ភាគ៤៦

330 13 0
                                    

  “ ស្រមោលខ្មៅក្នុងអតីតកាល ”

   ត្របកភ្នែកស្តើងបើកឡើងសម្លឹងភាពងងឹតជុំវិញខ្លួនដោយភាពតក់ស្លុត។
   “ ខ្ញុំនៅកន្លែងណា? ” អាយវី សម្លឹងជុំវិញខ្លួនដែលគ្មានអ្វីក្រៅតែពីភាពងងឹតគួរឲ្យខ្លាច ភ្លាមៗស្រាប់តែមានស្រមោលខ្មៅងងឹតរបស់មនុស្សម្នាក់ដើរចូលសំដៅមករកគ្រែដែលនាងកំពុងតែគេង។ រាងកាយរបស់នាងចាប់ផ្តើមញ័រទទ្រើកដោយភាពភ័យខ្លាច ស្រមោលមួយនោះចូលមករកនាងទៀតហើយ ស្រមោលមួយនេះតែងតែបង្ហាញខ្លួននៅក្នុងទីងងឹតហើយចូលមកបន្លាចនាងឲ្យភ័យខ្លាចគ្រប់ពេល ប៉ុន្តែលើកនេះមិនដូចរាល់ដងនោះទេ ព្រោះលើកនេះនាងមានអារម្មណ៍ថានាងអាចមើលឃើញស្រមោលមួយនេះច្បាស់ជាងរាល់ដង។
  
   ១០ឆ្នាំមុន
   ភ្លឹប!
   ភ្លើងនៅក្នុងផ្ទះវីឡាទាន់សម័យនៅកណ្តាលក្រុងមួយកន្លែងស្រាប់តែរលត់អំពូលនៅក្នុងផ្ទះទាំងអស់ដូចជាអគ្គិសនីត្រូវបានកាត់ផ្ដាច់។ លោក យូស៊ីន ដឹកដៃកូនស្រីចេញពីបន្ទប់ដើម្បីពិនិត្យមើលអំពូលក្នុងផ្ទះ ព្រោះមិនអាចទុកកូនស្រីអាយុ៨ឆ្នាំឲ្យនៅចាំក្នុងបន្ទប់ម្នាក់ឯងបាន ទើបលោកដឹកដៃកូនស្រីមកជាមួយ។
   « លោកប៉ា! លោកប៉ា! » ក្មេងស្រីអាយុ ៨ឆ្នាំចាប់អង្រួនម្រាមដៃរបស់អ្នកជាប៉ាតិចៗ ដោយអារម្មណ៍ភ័យខ្លាច។
   « កូនខ្លាចមែនទេ? ភ្លើងគ្រាន់តែដាច់បន្តិចទៀតនឹងមកវិញហើយកុំខ្លាចអី » លោក យូស៊ីន អង្គុយចុះពីមុខកូនស្រីនិងនិយាយលួងលោមកូនស្រីមិនឲ្យមានអារម្មណ៍ខ្លាចខ្លាំង។
   « ចុះអ្នកម៉ាក់ពេលណាមកវិញ? »
   « អ្នករបស់កូនមានការងារច្រើនណាស់នៅក្រុមហ៊ុន ប្រហែលព្រឹកទើបត្រឡប់មកផ្ទះ យប់នេះកូននៅជាមួយលោកប៉ាហើយណា »
   តុក! តុក!
   សំឡេងគោះទ្វាបន្លឺឡើងជាប់ៗគ្នាជាច្រើនដង ផ្តាច់ការសន្ទនារវាងឪពុកនិងកូនស្រី ឲ្យងាកទៅចាប់អារម្មណ៍ទ្វាផ្ទះដែលត្រូវរង្គើព្រោះតែកម្លាំងគោះខ្លាំងពីខាងក្រៅវិញ។ លោក យូស៊ីន មានអារម្មណ៍មិនស្រួលភ្លាមៗ ទើបលោករហ័សងាកទៅរកកូនស្រីវិញ។
   « អាយវី ឆាប់មកនេះ » លោក យូស៊ីន បើកទ្វារទូដាក់សម្ភារៈក្បែរជញ្ជាំងហើយក៏ចាប់ស្មាតូចរបស់កូនស្រីទាំងសងខាងដោយទឹកមុខមិនល្អ ។
   « លោកប៉ា! »
   « អាយវី ស្តាប់ប៉ាណា មិនថាមានរឿងអ្វីទេកូនកុំចេញពីក្នុងទូមកឲ្យសោះ ត្រូវនៅក្នុងនេះរហូតដល់អ្នកម៉ាក់របស់កូនមកដឹងទេ » លោក យូស៊ីន ប្រាប់កូនស្រីហើយក៏ឲ្យកូនស្រីចូលទៅក្នុងទូដាក់សម្ភារៈ រួចក៏បិទទ្វាទូវិញមុននឹងក្រោកឡើងដើរទៅបើកទ្វាឲ្យអ្នកដែលគោះទ្វាផ្ទះរបស់លោក។
   ក្រាក!
   « ជាឯងពិតមែនទេ? »
   អាយវី នៅសម្ងំក្នុងទូស្តាប់លឺសំឡេងរបស់លោកប៉ានិយាយជាមួយអ្នកដែលគោះទ្វាផ្ទះទាំងកណ្តាលយប់។
   « យ៉ាងម៉េចខកបំណងហើយមែនទេដែលយើងមិនស្លាប់? គ្រប់យ៉ាងជារបស់យើងតែម្នាក់ប៉ុណ្ណោះ »
   ខ្វាច់!
   ឈាមពណ៌ក្រហមឆ្អៅខ្ទាតមកប៉ះនឹងទូក្បែរជញ្ជាំង ប្រឡាក់ដល់មុខក្មេងស្រីដែលលាក់ខ្លួននៅក្នុងទូបានឃើញរូបភាពគ្រប់យ៉ាងតាមប្រឡោះទ្វាទូដែលរហើបបន្តិច។ ប៉ុន្តែដោយសារតែនៅក្នុងផ្ទះងងឹតគ្មានភ្លើងទើបនាងបានឃើញត្រឹមតែស្រមោលខ្មៅងងឹតដែលធ្វើសកម្មភាពកាប់សម្លាប់លោកប៉ារបស់នាងច្រើនដាវតែប៉ុណ្ណោះ។
   « លុយ...លុយរបស់ឯងនៅឯណា? អាចង្រៃយ៍! » គេប្រែជាដូចបិសាចដែលកាប់សម្លាប់មនុស្សមិនញញើតដៃ ក្រោយពីកាប់លោក យូស៊ីន ឲ្យស្លាប់យ៉ាងអាណោចអាធ័មហើយ គេក៏កាន់ដាវមុតស្រួចដែលប្រឡាក់ដោយឈាមដើរសំដៅមករកទូដែលក្មេងកំពុងលាក់ខ្លួន។
   តក់! តក់!
   ដំណក់ឈាមក្រហមឆ្អៅខាប់អន្ធិលហូរស្រក់ពីចុងដាវមុតស្រួចចុះទៅលើឥដ្ឋការ៉ូក្នុងផ្ទះកណ្តាលយប់ស្ងាត់ជ្រងំធ្វើឲ្យត្រចៀករបស់ក្មេងដែលសម្ងំនៅក្នុងទូមិនបានលឺអ្វីក្រៅតែពីសំឡេងឈាមស្រក់យ៉ាងគួរឲ្យតក់ស្លុតមួយនេះ។ស្រមោលខ្មៅដើរចូលមកកាន់តែជិតទៅៗធ្វើឲ្យខ្លួនប្រាណតូចនៅក្នុងទូឡើងញ័រដូចកូនសត្វ។
   ផាំង! ផាំង!
   គេយកដាវមកគោះនឹងទូហើយក៏ដើរហួសទៅ ប៉ុន្តែក៏ធ្វើឲ្យក្មេងនៅក្នុងទូភ័យរហូតប្រលឹងលែងនៅជាប់ក្នុងខ្លួនទៅហើយ។
   « លុយ! លុយ! »
  
   ត្រឡប់មកបច្ចុប្បន្នវិញ
   អាយវី រហ័សស្ទុះក្រោកអង្គុយបើកភ្នែកធំសម្លឹងស្រមោលខ្មៅដែលកំពុងដើរចូលមករកនាង នាងចាំបានច្បាស់ណាស់គឺស្រមោលមួយនេះហើយ គឺជាគេ មនុស្សដែលសម្លាប់លោកប៉ារបស់នាងនៅពេលនោះ។
   « គឺគេ... អ្ហាយ! ចេញទៅ! » អាយវី ស្រែកមួយរំពងមាត់លើកដៃទប់ត្រចៀករបស់ខ្លួនឯងឱនមុខចុះព្រោះតែភ័យខ្លាចនឹងស្រមោលខ្មៅដែលចូលមកជិតនាង។
   ភ្លែត!
   អំពូលក្នុងបន្ទប់ដែលនាងកំពុងតែស្ថិតនៅស្រាប់តែបើកឡើងវិញហើយភ្លាមៗក៏មានរង្វង់ដៃមួយគូមកឱបនាងជាប់ ទើប អាយវី ព្រមងើបមុខមកវិញ។
   « អ្នកម៉ាក់! » អាយវី ស្ទុះឱបអ្នកស្រី យ៉ុងអេ វិញទាំងខ្លួនប្រាណនៅញ័រដូចកូនសត្វព្រោះតែភាពភ័យខ្លាចមិនទាន់បាត់។
   « មិនអីទេ ម៉ាក់នៅទីនេះហើយគ្មានអ្វីកើតឡើងទេកុំខ្លាចអី » អ្នកស្រី យ៉ុងអេ ឱបកូនស្រីក្នុងរង្វង់ដៃនិងអង្អែលខ្នងកូនស្រីតិចៗជាការលួងលោម។
   « ខ្ញុំសុំទោសផងដែលខ្ញុំមិនបានបើកភ្លើងព្រោះខ្ញុំមិនដឹងទេថាកូន អាយវី ខ្លាចងងឹត » លោក ដេវីត ទម្លាក់ខ្នើយដែលកាន់ក្នុងដៃទៅលើសាឡុនវិញ និងនិយាយសុំទោសទៅកាន់ភរិយាចំពោះការមិនដឹងរបស់ខ្លួន ប៉ុន្តែធាតុពិតមុននេះលោកមានចេតនាបិទភ្លើងហើយចង់យកខ្នើយទៅទប់ច្រមុះ អាយវី ទៅវិញទេ ហេតុអ្វីក៏ក្មេងម្នាក់នេះសំណាងគ្រប់ពេលបែបនេះ?។
   « បងមិនដឹងមិនមែនជាកំហុសរបស់បងទេ » អ្នកស្រី យ៉ុងអេ ដកខ្លួនពីកូនពេលឃើញនាងលែងភ័យខ្លាច ហើយក៏ងាកទៅតបជាមួយស្វាមីវិញ។
   « មុននេះគឺលោកពូមែនទេ?» អាយវី ងាកទៅសម្លឹងមុខរបស់លោក ដេវីត សួរដោយការសង្ស័យ។ នាងមិនដែលហៅបុរសម្នាក់នេះបែបជិតស្និទ្ធអ៊ីចឹងទេ តែដើម្បីរកការពិត ទើបនាងចង់ជិតស្និទ្ធជាមួយគេ បើស្រមោលមុននេះជាគេ អ៊ីចឹងអ្នកដែលសម្លាប់លោកប៉ារបស់នាងកាលពី១០ឆ្នាំមុនក៏អាចជាគេដែរ ព្រោះនាងចំណាំស្រមោលរបស់ឃាតករម្នាក់នោះបានច្បាស់ខ្លាំងណាស់។
   « បាទ » លោក ដេវីត មិនអាចប្រកែកបានទេថាមុននេះមិនមែនជាលោកព្រោះអ្នកស្រី យ៉ុងអេ ក៏បានឃើញថាលោកនៅក្នុងបន្ទប់ជាមួយ អាយវី ដែរ បើលោកឆ្លើយថាមិនមែនក៏ធ្វើឲ្យអ្នកស្រី យ៉ុងអេ សង្ស័យលោកម្នាក់ទៀតមិនខាន ទើបលោកឆ្លើយតាមត្រង់។
   អាយវី ទទួលបានចម្លើយហើយក៏មិនដេញដោលច្រើនព្រោះខ្លាចលោក ដេវីត ដឹងខ្លួនមុន ទើបនាងគ្រាន់តែនៅស្ងៀមហើយងាកមកសួរអ្នកស្រី យ៉ុងអេ ពីបុរសដែលនាងកំពុងគិតដល់វិញ។
   « អ្នកម៉ាក់ ចុះលោកពូ លែនស៍ យ៉ាងម៉េចហើយ? » អាយវី ប្រែជាព្រួយបារម្ភខ្លាំងពេលនឹកដល់ លែនស៍។
   « លឺថាគេត្រូវប្តូរទៅបន្ទប់ធម្មតាហើយ ឯងប្រាប់ម៉ាក់តាមត្រង់បានទេថាមួយរយៈដែលឯងបាត់ខ្លួន តើឯងទៅនៅចម្ការអាយឡាណា មែនទេ? ទើបបានជាទៅស្គាល់អ្នកនៅចម្ការនោះបែបនេះ? »
   « សុំទោសដែលមិនបានប្រាប់អ្នកម៉ាក់រឿងនោះ ខ្ញុំគ្រាន់តែទៅតាមបណ្ដាំមរតករបស់លោកប៉ាប៉ុណ្ណោះ »
   « អ៊ីចឹងសោះទើបម៉ាក់រកក្រដាសបណ្ដាំមរតករបស់លោកប៉ាឯងមិនឃើញ » អ្នកស្រី យ៉ុងអេ រុញក្បាលកូនស្រីដោយក្នាញ់ដែលកូនស្រីរបស់នាងជើងល្អដល់ថ្នាក់ហ៊ានទៅធ្វើគ្រប់យ៉ាងតាមចិត្តរបស់ខ្លួនឯងបែបនេះ ។
   « អ៊ួយ! ឈឺណាស់អ្នកម៉ាក់! » អាយវី ទប់ក្បាលរបស់ខ្លួនឯងទាំងធ្វើមុខកំសត់ដាក់អ្នកស្រី យ៉ុងអេ ។
   « ម៉ាក់ដូចជាបណ្ដោយឯងជ្រុលពេកហើយ មើលលើខ្លួនទៅបង់បិទរបួសស្ទើរតែពេញខ្លួនឯង ទៅត្រូវស្អីមកខ្លះហា៎? » អ្នកស្រី យ៉ុងអេ ចាប់ចង្ការកូនស្រីឲ្យងើយឡើងដើម្បីមើលរបួសនៅលើករបស់នាងដែលនៅបិទបង់របួសនៅឡើយហើយក៏លើកដៃរបស់កូនស្រីដែលបិទបង់របួសតាំងពីប្រអប់ដៃរហូតដល់កែងដៃមកមើលដូចគ្នា មិនដឹងថាកូនស្រីទៅធ្វើអ្វីមកខ្លះទើបលើខ្លួនសុទ្ធតែរបួសបែបនេះ តាំងពីកូនស្រីត្រឡប់មកផ្ទះវិញ នាងមិនទាន់បានមើលកូនស្រីឲ្យសព្វគ្រប់ទេព្រោះរវល់តែចាត់ចែងការងារដែលគរឡើងដូចភ្នំព្រោះតែនាងសម្រាកច្រើនថ្ងៃពេកនោះ ទើបតែពេលនេះដែលនាងមានពេលមកអង្គុយពិនិត្យខ្លួនកូនស្រី ក៏បានឃើញរឿងដែលធ្វើឲ្យនាងតឹងទ្រូងបារម្ភខ្លាំងបែបនេះតែម្តង។
   « គឺមានមនុស្សចង់សម្លាប់ខ្ញុំ » អាយវី សម្រេចចិត្តប្រាប់អ្នកស្រី យ៉ុងអេ ត្រង់ៗដើម្បីនាងអាចពិនិត្យមើលអាការះស្លន់ស្លោរបស់រាងក្រាស់ដែលឈរជិតនោះ។
   « មានរឿងដល់ថ្នាក់នេះហើយឯងនៅមិនប្រញាប់ប្រាប់ម៉ាកទៀត មិនបានទេត្រូវតែប្រញាប់ទៅប្តឹងប៉ូលីស » អ្នកស្រី យ៉ុងអេ ស្ទុះក្រោកឈរភ័យស្លន់ស្លោមួយរំព្រិចហើយក៏បម្រុងយកទូរស័ព្ទខលទៅប៉ូលីសភ្លាមៗ តែក៏ត្រូវលោក ដេវីត ចូលមកកាត់។
   « ឈប់សិនអូនសម្លាញ់ រឿងបែបនេះមិនអាចតក់ក្រហល់បានទេ ត្រូវតែសួរ អាយវី ឲ្យដឹងរឿងជាមុនសិន »
   « ខ្ញុំថាកុំទាន់ប្តឹងប៉ូលីសអី ស្តាប់តាមលោកពូសិនទៅ » អាយវី ចាក់បណ្ដោយតាមលោក ដេវីត ព្រោះនាងក៏មិនបានចង់ឲ្យរឿងទៅដល់ដៃប៉ូលីសនៅពេលនេះដែរ នាងគ្រាន់តែមានចេតនាធ្វើឲ្យលោក ដេវីត ស្លន់ស្លោបន្តិចតែប៉ុណ្ណោះ។
  
   មួយសន្ទុះក្រោយមកអ្នកម៉ាក់របស់នាងនិងលោក ដេវីតក៏ត្រឡប់ទៅវិញអស់ ទើប អាយវី ចេញមកខាងក្រៅបន្ទប់ដើម្បីចេញទៅមើល លែនស៍ មិនដឹងថាអាការះរបស់គេយ៉ាងម៉េចហើយនាងពិតជាបារម្ភពីគេខ្លាំងណាស់។
    អាយវី ដើរមកដល់មុខបន្ទប់ដែលមាន វៀរ៍ នៅឈរចាំនាងខាងក្រៅជាស្រេច ទើបរហ័សចូលទៅរកគេ។
    « លោកពូវៀរ៍! លោកពូយ៉ាងម៉េចហើយ? »
    « ការវះកាត់ជោគជ័យ ប៉ុន្តែត្រូវរងចាំមើលអាការះមួយរយះពេលទៀត » វៀរ៍ ឆ្លើយតបជាមួយ អាយវី ទាំងទឹកមុខក្រៀមក្រំ។
    « ព្រោះតែខ្ញុំទើបលោកពូទៅជាបែបនេះ » អាយវី ចូលទៅជិតទ្វាបន្ទប់សម្លឹងមើលរាងក្រាស់ដែលគេងជាមួយខ្យល់អុកស៊ីសែននៅលើគ្រែទាំងកែវភ្នែករលីងរលោងឈឺចាប់បន្ទោសខ្លួនឯងមិនឈប់ ឃើញគេស្ថិតនៅក្នុងសភាពបែបនេះបេះដូងរបស់នាងឈឺខ្ទោកៗដូចត្រូវគេចាប់ហែកចេញពីគ្នាអ៊ីចឹង។
    « មិនមែនជាកំហុសរបស់នាងទេ កុំបន្ទោសខ្លួនឯងអី » វៀរ៍ ប៉ះស្មាតូចនិយាយលួងលោមអ្នកដែលគិតតែពីបន្ទោសខ្លួនឯងមិនឈប់។
    « ហេតុអ្វីថាមិនមែនជាកំហុសរបស់នាង? គឺនាងជាអ្នកធ្វើឲ្យ លែនស៍ ទៅបែបនេះ គឺនាងម្នាក់គត់ អាយវី! » សំឡេងស្រួយគ្មានហេតុផលស្រែកបន្ទោស អាយវី មកពីចម្ងាយហើយក៏ដើរចូលមករុញអ្នកដែលឈរមើល លែនស៍ នៅមាត់ទ្វាឲ្យចេញពីមាត់ទ្វាមិនឲ្យ អាយវិ នៅឈរមើល លែនស៍ ទៀត ទោះត្រឹមឈរមើលពីចម្ងាយក៏នាងគ្មានសិទ្ធិដែរ។
    « វីននី បានហើយ! » វៀរ៍ ចាប់ដៃរបស់ វីននី មិនឲ្យធ្វើបាប អាយវី តទៅទៀត។
    « បើឯងការពារស្រីម្នាក់នេះ ឯងក៏ចេញពីចម្ការរបស់យើងទៅ វៀរ៍ » អ្នកស្រី ម៉ារី ដើរចូលមកតាមក្រោយដោយបោះពាក្យសម្តីធ្វើឲ្យ វៀរ៍ កាន់តែពិបាក។
    « អាយវី ខ្ញុំប្រាប់ហើយថាមិនឲ្យនាងមកជិតលោកប៉ារបស់ខ្ញុំទៀតទេ »
    ប្រូស!
    ឡានី ស្ទុះចូលទាំងកំហឹងច្រាន អាយវី ឲ្យដួលទៅលើការ៉ូក្នុងមន្ទីរពេទ្យទាំងកំរោល ។ ត្រឹមប៉ុណ្ណេះនៅតិចខ្លាំងណាស់បើប្រៀបនឹងរឿងដែល អាយវី បានធ្វើដាក់នាងនិងលោកប៉ារបស់នាង ។
    « អ្នកនាងឡានី បានហើយ! » វៀរ៍ ប្រលែងដៃពី វីននី ហើយរត់មកឈរធ្វើជារបាំងការពាររបស់ អាយវី វិញ។
    « វៀរ៍ ឯងលែងចង់នៅចម្ការអាយឡាណាហើយមែនទេ? » អ្នកស្រី ម៉ារី ស្រែកគំរាមអ្នកដែលចង់ការពារ អាយវី ម្តងទៀត។
    « ខ្ញុំ...ខ្ញុំ...» វៀរ៍ រដាក់រដុកព្រោះចម្ការអាយឡាណាជាកន្លែងដែលគេរស់នៅតាំងពីតូចរហូតបានក្លាយជាផ្ទះរបស់គេទៅហើយ ចំណែក អាយវី ក៏ជាមនុស្សដែលសំខាន់បំផុតនៅក្នុងចិត្តរបស់គេផងដែរ ដូច្នេះគេមិនអាចបោះបង់មួយណាចោលឡើយ ។
    « បានហើយលោកពូវៀរ៍ ខ្ញុំចេញទៅក៏បាន លោកពូមិនបាច់ពិបាកដើម្បីខ្ញុំទេ » អាយវី ក្រោកឈរឡើងសម្រេចចិត្តចេញទៅវិញព្រោះមិនចង់ឲ្យ វៀរ៍ ពិបាកដោយសារនាង។ កែវភ្នែកដក់ជាប់ដំណក់ទឹកថ្លាងាកទៅសម្លឹង លែនស៍ ដែលគេងនៅលើគ្រែក្នុងបន្ទប់ម្តងទៀតទាំងមិនអស់អាល័យ នាងចង់នៅទីនេះកំដរគេ មើលថែគេ ប៉ុន្តែនាងគ្មានសិទ្ធិឡើយ ទោះជាមិនចង់ឃ្លាតឆ្ងាយពីគេនៅខណៈដែលគេស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែនាងក៏គ្មានជម្រើសក្រៅពីចាកចេញទៅទាំងក្នុងចិត្តគិតបារម្ភពីគេគ្រប់វិនាទី ទោះនាងមិនអាចនៅជិតគេបានតែនាងគ្រាន់តែសង្ឃឹមថាគេនឹងបានប្រសើរឡើងឆាប់ៗ នាងមិនចង់ឃើញគេឈឺគេងនៅលើគ្រែបែបនេះទេ ព្រោះបេះដូងរបស់នាងពិតជាឈឺចាប់ខ្លាំងណាស់ពេលឃើញគេបែបនេះ ។
    ទឺត! ទឺត!
    សំឡេងឲ្យសញ្ញាអាសន្នពីឧបករណ៍វាស់ចង្វាក់បេះដូងលោតបន្លឺសំឡេងឡើងធ្វើឲ្យជើងស្រឡូនទាំងគូដែលឈានចេញពីមុខបន្ទប់របស់ លែនស៍ ត្រូវឈប់មួយកន្លែងហើយរហ័សងាកមកមើលសកម្មភាពស្លន់ស្លោរបស់គ្រូពេទ្យនិងគ្រប់គ្នានៅមុខបន្ទប់របស់ លែនស៍ វិញ។
    « លែនស៍! កូនកុំកើតអ្វីណា? ហ៊ឹក! » អ្នកស្រី ម៉ារី ទន់ជើងអង្គុយយំមុខបន្ទប់អ្នកជំងឺ។
    « លោកប៉ា! ហ៊ឹក! »
    «  លែនស៍! »
    អាយវី រហ័សរត់ចូលមកវិញបន្ទាប់ពីក្រឡេកមកបានឃើញសកម្មភាពយំសោករបស់ក្រុមគ្រួសាររបស់ លែនស៍ ហើយ។
    « លោកពូ! ហ៊ឹក! » អាយវី បម្រុងរត់ចូលទៅក្នុងបន្ទប់តាមគ្រូពេទ្យតែក៏ត្រូវ វៀរ៍ ចាប់នាងទុក ព្រោះបើនាងចូលទៅនៅពេលនេះក៏មិនអាចជួយអ្វីបានក្រៅពីធ្វើឲ្យនាងកាន់តែឈឺចាប់ខ្លាំងឡើងនៅពេលបានឃើញវិធីដែលគ្រូពេទ្យជួយសង្គ្រោះ លែនស៍ នៅចំពោះមុខនាងនោះ តើនាងនឹងអាចទទួលយកបានទេ បើបានឃើញមនុស្សដែលខ្លួនឯងស្រលាញ់ស្ថិតនៅដំណាក់កាលស្លាប់រស់នៅចំពោះមុខនោះ? ។
    « អាយវី ស្ងប់អារម្មណ៍សិនទៅ! »
    « លែង...ខ្ញុំចង់ទៅរកលោកពូ...ហ៊ឹក! ហ៊ឺ! » អាយវី ប្រឹងរើពីដៃរបស់ វៀរ៍ ដែលចាប់នាងទុកមិនឲ្យចូលទៅបន្ទប់ជាមួយក្រុមគ្រូពេទ្យទាំងទឹកភ្នែកដែលខំទប់មុននេះហូរចុះមកដូចទឹកបាក់ទំនប់ ក្នុងដើមទ្រូងរបស់នាងតឹងណែនឈឺចាប់ស្ទើរតែប្រេះបែកទៅហើយ បើអាចជួយសង្គ្រោះជីវិតគេបាន ឲ្យនាងលះបង់អ្វីក៏នាងព្រមទាំងអស់ នាងមិនស្តាយនឹងលះបង់ជីវិតដើម្បីគេទេ សូមឲ្យតែគេនៅមានជីវិតរស់នៅបន្ត។
    « ហ៊ឹក...លោកពូ! លោកពូកុំកើតអ្វីឲ្យសោះ...ខ្ញុំសុំទោស ហ៊ឺ! » អាយវី ទន់ជើងអង្គុយទៅលើឥដ្ឋការ៉ូយំសោកនៅមាត់ទ្វាបន្ទប់របស់ លែនស៍ ទាំងមិនអាចជួយអ្វីគេបានក្រៅតែពីយំបែបនេះ នាងមិនចង់បាត់បង់គេទេ តើឲ្យនាងធ្វើយ៉ាងម៉េចទៅ? បើពេលនេះនាងមិនអាចធ្វើអ្វីបានទាល់តែសោះ ក្រៅតែពីអង្គុយរងចាំនៅមុខបន្ទប់ដោយមិនដឹងថា លែនស៍ កំពុងតែប្រឈរមុខនឹងការឈឺចាប់អ្វីខ្លះ បើអាចនាងពិតជាចង់ចែករំលែកភាពឈឺចាប់ជាមួយគេ នាងមិនចង់ឃើញគេឈឺចាប់តែម្នាក់ឯងបែបនេះទេ នាងក៏ចង់ធ្វើជាអ្នកដែលការពារគេម្តងដែរ ហេតុអ្វីនាងមិនអាចធ្វើបាន?។
             រងចាំភាគបន្ត
   
   

  
  
  
  
  

បង្រៀនស្នេហ៍ក្មេងទំនើង(ចប់)Where stories live. Discover now