មានធ្លាប់ឆ្ងល់ទេ?!
ស្នេហ៍តែម្ខាងᥫ᭡ ភាគ10
ជំពូកទី01៖ 3ឆ្នាំដែលចាកចេញ (ត)
"ឆ្កែទ័លច្រក?ចុះលោកមានធ្លាប់ចង់ដឹងរឺអត់ថាពេលកន្លងទៅជិត3ឆ្នាំនេះ ខ្ញុំរស់នៅបែបណាខ្លះ? ជីវិតលោកលំបាក ជីវិតខ្ញុំក៏លំបាក អឹស..អឹក"
"កុំយកជីវិតគ្មានន័យខ្លឹមសាររបស់នាងមកប្រៀបនឹងយើង យើងបាត់បង់គ្រប់យ៉ាង ទ្រព្យសម្បត្តិ មុខមាត់អំណាច សូម្បីតែសេរីភាពដើរហើរក្នុងប្រទេសកំណើតខ្លួនឯង យើងក៏គ្មានសល់ដែរ គ្រប់យ៉ាងមកពីនាង..គឺមកពីនាងទាំងអស់ហ្វាន៍លីង ហ្វារ៍... នាងចង់បានបែបហ្នឹងត្រូវទេ? ត្រូវដែរទេ នាងនិយាយមក!!!" ហ្វ្រេដនិយាយបណ្ដើរ ដៃទាំងសងខាងក៏ចាប់ស្មាហ្វាន៍លីង អង្រួននាងទៅមកៗសឹងតែក្រឡក់ខួរនាងអស់ ស្រីតូចដែលមានបំណងចង់និយាយបកស្រាយ ចង់ប្រាប់ពីអ្វីដែលខ្លួនឆ្លងកាត់ក៏បញ្ឈប់ ស្ងាត់មាត់ ប្ដូរមកជាអង្គុយធ្មឹងសំឡឹងមើលទៅគេវិញ។
"នាងស្មោះត្រង់ជាមួយពួកវា ចង់ផ្គាប់ចិត្តពួកវា ហើយក៏ជ្រើសរើសបំផ្លាញយើង.. យើងគ្មានថ្ងៃលើកលែងឲ្យនាងជាដាច់ខាត ទោះជាធ្លាក់នរក យើងងាប់តៃហោង ក៏យើងនឹងទាញនាងយកទៅជាមួយដែរហ្វាន៍លីង បើកខួរនាងកត់សម្ដីទាំងនេះទុក" ហ្វ្រេដម្ដងនេះគេនិយាយច្បាស់ៗចំពោះមុខនាង ប្រាប់ពីគំនុំនិងបំណងដែលគេធ្វើរឿងទាំងអស់នេះ។
តក់!
ទឹកថ្លាឈ្វង់មួយតំណក់ក៏ហូរស្រក់ពីផែនថ្ពាល់គេធ្វើឲ្យហ្វាន៍លីងបើកភ្នែកធំៗហើយក៏រលីងរលោងយំចេញមកតែម្ដង នេះ..នេះគេយំមែនទេ? នាងមិនបានព្រាលភ្នែកទេមែនទេ?
"អ្នក..អ្នកប្រុសហ្វ្រេដ" ហ្វាន៍លីងញ័រខ្លួន ចុកទ្រូងឆីបៗ នាងមិនធ្លាប់ឃើញ មិនដែលប្រទះទឹកភ្នែករបស់ហ្វ្រេដម្ដងណាឡើយ ចាប់តាំងពីស្គាល់គេមក គេតែងតែធ្វើខ្លួនរឹងមាំ គេមិនដែលបង្ហាញភាពទន់ខ្សោយទេ តែនេះជាស្អី? ហ្វាន៍លីងហាក់ជ្រួតជ្រាបការឈឺចាប់ដែលគេបានឆ្លងកាត់ ទុក្ខសោករបស់នាងទាំងអម្បាល់ម៉ានដែលធ្លាប់ឆ្លងកាត់ហាក់រលាយរលត់អស់ត្រឹមមួយរំពិច ព្រោះតែនាងហាក់ដាក់ចិត្តកាយគិតដល់គេអស់ទៅហើយ។
"អ្នកប្រុសហ្វ្រេដ.."
តុក!តុក..
(អ្នកនាងលីង? ម៉ាឲ្យហៅអ្នកនាងនឹងលោកហ្វ្រេដចុះទៅពិសារបង្អែម)
ការសន្ទនារវាងពួកគេទាំងពីរ ក្រោយពីស្ងាត់អស់ប៉ុន្មាននាទី ក៏មានអ្នកមកគោះទ្វាររំខាន ដោយហេតុផលថាលោកយាយម្ចាស់វីឡាហៅពួកគេទាំងពីរឲ្យចុះទៅខាងក្រោម ហ្វាន៍លីងលូកដៃបំណងចង់ចាប់កាន់ស្មាហ្វ្រេដ តែក៏ត្រូវគេបដិសេធទាំងនាងមិនទាន់បានលូកទៅដល់ផង គេក្រោកឡើងមួយអស់កម្ពស់រួចបត់ថេបលេតក្នុងដៃយកទៅជាមួយ គេដើរទាំងមិនងាកក្រោយ គេចេញទៅដូចជាកាលដែលហ្វាន៍លីងចាកចេញពីគេទាំងមិនងាកក្រោយកាលគ្រានោះ។
"អ្ហឹក..អ្ហឹក" គ្រាន់តែហ្វ្រេដចេញទៅបាត់ ហ្វាន៍លីងនាងក៏បញ្ចេញសំឡេងយំយ៉ាងពិតប្រាកដមួយចេញមក នាងទម្លាក់ដៃម្ខាងច្រត់ពូក ខណៈដៃម្ខាងទៀតខ្ទប់ទ្រូងយំដង្ហក់ នាងងាកភ្នែកសំឡឹងមើលទៅកញ្ចក់បង្អួច បង្ហាញចំណាំងផ្លាតនៃសភាពខ្លួនឯងចេញពីក្នុងបង្អួចនោះមក។
"ឯងបានធ្វើស្អីខ្លះលីង? លីង ឯងបំផ្លាញបុរសដែលឯងស្រឡាញ់មែនទេ? អ្ហឹក"