«គ្មានអារម្មណ៍រំភើបទេ» ហ្វូយីង ស្រែកដាក់ថៅកែទាំងខឹងស្អប់ មុខក្រញូវ ឲ្យនាងធ្វើបុគ្គលិកអនាម័យហើយ នៅអនាម័យក្នុងបេះដូងថៅកែស្អីទៀត គេពេញចិត្ត គេឡើងតំណែង គេខឹង គេទម្លាក់តំណែង ឃ្នើសចិត្តបន្តិចអាងកាត់ប្រាក់ខែ ជីវិតឋានៈការងារនាងតាមតែមាត់គេថា មាត់គេសម្រេច ឬគិតថាក្នុងលោកនេះមានតែរីសតគេមួយទេអាចឲ្យនាងធ្វើការ នាងមិនអាចរកការងារផ្សេងទៀតធ្វើបានទេ ទើបត្រូវទ្រាំនឹងចរិតថៅកែប្រភេទនេះ?
«ខ្ញុំជាថៅកែ នាងគ្មានសិទ្ធស្រែក គ្មានសិទ្ធខឹង គ្មានសិទ្ធងរ គ្មានសិទ្ធធ្វើមុខស្អុយ មុខក្រញូវដាក់ថៅកែ» សូវម៉ីង ស្ដីបន្ទោសដោយទឹកមុខកាច គេទើបមានសិទ្ធធ្វើបែបនេះដាក់នាង នាងគ្មានសិទ្ធធ្វើអ្វីទាំងអស់ ក្រៅពីស្ដាប់តាមបង្គាប់គេតែម្យ៉ាងគត់
«ពួកយើងគ្មានអ្វីពាក់ព័ន្ធគ្នា ចប់ម៉ោងការងារជាអ្នកដទៃ លោកថៅកែធ្វើអីរឿងលោក ខ្ញុំធ្វើអីរឿងខ្ញុំ ខ្ញុំមិនបានខឹងងរង៉ក់នឹងលោកថៅកែ ខ្ញុំចង់មកដេកនៅរោងចៀម មិនរំខានលោកថៅកែទេ លោកថៅកែម៉ោតាមធ្វើស្អី?» ក្រែងចង់ឡើងឋានសួគ៌ ឬចុះនរកជាមួយនាង កាវយ៉ាង នោះ ទើបពីដំបូងមិនឃាត់នាង បណ្ដោយឲ្យនាងមកដេកនៅរោងចៀមម្នាក់ឯង
«អ្នកណាម៉ោតាមនាង ខ្ញុំម៉ោមើល ថាយយិន បាត់យូរមិនឃើញឡើងផ្ទះ ឃ្លានផឹក គ្មានអ្នកផឹកកំដរ នាងចង់ដេកហាលខ្យល់ ហាលសន្សើម ត្រូវមូសខាំ ឬមូសសែងទម្លាក់ភ្នំ ខ្ញុំមិនខ្វល់»
«ពាក់ព័ន្ធអីនឹងយើង?» ថាយយិន លូកមាត់ ឈរស្ងៀមៗ មើលតែចៀមសោះ ទាញឈ្មោះគេចូលដែរ
«ឯងល្មមឡើងផ្ទះហើយ នៅឈរឲ្យលេខាយើងទាក់ដល់ណា?» សូវម៉ីង សម្លក់មិត្ត មិនយល់សាច់ការ ឈរធ្វើឆ្អឹងទទឹងកទៅកើត
«ទាក់ៗ យើងមិនមែនឆ្កែចេះតែឲ្យលេខាឯងទាក់បាន»
«ឯងនៅតែលើភ្នំ តាមល្បិចលេខាយើងមិនទាន់ទេ ទាក់មិនបាន ស្ទូច ស្ទូចមិនបាន បង់ ប្រើគ្រប់វិធីចាប់ឯងឲ្យបាន»
«ខ្ញុំធ្លាប់ចាប់លោកថៅកែដោយវិធីទាំងនេះ?» ហ្វូយីង ហួសចិត្ត ដែលគេអាចនិយាយបែបនេះទៅរួច មើលមកនាងជាស្រីប្រភេទណា នាងធ្លាប់ចាប់ប្រុសណាបានម្ដងទេ មានតែគេហ្នឹងហើយតាមតោងនាងបេះមិនចេញ
«នាងចាប់ខ្ញុំមិនបាន សំណាញ់នាងបង់ខ្ញុំរហែក ខ្ញុំឆ្លាត ត្បុរចេញរួច»
«លោកថៅកែដូចជឿជាក់ពេកហើយ ទោះសំណាញ់ខ្ញុំបង់ជាប់លោក ក៏ចាប់គ្រវាត់ចោលវិញដែរ ប្រៀបដូចត្រីស្អុយយកទៅធ្វើស្អីមិនកើត តែបើសុភាពបុរសដូចលោក ថាយយិន ខ្ញុំអាចចាប់ទុក ព្រោះខ្លាចរបូត តែត្រីស្អុយដូចថៅកែខ្ញុំមិនខ្លាចរបូតទេ» ហ្វូយីង ឌឺដង ថៅកែខឹងច្រាល់ឈាម
«ទីបំផុតព្រមសារភាពហើយចង់ចាប់ ថាយយិន?» សូវម៉ីង សម្លក់នាងចង់ស៊ីសាច់ នាងខឹងទឹកភ្នែកហូរដាបថ្ពាល់
«ក្នុងចិត្តលោកថៅកែគិតបែបនេះហើយ ចាំបាច់ឲ្យខ្ញុំបញ្ជាក់?» នាងមើលគេដោយកែវភ្នែកឈឺចាប់
«ដូច្នេះនាងរៀបគម្រោងទុកមុន ធ្វើជាឈ្លោះជាមួយខ្ញុំ ខឹងខ្ញុំ រត់មកដេកនៅរោងចៀម ស្កាត់ជួប ថាយយិន?» ការពិតគឺបែបនេះ មិនដែលសុខៗនាងស្រាប់តែនឹកឃើញចង់មកដេកនៅរោងចៀម
«ឯងអគតិពេកហើយ យើងឃើញ ហ្វូយីង អង្គុយត្របោមក្បាលជង្គង់យំជិតទ្រុងចៀម អាកាសធាតុត្រជាក់ ហើយមូសច្រើនទៀត ទើបយើងដោះអាវក្រៅពាក់ឲ្យ មិនឃើញ ហ្វូយីង មានឫកពាចង់ទាក់យើងដូចឯងចោទ» ថាយយិន ជួយនិយាយនៅខាង ហ្វូយីង ធ្វើឲ្យ សូវម៉ីង កាន់តែប្រចណ្ឌខឹងក្រោធ
«ផ្ទះមានមិននៅ មកអង្គុយត្របោមក្បាលជង្គង់យំធ្វើកម្សត់ជិតទ្រុងចៀម បើមិនហៅមាយាទាមទារចំណាប់អារម្មណ៍ ឲ្យហៅស្អី?»
«បានហើយលោក ថាយយិន មិនបាច់និយាយអ្វីទៀតទេ អ្នកណាចង់គិតអី គិតទៅ ចង់គិតបែបណាខ្ញុំនៅតែជាខ្ញុំ ខ្ញុំមិនខ្វល់ទេ» នាងមិនខ្វល់មែន គេមិនដែលគិតល្អលើនាងស្រាប់ហើយ
«បើនាងស្អាតស្អំ ចង់ដេកនៅរោងចៀមមែន ដេកទៅ កុំទៅផ្ទះវិញឲ្យសោះ» សូវម៉ីង ចង្អុលមុខនាងគំរាម មុននឹងបែរខ្នងដើរទៅផ្ទះវិញទាំងកំហឹង
«ផ្ទះខ្ញុំទេ ខ្ញុំទើបមានសិទ្ធសម្រេច កុំខ្វល់ ទៅគេងនៅផ្ទះវិញជាមួយខ្ញុំ» ថាយយិន បបួល តែនាងគ្រវីក្បាលបដិសេធ
«ខ្ញុំគេងនៅរោងចៀម» នាងចិត្តខ្លាំងដែរ សុខចិត្តដេកនៅរោងចៀម
«ចឹងដណ្ដប់អាវខ្ញុំទៅ ជួយកាត់បន្ថយភាពរងាបានខ្លះ» ថាយយិន ហុចអាវក្រៅគេឲ្យនាង បណ្ដោយតាមហ្នឹងទៅ មិនសូវខ្វល់ទេ ព្រោះដឹងថាយ៉ាងណា សូវម៉ីង ត្រូវតែត្រលប់មករកនាងវិញ ម៉េចនឹងអាចទ្រាំនៅស្ងៀមឲ្យសំណព្វចិត្តដេកហាលខ្យល់ហាលសន្សើមត្រូវមូសខាំ គ្រាន់តែទម្រាំទម្លាក់ភាពខ្មើតចោលបាន នាងរាងរងទុក្ខប៉ុន្មានម៉ោងសិនហើយ នាងទទួលយកអាវពីគេ ទើបគេដើរទៅផ្ទះ ទាំងញោចចុងមាត់។យប់ជ្រៅ...
ហ្វូយីង អង្គុយត្របោមក្បាលជង្គង់នៅជិតទ្រុងចៀម រងារណ្ដំថ្គាម ព្រោះអាកាសធាតុកាន់តែចុះត្រជាក់ខ្លាំងទៅ ញាក់ញ័រចេញពីក្នុងពោះ រាងកាយញ័រទទ្រើក ប្រឹងទាញអាវ ថាយយិន ឃ្លុំ ទឹកភ្នែកហូរមិនដាច់ ប្រាប់ខ្លួនឯងត្រូវទ្រាំ ទ្រាំឲ្យបាន តែវាពិតជារងាណាស់ រងាពេកហើយ ខ្យល់ចាប់ផ្តើមធ្លាក់ ពពកខ្មៅបាំងបិទដួងខែនិងផ្កាយ ផ្ទៃមេឃប្រែជាងងឹតស្លុប ភ្លឺមួយឆ្វាចៗពីផ្លេកបន្ទោរ មុននឹងមានសំឡេងផ្គរលាន់គ្រហឹមគំរាមដួងចិត្តនាងឲ្យភ័យខ្លាច នាងខ្លាចណាស់ យំអណ្តឺតអណ្តកឱបខ្លួនឯងជាប់ មិនយូរប៉ុន្មានមេឃក៏ធ្លាក់ភ្លៀង ទោះជ្រកក្រោមដំបូលរោងចៀម តែទឹកភ្លៀងនៅតែបាចសាចមកលើនាង ធ្វើឲ្យនាងកាន់តែរងាត្រជាក់ដល់បេះដូង
«រងាណាស់ អ្ហឹកៗ» ភ្លៀងផង ខ្យល់ផង ផ្គរលាន់ ផ្លេកបន្ទោរឆ្វែងឆ្វាត់ពេញមេឃ អង្រួនអារម្មណ៍នាងឲ្យកាន់តែភ័យខ្លាច យំខ្សឹកខ្សួលម្នាក់ឯងយ៉ាងកម្សត់នាកណ្ដាលយប់ស្ងាត់ ស្រាប់តែឮសម្រិបជើងមនុស្សកំពុងរត់មក ទើបងាកមើល ឃើញលោកថៅកែចិត្តឃោរឃៅកាន់ឆត្ររត់មករកនាង ស្មានតែមិនអើពើនឹងនាងទេ នាងអណ្ដឺតអណ្ដកខ្លាំងឡើង ងាកមុខចេញ ធ្វើមិនឃើញ
«រឹង» សូវម៉ីង សង្រ្គឺតធ្មេញ បាំងឆត្រឲ្យនាង សុខចិត្ដអង្គុយហាលខ្យល់ហាលភ្លៀង រងាញ័រញាក់ ក៏មិនព្រមចាញ់គេត្រលប់ទៅផ្ទះវិញ
«លោកថៅកែម៉ោធ្វើស្អី?» ហ្វូយីង សួរដោយសំឡេងញ័រ ព្រោះរងាខ្លាំង តែមិនមើលមុខគេ
«ម៉ោមើលនាងស្លាប់ឬនៅ?»
«បើឃើញថាខ្ញុំមិនទាន់ស្លាប់ហើយ ទៅវិញទៅ»
«មិនបាច់ខំធ្វើខ្លួនគួរឲ្យអាណិត យ៉ាងណា ថាយយិន មិនយកភ្នែកមើលនាងទេ ក្រោកឡើង ទៅផ្ទះវិញ»
«ក្រែងលោកថៅកែចង់ឲ្យខ្ញុំដេកនៅរោងចៀម?»
«នាងចង់ដេកខ្លួនឯង»
«តែលោកហាមមិនឲ្យខ្ញុំទៅផ្ទះ?»
«ពេលនេះទៅបានហើយ ឬចង់នៅហាលភ្លៀងឲ្យរងាស្លាប់តាមចិត្ត»
«ខ្ញុំចង់នៅហាលភ្លៀងឲ្យរងាស្លាប់» នាងបញ្ជោះ គេកាន់តែគ្រឺត
«វ័យ ហ្វូយីង» សូវម៉ីង គំហក ចាប់អូសដៃនាងឡើង នាងប្រឹងរលាស់ដៃមិនទៅ
«កុំមកខ្វល់នឹងខ្ញុំ»
«ទៅផ្ទះ យីងៗ»
«មិនទៅ ខ្ញុំចង់នៅហាលភ្លៀងឲ្យរងាស្លាប់ ឲ្យសមចិត្តលោកថៅកែ អ្ហឹកៗ»
«ថៅកែខុស អូខេទេ?» គេព្យាយាមលួង នៅតែបែបនេះគេដាច់ខ្យល់ងាប់មិនខាន
«អត់ទេ អ្ហឹកៗ»
«ហ៊ាសុំទោស យីងៗ ទៅផ្ទះបានទេ នៅហាលភ្លៀងហ៊ាខ្លាច យីងៗ ឈឺ គ្មានអ្នកធ្វើការឲ្យហ៊ា ខាតបង់ចំណូលរីសត យីងៗ យល់ពីហ៊ាទេ?»
«មិនយល់ អ្ហឹកៗ»
«យីងៗ ជាលេខាដែលហ៊ាមិនអាចខ្វះបាន យីងៗ ឈឺ ហ៊ាឈឺដូចគ្នា»
YOU ARE READING
ផ្គាប់ដួងចិត្ត
Romanceមនុស្សចរិតយកមេឃទ្រាប់អង្គុយ ជើងជាន់ផែនដីផ្អៀងដូច អ៊ូ សូវម៉ីង ខំផ្គាប់ដល់ងាប់ ក៏មិនត្រូវចិត្ត នាងធ្វើអីក៏ខុស ធ្វើអីក៏មិនដែលត្រូវចិត្ត កាន់តែផ្គាប់ កាន់តែខុស តែបើមិនផ្គាប់កាន់តែខុសធ្ងន់ នៅស្ងៀមៗក៏ខុស មើលមុខគេក៏ខុស ដកដង្ហើមក៏ខុស មួយជីវិតនាងចាំតែខុស ព្រ...