សួស្ដីអ្នកអានជាទីស្រឡាញ់ ពីអេដមីនផេនដា បន្ទាប់ពីបាត់ទៅមួយរយ:ធំ ថ្ងៃនេះអេដមីននឹងវិលត្រឡប់មកវិញរួមជាមួយសាច់រឿងថ្មី ហើយអេដមីនក៏មានអ្វីមកបញ្ជាក់តិចតួចថាចំពោះសាច់រឿងដែលអេតមីនបានផុសមិនទាន់ចប់នោះចំនួនពីររឿង អេតមីននឹងព្យាយាមធ្វើការកែសម្រួលជាថ្មី លើសពីនេះទៀត រឿងក្នុងចំណោមពីររឿងនោះនឹងក្លាយជារដូវកាលទីពីរបន្ទាប់ពីរឿងមួយនេះផងដែរ។
ម្ចាស់ស្នេហ៍គ្រាដំបូង
| ភាគទី០១ ~ ការចួបគ្នា |
ធ្លាប់ឮមាន គេថាជួបស្នេហ៍គ្រាដំបូងដោយចៃដន្យ ហើយក៏ទើបតែដឹងថា "ស្នេហាដំបូង" មិនមែនជាមនុស្សទីមួយទេ តែជាមនុស្សដំបូងដែលធ្វើឱ្យបេះដូងយើងមានអារម្មណ៍ថានេះជាការស្រឡាញ់ពិតប្រាកដនិងកក់ក្តៅបំផុត។ ស្នេហ៍គ្រាដំបូងអាចទំនងជាស្នេហាដ៏ផ្អែមល្អែម អាចរមែងមិនមែនជាគូ មិនប្រាកដថាជាស្នេហ៍ចុងក្រោយ តែបើស្រឡាញ់ខ្លាំងហើយ វាជាស្នេហាមួយដែលនៅជារៀងរហូត ប្រសិនបើជាគូពិត យើងនឹងស្វែងរកគ្រប់វិធីដើម្បីត្រឡប់មកជួបគ្នាវិញ បើទោះបីធ្លាប់ឃ្លាតឆ្ងាយពីគ្នាយូរយ៉ាងណាក៏ដោយ ព្រោះថាស្នេហ៍គ្រាដំបូងបានធ្វើឱ្យយើងចាំជាប់បេះដូងអស់មួយជីវិត។
មិត្តភក្តិអាចនឹងស្រួលរក តែមិត្តដែលមានទឹកចិត្ត ទើបមិនងាយរកបាន បើយើងមានមិត្តល្អចេះយល់ចិត្តដឹងចិត្ត និយាយរឿងក្នុងចិត្តប្រាប់ដោយអារម្មណ៍សុវត្ថិភាពនៅក្បែរខ្លួនគឺជាបុណ្យធំបំផុតមួយក្នុងជីវិត គ្រាន់តែមើលមុខគ្នាស៊ីញ៉ូភ្នែកគឺដឹងពីជម្រៅចិត្តគ្នាតែម្ដងថាចង់បានអី ចង់ធ្វើអី មានរឿងរ៉ាវជាច្រើនបានកើតឡើងក្នុងដំណើរជីវិតរបស់ពួកគេ ពេលពិបាកចិត្ត ពួកគេកំដរគ្នា ពេលជោគជ័យ ពួកគេជួយអបអរគ្នា ពេលមានទុក្ខ ពួកគេជួយសម្រាល មានរឿងអីក៏មិនដែលចោលគ្នា មានសុខរួមសុខ មានទុក្ខរួមទុក្ខ នេះបានហៅថា "មិត្តភាព" ។
ជារឿយៗ គ្រប់គ្នាតែងតែគិតថាមិត្តភាពដែលល្អបំផុតគឺជាមិត្តនៅវិទ្យាល័យ ដោយសារសុទ្ធតែនៅក្មេងខ្ចី មិនទាន់គិតខ្វល់ខ្វាយពីអ្វីច្រើននោះឡើយ វាជាកំឡុងពេលដែលសប្បាយបំផុតកើតឡើង។
ប្រសិនបើធៀបទៅនឹងមិត្តភាពនៅសាកលវិទ្យាល័យ វាក៏ជាកំឡុងពេលមួយដែលត្រូវអភិវឌ្ឍចិត្តគំនិតដោយការតស៊ូ អត់ធ្មត់ ចេះរ៉ាប់រងលើអនាគតខ្លួនឯង និងត្រូវស្គាល់មនុស្សថ្មីៗជាច្រើនដែលមកពីខេត្តនិងតំបន់ផ្សេងៗពីគ្នា ដែលតម្រូវឱ្យយើងចេះបត់បែនតាមកាលៈទេសៈសម្របខ្លួនជាមួយនឹងបរិបទសង្គមខាងក្រៅ ព្រមទាំងទទួលនូវបទពិសោធន៍យ៉ាងថ្មីស្រឡាងដូចគ្នា។
ភាពស្និទ្ធស្នាលពីមួយថ្ងៃទៅមួយអាទិត្យ ហើយទៅជាមួយខែរហូតទៅឆ្នាំបានធ្វើឱ្យពួកគេរីកចម្រើនលូតលាស់ទាំងមិត្តភាព ទាំងឧត្តមគតិចំណេះដឹងជាមួយគ្នាដោយបន្សល់នូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ វាជាការផ្សារភ្ជាប់អារម្មណ៍ដ៏ជ្រាលជ្រៅ ភាពស្មោះត្រង់ និងសាមគ្គីភាពដែលពួកគេប្រឈមមុខជាមួយគ្នា ទាំងភាពជោគជ័យនិងឧបសគ្គនានា។
ពេលវេលាដើរទៅមុខឥតឈប់ឈរ មនោសញ្ចេតនាក៏រីកចម្រើននៅក្នុងដួងចិត្តរបស់យុវជនយុវតីទៅតាមជីវិតរបស់មនុស្សម្នាក់ៗដែលតែងតែធ្លាប់ស្គាល់នូវអារម្មណ៍មនោសញ្ចេតនាដ៏ស្រស់បំព្រងនិងជាចំណងមួយដ៏សែនស្មុគស្មាញចាក់ស្រែសក្នុងពេលតែមួយ វាជាអារម្មណ៍ស្នេហាទើបនឹងបង្កាត់ឡើងថ្មោងថ្មីរបស់យុវជនក្មេងខ្ចីដែលមិនទាន់ស្គាល់អ្វីហៅថាក្តីស្រឡាញ់ពិតប្រាកដ រឹតតែគ្មានបទពិសោធន៍ទាល់តែសោះចំពោះរឿងមួយនេះ ប៉ុន្តែបែរជាហ៊ានបង្កាត់អារម្មណ៍មនោសញ្ចេតនាដ៏សែនរញ៉េរញៃមួយនេះទៅវិញ តើពួកគេនឹងថែរក្សាចំណងស្នេហានោះបានដែរឬទេ? ចំពោះបញ្ហានោះ ពួកគេនឹងដោះស្រាយឬក៏បោះបង់ចោលកណ្តាលទី ហើយចុងបញ្ចប់នៃសាច់រឿងស្នេហាពួកគេនឹងទៅជាយ៉ាងណា....
ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣
សាលារដ្ឋមួយកន្លែងដែលបណ្តុះបណ្តាលនិស្សិតពេទ្យស្ថិតនៅខេត្តកំពង់ចាមនៃប្រទេសកម្ពុជា ជាសាលាដែលកំពុងល្បីល្បាញក៏កំពុងនឹងក្លាយទៅជាវិទ្យាស្ថាន ដោយមានសិស្សានុសិស្សប្រឡងចូលជាច្រើនរាប់ពាន់នាក់ ព្រោះមិនត្រឹមតែគុណភាពនៃការបង្រៀននោះទេ។ តែអ្វីដែលពិសេសគឺប្រព័ន្ធនៃការអប់រំផ្នែកក្រមសីលធម៌វិជ្ជាជីវៈផងដែរ សិស្សគ្រប់រូបដែលចូលមករៀនសុទ្ធសឹងតែទទួលបានអាហារូបករណ៍ដោយការប្រឡងថ្នាក់ជាតិចូលដោយសមត្ថភាពរៀងៗខ្លួន។ ទិដ្ឋភាពទីធ្លានៃសាលាទាំងមូលពោរពេញទៅដោយដើមឈើពណ៌បៃតងខ្ចី ផ្កាចម្រុះពណ៌ដុះអមនឹងរបងជាមួយនឹងទីធ្លាធំទូលាយ ក្នុងបរិវេណសាលាទាំងមូលហាក់កំពុងតែអ៊ូអរខុសពីថ្ងៃធម្មតា អាចមិនមែនមកពីមានកម្មវិធីអ្វីនោះទេ តែជាថ្ងៃបើកបវេសនកាលថ្មីឆមាសថ្មីសម្រាប់សិស្សនិសិ្សតទាំងថ្មីទាំងចាស់។
ក្នុងទិដ្ឋភាពអ៊ូអរដែលសិស្សានុសិស្សជាច្រើនកំពុងតែជួបជុំគ្នា ជជែកពីនេះពីនោះ ក៏មានអ្នកកំលោះនិស្សិតសង្ហាពីរនាក់កំពុងតែឈរយកដៃច្រត់ហោប៉ៅខោ ម្នាក់ស្ពាយកាបូបទម្លាក់ដៃម្ខាងតាមស្ទាយ៍យ៉ាងសង្ហាឈរនៅជ្រុងម្ខាងនៃបរិវេណសាលាហាក់ដូចកំពុងតែរង់ចាំអ្នកណាម្នាក់ទៀតដែលធ្វើឱ្យសិស្សនិសិ្សតទាំងប្រុសទាំងស្រីដើរឆ្លងកាត់ពួកគេនោះត្រូវសម្លឹងមកមើលពួកគេទាំងពីរសឹងតែដើរប៊ិះបុកគ្នាព្រោះតែភាពសង្ហារបស់ពួកគេបានជះពាសពេញសាលាធ្វើឱ្យរង្គោះរង្គើបេះដូងនារីៗហ្នឹងឯង។
«សក្តិ! តើសត្យាមកនៅនៀក?» ចន្ទសក្តាដែលជាមនុស្សប្រុសមានរាងកាយមាំទាំនិងខ្ពស់ស្រឡះសម្លៀកបំពាក់អាវពណ៌ខៀវទីនុយជាមួយខោសាច់ក្រណាត់ពណ៌ខ្មៅ វាចាសួរទៅមិត្តម្នាក់ទៀតដែលនៅជិតខ្លួនទាំងឫកពាធុញទ្រាំ ព្រោះមួយសន្ទុះធំហើយនៅតែមិនឃើញអាមិត្តជើងល្អមកទៀត។
ពេជ្រ ចន្ទសក្តា បុរសវ័យ២០ឆ្នាំ ជានិស្សិតបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក កម្ពស់១.៨៥ម៉ែត្រ ទម្រង់មុខរាងត្រីកោណ គេជាមនុស្សប្រុសមានអំណោយទានលម្អដោយស្នាមញញឹមតិចៗលើបបូរមាត់ ពូកែវេហាសព្ទ តែក៏ឆាប់ឆេវឆាវ ចូលចិត្តញ៉ោះ ឌឺដងផ្លែផ្កា ខិលខូច ជឿជាក់លើខ្លួនឯង មិនថាមើលពីជ្រុងខាងណាក៏គេជះរស្មីទាក់ទាញ រួមជាមួយគ្នានេះ មិនថាជាមុខមាត់ កាយវិការឬសកម្មភាព គ្មាននរណាងាយនឹងទាយចេញថាគេមានគំនិតនិងគម្រោងបែបណា។
«សត្យា បើគេមកទាន់ម៉ោងម្តង ប្រហែលជាមេឃបាក់ ភ្នំរលំហើយ!» សក្តានៅតែនិយាយរអ៊ូរទាំតាមចរិតឆេវឆាវរបស់យុវវ័យ
«មនុស្សគេតែប៉ុណ្ណឹងឯង រង់ចាំបន្តិចទៀតទៅ ណាមួយគ្រូមិនទាន់មកដែរហ្នឹង! ម្យ៉ាងយើងនៅជាមួយឯងរហូត បើឯងសួរយើង សត្យាមកពេលណា ឱ្យយើងទៅសួរអ្នកណាទៅ!» សក្តិនិយាយបណ្តើរ យកដៃម្ខាងច្រូកសក់រលាស់រលាងរបស់គេនិងម្ខាងទៀតច្រត់ហោប៉ៅបណ្តើរ និយាយចំអកលេងទៅកាន់សក្តា ហើយបានត្រឹមញាក់ស្មាព្រោះមិនដឹងដូចគ្នា។
ពង្ស វីរៈសក្តិ អ្នកកម្លោះសង្ហារសម្បុរសណ្តែកបាយក្នុងសម្លៀកបំពាក់ឯកសណ្ឋាននិស្សិតពណ៌ស វ័យ២០ឆ្នាំ ជានិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក កម្ពស់១.៨៣ម៉ែត្រ កែវភ្នែកស្រទន់ពណ៌ត្នោតចាស់ បបូរមាត់ស្តើង ភ្នែកតូច រាងកាយមាំមួន ទម្រង់មុខរាងពងក្រពើ គេជាមនុស្សប្រុសដែលគ្រប់គ្នាស្គាល់ថាងាយនឹងចុះសម្រុងបំផុត មើលទៅទន់ភ្លន់ សុភាពបុរស ព្រោះមុខសង្ហាមានពន្លឺរួសរាយនិងបុគ្គលិកលក្ខណៈហៅបានថាគួរឱ្យរាប់រក គេថែមមានសំនៀងផ្អែមមិនខ្លាំងនិងមិនស្រាលពេក កំប្លែងតែមិនសូវមាត់ក ចិត្តត្រជាក់ មុឺតម៉ាត់ ម៉ត់ចត់ មានវិន័យខ្ពស់និងទំនួលខុសត្រូវខ្ពស់ មានមន្តស្នេហ៍ ញញឹមស្រស់។
ត្រុក! ត្រុក! សម្រឹបស្បែកជើងក្រវាត់ខ្មៅបោះទៅលើផ្ទៃដីដោយម្ចាស់រាងកាយ នាង កុសាវត្តី វ័យ១៩ឆ្នាំ ជានិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក កម្ពស់១.៦០ម៉ែត្រ ផ្ទៃមុខមានមុននិងស្នាមតិចៗ ទម្រង់មុខពងក្រពើ ច្រមុះស្រួច រាងផ្លែសារី ថ្ពាល់ខួចទាំងសងខាងពេលញញឹម បបូរមាត់ក្រាស់ ចិញ្ចើមក្រាស់កោងនិងសក់ខ្មៅត្រង់ខ្លីត្រឹមស្មាពណ៌ខ្មៅត្រូវបានចងឡើងស្ថិតនៅក្នុងសម្លៀកបំពាក់ឯកសណ្ឋានសាលាជាអាវសុីសុវត្ថិពណ៌សជាមួយនឹងសំពត់ពណ៌ខ្មៅត្រឹមកំភួនជើងតាមអ្វីដែលបទបញ្ជាសាលាបានចែង។ នាងជាមនុស្សរួសរាយនិយាយច្រើន ស្រស់ស្រាយ ស្រគត់ស្រគំ ងាយចុះសម្រុងជាមួយអ្នកដទៃ ស្លូតបូតនិងរម្យទម។
កុសាវត្តីដើរបន្តិចរត់បន្តិចកាត់ក្រុមនិស្សិតបែបប្រញាប់ប្រញាល់ ភ្នែករំពៃហាក់ដូចជាកំពុងសម្លឹងរកមើលអ្វីមួយ។
«នៅខាងនេះ វត្តី!!» នាងក្រមុំបានតាមសម្លឹងរកម្ចាស់សម្លេង ក៏ឃើញមនុស្សប្រុសដែលកំពុងបក់ដៃហៅធ្វើសញ្ញាឱ្យនាង
«ឯងមកដល់យូរនៅ?»
«យូរល្មមរហូតយើងអាចក្លាយជាសិលាចាំប្តីបាន!» គេតបបែបឌឺទាក់ទាញកណ្តាប់ដៃមួយរំពេចពីនាងក្រមុំវត្តីភ្លាមៗ
ជាតិ កុសល ត្រូវជាមិត្តភក្តិរបស់វត្តីតាំងពីសម័យនៅរៀនអនុវិទ្យាល័យមកម្ល៉េះ បុរសវ័យ១៩ឆ្នាំ ហើយរៀនផ្នែកជាមួយនឹងវត្តីដែរកម្ពស់១.៧០ម៉ែត្រ ភ្នែកធំនិងចូលចិត្តពាក់វ៉ែនតាមូលៗធំដូចពួកNerd សក់ខ្មៅហើយរួញអង្គារដី (soft curly) ទម្រង់មុខពងក្រពើ មាឌល្អិត។ គេជាមនុស្សមិនសូវមាត់ក ឯករាជ្យ ស្មោះត្រង់ អៀនច្រើន មានពិភពផ្ទាល់ខ្លួន។ ពួកគេទាំងពីរបានជជែកគ្នាពីនេះពីនោះដោយក្តីនឹករំឮកជាមួយនឹងស្នាមញញឹមដ៏រីករាយដែលអាចបញ្ជាក់ឱ្យដឹងថា ពួកគេខានជួបគ្នាមួយរយៈធំហើយ។
ទន្ទឹមនឹងពេលមានភាពអ៊ូអរប្រមូលផ្ដុំនៅត្រង់នោះ ក៏មានម៉ូតូធំមួយពណ៌ខ្មៅ ម៉ាកYamaha R1 គេពាក់មួកសុវត្ថិភាពឃ្លុបជិតមុខ បរមកយ៉ាងលឿនចូលមកក្នុងបរិវេណសាលា ទាក់ទាញភ្នែកនិស្សិតទាំងអស់ឱ្យសម្លឹងមើល ជាពិសេសនិស្សិតនារីៗបានស្រែកហ៊ោរខ្លះសើចខ្សឹបខ្សៀវគ្នាបែបអឹមអៀនកោតសរសើរពីភាពសង្ហារបស់ម្ចាស់ម៉ូតូទំនើបម្នាក់នោះ។

YOU ARE READING
«ម្ចាស់ស្នេហ៍គ្រាដំបូង» [រដូវកាលទី០១]
Roman d'amour[Trailer] ជីវិតយុវវ័យគឺលាយឡំនូវគ្រប់រសជាតិដែលបានលាតត្រដាងពីទំនាក់ទំនងយុវជនយុវតីដែលមិនមានជាប់សាច់ឈាមគ្នា ប៉ុន្តែពួកគេបានចំណាយពេលវ័យជំទង់ជាមួយគ្នា ជួបគ្នា រាប់អានគ្នា ព្រមទាំងស្វែងរកស្នេហាពិតនិងក្តីស្រមៃរបស់ពួកគេ ។ ប៉ុន្តែចំណងមិត្តភាពនិងស្នេហាគ...