ជំពូកទី១៧ : របស់បងម្នាក់គត់

985 125 16
                                    

     ប្រអប់ដៃស្រលនលើកឡើងដើម្បីបាំងកម្ដៅថ្ងៃដែលបានជះចូលមកតាមបង្អួចទាំងលំបាកលំបិន។ ជេគព្យាយាមងើបអង្គុយទាំងសភាពពិបាក។
     “ហេតុអីក៏មកនៅលើគ្រែទៅវិញ” ជេគទម្លាក់ជើងចុះពីគ្រែ គេឈរពត់ខ្លួនចុះឡើងទាំងមានអារម្មណ៍ថាតក់ប្រមល់ខុសប្លែកធម្មតា។
     “គេមិនដាក់ច្រវ៉ាក់ខ្ញុំទៀតទេ?” ជេគញញឹមបន្តិច តែនៅពេលដែលនឹកទៅដល់មុខស៊ុងហ៊ុនក៏ប្រែមកជាសោកសៅវិញ។ អំពើរអាក្រក់ទាំងប៉ុន្មានដែលស៊ុងហ៊ុនបានសាង វារត់មកពេញខួរក្បាលតែម្ដង។
     “តើខ្ញុំអាស្លាប់ដូចជាពពួកមនុស្សទាំងនោះទេ?” ជេគលួចគិតម្នាក់ឯង។ តែក៏ចម្លែកនៅក្នុងចិត្តបន្តិចម្ដេចក៏នៅសុខៗបុរសម្នាក់នេះបែរជាយកគេមកដាក់នៅក្នុងបន្ទប់មានពន្លឺ មានគ្រែគេងត្រឹមត្រូវ ថែមទាំងមិនចងដៃជើងគេទៀតផង កាន់តែគិតកាន់តែមានចម្ងល់ពេញខួរក្បាលតែម្ដងហើយ។
     “ភ្ញាក់ហើយមែនទេ?” ទ្វារត្រូវបានបើក។ កាយមាំក្រាស់ដើរចូលមកដោយនៅក្នុងដៃមានកាន់អាហារសម្រាប់ជេគ។ កាន់តែប្លែកនៅក្នុងចិត្តថែមមួយកម្រិតទៀត! មនុស្សម្នាក់នេះបីដូចជាត្រូវថ្នាំសណ្ដំ ម្ដងឆ្កួតម្ដងជា អារម្មណ៍វិលវល់ដូចជាចរន្ដទឹក។
     “មិនបាច់ខ្លាច បងនោះទេ ធ្វើដូចធម្មតាទៅសម្លាញ់ចិត្ត” ជេគកាន់តែព្រឺសម្បុរឡើងមួយកម្រិតទៀត។ ស៊ុងហ៊ុនម្នាក់នេះកាន់តែចម្លែកទៅៗ រាល់ថ្ងៃឡើងហើយ។
     “ដោះលែងខ្ញុំទៅ”
     “ក្រែងអូននិយាយថាអូនស្រលាញ់បងមិនចឹង?” ជេគលេបទឹកមាត់ចូលក្នុងបំពង់ក។ ថ្ងៃដែលគេនិយាយនោះស៊ុងហ៊ុនគឺជាមនុស្សម្នាក់ដែលមានចរិតលក្ខណៈល្អជាងនេះ តែគេឥឡូវនេះប្រៀបបីដូចជាបីសាចយ៉ាងដូច្នឹង។
     “អូនមិននិយាយបានន័យយ៉ាងដូចម្ដេច?” ឈប់ស្រលាញ់បងហើយមែនទេ?” ឮសម្ដីស៊ុងហ៊ុនបែបនេះជេគចាប់ផ្ដើមរន្ធត់ចិត្ត ឡើងមួយកម្រិតទៀត។ គ្រាន់តែមើលមុខរបស់គេវាភ័យស្ទើរតែចង់ស្លាប់ទៅហើយ ចុះទម្រាំតែឱ្យនិយាយជាមួយគេទៀត?
     “បើមិនចង់ស្លាប់ដូចជាអ្នកដទៃ ត្រូវតែស្ដាប់បង្គាប់បង” មែនមែនជាការប្រាប់ធម្មតានោះទេ តែនេះជាការគម្រាម។ ជេគនេះបានត្រឹមតែងក់ក្បាលតប គេមិនដឹងជាបដិសេធបែបណាជាមួយនឹងបុរសដែលនៅចំពោះមុខគេឡើយ ក្រៅពីយល់ស្របជាមួយគេសិន។
     “ញុំាអាហារហើយក៏ផ្លាស់សម្លៀកបំពាក់ទៅ ថ្ងៃនេះបងជូនអូនទៅលែងលះជាមួយនីគី” គ្រាន់តែឮពាក្យថាលែងលះជេគនេះស្ទើរស្រក់ទឹកភ្នែក គេអាចលែងលះជាមួយនីគីបានយ៉ាងម៉េចទៅបើស៊ុងហ៊ុនអាក្រក់ដាក់គេថ្នាក់នេះនោះ?
     “លែងលះ?”
     “ហេតុអីនិយាយសំឡេងបែបនេះដាក់បង? ក្រែងអូនជាអ្នកធ្លាប់ប្រាប់បងថានឹងលែងលះត្រូវអត់?” មិនមែនថាមិនដឹងនោះទេតែរកពាក្យបដិសេធវិញមិនឃើញច្រើនជាង។
     “ស៊ុងហ៊ុនអូនឈឺ” ជេគចាប់ផ្ដើមស្រែកឡើងដោយភ័យខ្លាចនៅពេលដែលស៊ុងហ៊ុនស្ទុះមកចាប់ទាញដៃគេដោយកម្លាំងមាំខ្លាំង។ ជេគពេបមាត់តែមិនអាចយំ គេដឹងច្បាស់ណាស់ថាស៊ុងហ៊ុននឹងធ្វើបែបណាចំពោះគេបើគេសម្រក់ទឹកភ្នែកចុះមកនោះ។
     “រៀបចំខ្លួនឱ្យស្អាត កន្លះម៉ោងក្រោយត្រូវឱ្យរួចរាល់” ស៊ុងហ៊ុននិយាយតែប៉ុណ្ណេះក៏ទម្លាក់ចានបាយដែលបានយកចូលមកនោះ ដាក់នៅលើតុ រួចហើយក៏ដើរចេញទៅដោយមិនងាកក្រោយសូម្បីតែបន្តិច។
     “អួក!” គ្រាន់តែស៊ុងហ៊ុនចេញទៅមិនបានប៉ុន្មាន ជេគក៏ក្អួតចេញមកដោយកម្រោលហាក់មានអ្វីខុសប្រក្រតីទាំងដែលគេផ្ទាល់មិនទាន់បានបរិភោគអ្វីចូលទៅក្នុងពោះបន្តិចសោះឡើយ។
     “អួក… “ ជេគនៅតែបន្តក្អួតមិនឈប់ ដៃជើងចាប់ផ្ដើមញ័រ គេសម្លឹងទៅកាន់ម្ហូបដែលមាននៅក្នុងចានដោយអារម្មណ៍ធុញថប់។
     “មកពីម្ហូបនេះច្បាស់ណាស់” ជេគងើបដើរសន្សឹមៗ យកអាហារដែលមាននៅក្នុងចានចាក់ចោលគ្មានស្ដាយ។
     “ហេតុអីក៏ឆ្អាបយ៉ាងនេះ?” ជេគញ័រជើងស្ទើរតែដើរលែងរួចទៅហើយ អារម្មណ៍យ៉ាប់ៗទាំងអម្បាលម៉ានក៏គ្រប់ដណ្ដប់ពេញខ្លួនតែម្ដង។
     កន្លះម៉ោងបានកន្លងផុតទៅ ជេគរៀបចំខ្លួនស្អាតបាតរង់ចាំស៊ុងហ៊ុនបើកទ្វារមកឱ្យខ្លួន។ និយាយមិនទាន់ចប់ទ្វារក៏ត្រូវបានបើកឡើង រាងកាយមាំក្រាស់ដើរចូលមកសន្សឹមៗធ្វើឱ្យជេគចាប់ផ្ដើមភ័យម្ដងទៀត គេមិនយល់សោះមួយរយៈនេះឃើញមុខស៊ុងហ៊ុនពេលណាក៏ភ័យដែល ខ្លាចឡើងញ័រខ្លួន។
     “ហេតុអីក៏ខ្លាចបងថ្នាក់នេះ? មានបញ្ហាអ្វីមែនទេ?” ជេគគ្រវីក្បាលញាប់ស្អេក មាត់របស់គេប្រែទៅជាស្លេកៗចម្លែកខុសធម្មតា។ ស៊ុងហ៊ុនសម្លឹងមើលទៅធុងសម្រាមដែលមិនបានបិទគម្របនោះជិតឃើញថា អាហារដែលគេយកមកឱ្យជេគអម្បាញ់មិញជេគមិនបានហូបនោះឡើយ។
     “ប្រញាប់ធ្វើដំណើរទៅពួកយើងគ្មានពេលនោះទេ” ជេគបានត្រឹមតែងើបដើរតាមពីក្រោយដោយអារម្មណ៍ ធីងធោងគេក៏មិនដឹងថាខ្លួនឯងកំពុងតែកើតអ្វីដូចគ្នា។

ទីស្នាក់ការធំ‍
     ជេគអង្គុយទន្ទឹមគ្នាជាមួយស៊ុងហ៊ុនយ៉ាងស្ងប់ស្ងាត់។ ស្ថិតនៅក្នុងបន្ទប់វីអាយភីជាមួយនិងមេធាវីម្នាក់ គ្រប់គ្រាន់ហើយ។
     “ពួកអូនមិនទាន់ចុះអេតាស៊ីវិលនោះទេ ដូច្នេះគ្មានរឿងអីដែលត្រូវការមនុស្សច្រើនមកដឹងឮឡើយ” មិនថាស៊ុងហ៊ុននិយាយអ្វី ជេគបានត្រឹមតែស្ងាត់ ស្ងាត់រហូតដល់គេលក់។
ក្រាក!
     នីគីបើកទ្វារសន្សឹមៗចូលមក។ ភ្នែកទាំងគូរេទៅប៉ះចំជេគគេងលង់លក់យ៉ាងស្កប់ស្កល់នៅលើដៃរបស់ស៊ុងហ៊ុន។ នីគីបានត្រឹមតែញញឹមមិននិយាយស្ដីអ្វីប៉ុណ្ណោះ។ ស៊ុងហ៊ុនសម្លឹងមើលកែវភ្នែកថ្លាៗរបស់នីគីទាំងមានមន្ទិល គេបីដូចជាគ្មានទុក្ខកង្វល់អ្វីបន្តិចសោះឡើយទោះបីជាបានឃើញជេគនៅជាមួយខ្លួនក្នុងសភាពបែបនេះ។
     “ជួយដាស់ភាគីម្ខាងទៀតផងបានទេ? ខ្ញុំគ្មានពេលយូរនោះទេ” នីគីនិយាយដោយសំឡេងថ្នមស្រាលស្របពេលដែលជេគបើកភ្នែកមកល្មម។ គ្រាន់តែបានឃើញវត្តមាននីគីភ្លាមជេគរំភើបណាស់រំភើបស្ទើរតែរកពាក្យអ្វីមកបរិយាយមិនចេញឡើយ តែគួរឱ្យសោកស្ដាយនីគីហាក់មិនខ្វល់ជាមួយជេគឡើយ។
     “ខ្ញុំមិនបានជួលមេធាវីមកទេ ព្រោះគិតថាគ្រាន់តែចុះហត្ថលេខាលែងលះប៉ុណ្ណឹង” នីគីនិយាយហីៗ តែសម្ដីរបស់គេគ្រប់ម៉ាត់ធ្វើឱ្យជេគគាំងស្ញេញតែម្ដង។ នេះមនុស្សដែលស្រលាញ់គេជាទីបំផុតបានបោះបង់គេចោលហើយឬ? អាចទៅរួចបានយ៉ាងម៉េចទៅ?
     “នីគីអូនមិនចង់លែងលះទេ” ស្របពេលដែលនីគីរៀបនឹងលើកប៊ិចស៊ីញ៉េទៅហើយតែសម្រែករបស់ជេគធ្វើឱ្យនីគីនៅស្ងៀម។
     “អូនស្រលាញ់បង” នីគីនៅស្ងៀមដោយរេភ្នែកទៅមើលស៊ុងហ៊ុននៅក្បែរនោះ មើលទៅគេហាក់ដូចជាមិនហាមឃាត់ជេគសោះ ឬក៏នេះជាការសម្ដែងរបស់ជេគ។ នីគីអង្គុយគិតបន្តិច តែចុងក្រោយគេក៏នៅតែស៊ីញ៉េនៅលើឯកសារដដែលដោយគ្មានស្ដាយស្រណោះអ្វីបន្តិចសោះឡើយ។
     “នីគី” ជេគញ័រដៃសស្រាក់មិននឹកស្មានថាគេពិតជាបានចុះហត្ថលេខានៅលើឯកសារលែងលះពិតមែន។
     “បងមិនរំខានជេគទៀតទេ” ស៊ីញ៉េចប់នេះនីគីក៏ដើរចេញទៅ។ ស៊ុងហ៊ុនក៏ងើបឈរឡើងទាំងនឹកស្មានមិនដល់។
     “អូនជារបស់បងហើយ ជារបស់បងតែម្នាក់គត់ជេគ ស៊ឹម”

ប្លែកអត់?

MY BLACK FLAG BOY (18+)Where stories live. Discover now