ភាគ៥៧

366 14 0
                                    

  “ មនុស្សលោភលន់ ”

   « ដើរឲ្យលឿន! » លេខាលោកដេវីតរុញខ្នងរបស់ អាយវីនិងឡានី បង្ខំឲ្យពួកនាងដើរកាត់ព្រៃជាមួយពួកគេទាំងយប់ងងឹត ។
   « ដើរប្រហែលកន្លះម៉ោងទៀតពួកយើងនឹងទៅដល់កំពង់ផែខុសច្បាប់មួយកន្លែង ពេលនោះយើងនឹងយកពីរនាក់នេះធ្វើចំណាប់ខ្មាំងដើម្បីបានលុយឆ្លងដែនទៅក្រៅប្រទេស » លោក ដេវីត ងាកមកប្រាប់កូនចៅហើយក៏ប្រញាប់ជើងដើរទៅមុខលឿនជាងមុន។
   ប្រូស!
   ឡានី អស់ជើងដួលទៅលើដីក្រោយដើរអស់ជាច្រើនម៉ោងដោយមិនបានសម្រាកសោះ។
   « យ៉ាងម៉េចហើយ? » អាយវី រហ័សអង្គុយចុះមើលកជើងដែលឡើងក្រហមជាំដែលមើលទៅដូចជាទាក់នឹងមែកឈើធ្វើឲ្យជើងរបស់ ឡានី មានរបួសហើមក្រហមបែបនេះ។
   « ខ្ញុំទៅលែងរួចហើយ » ឡានី ទប់កជើងដែលមានរបួសឈឺចាប់មិនអាចបង្ខំដើរបន្តទៀតបាន បើបង្ខំដើរបន្តទៀតទាំងឈឺបែបនេះកជើងនាងបាក់មិនខានទេ។
   « ឆាប់ក្រោកឡើង! » កម្លោះលេខាស្រែកសម្លុតនិងចាប់ទាញដៃស្រឡូនបង្ខំឲ្យនាងក្រោកឈរ តែក៏មិនបានផលព្រោះជើងរបស់នាងមិនអាចទ្រទម្ងន់របស់នាងបានទៀតទេ ទើបត្រូវដួលទៅលើដីវិញបន្ទាប់ពីលេខារបស់លោក ដេវីត លែងដៃពីនាង។
   ប្រូស!
   « អ៊ួយ ឈឺណាស់! ខ្ញុំដើរមិនរួចទេ ពួកលោកឈប់បង្ខំខ្ញុំទៅ » ឡានី ងើបមុខឡើងស្រែកឲ្យមនុស្សអាក្រក់ជុំវិញខ្លួនដោយឈឺចាប់។
   « បើដើរទៅមុខមិនរួច ចឹងក៏ស្លាប់នៅត្រង់នេះតែម្តងទៅ » លោក ដេវីត តែឈរមិនមាត់កជាយូបង្ហើបសំឡេងឃោឃៅឡើងគំរាម ឡានី តែលោកមិនបានគ្រាន់តែគំរាមឲ្យនាងខ្លាចទេ លោកនឹងធ្វើមែនបើ ឡានី មិនព្រមក្រោក ។ លោក ដេវីត ដកកាំភ្លើងភ្ជង់ទៅកាន់ ឡានី ដោយដៃត្រៀមកេះកៃគ្រប់ពេល។
   « ...» ឡានី ស្ងាត់មាត់មិនខ្ចីអង្វរសុំជីវិតពីមនុស្សអាក្រក់ដូចជាលោក ដេវីត ឡើយ នាងដើរទៅមុខទៀតមិនរួចពិតមែន បើគេចង់សម្លាប់នាងនៅទីនេះក៏តាមចិត្ត ។
   « មួយ...ពីរ...បី »
   « ឈប់សិន! កុំសម្លាប់នាងអី » អាយវី ចូលមកឈរពីមុខ ឡានី សុំលោក ដេវីត មិនឲ្យបាញ់ ឡានី ។
   លោក ដេវីត ព្រមទុកកាំភ្លើងវិញ ព្រោះក្មេងទាំងពីរនាក់នេះនៅមានប្រយោជន៍ចំពោះលោក បើសម្លាប់មួយមិនអីតែបើសម្លាប់ទាំងពីរដូចជានាំខ្លួនឯងទៅរកផ្លូវស្លាប់អ៊ីចឹង បែបនេះហើយទើបពេល អាយវី ចូលមកសុំជីវិតឲ្យ ឡានី លោកក៏ព្រមដាក់កាំភ្លើងចុះ។
   អាយវី ឃើញថាលោក ដេវីត ព្រមលើកលែងឲ្យ ឡានី ហើយ ទើបនាងងាកមកនិយាយជាមួយ ឡានី វិញ។
   « ពេលទៅដល់កំពង់ផែច្បាស់ជាមានអ្នកជួយយើង ដូច្នេះកុំចង់ស្លាប់នៅទីនេះអី » អាយវី ខ្សឹបប្រាប់ ឡានី ហើយក៏ងាកខ្នងឲ្យ ឡានី ។
   « ឯងចង់ធ្វើអី? » ឡានី លើកចិញ្ចើមសួរពេលឃើញកាយវិការ អាយវី ដូចជាកំពុងប្រាប់ឲ្យនាងឡើងលើខ្នងបែបនេះ ខ្លួនតូចតែមួយបែបនេះគិតថាអៀវនាងរួចមែនទេ?។
   « ឆាប់ឡើងមក ខ្ញុំអៀវឯង កុំឃើញខ្ញុំខ្លួនតូចតែកម្លាំងខ្ញុំខ្លាំងណាស់ » អាយវី ដឹងថាក្នុងចិត្តរបស់ ឡានី កំពុងគិតអ្វី ទើបនិយាយបញ្ចុះបញ្ចូលឲ្យ ឡានី ព្រមឡើងលើខ្នងរបស់នាង។
   « ខ្ញុំឡើងហើយណា! » ឡានី ស្រែកប្រាប់មុនដើម្បីឲ្យ អាយវី បានត្រៀមខ្លួនទប់នឹងទម្ងន់របស់នាង។
   « អ្ហ៊ឹះ! កុំគិតថាខ្ញុំអៀវឯងរហូតដល់កំពង់ផែឲ្យសោះ ខ្ញុំអៀវតែរល្មមនឹងជើងឯងបានប្រសើរឡើងហើយដើរឡើងវិញបានប៉ុណ្ណោះ » អាយវី ដើរបណ្តើរនិយាយផ្ដាំ ឡានី ទុកជាមុនបណ្តើរ ព្រោះបើឲ្យនាងអៀវ ឡានី ដល់ចេញផុតពីព្រៃទៅដល់កំពង់ផែ នាងច្បាស់ជាស្លាប់មិនខានទេ គ្រាន់តែអៀវ ឡានី ទើបតែបានប៉ុន្មានម៉ែត្រនាងធ្ងន់ចង់តែលៀនអណ្តាតទៅហើយ។
   « អរគុណហើយ »
   « មិនបាច់អរគុណទេ នេះប្រហែលជាកម្មពាររបស់ខ្ញុំដែលធ្លាប់ធ្វើបាបឯងពីមុន ទើបថ្ងៃនេះត្រូវមកអៀវឯងដើររាប់គីឡូបែបនេះ »
   « ឈប់និយាយទៅ កាន់តែនិយាយឯងច្បាស់ជាកាន់តែហត់មិនខាន »
   « មិននិយាយក៏ហត់ដែរ ព្រោះទម្ងន់របស់បងធ្ងន់ណាស់ » អាយវី ញញឹមស្រាលៗពេលហ៊ានហាមាត់ហៅ ឡានី ថាបងជាលើកទីមួយ។
   « ...» ឡានី មិនតបមិនមែនមានន័យថានាងនៅតែមិនទទួលស្គាល់ថា អាយវី ជាប្អូនរបស់នាង នាងគ្រាន់តែនៅអៀនមាត់ហើយម្យ៉ាងទៀតក៏ចង់ឲ្យ អាយវី ឈប់និយាយពេលកំពុងអៀវនាងផង ទើបនាងគ្រាន់តែឈោងដៃទៅជួយវែកសរសៃសក់ដែលធ្លាក់លើមុខរបស់ អាយវី ចេញនិងយកដៃអាវជូតញើសលើថ្ងាស់របស់ប្អូនស្រីហើយក៏ញញឹមស្រាលៗចេញមកលើផ្ទៃមុខជាការឆ្លើយតបជាមួយ អាយវី ។ ទោះ អាយវី មិនអាចមើលឃើញថាអ្នកខាងក្រោយកំពុងញញឹមតែនាងក៏អាចដឹងបានតាមរយះចង្វាក់បេះដូងតូចដែលលោតនៅលើខ្នងរបស់នាងដែរ។
  
   កំពង់ផែលើកោះជេជូ
  
   លែនស៍ វៀរ៍ និងប៉ូលីសមួយក្រុមកំពុងលាក់ខ្លួនចាំលោក ដេវីតនិងគ្នីគ្នានៅកំពុងផែខុសច្បាប់មួយកន្លែង ខណៈប៉ូលីសមួយក្រុមទៀតកំពុងធ្វើការសម្អាតគ្រាប់បែកនៅឯចម្ការអាយឡាណាជាសម្ងាត់។
   « ប្រាកដទេថាគេនឹងមកទីនេះ? » លែនស៍ ងាកទៅសួរ វៀរ៍និងប៉ូលីសដោយចិត្តអន្ទះសារនិងព្រួយបារម្ភ។
   « នៅលើកោះមានតែកំពង់ផែមួយនេះទេ ដែលជួយដឹកជញ្ចូលអ្នកមានទោសជាប់ខ្លួនគេចទៅក្រៅប្រទេស ប៉ុន្តែពួកគេសុំថ្លៃឈ្នួលច្រើនណាស់ លោកដេវីតនិងគ្នីគ្នាពេលនេះមិនទាន់ទទួលបានលុយពីអ្នកស្រី យ៉ុងអេ នៅឡើយ ប្រហែលនេះជាមូលហេតុដែលគេមិនទាន់បំផ្ទុះចម្ការ អាយឡាណា គេច្បាស់ជាចង់យករឿងគ្រាប់បែកនៅចម្ការព្រមទាំង អាយវីនិងឡានីមកគំរាមទារប្រាក់ទៀតមិនខាន » វៀរ៍ រៀបរាប់អ្វីដែលប៉ូលីសនិងគេបានសន្និដ្ឋានប្រាប់ចៅហ្វាយនាយ។
   ងុឺត!
   ទូកនេសាទគួរឲ្យសង្ស័យមួយចូលមកឈប់នៅកំពង់ផែហើយក៏មានបុរសម្នាក់ចុះពីលើទូកមកឈរចាំនរណាម្នាក់នៅលើច្រាំងថ្ម។
   « ឆាប់ដើរឲ្យលឿន! » សំឡេងលេខារបស់លោក ដេវីត បង្ខំឲ្យស្រីក្រមុំពីរនាក់ដើរឲ្យលឿនបន្លឺឡើងពីចម្ងាយ បានបន្តិចក៏ឃើញពួកគេដើរចេញពីកន្លែងងងឹតចូលមកកន្លែងមានអំពូលបំភ្លឺ។
  
ក្រុមប៉ូលីសដកកាំភ្លើងមកគ្រប់ដៃរងចាំចេញប្រតិបត្តិការជាស្រេចពេលឃើញជនរល្មើសនិងចំណាប់ខ្មាំងមកដល់គោលដៅ។
   « អាយវី! ឡានី! » លែនស៍ សម្លឹងឃើញអ្នកជាទីស្រលាញ់ត្រូវគេធ្វើបាបហើយខឹងជាខ្លាំង គេចង់តែស្ទុះ   ចេញទៅសម្លាប់លោក ដេវីតនិងគ្នីគ្នាឥឡូវនេះទេ តែក៏ត្រូវប្រឹងទប់អារម្មណ៍ព្រោះមិនចង់ឲ្យខុសផែនការតែត្រៀមទុក។
   “ សូន្យពីរបានលឺសូមឆ្លើយ ពេលនេះសូន្យបីបានដោះគ្រាប់បែកដែលដាក់នៅក្នុងចម្ការអស់ហើយ ” សំឡេងរាយការណ៍របស់ប៉ូលីសមួយក្រុមទៀតដែលនៅចម្ការបន្លឺតាមរយះអេក្រូរបស់លោកមេក្រុមប៉ូលីស ទើបលោកមេក្រុមទទួលបានហើយក៏ចេញបញ្ជាប្រតិបត្តិការភ្លាម។
   « ចូល! » លោកមេក្រុម បក់ដៃទៅមុខ ទើបក្រុមប៉ូលីស លែនស៍និងវៀរ៍ ក៏សម្រុកចូលទៅរកគ្នីគ្នារបស់លោក ដេវីត ដែលនៅឈរតថ្លៃគ្នានៅលើច្រាំងកំពង់ផែភ្លាម។
   « ឈប់! ពួកយើងជាប៉ូលីស ឆាប់ប្រគល់ខ្លួនភ្លាម »
   « ប៉ូលីស! ពួកឯងហៅប៉ូលីសមកមែនទេ? » អ្នកបើកទូកខុសច្បាប់គិតថាលោក ដេវីត ជាអ្នកហៅប៉ូលីសមកចាប់គេ ក៏ដកយកភ្លើងមកបាញ់គ្នារបស់លោក ដេវីត។
   ផាំង! ផាំង!
   « ចង្រៃយ៍! »
   ផាំង!
   អ្នកបើកទូកបាញ់កូនចៅរបស់លោកស្លាប់ម្នាក់និងលេខារបស់លោករបួសដៃ ទើបលោកបាញ់អ្នកបើកទូកសម្លាប់ចោល។ រវល់តែឈ្លោះគ្នាជាមួយអ្នកបើកទូកភ្លេចមើលប៉ូលីសនិងចំណាប់ខ្មាំងដែលកំពុងរត់ចេញពីលោក។
   « ឈប់...ឈប់! » លេខាកម្លោះដែលត្រូវបាញ់ដេកនៅលើដីព្យាយាមចាប់កជើងរបស់ អាយវី ជាប់។
   ផាំង! ផាំង!
   លោក ដេវីត ព្យាយាមបាញ់ស្កាត់មិនឲ្យប៉ូលីសចូលមកជួយ អាយវីនិងឡានី បាន។
   « ឡានី ទៅមុនទៅ » អាយវី ប្រាប់ឲ្យ ឡានី ដែលមិនត្រូវចាប់ជើងជាប់ដូចជានាង ឲ្យរត់ទៅមុន។
   « ហើយឯង? »
   « ខ្ញុំចេះយករួចខ្លួនហើយ ឆាប់ទៅមុនទៅ! »
   ឌឹប!
   អាយវី ស្រែកឲ្យ ឡានី រត់ទៅហើយក៏ងាកមកជាន់ដៃរបស់អ្នកដែលចាប់ជើងនាងជាប់វិញ។
   « អ៊ួយ! កុំចង់រត់ឲ្យសោះ! » លេខារបស់លោក ដេវីត ទោះត្រូវ អាយវី ជាន់ដៃឈឺចង់ស្លាប់ក៏ប្រឹងស្ទុះក្រោកឈរឡើងទៅចាប់ទាញដៃរបស់ អាយវី ដែលបម្រុងរត់ចេញទៅជាប់មកវិញដែរ។
  
   « អាយវី! » លែនស៍ ក្រឡេកឃើញ អាយវី មិនទាន់គេចខ្លួនពីក្នុងដៃរបស់លេខាលោក ដេវីត បានគេក៏រហ័សរកផ្លូវរត់ទៅជួយនាង។
   « លោកប៉ា! » ឡានី ក្រឡេកឃើញ លែនស៍ ក៏រហ័សរត់មករកគេ ប៉ុន្តែមិននឹកស្មានថាលោក ដេវីត ដែលបាញ់ស្កាត់ប៉ូលីសសុខៗក៏ក្រឡេកឃើញ ឡានី រត់គេចខ្លួនពីកូនចៅរបស់លោកទៅរក លែនស៍ ទើបលោកតម្រង់កាំភ្លើងទៅរកនាងទាំងដៃញ័រទទ្រើកកែវភ្នែកទាំងគូសម្លឹង ឡានី ដោយក្តីឈឺនិងចងកំហឹង។
   “ ខ្ញុំគ្មានថ្ងៃស្រលាញ់មនុស្សលោភលន់ដូចជាលោកទេ ” សម្តីចុងក្រោយដែលអ្នកស្រី ឡាណា ស្រែកឲ្យលោក លាន់លឺពេញក្នុងខួរក្បាលធ្វើឲ្យលោកឈឺចាប់យ៉ាងខ្លាំង ទើបលោកសម្រេចចិត្តកេះកៃកាំភ្លើង។
   « ឡានី! »
   ផាំង!
   ប្រូស!
   រាងស្តើងដួលទៅលើដីរមៀលជាច្រើនត្រឡប់ព្រោះតែកម្លាំងរុញរបស់ លែនស៍ ដើម្បីជួយនាងឲ្យគេចផុតពីគ្រាប់កាំភ្លើងរបស់លោកដេវីត។
   « លោកប៉ា! » ឡានី ស្ទុះក្រោកមកវិញរត់មករករាងក្រាស់ដែលដេកដួលទៅលើដីព្រមទាំងដៃដែលហូរឈាមជោកអាវ។
   « លែនស៍! »  អាយវី ប្រឹងរើចេញពីក្នុងដៃរបស់លេខាលោក ដេវីត ដើម្បីទៅរក លែនស៍ តែក៏មិនបានផង។
   « ចៅហ្វាយ! » វៀរ៍ យកកាំភ្លើងពីដៃប៉ូលីសទាំងកំហឹងពេលឃើញលោកពូរបស់គេមានចេតនាបាញ់សម្លាប់ ឡានីនិងលែនស៍ បែបនេះ គេទ្រាំលែងបានហើយ មានលោកពូកាចសាហាវប្រៀបដូចសត្វចម្លែកបែបនេះគ្មានវិញល្អជាង។
   « វៀរ៍ នេះឯងចង់បាញ់សម្លាប់លោកពូផងមែនទេ? » លោក ដេវីត ភ្ជង់កាំភ្លើងមកកាន់ក្មួយប្រុសដែលបែកគ្នារាប់ឆ្នាំវិញ ពេលឃើញគេចង់បាញ់លោក លោកមិនដែលគិតចង់ធ្វើបាបគេទេ តែបើគេចង់សម្លាប់លោក លោកក៏មិនទុកក្មួយដែលអកត្តញ្ញូបែបនេះដែរ។
   « ខ្ញុំគ្មានលោកពូជាសត្វចម្លែកសាហាវឃោឃៅបែបនេះទេ » វៀរ៍ តម្រង់កាំភ្លើងទៅកាន់លោក ដេវីត មិនទន់ចិត្តតាមពាក្យសម្តីរបស់លោកពូ។
   « ឈប់ បើឯងហ៊ានបាញ់ចៅហ្វាយ នាងម្នាក់នេះនឹងស្លាប់ហើយខ្ញុំក៏នឹងបំផ្ទុះចម្ការអាយឡាណាបំផ្លាញ់ចោលដែរ » កម្លោះលេខាយកកាំភ្លើងភ្ជង់ក្បាលរបស់ អាយវី អូសមកគំរាម វៀរ៍ មិនឲ្យបាញ់លោក ដេវីត និងលើកតេឡេបញ្ជាគ្រាប់បែកឡើងមក។
   « គ្រាប់បែកនៅចម្ការត្រូវប៉ូលីសដោះអស់ហើយ » វៀរ៍ តបទៅកាន់លេខារបស់លោក ដេវីត វិញដើម្បីមិនឲ្យគេយករឿងគ្រាប់បែកមកគំរាមទៀត។
   « ប៉ូលីសដឹងបានយ៉ាងម៉េចថានៅចម្ការមានគ្រាប់បែក? »
   « ព្រោះពួកឯងចាប់មនុស្សមិនអស់នោះអី ពួកឯងប្រហែលមិនដឹងទេថាក្នុងផ្ទះធំមានមេផ្ទះម្នាក់ទៀត នាងជាអ្នករាយការណ៍ទីតាំងគ្រាប់បែកនឹងផែនការរបស់ពួកឯងគ្រប់យ៉ាងមកឲ្យយើង » លែនស៍ ប្រាប់ទៅលេខារបស់លោក ដេវីត ដើម្បីមិនឲ្យគេល្ងង់តទៅទៀត។
   « គ្រាប់បែកត្រូវដោះពិតមែន តែយើងក៏មាននាងម្នាក់នេះនៅក្នុងដៃដែរ ឆាប់ដាក់កាំភ្លើងចុះ » លេខាលោក ដេវីត ស្រែកគំរាមម្តងទៀត ព្រមទាំងភ្ជង់កាំភ្លើងស្ទើរតែឆ្លុះក្បាល អាយវី។
   « វៀរ៍ ដាក់ភ្លើងកាំភ្លើងចុះទៅ » លែនស៍ ប្រឹងក្រោកឈរទាំងដៃមានរបួសហើយស្រែកប្រាប់ឲ្យ វៀរ៍ ដាក់កាំភ្លើងចុះកុំឆេវឆាវ បើគេឆេវឆាវ អាយវី អាចនឹងត្រូវស្លាប់ក៏ថាបាន។
   « ចង្រៃយ៍! » វៀរ៍ ដាក់កាំភ្លើងចុះទាំងខឹងមួរម៉ៅដែលគេមិនអាចហាមលោកពូមិនឲ្យធ្វើរឿងអាក្រក់ដាក់អ្នកដទៃទៀតបាន។
   « ឆាប់ឲ្យ យ៉ុងអេ យកលុយឲ្យយើងឥឡូវនេះ បើមិនអ៊ីចឹងកូនស្រីរបស់នាងនឹងស្លាប់ហើយ » លោក ដេវីត ស្រែកបញ្ជាប៉ូលីសនិងគ្រប់គ្នាឲ្យប្រាប់ទៅអ្នកស្រី យ៉ុងអេ ឲ្យយកលុយមកឲ្យគេជាប្រញាប់។
   « កុំធ្វើអ្វីកូនស្រីរបស់ខ្ញុំ » អ្នកស្រី យ៉ុងអេ ដែលនៅចាំស្តាប់ដំណឹងក្នុងឡានប៉ូលីសរហ័សរត់ចេញមកពីបានលឺសម្តីគំរាមរបស់ លោក ដេវីត ហើយ។
   « ហាសហា មកលឿនទាន់ចិត្តពិតមែន ឆាប់យកលុយមកឲ្យយើងឲ្យលឿន លុយទាំងអស់របស់នាងយកមកឲ្យយើងមក យើងត្រូវការលុយទាំងអស់នោះ » លោក ដេវីត សើចសប្បាយចិត្តពេលនិយាយដល់រឿងលុយហើយ មិនថាស្ថិតនៅក្នុងស្ថានភាពបែបណាលោកក៏មិនដែលភ្លេចរឿងលុយនោះទេ ដូចពេលនេះអ៊ីចឹងលោកមើលទៅដូចជាបិសាចស្រេកឃ្លានលុយរបស់អ្នកស្រី យ៉ុងអេ ខ្លាំងណាស់។
   « ពេលនេះលុយមិននៅនឹងខ្ញុំទេ លុយទាំងអស់នៅក្នុងធនាគារ »
   « ឆាប់ទៅបើកយកមក! បើមិនចឹងយើងសម្លាប់កូនរបស់នាងហើយ » លោក ដេវីត អស់ពីសើចសប្បាយក៏ប្តូរមកជាខឹងក្រោធមួយរំព្រិចពេលដឹងថាលុយនៅធនាគារ ហើយក៏ប្តូរទិញដៅកាំភ្លើងទៅកាន់ អាយវី ដែលនៅក្នុងដៃលេខារបស់លោកវិញភ្លាម ដើម្បីគំរាមអ្នកស្រី យ៉ុងអេ។
   « តើគួរធ្វើយ៉ាងម៉េចទៅ? » វៀរ៍ ងាកមកសួរអ្នកស្រី យ៉ុងអេនិងលែនស៍ ។
   « មិនអាចឲ្យ អាយវី មានគ្រោះថ្នាក់ជាដាច់ខាត » លែនស៍ ងាកមកតបជាមួយ វៀរ៍ ទាំងទឹកមុខព្រួយបារម្ភខ្លាំង។
   « យ៉ាងម៉េចគិតរួចហើយឬនៅ? » លោក ដេវីត ស្រែកសួរម្តងទៀតពេលឃើញភាគីម្ខាងទៀតកំពុងស្ងាត់។
   « កុំឲ្យតាមអ្វីដែលគេសុំអី ព្រោះយ៉ាងណាក៏គេមិនគិតដោះលែងខ្ញុំដែរ » អាយវី ស្រែកប្រាប់គ្រប់គ្នាដែលកំពុងគិតជួយនាង។
   « បិទមាត់ទៅ! »
   ប្រូស!
   លេខាលោក ដេវីត ច្រាន អាយវី ទៅលើដីដើម្បីមិនឲ្យនាងស្រែករំខានការសម្រេចចិត្តរបស់អ្នកម្ខាងទៀត។
   « កុំប៉ះពាល់នាង អាចង្រៃ! »
   ផាំង!
   លែនស៍ គំហកដាក់លេខារបស់លោក ដេវីត ហើយប្រុងស្ទុះចូលទៅវាយលេខារបស់លោក ដេវីត តែក៏ត្រូវលោក ដេវីត បាញ់កាំភ្លើងទាក់មុខគំរាមគេមិនឲ្យចូលមកជិតលេខារបស់លោក។
   « កុំប៉ះពាល់កូនស្រីរបស់ខ្ញុំ ខ្ញុំនឹងយកលុយមកឲ្យឯង » អ្នកស្រី យ៉ុងអេ សម្រេចចិត្តហើយក៏លើកដៃជាសញ្ញាឲ្យលេខារបស់ខ្លួនចេញទៅយកលុយ។
   « ឈប់សិន! ប៉ូលីសក៏ត្រូវចេញពីទីនេះដែរ »
   « ធ្វើបែបនេះលោកខ្សែលើពេកហើយ »
   ផាំង!
             រងចាំភាគបន្ត
  
  
  
  
  
  
 
  
  
  

  
  
  
  
  
  
  
  
  
  

បង្រៀនស្នេហ៍ក្មេងទំនើង(ចប់)Where stories live. Discover now