~6ខែក្រោយមក
៚ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស
ដៃស្រឡូនកាន់ខ្មៅដៃគូសវាសពេញផ្ទាំងក្រដាសធំមួយ នៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់។ នាងកំពុងប្រើការស្រម៉ៃរបស់នាងគូរចេញមកជារូបគំនូរដ៏រស់រវើកមួយ។
«គូររូបទៀតហើយរឺ?» ជេន ដើរចូលមកជាមួយនឹងកាហ្វេក្នុងដៃ។
«អ្ហឺម...» នាងឆ្លើយក្នុងបំពង់ក រួចបន្តផ្ចង់អារម្មណ៍នឹងការគូររបស់នាងយ៉ាងយកចិត្តទុកដាក់។
«ឯងចង់នៅបែបនេះដល់ពេលណា សាប្រីណា?» ជេន ទ្រាំឃើញសភាពរបស់មិត្តមិនបានក៏សួរឡើង។ មិនឲ្យនាងបារម្ភយ៉ាងម៉េច បើមួយថ្ងៃៗ សាប្រីណា នៅតែក្នុងបន្ទប់គូររូបប្រុសម្នាក់នោះរាល់ថ្ងៃ រូបរបស់ អ៊ែល ព្យួរពាសពេញបន្ទប់របស់នាង សូម្បីតែពេលយប់ក៏ឃើញនាងគេងយំអោបរូបគេមិនលស់មួយថ្ងៃឡើយ។
«បែបនេះល្អបំផុតហើយ..»
«បើឯងនៅតែរឹងរូសបែបនេះ អ៊ែល ម៉ាកហ្គើរ៍ ប្រាកដជាយកដបស្រាធ្វើជាប្រពន្ធគេមិនខាន!!! លេខារបស់គេអង្វរខ្ញុំឲ្យប្រាប់ឯងថា អ៊ែល មិនចូលក្រុមហ៊ុនទៀតហើយ ព្រោះរវល់ស្រវឹងអួលទីនួស្រែកហៅឈ្មោះឯងមិនឈប់នៅផ្ទះឯណោះ» ទោះជាលឺ ជេន រាយការណ៍ពីរឿងនេះរាល់ថ្ងៃក៏អាចទាក់ទាញចំណាប់អារម្មណ៍នាងបានយ៉ាងងាយ គ្រប់ពេលដែលនាងលឺឈ្មោះគេ ដៃដែលកាន់ជក់ទច់ង៉ក់ ទឹកភ្នែកចាប់ផ្តើមស្រក់ហូរមិនដឹងខ្លួន។
«សាប្រីណា! ឯងល្មមឈប់ហើយ!!! ខេលី ក៏ទៅបានសុខដែរ! ដល់ពេលដែលឯងត្រូវស្វែងរកសេចក្តីសុខឲ្យខ្លួនឯងម្តងហើយ»
«...» មិនថា ជេន និយាយយ៉ាងណា សាប្រីណា នៅតែស្ងៀមទ្រឹងហើយលួចបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់។
«សាប្រីណា!!! ឯងស្តាប់ខ្ញុំនិយាយខ្លះបានទេ? ត្រលប់ទៅរកគេវិញទៅណា៎»
«ខ្ញុំនឹងទៅ!!» និយាយចប់រាងស្តើងដើរទៅយកវ៉ាលីរៀបចំខោអាវ ក្រោមការភ្ញាក់ផ្អើលរបស់ ជេន។ ច្រើនខែហើយដែល ជេន ព្យាយាមនិយាយជាមួយនឹងនាងតែមានពីអង្កាល់ដែល សាប្រីណា ព្រមធ្វើតាមសម្តីនាងយ៉ាងងាយដល់ថ្នាក់នេះនោះ ទោះជាចម្លែកចិត្តបន្តិចតែនាងក៏សប្បាយចិត្តពេលគ្រប់យ៉ាងត្រលប់ទៅរកសភាពដើមវិញ ទីបំផុតបញ្ហានេះក៏ត្រូវបានដោះស្រាយ។
...
ក្រលេកមកមើលជ្រុងម្ខាងទៀតនៃប្រទេសអេស្ប៉ាញ រូបរាងបុរសម្នាក់ដេកននៀលលើឥដ្ឋទាំងសភាពស្រវឹងជោកខ្លួន គំនរដបស្រារមៀលពេញបន្ទប់ ខណៈពេលដែលម្ចាស់របស់វាកំពុងតែគ្មានស្មារតីក្នុងខ្លួន។
«សាប្រីណា...សាប្រីណា!!» គេថ្ងួញថ្ងូរហៅឈ្មោះនារីជាទីស្រលាញ់ទាំងភ្នែកបិទជិត គ្រប់ដង្ហើមចេញចូលរបស់គេគឺមានមានតែផ្ទៃមុខស្រទន់ ស្នាមញញឹមរបស់នាងគឺជាពិភពលោករបស់គេ តែពេលនេះគេលែងមានឱកាសបានឃើញស្នាមញញឹមនាងទៀតហើយ ព្រោះតែនាងសម្រេចចិត្តចាកចេញពីគេទាំងដែលនាងស្រលាញ់គេដូចគ្នា។ គេដឹងច្បាស់ថា សាប្រីណា ក៏មានអារម្មណ៍យ៉ាងម៉េចចំពោះគេ បើមិនអីចឹងទេកាលនោះ នាងប្រាកដជាបាញ់ទំលុះក្បាលគេបាត់ហើយ មិនមែនត្រង់ស្មានោះទេ ហើយនាងចាំបាច់ខលហៅឡានពេទ្យធ្វើអី? បើនាងមិនខ្វល់ខ្វាយពីគេនោះ! កន្លងមកនេះ គ្មានមួយថ្ងៃណា ដែលគេមានក្តីសុខនោះទេ គេតែងតែផឹកស្រាស្រវឹងជារឿយៗ ព្រោះពេលដែលគេស្រវឹង គេអាចឃើញផ្ទៃមុខរបស់នាងផុសឲ្យឃើញគ្រប់ពេល សូម្បីតែក្លិនក្រអូបរបស់នាងក៏គេនៅចាំមិនភ្លេច មិនថាគេទៅទីណាមានតែរូបនាងគ្រប់ទីកន្លែង គេចង់ទៅរកនាងណាស់ តែក៏មិនហ៊ានទាំងដែលដឹងថានាងនៅឯណា ក៏ព្រោះតែមិនចង់ឃើញនាងយំម្តងទៀតពេលដែលឃើញគេ។
«សាប្រីណា...បងសុំទោស..» ដោយសារតែឥទ្ធិពលរបស់ស្រា អ៊ែល ក៏បិទភ្នែកលង់លក់តែមាត់នៅតែទន្ទេញឈ្មោះរបស់នារីជាទីស្រលាញ់មិនឈប់។
YOU ARE READING
ល្បែងស្នេហ៍ (ចប់)
Short StorySabrina, a spectacular artist with a unique style. She found out her sister, Khalye was killed and the murderer is nowhere to be found despite evidence pointed out the businessman called Elle is involved in her death. Sabrina took a revenge all hers...