ភាគទី២:នាងជើងល្អ

17 2 0
                                    

"ចាំមើលចុះថ្ងៃណាមួយយើងនឹងអាចបំបាក់ចង្គូមនាងឱ្យបាន"
"មិនបាច់រង់ចាំទេមកឥឡូវហ្នឹងមក!!"
អែនតូនៀត្បកសម្ដីយ៉ាងព្រហើន រហូតអ្នកអង្គម្ចាស់នៀលយាងទៅបន្ទប់ បើនៅទៀតប្រហែលជាទប់កំហឹងមិនជាប់នោះទេ ណាមួយទ្រង់ក៏ជាមនុស្សឆេវឆាវស្រាប់ ប្រសិនបើនាងជាប្រុសច្បាស់ណាស់ថាទ្រង់នឹងវាយឱ្យដេកនៅហ្នឹងកន្លែងតែម្ដង។
"បានហើយ"
"គួរឱ្យស្អប់!!" អាល់បឺតអូសដៃអែនតូនៀមកអង្គុយនៅសាឡុង ឃើញមុខក្រញូវ ខឹងសម្បាររបស់នាង ទ្រង់ព្យាយាមទប់សំណើចណាស់។
ទ្រង់ដឹងថានាងនិងព្រះអនុជមិនត្រូវគ្នា ប៉ុន្តែមានតែនៀលទេដែលទ្រង់ទុកព្រះទ័យ ថាអាចមើលថែអែនតូនៀបានល្អ។
អ្នកអង្គម្ចាស់នៀល មើលទៅរៀងឈ្លើយ ហើយក៏កោងកាចនិងឆេវឆាវ តែតាមការពិតទ្រង់មានចិត្តល្អគ្រាន់តែមាត់រឹង សម្ដីមិនសូវផ្អែមប៉ុណ្ណឹង។
"ខ្ញុំម្ចាស់ចង់នៅទីនេះ!!" អាល់បឺតទ្រង់ចងចិញ្ចើមបន្តិច នៅសុខៗស្រាប់តែនាងនិយាយបែបហ្នឹង សង្ស័យថាមានអ្វីលាក់កំបាំងពីខាងក្រោយមិនខាន បើអ៊ីចឹងមិនមែននាងចង់មកនៅជាមួយ មនុស្សដែលខ្លួនស្អប់ខ្លាំងបែបនេះឡើយ។
"អ្នកនាងប្រាកដហើយ?! តែនៀលមិនយល់ព្រម ឱ្យអ្នកនាងនៅទេ"
"មិនឱ្យនៅតើយ៉ាងម៉េច? ខ្ញុំម្ចាស់ចង់នៅ ដូច្នេះទ្រង់យាងទៅវិញចុះ!"
ព្រះអើយ... មើលសម្ដីឆ្មើងឆ្មៃរបស់នាង ពិតជាព្រហើនរកអ្នកមកប្រដូចគ្មាន។ តើនាងគិតថាខ្លួនឯងជាអ្នកណា? ម្តេចហ៊ាននិយាយមិនចេះកោតក្រែងចិត្តរាជទាយាទនៃប្រទេសទាំងមូលដូច្នេះ? ឬមួយអាងថាជាមិត្តមកតាំងពីតូចៗ។
"ប៉ុន្តែ---"
"ខ្ញុំម្ចាស់ប្រាកដជាមិនអី ទ្រង់កុំបារម្ភអី" អែនតូនៀរហ័សកាត់បន្ទូលរបស់រាជទាយាទ នាងញញឹមតិចៗចាប់ដៃរបស់ទ្រង់ថ្នមៗដើម្បីកុំឱ្យខ្វល់ខ្វាយពីនាង ព្រោះនាងមិនមែនជានារីទន់ខ្សោយ អាចឱ្យនរណាម្នាក់ ធ្វើបាបបានដោយងាយៗ។
"អ៊ីចឹងក៏បាន" ទម្រាំដាច់ចិត្តសម្រេចព្រះទ័យអាល់បឺតទ្រង់គិតឡើងមួយសន្ទុះ ទតផ្ទៃមុខអែនតូនៀពោរពេញដោយកង្វល់។
"សន្យានិងយើងថាមិនបង្ករឿងជាមួយនៀលតើបានទេ?" ទ្រង់មានបន្ទូលដោយសារដឹងច្បាស់ណាស់ថាអែនតូនៀមានចរិតបែបណា។ ទ្រង់នៅជាមួយនាងតាំងពីក្មេង ស្គាល់នាងច្បាស់ជាងទ្រង់ស្គាល់ពីអត្តចរិតរបស់អ្នកអង្គម្ចាស់នៀលទៅទៀត។
អ្វីក៏ដោយដែលទាក់ទងនិងនាងទ្រងចាំបានទាំងអស់ មិនថានាងចូលចិត្តឬស្អប់អ្វីក៏ទ្រង់ដឹង អាចនិយាយបានថានាងជាមនុស្សសំខាន់សម្រាប់ទ្រង់ ទើបចងចាំគ្រប់យ៉ាងបានដូច្នេះ។
"ព្រះពរ"
"យើងទៅវិញហើយ" អែនតូនៀជូនដំណើរអាល់បឺតរហូតដល់មាត់ទ្វារនៃដំណាក់ ទើបដើរត្រឡប់មកខាងក្នុងវិញ។ នាងសង្កេតមើលសភាពទីនេះ ពុំសូវជាមានការរៀបចំតុបតែងបានល្អ ដូចនៅដំណាក់ផ្សេងៗដែលនាងធ្លាប់ឃើញឡើយ។
ស្រីស្រស់បើកទ្វារចូលទៅផ្ទះបាយ ឃើញថាមានចុងភៅម្នាក់និងស្រីបម្រើ២នាក់ប៉ុណ្ណោះ ដែលនៅក្នុងនោះ កំពុងរៀបចំធ្វើក្រយ៉ាពេលថ្ងៃត្រង់ថ្វាយអ្នកអង្គម្ចាស់។
"អត់ទោសអ្នកនាងជា---" ចុងភៅចំណាស់ស្របាល៥០ឆ្នាំផ្អាកសកម្មភាពដើរមកបម្រុងសួរ តែអែនតូនៀក៏ឆ្លើយកាត់ទាំងមុខស្មើ ឯកែវភ្នែកនៅមិនចេះស្ងៀម សម្លឹងមើលនេះ មើលនោះមិនឈប់។
"អែនតូនៀ"
"អ្នកនាងចូលមកក្នុងនេះធ្វើអ្វី?" អែនតូនៀមិនទាន់ឆ្លើយភ្លាមៗ ពេលនេះនាងកំពុងសម្លឹងទៅកាន់សម្លដែលកំពុងពុះក្នុងឆ្នាំង ភ្លាមនោះគំនិតមួយបានផុសឡើងក្នុងខួរក្បាល ពាំនាំឱ្យស្រីជើងល្អកួចស្នាមញញឹមខិលខូចមកច្បាស់ក្រឡៅ។ នាងសម្រួលឥរិយាបថបន្តិចសឹមនិយាយ÷
"គឺអ្នកអង្គម្ចាស់រកលោកអ៊ំ ពេលនេះទ្រង់នៅបន្ទប់" លោកអ៊ំលូកាសធ្វើមុខងឿងឆ្ងល់ ជ្រឹបកែវភ្នែកសម្លឹងមុខអែនតូនៀដោយការសង្ស័យ តែក៏មិនបានមាត់ក.អ្វីតាមចរិតមនុស្សចាស់។
"ពួកនាងមើលអាហារឱ្យល្អ បន្តិចទៀតយើងមកវិញ" អែនតូនៀញញឹមតិចៗដាក់ តែលោកអ៊ំមិនបានខ្វល់មុខមាំជាប់។ គាត់ប្រាប់ទៅកាន់ស្រីបម្រើទាំងពីរនាក់មុននឹងដោះអៀម ដើរទៅរកអ្នកអង្គម្ចាស់នៀល។
បានឱកាសអែនតូនៀធ្វើជាមកជួយ ក៏ដូចជាសួរនាំស្រីបម្រើ ក្នុងបំណងមិនល្អ មើលតែទឹកមុខក៏ដឹងហើយល្បិចកលសម្បើមណាស់។
"បងស្រី ជាធម្មតាអ្នកអង្គម្ចាស់សោយរសជាតិបែបមិច?"
"រៀងហិលដិតបន្តិច"
"អរររ..." នាងធ្វើជាឆ្លើយបង្អស់សម្លេងវែងអន្លាយ ដៃមិនស្ងៀមរវាមឈោងយកកែវអំបិលចូលក្នុងឆ្នាំងសម្លការី ដែលលើកចេញពីចង្ក្រានមុននេះ។
(ចាំមើលណា ហ៊ឹសៗ) អ្នកនាងជើងល្អសើចកក្អឹក នឹកស្រម៉ៃពេលអ្នកអង្គម្ចាស់សោយការីនេះរួចមិនដឹងជាប្រៃយ៉ាងណាទេ។
ភ្លេចខ្លួនបន្តិចស្នាមញញឹមនាងរលុបបាត់វិញខ្លាចស្រីបម្រើទាំងពីរសង្ស័យ ណាមួយដោយសារខ្លាចអ៊ំលូកាសមកទាន់ រករឿងស្ដីបន្ទោស ទើបប្រញាប់ចាកចេញ ចូលទៅអង្គុយលេងនៅកញ្ចុះក្នុងសួនយ៉ាងរំភើយ។
"ឯណាអ្នកនាងអម្បាញ់មិញទៅណាហើយ?" អែនតូនៀចេញទៅផុតបន្តិច លោកអ៊ំលូកាសត្រឡប់មកវិញទាំងកំហឹង ខឹងចិត្តជាមួយក្មេងដែលបោកបញ្ឆោតខ្លួន លើសពីនេះត្រូវនៀលស្ដីបន្ទោសឱ្យខ្លាំងៗទៀតផង។ គាត់ខឹង ហើយក៏ខឹងខ្លាំងចង់តែចាប់នាងយកមកកាប់ចិញ្ច្រាំធ្វើជាព្រះស្ងោយតើ។
មុននេះនាងចេះតែនិយាយៗឱ្យតែរួចពីមាត់ប៉ុណ្ណោះ គ្មានបំណងចង់ឱ្យគាត់ទៅរកអ្នកអង្គម្ចាស់បែបហ្នឹងទេ តែធ្វើយ៉ាងម៉េចបើអង្ករក្លាយជាបាយហើយ មានតែបណ្ដោយទៅតាមនោះ។
"នាងទៅវិញបាត់ហើយ"
"លើកក្រោយបើឃើញនាង ដេញចេញឱ្យឆ្ងាយពីដំណាក់នេះ តើយល់ទេ?" គាត់ដាក់បញ្ជាទាញអៀមមកពាក់ បន្តធ្វើអាហារមួយមុខទៀតនិងបង្អែមលាងមាត់ក្រោយសោយអាហារ។
ដោយឡែកអ្នកអង្គម្ចាស់នៅក្នុងដំណាក់ធ្វើរាជកិច្ច ទ្រង់ខ្ញាល់រហូតដល់ថ្នាក់គង់នៅមួយកន្លែងមិនសុខ ក្នុងចិត្តគុំទៅលើអែនតូនៀជាខ្លាំង។ វាជាលើកទី២ហើយដែលនាងព្រហើន ហ៊ានធ្វើរឹកពារមិនសមគួរដាក់ទ្រង់បែបនេះ ចំជាគួរឱ្យស្អប់។
"នាងជើងល្អ" ដៃរបស់ទ្រង់កាន់ប៊ិចក្ដាប់ស្ទើរបាក់ជាពីរកំណាត់ នឹកគិតព្រះតំរិះពីនាងពេលណាព្រះទ័យក្រេវក្រោធទ្វេរដង។
ទ្រង់មិនដែលប្រទះ មិនដែលជួបពីមុនមកទេមនុស្សស្រីមានចរិតរឹកពារបែបនេះ នៅមិនគោរពទ្រង់ដែលជាខ្សែរាជវង្សថែមទៀត។ ចំណែកនារីៗផ្សេងឃើញទ្រង់ក៏ឱនលំទោនកាយ គួរឱ្យស្រឡាញ់ជាប់ចិត្ត មានតែអែនតូនៀប៉ុណ្ណោះដែរខុសគេខុសឯងពេញមួយនរគ។
មិនយូរប៉ុន្មានថ្ងៃរសៀលម៉ោង១១ឈានចូលមកដល់ អ្នកអង្គម្ចាស់នៀលក្រោកពីកៅអីពត់ព្រះកាយបន្តិចដើម្បីឱ្យយឺតសរសៃ។ ទ្រង់យាងទៅរានហាលនៃដំណាក់ ដើម្បីស្រូបខ្យល់អាកាសបន្តិច បន្ទាប់ពីអង្គុយជាច្រើនម៉ោងដើម្បីទន្ទិញរាយនាមភ្ញៀវកិត្តិយស ចូលរួមកម្មពិធីរាំរែក ។
កំឡុងពេលឈរយ៉ាងស្ងប់ស្ងាត់ ស្រឡះអារម្មណ៍ ទ្រង់ក្រឡែកទៅឃើញស្រីជើងល្អអែនតូនៀនៅទីនេះនៅឡើយ ធ្វើឱ្យព្រះទ័យទ្រង់ក្រោធភ្លាមៗ។
"ជានាង!!"
មិនបង្អង់យូរអ្នកអង្គម្ចាស់បើកទ្វារចេញពីបន្ទប់ បិទខ្លាំងស្ទើរផ្អើលអស់ដំណាក់ទាំងមូល។ ទ្រង់ចុះពីកាំជណ្ដើរលឿនស្អេក សំដៅចូលទៅក្នុងសួន ជាមួយគោលបំណងដេញអែនតូនៀចេញពីកន្លែងនេះ ទ្រង់មិនចង់ឃើញនាងសូម្បីបន្តិច។
"ណែនាង!!" ស្រីស្រស់ដែលអង្គុយគូសរូបដោយប្រើ Ipad បែរមករកប្រភពសម្លេងទាំងមុខស្មើធម្មតាៗ។ នាងបើកភ្នែកភ្លឹសៗ ញញឹមតិចៗមើលទៅរឹកពារហាក់ខុសកាលពីព្រឹកមិញដាច់។
តើនាងត្រូវវិញ្ញាញចូលសន្ធិតមែនទេ?
"ថ្វាយបង្គំអ្នកអង្គម្ចាស់" នៀលភ្ញាក់ព្រើត ទ្រង់ទតនាងភ្ជាប់ជាមួយព្រះនេត្រពោរពេញដោយមន្ទិល ម្ដេចនៅសុខៗក៏ទន់ភ្លន់អ៊ីចឹង? នាងលេបថ្នាំច្រឡំឬយ៉ាងម៉េចនៀក៎?
"នាងចេញពីដំណាក់យើង ឥឡូវនេះ!! វិនាទីនេះ ជាបន្ទាន់" អែនតូនៀមិនមាត់ នាងងើយមុខស្រទន់ៗ គួរឱ្យអាណិតអាសូរដាក់អ្នកអង្គម្ចាស់។
"ខ្ញុំម្ចាស់មិនទៅណាទាំងអស់"
ត្បិតថានាងតបធម្មតាក៏ពិត តែអ្នកអង្គម្ចាស់ហាក់ស្អប់មិនពេញព្រះទ័យជាខ្លាំង នៅតែមានបន្ទូលដេញនាងចេញដដែល។
"ឆាប់ចេញឥឡូវនេះ យើងមិនអាណិតនាងទេស្រីជើងល្អ"
"ព្រះពរ ខ្ញុំម្ចាស់មានខូចជើងអីឯណា? ទ្រង់មើលមកខ្ញុំម្ចាស់ឃើញពិការភាពមែនទេទើបមានបន្ទូលបែបនេះ!!" សម្ដីផ្ចាញ់ផ្ចាល់អែនតូនៀបានបញ្ចេញមក នាងញញឹមយ៉ាងស្រស់បង្វែរខ្លួនមួយជុំឲ្យអ្នកអង្គម្ចាស់ទតក្នុងបំណងឌឺដងដាក់ទ្រង់។
នាងឌឺបែបទន់ភ្លន់ព្រោះបានសន្យាជាមួយអាល់បឺតហើយថាមិនឡូឡា ឈ្លោះជាមួយអ្នកអង្គម្ចាស់ខ្លាំងៗនោះទេ។
"នាង!!" អែនតូនៀនៅតែបន្តរក្សាស្នាមញញឹម កែវភ្នែកដូចសត្វកំប្រក់បើកភ្លឹសៗមើលទៅកាន់ព្រះនេត្រអ្នកអង្គម្ចាស់ រហូតដល់ទ្រង់ត្រូវងាកព្រះភក្ត្រចេញ មិនចង់មើលមុខរបស់នាងបន្ត។
ទ្រង់គ្មានអារម្មណ៍ញាប់ញ័រឬធ្លាក់ក្នុងអន្លង់ស្នេហ៍អ្វីទាំងអស់ ប៉ុន្តែមកពីស្អប់ទើបមិនចង់បន្តទត។
"ព្រះពរ?!"
"ឆាប់ចេញទៅ!! កុំមកញ៉េរញ៉ៃនៅដំណាក់របស់យើង" ទ្រង់មានបន្ទូលមួយៗសង្កត់ដោយសម្តីធ្ងន់ច្បាស់ៗ តែគិតថាគ្រាន់តែបន្ទូលប៉ុណ្ណឹងអាចធ្វើឱ្យអែនតូនៀខ្លាចហើយចាកចេញមែនទេ? សូមព្រះរាជទានទោសផង នាងមិនទៅណាទាំងអស់។
"អត់... ខ្ញុំម្ចាស់ត្រូវតែនៅទីនេះ"
"មុខក្រាស់!!" ទាល់តំម្រិះមិនដឹងត្រូវមានបន្ទូលបែបណាជាមួយនាងទើបសាកសម អ្នកអង្គម្ចាស់ខាំមាត់ក្នាញ់ជាមួយនាងរហូតធ្លោយពាក្យឥតព្រៀងទុក តែវាក៏ជាការពិតគ្មានខុសអ្វីផង។
មើលទៅនាងចុះធ្វើមុខដូចទន្សាយ បើកភ្នែកមក់ៗបើមាត់ញញឹមមិនព្រលែងឌឺដងដាក់ទ្រង់មិនឈប់មិនឈរ ខំដេញយ៉ាងណាក៏មិនទៅ។
"ព្រះពរ...!! ខ្ញុំម្ចាស់មុខក្រាស់ ថែមទាំងក្រាស់ខ្លាំងទៀតផង!!"
"ហ្ហើយយយ!! យើងធុញហ្នឹងនាងណាស់" ទ្រង់មានបន្ទូលតែប៉ុណ្ណឹងក៏យាងទៅវិញ រីឯអែនតូនៀកាន់តែសប្បាយចិត្តនាងដឹងច្បាស់ណាស់ថាអ្នកអង្គម្ចាស់កំពុងខឹងហើយអៀន មើលតែត្រចៀករបស់ទ្រង់ចុះឡើងក្រហមងាំង ហើយមុននេះទ្រង់មិនហ៊ានមើលភ្នែករបស់នាងចំៗនោះទេ។
"ហ៊ឹសៗ ចាំមើលខ្ញុំធ្វើបាបទ្រង់ឱ្យចាស់ដៃម្ដង!!" អែនតូនៀឱបដៃទាញយកគំនិតកំហូចមកដាក់ក្នុងខ្លួន មិនដឹងយ៉ាងម៉េចមានអារម្មណ៍ថាចង់ញ៉ោះឱ្យអ្នកអង្គម្ចាស់ខ្ញាល់ ពេលឃើញព្រះភក្ត្រទ្រង់ខឹងនាងសប្បាយចិត្តប្លែកៗ តើនាងកើតអ្វីអញ្ចេះ?!!
----------------
To be continued...
Ara

វិវាទបេះដូងWhere stories live. Discover now