3

1.7K 32 0
                                    

A manipulator

នៅក្នុងក្លឹបរាត្រីមួយកន្លែង សម្លេងអបអរសាទររបស់បណ្តារមិត្តភក្តិដែលមកជួបជុំគ្នាលាន់រំពង ហើយម្នាក់ៗ​ លើកកែវជល់គ្នាទាំងស្នាមញញឹម និងសម្រែកស្រែកហោរទ្រហឹងអឺងកង។

«រីករាយថ្ងៃកំណើត លីលី!!!» មិត្តទាំងឡាយរបស់ម្ចាស់លើកកែវមកជល់នឹងនាងរួចនិយាយជូនពរនាងម្តងម្នាក់ៗ

«អរគុណណា៎» លីលី ញញឹមពព្រាយ តែក្រសែភ្នែកចេះតែដៀងមើលមាត់ទ្វារមិនដាច់។

«ចាំហ្សែកមែនទេ?» អ៊ែលលីស ជល់កែងដៃនឹងមិត្តសម្លាញ់ តែក៏ប្រើសម្លេងចម្អែរចម្អន់ដាក់ពេលចាប់ពិរុទ្ធរបស់មិត្តនាងបាន។

«គេមិនធ្លាប់យឺតយ៉ាវ» លីលី ពោលតិចៗ អាការៈតូចចិត្តចាប់ផ្តើមរីករូបរាង។ នេះជាថ្ងៃកំណើតនាង ហើយតាំងពីសេពគប់គ្នាមកសង្សារសំណព្វចិត្តមិនធ្លាប់ខកខានថ្ងៃសំខាន់បែបនេះ។

«រវល់រើសកាដូទេដឹង? ឯងក៏ដឹងថា ហ្សែក ជាមនុស្សយ៉ាងម៉េច» អ៊ែលលីស ព្យាយាមលើកហេតុផល ហើយវាក៏ពិត​ដែល​ លីលី ដឹងថា ហ្សែក មិនពូកែរើសកាដូ។

«រសនិយមរបស់គេធ្វើអោយគ្នាត្រូវឈឺក្បាលមិនតិចទេ! មិត្តភក្តិឯងម្នាក់នេះពិតជា ហ៊ើយ...» លីលី ដកដង្ហើមធំពេលនឹកឃើញកាដូដែលនាងទទួលបានពីមិត្តប្រុសកន្លងមក។

«សង្សារឯងសោះ! កុំមកទម្លាក់ដាក់គ្នាមើល៎»

«គ្នាទៅបន្ទប់ទឹកមួយភ្លែត!» លីលី ក្រោកពីសាឡុង ហើយដើរមួយៗ ទៅច្រកតូចដែលជាផ្លូវទៅបន្ទប់ទឹក។

រាងខ្ពស់ដែលអង្គុយពីចម្ងាយតាមមើលសកម្មភាពរបស់នាងគ្រប់ជំហាន ហើយពេលឃើញឱកាសមកដល់ រាងមាំក្រោកវឹបពីកៅអី រួចដើរតាមនាងពីក្រោយស្ងាត់ៗ។

លីលី មានអារម្មណ៍ថាមានសម្រឹបជើងដើរតាម តែក៏មិនយកចិត្តទុកដាក់អីច្រើន ហើយបោះជំហានទៅចូលក្នុងបន្ទប់ទឹកធម្មតា តែឈានជើងទើបតែបានមួយជំហាន រាងស្តើងរបស់នាងត្រូវដៃក្រាស់ក្រសោបជាប់ហើយរុញនាងផ្អឹបនឹងជញ្ជាំងដោយមានដៃទាំងពីរជារនាំងមិនអោយនាងចេញទៅណារួច។

កម្តៅស្នេហ៍ (Start Over) - ចប់Where stories live. Discover now