ភាគទី០៤

9 0 0
                                    

ម្ចាស់ស្នេហ៍គ្រាដំបូង
| ភាគទី០៤ ~ តបស្នងគុណ |

«បងប្រាប់ហើយថាឱ្យនៅដេកផ្ទះមួយថ្ងៃពីរថ្ងៃទៀតសិនទៅ ទើបតែចេញពីពេទ្យមិនទាន់បានពីរថ្ងៃផង ឯងនៅមិនទាន់ធូរស្បើយស្រួលបួលទេដឹង បើកើតអីទៀតទៅ គិតយ៉ាងម៉េច!!?»
«បង ខ្ញុំជាហើយតើ!! ណាមួយដេកមន្ទីរពេទ្យប៉ុន្មានថ្ងៃធុញសឹងស្លាប់ទៅហើយ នឹកសាលាណាស់!!» នាងក្រមុំកុសាវត្តីអង្គុយនៅក្បែរតប ខណៈខេមរវង្សាងាកមកមើលមុខបន្តិចមុន
នឹងមើលទៅផ្លូវវិញ។
អាការៈរបស់កុសាវត្តីពេលនេះប្រសើរឡើងជាងមុន មុខក៏ស្រស់ស្រាយច្រើន មានជីរិតជីវាឡើងវិញ ព្រោះរយៈពេលបីថ្ងៃពេញ ទាំងម៉ាក់ទាំងប៉ារបស់នាងដាក់ចិត្តដាក់កាយមើលថែយ៉ាងល្អទាំងនៅពេទ្យនិងពេលចេញពីពេទ្យ ក៏មកសម្រាកនៅផ្ទះជួលរបស់នាងមិនឱ្យខ្វះចន្លោះ ហើយបងប្រុសនាងម្នាក់នេះក៏ឧស្សាហ៍ទៅទិញរបស់ប៉ូវមួយចំនួនមកឱ្យញ៊ាំទៀតផង។
«រឹងក្បាលពិតមែន នាងច្រម៉ក់ឯងនេះ!!» ខេមរវង្សានិយាយឡើងដោយដាក់ដៃលើក្បាលរបស់កុសាវត្តី មុននឹងញីសក់រលាស់របស់នាងតិចៗ តែនាងបែរជាកាន់ដៃគេទាញចេញ តែថាទង្វើនិងទឹកមុខក្រម៉ូវរបស់វត្តីបែរជាធ្វើឱ្យខេមរវង្សាសើច។
«អូ! និយាយអញ្ចឹង បងឃើញឯងឱបថង់ក្រណាត់នឹងមករហូត  តាំងពីចូលក្នុងឡានមកម្ល៉េះ បងសួរក៏មិនឆ្លើយនឹងបង ហើយឯងប្រុងយកទៅឱ្យអាម្សៀតណា ហា៎!! បងគួរតែទៅព្រមានវា មុននឹងមកចង់ទាក់ទងជាមួយប្អូនបងគួរតែរំលងសពបងសិនទៅ!!» ខេមរវង្សាក៏ប្ដូរប្រធានបទភ្លាមៗ ដល់ថ្នាក់កុសាវត្តីក៏ស្ទើរតែតាមមិនទាន់ ព្រមទាំងនិយាយបែបកំណាច ក្នុងនាមជាបងប្រុសត្រូវតែស្រឡាញ់ហួងហែងប្អូនមិនចឹង ព្រោះគេមានប្អូនស្រីតែម្នាក់ ទាំងកំហូចរឹងក្បាល ទាំងឆ្នាស់ ទាំងចិត្តល្អ ហើយក៏គួរឱ្យស្រលាញ់ណាស់ដែរ ទើបគេចូលចិត្តញ៉ោះប្អូនលេងឱ្យខឹងរាល់តែពេលចឹងទៅ។
«បងកំពុងនិយាយអីហ្នឹង? វាជាប្រអប់បាយខ្ញុំវេចទុកញាំនៅសាលា ហើយណាមួយខ្ញុំក៏ធំហើយដែរ បងកុំហួងហែងបំបិទសិទ្ធិខ្ញុំខ្លាំងពេក!!» កុសាវត្តីតបដោយសម្លេងរឹង ហើយងាកមុខមកសម្លក់បងប្រុសនាងថ្មែរ ព្រោះបងប្រុសខ្លួនមិនចោលសោះអាចរិតទៅវាយតប់គេឯងនោះ។
«ក៏បានៗ ហើយចុះមិត្តសម្លាញ់ឯង ស្រីមាត់ដាចឆ្នាស់ឆ្នើមម្នាក់នោះ យ៉ាងម៉េចហើយ? បងដូចជាបាត់ដំណឹងនាងឱ្យឈឹង!!»
«ក្រែងបងនិងនាងមិនដែលត្រូវគ្នាតាំងពីតូចមិនចឹង សុខៗបងចង់ដឹងចង់ឮពីសុខទុក្ខមិត្តខ្ញុំ តាំងពីពេលណាមក? បងគិតតែពីពួកនាងៗស្រីៗរបស់បងទៅ!!» កុសាវត្តីក៏ឆ្លៀតឱកាសស៊កសៀតឱ្យខេមរវង្សាភ្លាមៗ គឺតាមពិតខេមរវង្សាអាចថាជាផ្លេប៊យច្រើនសមគួរដែរ គាត់ឆាប់ធុញនិងរើសច្រើន ទាក់ទងមនុស្សស្រីណាក៏មិនដែលលើសពីពីរបីខែហើយក៏ចោល គ្មានភាពច្បាស់លាស់ជាក់លាក់នឹងនារីម្នាក់សោះឡើយ។ ចំណែកឯ ម៉ៅ ម៉ូលីកា វិញជាមិត្តដែលកុសាវត្តីរាប់អានអស់រយៈពេល១៣ឆ្នាំជាង តាំងពីកុមារដល់ធំដឹងក្តីរហូតដល់ពេលនេះ ដោយសារតែផ្ទះនាងនិងម៉ូលីកានៅជិតគ្នាជាអ្នកជិតខាងរបងជាមួយគ្នា ក្រៅពីម៉ូលីកានិងខេមរវង្សា បងប្រុសបង្កើតនាងជាសត្រូវស្លាប់រស់នឹងគ្នា តាំងពីពួកគេនៅតូច ឃើញមុខគ្នាពេលណាសឹងតែសុីសាច់ហុតឈាមគ្នាទៅហើយ តែនៅពេលដែលវត្តីគ្រាន់តែឮខេមរវង្សាចង់ដឹងសុខទុក្ខម៉ូលីកាភ្លាមធ្វើឱ្យចម្លែកចិត្តដោយខានមិនបានតែម្តងហើយ។
«គ្មានទេ!! គ្រាន់តែចង់ដឹងពីនាងធម្មតាៗ» ខេមរវង្សាតបដោយមិនក្ដៅមិនត្រជាក់ធ្វើឱ្យចិញ្ចើមដែលលើកខ្ពស់របស់កុសាវត្តីទម្លាក់មកធម្មតាវិញ។
ងឺត!!
កន្លងផុតទៅប្រមាណជាង៦នាទី ឡានទំនើបម៉ាកToyota fortuner legender ពណ៌ខ្មៅក៏បរមកចតនៅខាងមុខក្លោងទ្វារសាលាបណ្តុះបណ្តាលនិស្សិតពេទ្យដែលកុសាវត្តីរៀន។
«ដល់ហើយ!! ថែទាំសុខភាពផង បើមានរឿងអី ខលមកបងបាន ឮហើយនៅ?» ខេមរវង្សាតឿនប្រាប់វត្តីដោយមិនភ្លេចលើកដៃជាសញ្ញាខលក្បែរត្រចៀក។
«ចាស ដឹងហើយ! ជិះឡានទៅវិញឱ្យស្រួលបួល បងប្រុស!!» កុសាវត្តីដោះខ្សែក្រវ៉ាត់ ហើយពោលឡើងដោយស្នាមញញឹម មុននឹងចុះពីឡាន កុសាវត្តីក៏មិនភ្លេចយកកាបូបមកស្ពាយនិងយកថង់ក្រណាត់មកកាន់ជាប់នឹងដៃ ព្រមទាំងលើកដៃបាយៗ រួចក៏បើកទ្វារឡានចេញមក ខេមរវង្សានៅចាំរហូតទាល់តែកុសាវត្តីដើរចូលទៅដល់ខាងក្នុងសាលាបាត់ ទើបគេបើកឡានចេញទៅ។
   ទ្រនិចនាឡិកាបន្តដើរពីមួយជុំទៅមួយជុំជារយ: ក្នុងអគារAពេលរសៀលដោយមានសាស្ត្រាចារ្យបង្រៀននិស្សិតគិលានុបដ្ឋាកឆ្នាំទី១ត្រូវបានបញ្ចប់យ៉ាងរលូន។ និស្សិតគ្រប់គ្នាចាប់ផ្ដើមងើបចាកចេញពីថ្នាក់ ក្នុងចំណោមនោះកុសាវត្តីដែលអង្គុយនៅជួរខាងក្រោយគេក៏ប្រញាប់ប្រមូលឥវ៉ាន់ទាំងអម្បាលមាណដាក់កាបូបស្ពាយចំហៀងបន្តោងរូបមឹកពណ៌ស្វាយរបស់ខ្លួន ដោយមិនភ្លេចយកថង់យួរក្រណាត់ពណ៌សរូបផ្កាមកកាន់ជាមួយ ហើយដើរចេញពីថ្នាក់តម្រង់ទៅអគារBដែលជាផ្នែកទន្តគិលានុបដ្ឋាក។ នាងក្រមុំឈរនៅមុខថ្នាក់ទន្តគិលានុបដ្ឋាក ដែលមើលទៅហាក់បីដូចជារង់ចាំនរណាក៏មិនដឹង។ ប្រមាណជាងកន្លះម៉ោងក្រោយមក ថ្នាក់និស្សិតទន្តគិលានុបដ្ឋាកក៏បានបញ្ចប់ម៉ោងសិក្សា សិស្សនិស្សិតជាច្រើនដែលបំពាក់ទៅដោយឯកសណ្ឋានពណ៌ខៀវដើរបណ្ដើរគ្នាចេញពីថ្នាក់រៀងៗខ្លួន ព្រោះជាម៉ោងដែលពួកគេត្រូវចេញទៅផ្ទះដូចគ្នា។
     កុសាវត្តីនៅឈររេរ៉ៗខាងមុខថ្នាក់ភ្នែករំពៃមើលមនុស្សដែលខ្លួនចង់រកក្នុងក្រុមសិស្សនិស្សិតជាច្រើនដែលកំពុងដើរចេញមកពីថ្នាក់នោះម្តងម្នាក់ៗ រំពេចនោះក៏ស្រាប់តែនាងមានអារម្មណ៍ថាឃើញមនុស្សដែលនាងកំពុងរង់ចាំ។ នៅក្នុងចំណោមនិស្សិតជាច្រើនទាំងនោះ មានមនុស្សប្រុសរាងខ្ពស់ស្រឡះស៊កដៃម្ខាងចូលហោប៉ៅខោកែវភ្នែកមុតមិនសម្លឹងមើលឆ្វេងស្តាំផ្តេសផ្តាសកំពុងតែដើរកាត់នាង។ កុសាវត្តីតាមសម្លឹងបុរសនោះរហូតទាល់តែប្រាកដចិត្តថានាងមិនច្រឡំមនុស្ស ទើបប្រញាប់រត់ទៅតាម។
តឹបៗ
«ល...លោក!!»
«...»
«លោក ឈប់សិន!!» សម្លេងស្រទន់បន្លឺពីក្រោយជារយៈដែលកំពុងរត់តាមបុរសដែលមានរាងកាយមាំខ្ពស់ ប៉ុន្តែដោយគេឈប់ភ្លាមៗពេកធ្វើឱ្យកុសាវត្តីចាប់ហ្វ្រាំងជើងមិនទាន់ក៏ទៅបុកនឹងខ្នងរបស់អ្នកម្លោះសត្យាបែបទាន់ហន់តែម្ដង។
«អូយ! ចង់ឈប់ក៏ឈប់ភ្លាមតែម្តង ជាខ្នងមនុស្សឬជាជញ្ជាំងថ្មទេនៀក?» នាងក្រមុំលួចរអ៊ូរង៉ូវៗម្នាក់ឯងបណ្តើរអង្អែលក្បាលខ្លួនឯងបណ្តើរ ស្របពេលនោះសត្យារហ័សបែរមកមើលមនុស្សស្រីដែលទាបជាងខ្លួន ព្រមទាំងដៀងភ្នែកសម្លឹងមើលកុសាវត្តីធ្វើមាត់ជីបអូចៗដោយប្រយោលដូចកំពុងតែជេរគេយ៉ាងអញ្ចឹង។
«មានការអី?» សម្លេងគ្រលរស្អកបន្លឺឡើងទាំងជ្រួញចិញ្ចើមបន្តិចធ្វើឱ្យវត្តីងើបសម្លឹងមើលនិងធ្វើមុខមិនសម ពេលត្រូវប្រសព្វជាមួយកែវភ្នែកមុខស្រួចសម្លឹងមិនដាក់ មិនបង្អង់យូរកុសាវត្តីក៏ហុចថង់ក្រណាត់ឱ្យគេ។
«នេះយកទៅ អរគុណ!!» នាងហុចរបស់នោះទៅភ្លាមៗធ្វើឱ្យសត្យាចាប់ថង់ក្រណាត់នោះមកកាន់សឹងតែមិនទាន់ ពាក្យសម្ដីបញ្ចប់ខ្លីៗនិងកំបុតរបស់ម្ចាស់សំនៀងរបស់វត្តី មិនចាំយូរនាងក៏ប្រញាប់បង្វែរខ្លួនដើរចេញដោយមិនគិតនឹងលា។
សិរីសត្យានៅឈរសម្លឹងមើលដំណើរដើរផងរត់ផងរបស់កុសាវត្តីដែលកំពុងចេញទៅយ៉ាងលឿនដោយមិនគិតនឹងងាកក្រោយរហូតទាល់តែបាត់ពីក្រខ្សែភ្នែក ឯចិញ្ចើមខាងឆ្វេងក៏លើកបន្តិច ពេលសម្លឹងចុះក្រោមមើលថង់ក្រណាត់ដែលនាងឱ្យអម្បាញ់មិញ សត្យាមានការងឿងឆ្ងល់ជាខ្លាំង ប៉ុន្តែក៏មិនភ្លេចបង្ហាញមុខដ៏សង្ហាញោចដោយស្នាមញញឹមចុងមាត់នៅវិនាទីបន្ទាប់។
«ស្រីចម្កួតម្នាក់នេះ!!!»
ម៉ោង ១១ យប់
ងឺត!!!
សម្លេងចាប់ហ្វ្រាំងម៉ូតូលាន់ឮពីម្ចាស់ម៉ូតូធំពណ៌ខ្មៅឈប់ចតនៅផ្ទះវីឡាពីរជាន់មួយខ្នងនៅក្នុងក្រុងតាមដោយរាងកាយរឹងមាំដោះមួកសុវត្ថិភាពចេញ រួចដើរចូលក្នុងផ្ទះដោយមិនភ្លេចយកថង់ក្រណាត់នៅនឹងដៃម៉ូតូមកជាមួយ។ ក្លិនស្រានិងក្លិនផ្សែងបារីភាយកាត់ជារឿងដំបូងបន្ទាប់ពីសត្យាដើរចូលមក សភាពនៅក្នុងផ្ទះតាមដែលឃើញមានលក្ខណ:រញ៉េរញ៉ៃ កញ្ចប់បារីនិងដបស្រាជាច្រើនប្រភេទដេកដួលលើតុ រាយប៉ាយនៅលើឥដ្ឋខ្លះ ។
សត្យាប្តូរទិសដៅដោយឡើងទៅជាន់លើ ហើយដើរសំដៅទៅបន្ទប់របស់ខ្លួនដោយមិនបានចាប់អារម្មណ៍ពីអ្វីទាំងអស់ ព្រោះទិដ្ឋភាពមួយនេះវាកើតជាទម្លាប់សម្រាប់គេទៅហើយ។ មកដល់បន្ទប់ភ្លាម សត្យាទម្លាក់កាបូបចុះ ហើយទុកថង់ក្រណាត់នៅលើតុដោយមានឆ្មាសម្បុរពណ៌បីនៅលើតុយ៉ាងស្ងៀមស្ងាត់និងគួរឱ្យស្រឡាញ់បំផុត ប៉ុន្តែគ្រាន់តេឃើញសត្យាភ្លាម ឆ្មាញីក៏ស្រែក ម៉េវៗ ប្រហែលជាសញ្ញាបញ្ចាក់ថាវានឹកម្ចាស់ហើយ។
    សត្យាអង្គុយចុះ លូកដៃចាប់បើកថង់នោះ អ្វីដែលគេឃើញដំបូងគេគឺប្រអប់បាយអុីណុកពីរជាន់ដែលមានសម ស្លាបព្រា ពេលបើកមើលនៅប្រអប់ជាន់ទី១គឺមាន បាយឆាមឹក ចំណែកឯប្រអប់ខាងក្រោយគេជា ឆាថ្លើមគោ រួមទាំងបន្លែពីរបីមុខដូចជាការ៉ុត ម្ទេសប្លោកនិងខាត់ណាដែលជំនួយច្រើនដល់ឈាមនិងសុខភាព ក្រៅពីនោះក៏មានទឹកដោះគោរសជាតិក្រូចផងដែរ។
«...?» សត្យានៅស្ងៀមថ្មឹងបន្តិច អង្គុយសម្លឹងមើលបាយម្ហូប រួចក៏លាន់មាត់នៅនាទីបន្ទាប់
«មកដល់ថ្មើរនេះហើយ បាយម្ហូបផ្អូមអស់ហើយទេដឹង?» សត្យានិយាយឡើង គេមានអារម្មណ៍ថាបាយនិងម្ហូបអាចនឹងផ្អូម ព្រោះនាងយកឱ្យតាំងពីថ្ងៃរហូតដល់ពេលនេះ សត្យាក៏យកគម្របប្រអប់បាយបិទវិញ រួចក៏ដើរសំដៅទៅបន្ទប់ទឹក។
    មួយសន្ទុះធំ សិរីសត្យាក៏ចេញពីបន្ទប់ទឹកក្នុងសម្លៀកបំពាក់ថ្មី អាវយឺតស ខោវែងខ្មៅ ជាមួយនឹងសក់ទទឹកជោគមានគ្រាប់ទឹកធ្លាក់មកលើឥដ្ឋ ដោយមានកូនកន្សែងមួយដាក់នៅលើ-ករបស់គេ។ មិនអស់ចិត្ត រាងកាយមាំដើរសំដៅទៅតុដែលមានថង់ក្រណាត់នៅលើនោះម្តងទៀត មុននឹងទម្លាក់ខ្លួនអង្គុយលើកៅអី ហើយក៏លើកដៃអង្អែលពោះ ព្រោះកូរគ្រូកៗ តាំងពីថ្ងៃមកគេនៅមិនទាន់បានអីទ្រាប់ក្រពះទេ ហើយពេលនេះជិតម៉ោង១២ ពាក់កណ្តាលយប់ទៅហើយ គេក៏មានអារម្មណ៍ឃ្លានបន្តិចដែរ ខណៈដែលកំពុងសម្លឹងបាយថាគួរបរិភោគក៏អត់ នាយក៏ប្រទះភ្នែកនឹងក្រដាសណូតមួយក្នុងថង់នោះ។
"ខ្ញុំមិនចូលចិត្តលោកនោះទេ តែលោកបានជួយបរិច្ចាគឈាមឱ្យខ្ញុំ យ៉ាងណាក៏ខ្ញុំត្រូវតែមកអរគុណ ព្រោះខ្ញុំជាមនុស្សមានសុជីវធម៌"
«ជារូបមឹកឬជារូបជន្លេនឱ្យប្រាកដ?» ស្របពេលដែលគេទាញអានក្រដាសណូត ក៏ឃើញស្ទីកឃ័រមួយដែលបិទលើប្រអប់បាយ។ សម្លេងគ្រលរបន្លឺឡើង មុននឹងសើចនៅដើមក ពេលឃើញថាអក្សរនិងអត្ថន័យនៅក្នុងក្រដាសណូតនិងរូបមឹកនៅខាងក្រោយអក្សរដែលបានសរសេរ ឃើញហើយ វាគួរឱ្យអស់សំណើច។
«ម៉េវ!!» សម្លេងឆ្មាបន្លឺឡើងដាស់បង្វែរអារម្មណ៍ឱ្យគេងាកមកមើល ហើយក៏ញញឹមឡើងបន្តិច ពេលឃើញឆ្មាញី សត្វចិញ្ចឹមរបស់គេកំពុងតែអង្គុយមើលមុខគេម៉ក់ៗដូចនឹងពេលវត្តីសម្លឹងមកគេនៅថ្ងៃមិញយ៉ាងអញ្ចឹង។
«ឈេរី មកនេះ!! ឃ្លានមែនទេ?» សត្យាហៅប៉ុណ្ណឹង វាក៏មករក ទើបដៃមាំឈោងឱបវា ព្រមទាំងលើកដៃអង្អែលរោមវាថ្នមៗលេង ហើយឱនសួរនិងទទួលចម្លើយដោយវាដេកលើភ្លៅត្រដុសជាមួយបាតដៃរបស់គេយ៉ាងគួរឲ្យស្រឡាញ់។ សត្យាបើកប្រអប់បាយម្តងទៀត សម្លឹងមើលអាហាររួចក៏ស្រង់ក្លិនមុននឹងដួសបាយឆាមួយស្លាបព្រាដាក់ចូលក្នុងមាត់។ ដោយឃើញអាហារនោះនៅអាចញុាំបាយ គេក៏យកទៅកម្តៅបន្តិចប្រហែលជា១០នាទីរួចក៏អង្គុយញុាំយកៗ ដោយមិនដឹងថាគេឃ្លានឬមកពីម្ហូបឆ្ងាញ់ឱ្យប្រាកដ។

«ម្ចាស់ស្នេហ៍គ្រាដំបូង» [រដូវកាលទី០១]Where stories live. Discover now