ងឺតត...
រថយន្តបានឈប់នៅមុខមណ្ឌលកុមារកំព្រាហ្វីឡា ឯអែនតូនៀក៏រហ័សចុះចេញពីក្នុងឡាន គ្មានសូម្បីពោលពាក្យអរគុណមួយម៉ាត់ ដោយសារតែនាងនៅខ្មាស់អៀនចំពោះរឿងដែលកើតឡើង នូវមុននេះនៅឡើយ។
"ហ្ហើយយ ជាក្មេងពិតមែនឬ?"
ព្រោះប្រញាប់ខ្លាំងពេក អែនតូនៀមិនបានពិនិត្យមើលរបស់របរបានគ្រប់ជ្រុងជ្រោយ ទើបបន្សល់ទុកប្រអប់វែនតានៅលើពូកឡាន។ អ្នកអង្គម្ចាស់គ្រវីក្បាលព្រូសខ្យល់ដង្ហើមធំតិចៗ មិនបង្អង់យូរទ្រង់សម្រេចព្រះទ័យ យករបស់នោះឱ្យនាងដោយខ្លួនឯង ណាមួយនាងក៏មិនទាន់ដើរចូលទៅខាងក្នុងផង។
"ទ្រង់ចង់យាងទៅណា?" សាន់សួរពេលឃើញទ្រង់បើកទ្វារឡានបម្រុងចេញក្រៅ។
"យករបស់ឱ្យអែនតូនៀ"
ឮបែបនោះសាន់លែងបន្តសួរនាំអ្វី គេចង់ចុះទៅបើកទ្វារឡានថ្វាយទ្រង់ដែរតែត្រូវអ្នកអង្គម្ចាស់ គ្រហឹមបដិសេធ ទ្រង់អាចយាងទៅដោយអង្គឯងបានមិនចាំបាច់ឱ្យគេដើរតាមពីក្រោយ ការពារអ្វីនោះទេ។
"មេ..." អែនតូនៀដែលកំពុងដើរញាប់ជើងចូលមកខាងក្នុងបរិវេណមណ្ឌល គ្រាន់តែប្រទះភ្នែកឃើញនារីស្រស់ស្អាត មានសក់ពណ៌ទង់ដែងរលើបរលោង កំពុងតែឈររង់ចាំញញឹមមកកាន់នាង ក៏ធ្វើឱ្យនាងរំភើបលាន់មាត់ហៅនាង នឹងរត់ទៅឱបយ៉ាងណែនប្រអប់ដៃ។
"នឹកខ្លាំងណាស់ ហ្ហឹកក" នាងឱបនារីម្នាក់នោះខ្លាំងៗដែលនាងគ្មាននរណាក្រៅពី មេឡូនីកូនស្រីតែមួយគត់របស់នាយករដ្ឋមន្ត្រី។
"ហីយ៉ា ឱបខ្លាំងម្ល៉េះ?" មេឡូនីសើចតិចៗបញ្ចេញនូវស្នាមញញឹមស្រស់ស្អាតដូចពន្លឺថ្ងៃ នាងអង្អែលខ្នងអែនតូនៀថ្នមៗ ហើយក៏សប្បាយចិត្តដូចគ្នាដែលបានជួបគ្នាម្ដងទៀតបន្ទាប់ពីបានបែកគ្នារយៈពេលប៉ុន្មានឆ្នាំមកនេះ។
"មកពីនឹកនោះអី" ស្របសម្ដីអែនតូនៀព្រលែងការឱប និងចាប់កាន់ប្រអប់ដៃមេឡូនីថ្នមៗទាំងមុខរកយំ ព្រោះមិននឹកស្មានទាល់តែសោះថានឹងអាចជួបនាងលឿនដល់ថ្នាក់នេះ មួយវិញឮថានាងនឹងមកនៅសប្ដាហ៍ក្រោយទើបភ្ញាក់ផ្អើលបែបហ្នឹង។
"ឯងនៅតែដូចដើមអ៊ីចឹង!!"
ឃើញមិត្តតាំងពីតូចក្រូចឆ្មាធ្វើចរិតដូចជាកូនក្មេង អត់មិនធ្វើឱ្យមេឡូនីចម្អកចម្អន់នាងមិនបាន។ មិនថាយូរប៉ុណ្ណាទេ អែនតូនៀនៅតែជានាងដូចដើមគ្មានអ្វីផ្លាស់ប្ដូរសូម្បីបន្តិច។
នាងស្គាល់អែនតូនៀតាំងពីក្មេងៗ នាងដឹងគ្រប់យ៉ាងកុំគិតថាអែនតូនៀកាចឆ្នាស់បែបនេះតែចិត្តអាក្រក់អី ការពិតនាងគួរឲ្យស្រឡាញ់ មានចិត្តល្អហើយមិនចេះកុហក ពត់ត្បត់លួចចាក់នរណាពីខាងក្រោយនោះទេ។
ជួនកាលនាងល្អជាងមនុស្សដែលមើលទៅទន់ភ្លន់ ហើយសុភាពរាបសារ សម្ដីផ្អែមៗតែលាក់ដោយភាពពិសពុលក៏ថាបាន។
"មេមកលឿនម្ល៉េះ? ក្រែងថាមកសប្ដាហ៍ក្រោយមែនទេ?" អែនតូនៀសួរនឹងអូសដៃមេឡូនីមកអង្គុយកៅអីនៅក្រោមដើមឈើម្លប់ត្រឈឹង។
"យើងចប់វគ្គរៀនហើយទើបមក ណាមួយខ្ជិលរង់ចាំស្ដាប់លទ្ធផលផង ហើយលោកប៉ាក៏ឲ្យប្រញាប់មកវិញដូចគ្នា គាត់ថាមានរឿងសំខាន់ចង់ពិភាក្សាដោយផ្ទាល់"
"ចុះរឿងនោះជាអ្វីដែរទៅ?"
"គាត់ចង់ឱ្យយើង---"
"អែនតូនៀ!!"
មេឡូនីមិនទាន់បាននិយាយផងស្រាប់តែសម្លេងអ្នកអង្គម្ចាស់ហៅកាត់ផ្ដាច់ការសន្ទនាភ្លាមៗ។ នារីទាំងពីរសុទ្ធតែមានសម្រស់ផូរផង់ ប្រញាប់បែរទៅរកប្រភពសម្លេងក៏ឃើញថានៀលកំពុងដើរចូលមក ជះរាងសង្ហាខាបព្រលឹង សាកសមជាខ្សែរាជវង្សដែលមានអំណាច មានយសសក្តិពិតៗ។
"ទ្រង់យាងមកធ្វើអី?" ម្ចាស់ឈ្មោះរហ័សក្រោកទៅរកឯនៀលទ្រង់បែរជាចោលក្រសែភ្នែកទៅមើលមេឡូនីទៅវិញ អ្នកទាំងពីរញញឹមដាក់គ្នា វាពិតជាធ្វើឱ្យអែនតូនៀងឿងឆ្ងល់ខ្លាំងណាស់។ លើសពីនេះមេឡូនីនៅក្រោកដើរមកនិងយារដៃទៅចាប់គ្នាជាមួយអ្នកអង្គម្ចាស់ទៀតផង។
"ខានជួបគ្នាយូរហើយអ្នកអង្គម្ចាស់"
"ត្រូវហើយ រីករាយដែលបានជួបអ្នកនាងម្ដងទៀត"
ពួកគេកាន់ដៃគ្នាជាប់នៅចំពោះមុខអែនតូនៀដែលកំពុងសម្លឹងមើលហាក់បីដូចជាឈឺចាប់ដើមទ្រូងប្លែក។ តើនាងកើតអ្វី?
ដោយសារតែមន្ទិលនៅក្នុងចិត្ត ចង់ដឹងថាពួកគេស្គាល់គ្នាមែនឬយ៉ាងណាម្ដេចចាប់ដៃ ចាប់ជើងគ្នាញញឹមពព្រាយបែបនេះ ទើបនាងដាច់ចិត្តសួរទាំងរេរា។
"មេនិងអ្នកអង្គម្ចាស់ស្គាល់គ្នាមែនទេ?"
"ត្រូវហើយពួកយើងរៀនជាមួយគ្នា ដើរលេងជាមួយគ្នា កើតទុក្ខឬជួបរឿងសប្បាយក៏នៅជាមួយគ្នាដែរ អាចនិយាយបានថាស្គាល់គ្នាលើសពីមិត្តទៅទៀត" មេឡូនីឆ្លើយជាហូរហែដៃនៅកាន់ជាប់ជាមួយអ្នកអង្គម្ចាស់មិនព្រមព្រលែងទាល់តែសោះ។
"អររ... ខ្ញុំមិនដែលដឹងសោះ បើអ៊ីចឹងមេស្និតស្នាលជាមួយអ្នកអង្គម្ចាស់ជាងខ្ញុំទៀត" ឮហើយនាងកាន់តែមិនស្រួលចិត្ត នាងចុកទ្រូង មានអារម្មណ៍ថាអន់ចិត្តមែនទែនពេលឃើញរូបភាពបែបនេះ។
"មិចហ្នឹងអាចទៅ? ពួកយើងជាមិត្តនិងគ្នាតាំងពីក្មេងៗ ប្រាកដជាឯងនិងយើងស្និតស្នាលជាមួយគ្នាជាងហើយ" មាត់នេះបែបនេះក៏ពិតតែមើលទង្វើនាងចុះពិតជាលើសពេកហើយ នាងប្ដូរជាទៅឱបដៃអ្នកអង្គម្ចាស់បង្ហាញភាពស្និតស្នាលកាន់តែខ្លាំង។
តើមិត្តឯណាគេធ្វើដល់ថ្នាក់ហ្នឹង?
"ហ្អឹមមម... យើងសុំទៅមុនហើយ មានរឿងពិភាក្សាជាមួយ Madam បន្តិច"
អែនតូនៀមានអារម្មណ៍មិនស្រណុកចិត្តកាន់តែខ្លាំង កាលបើអ្នកអង្គម្ចាស់និងមេឡូនីស្និតស្នាលជាមួយគ្នាខ្លាំងដល់ថ្នាក់នេះ។ ញាណរបស់នាងកំពុងតែប្រាប់ថា នាងជាជនទី៣ដែលកំពុងជ្រៀតជ្រែករវាងពួកគេទាំងពីរ។ ម្ល៉ោះហើយទើបសម្រេចចិត្តចូលទៅខាងក្នុងមុន ទុកឱ្យអ្នកទាំងពីរបានជជែកគ្នាច្រើនជាងនេះ។
"ទ្រង់ញញឹមបានច្រើនណាស់" ដើរមកដល់ស្ទើរតែផុតកន្ទុយភ្នែកមើលមិនឃើញពួកគេទាំងពីរនាក់ទៅហើយ អែនតូនៀបែរជាឆ្លៀតបែរក្រោយសម្លឹងមើលទាំងឈឺចាប់ នាងមិនដឹង ហើយក៏មិនយល់ម្ដេចសុខៗស្រាប់តែចង់យំ សុខៗស្រាប់តែច្រណែន... ច្រណែនមិត្តខ្លួនឯងដែលនាងសំណាងបានជិតស្និត ដែលនាងបានគៀកកើយ ផ្ដេកក្បាលទៅលើស្មាអ្នកអង្គម្ចាស់នាពេលអម្បាញ់មិញ។
---------------
To be continued...
Ara
YOU ARE READING
វិវាទបេះដូង
Romanceស្នេហាដែលមានរាងជាចតុកោណកែងបានធ្វើឱ្យពួកគេទាំងបួននាក់ទទួលការឈឺចាប់គ្រប់គ្នា។ នៀល រ៉ាហ្វាដាសៀរ៍ក្រេសហ៍ ស្កាអូឡែត&អែនតូនៀ ចេដិន អាល់បឺត រ៉ាហ្វាដាសៀរ៍ក្រេសហ៍ ស្កាអូឡែតxមេឡូនី គ្រីស្ទីអែនណា BG NOVEL