តុកៗ តុកៗ
«សាប្រីណា! ឆាប់បើកទ្វា!»
ក្រាក~
«មានការអី?» រាងស្អាតនៅក្នុងឈុតគេង ជ្រួញចិញ្ចើមបន្តិច ហើយស្ងាបដោយសភាពមិនទាន់អស់ងងុយនៅឡើយ។
«ធ្វើមុខបែបនេះមានន័យថាមិនទាន់ដឹងរឿងដែលបានកើតឡើងប្រាកដណាស់!»
«និយាយសាច់ការមក! មានរឿងអី?»
«ស្តាប់ឲ្យច្បាស់ សាប្រីណា! ខេលី ត្រូវគេសម្លាប់ពីរម៉ោងមុននេះឯង!!»
ប្រូស.. សាប្រីណា ទម្លាក់ខ្លួនផ្ទច់នឹងឥដ្ឋ កែវភ្នែកទាំងគូក្រហមងាំង តែគ្មានទឹកភ្នែកសូម្បីតែមួយតំណក់ហូរចេញពីកែវភ្នែកពណ៌ប្រាក់របស់នាង។
«ខេល..» នាងហៅម្ចាស់ឈ្មោះដែលពេលនេះលែងមានរូបរាងនៅលើលោកនេះទាំងខ្សឹបខ្សួល។
«ជេន! ខ្ញុំចង់ដឹងរឿងគ្រប់យ៉ាងពាក់ព័ន្ធនឹងខេលី! ហាមរំលងសូម្បីតែមួយពាក្យ!!!» សាប្រីណា ងើបឈរពេញកំពស់ បន្ទាប់ពីសម្រួលអារម្មណ៍រួច។
«អែល ជាអ្នកធ្វើ! គឺត្រកូលម៉ាកហ្គើរ៍ ត្រូវទទួលខុសត្រូវក្នុងរឿងនេះ!!!» ជេន សង្កត់សម្លេងខ្លាំងជាងធម្មតា ទឹកមុខរបស់នាងបង្ហាញយ៉ាងច្បាស់ថាពេលនេះនាងកំពុងខឹងប៉ុណ្ណា។
«អែល! គំនុំឈាមមួយនេះត្រូវតែជំរះ បើខ្ញុំយកឈាមលោកមិនបានខ្ញុំមិនមែន សាប្រីណា ហ្សាន់ឌើរ៍ នោះទេ!!!» នាងក្តាប់ដៃចូលគ្នា កែវភ្នែកប្រែជាគួរឲ្យខ្លាច សូម្បីតែ ជេន នៅជិតនោះក៏អាចមើលឃើញពីពន្លឺភ្នែកផ្លេកៗ គួរឲ្យញញើតញញើមរបស់ សាប្រីណា បានដែរ។
«ខ្ញុំបានកក់សំបុត្រសម្រាប់ឯងនៅអាទិត្យក្រោយនេះហើយ! ពេលទៅដល់ទីនោះ នឹងមានអ្នកទៅទទួលឯងជាមិនខាន ចំនែកផែនការផ្សេងទៀតចាំពិភាក្សាគ្នាបន្តនៅទីនោះ! ខ្ញុំត្រូវចាត់ចែងពិធីបុណ្យសពរបស់ខេលី ឲ្យរួចរាល់ជាមុនសិន សឹមខ្ញុំទៅតាមក្រោយ!» ជេន ព្យាយាមបន្ធូរអារម្មណ៍ ហើយរៀបរាប់ការងារបន្តបន្ទាប់ប្រាប់ដល់ សាប្រីណា។
«ខ្ញុំនឹងទៅទីនោះនៅថ្ងៃស្អែក ជួយរៀបចំផង!»
«ប៉ុន្តែ សាប្រី...» ដោយមិនចង់ស្តាប់ហេតុផលវែងអន្លាយរបស់ ជេន សាប្រីណា បិទទ្វារស្ទាក់ទុកមុន។ ជេន ឃើញបែបនោះ ក៏មិននិយាយអី ហើយក៏ដើរចូលបន្ទប់របស់នាងវិញទាំងមុខមិនសូវជាល្អប៉ុន្មាន។
៚អេស្ប៉ាញ
ក្រិក~
«អញ្ជើញចូល អ្នកនាង!» បុរសស្លៀកសម្លៀកបំពាក់ឯកសណ្ឋានជាសូហ្វ័រឡាន និយាយដោយផ្តល់ការគោរព ព្រមទាំងមិនភ្លេចយកដៃបាំង ខាងលើទ្វារឡានខ្លាចក្រែងប៉ះទង្គិចដោយប្រការណាមួយចៃដន្យ។
«ជេន មានប្រាប់លោកទេថា ខ្ញុំជាអ្នកណា?»
«អ្នកនាង សាប្រីណា ហ្សាន់ឌើរ៍ ជាវិចិត្រករនៅទីក្រុងឡុងដ៏ដែលជាភ្ញៀវពិសេសរបស់អ្នកនាង ជេន! បើអ្នកនាងត្រូវការអី អាចប្រាប់ខ្ញុំបានគ្រប់ពេល ខ្ញុំរីករាយនឹងបម្រើអ្នកនាងគ្រប់ពេលវេលាជានិច្ច»
«ហេតុអី ជេន បញ្ជូនមនុស្សនិយាយច្រើនបែបនេះក្បែរខ្ញុំទៅកើត? គួរឲ្យធុញមែន!!»
«អ្នកនាងនិយាយថាម៉េច?»
«គ្មានស្អីទេ! ខ្ញុំគ្រាន់តែនិយាយថាអាកាសធាតុនៅទីនេះក្តៅប៉ុណ្ណោះ» នាងញឹមៗ តបទៅវិញ។
«អាកាសធាតុ10អង្សាសេហើយនៅក្តៅទៀត? អ្នកនាងមិនស្រួលខ្លួនត្រង់ណាឬអត់?»
«បិទមាត់របស់លោក ហើយឆាប់បើកឡានឲ្យលឿនភ្លាមទៅ ប្រយ័ត្នខ្ញុំចាប់កាច់កឲ្យក្រពើស៊ីអត់អំពើ!!» សម្លេងរាបស្មើរបស់នាងធ្វើឲ្យសូហ្វ័របិទមាត់ជិត មិននិយាយអីមួយម៉ាត់រហូតជូននាងមកដល់សណ្ឋាគារ។
រាងស្តើង ផ្តេកខ្លួនលើពូកទន់ៗ មួយសន្ទុះព្រោះតែហត់នឿយធ្វើដំណើរពីចម្ងាយ តែមិនទាន់បាន5នាទីស្រួលបួលផង សាប្រីណា ក្រោកចេញពីគ្រែយួរកាបូបដៃរបស់នាងចេញពីសណ្ឋាគារ ម្រាមដៃតូចលូកយកវែនតាខ្មៅមកពាក់ បិទបាំងកែវភ្នែកដ៏មុតស្រួចរបស់នាង តែវាមិនបានធ្វើឲ្យបាត់បង់ភាពស្រស់ស្អាតរបស់នាងនោះទេ ផ្ទុយទៅវិញ វាកាន់តែទាក់ទាញថែមមួយកម្រិតទៀត។
«អ្នកនាង អញ្ជើញទៅណាមែនទេ?»
«សោរឡាន!» នាងមិនឆ្លើយតែប្តូរជាការបញ្ជាបែបមិនខ្វល់នឹងសម្តីសូហ្វ័រម្នាក់នោះ។
«តែអ្នកនាងជេន ផ្តាំថាមិនឲ្យអ្នកនាងបើកឡានដោយខ្លួនឯងទេ»
«ខ្ញុំនឹងដោះស្រាយជាមួយជេន ដោយខ្លួនឯង ឆាប់ឲ្យសោរឡានមក!!!»
«ក៏ប៉ុន្តែ...»
«ខ្ញុំមិនចូលចិត្តនិយាយដដែលៗ» នាងគ្រហឹមក្នុងបំពង់កដោយសម្លេងកាច។
«បាទទាន...» គេរាវរកសោរក្នុងហោប៉ៅរួចប្រញាប់ហុចឲ្យនាង។
សាប្រីណា ជាន់ហ្គែរបន្ថែមល្បឿន ឲ្យឆាប់ដល់គោលដៅរបស់នាង។ នាងមិនអាចចាំបានតទៅទៀតទេ នាងទ្រាំឃើញមនុស្សដែលសម្លាប់ ខេលី រស់បានស្រួលមិនបាននោះទេ គេម្នាក់នោះត្រូវតែប៉ះប៉ូវគ្រប់យ៉ាង។
«អែល... ល្បែងនេះនឹងចប់មិនស្អាតទេ បើគ្មានលោក!» នាងបន្លឺដោយសម្លេងស្រទន់តែក្រសែភ្នែកកំណាចដែលបង្កប់ក្នុងវែនតាខ្មៅរបស់នាងទៅវិញទេដែលគួរឲ្យព្រឺព្រួច។
ឡានទំនើបឈប់ឆ្កឹងចំពីមុខក្លឹបកំសាន្តមួយកន្លែង សាប្រីណា បោះសោរឡានឲ្យសន្តិសុខ មុននឹងបោះជំហានមួយៗ ចូលទៅខាងក្នុង។ នាងសម្លឹងរកមើលចំណីរបស់នាង មុននឹងញញឹមតិចៗ បន្ទាប់ពីឃើញរាងមាំអង្គុយគងអន្ទាក់ខ្លាក្នុងកាយវិការសង្ហារៗ តាមស្ទីលរបស់គេ។
សាប្រីណា ឆ្មក់កែវស្រារបស់គេផឹកទាល់តែអស់ មុននឹងទម្លាក់ខ្លួនអង្គុយក្បែរគេដោយទឹកមុខធម្មតា។ នាងដោះវែនតាចេញ បង្ហាញកែវភ្នែកពណ៌ប្រាក់ដ៏ស្អាតរបស់នាង ដោយចាប់ទាញក្រវ៉ាត់ករបស់គេ មកជិត នាងអាចប៉ះដឹងពីកំដៅតាមខ្យល់ដង្ហើមរបស់គេ។ អែល មិនបញ្ចេញអាការៈភ្ញាក់ផ្អើល ក្រៅពីសម្លឹងកែវភ្នែកនារីប្លែកមុខយ៉ាងភ្លឹក។
«ស្អាត...» គេពោលតិចៗ ហើយដៃធំរហ័សក្រសោបចង្កេះតូចមួយរំពេច។ សាប្រីណា រាងភ្ញាក់បន្តិចព្រោះត្រូវគេវាយឆ្មក់មិនដឹងខ្លួន តែនាងនៅតែធ្វើខ្លួនធម្មតា ដោយញញឹមចុងមាត់បន្តិច មុននឹងច្រានរាងមាំខ្ទាតទៅម្ខាង ហើយរក្សាឬកពាររបស់នាងបន្ត។
«នាងជាអ្នកណា?» គេសួរខណៈពេលដែលមានអារម្មណ៍ប្រហែលៗមុខនារីចំពោះមុខ។
«តើវាពិតជាសំខាន់ខ្លាំងណាស់មែនទេ ដែលត្រូវតែដឹងថាខ្ញុំជានរណានោះ?» នាងសួរបកទៅវិញ ហើយទាញទូរស័ព្ទយកមកចុចធ្វើជាមិនចាប់អារម្មណ៍នឹងគេ ដែលអាកប្បកិរិយានេះផ្ទុយស្រលះពីអម្បាញ់មិញ។
«សំខាន់!» គេតបដោយសម្លេងរឹង។
«សាប្រីណា ហ្សាន់ឌើរ៍ ធ្លាប់លឺដែរទេ?»
«ធ្លាប់! ខ្ញុំក៏បានទៅទីក្រុងឡុងដ៏មើលការតាំងពិពណ៌គំនូររបស់នាងកាលពីមួយឆ្នាំមុនដែរ» គ្រាន់តែលឺឈ្មោះនាងភ្លាម គេចាប់ផ្តើមបើកការសន្ទនា ស្របពេលដែលស្រីស្រស់បើកភ្នែកធំៗ ហាក់ដូចជាមិនចង់ជឿពីអ្វីដែលបានលឺ។ គេលង់ស្នេហ៍នឹងស្នាដៃដ៏រស់រវើក និងប្លែកពីជាងគំនូរឯទៀតរបស់នាង គេអោយលេខារបស់គេទាក់ទងទៅនាងច្រើនដងដែរ តែគ្មានតម្រុយព្រោះនាងមិនចាប់អារម្មណ៍នឹងការលាយឡំអាជីពរបស់នាងនឹងរឿងជំនួញ ទើបការដែលជួបនាងផ្ទាល់នៅទីនេះគឺជារឿងដែរមិនគួរអោយជឿ។
«គួរឲ្យភ្ញាក់ផ្អើលមែន ដែលអ្នកជំនួញដូចជាលោកស្គាល់ជាងគំនូរកំប៉ិកកំប៉ុកដូចជាខ្ញុំ!»
«អ្នកនាងដាក់ខ្លួនពេកហើយ! ស្នាដៃអច្ឆរិយៈបែបនេះមិនងាយរកបានទេ នៅអំឡុងសតវត្សនេះ»
«លោកសរសើរខ្ញុំពេកហើយ លោកម៉ាកហ្គើរ៍»
«អ្នកនាងស្គាល់ខ្ញុំ?» អ៊ែល ចម្លែកចិត្តពេលដឹងថា សាប្រីណា ក៏ស្គាល់គេ ព្រោះតាមដែលគេដឹង ជាងគំនូរស្រីម្នាក់នេះមិនដែលចាប់អារម្មណ៍អ្នកណាឡើយក្រៅពីគំនូររបស់នាង។
«តើមានមនុស្សប៉ុន្មាននាក់ដែលមិនស្គាល់លោក? អ្នកជំនួញដែលមានរូបរាងសង្ហាបែបនេះមានមិនច្រើនទេនៅអេស្ប៉ាញនេះ!! ខ្ញុំនិយាយត្រូវទេ?» នាងលើកដៃច្រត់ចង្ការ ធ្វើមុខក្រមិចក្រមើមល្បួងឲ្យ អ៊ែល ទម្លាក់ខ្សែភ្នែកចេញពីនាងមិនបាន។
«អ្នកនាងមកអេស្ប៉ាញលើកនេះមានគម្រោងធ្វើអីដែរ? ឬក៏មកដំណើរកំសាន្តជាមួយមិត្តប្រុស?» អ៊ែល មិនចង់វាយស្មៅបង្អើពស់ ក៏សួរបង្វែង។
«មិត្តប្រុស? លោកម៉ាកហ្គើរ៍ ប្រាកដជានិយាយលេងមិនខាន!! មនុស្សស្រីមួយថ្ងៃៗនៅតែជាមួយផ្ទាំងគំនូរដូចជាខ្ញុំ មានប្រុសណាយកធ្វើមិត្តស្រីទៅ?» សាប្រីណា ធ្វើជាសើច ហើយក៏លួចសមចិត្តដែលផែនការកំពុងតែដំណើរការទៅតាមអ្វីដែលនាងចង់បាន។
«តែខ្ញុំមិនមែនជាម្នាក់ក្នុងចំណោមប្រុសទាំងនោះ!»
«ហាហាហា...មិនកំប្លែងទេ លោកម៉ាកហ្គើរ៍» សាប្រីណា លើកស្រាមកចឹបបន្តិច រង់ចាំមើល អែល សម្តែងប្រតិកម្មអីបន្ត។
«យល់ព្រមសេពគប់ជាមួយខ្ញុំទេ អ្នកនាងសាប្រីណា?» គេបោះសំណើរព្រោះចាប់ចិត្តនឹងនាងក្រមុំតាំងពីយូរស្រាប់ ទើបការដែលជួបនាងលើកនេះជាឱកាសល្អបំផុត។
«លឿនដល់ថ្នាក់នេះឬ?» នាងផ្អៀងកធ្វើមុខមិនដឹងអី តែសសៀៗ ច្រត់ដៃលើស្មារឹងរបស់គេដោយចេតនា។ អ៊ែល មិនអាចទ្រាំនឹងការពន្យុះរបស់ សាប្រីណា បានតទៅទៀត ទើបបានជាពេលនេះបាតដៃធំក្រសោបរង្វង់មុខតូចច្រមិចជាប់ ហើយបម្រុងនឹងទម្លាក់បបូរមាត់លើមាត់ក្រហមឆេះរបស់នាង តែបែរជាត្រូវ សាប្រីណា ងាកមុខចេញទៅវិញ។
«លោកប្រញាប់ពេកហើយ លោកម៉ាកហ្គើរ៍!!» នាងលូកដៃចាក់ស្រាក្នុងកែរហើយហុចឲ្យទៅគេ។
«អរគុណ! ហៅខ្ញុំ អ៊ែល ធម្មតាៗ ទៅបានហើយ»
«ប្រហែលជាមិនសមទេដឹង? យើងទាំងពីរមិនបានស្និទ្ធស្នាលដល់ថ្នាក់នោះ!» នាងគ្រវីក្បាលយឺតៗ មុននឹងលើកកែវស្រាផឹកបង្ហើយទាល់តែអស់។
«ចុះពេលនេះខ្ញុំមានឋានៈជាអ្វីចំពោះអ្នកនាង?»
«បើតាមខ្ញុំដឹង ខ្ញុំនិងលោក ទើបតែជួបគ្នាមិនទាន់បានមួយម៉ោងនៅឡើយទេ តើខ្ញុំគួរតែចាត់ទុកលោកជាអ្វីទៅ?»
«ស្រេចតែអ្នកនាង!»
«ខ្ញុំមិនទាន់ច្បាស់នោះទេ លោកម៉ាកហ្គើរ៍» សាប្រីណា បដិសេធ នឹងសំនួររបស់គេ។
«អ៊ែល!!»
«សុំទោស លោកម៉ាកហ្គើរ៍ ខ្ញុំទម្លាប់ទៅហើយ» នាងញញឹមហើយវែកសក់សៀតទៅម្ខាង។
«អូខេ! អ្នកនាងចង់ហៅខ្ញុំស្អីក៏បាន!! តែខ្ញុំគ្រាន់តែចង់ដឹងថាអ្នកនាងព្រមសេពគប់ជាមួយខ្ញុំឬអត់តែប៉ុណ្ណោះ» អ៊ែល បញ្ចេញអាការៈអន្ទៈសារ ហើយ សាប្រីណា អាចមើលដឹងតាមរយៈកែវភ្នែករបស់គេ ដែលបង្ហាញយ៉ាងច្បាស់ថាពេលនេះគេចង់បាននាងខ្លាំងបំផុត។
«សុំទោសផង!! តែខ្ញុំមិនយល់ព្រមទេ» សម្តីបដិសេធរបស់នាងប្រៀបដូចរន្ទះបាញ់ចំកណ្តាលក្បាលរបស់គេ។ តែ សាប្រីណា បន្ថែមពាក្យប៉ុន្មានម៉ាត់ទៀតបែរជាធ្វើឲ្យគេសម្លឹងមុខនាងមិនព្រិច។
«តែសុំប្តូរជាការភ្ជាប់ពាក្យវិញយ៉ាងម៉េចដែរ?»
«អ្នកនាងមានហេតុផលអីបានជាប្រញាប់បែបនេះ?» នេះមិនមែនជារឿងតូចតាច! អ៊ែល មិនចង់បាត់បង់ភាពនៅលីវរបស់គេដោយការឈ្លក់វង្វេងមួយឆាវនោះទេ។
«ខ្ញុំមិនចូលចិត្តមនុស្សមិនច្បាស់លាស់! ធ្លាប់ឈឺម្តងហើយ ក៏រាងចាល» សម្លេងស្រទន់ ទឹកមុខស្រងូតស្រងាត់របស់នាង រំខានផ្លូវចិត្តរបស់អ្នកកម្លោះជាខ្លាំង។ អ៊ែល ឈោងអោបស្មានាង ហើយអង្អែលថ្នមៗ គេថើបសក់នាងដោយកាយវិការទន់ភ្លន់ព្រមទាំងនិយាយលួងលោមនាងដោយសម្លេងផ្អែមល្ហែម។
«ខ្ញុំច្បាស់លាស់ជាមួយអ្នកនាង..»
«សន្យាបានទេ អ៊ែល?» សាប្រីណា ហៅឈ្មោះគេតិចក្បែរត្រចៀក។ អែល កាន់តែលង់ក្នុងហ្គេមរបស់នាងទើបមិនបានដឹងថានាងកំពុងតែលួចញញឹមក្រោយខ្នង។
«សម្រេចចិត្តច្បាស់ហើយ?» អែល សួរបញ្ជាក់ឲ្យប្រាកដក្នុងចិត្ត។
«ចាប់តាំងពីវិនាទីតំបូងដែលខ្ញុំបានជួបលោកម្ល៉េះ!» សាប្រីណា លាក់ការឈឺចាប់នៅក្នុងចិត្តព្យាយាមធ្វើមុខស្ងៀមស្ងាត់បំផុត ទាំងដែលការពិតនាងរអើមនឹងការប៉ះពាល់របស់គេស្ទើរតែទ្រាំលែងបាន។
«សម្រេចថាយើងនឹងភ្ជាប់ពាក្យនៅអាទិត្យក្រោយ យ៉ាងម៉េចដែរ?» អែល និយាយដោយគ្មានការស្ទាក់ស្ទើរ ហាក់ដូចជាមានទំនុកចិត្តខ្ពស់លើការសម្រេចចិត្តដ៏ធំមួយនេះក្នុងជីវិតរបស់គេ។
«សម្រេចតាមនឹងចុះ!»សាប្រីណា គ្មានអីត្រូវជំទាស់ស្រាប់ហើយ អ្វីដែលនាងចង់បានគឺការភ្ជាប់ពាក្យត្រូវតែកើតហើយកាន់តែឆាប់កាន់តែល្អ។
រ៉ឺងៗរ៉ឺងៗ...
«ខ្ញុំសុំពេលបន្តិច អែល..» នាងក្រមុំសុំខ្លួនលើកទូរស័ព្ទរបស់នាង ហើយលេខដែលខលមកគ្មានអ្នកណាក្រៅពី ជេន ទេ។
(ឯងនៅឯណា? សូហ្វ័រឡានប្រាប់ថាឯងបើកឡានចេញទៅក្រៅជិតមួយម៉ោងហើយ!!! ខ្ញុំត្រូវប្រាប់ឯងប៉ុន្មានដងទៀត សាប្រីណា ទើបឯងព្រមយកត្រចៀកស្តាប់ខ្ញុំខ្លះ?) ជេន ស្តីបន្ទោសជារឿយៗ តែ សាប្រីណា នៅតែធ្វើមិនចាប់អារម្មណ៍នឹងសម្តីរបស់ ជេន ដដែល។
(ប៉ុណ្ណឹងសិនចុះ! ខ្ញុំមានការរវល់)
(រវល់ធ្វើអី? សម្លេងភ្លេង??? សាប្រីណា ឯងនៅក្លឹបមែនទេ? ឆាប់ត្រលប់មកសណ្ឋាគារវិញជាបន្ទាន់ មុនពេលដែលខ្ញុំទៅរកឯងដោយខ្លួនឯង!!)
(យើងមិនមែនក្មេងមិនទាន់គ្រប់អាយុដែលចូលចិត្តលួចចូលក្លឹប រហូតត្រូវម្តាយកំណាចដូចជាឯងចាប់បានទេ ជេន!!)
(សាប្រីណា!!!)
ទូត!ទូត!!
ដៃតូចប្រញាប់ចុចបិទហើយដើរទៅរករាងខ្ពស់ដែលអង្គុយសម្លឹងនាងពីចម្ងាយមិនធ្មិចភ្នែកសូម្បីតែបន្តិច។
«លោកម៉ាកហ្គើរ៍! ខ្ញុំមានការរវល់បន្តិច ប្រហែលជាមិនបានកំដរលោកទេ..»
«អែល!!!» គេតម្លើងសម្លេងធ្វើជាខឹងនឹងភាពចចេសរបស់នាងដែលផ្លាស់ប្តូរគ្រប់វិនាទី ធ្វើឲ្យគេសឹងតែតាមមិនទាន់។
«ជុប៎!! អែល...ពេញចិត្តហើយនៅ?» នាងអោនថើបថ្ពាល់គេយ៉ាងលឿនបង្ករការភ្ញាក់ផ្អើលដល់ប្រុសកម្លោះមិនស្ទើរទេ។
«ឯណាទូរស័ព្ទរបស់លោក?» សាប្រីណា សួរស្របពេលដែលលាដៃទទួលទូរស័ព្ទពីគេ។
«លេខរបស់ខ្ញុំ! លោកអាចខលមកខ្ញុំបានបើសិនជាចាំបាច់»
«ចុះបើសិនជាគ្មានអីសំខាន់ ខ្ញុំនៅតែអាចខលទៅបាន តើមែនទេ?»
«ប្រាកដជាបាន! ក្រែងយើងទាំងពីរជិតក្លាយជាគូដណ្តឹងនឹងគ្នាហើយមិនចឹង?»
«បើបែបនោះ មានន័យថាខ្ញំអាចធ្វើបែបនេះបានហើយ ត្រូវទេ?» អែល មិនរង់ចាំចម្លើយរបស់នាង ដៃមាំចាប់ទាញនាងក្រសោបជាប់ក្នុងទ្រូង មុននឹងសង្កត់បបូរមាត់លើមាត់របស់នាងយ៉ាងរហ័ស។ សាប្រីណា តក់ស្លុតចំពោះការវាយលុកបែបមិនផ្តល់ដណឹងជាមុនរបស់គេ តែក៏ប្រឹងធ្វើចិត្តឲ្យស្ងប់ហើយបិទភ្នែកទទួលយកការប៉ះពាល់មួយនេះទាំងគ្មានជម្រើស។
«អែល..លែងខ្ញុំសិន! ខ្ញុំមានការបន្ទាន់ពិតមែនណា៎!!» ឆ្កួតបំផុត!! ប្រុសម្នាក់នេះកំពុងតែធ្វើឲ្យនាងជិតរលាយ!!! គេមិនត្រឹមតែមិនស្តាប់អ្វីដែលនាងនិយាយ គេថែមទាំងផ្តល់ស្នាមក្រហមពាសពេញកញ្ចឹងករបស់នាងទៀតផង។
«លោកម៉ាកហ្គើរ៍!!!!!» សាប្រីណា ស្រែកខ្លាំងៗដាក់ត្រចៀកគេ ពេលឃើញផ្ទៃមុខមិនពេញចិត្តរបស់ សាប្រីណា ហើយគេស្រាប់តែអោនមុខចុះ។
«ខ្ញុំមានការត្រូវប្រញាប់ទៅមុនហើយ!! សុំលា» សាប្រីណា ងើបចេញពីគេហើយដើរវឹងទៅបាត់ក្រោមហ្វូងមនុស្សជាច្រើន។ អែល សម្លឹងរាងខ្ពស់របស់ សាប្រីណា បោះជំហានចេញទៅរហូតផុតកន្ទុយភ្នែក។
ដៃធំលូកហោប៉ៅយកទូរស័ព្ទខលទៅលេខារបស់គេ។
(ឡរ៉េន! ខ្ញុំត្រូវការឲ្យនាងជួយចាត់ចែងពិធីភ្ជាប់ពាក្យរបស់ខ្ញុំនៅអាទិត្យក្រោយនេះ!!! ត្រូវចាំណា ថាត្រូវធ្វើឲ្យល្អបំផុត)
(អភ័យទោសផង លោកប្រធាន! ក៏ប៉ុន្តែកូនក្រមុំឈ្មោះអ្វីដែរ? នាងខ្ញុំនឹងបានចាត់ចែងឲ្យបានត្រឹមត្រូវ!)
(សាប្រីណា ហ្សាន់ឌើរ៍! ពិធីត្រូវតែអធិកអធម មិនត្រូវធ្វើឲ្យមានចន្លោះខ្វះខាតណាមួយឲ្យសោះ យល់ដែរទេ?)
(ចាស៎! លោកប្រធាន)

YOU ARE READING
ល្បែងស្នេហ៍ (ចប់)
Короткий рассказSabrina, a spectacular artist with a unique style. She found out her sister, Khalye was killed and the murderer is nowhere to be found despite evidence pointed out the businessman called Elle is involved in her death. Sabrina took a revenge all hers...