ហ្វូយីង ខាំមាត់ ខំប្រឹងក្រោកឈរឡើងដោយខ្លួនឯង ទាំងខឹងចិត្ត ឈឺចិត្ត ឈឺចាប់ ឈឺសង្កៀរសព្វសាច់ ដែលត្រូវកម្លាំងដៃគេសង្កត់ច្របាច់ញាំញីខ្លាំងៗ យកខ្នងដៃជូតទឹកភ្នែកចេញពីថ្ពាល់ ដែលវាគិតតែហូរចុះមកមិនឈប់ បើទោះខាំមាត់ប្រឹងទប់ថាមិនយំ មិនចង់យំនៅចំពោះមុខគេ មិនចង់បង្ហូរទឹកភ្នែកឲ្យមនុស្សអាក្រក់ដូចគេឃើញ នាំតែចោទថានាងទាមទារចំណាប់អារម្មណ៍ តែប្រឹងទប់អស់ពីសមត្ថភាពហើយ ទប់ចង់បែកទ្រូងហើយ នៅតែទប់មិនជាប់ យំសស្រាក់ឲ្យគេឃើញយ៉ាងទន់ជ្រាយ ទាំងដែលខំតាំងចិត្តថានឹងរឹងមាំតតាំងជាមួយគេឲ្យដឹងសខ្មៅ តែចុងក្រោយក៏ធ្វើមិនបាន បានតែយំអណ្តឺតអណ្តក អន់ណាស់។
«មួយជីវិតខ្ញុំ មិនដែលជួបមនុស្សអាក្រក់ថោកទាបដូចលោកទេ ទោះខ្ញុំធ្វើអីលោកមិនបាន តែខ្ញុំជឿលើច្បាប់កម្មពៀរមានពិត ទង្វើដែលលោកធ្វើ ទោះគ្មានអ្នកដឹង តែមេឃដីដឹងឮ ទុកឲ្យមេឃដីដាក់ទោសចុះ អ្ហឹកៗ»
«នេះសម័យអីហើយ Hello kitty នាងនៅយកពាក្យបុរាណបែបនេះមកនិយាយជាមួយខ្ញុំទៀត?» មើលរឿងបុរាណហោះហើរច្រើនពេកហើយ កម្មពៀរស្អី? មេឃដីដាក់ទោសស្អី? ស្ដាប់មិនចូលត្រចៀក គេមិនជឿលើរឿងអស់នេះទេ
«កម្មពៀរវាមិនខ្វល់ថាសម័យណាទេ អ្នកណាសាងអីនឹងទទួលបានផលកម្មនោះ អាក្រក់ដូចលោកគេចមិនផុតពីច្បាប់កម្មពៀរទេ»
«លេបថ្នាំ» សូវម៉ីង ធុញនឹងស្ដាប់ពាក្យបុរាណនាងមែនទែនហើយ ទើបប្រឡេះថ្នាំមួយគ្រាប់ហុចឲ្យនាង
«ថ្នាំអី?» ហ្វូយីង ខ្លាចគេឲ្យលេបថ្នាំពុល រំលោភនាងហើយ ចង់បំពុលសម្លាប់បំបិទមាត់ឬអត់?
ព្រោះមុននេះមិនបានឮគេនិយាយទូរស័ព្ទជាមួយមនុស្សជំនិត
«ពន្យារកំណើត កុំគិតចង់ទុកឲ្យមានកូនចាប់ខ្ញុំ»
«មិនបាច់ភ័យ មានក៏មិនទុកឲ្យធ្ងន់ពោះ» ហ្វូយីង កញ្ឆក់យកថ្នាំពីដៃគេ ដាក់ចូលក្នុងមាត់ ថ្នាំតូចប៉ុណ្ណឹងមិនបាច់ផឹកទឹក លេបទឹកមាត់បន្តិចទៅហើយ
«ឲ្យវាដូចមាត់ទៅ» គេសង្រ្គឺតធ្មេញក្រតៗ មួម៉ៅនឹងសម្ដីក្អេងក្អាងនាង កូនគេបើមាន វាធ្ងន់ពោះនាងប៉ុនណា?
«ខ្ញុំសង្ឃឹមថាមួយជីវិតនេះ មិនជួបមនុស្សអាក្រក់ថោកទាបដូចលោកម្ដងទៀតទេ សុំឲ្យលោកស្លាប់ទៅ ចុះនរករាប់រយជាន់ ចាប់ជាតិថ្មីជាសត្វដង្កូវផុសពីលាមកគេជុះចោលតាមផ្លូវ»
«Hello kitty!» សូវម៉ីង ខឹងចង់ដាច់សរសៃឈាមខួរក្បាលស្លាប់ ច្រាល់ឈាមពេញមុខសង្ហា ខាំសង្កៀតធ្មេញស្ទើរបែក ពេលនាងដាក់ទំនាយគេមួយឆ្អែតហើយ ស្ទុះរត់ចេញពីបន្ទប់គេយ៉ាងលឿន ស្អីគេដង្កូវផុសពីអាចម៍?
«មួយជីវិតមិនជួបទៀតអ៊ីចឹងហ្អេស៎? មនុស្សតូចទាបដូចនាងមានសិទ្ធស្អីមិនចង់ជួបខ្ញុំ? ខ្ញុំទេដែលមានសិទ្ធមិនចង់ជួបនាង» សូវម៉ីង តវ៉ាម្នាក់ឯងទាំងមិនសុខចិត្ដ មិនព្រម នាងត្រូវតែចង់ជួបមុខគេ មិនអាចនិយាយថាមិនចង់ជួបទេ ហើយក៏យកទូរស័ព្ទចុចតេរទៅមនុស្សជំនិតទាំងក្ដៅញ័រសាច់
«យកប្រវត្តិរូបបុគ្គលិកចូលថ្មីទាំងអស់មកបន្ទប់ខ្ញុំ» សូវម៉ីង ដាក់ទូរស័ព្ទចុះ ដើរទៅអង្គុយនៅលើសាឡុង រង់ចាំជិត១៥នាទី មនុស្សជំនិតក៏យកប្រវត្តិរូបសង្ខេបបុគ្គលិកចូលថ្មីទាំងអស់ មកដាក់នៅលើតុ ឲ្យគេត្រួតពិនិត្យម្ដងមួយៗ ស្របពេលមនុស្សជំនិតឈរនៅជិតសាឡុង ឱបដៃមកខាងមុខ។
«វ័យ ហ្វូយីង» ទីបំផុតគេរកប្រវត្តិរូបនាងឃើញហើយ ដោយនៅលើប្រវត្តិរូបមានបិទភ្ជាប់ជាមួយរូបថតនាង ទើបមិនពិបាករក អានប្រវត្តិរូបនាងយ៉ាងលម្អិត បច្ចុប្បន្នជួលផ្ទះនៅ?
«ហ៊ិស!» សូវម៉ីង ញោចចុងមាត់ សើចដើម.កចំអក លើកកែវស្រាជិតដៃក្រេបបន្តិច មុននឹងហុចប្រវត្តិរូប វ័យ ហ្វូយីង ទៅឲ្យមនុស្សជំនិត
«ខ្ញុំត្រូវការទិញផ្ទះដែលបុគ្គលិកម្នាក់នេះកំពុងជួលនៅ ទាក់ទងម្ចាស់ផ្ទះឲ្យខ្ញុំ»
____
ផ្គាប់ដួងចិត្ត
ភាគ១៨«បាទ» ចុងតឺ មនុស្សជំនិតងក់ក្បាលទទួលបញ្ជា ស្របពេលលូកដៃទទួលយកប្រវត្តិរូបសង្ខេបបុគ្គលិកដែលចៅហ្វាយហុចឲ្យ មកពិនិត្យមើល មិនសួរនាំដេញដោលរកហេតុផល ហេតុអីទើបចៅហ្វាយចង់ទិញផ្ទះដែលបុគ្គលិកម្នាក់នោះជួល ឆ្ងល់ តែមិនចង់ដឹង ព្រោះមិនមែនការងារគេ ការងារគេគឺធ្វើតាមចៅហ្វាយបញ្ជា គេហ្មត់ចត់ ច្បាស់លាស់ រហ័សរហួន ធ្វើការដែលចៅហ្វាយបញ្ជាបានល្អ មិនពូកែសួរនាំ ឬជជែកឥតប្រយោជន៍ ទើបក្លាយជាដៃស្ដាំជំនិតគេបាន។
«យកចេញទៅ» សូវម៉ីង រុញប្រវត្តិរូបសង្ខេបរបស់បុគ្គលិកចូលថ្មីច្រើនទៀត ឲ្យ ចុងតឺ យកទុកវិញ អ្នកដែលគេចង់រក រកឃើញហើយ គ្មានអីគួរឲ្យចង់មើលទៀតទេ។
ហើយ ចុងតឺ ក៏ឱនប្រមូលប្រវត្តិរូបសង្ខេបបុគ្គលិក កាន់ដើរចេញទៅវិញ។
«វ័យ ហ្វូយីង» សូវម៉ីង ញញឹមចុងមាត់ហៅឈ្មោះនាង ដៃគ្រលែងកែវស្រាតិចៗ អ៊ែនខ្នងផ្អែកនឹងបង្អែកសាឡុង អកស្រាចូលមាត់ទាល់តែអស់ពីកែវ រសជាតិស្រាពិតជាផ្អែម ផ្អែមពេករហូតគេលានចុងអណ្ដាតបន្តិច លិឍបបូរមាត់ខ្លួនឯង ស្របពេលស្រមៃឃើញរូបភាពស្រើបស្រាលដែលទើបកើតឡើងថ្មីៗនៅលើសាឡុង វាធ្វើឲ្យគេខាំមាត់ប្រឹងទប់ភាពស្រេកឃ្លាន ព្រោះការពិតនៅមិនទាន់ឆ្អែត នៅតែដង្ហោយទាមទារ...
ប្រាវ/
គេមួម៉ៅមួយរំពេច កែវកាន់ជាប់ដៃ បោកទៅលើឥដ្ឋបែកខ្ចាយ ស្អប់នាង ខឹងខ្លួនឯងបែរជាមិនអាចឈប់គិតពីនាងបាន មុននឹងក្រោកពីលើសាឡុងដើរចូលបន្ទប់ទឹក។ថ្ងៃថ្មី...
ដល់ថ្ងៃបើកសម្ពោធរីសតនរកនោះហើយ បុគ្គលិកនៅក្នុងរីសតទាំងអស់ប្រហែលកំពុងមមាញឹក តែ ហ្វូយីង នៅដេកឃ្លុំភួយលើគ្រែមិនក្រោក ម៉ោង៩ព្រឹកហើយ ទាល់តែឮសំឡេងចុចកណ្ដឹងទ្វារមុខផ្ទះរោទ៍ឡើង ទើបក្រោកចុះពីលើគ្រែទាំងខ្ជិលច្រអូស បើកទ្វារដើរចេញទៅមើល ទើបឃើញមីងម្ចាស់ផ្ទះឈរនៅមុខផ្ទះ
«ថ្ងៃនេះមិនទៅធ្វើការទេហ្អេស៎?» គាត់ញញឹមញញែមសួរ
«អ្ហ៎ ខ្ញុំសុំច្បាប់កន្លែងការងារ១ថ្ងៃ មិនសូវស្រួលខ្លួន តែក្រែង៥ថ្ងៃទៀត ទើបដល់ថ្ងៃបង់ថ្លៃផ្ទះ?» ហ្វូយីង ស្មានថាគាត់មកទារលុយ
«អ្នកណាថាមីងមកយកលុយថ្លៃផ្ទះ?» គាត់កាន់កាបូបដើរចូលទៅក្នុងផ្ទះ ទើប ហ្វូយីង ទាញទ្វារផ្ទះបិទវិញ ដើរតាមគាត់ទាំងជ្រួញចិញ្ចើមឆ្ងល់
«ចឹងមានបញ្ហាអីហ្អេស៎?»
«មីងយកកិច្ចសន្យាជួលផ្ទះមកឲ្យឯងស៊ីញេ»
«ចាស?» ស្អីទៀតហើយ?
YOU ARE READING
ផ្គាប់ដួងចិត្ត
Romanceមនុស្សចរិតយកមេឃទ្រាប់អង្គុយ ជើងជាន់ផែនដីផ្អៀងដូច អ៊ូ សូវម៉ីង ខំផ្គាប់ដល់ងាប់ ក៏មិនត្រូវចិត្ត នាងធ្វើអីក៏ខុស ធ្វើអីក៏មិនដែលត្រូវចិត្ត កាន់តែផ្គាប់ កាន់តែខុស តែបើមិនផ្គាប់កាន់តែខុសធ្ងន់ នៅស្ងៀមៗក៏ខុស មើលមុខគេក៏ខុស ដកដង្ហើមក៏ខុស មួយជីវិតនាងចាំតែខុស ព្រ...