អាកាសយាន្តដ្ឋាន...
គ្រាន់តែឈានជើងចុះពីយន្តហោះភ្លាម ជេន ម្នីម្នាឡើងរថយន្តដែលជំនួយការមកទទួលទៅរក សាប្រីណា នៅឯសណ្ឋាគារភ្លាម។
តុក!តុក!តុក!
ជេន ឈរច្រត់ចង្កេះនៅពីមុខបន្ទប់របស់មិត្ត តែមិនថានាងព្យាយាមគោះទ្វាច្រើនដងប៉ុណ្ណាក៏ សាប្រីណា មិនព្រមបើកទ្វារដដែល។
«សាប្រីណា! ខ្ញុំដឹងថាឯងនៅខាងក្នុង ឆាប់ចេញមកភ្លាម!!!» ជេន ចាប់ផ្តើមខឹង ហើយក៏ទាញទូរស័ព្ទខលទៅរកមិត្ត។
(សាប្រីណា!! ឆាប់បើកទ្វារភ្លាម រឺមួយក៏ឯងចង់ឲ្យខ្ញុំបំផ្ទុះទីនេះឲ្យខ្ទេចអ្ហាស៎ ស្រីឆ្កួត!!!)
(នាងជាភារវករឬមួយយ៉ាងម៉េច? សាប្រីណា មិននៅសណ្ឋាគារទេ! នាងកំពុងតែរវល់) ខ្សែម្ខាងទៀតតបដោយសម្លេងមាំ ដែលធ្វើឲ្យ ជេន អត់ឆ្ងល់មិនបានថាអ្នកណាថ្លើមធំហ៊ានប៉ះពាល់ទូរស័ព្ទរបស់ សាប្រីណា បើតាមនាងដឹងសូម្បីតែនាង សាប្រីណា មិនដែលឲ្យប៉ះផង។
(រវល់ស្អី? ខ្ញុំស្គាល់នាងច្បាស់ជាងថ្ងៃទៅទៀត នាងគ្មានថ្ងៃរវល់ទេបើសិនជានាងមិននៅទីក្រុងឡុងដ៏!!) ជេន និយាយគឺមិនខុសទេ សាប្រីណា ប្រាកដជារវល់បើសិនជានាងនៅទីក្រុងឡុងដ៏ ក៏ព្រោះតែគំនរការងាររបស់នាងគឺនៅទីនោះឯង។។
(តែពេលនេះនាងរវល់ព្រោះនាងកំពុងនៅជាមួយខ្ញុំ)
(អ៊ែល ម៉ាកហ្គើរ៍?) ជេន សឹងតែបោកក្បាលនឹងជញ្ជាំងដែលជ្រុលមាត់និយាយជាមួយគេវែងឆ្ងាយដល់ថ្នាក់នេះ។
(គឺខ្ញុំ! មានការអី?)
(សាប្រីណា នៅឯណា?)
(នាងសួរធ្វើមើលតែខ្ញុំចាប់ជំរិតគូដណ្តឹងខ្លួនឯងអីចឹង!)
(សុំជួប សាប្រីណា បន្តិច!!!) ជេន ផ្ទៀងត្រចៀកស្តាប់ ព្រោះខ្សែម្ខាងទៀតហាក់ដូចជាស្ងាត់យូរមិនដឹងថាគេមានចេតនាគេចវេសមិននិយាយឬមួយរវល់ធ្វើស្អីឲ្យប្រាកដ។
(ជេន? ឯងមកដល់តាំងពីពេលណា?)
(សាប្រីណា!!! នេះឯងនិងប្រុសម្នាក់នោះដំណើរការដល់ថ្នាក់នេះផងរឺ?) ជេន សួរដោយមិនខ្វល់ពីសំនួររបស់មិត្តដែលសួរមុននេះ។
(អ្ហឺម...ច្រើនជាងនឹងក៏ធ្វើហើយដែរ) សាប្រីណា តបងាយៗហើយក៏លួចសមចិត្តពេលស្រម៉ៃដល់ទឹកមុខរបស់ ជេន នៅពេលលឺនាងនិយាយបែបនេះ។
(ស្អីគេ?? សាប្រីណា!! ត្រលប់មកសណ្ឋាគារឲ្យឆាប់ជាបន្ទាន់)
(ហេតុអីខ្ញុំមានអារម្មណ៍ថាឯងចូលចិត្តធ្វើឬកពារជាម្តាយខ្ញុំម្ល៉េះ?) សាប្រីណា និយាយព្រមទាំងសើចតិចៗ។
(ខ្ញុំគ្មានពេលលេងសើចទេ សាប្រីណា!! ខ្ញុំទទួលបានភស្តុតាងមួយចំនួនទាក់ទងនឹងរឿងក្តីឃាតកម្មរបស់ ខេលី រួមទាំងកាមេរ៉ាសុវត្ថិភាពដែលចាប់បានរូបភាពនៅយប់កើតហេតុទៀតផង)
(ជេន!! ចាំខ្ញុំនៅទីនោះមួយភ្លែត បន្តិចទៀតខ្ញុំនឹងទៅដល់ទីនោះ ហាមទៅណាផ្សេងឲ្យសោះ!!!) សាប្រីណា ចុចបិទទូរស័ព្ទបន្ទាប់ពីនិយាយប្រយោគប៉ុន្មានម៉ាត់នោះចប់។
«សុំទោសផង អ៊ែល!! អូនត្រូវត្រលប់ទៅវិញហើយ មានរឿងមួយចំនួនដែលអូនត្រូវដោះស្រាយជាបន្ទាន់» សាប្រីណា ទំលាក់រ៉ូបដែលត្រៀមសម្រាប់ថ្ងៃភ្ជាប់ពាក្យនៅលើកៅអី ហើយរត់វឹងចេញទៅខាងក្រៅ។ អ៊ែល បម្រុងនឹងសួរនាំនាងថាមានរឿអីកើតឡើង បានជានាងមានទឹកមុខស្លន់ស្លោរបែបនេះតែគេបានត្រឹមតែធ្វើមាត់ម្ហបៗព្រោះរាងស្តើងឡើងតាក់ស៊ីទៅបាត់ក្នុងរយៈពេលដ៏ខ្លី។
ជេន អង្គុយលើវ៉ាលីចាំមិត្តនៅមុខបន្ទប់មួយសន្ទុះ ស្រមោលស្ទុងៗក៏តម្រង់មកជិតនាងជារឿយៗ។ សាប្រីណា ដកដង្ហើមដង្ហក់ៗហើយបកដៃហៅមិត្តឲ្យចូលមកខាងក្នុង។
«ឯងទើបតែមកពីរត់ម៉ារ៉ាតុនឬយ៉ាងម៉េច?»
«បើឯងមកទីនេះគ្រាន់តែនិយាយរឿងគ្មានបានការ! ចេញទៅវិញទៅ!!» សាប្រីណា គំហកតែមិត្តនាងដែលខ្លាចពីអង្កាល់?
«ឆឹស!! ឈប់ធ្វើសម្លេងបែបនេះទៅ! ខ្ញុំលឺវាជាង20ឆ្នាំហើយ ឯងគិតថាខ្ញុំព្រឺរោមឬ?»
«បិទមាត់របស់ឯង!! ហើយប្រគល់ភស្តុតាងទាំងនោះឲ្យខ្ញុំ»
«ឯងមានណូតប៊ុកទេ?»
«នៅក្នុងថតតុ!»
ជេន ដើរទៅបើកថតតុ រួចទាញណូតប៊ុកចេញមក។ នាងយកយូអេសប៊ីកាតដោតចូលក្នុងណូតប៊ុកនោះ បន្ទាប់មកវីដេអូមួយបង្ហាញយ៉ាងច្បាស់លើអេក្រង់។
«នេះ...» សាប្រីណា លាន់មាត់ឡើង។
«នៅយប់កើតហេតុ អ៊ែល និង ខេលី ជួបគ្នានៅណ្ឋាគារនៅជាយក្រុងនៅម៉ោង10 ហើយនៅម៉ោង10:30នាទីយប់គេក៏ចេញពីទីនោះ...» ជេន ដកដង្ហើមធំហើយញ្ចប់ពាក្យសម្តីរបស់នាង«ប៉ុន្តែ នៅចន្លោះម៉ោងនោះ ខេលី មិនទាន់ត្រូវគេសម្លាប់នោះទេ! រហូតដល់ម៉ោង10:45នាទី ខេលី ក៏ចេញពីសណ្ឋាគារបើកឡានរបស់នាងទៅកំពង់ផែទាំងយប់! ឯងមើលរូបថតទាំងនេះទៅមើល៎!!!» ជេន បង្ហាញរូបថតទាំងនោះដល់មិត្ត ទឹកមុខដែល សាប្រីណា សម្លឹងរូបថតនោះមិនខុសចចកញីដែលកំពុងប្រមាញ់ចំណី។
«អ៊ែល ម៉ាកហ្គើរ៍!!»
«មែន!! គឺគេ» ជេន បញ្ជាក់សម្តីនាងដោយសម្លេងមាំ។
«គ្រប់យ៉ាងបញ្ជាក់កាន់តែច្បាស់ហើយថាប្រុសម្នាក់នោះឈាមត្រជាក់ប៉ុណ្ណា!»
«សាប្រីណា! ឯងយកភស្តុតាងទាំងនេះប្រគល់ឲ្យប៉ូលិសហើយបញ្ឈប់ពិធីឆ្កួតៗនោះទៅ! អូខេ?»
«ហឹស! ខ្ញុំមិនចង់ឲ្យគេដេកគុកស្រួលៗទេ ខ្ញុំចង់ឃើញទឹកមុខឈឺចាប់របស់គេ ចង់ឲ្យគេស្លាប់ចិត្តម្តងបន្តិចៗ មុននឹងសម្លាប់គេដោយដៃរបស់ខ្ញុំ!»
«សាប្រីណា!!! បើឯងមិនព្រមបញ្ឈប់ទេ ខ្ញុំនឹងប្រគល់របស់ទាំងនេះទៅឲ្យប៉ូលិសដោយខ្លួនឯង!!» ជេន ចាប់ផ្តើមខឹង ហើយប្រមូលរបស់របរដាក់ក្នុងកាបូប បម្រុងនឹងចេញទៅក្រៅ តែត្រូវ សាប្រីណា កញ្ឆក់កាបូបបានហើយដើរយ៉ាងលឿនចេញទៅខាងក្រៅបន្ទប់បានមុន។ សាប្រីណា ចាក់សោរមិត្តនៅក្នុងបន្ទប់មុននឹងស្ពាយកាបូបជាប់នឹងស្មា រួចបើកឡានឆ្ពោះទៅកន្លែងមួយ។
បន្ទាប់ពីធ្វើកិច្ចការនាងរួចរាល់ សាប្រីណា ក៏បើកឡានត្រលប់ទៅសណ្ឋាគារវិញ។ គ្រាន់តែមកដល់ភ្លាមនាងក៏ត្រូវមិត្តរអ៊ូដាក់សឹងតែស្ពឹកត្រចៀក។
«ឯងគិតអីបានជាឃុំខ្ញុំនៅទីនេះអ្ហាស៎!!»
«ទង្វើរដែលឯងធ្វើសមតែត្រូវទទួលបែបនេះ! ខ្ញុំនិយាយត្រូវអត់?» សាប្រីណា តបខណៈពេលដែលរាងស្តើងដើរទៅបើកទូរទឹកកកយកវ៉ាញមួយដបជាមួយនឹងកែវពីរចេញមក។
«កំដរខ្ញុំផឹកទេ ជេន?»
«យល់ដល់វ៉ាញដែលខ្ញុំចូលចិត្ត លើកលែងឲ្យឯងម្តងចុះ!» ជេន និយាយហើយលើកកែវស្រាចឹបតិចៗចុងមាត់។
«កុំឃាត់ខ្ញុំអី ជេន! ខ្ញុំចង់ឲ្យល្បែងនេះចប់ដោយរលូន ខ្ញុំសង្ឃឹមថាឯងនឹងគាំទ្រខ្ញុំ» សម្លេង សាប្រីណា ប្រែជាខ្សោយទៅៗ ព្រោះគ្រាន់តែដកស្រាចេញមកអម្បាញ់មិញនាងផឹកអស់ជាងកន្លះដបទៅហើយ។
«អូខេ! បើនេះជាអ្វីដែលឯងចង់បាន»
«ខេលី! បងស្បថថានឹងដាក់ទោសប្រុសម្នាក់នោះឲ្យសមនឹងតម្លៃ គឺទាំងការទាំងដើមតែម្តង» សាប្រីណា ខ្សឹកខ្សួលដោយសម្លេងអណ្តឺតអណ្តក
«ឯងគិតថា ខេលី នឹងសប្បាយចិត្តរឺ ពេលឃើញឯងស្ថិតក្នុងស្ថានភាពបែបនេះ?»
«បងស្រីនាងលះបង់ដល់ថ្នាក់នេះទៅហើយ នាងប្រាកដជាសប្បាយចិត្ត»
«សាប្រីណា!!»
«ជេន!! បណ្តោយខ្ញុំទៅ»
«អ្ហឺម... ទោះជាខ្ញុំនិយាយក៏ឯងមិនស្តាប់ដដែល» ជេន គ្រវីក្បាលនឿយហត់នឹងភាពរឹងរូសតបស់មិត្ត មិនថានាងព្យាយាមហាមឃាត់ សាប្រីណា យ៉ាងណាក៏លទ្ធផលនៅតែដដែល។
«នេះបានសមជា ជេន របស់ដ៏គួរឲ្យស្រលាញ់របស់ខ្ញុំ» សាប្រីណា សើចលឹបភ្នែក ទាញថ្ពាល់ទាំងសងខាងរបស់ ជេន ទៅមកទាំងសម្លេងក្ងួរៗ មុននឹងឈ្ងោកមុខនៅនឹងតុហើយគេងលក់បាត់ធ្វើមិនដឹង ទុកឲ្យ ជេន វេទនាគ្រាមិត្តទៅបន្ទប់យ៉ាងពិបាក។
«បើឯងសប្បាយចិត្តនឹងធ្វើវា ខ្ញុំក៏រីករាយកំដរឯងជានិច្ច!» ជេន ញញឹម ហើយទាញទ្វារបិទថ្នមៗ។ រាងស្រឡូនដើរត្រលប់ទៅកន្លែងដើម រួចបន្តផឹកស្រាម្នាក់ឯងក្រោមពន្លឺព្រះចន្ទ យ៉ាងអណ្តែតអណ្តូង។
.....
បុរសវ័យ៣០ឆ្នាំ អង្គុយមមាញឹកជាមួយនឹងគំនរការងារនៅលើតុទាំងតប់ប្រមល់ គ្រាន់តែគេមិនទៅក្រុមហ៊ុនមួយថ្ងៃឯកសារជាច្រើនគរឡើងហៀរតុធ្វើការរបស់គេទៅហើយ ចុះទម្រាំគេត្រូវចំណាយពេលច្រើនថ្ងៃជាមួយអនាគតគូដណ្តឹងរបស់គេទៀត ហូ!!! គេសឹងតែមិនចង់គិត។
តុក!តុក!
ក្រិក~
«លោកប្រធាន! លិខិតអញ្ជើញក្នុងពិធីភ្ជាប់ពាក្យត្រូវបានចែកជូនទៅដល់បណ្តាភ្ញៀវតាមបញ្ជីរបស់លោកប្រធានរួចរាល់ តាមពេលដែលបានគ្រោងទុក»
«សង្ឃឹមថានាងមិនធ្វើឲ្យមានកំហុសឆ្គងក្នុងពិធីនេះ!»
«ចាស៎ លោកប្រធាន!» ឡរ៉េន តបយ៉ាងប្រាកដប្រជា ។
«នាងចេញទៅបានហើយ!» គ្រាន់តែនិយាយចប់ អ៊ែល ក៏ងាកមកចាប់អារម្មណ៍នឹងការងាររបស់គេវិញ។ គេត្រូវតែបញ្ចប់វាឲ្យរួចរាល់នៅថ្ងៃនេះ ក៏ព្រោះតែស្អែកពិធីភ្ជាប់ពាក្យនឹងកើតឡើង ហើយគេក៏មិនអាចស្ពាយឯកសារតាមខ្លួនទៅដែរ។ កន្លងផុតបានមួយសន្ទុះ ដៃធំទម្លាក់ប៊ិចចុះ ស្រវារទូស័ព្ទដៃនៅលើតុ រួចចុចទៅលេខនៅខាងលើបង្អស់។
(អូនកំពុងធ្វើអី?)
(អានសៀវភៅ ក្នុងហាងកាហ្វេក្បែរក្រុមហ៊ុនរបស់បង)
(វ៉ាវ!! ចៃដន្យដល់ថ្នាក់នេះផងរឺ?)
(មិនមែនចៃដន្យទេ គឺអូនមានចេតនាមកជួបបងតែម្តង!)
(មករកបងឥឡូវបានអត់?)
(បងមិនធ្វើការទេឬយ៉ាងម៉េច? ចាំការងារបងរួចរាល់ការងារ អូននឹងទៅរកបង)
(បើចាំទាល់តែការងារបងចប់ បងប្រហែលជានឹកអូនស្លាប់ហើយ!!)
(លួចខ្ជិល គេចវេសពីការងារបែបនេះមិនល្អទេ អ៊ែល!!)
(អ្នកណាប្រើឲ្យបងនឹកអូនធ្វើអី? ដូច្នេះអូនត្រូវតែទទួលទោស ហើយទោសរបស់អូនគឺត្រូវមករកបងឥឡូវនេះ!)
(អ៊ែល!!!) សាប្រីណា តម្លើងសម្លេង ខណៈពេលដែលខ្សែម្ខាងទៀតចុចផ្តាច់ទូរស័ព្ទយ៉ាងលឿន ចុងក្រោយនាងក៏សម្រេចចិត្តដើរទៅរកគេឲ្យទាល់តែបាន។
ក្រិក~
ទ្វារត្រូវបានបើក បង្ហាញឲ្យឃើញរាងស្តើងដែលឈរច្រត់ចង្កេះសម្លក់មុខប្រុសកម្លោះមិនដាក់ភ្នែក។
«បងយកតែចិត្តខ្លួនឯងទៀតហើយ!! អ៊ែល!!!»
«តែអូននៅតែមករកបងដដែល! មកនេះ ឲ្យបងអោបបន្តិចមក សំណព្វចិត្ត» អ៊ែល ត្រដាងដៃ ញញឹមស្រស់ដាក់ សាប្រីណា ដោយមិនខ្វល់ពីកែវភ្នែកមច្ចុរាជដែលនាងសម្លឹងមកអីបន្តិច។
«អូនអត់មានអារម្មណ៍លេងសើចនឹងបងទេ! អូនមកនេះគឺមានរឿងខ្លះត្រូវប្រាប់បង»
«អូខេ! អូននិយាយមក»
«មិត្តភក្តិរបស់អូនក៏មកចូលរួមក្នុងពិធីនៅថ្ងៃស្អែកនេះដែរ ចំនែករឿងប៉ាម៉ាក់របស់អូន បងប្រហែលជាដឹងហើយថាពួកគាត់មិនអាចចូលរួមបាន!» និយាយដល់ត្រឹមនេះ សាប្រីណា ក៏ទម្លាក់មុខចុះបន្តិច។ ម៉ាក់របស់នាងលាចាកលោកតាំងពីនាងអាយុ3ឆ្នាំម្ល៉េះ រីឯប៉ារបស់នាងគេងនៅលើគ្រែមួយកន្លែងអស់រយៈពេលជាង7ឆ្នាំ ហើយរឿងទាំងអស់នេះនាងក៏ធ្លាប់ប្រាប់គេម្តងដែរ ទើបបានជាពេលដែលគេឃើញទឹកមុខក្រៀមក្រំមួយរំពេចរបស់នាង គេក៏កើតមានអារម្មណ៍ថប់ដង្ហើមពិបាកទ្រាំដូចគ្នា។
«បងក៏គ្មានប៉ាម៉ាក់ដែរ! តែបងសន្យាថានឹងធ្វើឲ្យពិធីនៅថ្ងៃស្អែកប្រព្រឹត្តិដោយរលូន ហើយឥតខ្ចោះទៀតផងសម្រាប់អូនជាពិសេស»
«ចុះអូនមានថាអីឯណា!»
«សាប្រីណា! បងគិតថាពួកយើងភ្ជាប់ពាក្យថ្ងៃស្អែក ហើយខានស្អែករៀបការតែម្តងទៅយ៉ាងម៉េចដែរ?»
ផាច់!!
សាប្រីណា ទះស្មាគេមួយដៃហើយធ្វើមុខស្ងួតដាក់។
«អ្នកណាថាអូននឹងរៀបការជាមួយបង?»
«ក្មេងក្បាលខូច! ក្រឡាស់សម្តីបែបនេះ ប្រយ័ត្នបង...» កែវភ្នែកពណ៌ខៀវបញ្ចេញពន្លឺផ្លេកៗដែលជាប្រផ្នូលមិនល្អទាល់តែសោះ។ សាប្រីណា ឈានជើងថយចេញពីគេម្តងមួយជំហាន ហើយគេក៏ឈានជើងទៅរកនាងយឺតៗម្តងមួយជំហានដូចគ្នា ភ្លាមៗនោះនាងក៏ឈប់ ហើយគេក៏ឈប់ នាងងើយមុខមើលគេបន្តិចមុននឹងអោបចង្កេះរឹង រួចផ្តិតក្រែមលើបបូរមាត់របស់នាងលើអាវសឺមីថ្នមៗ ។
«បងជារបស់អូនតែម្នាក់គត់ អ៊ែល!»
«អូនក៏ជារបស់បងដូចគ្នា សាប្រីណា!» អ៊ែល ទំលាក់បបូរមាត់លើមាត់តូចច្រមិចហើយប្រឹងស្រង់រសជាតិក្រអូបផ្អែមពីក្រអូមមាត់របស់នាងយ៉ាងភ្លើតភ្លើន។ ទម្រាំតែគេដាច់ចិត្តដោះលែងបបូរមាត់របស់នាង គឺចំណាយពេលយ៉ាងយូរ ហើយនៅពេលដែលគេដកមាត់ចេញគេនៅឆ្លៀតខាំមាត់តូចតិចៗយ៉ាងអាលោះអាល័យ។
«មកនៅផ្ទះជាមួយបងវិញ យ៉ាងម៉េចដែរ? អូនគឺជាអនាគតភរិយារបស់ អ៊ែល ម៉ាកហ្គើរ៍ មួយទាំងមូល បើគេដឹងថាបងបណ្តោយឲ្យអូននៅសណ្ឋាគារអ្នកដ៏ទៃប្រាកដជាសើចថាបងគ្មានសមត្ថភាពចិញ្ចឹមអូនឲ្យរស់សុខស្រួលជាមិនខាន!»
«អូននឹងនៅ!! តែត្រូវប្រាកដថាបន្ទប់របស់អូននៅដាច់ដោយឡែកពីបន្ទប់របស់បង!» នាងនិយាយហាក់ដូចជាដេញជើងរបស់គេទាន់ បានជាពេលនេះទឹកមុខរបស់គេប្តូរយ៉ាងឆាប់រហ័ស។
«អូនឃោឃៅពេកហើយ សាប្រីណា»
«ធ្វើមុខអីចឹង បានន័យថាម៉េចអ្ហាស៎ អ៊ែល?»
«ចង់ខឹងអូន តែក៏ធ្វើមិនបាន!»
«...» នាងមិននិយាយអីក្រៅពីឈរស្ងៀមស្ងាត់សម្លឹងមុខគេដោយប្រើក្រសែភ្នែកស្រទន់។
«ញាំអាហារពេលល្ងាចជាមួយបងទេ?»
«បងកំពុងប្តូរប្រធានបទមែនទេ អ៊ែល?»
«អូនដេញជើងបងទាន់ទៀតហើយ!! ធ្វើជាមិនដឹងមួយថ្ងៃបានអត់?»
«អូខេៗ បើអីចឹងបងនឹងនាំអូនទៅញាំអាហារពេលល្ងាចនៅឯណា?» នាងលើកដៃចុះចាញ់ ហើយបង្វែរចូលសាច់រឿងបន្តវិញ។
«ផ្ទះបង»
«អូខេ សម្រេចតាមហ្នឹងចុះ! ល្ងាចជួបគ្នាណា៎» សាប្រីណា ពោលជាលើកចុងក្រោយ មុននឹងដើរចេញពីត្រង់នោះក្រោមស្នាមញញឹមអ្នកកម្លោះដែលប្រឹងសម្លឹងមើលមិនដាក់ភ្នែក។
សម្លេងតុកតាក់នៅផ្ទះបាយរំខានអារម្មណ៍អ្នកអង្គុយលើសាឡុងឲ្យងើបឡើងហើយដើរទៅតកប្រភពសម្លេងទាំងនោះ។
«វ៉ាវ!! នេះជាអាហារដែលបងធ្វើមែនទេ?» សាប្រីណា សឹងតែមិនជឿនឹងភ្នែក ព្រោះអាហារនៅលើតុគឺត្រូវបានរៀបចំយ៉ាងប្រណីត ជាពិសេសក្លិនឈ្ងុយរបស់វាធ្វើឲ្យនាងដាក់គូទអង្គុយលើកៅអី ចាប់យកចង្កឹះដួសសាច់មួយដុំដាក់ចូលមាត់ ហើយបើកភ្នែកធំៗ ភ្ញាក់ផ្អើលនឹងរសជាតិរបស់វា។
«យ៉ាងម៉េចដែរ?» គេសួរហើយរង់ចាំចម្លើយយ៉ាងអន្ទះសារ។
«អ៊ែល!! ប្រាប់មកថាបងធ្លាប់ធ្វើអាហារទាំងនេះឲ្យស្រីៗប៉ុន្មាននាក់ហើយ?»
«សំនួរអីហ្នឹង? ប្រាកដណាស់ថាបងធ្វើសម្រាប់តែអូនម្នាក់ប៉ុណ្ណោះ!»
«យោគយល់ដល់អាហារឆ្ងាញ់ៗរបស់បង អូនទ្រាំជឿសិនចុះ!»
«ត្រូវការវ៉ាញទេ?»
«ប្រាកដណាស់!» នាងឆ្លើយយ៉ាងលឿន ហើយ អ៊ែល ក៏ដើរទៅយកវ៉ាញក្នុងទូរមកឲ្យនាង។
«ការងារបងមមាញឹកណាស់មែនទេ អ៊ែល?»
«នឹកឃើញអីបានជាសួរបងបែបនេះ?» ដៃធំលើកកែវចឹបស្រាតិចៗ ហើយប្រឡេះឡែវអាវពីរគ្រាប់កាត់បន្ថយភាពស្អុះស្អាប់។
«ទឹកមុខហត់នឿយរបស់បងធ្វើឲ្យអូនបារម្ភ! កុំធ្វើការលើសកម្លាំងពេក អូនមិនចង់ឃើញបងឈឺ!» សាប្រីណា ជ្រុលមាត់និយាយទាំងមិនដឹងខ្លួន នាងបារម្ភពីគេ? មិនអាចទៅរួចទេ នាងកើតឆ្កួតអីហ្នឹង?
«បងមិនអីទេ មានអូននៅជាមួយបងទៅហើយ ជំងឺទាំងប៉ុន្មានក៏មិនហ៊ានធ្វើស្អីបងដែរ»
«អ៊ែល! អូនអាចអោបបងបានទេ?» សាប្រីណា ស្ទុះទៅអោបគេដោយមិនចាំយូរ។ អ៊ែល មិនដឹងថាគូដណ្តឹងកើតអីអោយប្រាកដ៏បានត្រឹមតែអង្អែលសក់វែងទៅមកយ៉ាងព្រួយបារម្ភ។ ថ្ងៃនេះប្រហែលជាលើកចុងក្រោយដែលនាងនិងគេបន្តទំនាក់ទំនងមួយនេះ ព្រោះចាប់ពីស្អែក គ្រប់យ៉ាងនឹងប្រែប្រួល គ្មានពាក្យថា បារម្ភ ក្តីស្រលាញ់អ្វីទៀតឡើយ គឺមានតែពាក្យថាសងសឹក និង ស្អប់តែប៉ុណ្ណោះ។
YOU ARE READING
ល្បែងស្នេហ៍ (ចប់)
Short StorySabrina, a spectacular artist with a unique style. She found out her sister, Khalye was killed and the murderer is nowhere to be found despite evidence pointed out the businessman called Elle is involved in her death. Sabrina took a revenge all hers...