សូវម៉ីង ផ្ដួលខ្លួនលើគ្រែ ទាញភួយដណ្ដប់ ដេកបែរខ្នងដាក់នាងដោយឫកពាឆ្មើងឆ្មៃ។
ស្របពេល ហ្វូយីង ស្ដាប់ឮសម្តីគេហើយ ឈរហួសចិត្ត ក៏ឈឺចិត្តខ្លាំងណាស់ដែរ ឆួលចុងច្រមុះ រលីងរលោងទឹកភ្នែក តែប្រឹងព្រិចភ្នែកញាប់ៗ បណ្ដេញទឹកភ្នែកដែលរកកល់ស្រក់ចុះ មានអារម្មណ៍ដូចខ្លួនឯងជាធូលីគ្មានតម្លៃសោះ ញ័រមាត់ ចង់តបតទៅវិញខ្លះ ចង់ប្រាប់ឲ្យមនុស្សឫកស្ដេចដឹង ថាក្នុងចិត្តនាង ខឹងស្អប់គេ ខ្ពើមមិនចង់នៅជិត មិនចង់ឃើញមុខ មិនចង់ជ្រលក់ជាមួយ ខ្លាំងជាងគេស្អប់មិនចង់ឃើញនាងទៅទៀត មានពាក្យច្រើនណាស់ដែលនាងចង់ជេរគេ ចង់ដៀលឲ្យអស់ចិត្តខឹង តែបានត្រឹមលាក់ទុកនៅក្នុងចិត្ត មិនហ៊ានឈ្លោះតតាំង ព្រោះជំពាក់លុយគេ ខ្លាចគេទារទទឹងទិស នាងគ្មានលុយសង គេប្ដឹងប៉ូលិសចាប់ ពេលនេះប៉ានាងឈឺនៅក្នុងមន្ទីរពេទ្យ គ្រួសារទាំងមូលពឹងផ្អែកមកលើនាងតែម្នាក់ នាងជាប់គុកមិនបានទេ ដូច្នេះនាងគ្មានជម្រើសក្រៅពីទ្រាំនឹងពាក្យប្រមាថមើលងាយរបស់ម្ចាស់បំណុលម្នាក់នេះ គ្មានជម្រើសពិតមែន។
ហ្វូយីង ឱបខ្នើយ លូនចូលទៅដេកនៅក្រោមគ្រែ មិនឲ្យគេឃើញមុខ ឈឺចាប់ក្នុងចិត្ត មួយជីវិតមិនធ្លាប់គិតថានឹងត្រូវទទួលរងនូវការប្រមាថមើលងាយដល់ថ្នាក់នេះ ទឹកភ្នែករមៀលចេញតាមកន្ទុយភ្នែក យកដៃខ្ទប់មាត់ប្រឹងទប់សំឡេងខ្សឹកខ្សួលមិនឲ្យរបូត ខ្លាចអ្នកនៅលើគ្រែស្ដាប់ឮ ស្ដីបន្ទោស តែពេលយំខ្លាំងពេក វាធ្វើឲ្យតឹងច្រមុះ ហូរសម្បោរ ដកដង្ហើមមិនចេញ ស្ទះៗទ្រូង ទើបនាងត្រូវញើសសម្បោរចេញ បើនៅទ្រាំមិនញើសចេញទេ ច្បាស់ជាថប់ដង្ហើមស្លាប់ ព្រោះដកដង្ហើមតាមមាត់វាមិនបានគ្រប់គ្រាន់
ឈីត...ៗ
ហ្វូយីង ប្រឹងញើសសម្បោរចេញពីច្រមុះ គិតថាអ្នកនៅលើគ្រែប្រហែលដេកលក់ហើយ តែការពិតនៅទេ សូម្បីតែនាងញើសសម្បោរក៏ត្រូវគេស្ដីឲ្យ
«ស្មោកគ្រោកណាស់ Hello kitty អ្នកណាអនុញ្ញាតឲ្យនាងញើសសម្បោរផ្ដេសផ្ដាស? បើមេរោគក្នុងសម្បោរនាងឆ្លងមកខ្ញុំគិតយ៉ាងម៉េច?»
«ក្នុងព្រៃអាកាសធាតុត្រជាក់ ទើបខ្ញុំផ្ដាសាយ ខ្ញុំតឹងច្រមុះពិបាកដកដង្ហើមណាស់ បើមិនញើសសម្បោរចេញ ខ្ញុំអាចថប់ដង្ហើមស្លាប់»
«ម៉េចមិនចេញទៅញើសនៅខាងក្រៅ?»
«លោកនៅលើគ្រែ ខ្ញុំញើសសម្បោរនៅក្រោមគ្រែ វាមិនឆ្លងទេ កុំឲ្យតែខ្ញុំទៅញើសសម្បោរដាក់មុខលោក ធ្វើមនុស្សកុំចង្អៀតចង្អល់ពេក» តិចបែកទ្រូងស្លាប់ទៅ នាងពិតជាទ្រាំលែងបានហើយ ហួសហេតុពេក សូម្បីតែញើសសម្បោរក៏ត្រូវសុំការអនុញ្ញាតពីគេ? ឬសូម្បីតែផោមក៏ត្រូវប្រាប់ ត្រូវសុំការអនុញ្ញាតផោមដែរ?
«ទៅណា?» សូវម៉ីង ស្ទុះក្រោកអង្គុយ គំហកសួរដោយទឹកមុខកាច ពេលឃើញនាងឱបខ្នើយចេញពីក្រោមគ្រែមកវិញ ហើយចង់ដើរចេញ
«ដេកនៅក្រៅ កុំឲ្យលោក អ៊ូ សូវម៉ីង ដ៏ខ្ពង់ខ្ពស់ ឆ្លងផ្ដាសាយពីខ្ញុំ»
«មិនមែនចង់ចេញទៅទាក់កូនចៅខ្ញុំទេ?»
«ថាម៉េច?»
«វាគ្មានអីឲ្យនាងទាក់ទេ បើចង់បានលុយ អ្នកដែលនាងគួរទាក់គឺខ្ញុំ»
«លោកនិយាយស្អី?» ទាក់ៗមើលតែឆ្កែ
«ឡើងមកលើគ្រែ»
«...?»
«កុំឲ្យនិយាយ២ដង»
«ក្រែងលោកខ្លាចឆ្លងផ្ដាសាយ ហើយថាមិនចេះដេកគ្រែមួយ២នាក់ ធុញថប់មិនចង់ឃើញមុខខ្ញុំ?»
«...» គេសម្លក់នាង ទឹកមុខកាន់តែកាច ដូចចង់ស៊ីសាច់ បើនាងនៅតែរឹងទទឹង គ្មានលទ្ធផលល្អទេ ទើបនាងលេបទឹកមាត់ក្អឹកៗ ដើរចូលទៅជិតគ្រែវិញ
«អឺ មិនអីទេ ខ្ញុំ ខ្ញុំដេកនៅក្រោមគ្រែដូចដើម...អ៊ុប៎?»
YOU ARE READING
ផ្គាប់ដួងចិត្ត
Romanceមនុស្សចរិតយកមេឃទ្រាប់អង្គុយ ជើងជាន់ផែនដីផ្អៀងដូច អ៊ូ សូវម៉ីង ខំផ្គាប់ដល់ងាប់ ក៏មិនត្រូវចិត្ត នាងធ្វើអីក៏ខុស ធ្វើអីក៏មិនដែលត្រូវចិត្ត កាន់តែផ្គាប់ កាន់តែខុស តែបើមិនផ្គាប់កាន់តែខុសធ្ងន់ នៅស្ងៀមៗក៏ខុស មើលមុខគេក៏ខុស ដកដង្ហើមក៏ខុស មួយជីវិតនាងចាំតែខុស ព្រ...