ្យលើកដំបូងមែនទេ?"
«ប្រុសម្នាក់នេះចំជាយ៉ាប់បំផុត ខ្ញុំគួរតែឮប្រយោគអរគុណមិនចឹង គួរឱ្យខឹងណាស់!»

#ម្ចាស់ស្នេហ៍គ្រាដំបូង
ចាស មានការខ្មើតដាក់កូនស្រីខ្ញុំដដែល!!

«ម្ចាស់ស្នេហ៍គ្រាដំបូង» [រដូវកាលទី០១]Where stories live. Discover now