ភ្លើងកំហឹងរោលខ្លួនបងហ្វ្រេដទៀតហើយ
ស្នេហ៍តែម្ខាងᥫ᭡ ភាគ15,16,17
ជំពូកទី01៖ 3ឆ្នាំដែលចាកចេញ (ត)
ម៉ោង1យប់—មន្ទីរពេទ្យក្នុងក្រុង
ដំណើរបោះជំហានឈានដើរទៅមកមិនឈប់ គ្រប់យ៉ាងកើតចេញពីការព្រួយគិតនិងភាពងឿងឆ្ងល់លាយឡំចាក់ស្រេះពាសពេញខួរក្បាលនាយតែម្ដង ឡេនណូស៍ទប់ចិត្តខ្លួនឯងសឹងតែមិនបាន ចង់តែទម្លុះចូលទៅមើលនាង សួរនាំនាងឲ្យច្បាស់លាស់ ថានាងមានរឿងអី ទើបបានជាបណ្ដោយឲ្យខ្លួនឯងធ្លាក់មកដល់ដំណាក់កាលមួយនេះ ដំណាក់កាលដែលដេកសន្លប់ស្ដឹងលើពូកដូចជាមនុស្សគ្មានទីពំនាក់សោះ។
ក្រាក!
ការរង់ចាំដ៏សែនអន្ទះអន្ទែងរបស់ឡេនណូស៍ក៏ត្រូវបានបញ្ចប់ ក្រោយពីរាងកាយហ្វាន៍លីងរុញចូលទៅក្នុងនោះអស់មួយសន្ទុះ ពេលនេះដុកទ័រក៏ចេញមកវិញ តែគាត់មិនបានចេញតែឯងទេ ពោលគឺហ្វាន៍លីងត្រូវពេទ្យស្រីម្នាក់ដាក់ឲ្យអង្គុយលើរទេះ រួចទើបរុញនាងចេញមក។
"ហ្វាន៍? ហ្វាន៍នាងយ៉ាងមិចទៅហើយហ្នឹង?" សំនួរដែលគេបានគិតមុននោះក៏កប់បាត់ទៅក្នុងអារម្មណ៍អស់ ក្រោយពីក្រឡេកឃើញវត្តមានអ្នកដេកសន្លប់មួយស្រប៉ក់មុននោះចេញមក នាងមិនទាន់និយាយអី តែក៏ងើបមុខសំឡឹងមើលមកគេ ព្រមជាមួយអារម្មណ៍បែបដឹងខុស។
"ដោយសារតែខ្ញុំទើបអ្នកប្រុសត្រូវហត់នឿយ មិនបានសម្រាកទាំងដែលទើបតែហោះហើរអស់ជាច្រើនម៉ោងរួចមក ឲ្យខ្ញុំសុំទោស" ហ្វាន៍លីងនិយាយរួចហើយក៏អោនមុខចុះលែងហ៊ានសំឡឹងមើលចំមុខរបស់ឡេនណូស៍ទៀត នាងមិននឹកស្មានសោះថាការធ្វេសប្រហែសរបស់នាង ប្រែក្លាយរឿងឲ្យវាទៅជាធំបែបនេះ ដំបូងនាងអស់កម្លាំងខ្លាំងពេកនាងក៏សម្ងំគេង គេងទាំងមិនបានញ៊ាំបបរដែលម៉ាបានយកមកឲ្យនាង ទើបបានជានាងអស់កម្លាំងដល់ថ្នាក់ខ្យល់គរបែបនេះ។
"បើដឹងខ្លួនខុសហើយថ្ងៃក្រោយឲ្យចេះមើលថែសុខភាពខ្លួនឯងផង នេះបើនាងកើតអីទៅ ម៉ាច្បាស់ជាបារម្ភ គាត់ច្បាស់ជាបន្ទោសខ្លួនឯងដែលមិនអាចមើលថែនាងឲ្យបានល្អ ហើយអ្នកខាងណោះក៏ប្រហែលជានឹងខូចចិត្ត ព្រោះពេលវេលាកំណត់ត្រូវជួបគ្នានៅតែបន្តិចទៀតក៏ដល់ នាងមិនចង់ជួបគេទេហ្អេស៎?"
"បើខ្ញុំក៏កុហកថាមិនចង់ អ្នកប្រុសក៏ប្រហែលជាមិនជឿដែរត្រូវទេ?" ហ្វាន៍លីងឆ្លើយតបទៅកាន់ឡេនណូស៍ នាំភាពអ៊ុអរចូលមកកំដរបរិយាកាស ក្រោយពីនៅខាងក្រៅស្ងាត់មួយសន្ទុះធំរួចមក ឡេនណូស៍ក្រវីក្បាលតិចៗរួចលើកដៃម្ខាងឈ្លីក្បាលហ្វាន៍លីងទៅមក។
"ឃើញនាងមិនអីយើងក៏ត្រេកអរ.." គេនិយាយទាំងមិនមើលមុខនាង តែដៃគេក៏អង្អែលក្បាលហ្វាន៍លីងទៅមកនាំឲ្យនាងញ៉ោចស្នាមញញឹមស្រាលចេញមក ស្រីតូចដែលអោនមុខចុះមុននោះ ពេលនេះក៏ត្រូវងើបឡើងមើលទៅអ្នកប្រុសដែលតែងតែមេត្តាដល់ខ្លួនកន្លងមក គេមិនដែលខឹង មិនដែលគំហក រឹតតែមិនដែលបង្ហាញការស្អប់ខ្ពើមដល់នាង ទាំងដែលនាងមិនមែនជាមនុស្សកើតលើគំនរប្រាក់ដូចជាគេ ឡេនណូស៍មានចំណុចជាច្រើនដែលធ្វើឲ្យនាងស្ញើចសរសើរនិងច្រណែនគេ មានតែរឿងម៉្យាងប៉ុណ្ណោះដែលនាងមិនធ្លាប់គិតរឺផ្ដល់ឲ្យគេ នោះគឺជាការស្រឡាញ់បែបមនោសញ្ចេតនាសុីជម្រៅដែលមានរវាងមនុស្សស្រីប្រុស នាងមិនអាចផ្ដល់វាជូនដល់គេទេ ព្រោះនាងមិនដែលប្រាថ្នា ម៉្យាងតាំងពីដើមមកបេះដូងនាងក៏គ្មានចន្លោះទំនេរសម្រាប់ដាក់នរណាចូលស្រាប់ហើយ។
"និយាយអ៊ីចឹង មាត់នាងទៅត្រូវហ្នឹងអីមក? យើងឃើញមានស្នាមហើមជាំចម្លែក" ក្រោយពីឈរអង្អែលក្បាលអ្នកក្បែរខ្លួនបានមួយសន្ទុះ ឡេនណូស៍ក៏ចោទសំនួរដែលខ្លួនឆ្ងល់តាំងពីមកដល់ភ្លាមទៅកាន់ហ្វាន៍លីង ស្រីតូចស្ងាត់មាត់តែក៏ចោលភ្នែកសំឡឹងមើលទាំងកាន់ឡេនណូស៍ទាំងការគិតពិចារណាបំផុត។
(ខ្ញុំគួរតែនិយាយប្រាប់អ្នកប្រុសថាយ៉ាងមិច? អ្នកដែលខ្ញុំព្យាយាមរត់គេចកាលពីជិត3ឆ្នាំត្រឡប់មកវិញបំពាននិងតាមធ្វើបាបខ្ញុំ អ៊ីចឹងមែនទេ? ខ្ញុំមិនចង់ធ្វើជាបន្ទុករបស់អ្នកប្រុសនោះទេ អ្នកប្រុសឡេនណូស៍)
ទោះបីជាចិត្តចង់និយាយប្រាប់គេផាំងៗឲ្យគេដឹងពីទុក្ខលំបាករបស់ខ្លួនប៉ុណ្ណាក៏ហ្វាន៍លីងនាងមិនអាចហើបមាត់និយាយចេញមកកើត ព្រោះនាងមិនចង់ឲ្យមនុស្សតែម្នាក់ដែលនាងសេសសល់ស្អប់ខ្ពើមនាង មាក់ងាយនាងដូចជាទង្វើដែលហ្វ្រេដបានធ្វើមកនាងឡើយ ត្រឹមតែការស្អប់ខ្ពើមរបស់គេម្នាក់នោះនាងក៏ឈឺចាប់ស្ទើរតែស្លាប់ទៅហើយ។
"ខ្ញុំដើរមិនប្រយត្ន័ក៏បុកមាត់និងថូផ្កា ពេលស្រោចទឹកប៉ុន្មានថ្ងៃមុន អ្នកប្រុសកុំបារម្ភអី លាបថ្នាំបន្តិចក៏នឹងអស់អីហើយណា៎" នាងដឹងថាការដែលនាងលើកឡើងវាអាចនឹងមិនសមហេតុផល មិនគួរឲ្យជឿជាក់ តែឡេនណូស៍គេក៏មើលមុខនាង មើលបន្តិចក៏ញញឹមនិងលែងដេញដោលទៀត ហាក់បីដូចជាគេយល់ព្រមទទួលជឿការកុហកមួយនោះ ឃើញគេចិត្តទូលាយនិងមានហេតុផលបែបនេះ ហ្វាន៍លីងក៏បែរជាមានអារម្មណ៍ថាចុកទ្រូងខ្ទោកៗ បុរសដែលនាងមិនបានស្រឡាញ់ជាមនុស្សដែលមានហេតុផលនិងយល់ចិត្តបំផុត តែបែរជាអ្នកដែលនាងស្រឡាញ់ឯណោះវិញក៏ចិត្តខ្មៅ ផ្ដាច់ការហើយក៏យល់តែចិត្តខ្លួនឯងប៉ុណ្ណោះ។
(បើអ្នកប្រុសហ្វ្រេដគិតដូចជាអ្នកប្រុសឡេនណូស៍ មិនដឹងជាល្អកម្រិតណាទេ)