ភាគ០៧

568 17 0
                                    


    “ មនុស្សឈាមត្រជាក់ ”
   
    លែនស៍ ឈរយាមស្រីក្រមុំដែលអង្គុយញុំបាយ រហូតលើកនាឡិកានៅនឹងដៃមើលម៉ោងជិតដប់ដងទៅហើយ នាងនៅញុំបាយមិនទាន់អស់ទៀត ទើបគេចាប់ផ្តើមតឿននាង។
    « ញុំឲ្យលឿនៗបន្តិចទៅអ្នកនាង ខ្ញុំមានការងារត្រូវធ្វើច្រើនណាស់ មិនមែនទំនេរទេ » គេរអ៊ូដាក់អ្នកដែលអង្គុយញុំធ្វើប្រងើយ ធ្វើដូចជាមិនបានលឺសំឡេងដាស់តឿនរបស់គេសូម្បីតែបន្តិច ។
    « លោកមានការងារក៏ទៅធ្វើទៅ ខ្ញុំមិនបានប្រើលោកឲ្យមកឈរចាំខ្ញុំឯណា »អាយវី ងាកមុខស្រស់ស្អាតទៅតមាត់ជាមួយ លែនស៍ វិញ ដោយធ្វើជាមិនយល់ពីហេតុផលដែលនាំឲ្យគេឈរចាំនាងនៅទីនេះ។
    « បើខ្ញុំទៅនាងប្រាកដជារត់បាត់មិនខាន ឆាប់ញុំឲ្យលឿនទៅបាយមួយចានញុំប៉ុន្មាម៉ោងទៅ » កុំស្មានតែគេមិនដឹងថាក្នុងចិត្តរបស់នាងកំពុងគិតអ្វី នាងកំពុងចង់ពន្យារពេលមិនចង់ទៅធ្វើការងារ ហើយប្រហែលក៏កំពុងរកវិធីរត់គេពីទីនេះដែរ គិតមែនទេថាគេបណ្តោយឲ្យនាងប្រើល្បិចបែបនេះមកបោកប្រាស់គេបាននោះ។
    « ខ្ញុំដឹងថាខ្ញុំរត់គេចពីទីនេះមិនរួចទេ ដូច្នេះខ្ញុំមិនរត់នាំតែហត់អត់អំពើទេ » នាងតបជាមួយគេវិញយ៉ាងរំភើយ ហើយក៏ងាកទៅញុំអាហារបន្តដោយកាយវិការរហ័សជាងមុន ដើម្បីមិនឲ្យ លែនស៍ រអ៊ូរទាំថានាងញុំយឺតតទៅទៀត។
    « ចៅហ្វាយ អា! អ្នកនាង អាយវី នៅទីនេះនៅឡើយទេ? ខ្ញុំស្មានតែនាងត្រឡប់ទៅវិញហើយ? » វៀរ៍ រត់ចូលមករក លែនស៍ តែក៏ត្រូវភ្ញាក់ផ្អើលនឹងវត្តមានរបស់ស្រីក្រមុំដែលគេបាននាំមកទីនេះកាលពីម្សិលមិញ។ តាំងពីគេបាននាំនាងទៅជួបចៅហ្វាយនាយហើយ គេក៏មិនបានឃើញនាងនៅក្នុងចម្ការទៀតទេ ទើបគេគិតថានាងប្រហែលត្រូវចៅហ្វាយរបស់គេឲ្យកម្មករក្នុងចម្ការជូននាងត្រឡប់ទៅវិញហើយ តែពេលមកឃើញនាងនៅអង្គុយញុំអាហារនៅទីនេះ គេពិតជាភ្ញាក់ផ្អើលនិងងឿងឆ្ងល់ខ្លាំងណាស់។ ចៅហ្វាយរបស់គេមិនបានចាត់ការដេញនាងចេញពីចម្ការទេ ហើយនៅឲ្យនាងមកអង្គុយញុំអាហារនៅទីនេះយ៉ាងសុខស្រួលទៀត តើចៅហ្វាយរបស់គេស្គាល់នាងមែនទេ? ឬក៏នាងជាម្ចាស់ថ្មីនៅទីនេះពិតមែន?។
    « លោកពូ...»
    « ឯងមានការអ្វីនិយាយជាមួយខ្ញុំមែនទេ? ពួកយើងទៅនិយាយគ្នានៅខាងនោះល្អជាង ចាអុីម ជួយមើលនាងផង » លែនស៍ រហ័សនិយាយកាត់ អាយវី និងបបួល វៀរ៍ ទៅនិយាយគ្នានៅកន្លែងផ្សេង ដើម្បីមិនឲ្យ អាយវី មានឱកាសបាននិយាយឬក៏សុំជំនួយពី វៀរ៍ បាន។ មុននឹងចេញទៅគេក៏មិនភ្លេចប្រាប់ឲ្យ ចាអុីម ចូលមកយាម អាយវី ជំនួសគេផងដែរ។
    គ្រាន់តែ លែនស៍ ចេញទៅបានបន្តិច អាយវី ក៏ប្រញាប់ញុំអាហារដល់អស់ពីក្នុងចានរលីង ធ្វើឲ្យ ចាអុីម បើកភ្នែកធំៗព្រោះមិននឹកស្មានថានាងញុំលឿនដល់ថ្នាក់នេះសោះ។
    « ខ្ញុំញុំអស់ហើយ » អាយវី ញញឹមដាក់អ្នកដែលឈរបើកភ្នែកធំៗសម្លឹងមុខរបស់នាង។
    « ហេតុអ្វីក៏លឿនបែបនេះ? មុននេះមិនឃើញញុំឲ្យលឿនបែបនេះផង ឬក៏មុននេះនាងមានចេតនាឲ្យចៅហ្វាយឈរចាំនាង »
    « អ្នកណាទៅហ៊ានធ្វើបែបនោះដាក់ចៅហ្វាយកាចរបស់បងស្រីទៅ ប៉ុន្តែ...អ៊ួយ! » នៅសុខៗ អាយវី ស្រាប់តែទប់ពោះស្រែកទាំងឈឺចាប់ឡើងដាក់ ចាអុីម ធ្វើឲ្យនាងភ័យមួយរំព្រិច ។
    « តើកើតអ្វីនឹង? » ចាអុីម ភ័យពេលឃើញនាងទប់ពោះដូចជាឈឺខ្លាំងបែបនេះ បើនាងស្លាប់ដោយសារតែបាយម្ហូបរបស់នាង នាងនឹងត្រូវជាប់គុកមិនខាន ទើបនាងភ័យស្លេកមាត់ពេលឃើញក្មេងម្នាក់នេះចាប់ផ្តើមទៅជាបែបនេះ។
    « ខ្ញុំប្រាប់ហើយថាខ្ញុំញុំបន្លែមិនបានទេ ឃើញទេពោះរបស់ខ្ញុំចាប់ផ្តើមឈឺហើយ តើបន្ទប់ទឹកនៅត្រង់ណា? ខ្ញុំចង់ទៅបន្ទប់ទឹក » អាយវី ប្រឹងធ្វើភ្នែកប្រឹមៗនិងយកដៃទប់ពោះសម្តែងធ្វើដូចជាឈឺពោះខ្លាំងណាស់ ដើម្បីឲ្យ ចាអុីម ព្រមឲ្យនាងទៅបន្ទប់ទឹក ។
    « នៅខាងនោះ ឆាប់ទៅៗ ហើយឆាប់ត្រឡប់មកវិញផង » ចាអុីម ចង្អុលប្រាប់ផ្លូវទៅបន្ទប់ទឹកដល់ អាយវី ទាំងមិនបានគិតច្រើន ព្រោះនាងមិនបានដឹងរឿងដែល អាយវី ចង់រត់នោះទេ ទើបនាងមិនខ្វល់ច្រើន ណាមួយភ័យខ្លាចនាងកើតអ្វីឡើងមកដោយសារតែសម្លររបស់នាងផង ទើបប្រាប់ឲ្យ អាយវី ប្រញាប់ទៅបន្ទប់ទឹក។
    « អរគុណបងស្រីណាស់ បងស្រីចិត្តល្អជាងគេ » អាយវី ក្រោកឈរឡើងទាំងឱនឱបពោះជាប់ តែក៏មិនភ្លេចអរគុណដល់អ្នកដែលបានជួយសង្គ្រោះជីវិតរបស់នាងក្នុងពេលនេះ បើនាងរត់ចេញពីចម្ការនេះបានពេលណា នាងមិនភ្លេចគុណអ្នកធ្វើម្ហូបល្ងង់ៗម្នាក់នេះទេ។ អាយវី លួចសើចក្នុងចិត្តហើយក៏រហ័សរត់ទៅតាមផ្លូវដែល ចាអុីម ចង្អុលប្រាប់មុននេះយ៉ាងលឿន តែនាងមិនបានសំដៅទៅបន្ទប់ទឹកនោះទេ នាងបែរជារត់សំដៅរកផ្លូវចេញពីចម្ការវិញ។
   
   ចំណែកឯនៅរោងអាហារកម្មករវិញ ពេល លែនស៍ និយាយការងារចប់ត្រឡប់មកវិញក៏បានឃើញត្រឹម ចាអុីម ដែលកំពុងប្រមូលចានអាហារដែលអស់នៅលើតុយកទៅលាងដើម្បីរៀបចំទុកដាក់។
   « ចាអុីម ចុះក្មេងដែលខ្ញុំឲ្យនាងមើលទៅណាហើយ? » លែនស៍ សួរទៅកាន់ ចាអុីម ទាំងមានអារម្មណ៍មិនស្រួល ព្រោះក្រៅពីគេគ្មានអ្នកណាតាមទាន់ល្បិចក្មេងម្នាក់នោះទេ នាងប្រាកដជាឆ្លៀតឱកាសដែលគេមិននៅហើយ លួចគេចខ្លួនមិនខាន ប៉ុន្តែទោះជាគេគិតយ៉ាងនេះក្តីក៏គេនៅតែសួរ ចាអុីម ឲ្យដឹងរឿងជាមុនសិន ព្រោះខ្លាចមានរឿងកើតឡើងខុសពីនេះ។
   « គឺនាងញុំបាយម្ហូបអស់ហើយ ក៏ស្រែកថាឈឺពោះ នាងថាពោះរបស់នាងមិនអាចញុំបន្លែបានទេ ពេលនេះនាងទៅបន្ទប់ទឹកហើយ » ចាអុីម រៀបរាប់ប្រាប់ លែនស៍ តាមអ្វីដែល អាយវី រៀបរាប់ប្រាប់នាងមុននេះ។
   « ឈឺពោះទៅបន្ទប់ចឹងមែនទេ? មិនអីទេ ធ្វើការរបស់នាងទៀតចុះ » គ្រាន់តែស្តាប់តាមការរៀបរាប់របស់ ចាអុីម គេក៏មានអារម្មណ៍ថាវាមិនទំនងបាត់ទៅហើយ ទើបគេរហ័សទៅតាមរកមើលនាងនៅឯបន្ទប់ទឹក ចង់ដឹងឲ្យច្បាស់ថាជាការពិតឬក៏នាងគ្រាន់តែកុហកគេដើម្បីរត់គេចទេ។
   លែនស៍ រត់យ៉ាងលឿនសំដៅទៅបន្ទប់ទឹកដែលនៅខាងក្រោយរោងអាហារ រួចក៏គោះទ្វាបន្ទប់មួយដែលបិទទ្វាដូចជាមានមនុស្សនៅខាងក្នុង។
   « អាយវី តើយ៉ាងម៉េចហើយ? ត្រូវការឲ្យលោកពូជូនទៅមន្ទីរពេទ្យទេ? » គេមិនបានបារម្ភពីនាង ទើបសួរដោយសម្តីផ្អែមបែបនេះទេ គេគ្រាន់តែចង់ឲ្យនាងឆ្លើយតបជាមួយគេតែប៉ុណ្ណោះ បើគេនិយាយដោយសម្តីអាក្រក់ដូចរាល់ដង ច្បាស់ណាស់ថានាងនឹងមិនឆ្លើយជាមួយគេទេ អ៊ីចឹងគេដឹងបានយ៉ាងម៉េចទៅថានាងនៅខាងក្នុងឬអត់នោះ។
   ក្រាក!
   « ចៅហ្វាយ! ចៅហ្វាយរកអ្នកណាមែនទេ? » កម្មករម្នាក់បើកទ្វាបន្ទប់ទឹកចេញមកញញឹមស្រស់ចេញធ្មេញបាក់ដាក់ លែនស៍ ទើបធ្វើឲ្យនាងកម្លោះភ្ញាក់ខ្លួនព្រើតដឹងថាក្មេងជើងល្អនោះរត់បាត់ហើយ។
   « នាងជើងល្អ អាយវី! » លែនស៍ ហៅឈ្មោះនាងដោយខឹងក្តៅមុខភាយមួយរំព្រិច ហើយក៏ប្រញាប់រត់ទៅតាមរកនាងភ្លាម។
   « ស្អីនឹងមិនយល់ទេ? ខាតពេលជុះអស់ហើយខ្ញុំ » កម្មករក្រវីក្បាលមិនយល់រឿង ហើយក៏ចូលទៅក្នុងបន្ទប់ទឹកធ្វើភារកិច្ចរបស់ខ្លួនបន្តទៀត។
  
   ច្រកចេញចម្ការ
  
   « ចំបើងនៅចម្ការយើងមានច្រើនហើយ ទើបចៅហ្វាយឲ្យដឹកយកទៅចែកអ្នកភូមិដែលត្រូវការប្រើនៅក្បែរនេះខ្លះ »
   វៀរ៍ រវល់ឈររាប់រៀបប្រាប់អ្នកដែលត្រូវបើកឡានដឹកចំបើងនេះចេញទៅចែកឲ្យអ្នកភូមិដែលត្រូវការប្រើ ទើបមិនបានមើលថាមានស្រីក្រមុំម្នាក់លួចរត់ចូលទៅសម្ងំលាក់ខ្លួននៅក្នុងគំនរចំបើងលើឡាន។
   « បាទ » អ្នកដែលត្រូវបើកឡានដឹកចំបើងទទួលយកសោពីក្នុងដៃរបស់ វៀរ៍ រួចក៏ដើរសំដៅមកឡានដឹកចំបើង។
   « ឈប់សិន! » សំឡេងគ្រលរដែលអ្នកបើកឡានស្គាល់ច្បាស់ថាជាចៅហ្វាយនាយ ស្រែកបញ្ឈប់គេពីចម្ងាយ ទើបគេត្រូវឈប់មួយកន្លែងរងចាំចៅហ្វាយដែលរត់ចូលមក។
   « ចៅហ្វាយ មានការអ្វីមែនទេ? » វៀរ៍ ឃើញ លែនស៍ រត់ចូលមក ទើបគេដើរចូលមកសួរ។
   « គឺថ្ងៃនេះខ្ញុំទំនេរ ហើយខ្ញុំចង់ទៅលេងអ្នកភូមិក្បែរនេះរល្មម ចឹងទុកឲ្យខ្ញុំជាអ្នកបើកឡាននេះទៅ » លែនស៍ សុំខ្លួនជាអ្នកបើកឡានដឹកចំបើងយកទៅឲ្យអ្នកភូមិ ដោយទឹកមុខរីករាយខុសពីធម្មតា ទើបធ្វើឲ្យ វៀរ៍និងកម្មកររាងចម្លែកចិត្តបន្តិច តែក៏មិនហ៊ានសួរដេញដោលច្រើនដែរ បើចៅហ្វាយចង់ទៅហើយគេក៏បានត្រឹមហុចសោឡានឲ្យចៅហ្វាយ។
   « យប់មិញទើបតែភ្លៀងហើយ ដូច្នេះផ្លូវរអិលបន្តិចហើយ ចៅហ្វាយបើកឡានប្រយ័ត្នផង » កម្មករហុចសោឡានឲ្យអ្នកជាចៅហ្វាយដោយមិនភ្លេច ប្រាប់ឲ្យចៅហ្វាយប្រយ័ត្នប្រយែងតាមផ្លូវ។
   « ខ្ញុំដឹងហើយ » លែនស៍ ទទួលយកសោពីកម្មករហើយក៏បើកទ្វារឡានបម្រុងចូលទៅខាងក្នុងតែក៏ត្រូវ វៀរ៍ ចូលមកចាប់ស្មាគេទុកភ្លាមៗ ធ្វើឲ្យ លែនស៍ ងាកមកសម្លឹងគេវិញដោយកែវភ្នែកមិនធម្មតា ព្រោះគិតថា វៀរ៍ ចង់ហាមគេមិនឲ្យបើកឡាននេះទៅដោយខ្លួនឯង។
   « សុំទោសចៅហ្វាយ តែខ្ញុំមានរឿងមួយចង់សួរ គឺកាតាបសម្លៀកបំពាក់របស់អ្នកនាង អាយវី នោះនៅក្នុងឡានរបស់ខ្ញុំនៅឡើយ តើឲ្យខ្ញុំយកទៅទុកនៅឯណា? » វៀរ៍ រហ័សនិយាយពីគោលបំណងដែលគេចាប់ស្មាចៅហ្វាយមុននេះភ្លាមៗព្រោះខ្លាចចៅហ្វាយរបស់គេខឹង។
   « យកទៅទុកនៅក្នុងផ្ទះតូចក្បែរចម្ការតែទៅ » លែនស៍ តបជាមួយ វៀរ៍ ហើយក៏ឡើងឡានបើកចេញទៅយ៉ាងរហ័ស។
   « គេឃុំខ្ញុំមិនជាប់ ទើបចង់ឃុំកាតាបរបស់ខ្ញុំជំនួសមែនទេ? គេពិតជាព្រៃផ្សៃខ្លាំងណាស់ » អាយវី ដែលសម្ងំលាក់ខ្លួននៅក្រោមចំបើងរអ៊ូម្នាក់ឯងស្ងាត់ៗពេលស្តាប់លឺថា លែនស៍ ឲ្យ វៀរ៍ យកកាតាបរបស់នាងទៅទុកនៅឯផ្ទះតូចក្បែរចម្ការហើយ។
  
   តាមផ្លូវចេញពីចម្ការមកនាងសម្ងំក្នុងចំបើងស្ងៀមមិនហ៊ានបញ្ចេញសំឡេងឲ្យលឺសូម្បីតែបន្តិច រហូតដល់ពេលមួយ...
   ងុឺត! ផាំង!
   នៅសុខៗឡានដែលបើកយ៉ាងលឿនចេញពីចម្ការមកដល់ពាក់កណ្តាលផ្លូវស្រាប់តែឈប់យ៉ាងទាន់ហន់ ធ្វើឲ្យរាងស្តើងដែលសម្ងំនៅក្រោយជាមួយចំបើងត្រូវរមៀលទៅមុខបុកនឹងជញ្ជាំងលាន់លឺសំឡេងដល់អ្នកដែលអង្គុយនៅខាងមុខ ធ្វើឲ្យគេអស់សំណើចឡើង តែគេក៏ប្រឹងទប់មិនហ៊ានសើចលឺខ្លាចអ្នកដែលលាក់ខ្លួននៅខាងក្រោយដឹងខ្លួនមុន។
   « ឡានកើតអី្វនឹង? ហេតុអ្វីជាន់ហ្គែរមិនកើត? » លែនស៍ និយាយលឺៗមានចេតនាឲ្យអ្នកដែលលាក់ខ្លួននៅខាងក្រោយបានលឺ។
   « ឡានខូចមែនទេ? អាយវី អើយជីវិតឯងពិតជាស៊យណាស់ » អាយវី រអ៊ូទាំងខកចិត្តពេលលឺថាឡានខូចនៅពាក់កណ្តាលផ្លូវ នាងប្រហែលមិនអាចគេចផុតពីគេបានទេមើលទៅ ហេតុអ្វីក៏ឡានមកខូចចំពេលសំខាន់បែបនេះ? នាងមិនចង់ត្រឡប់ទៅចម្ការវិញទេ នាងត្រូវរកវិធីរត់ទៅមុខទៀតឲ្យទាល់តែបាន។  
   ក្រាក!
  
   អាយវី ផ្ទៀងមើល លែនស៍ តាមប្រឡោះតូចមួយពេលលឺសំឡេងបើកទ្វាឡានរបស់គេហើយ ទើបបានឃើញរាងក្រាស់ដើរទៅរើសដុំថ្មនៅក្បែរចិញ្ចើមផ្លូវមួយដុំមក ធ្វើឲ្យនាងចងចិញ្ចើមចូលគ្នាព្រោះមិនយល់ថាគេកំពុងចង់ធ្វើអ្វីឲ្យពិតប្រាកដ។
   ក្រោយ លែនស៍ រើសដុំថ្មហើយ គេយកដុំថ្មនោះទៅសង្កត់លើហ្គែរឡាន ធ្វើឲ្យឡានដែលបញ្ឆេះស្រាប់ទៅមុខដោយល្បឿងមិនលឿនប៉ុន្មាន ចំណែកគេក៏នៅឈរញញឹមមើលឡានដែលទៅមុខដោយគ្មានអ្នកបើក ហើយក៏ធ្វើជាស្រែកស្លន់ស្លោឡើងខ្លាំងៗ។
   « អ្ហា! ធ្វើយ៉ាងម៉េចទៅ? ខ្ញុំមិនទាន់បានឡើងឡានទេ » លែនស៍ ស្រែកខ្លាំងៗធ្វើឲ្យលឺដល់ស្រីក្រមុំដែលសម្ងំនៅក្នុងចំបើងលើឡាន។ ដំបូងនាងគិតថាគេឡើងឡានហើយ ទើបបានជាឡានទៅមុខ តែពេលដឹងថាគេមិនបានឡើងឡាន ហើយឡានទៅមុនដោយឯកឯងនោះ នាងក៏ងើបចេញពីក្រោមចំបើងមកទាំងភ័យស្លន់ស្លោ ជាពិសេសពេលឃើញ លែនស៍ នៅឈរឱបដៃសើចចំអកឲ្យនាង ទើបនាងដឹងថាតាមពិតគេមានចេតនាធ្វើឲ្យឡានទៅមុខដោយខ្លួនឯង ដើម្បីធ្វើបាបនាង គេពិតជាអាក្រក់ខ្លាំងណាស់ តើគេគិតសម្លាប់នាងឬយ៉ាងម៉េចទើបធ្វើបែបនេះ?។
   « តើខ្ញុំ...គួរធ្វើយ៉ាងម៉េច? ហ៊ឹក! » អាយវី ឆ្លេឆ្លាពេញលើឡានព្រោះក្រឡេកទៅមុខក៏ឃើញឡានកំពុងតម្រង់ទៅធ្លាក់ផ្លូវហើយ បើឡានក្រឡាប់នាងស្លាប់មិនខានទេ គេលេងហួសហេតុពេកហើយ នេះមិនមែនលេងធម្មតាទេ តែហៅថាចង់សម្លាប់នាងច្រើនជាង គេពិតជាព្រៃផ្សែពេកហើយ។
   « អ្ហាយ! »
   ផាំង! ប្រាវ!
   ឡានធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងហើយដែល អាយវី លោតចុះពីលើឡានទាន់ពេល តែក៏ត្រូវឈឺខ្លួនគេងនៅក្នុងស្មៅមួយកន្លែងងើបទៅណាមិនរួចភ្លាមៗ។
   « ឈាម! » អាយវី កាន់តែភ័យខ្លាំងឡើងពេលនាងលើដៃទៅប៉ះក្បាលហើយមានឈាមជាប់មកតាមដៃរបស់នាង ។ នាងស្ទើរតែស្លាប់ព្រោះតែគេ ប៉ុន្តែគេនៅមានអារម្មណ៍ញញឹមស្រស់ដើរចូលមករកនាងទៀត គេពិតជាឈាមត្រជាក់ខ្លាំងណាស់។
   « ខ្ញុំខំតាមរកនាងពេញមួយព្រឹក តាមពិតនាងនៅទីនេះសោះ » គេមានចេតនាងនិយាយបញ្ឈឺឌឺដងឲ្យអ្នកដែលត្រូវគេធ្វើបាបស្ទើរស្លាប់ស្ទើររស់មុននេះ បើនាងមិនគិតរត់គេចពីគេ គេក៏មិនធ្វើបាបនាងដល់ថ្នាក់នេះដែរ ក្មេងស្រីមានល្បិចកលច្រើនដូចនាងសមតែជួបបែបនេះ ចាំមើលថ្ងៃក្រោយនាងហ៊ានប្រើល្បិចបែបនេះដើម្បីរត់ចេញពីទីនេះទៀតទេ។
   « កុំមកធ្វើពើជាមិនដឹងថាខ្ញុំនៅលើឡាននោះ លោកមានចេតនាចង់សម្លាប់ខ្ញុំក៏និយាយតាមត្រង់មក » អាយវី ស្រែកគំហកដាក់អ្នកដែលឈរនៅចំពោះមុខរបស់នាងទាំងឈឺចិត្តលើសឈឺរបួសដែលមានពេញលើខ្លួននៅពេលនេះទៅទៀត កុំឲ្យដល់វេននាងវិញឲ្យសោះ នាងនឹងធ្វើឲ្យគេឈឺលើសនាងរាប់លានដង ចាំតែមើលទៅ។
   « បើខ្ញុំចង់សម្លាប់នាងមែន ប្រហែលមិនឲ្យឡានទៅមុខយឺតដល់ថ្នាក់នេះទេ »
   « លោកសារភាពហើយថាលោកពិតជាអ្នកដែលធ្វើឲ្យឡានទៅមុខមែន លោកមានចេតនាចង់ធ្វើបាបខ្ញុំ ខ្ញុំនឹងប្តឹងលោកពីបទព្យាយាមសម្លាប់មនុស្ស »
   « មុននឹងចង់ប្តឹងខ្ញុំ ពេលនេះប្រឹងក្រោកឈរឲ្យរួចសិនទៅ » គេឈរសម្លឹងជង្គង់របស់នាងដែលដាច់រលាត់ចេញឈាម នៅមានរបួសនៅកែងដៃនិងក្បាលថែមទៀត ឃើញហើយក៏មានចិត្តអាណិតនាងបន្តិចដែរ តែជួយមិនបានទេ ព្រោះនាងមិនចេះរៀងចាលសោះ ខ្លួនទៅជាបែបនេះហើយនៅគំរាមចង់ប្តឹងគេទៀត មើលទៅទាល់តែឃើញក្ដារមឈូសទើបស្រក់ទឹកភ្នែក។
   « ...» នាងមិនតបជាមួយគេហើយក៏ឱនមើលរបួសនៅជង្គង់និងកែងដៃវិញ ព្រោះឥឡូវនេះនាងពិតជាមិនអាចធ្វើអ្វីគេបានទេ នាងមានតែទ្រាំចុះចាញ់គេសិន។ អាយវី អ្នកដែលធ្លាប់មានឈ្មោះថាមិនដែលចាញ់អ្នកណា ពេលនេះក៏ត្រូវព្រមចុះចាញ់គេទាំងឈឺចិត្ត ហេតុអ្វីជីវិតរបស់នាងអាចធ្លាក់មកដល់ដំណាក់កាលមួយនេះ? តើកម្មពារដែលនាងបានធ្វើកន្លងមកកំពុងតាមសងឲ្យនាងវិញហើយមែនទេ?។
   « យកកន្សែងនេះជូតឈាមចេញសិនទៅ ហើយកុំគិតថាខ្ញុំអាណិតនាង ខ្ញុំគ្រាន់តែមិនចូលចិត្តឈាមតែប៉ុណ្ណោះ » គេហុចកូនកន្សែងដៃឲ្យនាង តែពេលនាងឈោងដៃបម្រុងយកពីដៃគេ គេក៏បោះវាទៅលើនាង ដោយមិនចង់ឲ្យនាងគិតថាគេឲ្យកូនកន្សែងទៅនាងព្រោះតែអាណិតនាង។
   « មនុស្សឈាមត្រជាក់! » នាងសម្លក់គេហើយលួចជេរគេស្ងាត់ៗ ទាំងឈឺចាប់ជាមួយទង្វើរបស់គេដែលធ្វើដាក់នាងខ្លាំង ប៉ុន្តែនាងនៅតែរើសកន្សែងរបស់គេមកប្រើដដែល ព្រោះពេលនេះនាងត្រូវការប្រើកន្សែងមួយនេះជាចាំបាច់។
              រងចាំភាគបន្ត
  

  
 

បង្រៀនស្នេហ៍ក្មេងទំនើង(ចប់)Where stories live. Discover now