ភាគ៥៨

470 14 0
                                    

   “ រងគ្រាប់  ”
  
     « ឈប់សិន! ប៉ូលីសក៏ត្រូវចេញពីទីនេះដែរ »
     « ធ្វើបែបនេះលោកខ្សែលើពេកហើយ »
   ផាំង!
   « អ៊ួយ! »
   « អាយវី! »
   លោក ដេវីត បាញ់គ្រាប់កាំភ្លើងត្រូវបញ្ឆិតដៃរបស់ អាយវី ដើម្បីប្រាប់ដល់ប៉ូលីសនិងគ្នីគ្នារបស់អ្នកស្រី យ៉ុងអេ ឲ្យដឹងថាលោកនឹងបាញ់សម្លាប់ អាយវី ពិតមែន បើពួកគេមិនព្រមតាមសម្តីរបស់លោកទេ។
   « បានហើយ កុំធ្វើអ្វីកូនស្រីរបស់ខ្ញុំ លោកមេក្រុមនាំកងកម្លាំងរបស់លោកចេញសិនទៅ » អ្នកស្រី យ៉ុងអេ ងាកទៅប្រាប់លោកមេក្រុមប៉ូលីសទាំងទឹកភ្នែករលីងរលោង។ ទុកថានាងយំសុំអង្វរប៉ូលីសទៅចុះ កូនស្រីរបស់នាងពិតជាសំខាន់សម្រាប់ជីវិតរបស់នាងខ្លាំងណាស់ ទោះត្រូវយកទ្រព្យសម្បត្តិដែលនាងកំពុងមាននៅពេលបច្ចុប្បន្នឲ្យគេទាំងអស់ក៏នាងព្រមឲ្យតែកូនស្រីរបស់នាងអាចរួចផុតពីគ្រោះថ្នាក់នាងព្រមឲ្យគ្រប់យ៉ាងទៅគេ ។
   « បាទ អ្នកស្រី » លោកមេក្រុមយល់ព្រមដកកម្លាំងចេញតាមសម្តីរបស់អ្នកស្រី យ៉ុងអេ តែដើម្បីមិនឲ្យចាញ់ប្រៀបលោក ដេវីត ទើបលោកមេក្រុមឲ្យកាំភ្លើងទៅ លែនស៍និងវៀរ៍ ដែលនៅរងចាំដោះដូរចំណាប់ខ្មាំងនឹងលុយជាមួយអ្នកស្រី យ៉ុងអេ។
   « លោកប៉ា! » ឡានី ងើយសម្លឹងមុខរបស់ លែនស៍ ទាំងកែវភ្នែកព្រួយបារម្ភ ព្រោះនាងត្រូវ លែនស៍ ប្រាប់ឲ្យប៉ូលីសយកនាងចេញទៅមុន។
   « ឆាប់ទៅៗកុំបារម្ភអី ប៉ានិងគ្រប់គ្នាមិនអាចកើតអ្វីទេ? »
   « លោកប៉ាត្រូវតែមានសុវត្ថិភាពដឹងទេ ហើយ អាយវី លោកប៉ាត្រូវតែជួយនាងឲ្យបាន កុំឲ្យនាងកើតអ្វីឲ្យសោះណា? »
   « ប៉ាដឹងហើយ ប៉ានិងអាយវី ពួកយើងទាំងពីរនឹងមានសុវត្ថិភាព »
   « អ្នកនាង ឡានី ឆាប់ទៅៗបាទ » លោក ប៉ូលីស ចូលមកហៅ ឡានី ម្តងទៀត ទើបនាងព្រមដើរចេញទៅទាំងកែវភ្នែកទាំងគូងាកមកសម្លឹងមុខរបស់ លែនស៍និងអាយវី ដែលនៅក្នុងដៃរបស់លោក ដេវីត ជាប់រហូតចេញផុតពីមាត់កំពង់ផែ។
  
   កន្លះម៉ោងក្រោយមក
  
   « ហេតុអ្វីបានជាយូយ៉ាងនេះហា៎? » លោក ដេវីត ស្រែករអ៊ូរទាំដាក់អ្នកស្រី យ៉ុងអេ ព្រោះតែខ្លាចអ្នកស្រីយ៉ុងអេនិងលែនស៍ លេងល្បិចអ្វីជាមួយលោកទៀត។
   « លោកក៏ដឹងដែលថាផ្លូវពី សេអ៊ូលមកទីនេះមិនមែនជិតទេ យ៉ាងណាក៏ព្រឹកស្អែកទើបមកដល់ » អ្នកស្រី យ៉ុងអេ ស្រែកតបទៅកាន់អតីតស្វាមីវិញ ទាំងកែវភ្នែកសម្លឹងទៅកាន់កូនស្រីដែលអង្គុយនៅលើដីឱបដៃដែលមានរបួសព្រោះតែលោក ដេវីត ។
   « យូដល់ថ្នាក់នេះកូនរបស់នាងស្លាប់មុនទេដឹង? »
   « ខ្ញុំក៏មិនបានគិតចង់ឲ្យយូបែបនេះដែរ តែមកពីភាពលោភលន់របស់លោកទើបត្រូវរងចាំយូដល់ថ្នាក់នេះ ហើយបើកូនស្រីរបស់ខ្ញុំកើតអ្វីឡើងមកខ្ញុំនឹងសម្លាប់លោកដោយផ្ទាល់ដៃរបស់ខ្ញុំមិនខានទេ » អ្នកស្រី យ៉ុងអេ ស្រែកគំហកឲ្យលោក ដេវីត វិញទាំងអារម្មណ៍ខឹងសម្បារជាខ្លាំង នាងបារម្ភកូនស្រីជិតដាច់ខ្យល់ទៅហើយគេនៅគិតថានាងចង់ពន្យាពេលយកលុយមកឲ្យគេទៀតមែនទេ? ព្រោះតែចំនួនលុយដែលគេត្រូវការមិនមែនតិចតួចទេ នៅធនាគារក្នុងក្រុងនេះក៏គ្មានលុយច្រើនដល់ថ្នាក់នេះឲ្យគេដែរ ទាល់តែទៅដល់ធនាគារធំនៅឯក្រុងសេអ៊ូលទើបមាន។
   « បានហើយ យើងមិនអាចទ្រាំចាំតទៅទៀតទេ ឆាប់ខលប្រាប់លេខារបស់នាងឲ្យប្រមូលលុយដែលមានក្នុងធនាគារក្នុងក្រុងនេះទាំងអស់មក បានប៉ុន្មានគឺយើងយកប៉ុណ្ណឹងចុះ »
   អ្នកស្រី យ៉ុងអេ រហ័សលើកទូរស័ព្ទមកខលទាក់ទងទៅធនាគារក្នុងក្រុងនិងលេខារបស់ខ្លួនឲ្យជួយចាត់ការរឿងមួយនេះភ្លាមតាមលោក ដេវីត ស្នើរសុំមកនាង។
   « ប្រមូលលុយនៅធនាគារក្នុងក្រុងនេះមកឲ្យអស់មក បានប៉ុន្មានគឺយកប៉ុណ្ណឹងទៅ ខ្ញុំបានទាក់ទងលោកប្រធានធនាគារឲ្យហើយ ឯងអាចទៅយកលុយមកបាន » អ្នកស្រី យ៉ុងអេ និយាយចប់ក៏ដាក់ទូរស័ព្ទចុះ ហើយក៏នៅឈររងចាំទាំងព្រួយបារម្ភពីកូនស្រីបន្ត។
   « មនុស្សលោភលន់ម្នាក់នេះ! » លែនស៍ បានត្រឹមឈរសម្លក់លោក ដេវីត ដូចចង់ស៊ីសាច់ហុតឈាមតែមិនអាចធ្វើអ្វីបានព្រោះ អាយវី នៅក្នុងដៃរបស់គេនៅឡើយ។
   « លុយមកដល់ហើយ! » សំឡេងគ្រលរបន្លឺឡើងឲ្យសញ្ញាមកពីចម្ងាយ ធ្វើឲ្យគ្រប់គ្នាដែលសុទ្ធតែរងចាំប្រយោគមួយនេះរហ័សងាកទៅមើលបុរសឈុនខ្មៅដែលពាក់មួកបិទបាំងមុខដើរចូលមកព្រមជាមួយកាបូបពណ៌ខ្មៅមួយ យួរយ៉ាងតឹងសរសៃដៃហាក់ដូចជានៅក្នុងកាបូបនោះមានលុយដល់ច្រើនសន្ធឹកសន្ធាប់។
   « ហេតុអ្វីក៏លឿនមេសហា៎? » លោក ដេវីត សម្លឹងបុរសពាក់អាវមានសញ្ញាសម្គាល់ថាជាបុគ្គលិកធនាគារដោយការសង្ស័យ។
   « គឺខ្ញុំជាបុគ្គលិកធនាគារដែលត្រូវបានថ្នាក់លើបញ្ជាមកជាពិសេស ហេតុនេះហើយទើបលុយត្រូវដឹកជញ្ជូនមកទីនេះបានលឿន » បុគ្គលិកធនាគារដាក់កាបូបលុយទៅលើដីចំពាក់កណ្តាលគូបដិបក្ខទាំងសងខាង។
   « ហើយចុះលេខារបស់ខ្ញុំវិញ? » អ្នកស្រី យ៉ុងអេ ក៏សង្ស័យបុគ្គលិកដែលយកកាបូបលុយមកទើបសួរបញ្ជាក់។
   « លោកលេខាកំពុងតែមកតាមក្រោយហើយ គេខលឲ្យខាងធនាគារជួយយកមកមុនព្រោះដឹងថាស្ថានភាពនៅទីនេះមិនល្អ »
   « យើងដូចជាមិនទុកចិត្តទេ ឯងឆាប់ចូលទៅពិនិត្យលុយក្នុងកាបូបទៅ » លោក ដេវីត មិនទុកចិត្តឡើយទើប ដេញឲ្យលេខារបស់ខ្លួនចូលមកពិនិត្យកាបូបដែលមានបុរសពាក់អាវខ្មៅអះអាងថាបុគ្គលិកធនាគារនៅចាំបើកកាបូបឲ្យគេមើលលុយខាងក្នុង។
   « ឆាប់បើកទៅ! » កម្លោះលេខាភ្ជង់កាំភ្លើងដាក់អ្នកដែលតាំងខ្លួនឯងជាបុគ្គលិកធនាគារហើយក៏ស្រែកសម្លុតឲ្យគេបើកកាបូបលុយឲ្យមើល។
   គ្រឺត!
   ខ្សែរឺតអូសកាត់មាត់កាបូបទៅយឺតៗរហូតមាត់កាបូបទាំងមូលត្រូវបើកចំហរធំៗនៅចំមុខកម្លោះលេខា។
   « ដុំថ្មទេ! »
   ផាំង! ផាំង!
   ប្រូស!
   លេខារបស់លោក ដេវីត ដួលស្លាប់ទៅលើដីមួយរំព្រិចក្រោយត្រូវអ្នកដែលបន្លំខ្លួនធ្វើជាបុគ្គលិកធនាគារបាញ់ទម្លុះដងខ្លួនរបស់គេពីរគ្រាប់ចំចំណុចសំខាន់។
   « លោកប្រធានគិតមែនទេថាអាចសម្លាប់ខ្ញុំបាននោះ » លោកប៉ារបស់ ដូដូ ដោះម៉ាស់និងមួកដែលពាក់បិទបាំងមុខចេញបង្ហាញឲ្យគ្រប់គ្នាដឹងថាលោកជាអ្នកណា ហើយលោកក៏ចង់ពញ្ញាក់អារម្មណ៍អ្នកដែលព្យាយាមឲ្យកូនចៅសម្លាប់លោកនៅថ្ងៃដែលលោកបានជួយ អាយវី បោកគេដើម្បីបកអាក្រាតរឿងអាក្រក់របស់គេនោះដែរ។
   « ទោះថ្ងៃមុនឯងមិនទាន់ស្លាប់ តែថ្ងៃនេះឯងគង់តែស្លាប់ ទេ» លោក ដេវីត លើកកាំភ្លើងឡើងតម្រង់មករកលោកប៉ារបស់ ដូដូ ។
   « ចៅហ្វាយខ្ញុំផ្ញើរ ដូដូ ផង » លោកប៉ារបស់ ដូដូ ងាកមកស្រែកផ្ដាំ លែនស៍ ហើយក៏លើកកាំភ្លើងដើរចូលទៅរកលោក ដេវីត យ៉ាងក្លាហាន។
   ផាំងៗ ផាំងៗ
   ប្រូស!
   លោក ដេវីតនិងលោកប៉ារបស់ ដូដូ ត្រូវដួលទៅលើដីព្រមៗគ្នាដោយសភាពឈាមជោកខ្លួនព្រោះតែគ្រាប់កាំភ្លើងដែលបាញ់គ្នាទៅវិញទៅមក។
   អាយវីនិងគ្រប់គ្នាដែលជ្រប់មុខចុះព្រោះតែភ័យខ្លាចនឹងសំឡេងកាំភ្លើងលាន់លឺត្រហឹងបណ្ដាក់គ្នាមុននេះ ពេលងើបមុខមកវិញក៏បានឃើញត្រឹមសភាពគេងស្លាប់យ៉ាងអាណោចអាធ័មរបស់គូជម្លោះទាំងពីរនាក់។ លោកមេក្រុមប៉ូលីសដឹកនាំកម្លាំងចូលមកម្តងទៀតតែមកដល់គ្រប់យ៉ាងក៏ហួសពេលទៅហើយ ព្រោះជនល្មើសបានបាញ់គ្នាស្លាប់អស់ទៅហើយ។
   « លោកពូ! » វៀរ៍ បានត្រឹមអង្គុយសោកស្តាយចំពោះការសម្លាប់របស់លោកពូរបស់គេម្តងទៀត ទោះគេខឹងស្អប់លោកខ្លាំងប៉ុណ្ណា តែចុងក្រោយនៅតែឈឺចាប់ ព្រោះគេមិនអាចកាត់ផ្ដាច់សាច់ឈាមដែលជាប់ពាក់ព័ន្ធគ្នានេះបានទេ ។
   « កុំបារម្ភអី ខ្ញុំនឹងមើលថែ ដូដូ ឲ្យបានល្អ » លែនស៍ ដើរទៅជិតសពរបស់លោកប៉ារបស់ ដូដូ ហើយក៏ដោះអាវគ្រប់មុខឲ្យគេជាលើកចុងក្រោយ។
   « អាយវី! » អ្នកស្រី យ៉ុងអេ ហៅកូនស្រីដែលក្រោកឈរឡើងទាំងតក់ស្លុតសម្លឹងមើលរូបភាពដ៏ឃោឃៅនៅជុំវិញខ្លួននោះ តើព្រោះតែនាងមែនទេ ទើបធ្វើឲ្យគ្រប់គ្នាត្រូវស្លាប់បែបនេះ?។
   « អ្នកម៉ាក់! » អាយវី ទប់ដៃដែលមានរបួសនិងយំដោយអារម្មណ៍ភ័យខ្លាចមិនទាន់បាត់ហើយក៏រហ័សឈានជើងមករកអ្នកម៉ាក់ដែលលាដៃរងចាំនាងជាស្រេច។ ជើងស្រឡូនឈានទៅមុនបានពីរជំហាន នាងក៏ត្រូវឈប់ធ្មឹងពេលក្រឡេកទៅឃើញអ្នកដែលគ្រប់គ្នាគិតថាស្លាប់ហើយបែរជាក្រោកឡើងមកម្តងទៀតព្រមជាមួយកាំភ្លើងក្នុងដៃតម្រង់ទៅអ្នកម៉ាក់របស់នាងដែលឈរលាដៃរងចាំនាងមិនដឹងខ្លួននោះ។
   « យ៉ុងអេ នាងគួរតែទៅកំដរខ្ញុំដែរទៅ! »
   « អ្នកម៉ាក់ ប្រយ័ត្ន! »
   ផាំង!
   ឌឹប!
   រាងកាយស្តើងរត់ចូលមកក្នុងរង្វង់ដៃរបស់អ្នកម៉ាក់ដែលឈររងចាំមួយទំហឹងតែនាងបែរជាមិនអាចឱបតបអ្នកស្រី យ៉ុងអេ បានទៅវិញ។
   « អាយ...វី! » អ្នកស្រី យ៉ុងអេ ស្រវ៉ាឱបរាងកាយកូនស្រីទាំងតក់ស្លុតធ្វើអ្វីមិនចេញ។
   ផាំងៗ ផាំងៗ ផាំងៗ
   ប្រូស!
   ប៉ូលីសបាញ់ទៅលើលោក ដេវីត ធ្វើឲ្យរាងក្រាស់ត្រូវជាច្រើនគ្រាប់ផ្ងារក្រោយធ្លាក់ទៅក្នុងទឹក លើកនេះទោះចង់រួចជីវិតមកវិញក៏មិនងាយដែរព្រោះមិនមែនត្រូវមួយគ្រាប់ទេ។
   « អត់ទេ...អាយវី ឆាប់បើកភ្នែកមើលម៉ាក់មក ហ៊ឺ! កូនមិនអាចគេងបានទេ កុំគេងអី ហ៊ឹក! » អ្នកស្រី យ៉ុងអេ ប្រឹងស្រែកហៅស្មារតីរបស់កូនស្រីដែលបិទភ្នែកគេងនៅក្នុងដៃរបស់នាងខ្លាំងៗព្រោះនាងខ្លាចពេលកូនស្រីគេងហើយនឹងមិនអាចភ្ញាក់មកជារៀងរហូត នាងពិតជាខ្លាចខ្លាំងណាស់ នាងមិនចង់បាត់បង់កូនស្រីទៅម្នាក់ទៀតទេ ជីវិតរបស់នាងនៅសល់តែកូនស្រីម្នាក់ប៉ុណ្ណឹង បើកូនស្រីរបស់នាងទៅចោលនាងទៀតតើឲ្យនាងរស់នៅលើលោកនេះតែម្នាក់ឯងមានន័យអ្វីទៅ?។
   ស្រូស!
   លែនស៍ ទម្លាក់ជង្គង់ដល់ដីទាំងបេះដូងឈឺចាប់ខ្ទោកៗពេលបានឃើញនារីដែលគេស្រលាញ់ត្រូវគេងក្នុងរង្វង់ដៃអ្នកម៉ាក់ទាំងឈាមហូរជោកខ្លួនបែបនេះ។
   « អាយ...វី! » បបូរមាត់ក្រាស់ញ័រទទ្រើកមិនខុសពីចង្វាក់បេះដូងរបស់គេនៅពេលនេះ សំឡេងគ្រលរអួលដើមកប្រឹងហៅឈ្មោះអ្នកដែលសន្លប់គ្មានស្មារតីទាំងតក់ស្លុតជាពន់ពេក។ ហេតុអ្វីនាងទៅជាបែបនេះបាន? គឺមកពីគេដែលមើលថែនាងមិនបាន? ព្រោះតែគេ។
   « សូមអង្វរអ្នកណាក៏បាន ហ៊ឹក! ជួយកូនស្រីរបស់ខ្ញុំផង ហ៊ឺ! » អ្នកស្រី យ៉ុងអេ ឱនកូនស្រីជាប់ដៃមិនព្រមលែងព្រោះខ្លាចលែងហើយនឹងមិនមានឱកាសឱបកូនបែបនេះម្តងទៀត នាងព្យាយាមស្រែកឲ្យគ្រប់គ្នាជួយកូនស្រីរបស់នាងទាំងដឹងថាគ្រប់គ្នានៅទីនេះសុទ្ធតែមិនអាចធ្វើអ្វីបានក្រៅពីខលហៅឡានពេទ្យ។
   «...» លែនស៍ ក៏មិនអាចជួយអ្វីបានក្រៅពីឱនមុខចុះលួចយំស្ងាត់ៗ គេស្អប់អារម្មណ៍ដែលត្រូវមកអង្គុយមើលមនុស្សជាទីស្រលាញ់ត្រូវឈឺនៅនឹងមុខហើយមិនអាចជួយអ្វីបាននេះខ្លាំងណាស់ គេពិតជាស្អប់ពេលវេលាបែបនេះខ្លាំងណាស់ដឹងទេ បេះដូងរបស់គេប្រេះបែកអស់ទៅហើយ ក្នុងចិត្តរបស់គេកំពុងឈឺចាប់ជាងរបួសនៅនឹងដៃទៅទៀត បេះដូងរបស់គេពិតជាឈឺចាប់ខ្លាំងណាស់។
  
   មន្ទីរពេទ្យ
  
   គ្រែដែលមានអ្នកជំងឺត្រូវគ្រាប់កាំភ្លើងបាញ់ចំឆ្អឹងខ្នងអូសចេញពីឡានសង្គ្រោះទាំងឈាមជោកជាំព្រមទាំងមានរាងក្រាស់ទឹកមុខព្រួយបារម្ភម្នាក់រត់តាមគ្រែសង្គ្រោះ។
   « លោកប៉ា! អាយវី! » ឡានី បានឃើញស្ថានភាព អាយវី ដែលគ្រូពេទ្យអូសចូលមកក្នុងមន្ទីរពេទ្យហើយ នាងតក់ស្លុតដល់ថ្នាក់ទន់ជើងទន់ដៃរកធ្វើអ្វីមិនចេញក្រៅពីឈរគាំងមួយកន្លែងមើលគ្រូពេទ្យរុញនាងទៅពិនិត្យអាការះមុនចូលវះកាត់ ទាំងកែវភ្នែកទាំងគូប្រែជារលីងរលោង។
   « សាច់ញាតិសូមឈរនៅម្ខាងសិនចាស » អ្នកគ្រូពេទ្យរុញ លែនស៍ ឲ្យចេញទៅឈរជាមួយ ឡានី មើលក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបឋមចំពោះ អាយវី ពីចម្ងាយវិញទាំងបេះដូងរបស់គេប្រេះជាបំណែក។
   « អ្នកជំងឺត្រូវគ្រាប់កាំភ្លើងចំឆ្អឹងខ្នងខាងក្រោយត្រូវវះកាត់ជាបន្ទាន់ សម្ពាធឈាមរបស់នាងចាប់ផ្តើមធ្លាក់ចុះហើយ » លោកគ្រូពេទ្យម្នាក់កំពុងពិនិត្យស្ថានភាពរបួសរបស់ អាយវិ។
   « បេះដូងរបស់នាងឈប់លោតហើយលោកគ្រូពេទ្យ! »
   « ឆាប់ត្រៀមធ្វើ CPR ឲ្យលឿន »
  
   គ្រាន់តែបានលឺថាបេះដូងរបស់នាងឈប់លោត បេះដូងរបស់គេក៏ឈឺកាន់តែខ្លាំងឡើងទ្វេដង។
   “ បងមិនអាចបាត់បង់អូនបានទេ សូមអង្វរកុំចាកចេញពីបងអី អាយវី បងសុំអង្វរ ” លែនស៍ បានត្រឹមក្រសោបដៃចូលគ្នាយ៉ាងណែនបួងសួងសូមឲ្យនាងរួចពីគ្រោះថ្នាក់លើកនេះ។
   « បេះដូងរបស់នាងលោតវិញហើយ ឆាប់អូសនាងចូលបន្ទប់វះកាត់ទៅ »
   លែនស៍និងឡានី រហ័សរត់ចូលទៅតាមគ្រែសង្គ្រោះតែក៏ត្រូវគ្រូពេទ្យហាមឃាត់ពួកគេឲ្យនៅរងចាំខាងក្រៅដូចដើម។
   « កូន..កូនស្រីរបស់ខ្ញុំយ៉ាងម៉េចហើយ? ហ៊ឹក! » អ្នកស្រី យ៉ុងអេ ដែលទើបតែងើបពីសន្លប់ព្រោះតែយំខ្លាំងពេក រត់ចូលមករកកូនស្រីនៅមុខបន្ទប់សង្គ្រោះម្តងទៀត ទាំងយំមិនព្រមឈប់ដូចដើម។
   « អ្នកមីង! » ឡានី ឃើញស្ថានភាពរបស់អ្នកស្រី យ៉ុងអេ ខូចចិត្តដល់ថ្នាក់នេះនាងក៏ចូលទៅឱបរាងកាយទន់ខ្សោយរបស់អ្នកស្រី យ៉ុងអេ ហើយនាំអ្នកស្រី យ៉ុងអេ ឲ្យមកអង្គុយរងចាំនៅកៅអីខាងមុខបន្ទប់សង្គ្រោះ។
   « លែនស៍! ឡានី! តើយ៉ាងម៉េចហើយ? » អ្នកស្រី ម៉ារី ព្រមជាមួយ វៀរ៍ ដូដូនិងចាអុីម រត់ចូលមករកគ្រប់គ្នាដែលអង្គុយសោកសៅទាំងទឹកមុខព្រួយបារម្ភ។
   «...»
   គ្មានចម្លើយឆ្លើយតបមកវិញបានទទួលត្រឹមការក្រវីក្បាលទាំងទឹកមុខសោកសៅរបស់ ឡានី តែប៉ុណ្ណោះ។
   « បងស្រីមិនអីទេ មែនទេលោកពូវៀរ៍? » ដូដូ ចាប់ដៃរបស់ វៀរ៍ ងើបមុខសួរដោយក្តីព្រួយបារម្ភ។
   « អាយវី រឹងមាំណាស់នាងមិនងាយកើតអ្វីទេ » លែនស៍ ឱនមកតបលួងក្មេងវិញទាំងប្រឹងញញឹមយ៉ាងសោះកក្រោះចេញមក។
  
   បីម៉ោងក្រោយមក
   ភ្លឹប!
   ភ្លើងស្លាកអាយស៊ីយូនៅមុខបន្ទប់បិទបញ្ជាក់ថាការវះកាត់ត្រូវបានបញ្ចប់ ទើបសាច់ញាតិដែលរងចាំនៅខាងក្រៅរហ័សរត់ទៅឈរចាំនៅជិតទ្វាបន្ទប់។
   ក្រាក!
   « លោកដុកទ័រ នាងយ៉ាងម៉េចហើយ? » លែនស៍ រហ័សសួរគ្រូពេទ្យទាំងព្រួយបារម្ភ។
   « ទោះការវះកាត់ជោគជ័យ ប៉ុន្តែដោយសារតែគ្រាប់ត្រូវចំឆ្អឹងខ្នងហើយធ្វើឲ្យប៉ះពាល់ទៅដល់ខួរក្បាលនិងផ្នែកផ្សេងទៀត ដូច្នេះពួកយើងមិនអាចធានាបានទេថាពេលនេះនាងមានសុវត្ថិភាព យល់ល្អសាច់ញាតិគួរតែបញ្ចូលនាងទៅព្យាបាលនៅមន្ទីរពេទ្យសេអ៊ូលឲ្យបានលឿនបំផុត »
   « តើមន្ទីរពេទ្យសេអ៊ូលពិតជាអាចជួយនាងបានពិតមែនទេ? »
   « ស្ថានភាពរបស់នាងពិបាកស្មានណាស់ ទោះគ្រូពេទ្យនៅសេអ៊ូលអាចរក្សាជីវិតរបស់នាងបាន ប៉ុន្តែឱកាសដឹងខ្លួនមកវិញរបស់នាងប្រហែលជាមានតិចខ្លាំងណាស់ ដូច្នេះមានតែមើលលើការព្យាបាលនិងតាមដានរបស់គ្រូពេទ្យនៅសេអ៊ូលតែប៉ុណ្ណោះថាជួយនាងបានប៉ុណ្ណា »
   ដុក!
   អ្នកស្រី យ៉ុងអេ ទម្លាក់ខ្លួនទៅលើកៅអីវិញដូចមនុស្សគ្មានវិញ្ញាណ កែវភ្នែកដក់ជាប់ដំណក់ទឹកថ្លាមិនដាច់ទោះយំអស់ជាច្រើនម៉ោងយំឡើងអស់ទឹកភ្នែកទៅហើយក៏នាងនៅតែមិនអាចឈប់យំបាន ជាពិសេសពេលមកបានលឺគ្រូពេទ្យរាប់រៀបពីអាការៈរបស់កូនស្រីដែលមានសង្ឃឹមដឹងខ្លួនមកវិញតិចតួចនេះហើយធ្វើឲ្យនាងស្ទើរតែផុតដង្ហើមទៅមុនកូនស្រីទៅហើយ ។
   លែនស៍និងគ្រប់គ្នាក៏មិនខុសពីអ្នកស្រី យ៉ុងអេ បានត្រឹមតែឈរសម្លឹងទ្វាបន្ទប់សង្គ្រោះដោយទឹកមុខក្រៀមក្រំនិងឈឺចាប់រកពាក្យអ្វីមកប្រៀបផ្ទឹមពុំបាន។ លែនស៍ ដើរចូលទៅជិតទ្វាបន្ទប់សង្គ្រោះហើយសម្លឹងមើលអ្នកដែលគេងជាមួយបំពង់ខ្យល់អុកស៊ីសែននៅខាងក្នុងទាំងកែវភ្នែកប្រែជារលីងរលោងឈឺចាប់ស្ទើរតែផុតដង្ហើមម្តងៗ។
   “ ក្មេងល្ងង់ ឆាប់ដឹងខ្លួនមកកុំលេងអ្វីឆ្កួតៗបែបនេះទៀតអី ក្រែងអូនសន្យាថានឹងមិនមានរបួសទៀតមែនទេ ក្រែងអូនតែងតែមិនចង់ឲ្យគ្រប់គ្នាបារម្ភពីអូនមែនទេ? ពេលនេះអូនកំពុងតែធ្វើឲ្យគ្រប់គ្នាបារម្ភហើយដឹងខ្លួនទេ អាយវី! អូនកុំមកគេងស្ងៀមបែបនេះអី គេងស្ងៀមៗបែបនេះមិនសមជាអូនសោះ ហ៊ឹក! ” លែនស៍ ឱនមុខចុះស្រក់ទឹកភ្នែកតក់ៗយំទាំងគ្មានសំឡេង ដឹងទេថាយំគ្មានសំឡេងគឺឈឺចាប់លើសកាលតែយំមានសំឡេងទៅទៀត គេស្ទើរតែដាច់ដង្ហើមគ្រប់ពេលនឹកឃើញពាក្យសម្តីរបស់លោកគ្រូពេទ្យមុននេះ បេះដូងរបស់គេពិតជាឈឺ ឈឺខ្លាំងណាស់មិនដឹងថាយកអ្វីមកប្រៀបជាមួយកាលឈឺចាប់មួយនេះបានទេ គេភ័យខ្លាចបាត់បង់នាង ខ្លាចថានឹងមិនបានលឺសំឡេងរបស់នាងម្តង ខ្លាចមិនបានឃើញស្នាមញញឹមដ៏ស្រស់ស្អាតរបស់នាងម្តងទៀត គេពិតជាភ័យខ្លាចថានឹងត្រូវរស់នៅលើផែនដីនេះបន្តទៀតតែម្នាក់ឯងដោយគ្មានវត្តមានរបស់នាងខ្លាំងណាស់ សូមអង្វរទេវតាកុំយកនាងចេញពីជីវិតរបស់គេអី ។
           រងចាំភាគបញ្ចប់
  
  
  
  
 
  
  
  
  
  
 
  
  
 
  
 
  
  
  

បង្រៀនស្នេហ៍ក្មេងទំនើង(ចប់)Where stories live. Discover now