ភាគ៣៧

379 12 0
                                    

“ ជនសង្ស័យ ”

     « អ៊ួយ! » អាយវី ឈឺចុកចាប់ពេញខ្លួន ទើបមិនអាចរើរត់ទៅណាទៀតបាន គ្រាន់តែលោកប៉ារបស់ ដូដូ ប្រើតែដៃម្ខាងសង្កត់ស្មារបស់នាងជាប់នឹងជញ្ជាំងផ្ទះដែលគេទុកចោល នាងក៏គ្មានកម្លាំងរើទៅហើយ បានត្រឹមប្រើកែវភ្នែកខឹងស្អប់របស់នាងសម្លក់ដាក់អ្នកដែលប្រើកែវភ្នែកស្រេកឃ្លានឈាមសម្លឹងមកនាងដូចគ្នា។
     « ពេលនេះចាំមើលថាចង់រត់ណាទៀត? ដឹងទេថាដោយសារតែនាង ខ្ញុំត្រូវរស់នៅលាក់ខ្លួនក្នុងទីក្រុង សេអ៊ូល លំបាកប៉ុណ្ណា តែសំណាងដែលនៅសុខៗនាងក៏ត្រឡប់មកសេអ៊ូលឲ្យខ្ញុំចាត់ការដោយខ្លួនឯង ហាសហា »  ដៃមាំកាន់កាំបិតមុតស្រួចក្នុងដៃ សម្លឹងមុខរបស់អ្នកដែលត្រូវចាប់ជាប់នៅក្នុងដៃដោយភាពឃោឃៅ បើគេអាចសម្លាប់នាងបាន គេនឹងទទួលបានទ្រព្យសម្បត្តិមួយចំនួនធំហើយនិងឱកាសថ្មីមួយដើម្បីចាប់ផ្តើមសារជាថ្មី ជាជីវិតដែលរស់នៅស្រណុកស្រួលជាមួយនឹងទ្រព្យសម្បត្តិនិងកិត្តិយសខ្ពង់ខ្ពស់ ដូចអ្នកដែលបញ្ជាគេអ៊ីចឹងដែរ។
     « សំណាង? ដូដូ កូនប្រុសរបស់លោកកំពុងគេងនៅក្នុងបន្ទប់សង្គ្រោះបន្ទន់នៅឡើយ តែលោកដែលជាប៉ារបស់គេបែរជានិយាយនៅត្រង់ថាជាសំណាងទៅវិញ លោកពិតជាមិនសមធ្វើប៉ារបស់គេទេ » អាយវី ខឹងជាមួយឃាតករម្នាក់នេះខ្លាំងឡើង ក្រោយដឹងថាមនុស្សល្ងីល្ងឺម្នាក់នេះបែរជាចាត់ទុកការឈឺធ្ងន់របស់កូនប្រុសខ្លួនឯងជាសំណាងរបស់ខ្លួនទៅវិញ តើគេនៅសមជាមនុស្សដែលទៀតទេ?។
     « ដូដូ! កូនខ្ញុំកើតអ្វី? នាងធ្វើអីគេ? » ដៃមាំប្រើកម្លាំងខ្លាំងជាងមុនសង្កត់លើស្មាតូចធ្វើឲ្យឆ្អឹងស្មារបស់នាងស្ទើរតែបាក់ចេញពីគ្នាជាកង់ៗព្រោះតែកម្លាំងដែលលោកប្រើដើម្បីគំរាមសួររឿងរបស់កូនប្រុសពីនាងនោះ បើនាងហ៊ានតែប៉ះពាល់កូនប្រុសរបស់គេបន្តិច គេនឹងឲ្យនាងស្លាប់នៅត្រង់នេះភ្លាម។
     « ខ្ញុំ...ខ្ញុំមិនបានធ្វើអ្វីគេទេ? ស្ថានភាពរបស់គេធ្ងន់ធ្ងរណាស់ បើលោកនៅតែជាប៉ារបស់គេ គួរតែទៅមើលគេនៅពេលនេះ »
     ដុក!
     ដៃមាំទម្លាក់កាំបិតចុះនិងដកដៃចេញពីស្មាតូចទាំងទឹកមុខតក់ស្លុត ក្រោយបានដឹងដំណឹងដ៏សោកសៅពីកូនប្រុសរបស់ខ្លួនហើយ លោកគ្មានបានការ លោកជាប៉ាដែលអាក្រក់ដែលមិនអាចមើលថែនិងការពារកូនប្រុសរបស់ខ្លួនឯងបាន គឺលោកខុសហើយ ។លោកប៉ារបស់ ដូដូ រហ័សរត់ត្រឡប់ទៅរកឡានតាក់ស៊ីដែលលោកស៊ីឈ្នួលបើកឲ្យគេមួយរយះនេះ ដើម្បីត្រឡប់ទៅមើលកូនប្រុសនៅមន្ទីរពេទ្យវិញ ដោយលែងខ្វល់ពីរឿងសម្លាប់មនុស្សយកទ្រព្យសម្បត្តិអ្វីទៀតឡើយ លោកធ្វើទាំងអស់នេះព្រោះចង់ឲ្យកូនប្រុសរបស់លោកអាចមានជីវិតសុខស្រួលដូចក្មេងដ៏ទៃ តែបើកូនប្រុសរបស់លោកត្រូវគេងនៅលើគ្រែសង្គ្រោះបន្ទន់មិនដឹងស្លាប់ឬរស់នៅហើយលោកធ្វើរឿងទាំងអស់នេះដើម្បីអ្វីទៀត អ្វីដែលលោកគួរធ្វើនៅពេលនេះគឺទៅមើលថែកូនប្រុសឲ្យបានល្អ។ មុននឹងរត់ចេញទៅលោកក៏មានពាក្យប៉ុន្មានម៉ាត់ផ្តាំទៅស្រីក្រមុំដែលឈរទ្រោមខ្លួននៅក្បែរជញ្ជាំង។
     « បើមិនចង់ស្លាប់ទេ កុំត្រឡប់ទៅមន្ទីរពេទ្យនោះវិញ ហើយគួរតែប្រញាប់ត្រឡប់ទៅរកអ្នកម៉ាក់របស់នាងវិញឲ្យបានកាន់តែឆាប់កាន់តែល្អ » លោកប៉ារបស់ ដូដូ បន្សល់ទុកពាក្យប៉ុន្មានឲ្យនាង ព្រោះយល់ថានាងបានជួយកូនប្រុសរបស់គេហើយក៏បានយកដំណឹងមកប្រាប់គេឲ្យដឹងផង ទើបគេសងគុណនាងវិញដោយណែនាំពាក្យល្អៗប៉ុន្មានម៉ាត់ដល់នាង។
     « ឈប់...» អាយវី ហៅលោកប៉ារបស់ ដូដូ ឲ្យឈប់ព្រោះនាងនៅមានពាក្យចង់សួរ នាងចង់ដឹងថាអ្នកដែលបញ្ជាគេឲ្យសម្លាប់នាងជាអ្នកណា ប៉ុន្តែមិនទាន់ពេលព្រោះលោកប៉ារបស់ ដូដូ រត់ចេញទៅបាត់ទៅហើយ។
     « មិនអាចទៅមន្ទីរពេទ្យបាន ហើយឲ្យខ្ញុំទៅណាទៅ » អាយវី លើកកែងដៃដែលហូរឈាមនិងឱនមើលជង្គង់ដែលចេញឈាមដូចគ្នាទាំងដកដង្ហើមធំ មិនដឹងថាគួរទៅរកពឹងអ្នកណាដើម្បីឲ្យកន្លែងនាងស្នាក់នៅនិងព្យាបាលរបួសនោះទេ។
    
     មួយសន្ទុះក្រោយមក
    
     សាលាវិទ្យាល័យសេអ៊ូល
    
     យូរី ចេញពីសាលារៀនជាមួយមិត្តរួមថ្នាក់ឯទៀតហើយក៏លាគ្នាឡើងឡានទំនើបដែលឪពុកម្តាយរបស់គេបញ្ចូលឲ្យមកទទួលពួកគេរៀងៗខ្លួនចេញទៅបាត់អស់ នៅសល់តែ យូរី ម្នាក់ឯងដែលឈរនៅមុខសាលារៀនរងចាំឡានឪពុកម្តាយរបស់នាងមកទទួល នាងនៅឈរមុខសាលារហូតរបងសាលាត្រូវបានបិទហើយសិស្សចេញទៅទើបនាងចាប់ផ្តើមដើរចេញពីមុខសាលាទាំងគ្មានឡានទំនើបរបស់ឪពុកម្តាយអ្វីមកទទួលដូចពាក្យដែលនាងនិយាយប្រាប់មិត្តនោះទេ។
     « យូរី! » អាយវី ចេញមកពីក្បែររបងសាលាទាក់មុខរបស់ស្រីក្រមុំដែលកំពុងដើរម្នាក់ឯង។
     វត្តមានរបស់ អាយវី ធ្វើឲ្យ យូរី តក់ស្លុតដល់ថ្នាក់ស្លេកមាត់មួយរំព្រិច។
     « អាយវី! ហេតុអ្វី...ឯងនៅទីនេះ? » យូរី សួរទៅកាន់ អាយវី ឡើងញ័របបូរមាត់ទទ្រើកដូចជាបានធ្វើអ្វីខុស។
     « ហេតុអ្វីភិតភ័យដល់ថ្នាក់នេះ? ហើយចុះឡានអ្នកផ្ទះរបស់ឯងមិនមកទទួលឯងទេ? » អាយវី ក្រឡេកមើលឆ្វេងស្តាំរកមើលឡានដែលនឹងមកទទួល យូរី តែបែរជាមិនឃើញសោះ ទើបនាងចាប់ផ្តើមសង្ស័យថាកន្លងមក យូរី កុហកនាងទេ ព្រោះកាលពីមុននាងក៏មិនដែលបានឃើញ យូរី ឡើងឡានទំនើបត្រឡប់ទៅផ្ទះវិញដោយផ្ទាល់ភ្នែកដែរ ប៉ុន្តែ យូរី តែងប្រាប់មិត្តទាំងអស់ថាអ្នកផ្ទះរបស់នាងតែងតែមានការងាររវល់ ទើបមកយកនាងយឺតបន្តិច។
     « អាយវី ខ្ញុំមិនមានចេតនាកុហកឯងទេ ព្រោះខ្ញុំខ្លាចពួកឯងមិនរាប់អានខ្ញុំ បើដឹងថាខ្ញុំជាអ្នកក្រ ទើបខ្ញុំធ្វើបែបនេះ » យូរី ស្ទុះចូលមកចាប់ម្រាមស្រឡូននិយាយបកស្រាយគ្រប់យ៉ាងឲ្យ អាយវី យល់ នាងក៏គ្មានចេតនាធ្វើបែបនេះដែរ ព្រោះតែនាងខ្លាចត្រូវ អាយវីនិងគ្នាគ្នីធ្វើបាប ទើបនាងបង្ខំចិត្តធ្វើបែបនេះ។
     « ខ្ញុំយល់ហើយ » អាយវី តបខ្លីៗដោយទឹកមុខធម្មតា បញ្ជាក់ថានាងមិនខឹងជាមួយនឹង យូរី ទេ ព្រោះនាងយល់ពីហេតុផលគ្រប់យ៉ាង បើជានាង នាងក៏អាចធ្វើដូច យូរី ដែរ ។ មែនហើយនាងមិនមែនជា អាយវី ក្មេងស្រីដែលចាំតែបន្ទោសនិងរករឿងអ្នកដទៃដូចពីមុនទេ នាងនៅពេលនេះគឺយល់ស្ថានការណ៍បានច្រើនជាងពេលមុនឆ្ងាយណាស់ មិនដូចពីមុនទេដែលចាំតែរករឿងធ្វើបាបអ្នកដទៃដោយមិនគិតពីអ្វីទាំងអស់។
     « ដៃនិងជើងរបស់ឯងទៅត្រូវនឹងអ្វី? ព្រឹកមិញនៅមន្ទីរពេទ្យមិនមានរបួសបែបនេះទេ? »
     « រឿងវែងឆ្ងាយណាស់ ឯងអាចឲ្យខ្ញុំទៅសម្រាកផ្ទះឯងប៉ុន្មានថ្ងៃសិនបានទេ? »
     « ផ្ទះខ្ញុំតូចណាស់ឯងអាចនៅបានទេ? »
     « កុំបារម្ភអី ពេលនេះផ្ទះប៉ុណ្ណាក៏ខ្ញុំអាចនៅបានដែរ ឲ្យតែឯងព្រមឲ្យខ្ញុំស្នាក់នៅ អូ! មែនហើយ ហាមឯងកុំប្រាប់អ្នកណាឲ្យសោះថាខ្ញុំនៅជាមួយឯង បើមិនចឹងឯងនិងខ្ញុំច្បាស់ជាមានគ្រោះថ្នាក់មិនខានទេ »
     « ខ្ញុំដឹងហើយ »
    
     នាពេលរាត្រីនៅចម្ការអាយឡាណា
    
     ផ្ទះតូចរបស់ លែនស៍
     ក្រាក!
     លែនស៍ បើកទ្វាចេញពីបន្ទប់ធ្វើមកទាំងដកដង្ហើមធំតឹងទ្រូងព្រោះ វីននី នៅតែមិនទាន់ត្រឡប់ទៅមន្ទីរព្យាបាលរបស់នាងទៀត តាមធម្មតានាងមិនដែលដើរចេញពីទីនោះយូទេ ហេតុអ្វីថ្ងៃនេះនាងមិនព្រមទៅវិញសោះអ៊ីចឹង? ឬក៏អ្នកម៉ាក់ឲ្យនាងមកយាមគេ បើនាងនៅទីនេះគេខលរក អាយវី យ៉ាងម៉េចបានទៅ។
     « លែនស៍ លោកព្រមចេញមកហើយមែនទេ? ខ្ញុំបានធ្វើអាហារពេលល្ងាចត្រៀមសម្រាប់លោកច្រើនណាស់ ឆាប់មកញុំមកប្រយ័ត្នត្រជាក់អស់ » វីននី ក្រឡេកឃើញ លែនស៍ ភ្លាម ក៏ញញឹមស្រស់ដើរចូលទៅចាប់អូសគេឲ្យមកអង្គុយតុអាហារជាមួយនាង ទាំងគេមិនចង់មកញុំអាហារជាមួយនាងប៉ុន្មាន។
     « វីននី ក្រែងការងារនៅមន្ទីរព្យាបាលរវល់ណាស់មែនទេ? នាងមិនចាំបាច់មករៀបចំអាហារទាំងនេះសម្រាប់ខ្ញុំទេ ខ្ញុំអាចមើលថែខ្លួនឯងបាន » លែនស៍ ព្យាយាមរកពាក្យពិរោះនិយាយឲ្យ វីននី ព្រមត្រឡប់ទៅធ្វើការងារនៅមន្ទីរព្យាបាលវិញហើយឈប់មកនៅផ្ទះរបស់គេធ្វើនេះធ្វើនោះដើម្បីគេតទៅទៀត ព្រោះគេមិនត្រូវការនាងមករៀបចំគ្រប់យ៉ាងឲ្យបែបនេះទេ។
     « មួយរយៈនេះគ្មានអ្នកជំងឺទេ ទើបនៅមន្ទីរព្យាបាលមិនការងារអ្វីឲ្យធ្វើឡើយ » វីននី ឆ្លើយតបជាមួយ លែនស៍ វិញជាមួយស្នាមញញឹមស្រស់ស្រាយខុសពីរាល់ថ្ងៃ ម្រាមស្រឡូនកាន់កាំបិតកាត់សាច់គោក្នុងចានជាដុំតូចៗ រួចហុចទៅឲ្យ លែនស៍ ។
     « អរគុណ » លែនស៍ ញញឹមទាំងបង្ខំទទួលចានសាច់គោដែល វីននី ជួយហាន់ឲ្យគេជាស្រេចមកដាក់នៅពីមុខហើយដួសញុំទាំងមិនឃ្លាន ប៉ុន្តែខ្លាចនាងអន់ចិត្តទើបគេប្រឹងញុំឲ្យនាងមើល។
     « ឆ្ងាញ់ដែរទេ? » វីននី អង្គុយសម្លឹងអ្នកញុំអាហាររបស់នាងហើយក៏សួរគេដោយសំឡេងស្រទន់ខុសប្លែកពីរាល់ដង ។
     « ឆ្ងាញ់ ប៉ុន្តែមានរឿងមួយខ្ញុំចង់សួរនាង » លែនស៍ ញញឹមបន្តិចឆ្លើយតបជាមួយ វីននី ហើយគេក៏នឹកឃើញថាមានរឿងចង់សួរទៅនាង។
     « មានរឿងអ្វីមែនទេ? »
     « គឺពេលនាងយកកែវទឹកដោះគោទៅពិនិត្យ តើមានអ្នកណាបានប៉ះកែវទឹកដោះគោក្រៅពីនាងនិងគ្រូពេទ្យពិនិត្យទេ? »
     « ហេតុអ្វីក៏សួរបែបនេះ? មានអ្វីសង្ស័យមែនទេ? »
     « គ្មានទេ គ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់តែប៉ុណ្ណោះថា...»
     « ថា អាយវី ជាឃាតករពិតឬអត់? ខ្ញុំដឹងថា លែនស៍ ពិបាកទទួលយក ប៉ុន្តែ លែនស៍ បានឃើញច្បាស់ហើយថារឿងទាំងអស់ជាការពិត » វីននី ឈោងទៅចាប់ប្រអប់ដៃមាំដើម្បីលួងលោមគេឲ្យទទួលយករឿងដែលឈឺចាប់មួយនេះ នាងដឹងថាគេឈឺចាប់ដែលត្រូវនារីដែលខ្លួនឯងស្រលាញ់បោកប្រាស់ ប៉ុន្តែគេត្រូវទទួលយករឿងនេះមួយឲ្យបាន ព្រោះនាងនឹងនៅទីនេះកំដរគេឲ្យបំភ្លេច អាយវី ឲ្យបាន។
     លែនស៍ បានត្រឹមញញឹមទាំងបង្ខំដាក់ វីននី សកម្មភាពចម្លែកៗរបស់ វីននី ធ្វើឲ្យគេសង្ស័យនាងកាន់តែខ្លាំងឡើយហើយ ពេលនេះគ្មាននរណាគួរឲ្យសង្ស័យជាងនាងទៀតទេ ទើបគេទុកនាងជាជនសង្ស័យទីមួយហើយប្រុងប្រយ័ត្នចំពោះនាងជាងគេ។ គេនិងនាងជាមិត្តនឹងគ្នាយូមកហើយ តែហេតុអ្វីគេទើបតែសង្កេតឃើញពីភាពចម្លែករបស់នាងនៅពេលនេះ? នាងបានផ្លាស់ប្តូរច្រើនណាស់ វីននី។
    
     ក្រោយពីញុំអាហារពេលល្ងាចរួច វីននី ក៏ត្រឡប់ទៅវិញបាត់ ទើប លែនស៍ មានឱកាសនិយាយទូរស័ព្ទជាមួយ អាយវី ។
     « អូនយ៉ាងម៉េចហើយ? បងទើបតែទទួលបានសារពី វៀរ៍ ក៏ខលទៅរក អូនភ្លាម » លែនស៍ ឈរទាំងអន្ទះសារនៅក្នុងបន្ទប់ក្រោយទទួលបានដំណឹងតាមរយះសារទូរស័ព្ទរបស់ វៀរ៍ ពីរឿងដែលកើតឡើងចំពោះ អាយវី កាលពីថ្ងៃហើយ គេស្ទើរតែរត់ឡើងឡានទៅសេអ៊ូលទាំងកណ្តាលយប់ព្រោះតែបារម្ភពីនាង ប៉ុន្តែបើគេធ្វើបែបនេះរឿងដែលបានរៀបចំទាំងប៉ុន្មាននឹងត្រូវបែកការណ៍អស់មិនខាន។
     “ អូនមិនអីទេ ពេលនេះអូននៅផ្ទះរបស់មិត្ត ទីនេះអាចទុកចិត្តបាន បងកុំបារម្ភអី ”
     ទោះជា អាយវី ព្យាយាមប្រាប់មិនឲ្យគេបារម្ភយ៉ាងណាក៏នៅតែមិនអាចធ្វើឲ្យចិត្តរបស់គេស្ងប់បានដដែល ។
     « បងនឹងទៅរកអូននៅថ្ងៃស្អែកនេះ »
     “ បើបងមក អាចផែនការបានណា ” អាយវី ស្រែកឲ្យគេព្រោះខ្លាចផែនការដែលខំរៀបចំទាំងប៉ុន្មានត្រូវបែកការដោយសារនាងម្នាក់។
     « បងចេះរៀបចំហើយ អូនកុំបារម្ភអី »
     តឺត!
     និយាយចប់ភ្លាម លែនស៍ ក៏ចុចបិទទូរស័ព្ទភ្លាម ព្រោះមិនចង់នៅស្តាប់ពាក្យហាមឃាត់របស់ អាយវី ដែលមិនចង់ឲ្យគេទៅរកនាងព្រោះខ្លាចផែនការដែលបានរៀបចំត្រូវបែកការអស់ តែគេមិនខ្វល់ទេ ព្រោះសុវត្ថិភាពរបស់នាងគឺសំខាន់ជាងអ្វីទាំងអស់ គេនឹងទៅរកនាង។
    
     « ឈប់សិន លោកពូ! »  អាយវី ប្រឹងស្រែកហាមមិនឲ្យអ្នកម្ខាងទៀតដាក់ទូរស័ព្ទចុះព្រោះនាងនិយាយមិនទាន់ចប់ តែទូរស័ព្ទក៏បានកាត់ផ្តាច់បាត់ទៅហើយ ទើបនាងបានត្រឹមដាក់ទូរស័ព្ទចុះទាំងមិនអស់ចិត្ត។
     ក្រាក!
     « អាយវី ឯងនិយាយថាថ្ងៃមិញមានអ្នកសម្លាប់ឯងមែនទេ? ហើយក្រៅពីអ្នកតាមសម្លាប់ឯងមានអ្នកតាមរកឯងខ្លះទេ? » យូរី ស្រាប់តែបើកទ្វាបន្ទប់ហើយសួរសំណួរប្លែកៗទៅកាន់ អាយវី ទើបធ្វើឲ្យអ្នកអង្គុយស្តាប់មើលមុខនាងដោយការសង្ស័យ។
     « សំណួររបស់ឯងមានន័យថាម៉េច? អ្នកតាមរកខ្ញុំអ្វីទៅ ខ្ញុំវង្វេងអស់ហើយ ថ្ងៃមិញខ្ញុំជួបតែអ្នកតាមសម្លាប់ខ្ញុំឡើងពេញមន្ទីរពេទ្យស្ទើរតែពេញទីក្រុងសេអ៊ូលទៀតផង តែគ្មានអ្នកណាតាមរកខ្ញុំម្នាក់ទេ »
     « តែខ្ញុំបានប្រាប់អ្នកម៉ាក់របស់ឯងថាឯងនៅជាន់ខាងលើហើយគាត់ថែមទាំងឲ្យមនុស្សទៅតាមរកឯងទៀតផង ឯងមិនបានជួបទេ » យូរី កាន់តែមានអារម្មណ៍មិនស្រួលខ្លាំងឡើយ ព្រោះរឿងមួយនេះចាប់ផ្តើមគួរឲ្យសង្ស័យខ្លាំងណាស់ហើយ មិនមែនអ្នកស្រី យ៉ុងអេ ឲ្យគេទៅសម្លាប់កូនខ្លួនឯងទេដឹង? មិនអាចទេ ឬក៏ជាលោក ដេវីត? ព្រោះនៅពេលនោះមានតែនាង អ្នកស្រី យ៉ុងអេ និងលោក ដេវីត ប៉ុណ្ណោះ។
     « ឯងបានជួបអ្នកម៉ាក់របស់ខ្ញុំហើយបានប្រាប់គាត់ទៀតមែនទេ? តែហេតុបានជាដំណើររបស់ខ្ញុំដឹងដល់អ្នកដែលតាមសម្លាប់ខ្ញុំទៅវិញ តើអ្នកដែលចង់សម្លាប់ខ្ញុំនោះជាអ្នកណា? » អាយវី កាន់តែចង់ដឹងខ្លាំងថាអ្នកណាដែលចង់សម្លាប់នាងនោះ។
     « មិនមែនលោកប៉ាចុងរបស់ឯងទេដឹង? គេជាមនុស្សតែម្នាក់ដែលនៅជាមួយអ្នកម៉ាក់របស់ឯងនិងខ្ញុំពេលនោះហើយគេក៏ជាអ្នកខលហៅមនុស្សឲ្យមកជួយតាមរកឯងដែរ » យូរី កាន់តែនិយាយកាន់តែប្រាកដក្នុងចិត្តថាលោក ដេវីត ជាអ្នកដែលចង់សម្លាប់ អាយវី ទើបនាងចាប់ផ្តើមព្រឺឆ្អឹងខ្នងភ័យខ្លាចខ្លាំង ព្រោះមិនគួរយករឿងបានជួប អាយវី ទៅនិយាយឲ្យបុរសម្នាក់នោះដឹងសោះ។
     « ជាគេឬក៏អត់បន្តិចទៀតដឹងហើយ? » អាយវី ក្តាប់ទូរស័ព្ទក្នុងដៃណែនក្រោយរកឃើញជនសង្ស័យដែលចង់សម្លាប់នាងហើយ បើជាមនុស្សម្នាក់នោះមែន មិនយូទេនាងនឹងទៅបកស្បែកមុខសុភាពបុរសក្លែងក្លាយរបស់គេឲ្យអ្នកម៉ាក់របស់នាងឃើញដោយផ្ទាល់ភ្នែក ថាមនុស្សម្នាក់នោះអាក្រក់ដល់កម្រិតណា។
             រងចាំភាគបន្ត
    
    
       
    

    
    

បង្រៀនស្នេហ៍ក្មេងទំនើង(ចប់)Where stories live. Discover now