អ្នកអង្គម្ចាស់នៀលយាងចូលដំណាក់សោយក្រយ៉ា ដែលនៅលើតុពោរពេញទៅដោយអាហារជាច្រើនតម្រៀបយ៉ាងមានរបៀប។ ទ្រង់ចូលទៅគង់នៅកៅអីដែលតែងអង្គុយដោយភាពស្ងៀមស្ងាត់ជាទីបំផុត។ ដៃមាំមានសរសៃយកកន្សែងមកលាតដាក់លើភ្លៅ ទ្រង់រៀបនិងសោយទៅហើយតែក៏នឹកឃើញដល់អែនតូនៀ នារីជើងល្អសម្ដីចាក់ទឹកមិនលិចម្នាក់នោះរំលេចរូបភាព ទឹកមុខឆ្នាស់ឆ្នើមរបស់នាងចូលក្នុងខួរក្បាល។
"នាង... ទៅហៅអ្នកនាងម្នាក់នោះចូលមក" ទ្រង់បក់ដៃហៅស្រីបម្រើឱ្យទៅតាមអែនតូនៀនៅក្នុងសួន ឯនាងធ្វើមុខស្លីស្លឺមិនដឹងថាទៅតាមអ្នកណាទេ បើនាងជាប់រវល់ធ្វើការនៅក្នុងផ្ទះបាយមួយព្រឹកធំហើយនោះ។
"ជាអ្នកនាងព្រឹកមិញ ទៅតាមមក" លោកអ៊ំលូកាសឃើញនាងនៅអល់ឯកក៏ប្រាប់ ទើបរហ័សទៅតាមរកតែជាសំណាងល្អ អែនតូនៀបានអូសវ៉ាលីចូលមកដល់បន្ទប់ទទួលភ្ញៀវល្មម។
"អ្នកនាងៗ អ្នកអង្គម្ចាស់ឱ្យមកតាមទៅទទួកទានអាហារ" អែនតូនៀឡើងភាំងស្មារតី ស្នាមញញឹមកំហូចក៏រលុបមួយរំពេច បើឱ្យនាងទៅហូបដែរប្រាកដជាត្រូវអ្នកអង្គម្ចាស់នៀលចាប់បានមិនខានថានាងលួចដាក់អំបិលចូលទៅក្នុងសម្ល។
"ទូលទ្រង់ទៅថាខ្ញុំមិនឃ្លានទេ"
"សូមអង្វរណា អ្នកនាងទៅៗខ្ញុំមិនចង់ត្រូវអ្នកអង្គម្ចាស់គំហកឱ្យទេ" នាងស្ងាត់មាត់សម្លឹងមុខស្រីបម្រើដែលកំពុងអង្វរខ្លួនដោយភាពតានតឹង ទើបចិត្តមិនដាច់មានតែយល់ព្រមទាំងមិនចង់ប៉ុណ្ណោះ។
"ក៏បាន" ស្រីបម្រើត្រេកអរជាខ្លាំងនិងជួយយកវ៉ាលីអែនតូនៀទុកនៅក្បែរសាឡុង សឹមនាំផ្លូវនាងទៅកាន់បន្ទប់ទទួលទាន។ នាងបើកទ្វារឱ្យដោយការគោរពព្រោះដឹងថាជាភ្ញៀវ មិនអាចធ្វើអ្វីមិនសមរម្យដាក់នាងជាដាច់ខាត។
"អ្នកនាងមកដល់ហើយអ្នកអង្គម្ចាស់" នាងផ្ដល់ដំណឹងនឹងចូលទៅឈរមួយជំហៀងក្បែរស្រីបម្រើ៣នាក់ទៀតជាមួយលោកអ៊ំលូកាស។
អែនតូនៀមិនទាន់ចូលអង្គុយភ្លាមៗឡើយ នាងសម្លឹងអាហារលើតុជាច្រើនមុខ សឹមបង្វែរកែវភ្នែកមករកព្រះភក្ត្រអ្នកអង្គម្ចាស់ ខាំមាត់ឃ្នើសចិត្តដែលទ្រង់មិនទាន់សោយក្រយាសូម្បីមួយមុខ។
"នាងមកពីស្រុកឈរមែនទេទើបមិនព្រមអង្គុយបែបហ្នឹង?" ឮបន្ទូលអែនតូនៀដកដង្ហើមធំចូលមកអង្គុយនៅខាងស្ដាំដៃទ្រង់ នាងយកកន្សែងមកលានិងដាក់លើភ្លៅ រង់ចាំឱ្យនៀលចាប់អាហារមុនសឹមនាងដួសញ៉ាំតាមក្រោយ។
"យើងហៅនាងមកព្រោះគិតថាជាភ្ញៀវ ទោះយើងមិនចូលចិត្តនាងក៏ដោយ តែយើងក៏មិនចង់ឱ្យនាងទៅនិយាយដើម យើងជាអ្នកអង្គម្ចាស់គ្មានចិត្ត ភ្ញៀវមកទាំងមូលតែមិនមានអាហារឱ្យទទួលទាន" អ្នកអង្គម្ចាស់មានបន្ទូលបណ្ដើរដួសការីដែលជាក្រយាសំណព្វមកដាក់ចានបណ្ដើរ ប៉ុន្តែពេលបែរទៅមើលមុខអែនតូនៀឃើញនាងញញឹមគិតតែពីតាមសម្លឹងស្លាបព្រាដែលទ្រង់ដួសរហូតដល់ភ្លឹក ក៏កើតមន្ទិលឡើងមកភ្លាម។
(ក្រយានេះច្បាស់ជាមានបញ្ហា) ទ្រង់មានបន្ទូលក្នុងចិត្តតែអង្គឯង ឯអែនតូនៀញញឹមញញែមដូចផ្កាកុលាបរីកក្នុងសួន ដួសប៉ាស្តាឈីសមកទទួលទាន ឃើញបែបនោះទ្រង់ស្រាប់តែកួចស្នាមញញឹមគែមមាត់និងតែមានបន្ទូល...
"នាងសាកភ្លក្សការីនេះទៅមើល យើងគិតថានាងនឹងចូលចិត្ត"
ប៉ឹប~~~ អែនតូនៀបើកភ្នែកមក់ៗសម្លឹងអ្នកអង្គម្ចាស់ ទ្រង់មិនត្រឹមតែមានបន្ទូលនោះទេ ថែមទាំងដួសយកមកឱ្យនាងទៀតផង។ ពេលនេះតំរិះជិះកខ្លួនឯងច្បាស់ណាស់។
"យ៉ាងម៉េច? ហេតុអ្វីធ្វើមុខបែបហ្នឹង?! សាកភ្លក្សបន្តិចទៅ" នៀលបង្ខំនាងឱ្យញ៉ាំ ទ្រង់ច្រត់កែងដៃនៅលើតុដោយទ្រេតព្រះកេសមើលនាងកំពុងញ៉ាំការី មើលតែទឹកមុខនិងកាយវិកាងនាងក៏ដឹងហើយ ថាវាពិតជាមានបញ្ហាមែន។
"យ៉ាងម៉េចដែរ? ឆ្ងាញ់ទេ? បើឆ្ងាញ់យើងដួសឱ្យទៀត!!"
"ឈប់ៗៗ ខ្ញុំម្ចាស់មិនសូវចូលចិត្តទេ ដូច្នេះមិនបាច់ដួសទៀតឡើយ" អ្នកអង្គម្ចាស់រកដួសឱ្យនាងបន្ថែមតែអែនតូនៀរហ័សឃាត់យ៉ាងលឿន។ ទម្រាំតែនាងលេបមួយម៉ាត់អម្បាញ់មិញក៏ពិបាកណាស់ទៅហើយ ចុះទម្រាំយកមកថែមជាច្រើនទៀត មិនដឹងថាត្រូវទ្រាំញ៉ាំវេទនាយ៉ាងណាទេ។
"អររ... យកចេញទៅ" ទ្រង់ងក់ក្បាលតិចៗឱ្យអ្នកបម្រើយកចេញ និងបន្តសោយក្រយាផ្សេងៗយ៉ាងមានសេចក្ដីសុខ ស្របពេលដែលអែនតូនៀកាន់តែខឹងចិត្តដែលមិនអាចធ្វើអ្វីទ្រង់បាន។
ក្រោយទទួលទានអាហាររួចរាល់ អ្នកអង្គម្ចាស់ក៏បានឱ្យអ្នកបម្រើរៀបចំបន្ទប់ឱ្យអែនតូនៀដូចគ្នា ដែលបន្ទប់នោះរំលងដំណាក់ទ្រង់តែ១ប៉ុណ្ណោះ។
"ហ្ហឹក!! គួរឱ្យខឹង គួរឱ្យស្អប់ជាទីបំផុត ហ្ហឹកកក" ស្រីល្អអង្គុយលើពូកទាញខ្នើយយកមកវាយផាំងៗបញ្ចេញកំហឹង មិនគួរណានាងភ្លាត់ស្នៀតទាល់តែសោះ ប៉ុន្តែវាមិនអាចមានលើកក្រោយជាដាច់ខាត។
"ទ្រង់ចាំមើលចុះ!!"
ហាច់ឈីស~~
"អាកាសធាតុធម្មតាតើម្ដេចយើងកណ្ដាស់អ៊ីចឹង?!!"
អ្នកដែលត្រូវគេនិយាយដើមមានបំណងរៀបផែនការធ្វើបាបសារជាថ្មី ស្រាប់តែកណ្ដាស់ឡើង ខណៈពេលទ្រង់គង់នៅសាឡុងគងអន្ទាក់ខ្លា បន្តអានសៀវភៅដែលរាជទាយាទអាល់បឺតប្រគល់មកឱ្យ។ ទ្រង់ព្យាយាមណាស់ ទន្ទិញហើយទន្ទិញទៀត នៅហៅសាន់ដែលជាអង្គរក្សជំនិតមកក្បែរ ឱ្យគេជាអ្នកសួរទ្រង់ជាអ្នកឆ្លើយថែមទៀតផង។
រហូតឈានចូលម៉ោង៣រសៀលទ្រង់នៅតែបន្តសកម្មភាពដដែល ជាមួយសាន់មិនព្រមសម្រាកសូម្បីបន្តិច ព្រោះមិនចង់ឱ្យភ្លាត់ភ្លាំងនៅក្នុងកម្មពិធីដែលនាំឱ្យគ្រប់គ្នាកើតការសង្ស័យ។
តាមធម្មតាទ្រង់នៅពេលដែលដាក់ព្រះទ័យចង់ធ្វើអ្វីហើយគឺផ្ចិតផ្ចង់ណាស់ មិនថារឿងតូចឬធំទេ ទ្រង់ចង់ធ្វើឱ្យវាចេញមកល្អឥតខ្ចោះ។
"អ្នកអង្គម្ចាស់ឥឡូវរសៀលម៉ោងបីហើយ" សាន់ទូលទ្រង់ក្នុងបំណងចង់ដាស់តឿនទ្រង់ ព្រោះយាម៣:៤៥នាទីទ្រង់ត្រូវចូលរួមអង្គប្រជុំរាជវង្សជាមួយម្ចាស់បងនិងម្ចាស់ប្អូនដទៃទៀត។
"យើងមិនចង់ទៅទេ"
រាងកាយមាំទាំក្រោកយាងទៅឈរសន្ដិលខ្លួននៅឯរានហាល ទ្រង់ពិតជាធុញទ្រាន់ខ្លាំងណាស់ឲ្យតែឮអំពើការប្រជុំរបស់រាជវង្ស។ គ្រប់គ្នា... ជាពិសេសព្រះបិតាទតមកទ្រង់ជាមួយក្រសែភ្នែកស្អប់ខ្ពើម ទើបជាហេតុដែលទ្រង់ចង់គេចវេស ធ្វើកិច្ចការនានាឱ្យរវល់ដើម្បីបំភ្លេចវា។
"ប៉ុន្តែវាជារាជបញ្ជាណា" អ្នកកំលោះតាមមកពីក្រោយ។ គេដឹងថាអ្នកអង្គម្ចាស់នៀលមានទុក្ខលំបាកអ្វី តែរឿងនោះមិនអាចគេចវេសបានទេ ម្លោះហើយចង់ឬមិនចង់មានតែបង្ខំចិត្តទៅ។
"រាជបញ្ជាៗៗ... តាំងពីយើងដឹងក្ដីមកឮតែពាក្យមួយហ្នឹងរហូត!!"
"អ្នកអង្គម្ចាស់កុំមានបន្ទូលបែបនេះអី បើមានគេឮមិនល្អទេ"
"ហ្ហើយយ" ទ្រង់ដកដង្ហើមធំឈរសំកាំងមួយសន្ទុះស្រាប់តែធំក្លិនកាហ្វេឈ្ងុយឈ្ងប់ ដែលរសាត់មកពីបន្ទប់ក្បែរនេះ។
"នាង?!!" អ្នកអង្គម្ចាស់បន្លឺហៅអែនតូនៀដែលអង្គុយផឹកកាហ្វេអានសៀវភៅប្រលោមលោកតាមទម្លាប់នៅពេលដែលនាងធុញថប់ ជាមួយរឿងផ្សេងៗ។
"ហៅធ្វើស្អី? កំពុងមិនចង់ឃើញមុខឮសម្លេងផង!!" នាងរអ៊ូរទាំតិចៗ ទម្រាំដាច់ចិត្តក្រោកឈរគោរព តបទៅកាន់អ្នកអង្គម្ចាស់។
"ព្រះពរអ្នកអង្គម្ចាស់" កាយតូចឱនលំទោនពីចម្ងាយនៃរានហាល នាងពិតជាធុញយកតែមែនទែន មិនដឹងជាមានការអ្វី បានជាហៅហើយមិនមានបន្ទូលអ្វីបែបនេះ។
"នាងផឹកកាហ្វេមែនទេ!?" នាងរៀងភ្ញាក់បន្តិចតែក៏សម្រួលរឹកពារតបទៅកាន់ទ្រង់វិញ។
"ព្រះពរ ខ្ញុំម្ចាស់យកកាហ្វេមកពីផ្ទះឆុង"
"ទៅឆុងឱ្យយើងមួយកែវ យើងត្រូវការឥឡូវនេះ!!"
"What???" អែនតូនៀផ្អៀងកចងចិញ្ចើម ចង់សើចបន្តិចអីបន្តិច នៅសុខៗក៏មកសួររឿងកាហ្វេរួចឱ្យឆុង ហើយនាងមិចហ្នឹងដឹងថាទ្រង់សោយរសជាតិបែបណា? មើលចុះមានបន្ទូលហើយក៏ចូលទៅក្នុងវិញស្កុយ ហើយអ្នកបម្រើពេញដំណាក់ម្ដេចមិនប្រើ មកប្រើនាងធ្វើស្អី? នាងជាភ្ញៀវណ៎ា!!
"ឆ្កួតមែន" បបូរមាត់ទម្រង់បេះដូងលាបក្រេបពណ៌ក្បឿងបែកទឹកក្រូចតិចៗ បង្ហើបជេរអ្នកអង្គម្ចាស់រង៉ូវៗ។ នាងដើរអូសជើងពាំនាំរាងកាយស្រឡូនស្រឡៅពាក់រ៉ូបផ្កាវាលទ្រូងចងចង្កេះមួយក្ដាប់ ចូលទៅក្នុងបន្ទប់ធ្វើអាហារ ឆុងកាហ្វេយ៉ាងឈ្ងុយឈ្ងប់មួយពែងទាំងខឹងមួម៉ៅ។
"ចង់សោយណាស់មែនទេចាំមើលណា!!!"
ភ្លាមៗនាងស្រាប់តែនឹកឃើញពីគំនិតធ្វើបាបអ្នកអង្គម្ចាស់ មិនបង្អង់យូរស្រីស្រស់កំពូលកំហូចទាញយកកែវស្ករដួស៤ស្លាប់ព្រាបាយដាក់ចូលកូររហូតរលាយអស់។ ចាំមើលណាសោយលើកហ្នឹងប្រាកដជាទ្រង់លែងហ៊ានប្រើនាងទៀតហើយ។
"កាហ្វេនេះផ្អែមដល់ជាតិក្រោយឯណោះ" នាងក្រញែងខ្លួនសើចសឹងរហែកមាត់ សឹមយកដាក់ដាសបំណងឱ្យស្រីបម្រើយកទៅថ្វាយអ្នកអង្គម្ចាស់ តែពួកនាងបដិសេធគ្រប់ៗគ្នា។
នរណាអ្នកធ្វើអ្នកនោះយកទៅ។
តុតុ...
"អ្នកអង្គម្ចាស់ សុំអនុញ្ញាតិ"
ដៃស្រឡូនបើកទ្វារចូលទៅខាងក្នុងឃើញអ្នកអង្គម្ចាស់រូបសង្ហាគង់នៅកៅអីធ្វើការ ដោយមានសាន់ឈរនៅក្បែរនោះដូចគ្នា។ នាងដើរសន្សឹមៗយកកែវកាហ្វេថ្វាយទ្រង់។ ចំហាយនៃក្លិនឈ្ងុយស្ទើរតែធ្វើឲ្យទ្រង់ លាន់មាត់សរសើរបាត់ទៅហើយ តែទ្រាំមិននិយាយ។
"បើអស់ការខ្ញុំម្ចាស់សុំលា"
"ឈប់សិន" នាងដើរចេញបាន៣ជំហានក៏ត្រូវអ្នកអង្គម្ចាស់ឃាត់។ នាងខាំមាត់ឱបដាសជាប់បង្វែររកទ្រង់ប្រឹងញញឹមទាំងក្នាញ់។
"មានអ្វីមែនទេព្រះពរ?"
"មកទីនេះ" នាងសម្លឹងមើលព្រះភក្ត្រទ្រង់ទាំងមុខឆ្ងល់ នៅពេលដែលហៅនាងឱ្យទៅឈរក្បែរ។
"មកឱ្យលឿន" ដោយទ្រង់គំហក ណាមួយនាងក៏មិនចង់បង្កជម្លោះ អែនតូនៀព្រមដើរទៅតាមការកោះហៅ។ នាងឈរក្បែរដៃទ្រង់ទាំងមុខធុញទ្រាន់ មិនដឹងជាពេលណាបានទៅបន្ទប់ ហើយអានសៀវភៅវិញទេ។
អ្នកអង្គម្ចាស់កាន់កែវកាហ្វេស្រង់ក្លិន ទ្រង់ក្រេបបានមួយជិបក៏ដឹងដល់រសជាតិថាវាផ្អែមខ្លាំង ខ្លាំងស្ទើរតែអាចកើតទំនោមផ្អែមបានប្រសិនបើផឹកវាច្រើន។
(ស្រីជើងល្អនេះ!!) ទ្រង់ងើយមុខទៅមើលអែនតូនៀឃើញថានាងធ្វើរឹកពារធម្មតាៗ តែទ្រង់ដឹងច្បាស់ណាស់ថានាងកំពុងលួចត្រេកអរក្នុងចិត្ត។
"ទ្រង់មើលខ្ញុំម្ចាស់ធ្វើអី?"
"ឱនមកជិតយើង យើងនិងប្រាប់នាង!!" ដោយខ្ជិលសូញសាញច្រើនអែនតូនៀឱនត្រចៀកទៅរកទ្រង់ភ្លាមនោះ អ្នកអង្គម្ចាស់ស្រាប់តែសោយកាហ្វេមួយពេញមាត់ ចាប់កញ្ចឹងក.នាងជាប់ផ្អឹបបបូរមាត់ទ្រង់ទៅលើបបូរមាត់ទន់ល្មើយរបស់នាង បញ្ជូនកាហ្វេពាក់កណ្ដាលទៅឱ្យស្រីស្រស់។ ឃើញហើយសាន់រហ័សបែរខ្លួនទៅរកទូរដែលដាក់សៀវភៅពេញនោះ មិនហ៊ានមើលឡើយ។
"ហ្ហឹមម ក្អឹកក" អែនតូនៀបើកភ្នែកធំៗព្យាយាមរើបម្រាស់ទម្លាក់ថាសចុះឮសូរតែប្រាវ ដៃស្រឡូនៗគក់ដើមទ្រូងមាំទាំរបស់ទ្រង់ដឹបៗដើម្បីឱ្យព្រលែងខ្លួន។
"ហ្ហឹកក ខឹខឹ..." នាងឈ្លក់កាហ្វេដែលបានលេបចូល ក្អកឡើងចេញទឹកភ្នែកត្រដររកខ្យល់ក្រោយនៀលព្រមលែងនាងឲ្យមានសេរីភាព ។ មុននេះបើទ្រង់នៅតែបន្តនាងប្រហែលជាដាច់ដង្ហើមមិនខាន។
"ទ្រង់ធ្វើឆ្កួតស្អី?" នាងស្រែកសួរទាំងកំហឹងយកខ្នងដៃជូតបបូរមាត់ខ្លាំងៗ ហាក់ខ្ពើមរហាមជាមួយការថើបមុននេះ។
"ក៏ឱ្យនាងភ្លក្សកាហ្វេជាមួយយើងនោះអី យ៉ាងម៉េចដែរផ្អែមខ្លាំងឬអត់?" ទ្រង់តបហីៗទាញសម្លៀកបំពាក់ឱ្យមានរបៀបវិញយ៉ាងព្រងើយ។
"ឡប់សតិ គួរឱ្យខ្ពើម!!" នាងខឹងឡើងញ័រខ្លួនទទ្រើកស្រែកថាឱ្យទ្រង់ខ្លងៗមិនសំចៃមាត់ទាល់តែសោះ ឯអ្នកអង្គម្ចាស់ក៏មិនបានមាត់ក.អ្វី ទ្រង់ងើបឈរអស់កម្ពស់ឱនមកខ្សឹបដាក់ត្រចៀកនាង ធ្វើឲ្យអែនតូនៀរឹងខ្លួនដូចដុំថ្មមួយរំពេច។
"សតិយើងនៅល្អ តែយើងក៏អាចនិងវង្វេងស្មារតីខ្លាំង ប្រសិនបើបានថើបនាងយូរជាងហ្នឹង"
------------------
To be continued...
Ara
YOU ARE READING
វិវាទបេះដូង
Romansaស្នេហាដែលមានរាងជាចតុកោណកែងបានធ្វើឱ្យពួកគេទាំងបួននាក់ទទួលការឈឺចាប់គ្រប់គ្នា។ នៀល រ៉ាហ្វាដាសៀរ៍ក្រេសហ៍ ស្កាអូឡែត&អែនតូនៀ ចេដិន អាល់បឺត រ៉ាហ្វាដាសៀរ៍ក្រេសហ៍ ស្កាអូឡែតxមេឡូនី គ្រីស្ទីអែនណា BG NOVEL