ម្ចាស់ស្នេហ៍គ្រាដំបូង
| ភាគទី០៧ ~ ចុងសប្តាហ៍ |ព្រឹកព្រលឹមឈានចូលមកដល់ថ្ងៃថ្មី ថ្ងៃអាទិត្យដែលជាថ្ងៃចុងសប្តាហ៍សម្រាប់គ្រប់គ្នាក្នុងការសម្រាកលំហែកាយ។ កុសលដែល ទេីបនឹងរៀបចំខ្លួនរួចដោយអាវចាក់ពណ៌សដៃវែងរួមជាមួយខោខៅប៊យពណ៌ខៀវស្លេកព្រឹម។ គេកំពុងតែចាក់សោរទ្វាររបងបំណងទៅធ្វេីការ តែត្រូវទច់ដំណេីរត្រឹមនេះ ពេលងាកឃើញឡានប្រផេះក្រម៉ៅចតនៅខាងមុខបន្ទប់ជួលដែលគេស្នាក់នៅ ព្រមជាមួយរាងកាយខ្ពស់ស្រឡះដែលគេស្គាល់ច្បាស់កំពុងតែឈរផ្អែកឡានយ៉ាងសង្ហាក្លាយជាចំណីភ្នែកមនុស្សម្នាដើរកាត់ឲ្យលាន់មាត់គ្រប់គ្នាៗតែម្តង។ ហេីយមិនបាច់អោយគិតឆ្ងល់វែងឆ្ងាយថាម្ចាស់ឡានជាអ្នកណា ព្រោះគ្មានអ្នកណាក្រៅពីសក្តាឡេីយ។ បន្ទាប់ពីឈររង់ចាំប្រហែលជាដប់នាទីមក ក្រោយពីបានឃើញវត្តមានរបស់កុសលបង្ហាញខ្លួននៅចំពោះមុខហើយ សក្តាក៏ដោះវែនតាខ្មៅរបស់ខ្លួនមកសៀតនៅចន្លោះទ្រូងនៃអាវដៃវែងពណ៌ខ្មៅជាមួយនឹងខោក្រណាត់ខ្មៅ។ នាយសម្លឹងមើលមុខកុសលឥតដាក់ភ្នែកដោយបង្ហាញស្នាមញញឹមខ្ជឹបមាត់មុននឹងហារមាត់ស្តីទៅកាន់កុសល។
«អរគុណសួស្តី!!» សម្លេងមានមន្តស្នេហ៍បន្លឺមក មុខសង្ហាងាកមកបញ្ចេញស្នាមញញឹមខិល ហើយបើកទ្វារឡានចាំរួចជាស្រេច ឃើញដូច្នោះហាក់ដូចជាដឹងរួចជាស្រេចទៅហើយ មិនចង់រឿងច្រើន។ កុសលក៏ដើរចូលទៅអង្គុយក្នុងឡានដោយមិនមាត់មិនក
ព្រោះដឹងថាបើទោះជាប្រកែកក៏ប្រកែកមិនឈ្នះ ទើបព្រមចូលក្នុងឡានតាមសម្រួល ប៉ុន្តែក៏មិនភ្លេចចោលកន្ទុយភ្នែកសម្លក់ទៅសក្តាដែលកំពុងដើរទៅម្ខាងទៀតនៃឡានទៅអង្គុយលើកៅអីបើកបរដែរ។
«ប្រហែលជាមិនភ្លេចទេថាថ្ងៃនេះជាថ្ងៃអ្វី?» សក្តាបង្ហាញស្នាមញញឹមខិលលេចឡើងម្តងទៀត ខណៈពេលកំពុងបើករបរ ភ្នែកដែលកំពុងមើលផ្លូវក៏មិនភ្លេចចោលភ្នែកមកមើលអ្នកអង្គុយក្នុងឡានដែលកំពុងអង្គុយឱបដៃភ្នែកសម្លក់ថ្លែមកកាន់ខ្លួន។
ឡានទំនើបបើកយឺតៗមកចតនៅខាងមុខហាង'Coffee Leaf' កុសលមិនទាន់ចុះពីឡានភ្លាមទេ គេនៅអង្គុយស្ងៀមតាំងពីបន្ទប់ជួលរហូតមកដល់ហាងសូម្បីសំណួរសក្តាដែលសួរក៏កុសលមិនហារស្តីមួយម៉ាត់បានត្រឹមតែប្រើក្រសែភ្នែកសម្លក់សក្តាដែលជាតៃកុងឡានទៅវិញ។ គិតជាច្រើននាទី កុសលដែលកំពុងអង្គុយឱបដៃទឹកមុខមិនសូវរីកក៏ហើបមាត់និយាយទៅកាន់អ្នកបើកឡានដែលកំពុងឆ្លុះកញ្ចក់មើលមុខខ្លួនឯងឆ្វេងស្តាំ ដោយមិនខ្វល់ថាកុសលធ្វើទឹកមុខបែបណានោះទេ បែបថាប្រហែលជាកំពុងនឹងឈ្លក់វង្វេងនឹងសម្រស់ខ្លួនឯងធ្ងន់ធ្ងរហៅលែងឮហើយ។
«ក៏បាន ខ្ញុំនឹងជួយលោក!!» ក្រោយពីប្រមូលអារម្មណ៍និងភាពក្លាហានមកហើយ កុសលក៏តបនឹងសក្តាដោយយល់ព្រមក្លែងសម្តែងធ្វើជាសង្សារក្លែងក្លាយ ដើម្បីធ្វើឱ្យសង្សារចាស់របស់សក្តាឈប់មករវីរវល់នឹងគេទៀត ណាមួយគឺដើម្បីលុយដែរហ្នឹងណា ការងារបានលុយស្រួលៗបែបនេះអ្នកណាមិនចង់ធ្វើ មួយទៀតបាននៅជិតប្រុសស្អាតទៀត តែកុសលនៅខ្មើតតបហាក់ដូចជាមិនចង់យ៉ាងចឹង។
«អូខេ អញ្ចឹងបើកថតកិះឡានខាងមុខឯងទៅ!!» សក្តាប្រាប់ទើបកុសលបើកថតកិះឡានខាងមុខខ្លួនអង្គុយ ក្នុងនោះមានក្រដាសសឺមី រួចដកយកមកមើល វាជាក្រដាស...
«កិច្ចសន្យា!!»
«មែនហើយ» សក្តាងក់ក្បាល ព្រោះជាធម្មតាកិច្ចសន្យាតែងតែលេចមុខក្នុងរឿងហេតុបែបនេះជានិច្ច ណាមួយយុត្តិធម៌សម្រាប់ភាគីទាំងសងខាង។
«នេះកិច្ចសន្យាមកពីព្រះឥន្រ្ទណាមក គ្មានត្រាទទួលស្គាល់ពី អាជ្ញាបណ្ណណាអញ្ចឹង លោកឯងធ្វើតែខ្លួនឯងហ្នឹង យកជាការមិនបានទេ!!»
«កិច្ចសន្យានេះសម្រាប់តែពីរនាក់ ខ្ញុំមិនត្រូវការនរណាមកទទួលស្គាល់ទេ សំខាន់ឱ្យតែឯងព្រមសុីញ៉េ ក្រដាសនេះគឺយកជាការបានហើយ នេះប៊ិច ឆាប់សុីញ៉េទៅ!!» ក្រោយពីអានចប់កិច្ចសន្យា កុសលកញ្ឆក់យកប៊ិចមកសុីញ៉េតែម្ដង ព្រោះមិនចង់រឿងច្រើនណាមួយជិតដល់ម៉ោងចូលធ្វើការ ម្យ៉ាងទៀតកិច្ចសន្យានោះដូចជាគ្មានអ្វីដែលធ្វើឱ្យគេបដិសេដឬមានបញ្ហានោះទេគ្រាន់តែថាក្នុងកិច្ចសន្យាមានលក្ខខណ្ឌច្រើនដែលធ្វើឱ្យកុសលសុីញ៉េ រួចធ្វើមាត់ជីបអូចរអ៊ូង៉ូវៗបែបលក្ខខណ្ឌច្រើនគួរសមហើយមើលទៅ។
«បើអស់ការហើយ ខ្ញុំលាទៅសិនហើយ អរគុណសម្រាប់ការជូនមក»
«ជួបគ្នាពេលក្រោយសំណព្វចិត្ត!!»
នៅកណ្តាលទីក្រុងដ៏មមាញឹកជាកន្លែងដែលចង្វាក់នៃជីវិតមិនឈប់ឈរ ហាងលក់សម្ភារៈគំនូរពណ៌បៃតងស្រាលលាយពណ៌សុីជម្ពូរមួយកន្លែងមានឈ្មោះជាស្លាកសញ្ញាសម្គាល់ 'Artful Elegant' ។ នៅខាងមុខហាងមានតាំងរូបចម្លាក់ដែលធ្វើឡើងពីដីឥដ្ឋនិងផើងផ្កាចម្រុះពណ៌ស្រស់បំព្រងសាយភាយក្លិនក្រអូបស្រទន់ដែលទាក់ទាញនូវទស្សនីយភាពអោយអ្នកដំណើរក្រលេក
មើលដោយពុំខានមិនបានពេលដែលឆ្លងកាត់ទីនោះម្តងៗ។ ពេលដែលបើកទ្វារចូលសំឡេងកណ្ដឹងក៏បន្លឺឡើងប្រកាសពីការមកដល់របស់ភ្ញៀវអមដោយក្លិនក្រអូបនៃប្រេង linseed និងក្រដាសកាត់ថ្មីៗ។ ផ្នែកខាងក្នុងគឺជាជម្រកដ៏កក់ក្ដៅ ច្រកផ្លូវតូចដែលតម្រង់ជួរជាមួយនឹងធ្នើឈើយ៉ាងមានរបៀបពោរពេញដោយសម្ភារៈគំនូរជាច្រើនអនេកច្រើនមុខច្រើនម៉ាក។
បើក្រលេកមើលទៅជញ្ជាំងវិញ ត្រូវបានតុបតែងលម្អដោយផ្ទាំងស៊ុមរូបគំនូរ ដែលរូបគំនូរនីមួយៗបញ្ជាក់ពីសក្ខីភាពស្ងៀមស្ងាត់ចំពោះព្រលឹងរបស់វិចិត្រករ ខ្លះជារូបទេសភាព ឯខ្លះទៀតជារូបមនុស្សដែលទឹកមុខ កែវភ្នែកបង្ហាញពីអារម្មណ៍ មនោសញ្ចេតនាជ្រាលជ្រៅនិងគួបផ្សំរូបគំនូរជាច្រើនទៀតមានអត្ថន័យខុសៗគ្នា។
ពន្លឺដ៏ស្រទន់នៅតាមបង្អួចធំខាងមុខបញ្ចេញពន្លឺដ៏កក់ក្តៅលើកម្រាលឈើរលោងនិងបំភ្លឺនូវវាយនភាពដ៏សម្បូរបែបនៃកម្រាលដែលត្បាញដោយដៃ។ នៅឯជ្រុងម្ខាងទៀតនៃហាង ទូរធំជាប់ជញ្ជាំងជាច្រើនធ្នាក់ដែលផ្ទុកសម្ភារៈនិងឧបករណ៍គំនូរ (art accessories and equipment) របស់វិចិត្រករជាច្រើនឈុត មានដូចជា ខូល័រប្រេង ខូល័រទឹក ខូល័រឈើ ខូល័រអាគ្រីលីក ខូល័រទៀននិងខូល័រទឹកស្ងួត អាគ្រីលីកចាក់ (Pouring Acrylic) ទឹកថ្នាំពណ៌ (Poster Paint) ម្សៅពណ៏ ឈើធ្យូង ខ្មៅដៃឈើ ខ្មៅដៃធ្យូង ខ្មៅដៃចុច ប្រដាប់ចិតខ្មៅដៃ ដែកតខ្មៅដៃ សៀវភៅគំនូរ Sketchbook បំពង់ដាក់ក្រដាស ជើងទម្រនិងដែកព្យួរ canvas ទឹកថ្នាំ ចានលាយពណ៌ (painting palette) កាំបិទបៀកពណ៌ អៀមគូរគំនូរនិងជក់ដ៏ប្រណិត កំប៉ុងសម្រាប់ដាក់ទឹកលាងជក់សុទ្ធសឹងតែជាសម្ភារៈត្រៀមសម្រាប់ការបង្កើតផ្ទាំងគំនូរថ្មី គ្រប់ទំហំនិងរូបរាង គ្រប់ម៉ូតម៉ាកសម្រាប់ឲ្យជ្រេីសរេីសជាមួយនឹងគុណភាពល្អ និងតម្លៃសមរម្យ។ ចំណែកឯជ្រុងម្ខាងទៀតក៏មានតុតូចមួយដាក់ដីឥដ្ឋ និងសម្ភារៈដីឥដ្ឋជាមួយនឹងកន្លែងសម្រាប់សូន្យរូបដីឥដ្ឋផងដែរ។
ចន្ទរង្សីស្ថិតនៅក្នុងឈុតសម្លៀកបំពាក់អាវcrop topពណ៌សជាមួយនឹងខោក្រណាត់ពណ៌ខ្មៅដោយមានអាវក្រៅពណ៌ទឹកសមុទ្រដៃវែងនិងស្បែកជើងប៉ាត់តាសជាមួយកាបូបស្ពាយចំហៀង ។ នាងកំពុងតែដើរមើលជុំវិញបរិវេណនៃហាងគំនូរមួយនេះ ដោយសារថ្ងៃនេះជាថ្ងៃអាទិត្យ ទើបមានសភាពរាងអ៊ូអរសម្បូរដោយអតិថិជនមកទិញសម្ភារៈគំនូរសឹងតែគ្រប់គ្នា ខ្លះមកជាគូ ខ្លះមកជាក្រុម ខ្លះក៏មកម្នាក់ឯងដូចជានាងដូចគ្នា។ នាងដើររហូតដល់ផ្នែកសម្ភារៈគំនូរដោយដៃម្ខាងកាន់កន្ត្រកឈើធំល្មម ហើយក៏យករបស់ដែលនាងត្រូវការចាំបាច់ដាក់ចូលទៅក្នុងកន្រ្តកជារឿយៗរហូត ក្នុងខណៈពេលដែលនាងលូកយកខ្មៅដៃឈើមួយប្រអប់ពីធ្នើរ ក៏ទៅប៉ះនឹងដៃមាំរបស់មនុស្សម្នាក់ស្របពេលជាមួយគ្នាធ្វើឱ្យចន្ទរង្សីបែរទៅមើល។ វិនាទីប្រសព្វភ្នែកជាមួយនឹងកែវភ្នែកពណ៌ត្នោតចាស់ ចន្ទរង្សីទទួលដឹងដល់បេះដូងឈប់លោតមួយខណ: ពេលដែលឃើញរាងកាយមាំខ្ពស់ស្រឡះរបស់មនុស្សប្រុសម្នាក់នោះក្នុងសម្លៀកបំពាក់អាវយឺតសមានអាវក្រៅដៃវែងពណ៌ទឹកសមុទ្រជាមួយខោជើងធំពណ៌ទឹកដោះគោ មើលទៅសាមញ្ញ ប៉ុន្តែសង្ហារបែបបុរសទន់ភ្លន់តែម្តង។
«អឺ...សុំទោស!!» សំឡេងទន់ភ្លន់គួរឱ្យចង់ស្ដាប់បន្លឺពីម្ចាស់កាយខ្ពស់ដែលដកដៃចេញតាមសម្រួល គេគ្មានបំណងនឹងប៉ះដៃនាងឬចង់ដណ្តើមយកប្រអប់ខ្មៅដៃនោះទេ ។
«ចាស មិនអីទេ!!» ចន្ទរង្សីដែលទើបនឹងភ្ញាក់ខ្លួនរហ័សបន្លប់ដោយឱនមុខហើយយកប្រអប់ខ្មៅដៃដាក់ចូលក្នុងកន្រ្តករបស់ខ្លួន ព្រមទាំងនិយាយតបដោយសំឡេងធម្មតាបំផុត។
«អញ្ចឹងអ្នកនាង នៅរកមើលរបស់របរបន្តទៀតចុះ សុំទោសដែលរំខាន!!»
«មិនជារំខាននោះទេ ណាមួយរបស់ដែលត្រូវការក៏រើសហើយៗ ខ្ញុំក៏គិតចង់យករបស់ទៅគិតលុយដូចគ្នា!!»
«អញ្ចឹងចាំខ្ញុំជួយកាន់!!»
«មិនអី...» ចន្ទរង្សីរហ័សប្រកែកដោយក្រែងចិត្ត តែត្រូវនាយកម្លោះមានទឹកចិត្តឱនទៅយកកន្រ្តករបស់រង្សីដើរទៅប្រុយ រកតែនាងហាមឃាត់មិនទាន់។
«ខ្ញុំមិនដែលឃើញនាងពីមុនសោះ ទើបតែមកទីនេះលើកទីមួយមែនទេ?» គេសួរនាំ ពេលពួកគេទាំងពីរដើរបណ្តើរគ្នាទៅកន្លែងគិតលុយ។
«ចាស ទើបនឹងស្គាល់ ហើយក៏ចូលមកមើលលេងៗទៅ ឃើញថាសម្ភារៈនៅទីនេះសម្បូរបែបហើយច្រើនមែនទែន!!» នាងតបញឹមៗ ហើយគ្រាន់តែមកដល់កន្លែងគិតលុយ ម្ចាស់ហាងស្រីវ័យ៣០ក្រាស់ក៏ញញឹមរាក់ទាក់ ក្រោយពីនោះចន្ទរង្សីក៏ឱ្យថ្លៃសម្ភារៈដែលនាងបានរើសអម្បាញ់មិញ។
«សក្តិតើនៀក ស្មានតែអ្នកណា ថ្ងៃនេះមានគ្នាមកជាមួយតែម្តង!!អីយ៉ា ខោអាវក៏បែបcoupleទៀត!!» ម្ចាស់ហាងស្រីងាកទៅឃើញសក្តិដែលជាម៉ូយប្រចាំហាងរបស់គាត់ក៏ឈរនៅក្បែរនោះដែរ ដោយមិនភ្លេចនិយាយញ៉ោះលេង រៀងចម្លែកចិត្តដែរ ព្រោះរាល់ដងសក្តិមិនដែលមកជាមួយអ្នកណានោះទេ តែងតែមកម្នាក់ឯង តែថ្ងៃនេះបែរជាមកជាមួយនារីម្នាក់ដែលគាត់មិនស្គាល់ ថែមទាំងឃើញសក្តិនៅជួយកាន់កន្រ្តកឱ្យនាងទៀត នៅស្លៀកពាក់ខោអាវពណ៌ដូចគ្នា ហាក់ដូចជាណាត់គ្នាមកអញ្ចឹង។
«បងស្រីគិតដល់ណាហើយ នាងជាមិត្តរួមថ្នាក់របស់ខ្ញុំ រង្សី!!» វីរៈសក្តិបញ្ចប់ប្រយោគ ងាកមកសម្លឹងចន្ទរង្សីដែលឈររឹងខ្លួន ពេលពួកគេទាំងពីរសម្លឹងជាគោលដៅតែមួយ។
«អឺ..ចា៎ៗ មែនហើយ!!»
«អញ្ចឹងទេហ៎្អ! ប្អូនស្រីគិតចេញទៅវិញឥឡូវមែនទេ? នៅខាងក្រោយហាងរបស់ពួកយើងក៏មានកន្លែងអង្គុយគូរគំនូរដែរ បើប្អូនស្រីមានចំណាប់អារម្មណ៍ អាចឱ្យសក្តិជូនទៅរកកន្លែងអង្គុយនៅខាងក្រោយបាន!!»
«ចា៎ គួរឱ្យចាប់អារម្មណ៍ដែរតាស!!» ចន្ទរង្សីតបញឹមៗ ហើយក៏ងក់ក្បាលបន្តិច មិននឹកស្មានថាហាងមួយនេះក៏មានកន្លែងសម្រាប់គូរគំនូរ នាងក៏ចង់សាកល្បងគូរនៅទីនេះដែរ បរិយាកាសក៏ល្អ ទេសភាពក៏គួរឱ្យចង់គយគន់ទៀតផង។
«សក្តិ នៅទីនោះមានសល់កន្លែងទំនេរដែរទេ? បើនៅសល់ ពឹងឱ្យនាំប្អូនស្រីរង្សីទៅជំនួសបងផង បងមានការជាប់រវល់បន្តិច!!» ម្ចាស់ហាងក៏ងាកទៅសួរសក្តិ ព្រោះគេក៏តែងតែគូរគំនូរនៅទីនេះហើយគេនិងបងស្រីម្ចាស់ហាងស្គាល់គ្នាស្និទ្ធគួរសម ល្មមនឹងអាចមកជួយលក់ជំនួសដៃជំនួសជើងបាន។
«បាទ មាន»
«អញ្ចឹងបងផ្ញើផង មើលៗជួយណែនាំគ្នាផង ជាមិត្តរួមថ្នាក់ដែលស្លៀកពាក់បែបCouple មិនអញ្ចឹង!!» បងស្រីម្ចាស់ហាងនៅឆ្លៀតបង្អាប់អ្នកកម្លោះទឹកកកសក្តិ ព្រោះជាលើកទីមួយដែលឃើញគេមកជាមួយមនុស្សស្រី បើមិនញ៉ោះលេងទេ ម៉េចនឹងកើតទៅ។
«សក្តិ ខ្ញុំកាន់ខ្លួនឯងបាន!!» ចន្ទរង្សីនិយាយឡើងភ្លាមៗ ពេលដែលវីរៈសក្តិជួយយករបស់របរដាក់ក្នុងកន្រ្តកនិងជាអ្នកដណ្ដើមយកគ្រប់យ៉ាងមកកាន់ធ្វើឱ្យចន្ទរង្សីឈរដៃទទេ សម្លឹងមើលគេមិនព្រិចភ្នែក។
«តោះ ឆាប់មក!!» ឈានមិនប៉ុន្មានជំហានផង សក្តិក៏ក្រឡែកមើលរង្សីដែលទើបតែដើរតាមក្រោយ គេចាំឱ្យនាងដើរហួសទើបដើរតាមរហូតដល់ខាងចុងនៃហាង មានកន្លែងមួយមិនមានដំបូលនោះទេដែលអនុញ្ញាតឱ្យខ្យល់អាកាសចេញចូលពេញលេញបក់នាំមកនូវក្លិនក្រអូបនៃផ្កាដែលដាំលម្អនៅទីនោះ ជាកន្លែងពិសេសសម្រាប់វិចិត្រករវិចិត្រការីដែលចូលចិត្តស្រូបយកខ្យល់អាកាសក្នុងកំឡុងពេលផ្ចង់នឹងការគូរ។
តុនិងក្តារឈើរៀបចំជាជួរយ៉ាងមានរបៀប និងឃើញមានមនុស្សម្នាកំពុងអង្គុយមមាញឹកនឹងការគូររូប ខ្លះក៏ងាកមើលហើយញញឹមដាក់នៃវត្តមានការមកដល់របស់រង្សី ខ្លះមិនបានក្រលេកមើលនោះទេព្រោះតែកំពុងផ្ចង់អារម្មណ៍។ ហាងនេះមិនគ្រាន់តែជាកន្លែងសម្រាប់ទិញគ្រឿងផ្គត់ផ្គង់សម្ភារៈគំនូរប៉ុណ្ណោះទេ វាក៏ជាទីឋានសុបិន្តសម្រាប់វិចិត្រករវិចិត្រការីគ្រប់រូបដែលអាចឲ្យការស្រមើស្រមៃលេចចេញជារូបគំនូរមួយផ្ទាំងពោរពេញទៅដោយមនោសញ្ចេតនាជាច្រើនដែលមិនអាចនឹងបរិយាយជាពាក្យសម្តីបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែអាចខ្សឹបប្រាប់រឿងរ៉ាវទាំងអស់តាមរយៈការគូរគំនូរ។
«អរគុណសក្តិដែលជួយកាន់របស់ឱ្យ!!» មកដល់កន្លែងអង្គុយសក្តិក៏ទម្លាក់កន្រ្តកទុកនៅក្បែរជើងទម្រក្តារសម្រាប់គូរគំនូរ ចំណែកឯរង្សីក៏មិនភ្លេចងាកមកអរគុណសក្តិដែលយកអាសារ។
«មិនបាច់គួរសមនោះទេ!! មានអីមិនយល់ អាចសួរខ្ញុំបានគ្រប់ពេល!!» វីរៈសក្តិតបទាំងញញឹមទៅកាន់នាងវិញ ហើយក៏ដើរទៅអង្គុយនៅក្បែរនោះ រៀងបញ្ឈិតគ្នាបន្តិចមិនចំទល់ពីមុខគ្នានោះទេ ដែលសល់ចន្លោះប្រហោងអាចឱ្យពួកគេទាំងពីរមើលមុខគ្នាបានយ៉ាងច្បាស់។
បរិយាកាសរៀងស្ងប់ស្ងាត់បន្តិច នៅពេលដែលពួកគេបញ្ឈប់ការសន្ទនា ហើយក៏នាំគ្នារវល់កិច្ចការរៀងៗខ្លួន។ ចន្ទរង្សីនៅរៀបចំសម្ភារៈគូរគំនូរឱ្យមានរបៀប បន្ទាប់មកក៏ចោលភ្នែកសម្លឹងមើលទេសភាពជុំវិញខ្លួនបន្តិច សញ្ជឹងគិតថានឹងគូរគំនូរពីអ្វី។
ព្រះសូរិយាបន្ទាបខ្លួនទៅក្នុងទន្លេបញ្ចេញពណ៌មាសក្រហមឆ្អិនឆ្អៅ ខ្យល់ត្រជាក់បក់រវ៉ិចៗប៉ះនឹងដើមឈើធំៗ។ ដើមត្របែកព្រៃដុះសងខាងផ្ដល់ពណ៌បៃតងខៀវខ្ចីបញ្ចេញផ្កាពណ៌ស្វាយស្រាលស្រទន់ព្រោងព្រាត។ ស្រទាប់ផ្កាមួយចំនួនក៏បានជ្រុះរុះរោយចាកទងហោះហើរពាសទៅតាមកម្លាំងនៃវាយោអមដោយរលកសម្លេងនៃទឹកទន្លេផងធ្វើឱ្យទិដ្ឋភាពនេះល្អឥតខ្ចោះជាពន់ពេក។
ចំណែកសក្តិនិងរង្សីពួកគេទាំងពីរក៏ដូចទៅនឹងគេផ្សេងដូចគ្នាដែរ គឺផ្ចិតផ្ចង់គូរគំនូរយ៉ាងស្ងៀមស្ងាត់ ព្រមទាំងចំណាយពេលវេលានៅជាមួយធម្មជាតិនៃឱកាសវេលាដ៏បរិសុទ្ធមួយនេះ។ យូរៗម្តងយើងសង្កេតឃើញចន្ទរង្សីចោលភ្នែកទៅមើលវីរៈសក្តិស្ងាត់ៗព្រោះខ្លាចសាមីខ្លួនគេចាប់បាន ប៉ុន្តែម្តងជាពីររដង សក្តិនៅតែឈ្ងោកមុខបន្តការគូរគំនូរដោយមិនបានចាប់ភ្លឹកថានឹងមាននរណាកំពុងមើលមុខគេឡើយ ទើបនាងក្រមុំបានចិត្តចេះតែសម្លឹងមុខគេជារឿយៗហើយក៏មិនច្បាស់ថាគំនូរនាងគូរដល់ណាហើយទេ។
យប់យន់អធ្រាត្រឈានចូលមកដល់ មនុស្សស្រីម្នាក់ស្ថិតនៅក្នុងសម្លៀកបំពាក់ខោវែងចង្កេះកៅស៊ូក្រឡាការ៉ូពណ៌សខ្មៅ (Pajama flannel pant) និងអាវយឺតស oversized រលុងខ្លួនពណ៌សដើរដោយជំហានវែងៗនិងលឿនៗដែលមានត្រឹមពន្លឺបញ្ចាំងចេញមកពីអំពូលភ្លើងតាមផ្លូវ។
«ហេតុអ្វីក៏មកនៅពេលនេះអញ្ចឹង?!» កុសាវត្តីរអ៊ូរវ៉ូម្នាក់ឯង ហើយដកដង្ហើមធំ ដៃម្ខាងកាន់ទូរស័ព្ទដែលកំពុងតែបើកមើលប្រតិទិនមើលថ្ងៃមករដូវប្រចាំខែ ឃើញថាថ្ងៃនេះគឺមកមុនមួយថ្ងៃ ដោយមិនបានត្រៀមមុន ទើបនាងត្រូវបង្ខំចិត្តដើរចេញក្រៅទាំងយប់បែបនេះ តែព្រោះស្ថានការណ៍មិនអំណោយផល គឺរបស់របរសម្រាប់ប្រើពេលមកខែអស់រលីង ទើបធ្វើឱ្យនាងត្រូវដើរពីបន្ទប់ជួលទាំងយប់អាធាត្រទៅមីនីម៉ាតមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មាននោះទេ ដើរថ្មើរជើងប្រហែលក្នុងរយ:ពេល7-8នាទីដល់ហើយ។
«អូ៎យ!!» នាងចងចិញ្ចើម ហើយយកដៃម្ខាងទៀតឱបពោះភ្លាមៗ កែវភ្នែករលីងរលោង ព្រោះអាការៈចុកខ្មួលខ្មាញ់ត្រង់ពោះវាកើតឡើង ហើយការឈឺចាប់នេះដែរមានតែស្រីៗទេទើបយល់ច្បាស់។
ភាពស្ងប់ស្ងាត់នៅតាមដងផ្លូវលំ កុសាវត្តីដែលកំពុងដើរម្នាក់ឯងធ្វើមុខជូរហួញ បែរចាប់អារម្មណ៍ដូចជាឮសម្លេងសម្រឹបជើងដើរតាមនាងពីក្រោយ ដំបូងនាងគិតថាសត្វឆ្កែឆ្មាអនាថាដើរតាមនាង តែគំនិតនេះបែរជាត្រូវរលាយទៅវិញ ព្រោះតែសម្រឹបជើងឮកាន់តែកៀកទៅធ្វើឱ្យនាងកាន់តែច្បាស់ថាជាសម្រឹបជើងរបស់មនុស្ស។ កំពុងចុកពោះផង អារម្មណ៍មិនល្អផង ហើយពេលនេះស្រាប់តែឮសម្រឹបជើងមនុស្សដើរតាមនាងពីក្រោយទៀត នាងក្រមុំភ័យស្ទើរព្រលឹងហោះចេញពីខ្លួនទៅហើយ ក្រលេកមើលឆ្វេងស្តាំក៏គ្មានមនុស្ស បើយ៉ាងម៉េចយ៉ាងម៉ាទៅគ្មានគេមកជួយទាន់ទេ វេលាកាន់តែយូរទៅចេះតែគិតផ្តេសផ្តាស នាងភ័យកាន់ខ្លាំងទៅៗមានតែខំប្រឹងបន្ថែមល្បឿនជើង ស្របពេលពេលដែលដៃស្រឡូនញ័រទទ្រឹករាវរករបស់ក្នុងហោប៉ៅខោទុកសម្រាប់ការពារខ្លួនបណ្តោះអាសន្ន។
ពឹប!
«អ៎ាយ!! ចោរៗ ជួយផង ចោរ!!...» កុសាវត្តីបិទភ្នែកស្រែកយកៗ រួចចាប់បាញ់ស្ព្រៃយ៍ម្រេចបាញ់តម្រង់ចំភ្នែកទៅកាន់ជនដែលដើរតាមនាងពីក្រោយមុនពេលគេធ្វើអ្វីមិនល្អមកលើនាង។
«អូយ!! ផ្សារណាស់!! ឈប់បាញ់..»
«កុំ...កុំចូលមក បើឯងហ៊ានតែធ្វើអីយើង យើងនឹងលេងឱ្យឯងដេកពេទ្យតែម្តង...» នាងស្រែកបិទភ្នែក ស្រែករកមនុស្សដើម្បីនឹងហៅគេមកជួយ ចង្វាក់បេះដូងលោតញាប់ស្ទើរផ្ទុះបែកចេញមក ដៃប្រឹងបាញ់ស្រ្ពៃយ៍ដាក់គេមិនសំចៃដៃនឹងមិនគិតងាកមើលថាជានរណាឡើយ។
«នាង!!...ឈប់...ឈប់ភ្លាម...» សម្លេងគ្រលរនិយាយឡើងម្ដងទៀត ស្របពេលដែលគេរហ័សទៅចាប់ដៃរបស់នាងដែលកំពុងបាញ់នាំឱ្យនាងនៅស្ងៀមនិងរហ័សបើកភ្នែកងើយមើល
ហើយអ្វីដែលនាងឃើញធ្វើឱ្យនាងភាំងជាច្រើននាទី។
«ជាលោកទេឬ...?» សម្លេងស្រាលនិយាយឡើង ស្របពេលដៃទាញទូរស័ព្ទយកមកបើកបញ្ចាំដាក់មុខគេ មុននឹងបើកភ្នែកធំៗ
«អូយ!! នេះនាងឆ្កួតមែនទេ?»
«ហ៊ានថាខ្ញុំឆ្កួតផង នេះ...ខ្ញុំកំពុងតែការពារខ្លួន ហើយលោក...លោកមកដើរតាមស្ងាត់ៗដូចចោរ ហើយនៅស្លៀកពាក់ដូចចោរទៀត អ្នកណាមិនភ័យ នេះសំណាងហើយ បើជាចោរពិតមែន យ៉ាងក៏ខ្ញុំអាចយករួចខ្លួនបានមួយគ្រាដែរ!!» នាងនិយាយដោយសម្លេងញ័រនិងមួម៉ៅតិចតួច ញើសក៏ផុសនៅត្រង់សៀតផ្កាប៉ុនៗគ្រាប់ពោត នាងនៅភ័យមិនបាត់ចំពោះហេតុការណ៍មុននេះ ។
កុសាវត្តីសម្លឹងមើលមនុស្សប្រុសដែលកំពុងតែញីភ្នែកដែលក្រហាយ ហើយក្រហម ដោយសារស្ព្រៃយ៍ម្រេចនាងបាញ់អម្បាញ់មិញនេះ នាងភ័យញ័រខ្លួនទទ្រឹក ប៉ុន្តែខណៈពេលមើលច្បាស់ថាជាអ្នកណា បេះដូងនាងស្រាប់តែប្រែមកធម្មតាវិញ។
«...» សិរីសត្យា អ្នកដែលស្ថិតនៅក្នុងអាវហ៊ូតឌីពណ៌ខ្មៅដោយឃើញអាវយឺតខាងក្នុងពណ៌-ស រលុងៗមើលទៅសាមញ្ញៗជាមួយខោក្រណាត់វែងពណ៌ខ្មៅ គួបផ្សំនឹងគេពាក់មួកខ្មៅទៀតនោះ ទើបមើលទៅមិនខុសអីពីចោរទាល់តែសោះ បើអញ្ចឹងៗអ្នកណាមិនភ័យស្លៀកពាក់មើលតែទៅប្លន់ទៅហើយ។ គេចាប់ផ្ដើមចងចិញ្ចើម ភ្នែកក៏សម្លឹងនារីខាងមុខមិនដាក់ ហួសចិត្តជាពន់ពេកព្រោះនាងភន្ត័ច្រលំដោយខ្លួនឯងហើយនៅមកទម្លាក់កំហុសឲ្យខ្លួនដែលស្លៀកពាក់បែបនេះថែមទៀត កែវភ្នែកទាំងគូក្រហមងាំងឃើញសរសៃរយ៉ាងច្បាស់ ព្រោះតែខឹងផង រួមទាំងត្រូវស្ព្រៃយ៍បាញ់ចូលភ្នែកផង គេសម្លឹងមើលមុខនាងគិតថាគួរតែធ្វើយ៉ាងម៉េចជាមួយនឹងស្រីម្នាក់នេះ ឱ្យតែជួបនាងលើកណាក៏មិនដែលមានរឿងល្អកើតឡើងដែរ។
«សុំទោស...ខ្ញុំគ្មានចេតនាទេ!!» នាងក្រមុំខ្ចឹបមាត់ជាខ្សែត្រង់ នៅចុងប្រយោគនាងបន្ថយសម្លេងខ្សោយ ព្រោះនាងមានអារម្មណ៍ខុសតិចតួចដែរ។
នាងយកស្ព្រៃយ៍ម្រេចទុកក្នុងហោប៉ៅវិញ ហើយបង្វែរខ្លួនចេញទៅ ដើរបានបន្តិចនាងក៏លួចគិតក្នុងចិត្ត "ហេតុអ្វីគេនៅតែដើរពីក្រោយខ្ញុំបែបនេះ? ឃើញខ្ញុំដើរតែម្នាក់ឯងកុំប្រាប់ថា...នេះគេបារម្ភពីខ្ញុំមែនទេ? អត់ទេៗ!" កុសាវត្តីយកដៃទះមុខតិចៗដាស់ខ្លួនឯងពីភាពរវើរវាយទាំងភ្នែកបើកនៅឡើយ។
"គេមានចិត្តលើខ្ញុំតាំងពីពេលណាមក? ខ្ញុំត្រូវតាំងចិត្តឲ្យនឹងនរ ខ្ញុំជានារីបេះដូងដែក ខ្ញុំមិនងាយស្រឡាញ់អ្នកណាទេ!!!"
កំពុងតែរវើរវាយ នាយកម្លោះសត្យាបោះជំហានទៅមុខ រួចបើកទ្វាចូលក្នុងហាង Mini Mart កន្លែងតែមួយនឹងវត្តីដែលកំពុងឈរឆ្កឹងនិយាយម្នាក់ឯង។ នាងតាមមើលដំណើរនាយចូលក្នុងហាង រួចក៏ភ្ញាក់ឱ្យព្រឺតគាំងយោបល់ និយាយអ្វីមិនចេញ ព្រោះខ្លួនមកដល់មុខ
ហាង តាំងពីពេលណាក៏មិនដឹង។
«រវល់តែរវើរវាយ ការពិតគេមានការចូលហាងនេះដែរសោះ ខ្ញុំគួរតែផ្អាកអានរឿងប្រលោមលោកហើយ!!» នាងក្រមុំនិយាយម្បាកឯង មានអារម្មណ៍ថាខ្មាសខ្លួនឯងរកពាក្យថ្លែងពុំត្រូវនោះទេពេលនេះ។
«កន្សែងត្រជាក់ សំឡីអនាម័យ សូកូឡា និងទឹកដោះគោ ទិញប៉ុណ្ណឹងបានហើយ» បន្ទាប់ពីយួរកន្ត្រកដាក់ឥវ៉ាន់រួច នាងក្រមុំឈររាប់របស់ដែលត្រូវទិញ ដើម្បីបញ្ជាក់ថាមិនមានអ្វីភ្លេច ទើបយករបស់ទៅកាន់កន្លែងតុគិតលុយ។ អីវ៉ាន់ត្រូវបានរៀបចំដាក់ថង់រួចរាល់ ជាពេលវេលាតែមួយដែលនាងលូកដៃចូលក្នុងកាបូបរាវរកលុយ។
«នេះវិក័យប័ត្រ»
សំឡេងដូចប្រហែលៗ...!!
កុសាវត្តីរហ័សងាកមើលមុខអ្នកដែលកំពុងហុចក្រដាសវិក័យប័ត្របង់ថ្លៃអីវ៉ាន់។ នាងស្រាប់តែស្រឡាំងកាំងអស់ជាច្រើននាទី ព្រោះគេជាបុរសដែលនាងបានបាញ់ស្ព្រៃយ៍ដោយអចេតនាអម្បាញ់មិញ ហើយក៏ជាបុរសដែលនាងគិតរវើរវាយតែម្នាក់ឯងផងដែរ។
មិនចាំយូរនាងក៏ហុចលុយឱ្យទៅគេ រួចប្រញាប់ទាញថង់ចាកចេញទៅយ៉ាងលឿនស្លេវដោយមានសត្យានៅតាមសម្លឹងមើល រួចគ្រវីក្បាលតិចៗ ហើយក៏សើចនៅដើម-ក។
«អញ្ចឹងតើ បានមើលទៅ ដូចជាមួម៉ៅណាស់!!»
ក្រិក!! មកដល់បន្ទប់បិទទ្វារហើយភ្លាម កុសាវត្តីក្នុងសភាពដូចសាកសពដើរយឺតៗផ្តួលខ្លួនផ្កាប់មុខនឹងពូក រមៀលចុះឡើងៗ រួចយកខ្នើយមកផ្ទប់នឹងមុខស្រែកមួយទំហឹង។ ក្រោយពីសម្រួលអារម្មណ៍ឱ្យនឹងនររួចហើយ នាងក៏យកដៃទះថ្ងាសខ្លួនឯងទាំងហួសចិត្ត មិនដឹងថាពេលនេះនាងគួរសើចឬក៏យំនោះទេ។
«ដំបូងច្រលំបាញ់ស្ព្រៃយ៍ បន្ទាប់មកគិតថាគេលួចស្រឡាញ់ ហើយអម្បាញ់មិញនេះ គេអ្នកគិតលុយឱ្យទៀត ប្រាកដណាស់គេបានឃើញរបស់ប្រចាំខែខ្ញុំហើយ ខ្មាស់គេណាស់ ខ្ញុំចង់តែរលាយខ្លួនឱ្យបាត់ពីពិភពលោកនេះទេ!!!!»#ម្ចាស់ស្នេហ៍គ្រាដំបូង
ចូលចិត្តវគ្គគូរណាជាងគេ!!
![](https://img.wattpad.com/cover/337185515-288-k668093.jpg)
YOU ARE READING
«ម្ចាស់ស្នេហ៍គ្រាដំបូង» [រដូវកាលទី០១]
Romance[Trailer] ជីវិតយុវវ័យគឺលាយឡំនូវគ្រប់រសជាតិដែលបានលាតត្រដាងពីទំនាក់ទំនងយុវជនយុវតីដែលមិនមានជាប់សាច់ឈាមគ្នា ប៉ុន្តែពួកគេបានចំណាយពេលវ័យជំទង់ជាមួយគ្នា ជួបគ្នា រាប់អានគ្នា ព្រមទាំងស្វែងរកស្នេហាពិតនិងក្តីស្រមៃរបស់ពួកគេ ។ ប៉ុន្តែចំណងមិត្តភាពនិងស្នេហាគ...