នាទីស្វែងយល់ពីស្នេហ៍

550 53 2
                                    

ភាគទី៩

« ខ្ញុំអាចសួររឿងខ្លះទៅ ជុងហ្គុក បានដែរទេ ?»
« អ្ហឹម !» ក្រោយរំកិលខ្លួនមកជិតគ្រែដែលមានរាងក្រាស់កំពុងសម្រាកហើយនាយក៏ត្រូវគេចាប់ផ្ដើមសួរដេញដោលតែម្ដង។
« ជុងហ្គុក មានចាំខ្ញុំទេ ?» ភ្លាមៗសំនួរចេញពីមាត់របស់គេក៏ធ្វើឲ្យនាយភាំង ខ្លួននាយមិនទាំងធ្លាប់មានអារម្មណ៍ថាស្គាល់គេអីបន្តិចផង កុំថាឡើយរឿងសួរនាយថាបានចាំគេខ្លះឬអត់នោះ !
« ខ្ញុំចង់និយាយរឿងកាលពីក្មេង » ថេយ៉ុង បន្ថែមពេលឃើញនាយតូចក្ដាប់ដៃធ្វើមុខទើសទាល់និងដឹងខុសព្រោះសំនួរគេសួរមុននេះ។
« កាលពីក្មេងពួកយើងធ្លាប់ស្គាល់គ្នាឬ ?» ការពិត ជុងហ្គុក ទើបតែបានអានកំណត់ហេតុទាក់ទងជាមួយ ថេយ៉ុង កាលពីម្សិលមិញទើបនាយអាចចាំគេបានខ្លះតាមរយៈសៀវភៅកំណត់ហេតុរបស់ខ្លួន។ ប៉ុន្តែពេលគេនិយាយរឿងកាលពីក្មេងនាយក៏ភ្ញាក់ផ្អើល ព្រោះនាយមិនធ្លាប់ថានាយនិងគេស្គាល់គ្នាបានយូរបែបនោះ ទោះបីចាំបានលោកប៉ាធ្លាប់ប្រាប់ថាកាលពីក្មេងខ្លួននាយធ្លាប់រស់នៅទីនេះក៏ដោយ។
« ជុងហ្គុក អាចប្រាប់ខ្ញុំបានទេថាឯងកើតអី ? ហេតុអីបានជា ជុងហ្គុក ឯងខុសប្លែកពីមុនខ្លាំងបែបនេះ ?» ថេយ៉ុង ចាប់ផ្តើមកាយជជីកសួរព្រោះកាយវិការងឿងឆ្ងល់របស់នាយ។
« ពីមុនខ្ញុំជាមនុស្សដូចម្ដេច ?» មិនដឹងថាជាអ្វីបានជម្រុញឲ្យនាយសួរគេវិញបែបនោះ ព្រោះក៏ដឹងថាខ្លួនគិតអ្វីមិនចេញដដែលដោយសាររឿងគ្រោះថ្នាក់កាលពីក្មេងទើបនាយមិនធ្លាប់ចង់ដឹងរឿងអតីតកាលរបស់ខ្លួនឡើយ ដ្បិតអីគ្រប់ពេលដែលនាយគិតគឺនាយតែងតែឈឺក្បាលដូច្នេះបើមិនចង់ឲ្យលោកប៉ាបារម្ភច្រើននាយក៏ព្យាយាមរស់នៅក្នុងពេលបច្ចុប្បន្នកាលទាំងមិនខ្វល់ខ្វាយចំពោះរឿងអតីតកាល ប៉ុន្តែនរណាទៅដឹងទៅថាក្នុងចិត្តនាយក៏ធ្លាប់ចង់ដឹងរឿងពីអតីតកាលខ្លាំងយ៉ាងនេះនោះ។

« ជុងហ្គុក ជាមនុស្សរស់រាយ ក្លាហាន ស្រស់ស្រាយ ជាសិស្សពូកែ គ្រប់គ្នាស្រលាញ់ចូលចិត្តច្រើនព្រោះ ជុងហ្គុក តែងតែបង្កើតភាពរីករាយឲ្យអ្នកដទៃជានិច្ច » ថេយ៉ុង រំលឹកអតីតកាលខួរក្បាលស្រមៃដល់រឿងរ៉ាវទាំងឡាយដែលទាក់ទងជាមួយកម្លោះតូចម្នាក់នេះ ធ្វើឲ្យបបូរមាត់ស៊ីជម្ពូក្រាស់លេចឡើងជាស្នាមញញឹមទន់ភ្លន់។
« ពិតមែនឬ ?» វាជាសំនួរដែលពោរពេញទៅដោយភាពសោកសៅនិងស្ដាយក្រោយ ហើយសំនួររបស់នាយតូចក៏ធ្វើឲ្យគេធ្លាក់ទឹកមុខ រាងក្រាស់ក៏ដកដង្ហើមធំមុននឹងមុននឹងប្រសព្វភ្នែកជាមួយនាយ។
« ជុងហ្គុក ធ្លាប់បាត់បង់ការចងចាំឬ ?» គេដឹងថាខ្លួនសួរ ជុងហ្គុក ច្រើនទាក់ទងនឹងបញ្ហារបស់នាយទាំងដែលនាយមិនធ្លាប់ចង់ប្រាប់នរណាសូម្បីតែម្នាក់។ កាយវិការរបស់ ជុងហ្គុក បានប្រាប់យ៉ាងច្បាស់ថានឹងលាក់ទុកគ្រប់យ៉ាងម្នាក់ឯងមិនចង់ឲ្យនរណាមករញ៉េរញ៉ៃជាមួយខ្លួនឡើយ។
បើនាយធ្វើបែបនេះរួចនាយសប្បាយចិត្តគេក៏មិនថាអីទេ ប៉ុន្តែគេទ្រាំមិនបានពេលឃើញនាយតូចកំពុងសោកសៅ ទឹកមុខខូចចិត្តរបស់នាយធ្វើឲ្យគេដឹងថាខ្លួននាយកំពុងមានបញ្ហា ម៉្យាងវាជាបញ្ហាដែលនាយមិនព្រមបើកចិត្តប្រាប់អ្នកដទៃណាម្នាក់ឡើយ។
ចុងក្រោយនេះទើបគេដាច់ចិត្តសួរនាំនាយបែបនោះតែបើនាយតូចមិនចង់ប្រាប់ក៏គេមិនប្រកាន់ខឹងអ្វីហើយបើនាយព្រមបើកចិត្តនិយាយប្រាប់គេផងនោះវាកាន់តែល្អឡើងមិនខាន។

🥀Smile ក្នុងការចងចាំ🖤(ចប់)Where stories live. Discover now