ភាគទី១:គិតថាទ្រង់អស្ចារ្យណាស់មែនទេ?

22 1 0
                                    

"នៀល... នេះជាបញ្ចីរាយនាមដែលទ្រង់ត្រូវចាំ!!" រាជទាយាទអាល់បឺតរុញសៀវភៅដែលមានលាយលក្ខអក្សរទៅកាន់អ្នកអង្គម្ចាស់នៀលដែលកំពុងគង់ទល់មុខទ្រង់នូវសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។
"ច្រើនម្ល៉េះ?" វិនាទីបន្ទាប់គ្រាន់តែឃើញឈ្មោះភ្ញៀវសំខាន់ៗនៅក្នុងសៀវភៅ អ្នកអង្គម្ចាស់ចងចិញ្ចើមងើបមើលព្រះភក្រ្តម្ចាស់បង មិនដឹងថាគិតខុសឬត្រូវទេដែលព្រមជួយ។
"ប៉ុណ្ណឹងគឺតិចទេ" ទ្រង់ឆ្លើយយ៉ាងសោះអង្កើយខុសពីអ្នកអង្គម្ចាស់នៀលអស់សំណើចតិចៗ បើកទំព័រសៀវភៅអានប្រវត្តិរូបនោះម្ដងមួយសន្លឹកៗ។
២១នាក់ហើយទ្រង់នៅមានបន្ទូលថាតិចទៀត មិនដឹងថាមើលចាំឬអត់ផង បើម្នាក់ៗមានមុខងារតួនាទីវែងអន្លាយបែបនេះ ជាពិសេសឈ្មោះពិបាកចាំណាស់ នៅអាចច្រឡំគ្នាទៀត។
"ទ្រង់មានរយៈពេល១សប្ដាហ៍ដើម្បីទន្ទិញឈ្មោះទាំងនេះ"
"ហាស៎?!" គ្រាន់តែឮបន្ទូល អ្នកអង្គម្ចាស់នៀល ធ្លាក់សៀវភៅចេញពីដៃ។
១សប្ដាហ៍មែនទេ? ទ្រង់មានបន្ទូលលេងសើចឬក៏យ៉ាងម៉េច? គិតថាខួរក្បាលរបស់ទ្រង់ដូចរាជទាយាទឬយ៉ាងណា?!!
"ហ្ហឹមម... យើងដឹងថាទ្រង់រៀងពិបាក ប៉ុន្តែយូរទៅចងចាំហើយ" រាជទាយាទនៅតែបន្តអាកប្បកិរិយានឹងធឹង ទ្រង់អង្គុយគងអន្លាក់ខ្លាដកដៃដែលស្រាក់លើភ្លៅមួយជំហៀង ឈោងយកតែមកក្រេបដើម្បីបិទបាំងស្នាមញញឹម ពេលទតព្រះភក្រ្តដ៏ស្មុគស្មាញរបស់ព្រះអនុច។
"ជ្រុលជាយើងទទួលសំណើរទ្រង់ទៅហើយ មិនអីទេយើងនឹងមើលឱ្យចាំទៅចុះ" ក្រោយស្ងាត់មាត់បានបន្តិច អ្នកអង្គម្ចាស់មានបន្ទូលឡើងភ្ជាប់ជាមួយទឹកមុខប្រាកដប្រជា ព្រោះមានតែផ្លូវនេះទេដែលអាចបើកឱកាសឱ្យទ្រង់បានរាំជាមួយអ្នកនាងមេឡូនីនារីជាទីស្រឡាញ់។
"ល្អណាស់ៗ"
"ទ្រង់អាចយាងទៅវិញបានហើយ"
"យើងនៅមានរឿងមួយទៀតចង់ឱ្យទ្រង់ជួយបន្តិច"
អ្នកអង្គម្ចាស់ចងចិញ្ចើមទតព្រះភក្រ្តរាជទាយាទអាល់បឺតទាំងមិនពេញព្រះទ័យ។ សុំទ្រង់ឱ្យបន្លំខ្លួនចូលពិធីរាំរែកជំនួសហើយ ឥឡូវចង់សុំឱ្យទ្រង់ជួយអ្វីទៀត? មិនគិតថាហួសហេតុទេឬ? ម្យ៉ាងទៀតទ្រង់ទាំងពីរក៏មិនស្និតស្នាលគ្នាណាស់ណាអ្វីដែរ ត្រឹមអ្នកអង្គម្ចាស់នៀលយល់ព្រមជួយបន្លំខ្លួនក៏ចាត់ទុកថាសំណាងទៅហើយ។
"វាមិនមែនជារឿងធំដុំអ្វីទេ" រាជទាយាទបន្តសម្ដីទះដៃហៅមនុស្សឱ្យចូលមក។
ភ្លាមនោះនារីរូបស្រស់ម្នាក់បានលេចចេញមកដើរចូលមកទីនេះ ។ អ្នកអង្គម្ចាស់នៀលឃើញដូច្នេះរិតតែមិនយល់ ម្ដេចនៅសុខៗស្រាប់តែនាំមនុស្សស្រីចម្លែកនេះចូលមកដំណាក់របស់ទ្រង់?!
"យើងចង់ផ្ញើរនាងនៅទីនេះមួយរយៈ តើទ្រង់មិនប្រកាន់ទេឬ?" សណ្ដាប់ហើយអ្នកអង្គម្ចាស់កាន់តែហួសចិត្ត។
ស្អីគេចង់ឱ្យនារីសក់រួញភ្លីតូចល្មមពណ៌ទង់ដែងរលោង ទម្រង់មុខតូចស្អាត ភ្នែកដូចសត្វកប្រុកពណ៌ត្នោតកម្ពស់ខ្ពស់ប្រហែល១ម៉ែត្រ៧២មកនៅដំណាក់ទ្រង់ឬ? នាងជាអ្នកណា? មកពីណាម្ដេចទ្រង់ធ្វើបែបនេះ?
"នាងជាអ្នកណា? ហើយការងារអ្វីរបស់ទ្រង់បានជាចង់យកមកផ្ញើរនៅដំណាក់ទូលបង្គំ?"
"ទ្រង់មិនចាំនាងទេឬ?" អាល់បឺតលើកចិញ្ចើមសួរព្រោះនារីម្នាក់នេះក៏ធ្លាប់ជួបទ្រង់កាលពីនៅក្មេងៗដែរ ហេតុអ្វីអ្នកអង្គម្ចាស់នៀលមិនចាំនាងដូច្នេះ។
"ខ្ញុំម្ចាស់អែនតូនៀ ចនដិន!!" នារីរូបស្រស់ដែលបានស្ងាត់មាត់ជាយូរ បង្ហើរសំនៀងទូលថ្វាយអ្នកអង្គម្ចាស់គ្រាន់តែឮភ្ញាក់ផ្អើលមិនស្ទើរ រហ័សក្រោកឈរអស់កម្ពស់។
"ជានាង!? នាងក្មេងជើងល្អហ្នឹងមែនទេ?!!" ទ្រង់ចង្អុលមុខនាងតែព្រះនេត្រទតទៅម្ចាស់បងដែលកំពុងធ្មេចភ្នែកញញឹមតិចៗប្រាប់ថាពិត ឯអែនតូនៀញញឹមចម្អន់ងក់ក្បាលបញ្ជាក់រិតតែធ្វើឱ្យអ្នកអង្គម្ចាស់ភ្ញាក់ផ្អើលជាលើកទី២។
ការពិតទៅនាងជាកូនស្រីរបស់លោកមន្ត្រីផ្នែកការទូត កំព្រាម្ដាយតាំងពីអាយុ២ឆ្នាំ ។ ជារៀងរាល់ពេលលោកប្រាហឹម ចនដិនចូលមករាជវាំងដើម្បីទូលព្រះអង្គអំពីរាជកិច្ច គាត់តែងនាំអែនតូនៀមកជារឿយៗរហូតនាងក្លាយជាមិត្តរបស់រាជទាយាទអាល់បឺត។
ថ្ងៃមួយនាងបានវង្វេងមកដល់ដំណាក់ផ្ការាត្រី ដោយច្រឡំស្មានថាអ្នកអង្គម្ចាស់នៀលជាអាល់បឺត នាងខំមកស្និតស្នាលលេងជាមួយដូចសព្វមួយដង តែនៀលមិនចូលចិត្តរហូតពួកគេទាំងពីរឈ្លោះប្រកែកគ្នា។
ដោយចិត្តខឹងព្រោះនៀលបានរុញខ្លួនឱ្យដួលរហូតរលាត់កែងដៃនិងការប្រើពាក្យសម្ដីដេញនាងខ្លាំងៗ អែនតូនៀបានវាយអ្នកអង្គម្ចាស់រហូតបែកមាត់ ត្បិតថានាងជាស្រីតែកម្លាំងក៏ខ្លាំង។
"យើងមិនព្រមឱ្យនាងនៅទីនេះជាដាច់ខាត!!" មិនរង់ចាំយូរអ្នកអង្គម្ចាស់បដិសេធភ្លាមៗ ទ្រង់មិនចូលចិត្តនាងតាំងពីដើម ឥឡូវក៏នៅតែមិនចូលចិត្ត។
មើលនាង!! ចុះខ្លួនជារាស្ត្រសាមញ្ញ បែរជាប្រហើនឈរឱបដៃ ពេបមាត់ធ្វើមុខឌឺដងគួរឱ្យស្អប់ដាក់ទ្រង់ដែលជាអ្នកអង្គម្ចាស់ ចរិតពីក្មេងបែបណាធំឡើងក៏បែបនោះសង្ស័យលោកប្រាហឹមទំនើងតាមចិត្តពេកហើយទើបអ៊ីចឹង។
(អត់ៗទៅស្មានតែខ្ញុំខ្វល់មែន?) អែនតូនៀនិយាយក្នុងចិត្តតែឯង ស្មានថានាងចង់មកជួបទ្រង់ណាស់មែនទេ? មនុស្សស្អប់មុខសឹងតែស្លាប់ បើអាចកុំជួបគ្នាមួយជីវិតកាន់តែប្រសើរ។
"តែមួយរយៈតើ ពេលលោកប្រាហឹមត្រឡប់មកពីបំពេញធុរៈកិច្ចនៅបារាំងវិញសឹមឱ្យនាងទៅផ្ទះ"
"គ្រាន់តែឪពុកនាងទៅធ្វើការ ចាំបាច់អ្វីត្រូវឱ្យនាងមកនៅទីនេះដែរ?"
"លោកប្រាហឹមបារម្ភខ្លាចអ្នកផ្ទះធ្វើបាប ទើបពឹងឱ្យយើងមើលថែនាង ប៉ុន្តែឱ្យមើលយ៉ាងណាបើទ្រង់ក៏ដឹងថាយើងនៅដំណាក់ចន្ទ្រាជាមួយបិតា ទ្រង់ប្រាកដជាមិនអនុញ្ញាតិឱ្យនាងនៅឡើយ" អាល់បឺតទ្រង់នៅតែព្យាយាមមានបន្ទូលពន្យល់ឱ្យនៀលយល់ព្រម តែមើលទៅទ្រង់ដាច់អហង្កាមិនព្រមទាល់តែសោះ។
"វាជារឿងរបស់ទ្រង់មិនមែនរឿងទូលបង្គំទេ"
"នៀល ជួយយើងតែម្ដងហ្នឹងទៀតទេបានឬអត់?"
"ពួកយើងស្និតស្នាលគ្នាតាំងពីពេលណា បានជាទ្រង់សុំឱ្យយើងជួយនោះជួយ? ដំណាក់ផ្សេងមានឱ្យនាងទៅនៅមិនបានទេឬយ៉ាងម៉េច?"
ដោយទ្រាំពុំបាន ណាមួយក៏ធុញថប់ខ្លាំងដែរអ្នកអង្គម្ចាស់មានបន្ទូលគំហកខ្លាំងៗដាក់រាជទាយាទឃើញបែបនេះ អែនតូនៀឡើងសង្ក្រៀតជើងធ្មេញជំនួសអាល់បឺត តែមើលទៅទ្រង់ហាក់ធម្មតា មិនប្រកាន់យកទោសពៃអ្វីពីអនុជសោះ។
"យើងដឹងប៉ុន្តែ---"
"បានហើយអាល់បឺត ទ្រង់មិនបាច់ទៅនិយាយហូរហែឥតប្រយោជន៍ជាមួយអ្នកខ្លះនោះទេ" អែនតូនៀចូលខ្លួនកាត់សម្ដីស្ដីថាឱ្យអ្នកអង្គម្ចាស់នៀលយ៉ាងព្រហើន។
មនុស្សនាងមិនចេះខ្លាចនរណាទេ មានចរិតឆ្នាស់ឆ្នើមតាំងពីក្មេង ទោះជាម្ដាយចុងដែលមានបំណងមិនល្អតែងរកវិធីធ្វើបាប ក៏មិនអាចធ្វើអ្វីនាងបានដែរ។
"នាងថាឱ្យអ្នកណា?" អ្នកអង្គម្ចាស់បោះជំហានមករកស្រីជើងល្អ ឱនព្រះភក្ត្រសម្លឹងផ្ទៃមុខផូរផង់ដូចកូនទន្សាយតូច ដែលមិនញញើតកោតខ្លាចទ្រង់សូម្បីបន្តិច។
"ក៏ថាឱ្យទ្រង់ហ្នឹងហើយមានអ្នកណាទៀត? ល្ងង់មែន!!" នាងញាក់ចិញ្ចើមយកម្រាមដៃស្រឡូនចុចដើមទ្រូងអ្នកអង្គម្ចាស់ខ្លាំងៗ។
"នាងហ៊ានថាយើងល្ងង់ផង?" នៀលសួរបញ្ជាក់ក្ដាប់ដៃស្ទើរបាក់ម្រាម សង្ក្រៀតជើងធ្មេញខ្លាំងៗស្ទើរតែទ្រាំមិនបានច្របាច់ក.នាង លើកឱ្យផុតពីឥដ្ឋ ដើម្បីកុំឱ្យធ្វើរឹកខ្លាំង ក្អេងក្អាង ព្រហើនដាក់ទ្រង់តទៅទៀត។
"ត្រូវហើយខ្ញុំម្ចាស់ហ៊ានថា ហ៊ានទាំងជេរនិងវាយទ្រង់ទៀតផង ចង់យ៉ាងម៉េច?"
មនុស្សដូចជាអែនតូនៀ ឃើញមុខស្លូតៗបែបនេះកុំគិតថានាងព្រមចាញ់ ខ្លាចអំណាចឱ្យសោះ ផ្ទុយទៅវិញនាងបែរជាផ្គើនធ្វើលើសដើម។
"ព្រហើនណាស់ អែនតូនៀ ចនដិន!!" អ្នកអង្គម្ចាស់គំហកឡើងភ្លាត់សម្លេងផ្អើលអស់អ្នកបម្រើក្នុងដំណាក់។
"កុំមកហៅដោយទាំងត្រកូលខ្ញុំ!!"
ស្រែកអ្វីបានតែខ្លួនឯង? នាងក៏មានមាត់មានបំពង់ក.អាចស្រែកឮសម្លេងខ្លាំងជាងទ្រង់ដែរ។ ពេលនេះអ្នកអង្គម្ចាស់នៀលខ្ញាល់ខ្លាំងរហូតបែកញើសជោគជើងសក់ ទ្រង់ទ្រាំណាស់មិនអាចលើកដៃវាយមនុស្សស្រីឡើយ មិនចង់ឱ្យមានគេនិយាយដើមថាជាបុរសអន់ វាយនារីភេទទន់ខ្សោយ។
"នាង!!!"
"នាងៗស្អី? យ៉ាងម៉េច!! គិតថាទ្រង់អស្ចារ្យណាស់មែនទេ? គ្រាន់តែជាអ្នកអង្គម្ចាស់សោះកុំមកខ្លាំងជាមួយខ្ញុំ!!"
ស្រីស្រស់ឆ្នាស់ឆ្នើមងើយមុខច្រត់ចង្កេះត្បកសម្ដីមិនដាច់ទៅកាន់អ្នកអង្គម្ចាស់។ ទោះជានាងដឹងថាទ្រង់កំពុងខ្ញាល់ខ្លាំងក៏មិនខ្វល់ នាងស្អប់មិនចូលចិត្តនរណាប្រើអំណាច រញ៉េរញ៉ៃ មនុស្សមិនចេះស្ដាប់ហេតុផលដូចជាទ្រង់ ទាល់តែប៉ះមនុស្សស្រីដូចជានាងទើបបាន។
"បានហើយៗកុំឈ្លោះគ្នាអី" រាជទាយាទចូលបំបែកអ្នកទាំងពីរដែលសង្ក្រៀតជើងធ្មេញទាំងសងខាងស្ទើរតែហក់ខាំគ្នា។
ម្នាក់ៗមិនព្រមចុះញ៉មទាល់តែសោះ ជាពិសេសអែនតូនៀនាងញញឹមចម្អកចម្អន់ឱ្យអ្នកអង្គម្ចាស់នៀលឱ្យកាន់តែខ្ញាល់ប្រទ័យសម្បើមណាស់។
"ថ្ងៃណាមួយយើងនិងកាច់បំបាក់ចង្គូមនាងឱ្យបាន"
"មិនបាច់រង់ចាំអីទេ មកកាច់ឥឡូវមក!!"
---------------
To be continued...
Enjoy your reading
Ara



វិវាទបេះដូងWhere stories live. Discover now