រាជវាំងនៃប្រទេសន័រវែសស្ថិតក្នុងរាជធានីអូស្លូ ពាក់កណ្ដាលអាធ្រាត្រយប់ពេញបរមីម្ចាស់ក្សត្រីហ្វីយ៉ាតា ហ្វារ៉ាដាសៀរ៍ក្រេសហ៍ ស្កាអូឡែតកំពុងតែឈឺពោះសម្រាលបុត្រយ៉ាងខ្លាំងនៅក្នុងដំណាក់ចន្ទ្រា។ រាជពេទ្យខំប្រញេប្រញាប់ញាប់ដៃជួយទ្រង់ដើម្បីសម្រាលព្រះបុត្រាទាំងពីរអង្គយ៉ាងលំបាកលំបិនដោយសារទ្រង់ឈឺចាប់ក្នុងព្រះកាយខ្លាំងរួមផ្សំនិងសុខភាពមិនសូវមាំទាំទៀតនោះ ក្រោយប្រសូតព្រះបុត្រាទី២រួច ម្ចាស់ក្សត្រីបានចូលទិវង្គត ដែលរឿងនោះធ្វើឱ្យព្រះអង្គអាល់ម៉ាន់ត្រាតក់ស្លុតព្រះទ័យទទួលយកមិនបាន។ ទ្រង់ព្យាយាមត្រកងម្ចាស់ក្សត្រីស្រែកហៅឱ្យដឹងព្រះកាយតែវាមិនអាចទៅរួច។
"ម្ចាស់ក្សត្រី... អូន... អូនឆាប់ដឹងព្រះកាយឡើងកុំទៅណាចោលយើងអីបានទេ!!" ទោះជាទ្រង់ព្យាយាមរហូតដល់សុគតក៏គ្មានថ្ងៃដែលម្ចាស់ក្សត្រីយាងមកវិញដែរ។
ដូច្នេះហើយចាប់តាំងពីពេលនោះព្រះអង្គកើតចិត្តស្អប់ទៅលើបុត្រាពៅ ព្រោះទ្រង់ជាមូលហេតុដែលធ្វើឱ្យមហេសីរបស់ព្រះអង្គសុគត។
ព្រះអង្គតែងតែលំអៀងជានិច្ច ទ្រង់មិនសូវយកចិត្តទុកដាក់ព្រះទ័យទៅលើព្រះបុត្រានៀល ហ្វារ៉ាដាសៀរ៍ក្រេសហ៍ ស្កាអូឡែតសូម្បីម្ដង ពោលចាំតែចាប់កំហុសឱ្យតែនៀលធ្វើអ្វីខុសបន្តិចបន្តួច ព្រះអង្គក៏ស្ដីបន្ទោសរហូតដល់បុត្រាកើតចិត្តច្រណែនច្រើនទៅលើម្ចាស់បង ដែលតែងទទួលបានការថ្នាក់ថ្នមស្រឡាញ់ពេញព្រះទ័យពីបិតា។
គ្រប់គ្នាយកចិត្តទុកដាក់ គោរពប្រតិបត្តិអាល់បឺត ហ្វារ៉ាដាសៀរ៍ក្រេសហ៍ ស្កាអូឡែតព្រោះគេជារាជទាយាទចំណែកព្រះបុត្រានៀលត្រូវបានគេមើលរំលង មិនថាទ្រង់ខំធ្វើខ្លួនឱ្យល្អយ៉ាងណាក៏គ្មាននរណាអើពើ ម្លោះហើយទើបរហូតដល់បច្ចុប្បន្ននៀលកើតចិត្តស្អប់ គុំគួនទៅលើម្ចាស់បងនិងបិតា។
ដំណាក់ផ្ការាត្រី
ទីនេះជាកន្លែងដែលអ្នកអង្គម្ចាស់នៀលគង់នៅ ទ្រង់ត្រូវបានព្រះអង្គបញ្ជូនមករស់នៅដាច់ដោយឡែកឆ្ងាយពីដំណាក់ធំ ទោះជាយ៉ាងនោះក្ដីនៀលមិនបានរករឿងដេញដោលអ្វីដែរ ត្បិតថាវារៀងស្ងប់ស្ងាត់ ឯកាត្រជាក់ខ្លាំងបន្តិចទ្រង់ក៏ទម្លាប់ជាមួយវាបាត់ទៅហើយ។
"អ្នកអង្គម្ចាស់គឺរាជទាយាទចង់ជួបទ្រង់"
សាន់ដែលត្រូវជាអង្គរក្សជិតដិតតែមួយគត់របស់អ្នកអង្គម្ចាស់បានមកផ្ដល់ដំណឹងទាំងព្រលឹម កំឡុងពេលទ្រង់ហាត់ប្រាណនៅឯទីធ្លាក្នុងសួនច្បារ។
"ទូលពាក្យទៅវិញថាយើងរវល់ជួបមិនបានទេ"
"ប៉ុន្តែ---"
"យ៉ាងម៉េច? សូម្បីតែឯងក៏មិនចង់ស្ដាប់បញ្ជារបស់យើងដែរ?" អ្នកអង្គម្ចាស់កើតចិត្តច្រឡោតទំលាក់ដំដែកបែរមកស្រែកគំហកដាក់សាន់ឡើងគេគ្រវីក្បាលប្រកែកញាប់មាត់ ប្រញាប់ទៅទូលរាជទាយាទតាមបញ្ជា។
"គេមិនមកទេ"
រាជទាយាទអាល់បឺតដែលកំពុងគង់គងអន្លាក់ក្លាក្រេបកាហ្វេនៅក្នុងបន្ទប់ទទួលភ្ញៀវដែលពោរពេញដោយក្បូរក្បាលច់រចនាប្រណិតៗ ពណ៌មាសស្ទើរគ្រប់ទីន្លែង គ្រាន់តែឃើញសាន់រត់ចូលមកក៏ត្រិះតម្រិះភ្លាមៗថាអនុជរបស់ទ្រង់មិនយាងមកនោះទេ។
គ្មានអ្វីដែលទ្រង់មិនដឹងឡើយវាជាធម្មតាទៅហើយ រាល់ពេលទ្រង់យាងមកដំណាក់នេះដើម្បីជួបអ្នកអង្គម្ចាស់នៀល តែងតែបដិសេធគេចមុខជារឿយៗហាក់ស្អប់ខ្ពើមទ្រង់ខ្លាំងណាស់ទើបធ្វើបែបនេះ។
"រាជទាយាទ---"
"មិនបាច់និយាយទេយើងដឹងហើយ"
រកតែសាន់ទូលមិនទាន់រាជទាយាទរហ័សកាត់សម្ដីក្រោកឈរអស់កម្ពស់ខ្ពស្រឡះ១ម៉ែត្រ៨៣យាងចេញទៅរកអានុដោយផ្ទាល់ ព្រោះទ្រង់មានរឿងសំខាន់ចង់និយាយគ្នាពិតមែន។
ជំហានជើងវែងៗដំណើរយ៉ាងសង្ហារបស់រាជទាយាទស្ទើរតែធ្វើឱ្យស្រីបម្រើកំពុងស្រោចផ្កានៅក្នុងសួនមើលរហូតដល់សន្លប់ទៅហើយ។ សក់របស់ទ្រង់មានពណ៌ទឹកមាសភ្ជាប់ជាមួយកែវភ្នែកពណ៌ទឹកសមុទ្រថ្លាដែលបញ្ជាក់បានថាជាខ្សែរាជវង្ស ដោយឡែកអ្នកអង្គម្ចាស់នៀលវិញបែរជាមានសក់ពណ៌ត្នោតរៀងដិតទៅវិញ គ្រាន់តែព្រះភ័ក្ររបស់ទ្រង់ទាំងពីរដូចគ្នាខ្លាំងណាស់ ប្រសិនបើអ្នកមិនស្គាល់ច្បាស់ប្រាកដជាមិនអាចបែងចែកថាអ្នកណាជាអាល់បឺត អ្នកណាជានៀល។
"នៀល..." រាជទាយាទដង្ហើយហៅអនុជប៉ុន្តែអ្នកអង្គម្ចាស់ធ្វើមិនដឹងមិនឮបន្តលើកដំដែកទាល់តែទ្រង់ដើរមកឈរចំពោះមុខទើបសម្លឹងមើលភ្ជាប់ជាមួយព្រះនេត្រមិនពេញចិត្តជាខ្លាំង។
"យើងមានរឿងសំខាន់ចង់និយាយជាមួយទ្រង់"
"ទូលបង្គំរវល់តើទ្រង់មិនឃើញទេ?" អ្នកអង្គម្ចាស់ដកដង្ហើមធំៗលើកដំដែកបង្ហាញឱ្យម្ចាស់បងទត។
"យើងសុំពេល៥នាទី ក្រោយចប់យើងនឹងទៅវិញភ្លាម"
"៣នាទីបានហើយ"
"ល្អយើងយល់ព្រម" រាជទាយាទមានបន្ទូលមួយៗទោះជារៀងស្ទាក់ស្ទើរបន្តិចប៉ុន្តែមិនថ្វីឡើយដោយសារវាជារឿងសំខាន់ពិតមែន។
"យើងចង់ឱ្យទ្រង់ចូលរួមពិធីរាំរែកជំនួស តើបានទេ?"
មិនបង្អង់យូរក្រោយរកកន្លែងគងស្រួលបួលរាជទាយាទមានបន្ទូលសាច់ការតែម្ដង ធ្វើឱ្យអ្នកអង្គម្ចាស់នៀលអស់សំណើចលើកតែមកក្រេបមួយជិបដោយមិនទាន់និយាយអ្វីភ្លាមៗ ទ្រង់រង់ចាំឱ្យម្ចាស់បងមានបន្ទូលឱ្យអស់សិនសឹមពិចារណាមានបន្ទូលតាមក្រោយ។
"មួយរយៈនេះយើងរវល់ជាមួយរាជកិច្ចខ្លាំងណាស់ ម្លោះហើយយើងមិនចង់ខាតពេលចូលរួមពិធីទេ ទើបចង់ឱ្យទ្រង់ចូលរួមជំនួស"
"វាជារឿងរបស់ទ្រង់ ដូច្នេះទូលបង្គំជួយមិនបានទេ" អ្នកអង្គម្ចាស់មានបន្ទូលបដិសេធ ទ្រង់មិនសូវជាចូលចិត្តកម្មពិធីក្នុងរាជវង្សផង បើឱ្យទៅចូលរួមប្រាកដជាធុញស្លាប់ហើយ លើសពីនេះទ្រង់ក៏មិនចង់បន្លំខ្លួនធ្វើជារាជទាយាទអ្វីដែលបើព្រះអង្គចាប់បានច្បាស់ជាមានទោសធ្ងន់។
"តែម្ដងប៉ុណ្ណឹង"
"....."
"យើងអង្វរទ្រងទៅចុះ យល់មុខយើងជាម្ចាស់បងផងបានឬអត់?"
ឃើញព្រះភ័ក្រ្តអង្វរករបស់ម្ចាស់បងគួរឱ្យអាណិតអ្នកអង្គម្ចាស់នៀលក៏ចិត្តមិនដាច់ដូចគ្នា ប៉ុន្តែទ្រង់មិនអាចធ្វើវាបានឡើយ។ ទ្រង់ងើបឈរបម្រុងយាងចូលក្នុងដំណាក់វិញ ស្រាប់តែត្រូវទុចដំណើរងាកមករកម្ចាស់បងភ្លាមៗក្រោយទ្រង់មានបន្ទូល...
"អ្នកនាងមេឡូនីក៏អញ្ជើញមកចូលរួមដែរ ប្រសិនបើទ្រង់ទៅជំនួសយើង ទ្រង់អាចសុំនាងឡើងរាំបាន"
នេះហើយជាមូលហេតុដែលអាចឃាត់ដំណើររបស់អ្នកអង្គម្ចាស់នៀលបាន។ ព្រះទ័យទ្រង់ពេលនេះច្របូកច្របល់ខ្លាំងណាស់ តើទ្រង់គួរជួយឬអត់ព្រោះមនុស្សស្រីដែលទ្រង់ពេញព្រះទ័យក៏មានវត្តមានក្នុងកម្មពិធីនោះដែរ។
អ្នកនាងមេឡូនី គ្រីស្ទៀអែនណាជាកូនរបស់នាយករដ្ឋមន្ត្រី អ្នកអង្គម្ចាស់នៀលបានពេញចិត្តកំឡុងពេលរៀនសកលវិទ្យាល័យជាមួយគ្នា។ នាងល្អខ្លាំងណាស់ ថែមទាំងមានរូបសម្រស់ផូរផង់ លើសពីនេះមានតែនាងប៉ុណ្ណោះដែលតែងតែនៅក្បែរ ជួយលើកទឹកចិត្តទ្រង់។
"ក៏បានទូលបង្គំយល់ព្រម!!"
ស្ងាត់មាត់ព្រះតម្រិះបានបន្តិចអ្នកអង្គម្ចាស់សម្រេចព្រះទ័យតាមសំណើរ ដោយមិនបានគិតគូពីផលវិបាកកំឡុងពេលនៅក្នុងពិធីដើរតួជារាជទាយាទឡើយ។
"ល្អណាស់បន្តិចទៀតយើងយាងមកវិញ ដើម្បីទូលទ្រង់ពីភ្ញៀវកិត្តិយសដែលទ្រង់ត្រូវចងចាំ" អ្នកអង្គម្ចាស់នៀលយល់ព្រមយាងទៅដំណាក់ស្រង់ទឹកសម្អាតព្រះកាយទាំងរំភើបដោយសារបន្តិចទៀតបានជួបនារីដែលជាស្នេហាដំបូងហើយ។
"ពួកយើងជិតបានជួបគ្នាហើយមេឡូនី"
អ្នកអង្គម្ចាស់រូបសង្ហាឈរញញឹមញញែមតិចៗនៅមុខកញ្ចក់ នឹកស្រមៃដល់អ្នកនាងមេឡូនី ទ្រង់ចង់ដឹងដល់ហើយតើនាងមាននឹកទ្រង់ទេ ព្រោះខានជួបគ្នារយៈពេល២ឆ្នាំពេញ ដោយសារនាងត្រូវទៅរៀននៅឯសហរដ្ឋអាមេរិករយៈពេល២ឆ្នាំបន្ថែមក្រោយចប់សកលវិទ្យាល័យ។
---------------
To be continued...
By Ara
YOU ARE READING
វិវាទបេះដូង
Romanceស្នេហាដែលមានរាងជាចតុកោណកែងបានធ្វើឱ្យពួកគេទាំងបួននាក់ទទួលការឈឺចាប់គ្រប់គ្នា។ នៀល រ៉ាហ្វាដាសៀរ៍ក្រេសហ៍ ស្កាអូឡែត&អែនតូនៀ ចេដិន អាល់បឺត រ៉ាហ្វាដាសៀរ៍ក្រេសហ៍ ស្កាអូឡែតxមេឡូនី គ្រីស្ទីអែនណា BG NOVEL