ភាគ៤២

343 13 0
                                    

“  ផ្ដាច់ទំនាក់ទំនង ”

    បន្ទប់ព្យាបាលនៅក្នុងសាលា
   
    « របួសមិនជ្រៅទេ មិនបាច់ដេរក៏បាន » អ្នកគ្រូពេទ្យប្រចាំនៅក្នុងសាលាបិទរបួសនៅករបស់ អាយវី ហើយក៏ដើរចេញទៅ ។
    « បុរសម្នាក់នោះនៅតាមមកធ្វើបាបឯងទៀតមែនទេ? ក្រែងថាគេលែងមកហើយនោះអី? » យូរី ទាញកៅអីមកអង្គុយទល់មុខមិត្តដែលអង្គុយនៅលើគ្រែទាំងមុខស្លេកស្លាំងព្រោះតែបាត់បង់ឈាម។
    « គឺមានរឿងធ្វើឲ្យគេយល់ច្រឡំបន្តិចប៉ុណ្ណោះ » អាយវី តបទៅមិត្តវិញទាំងលើកដៃទប់មុខរបួសដែលនៅឈឺមិនបាត់ទោះអ្នកគ្រូពេទ្យបានដាក់ថ្នាំឲ្យហើយក៏ដោយ។
    « យល់ច្រឡំបន្តិចដល់ថ្នាក់អារករបស់ឯងបែបនេះមែនទេ? កុំប្រាប់ណាថាទាក់ទងនឹងលទ្ធផលពិនិត្យស្អីគេនោះដែលឯងពឹងឲ្យពូរបស់ខ្ញុំជួយយកមកឲ្យនៅថ្ងៃមុននោះ »
    « ពិតមែនហើយ សំណាងដែលខ្ញុំមានការប្រុងប្រយ័ត្នជាមុនទើបឲ្យលោកពូរបស់ឯងជួយយកលទ្ធផលពិនិត្យមកឲ្យ កុំអីថ្ងៃនេះខ្ញុំបានស្លាប់ដោយសារតែការចោទប្រកាន់នោះហើយ »
    « តើឯងដឹងទេថាអ្នកណាចង់ចោទប្រកាន់ឯង? »
    « ហ៊ឹម! » អាយវី ក្រហឹមតបជាមួយ យូរី វិញ ធ្វើដូចជារឿងធម្មតា ទាំងដែលរឿងមួយនេះសំខាន់ពាក់ដល់ជីវិតរបស់នាងទាំងមូល ។
    « អ្ហា! ហេតុអ្វីឯងមិនទៅប្រាប់គ្រប់គ្នាទៅថាអ្នកណាជាអ្នកធ្វើរឿងមួយនោះ? ហេតុអ្វីឯងទុកឲ្យគេយល់ច្រឡំលើឯងបែបនេះ? » យូរី ស្ទុះក្រោកពីកៅអីទាំងខឹងជំនួសមិត្ត ព្រោះមិនយល់ថាមិត្តរបស់នាងកំពុងគិតអ្វីទេ ទើបទុកឲ្យមនុស្សគ្រប់គ្នាយល់ច្រឡំលើខ្លួនឯងបែបនេះ។
    « គ្រាន់តែសង្ស័យប៉ុណ្ណោះ តែគ្មានភស្តុតាងទេ បើទៅនិយាយតែមាត់ក៏គ្មានអ្នកជឿ ម្យ៉ាងទៀតពេលនេះរឿងរកភស្តុតាងចាប់លោក ដេវីត គឺសំខាន់ជាង » អាយវី ក្រោកឈរដើរទៅយកកាតារបស់នាងនៅលើតុ ដើម្បីត្រឡប់ទៅថ្នាក់រៀនវិញ។
    ក្រាក!
    « អាយវី មានអ្នកមករកឯង គេនៅចាំឯងក្នុងសាលតន្រី្ត » សិស្សស្រីម្នាក់បើកទ្វាចូលមកប្រាប់ អាយវី តាមពាក្យផ្ដាំផ្ញើររបស់អ្នកដែលចង់ជួបនាង។
    « តើជាអ្នកណា? » អាយវី សួរបកទៅវិញទាំងទឹកមុខសង្ស័យ។
    « ខ្ញុំមិនដឹងទេ គេប្រាប់ថានាងមិនលើកទូរស័ព្ទរបស់គេទើបគេមករកនាងដល់ទីនេះ »
    « មនុស្សរំខាន...» យូរី បង្អូសសំឡេងឡើងតាមពាក្យដែល អាយវី ធ្លាប់ប្រាប់នាងគ្រប់ពេលដែលលេខបុរសម្នាក់នោះខលចូលមក ទើបលើកនេះ យូរី យកពាក្យមួយនេះមកជាន់ជើងមនុស្សមាត់រឹងដូចជា អាយវី ហើយក៏ដើរទៅយកកាតាបពីក្នុងដៃស្រឡូនរួចដើរត្រឡប់ទៅថ្នាក់វិញតែម្នាក់ឯង ជំនួសមិត្តដែលមានណាត់តែម្តង។
   
    សាលតន្រី្ត
   
    បន្ទប់ធំទូលាយមានកៅអីរៀបជាច្រើនជួរនៅខាងមុខឆាកដល់ស្រស់ស្អាត ព្រមទាំងព្យាណូដ៏ចំណាស់មួយដាក់នៅចំហៀងឆាកតន្រ្តីប្រចាំសាលាមួយនេះ។ ដោយសារតែគ្មានកម្មវិធីអ្វីទើបបន្ទប់ទាំងមូលមានសភាពងងឹតបន្តិច តែក៏នៅមានអំពូលពណ៌ទឹកក្រូចមួយបើកបំភ្លឺនៅត្រង់កណ្តាលឆាកតន្រ្តីផងដែរ។
    ក្រាក!
    អាយវី ទាញទ្វាសាលតន្ត្រីបើកចំហរឡើងធ្វើឲ្យជះពន្លឺថ្ងៃពីខាងក្រៅចូលមកដល់ខាងក្នុងបន្ទប់ បង្ហាញឲ្យភ្នែកមូលក្រឡង់ទាំងគូអាចមើលឃើញយ៉ាងច្បាស់ពីរូបរាងស្រស់សង្ហាដែលអង្គុយនៅលើឆាករងចាំនាង។
    « ទីបំផុតអូនមកហើយ អូនមិនលើកទូរស័ព្ទរបស់បង បងស្មានថាអូនលែងចង់ជួបមុខរបស់បងហើយ » លែនស៍ ឈរញញឹមស្រស់រងចាំស្រីក្រមុំដែលដើរចូលមករកគេ។
    « ហេតុអ្វីលោកពូមកទីនេះ? » នាងដឹងពីហេតុផលដែលនាំឲ្យគេមករកនាងដល់ទីនេះហើយ តែនៅធ្វើពុតជាសួរគេទៀត ។
    « ទៅជាមួយបងទៅ បងនាំអូនទៅជួបអ្នកម៉ាក់និងគ្រប់គ្នានៅក្នុងមន្ទីរពេទ្យ » លែនស៍ ឈោងចាប់ប្រអប់ដៃស្រឡូនដោយស្នាមញញឹមលើផ្ទៃមុខមិនប្រែ ព្រោះទីបំផុតគេអាចរកវិធីឲ្យនាងរួចពីការចោទប្រកាន់លើកនេះហើយ គ្រាន់តែនាងព្រមទៅជាមួយគេរឿងនឹងចប់យ៉ាងរលូត។
    « សុំទោសផង ពេលនេះខ្ញុំមិនអាចទៅជាមួយលោកពូទៀតទេ » ម្រាមស្រឡូនដូចបន្លាចាប់ប្រឡេះដៃមាំដែលបានចាប់ដៃរបស់នាងមុននេះចេញដោយគ្មានស្តាយស្រណោះ ។
    លែនស៍ ឈរសម្លឹងដៃរបស់ខ្លួនឯងដែលត្រូវនាងប្រឡេះចេញទាំងបាត់បង់ស្នាមញញឹមលើផ្ទៃមុខ ទោះនាងគ្រាន់តែប្រឡេះដៃរបស់គេចេញដូចធម្មតា ប៉ុន្តែបែរជាធ្វើឲ្យគេយល់ថាមិនធម្មតាទៅវិញ ក្នុងចិត្តរបស់គេប្រែជាល្ហល្ហេវយ៉ាងចម្លែកក្រោយដៃរបស់គេបានរបូតចេញពីដៃរបស់នាងហើយ។
    « តើអូនមិនចង់រកភាពស្អាតស្អំឲ្យខ្លួនឯងវិញទេ? លើកនេះជាឱកាសចុងក្រោយហើយ បើអូនមិនទៅជួបគ្រប់គ្នាទេ អ្នកម៉ាក់នឹងប្តឹងប៉ូលីសឲ្យចាប់អូនហើយ » លែនស៍ នៅមិនទាន់យល់ពីន័យរបស់ អាយវី ទើបព្យាយាមពន្យល់នាងឲ្យយល់ពីរឿងសំខាន់នៅពេលនេះ ដើម្បីឲ្យនាងព្រមទៅជួបគ្រប់គ្នាជាមួយគេ នាងនឹងបានរកភាពស្អាតស្អំឲ្យខ្លួនឯងវិញ។
    « លោកពូនៅមិនយល់ន័យរបស់ខ្ញុំទៀតមែនទេ? » អាយវី សួរទៅអ្នកដែលព្យាយាមពន្យល់នាងគ្រប់យ៉ាង តែគេខ្លួនឯងបែរជាមិនយល់ថានាងកំពុងតែចង់ផ្ដាច់ទំនាក់ទំនងគ្រប់យ៉ាងជាមួយគេនិងអ្នកនៅចម្ការទាំងអស់ទៅវិញ ។
    « មានន័យថាម៉េច? » បេះដូងរបស់គេចាប់ផ្តើមលោតញាប់នាំភាពឈឺចាប់ឲ្យគេម្តងបន្តិចៗក្រោយបានឃើញកែវភ្នែកដែលនាងសម្លឹងមកគេហើយ ចម្លើយគ្រប់យ៉ាងដែលគេកំពុងចង់ដឹងនៅពេលនេះ សុទ្ធតែបង្ហាញយ៉ាងច្បាស់នៅក្នុងកែវភ្នែករបស់នាង ។
    « ខ្ញុំមិនចង់មានទំនាក់ទំនងអ្វីជាមួយលោកពូនិងចម្ការអាយឡាណាទៀតទេ ដូច្នេះកុំមកអូសទាញខ្ញុំឲ្យទៅពាក់ព័ន្ធនឹងរឿងនៅចម្ការនោះទៀតបានទេ » ទឹកមុខត្រជាក់គ្មានធម៌មេត្តារបស់នាងកំពុងបំផ្លាញ់បេះដូងរឹងមាំប្រៀបដូចជាថ្មរបស់គេឲ្យប្រេះបែកម្តងបន្តិចៗដូចជាថ្មដែលត្រូវទឹកហូរកាត់ជារៀងរាល់ថ្ងៃ ។ នាងដឹងថាគេឈឺចាប់ ប៉ុន្តែគេគួរតែបំភ្លេចនាងទៅ ព្រោះនាងនិងគេមិនសាកសមគ្នាសូម្បីតែបន្តិច មិនថាជាអាយុឬក៏ឋានះឡើយ នាងនិងគេសុទ្ធតែមិនត្រូវគ្នា។
    « អាយវី អូនកំពុងតែចង់លេងសើចនឹងបងមែនទេ? ក្រែងធ្លាប់សន្យាថានឹងមិនទៅណាចោលគ្នានោះអី តើអូនភ្លេចហើយមែនទេ? » លែនស៍ ប្រឹងឈោងចាប់ដៃស្រឡូនម្តងទៀតតែក៏ត្រូវនាងលើដៃច្រានដើមទ្រូងរបស់គេឲ្យថយឆ្ងាយពីនាង ទង្វើដែលនាងកំពុងធ្វើដាក់គេ ដូចនាងជាមនុស្សផ្សេងម្នាក់ទៀតដែលគេមិនធ្លាប់ស្គាល់ ហេតុអ្វីនាងផ្លាស់ប្តូរលឿនខ្លាំងយ៉ាងនេះឬមួយដោយសារតែលទ្ធផលពិនិត្យទឹកដោះគោនោះ?។
    « ខ្ញុំមិនចង់ជួបមុខលោកពូទៀតទេ កុំមករកខ្ញុំទៀតឲ្យសោះ » អាយវី ប្រឹងលេបភាពឈឺចាប់នៅក្នុងទ្រូងបោះពាក្យសម្តីដេញគេចេញយ៉ាងឃោឃៅដូចជាគ្មានធម៌មេត្តា តែការពិតនាងក៏ឈឺចាប់ខ្លាំងមិនចាញ់គេប៉ុណ្ណាដែរ តាំងពីស្គាល់គេមកនាងមិនដែលធ្លាប់គិតថានឹងមានថ្ងៃដែលនាងអាចដេញគេឲ្យចេញពីជីវិតរបស់នាងទេ ។ រាងស្តើងត្រឡប់ក្រោយ ឈានជើងដើរចេញពីអ្នកដែលត្រូវឈរធ្មឹងមួយកន្លែងព្រោះតែត្រូវឈឺចាប់ស្ទើរស្លាប់ដោយសារពាក្យសម្តីមុតស្រួចជាងកាំបិតរបស់នារីដែលគេស្រលាញ់ស្មើជីវិត តែចុងក្រោយនាងបែរជាហារមាត់ដេញគេចេញដូចសត្វធាតុ ធ្វើដូចជាមិនធ្លាប់ស្រលាញ់គេ។
    « តើព្រោះតែលទ្ធផលពិនិត្យទឹកដោះគោមែនទេ? អូនខឹងនឹងបងព្រោះតែលទ្ធផលមួយនោះ? »
    សម្តីរបស់ លែនស៍ ធ្វើឲ្យអ្នកដែលបម្រុងដើរចេញត្រូវឈប់ជើងមួយកន្លែង។ គេគិតថានាងខឹងគេព្រោះតែរឿងមួយនោះ នាងមិនដែលខឹងឬក៏បន្ទោសគេដោយសារតែលទ្ធផលមួយនោះឡើយ នាងគ្រាន់តែមិនចង់ឲ្យគេមកពាក់ព័ន្ធជាមួយរឿងរបស់លោក ដេវីត នាងគ្រាន់តែមិនចង់អូសទាញជីវិតរបស់គេឲ្យចូលមកក្នុងគ្រោះថ្នាក់ជាមួយនាង ទើបនាងព្យាយាមរុញគេឲ្យទៅឆ្ងាយ តែបើគេគិតថានាងធ្វើបែបនេះចំពោះគេព្រោះតែខឹងជាមួយគេដោយសារតែរឿងពិនិត្យទឹកដោះគោនោះ នាងក៏បានត្រឹមចាក់បណ្ដោយ។
    « ពិតមែនហើយ » អាយវី ឆ្លើយចាក់បណ្ដោយខ្លីៗតាមការយល់ឃើញរបស់ លែនស៍ ហើយឈានជើងដើរទៅមុខបន្ត ។
    « អូនជាអ្នកដាក់ថ្នាំបំពុល ដូដូ ពិតទេ? »
    សម្ដីរបស់ លែនស៍ មួយប្រយោគនេះធ្វើឲ្យ អាយវី ឈប់ង៉ក់ដូចជាពេលវេលាត្រូវបានបញ្ឈប់ គ្រប់យ៉ាងនៅក្នុងបន្ទប់តន្រ្តីប្រែជាស្ងាត់ជ្រងំមិនមានសំឡេងអ្វីក្រៅពីសម្រែកឈឺចាប់ដែលលឺចេញពីក្នុងដើមទ្រូងស្រីក្រមុំដែលប្រឹងទប់ទឹកភ្នែកមិនស្រក់ចុះមកទាំងដែលក្នុងចិត្តរបស់នាងឈឺស្ទើរតែស្លាប់ទៅហើយក្រោយដឹងថាគេលែងជឿជាក់លើនាងទៀតហើយ គេក៏កំពុងតែគិតដូចដែលមនុស្សគ្រប់គ្នាគិតដែរ ។
    « ស្រេចតែលោកពូគិតទៅចុះ » អាយវី ងាកមកតបជាមួយអ្នកដែលឈរខាងក្រោយខ្នងវិញទាំងកែវភ្នែករលីងរលោងស្ទើរតែស្រក់ទឹកភ្នែកចេញមក តែនាងព្យាយាមទប់ ព្រោះតែមិនចង់ឲ្យគេគិតថានាងនៅអាឡោះអាល័យជាមួយគេតទៅទៀត ដើម្បីការពារគេ នាងសុខចិត្តទទួលយកកំហុសគ្រប់យ៉ាង នាងសុខចិត្តស្ពាយឈ្មោះថាជាមនុស្សអាក្រក់អស់មួយជីវិតក៏មិនអាចឲ្យគេមកប្រថុយគ្រោះថ្នាក់ជាមួយនាង។
    « អាយវី បើអូនមិនទៅជាមួយបងលើកនេះទេ អ្នកម៉ាក់នឹងប្តឹងអូនហើយ សុំអង្វរទៅជាមួយបងទៅ » លែនស៍ រត់ចូលទៅឱបចង្កេះតូចពីខាងក្រោយមិនឲ្យនាងចេញទៅព្រោះបើនាងចេញទៅពេលនេះ នាងនឹងគ្មានឱកាសទៀតទេ។
    « លោកពូភ្លេចហើយថាអ្នកម៉ាក់ខ្ញុំជាអ្នកណា គិតមែនទេថាប៉ូលីសអាចធ្វើអី្វខ្ញុំបាននោះ លែងដៃទៅ! » នាងស្រែកសម្លុតឲ្យគេ ហើយក៏ចាប់ទាញដៃរបស់គេចេញពីចង្កេះរបស់នាង ប៉ុន្តែកាន់តែទាញគេកាន់តែឱបនាងខ្លាំងឡើង។
    « បងដឹងថាអូនមិនអាចដាក់ថ្នាំបំពុល ដូដូ ទេ មិនថាអូនធ្វើបែបណាទេបងនៅតែជឿជាក់លើអូន អាយវី ដូច្នេះកុំចាកចេញពីបងអី » ព្រោះតែមិនចង់បាត់បង់នាង ទើបគេព្យាយាមឱបនាងទុក ទោះក្នុងចិត្តរបស់គេធ្លាប់សង្ស័យលើនាងក៏គេបំភ្លេចចោលទាំងអស់ ឲ្យតែនាងព្រមនៅក្បែរគេ គេនឹងមិនចាប់កំហុសនាងឡើយ ។
    « ខ្ញុំជាអ្នកដាក់ថ្នាំបំពុល ដូដូ រឿងនោះខ្ញុំជាអ្នកធ្វើទាំងអស់ »
    ដៃរបស់ លែនស៍ របូតចេញពីចង្កេះតូចដោយស្វ័យប្រវត្តិ ក្រោយបានលឺសម្តីគ្រប់ម៉ាត់របស់ អាយវី ហើយ គេធ្លាប់និយាយថាគេនឹងមិនជឿថានាងជាអ្នកធ្វើទេ លុះត្រាតែបានលឺចេញពីមាត់របស់នាងដោយផ្ទាល់ តែពេលនេះគេបានលឺចេញពីមាត់នាងដោយផ្ទាល់ហើយ ប៉ុន្តែបែរជាធ្វើឲ្យគេមិនអាចទទួលយកបានទៅវិញ នាងម្តេចនឹងអាចធ្វើបែបនោះបានទៅ? ទំនុកចិត្តដែលគេមានចំពោះនាង តើនឹងត្រូវនាងបំផ្លាញ់របៀបនេះមែនទេ?។
    « អាយវី...! »
    « កន្លងមកខ្ញុំគ្រាន់តែបោកប្រាស់លោកពូ ដើម្បីរត់គេចពីចម្ការនោះបានខ្ញុំក៏ធ្វើជាស្រលាញ់លោកពូ ខ្ញុំដាក់ថ្នាំបំពុលដូដូ តែត្រូវគ្រប់គ្នាចាប់បានទើបខ្ញុំព្យាយាមយកទំនុកចិត្តពីលោកពូហើយធ្វើជាយកទឹកដោះគោមកពិនិត្យនៅ សេអ៊ូល ដើម្បីបានត្រឡប់មកផ្ទះវិញនោះអី គ្រប់យ៉ាងដែលខ្ញុំធ្វើកន្លងមកសុទ្ធតែក្លែងក្លាយ នៅពេលនេះទើបជាខ្ញុំពិតប្រាកដ អាយវី ព្រះនាងប្រចាំសាលាមួយនេះទើបជាខ្ញុំពិតប្រាកដ » អាយវី ឈានជើងទៅមុខម្តងមួយជំហានៗ ព្រមទាំងលើកដៃរុញរាងក្រាស់ឲ្យថយក្រោយតាមសម្តីបញ្ឈឺរបស់នាង រហូតធ្វើឲ្យគេគ្មានកម្លាំងតបតជាមួយនាងវិញសូម្បីតែបន្តិច នាងដឹងថាគេប្រាកដជាឈឺចាប់ខ្លាំងក្រោយដឹងថានារីដែលគេស្រលាញ់បោកប្រាស់គេមករហូត ប៉ុន្តែមានតែធ្វើបែបនេះប៉ុណ្ណោះ ទើបអាចឲ្យមនុស្សល្ងង់ម្នាក់នេះចេញពីនាងបាន ។
    “ សុំទោសផងលោកពូ ” កែវភ្នែកមូលក្រឡង់សម្លឹងឃើញទឹកមុខក្រៀមស្រពោនអស់សង្ឃឹមរបស់ លែនស៍ ហើយ ធ្វើឲ្យនាងមិនអាចទប់ទឹកភ្នែករបស់ខ្លួនឯងបានឡើយ ទើបនាងរហ័សដើរចេញទៅយ៉ាងលឿន សូម្បីតែងាកក្រោយសម្លឹងមុខរបស់គេម្តងទៀតក៏នាងមិនអាចធ្វើបានផង។ គេដឹងថានាងជាមនុស្សអាក្រក់ ដូច្នេះនាងសង្ឃឹមថាគេអាចបំភ្លេចនាងបានលឿន ហើយវិលទៅប្រើជីវិតយ៉ាងរីករាយនៅក្នុងចម្ការតែដូចពីមុន ទុកពេលដែលបានស្គាល់នាងគ្រាន់តែជាសុបិន្តអាក្រក់មួយទៅចុះ កុំទុកនាងជាមនុស្សសំខាន់ទៀតអី។
    រាងក្រាស់បានត្រឹមឈរធ្មឹងមួយកន្លែងបណ្ដោយឲ្យនារីដែលខ្លួនឯងស្រលាញ់ដើរចេញទៅទាំងមិនបានហាមឃាត់នាង។ គេបានលឺយ៉ាងច្បាស់ហើយថាគ្រប់យ៉ាងកន្លងមកគ្រាន់តែជាការបោកប្រាស់ ប៉ុន្តែហេតុអ្វីគេនៅតែមិនអាចស្អប់នាង? ទោះនាងជាអ្នកដែលបំផ្លាញ់បេះដូងរបស់គេក៏គេមិនអាចស្អប់នាងបាន ប៉ុន្តែគេស្អប់ខ្លួនឯងទៅវិញទេ ដែលមិនអាចហាមឃាត់នាងឲ្យទៅជាមួយគេបាន ចាប់ពីពេលនេះទៅគេមិនអាចជួបគ្នាបានទៀតទេ មិនអាចកាន់ដៃនាងហើយក៏មិនអាចញញឹមដាក់នាងបានទៀតដែរ គ្មាននាង ចម្ការទាំងមូលនឹងប្រែជាស្ងប់ស្ងាត់ ជីវិតរបស់គេបានទម្លាប់នឹងមាននាងទៅហើយ គេមិនអាចវិលត្រឡប់ទៅរស់នៅជីវិតដែលស្ងប់ស្ងាត់ដូចពីមុនបានទៀតទេ ហេតុអ្វីនាងចូលមកក្នុងជីវិតរបស់គេហើយក៏ចេញទៅវិញភ្លាមៗមិនទុកគេឲ្យគេត្រៀមចិត្តបែបនេះ? នាងដឹងទេថាបេះដូងរបស់គេត្រូវឈឺចាប់ខ្លាំងប៉ុណ្ណា ពេលគេឃើញនាងដើរចេញពីទៅនោះ  គ្រប់យ៉ាងដែលនាងបានបន្សល់ទុកឲ្យគេគ្មានអ្វីក្រៅពីស្នាមរបួសនៃភាពឈឺចាប់និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានអស់មួយជីវិត។
             រងចាំភាគបន្ត
   

   
   
   
   

បង្រៀនស្នេហ៍ក្មេងទំនើង(ចប់)Where stories live. Discover now