ភាគ២៦

405 12 0
                                    

“ ល្បិចបោកបញ្ឆោត ”

   ការងារក្នុងចម្ការមានច្រើនមិនខ្វះ ព្រឹកមិញទាន់ អាយវី ត្រូវក្រោកមកធ្វើស្មៅក្នុងចម្ការជាមួយកម្មករឯទៀតបាត់ទៅហើយ ប្រហែលមួយរយៈនេះនាងទម្លាប់ខ្លួននឹងការក្រោកព្រឹកប្រលឹម ទើបមិនពិបាកឲ្យនរណាទៅដាស់ដូចកាលមុន។
   « អ្នកនាង អាយវី! អ្នកនាង...» ប៉ារបស់ ដូដូ រត់ទាំងត្រហេបត្រហបដកខ្យល់ស្ទើរមិនដល់គ្នាចូលមករក អាយវី។
   ទឹកមុខស្លេកស្លន់ភ័យព្រួយបារម្ភរបស់បុរសចំណាស់ធ្វើឲ្យ អាយវី ត្រូវប្រលែងដៃពីការងារធ្វើស្មៅ ហើយក្រោកមកសួរនាំលោកវិញ ដោយចង់ដឹងថាមានរឿងអ្វីកើតឡើង ទើបលោករត់មករកនាងទាំងមើលទៅភ័យស្លន់ស្លោយ៉ាងនេះ។
   « តើមានរឿងអ្វីកើតឡើងមែនទេ? »
   « ដូ...ដូ...កូនខ្ញុំ គេបាត់ខ្លួនហើយ ខ្ញុំរកគេពេញមួយចម្ការហើយ តែមិនឃើញសោះ ខ្ញុំមានកូនតែម្នាក់ទេ បើគេកើតអ្វីទៅឲ្យខ្ញុំធ្វើយ៉ាងម៉េច? » លោកប៉ារបស់ ដូដូ បោចសក់ក្បាលរបស់ខ្លួនឯងឡើងរញេរញៃអស់ព្រោះគិតអ្វីមិនចេញ មិនដឹងថាគួរទៅតាមរកកូនប្រុសនៅកន្លែងណា លោកប្រឹងធ្វើការសព្វថ្ងៃនេះក៏ព្រោះតែដើម្បីចិញ្ចឹមកូនម្នាក់នេះឲ្យបានល្អ បើគេកើតអ្វីទៅតើឲ្យលោករស់នៅមានន័យអ្វីទៀតទៅ? ដោយសារ ដូដូ ឧស្សាហ៍មកលេងជាមួយ អាយវី ទើបលោកមករកនាងឲ្យជួយ ម្យ៉ាងទៀតកម្មករក្នុងចម្ការក៏រវល់ធ្វើការងាររបស់គេរៀងខ្លួន គេគ្មានពេលមកជួយរកកូនឲ្យលោកទេ មានតែ អាយវី ប៉ុណ្ណោះដែលអាចជួយលោកបាននៅ។
   « តើគេមានប្រាប់ថាគេទៅលេងកន្លែងណាទេ? » អាយវី ឡើងត្រជាក់ចុងដៃចុងជើងអស់ គ្រាន់តែលឺថាក្មេងដែលមកលេងជាមួយនាងជាប្រចាំកំពុងបាត់ខ្លួន មិនដឹងថាទៅនៅកន្លែងណា កើតអ្វីឬអត់ក៏មិនដឹង? តាមធម្មតា ដូដូ តែងតែមករកនាងរាល់ព្រឹក ទោះនាងនៅកន្លែងណានៃចម្ការដ៏ធំមួយនេះក៏គេតាមរកនាងឃើញដែរ តែព្រឹកនេះនាងពិតជាមិនបានឃើញគេមករកនាងពិតមែន ឬក៏គេដើរទៅណារវង្វេងផ្លូវឬក៏ជួបគ្រោះថ្នាក់អ្វីហើយ មិនបានទេ នាងត្រូវប្រញាប់ទៅរកគេ គេជាមិត្តតែម្នាក់របស់នាងនៅទីនេះ ធ្វើម្តេចនាងដាច់ចិត្តឲ្យគេមានគ្រោះថ្នាក់បានទៅ។
   « ព្រឹកមិញលឺគេនិយាយថាគេចង់ទៅបេះស្វាយ »
   « ស្វាយមែនទេ? » អាយវី ផ្ទួនពាក្យលោកប៉ារបស់ ដូដូ ហើយឈរគិតបន្តិច ព្រោះនាងដូចជាធ្លាប់ដឹងថាកន្លែងណាមានដើមស្វាយហើយ ដូដូ ចូលចិត្តទៅទីនោះ បានបន្តិចនាងក៏នឹកឃើញកន្លែងមួយនោះ នៅព្រៃខាងក្រោយចម្ការមានដើមស្វាយមួយដើមដែល ដូដូ ធ្លាប់ធ្លាក់ការពីលើកមុន។
   « ខ្ញុំដឹងហើយថាគេនៅកន្លែង? »
   « តើនៅកន្លែងណា? »
   « ព្រៃក្រោយចម្ការ! »
   អាយវី ប្រាប់កន្លែងដែលនាងនឹកឃើញដល់លោកប៉ារបស់ ដូដូ ហើយក៏រហ័សរត់ចេញទៅព្រមគ្នា ដើម្បីទៅរកក្មេងនៅទីនោះ ក្រែងលោបានឃើញគេ តែបើមិនឃើញក៏បានប្រញាប់ទៅរកកន្លែងផ្សេងទៀតផងដែរ។
  
   ក្រឡេកមកមើល លែនស៍ ដែលកំពុងកាន់ប្រអប់គ្រឿងអលង្ការរបស់ អាយវី មកទុកលើតុធ្វើការនៅផ្ទះតូចក្នុងចម្ការវិញ ។ ទឹកមុខស្រស់ថ្លាឈរញញឹមដាក់ប្រអប់គ្រឿងអលង្ការម្នាក់ឯង ឲ្យតែបានឃើញគ្រឿងអលង្ការមួយឈុននេះ គេតែងតែនឹកទៅដល់ស្នាមញញឹមលើផ្ទៃមុខដល់ស្រស់ស្អាតរបស់ម្ចាស់វាជានិច្ច គេប្រហែលមិនទាន់អាចប្រគល់របស់នេះឲ្យនាងនៅពេលនេះបានទេ រងចាំឲ្យនាងក្លាយជាម្ចាស់ចម្ការមួយនេះសិន គេនឹងប្រគល់របស់នេះឲ្យទៅនាងវិញនៅពេលនោះ។
  
   ក្រឹកៗ
   សំឡេងទាញទ្វារដែលជាប់សោពីខាងក្រៅបន្លឺឡើងពីបន្ទប់ដាក់អ៊ីវ៉ាន់នៅក្បែរបន្ទប់ធ្វើការរបស់ លែនស៍ ជាបន្ទប់ដែល លែនស៍ ធ្លាប់ឃុំ អាយវី ទុកពេលនាងមកដល់ទីនេះដំបូង តែទីនោះគ្មានមនុស្សទៅជិតយូហើយ សូម្បីតែ អាយវី ដែលស្នាក់នៅផ្ទះមួយនេះក៏នាងមិនធ្លាប់ហ៊ាននៅក្បែរបន្ទប់នោះម្តងទៀតដែរ តាំងពីនាងត្រូវឃុំនៅក្នុងបន្ទប់នោះម្តងមក នាងក៏ខ្លាចបន្ទប់នោះរហូត តែនៅសុខៗហេតុអ្វីមានសំឡេងលឺចេញពីបន្ទប់មួយនោះ? តើអ្នកណានៅក្នុងនោះ?។
    លែនស៍ មកដល់មុខបន្ទប់ដាក់អ៊ីវ៉ាន់ ដែលត្រូវចាក់សោពីខាងក្រៅដូចធម្មតា ប៉ុន្តែហេតុអ្វីមុននេះលឺសំឡេងចេញពីទីនេះ? ។
    « ខ្ញុំស្តាប់ច្រឡំទេដឹង? » លែនស៍ លើដៃអេះក្បាលសម្លឹងបន្ទប់ជាប់សោ ដោយគិតថាខ្លួនឯងស្តាប់ច្រលំ ប៉ុន្តែ...
    « ចៅហ្វាយ! »
    លែនស៍ បម្រុងត្រឡប់ទៅវិញ តែក៏ត្រូវសំឡេងតូចរបស់ក្មេងដែលជាប់នៅខាងក្នុងបន្ទប់ស្រែកហៅគេ ទើបគេរហ័សងាកមកវិញ។
    « ដូដូ គឺឯងមែនទេ? » លែនស៍ ស្តាប់សំឡេងបានថាជា ដូដូ ក្មេងក្នុងចម្ការ ទើបគេរហ័សឈោងយកកូនសោដែលព្យួរជាប់ជញ្ជាំងមកចាក់សោបើកឲ្យក្មេងបានចេញមកខាងក្រៅ។
    « ចៅហ្វាយ ហ៊ឹក! » គ្រាន់តែទ្វាបើកភ្លាម ក្មេងក៏រត់មកឱបគេមួយទំហឹងទាំងយំរហាមគួរឲ្យអាណិត មិនដឹងថាគេជាប់នៅខាងក្នុងយូប៉ុណ្ណានោះទេ ក្នុងបន្ទប់ងងឹតប្រហែលក្មេងភ័យខ្លាចណាស់ហើយ តើអ្នកណាដែលយកក្មេងមកឃុំនៅក្នុងនេះ?  ដូដូ មិនអាចចូលទៅខាងក្នុងហើយ ចាក់សោឃុំខ្លួនឯងបានទេ ច្បាស់ជាមានអ្នកយកគេមកឃុំនៅទីនេះ តើអ្នកដែលធ្វើបែបនេះមានចេតនាអ្វីទៅ?។
    « កុំខ្លាច អស់អីហើយ » លែនស៍ អង្គុយចុះឱបខ្លួនតូចក្នុងដៃអង្អែលខ្នងលួងលោមគេឲ្យឈប់យំ។ ដូដូ ប្រឹងឈប់យំតាមសម្តីរបស់ លែនស៍ ឡើងញ័រខ្លួនអស់ ប្រអប់ដៃតូចៗលើកជូតទឹកភ្នែកនិងសម្បោរចេញឡើងប្រឡាក់ពេញមុខ។
    « ហ៊ឺ...ហ៊ឹក! » ដោយសារតែមុននេះគេយំខ្លាំងពេក ទើបមិនអាចឈប់ភ្លាមៗបាន ម្យ៉ាងគេនៅខ្លាចមិនទាន់បាត់ផង ។
    « ដូដូ ប្រាប់បានទេហេតុអ្វីឯងមកនៅក្នុងនេះបាន? » លែនស៍ លើកដៃអង្អែលក្បាលលួងលោមហើយសួរគេមួយៗតាមសម្រួល។
    « ដូដូ មិនដឹងទេ ហ៊ឺ! ពេលភ្ញាក់មកក៏នៅក្នុងនេះ ដូដូ មិនដឹងថាមកទីនេះដោយរបៀបណាទេ ហ៊ឹក! » គេរៀបរាប់ប្រាប់ លែនស៍ បណ្តើរយំបណ្តើរយ៉ាងគួរឲ្យអាណិត លែនស៍ ឃើញហើយក៏អត់អាណិតគេមិនបាន ទើប លែនស៍ លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ប៉ោងៗគួរឲ្យស្រលាញ់ហើយទាញគេមកឱបមួយសន្ទុះដើម្បីឲ្យគេបាត់ភ័យ ទើបគេសួរនាំក្មេងបន្ត។
    « ឯងមិនទាន់បានញុំអ្វីទេ? ចឹងទៅញុំនំប័ុងនៅបន្ទប់ធ្វើការលោកពូសិនទៅ ចាំលោកពូទៅយកអាហារពេលព្រឹកនៅផ្ទះមកឲ្យឯង » លែនស៍ ក្រោកឈរឡើងពេញកម្ពស់ដឹកដៃរបស់ ដូដូ ត្រឡប់ទៅបន្ទប់ធ្វើការរបស់គេវិញ ហើយក៏យកនំប័ុងដែលនៅសល់មួយដុំឲ្យ ដូដូ ញុំសិន ចំណែកគេក៏ចេញដំណើរទៅផ្ទះធំ ដើម្បីយកអាហារពេលព្រឹកមកឲ្យ ដូដូ ញុំបន្ថែម ព្រោះត្រឹមនំបុ័ងមួយដុំតូចមិនអាចជំនួសអាហារពេលព្រឹកបានទេ។
    លែនស៍ ដើរកាត់កន្លែងធ្វើស្មៅក្នុងចម្ការ តែមិនបានឃើញ អាយវី នៅធ្វើស្មៅជាមួយកម្មករឯទៀត ទើបគេចូលទៅសួរ។
    « តើ អាយវី ទៅណាហើយ? ហេតុអ្វីមិននៅធ្វើការងារដែលជាចំណែករបស់នាង? » លែនស៍ ចូលទៅសួរកម្មករនៅកន្លែងទាំងទឹកមុខមុឺងម៉ាត់។ គេបារម្ភខ្លាច អាយវី ទៅជួបជាមួយ វៀរ៍ ទើបគេចាប់ផ្តើមកាចដាក់កម្មករឯទៀត ពេលមិនបានឃើញ អាយវី នៅកន្លែងធ្វើការ។
    « នាងទៅជាមួយលោកប៉ារបស់ ដូដូ លឺថាដូចជាចង់ទៅរក ដូដូ » កម្មកររហ័សឆ្លើយអ្វីដែលខ្លួនបានដឹងប្រាប់ទៅចៅហ្វាយនាយ ។
    « ទៅរក ដូដូ មែនទេ? ដូដូ ត្រូវឃុំទុកនៅបន្ទប់ដាក់អ៊ីវ៉ាន់ក្នុងផ្ទះ តើអ្នកណាជាអ្នកឃុំដូដូ? ដូដូ ត្រូវឃុំខ្លួនដូចជាមិនមែនជារឿងចៃដន្យទេ » លែនស៍ មានរឿងសង្ស័យទើបឈរគិតពីរឿងហេតុម្តងមួយៗយកមកផ្គុំចូលគ្នា។
   
    “ តាមពិតក្មេងស្រីម្នាក់នោះមិនបានរត់មកជាមួយឯងទេ ”
    “ តាមពិតគោលដៅរបស់ពួកឯងគឺ អាយវី ប្រាប់មកអ្នកណាបញ្ចូលឯងមក ”
   
    លែនស៍ បើកភ្នែកធំឡើង ពេលនឹកឃើញដល់ឃាតករពីរនាក់ដែលតាមសម្លាប់ អាយវី នៅថ្ងៃនោះ ធ្វើឲ្យគេដឹងថារឿងដែល ដូដូ ត្រូវជាប់ឃុំនៅក្នុងបន្ទប់ដាក់អ៊ីវ៉ាន់នោះ មិនមែនគ្មានហេតុផលនោះទេ តែមានអ្នកកំពុងប្រើការបាត់ខ្លួនរបស់ ដូដូ ធ្វើជានុយបញ្ឆោត អាយវី ទៅវិញទេ។
    « អាយវី! តើមានដឹងថានាងទៅកន្លែងណាទេ? » លែនស៍ រហ័សសួរពីទីតាំងដែល អាយវី បានទៅពីកម្មករ ដោយទឹកមុខប្រែជាព្រួយបារម្ភចំពោះសុវត្ថិភាពរបស់នាងខ្លាំងឡើងមួយរំព្រិច គេមិនព្រមឲ្យនាងកើតអ្វីនោះទេ បើអ្នកណាហ៊ានប៉ះពាល់នាងតែបន្តិច គេនឹងសម្លាប់អ្នកនោះចោល។
    « ដូចជា...លឺថានៅ...ឯណាអ៊ីចេះ? ខ្ញុំរកនឹកបន្តិចសិន »
            រងចាំភាគបន្ត
                  
   
   
   

   

បង្រៀនស្នេហ៍ក្មេងទំនើង(ចប់)Where stories live. Discover now