មនុស្សដូច អ៊ូ សូវម៉ីង កុំចង់លេងជាមួយ ចុងបញ្ចប់គ្មានលទ្ធផលល្អទេ បើគេខាំ គឺមិនលែង បើចាប់ ត្រូវតែជាប់ បើគាប កុំសង្ឃឹមអាចរើរួច នាងដើរចូលផ្នូរដោយខ្លួនឯងទេ គ្មានអ្នកណាបង្ខំ ចង់បន្ទោស ត្រូវបន្ទោសចិត្តលោភលន់នាង ចង់បានលុយគេហួសហេតុ គេមិនមែនដូចពួកថៅកែកញ្ចាស់ៗ ក្បាលទំពែក ខួរជ្រូក ល្មោភតណ្ហា ឲ្យស្រីក្មេងបោកយកលុយបានស្រួលៗទេ ចង់បានលុយគេហត់នឿយបន្តិចហើយ ក៏ពិបាកបន្តិចដែរ
«រួចរាល់ហើយ នាងអាចទៅធ្វើការបន្តបាន» សូវម៉ីង ប្រមូលយកឯកសារដែលនាងផ្ដិតមេដៃហើយ ស៊កទុកក្នុងសឺមីគគី កឹបមួយស្អាត ដាក់ចូលទៅក្នុងកេះតុ នាងតាមមើលដោយស្នាមញញឹម
«ប៉ុន្តែខ្ញុំនៅមិនទាន់ដឹងទេ លោកចង់វិនិយោគទៅលើអ្វី? ពន្យល់ខ្ញុំផងបានទេ?»
«ទៅធ្វើការនាងទៅ ចាំខ្ញុំពន្យល់ពេលក្រោយ ហើយរឿងមួយដែលខ្ញុំចង់ឲ្យនាងត្រៀម...» សូវម៉ីង អាក់សម្ដី ញឹមៗសម្លឹងមុខនាង ធ្វើឲ្យនាងអន្ទះសាចង់ដឹងជាខ្លាំង
«លោកចង់ឲ្យខ្ញុំត្រៀមអី?»
«ត្រៀមជោគជ័យ ក្លាយជាអ្នកមាន»
«អឺ ចាស» ហ្វូយីង រំភើបញញឹមបិទមាត់មិនជិត ក្ដីសង្ឃឹមក្លាយជាអ្នកមានឡើង១០០ពេញបឹប ព្រោះធ្វើតាម ដើរតាម ស្ដាប់បង្គាប់ ជឿជាក់លើមនុស្សពូកែ ហើយជោគជ័យដូចគេ នាងប្រាកដជាមិនអាចបរាជ័យទេ ដើរក្នុងហ្វូងខ្លា ម៉េចនឹងអាចកំសាកដូចឆ្កែ នៅជិតខ្លា ទោះមិនដូចខ្លា ក៏អាចត្រាប់តាមខ្លាបានខ្លះដែរ។
ហើយនាងក៏ដើរចេញពីក្នុងបន្ទប់ធ្វើការម្ចាស់រីសត ទៅធ្វើការរបស់នាង ដោយពេញមួយថ្ងៃញញឹមពព្រាយ ព្រោះសប្បាយចិត្ត ធ្វើការលែងដឹងហត់ ស្រមើស្រមៃដល់ពេលជោគជ័យមានគ្រប់យ៉ាង នាងលែងឲ្យប៉ាម៉ាក់ និងប្អូនប្រុសលំបាកទៀតហើយ លែងធ្វើជាបុគ្គលិករីសត ក៏មិនចាំបាច់ធ្វើជាស្រីចិញ្ចឹមគេដែរ មានជំនួញខ្លួនឯង មានលុយ មានឡាន មានផ្ទះ មានកិត្តិយស គេបានផ្ដល់ក្ដីសង្ឃឹមឲ្យនាង ក្ដីសង្ឃឹមដែលមួយជីវិតនាងគិតថាវាមិនអាចទៅរួច តែអនាគតមនុស្សម្នាក់ៗមើលមិនឃើញទេ ក្មេងសុំទានក៏អាចក្លាយជាប្រធានាធិបតីបានដែរ ចុះហេតុអីបុគ្គលិករីសតតូចតាចដូចនាង មិនអាចក្លាយជាម្ចាស់រីសតនាពេលអនាគត?
ធ្វើមនុស្សត្រូវតែមានក្ដីស្រមៃឲ្យធំ មិនអាចរស់ដោយគ្មានក្ដីស្រមៃទេ នាងបិះនឹងបោះបង់ក្ដីស្រមៃខ្លួនឯងចោលហើយ តែគេបានដាស់ក្ដីស្រមៃនាងឲ្យក្រោកឡើងជាថ្មី នាងញញឹម ពេលនេះចិត្តពោរពេញដោយក្ដីសង្ឃឹម ជឿគេអស់ពីពោះ។
«ឯងសប្បាយចិត្តរឿងអី ហ្វូយីង?» ឈិនអ៊ី មិត្តរួមការងារសួរ ព្រោះឃើញ ហ្វូយីង សូម្បីតែឈរជូតសម្អាតតុ ក៏ញញឹមញញែមបិទមាត់មិនជិតដែរ
«ខ្ញុំជិតក្លាយជាអ្នកមានហើយ» ហ្វូយីង ភ្លេចខ្លួនបិះនិយាយការពិតចេញមក
«ហ្អាស៎?»
«អឺ មេការប្រាប់ថាបុគ្គលិករីសត ត្រូវតែរួសរាយ ទន់ភ្លន់ និងញញឹមគ្រប់ពេល ដូច្នេះទើបខ្ញុំញញឹម» ហ្វូយីង រហ័សកែសម្ដីវិញ
«តែឯងមិនចាំបាច់ញញឹមដល់ថ្នាក់នេះពេកក៏បាន ចាំភ្ញៀវចូលមកចាំញញឹម» ញញឹមម្លឹងៗ ស្ងួតជើងធ្មេញងាប់ហើយ
«មិនអីទេ ខ្ញុំចូលចិត្តញញឹមស្រាប់»
«ញញឹមទៀតទៅ ខ្ញុំយកកម្រាលពូកទៅប្ដូរសិន»
«អ្ហឹម» ហ្វូយីង ងក់ក្បាលតិចៗ បន្តធ្វើការដោយស្នាមញញឹម និងល្ងាចជិតដល់ម៉ោងចេញពីធ្វើការ ក៏មានសារមួយផ្ញើចូលមកក្នុងទូរស័ព្ទ
(មករកខ្ញុំនៅកន្លែងចតឡាន ជូនទៅផ្ទះថ្មីទើបនឹងទិញ)
ផ្ទះថ្មីទើបនឹងទិញ?
គេទិញឲ្យមែន?
ហ្វូយីង បើកភ្នែកធំៗ ភ័យអរៗ បេះដូងលោតខុសចង្វាក់ ងាកមើលឆ្វេងមើលស្ដាំ ដូចខ្លាចមានអ្នកឃើញគេផ្ញើសារមកនាង មុននឹងប្រញាប់ប្រញាល់ដើរទៅប្ដូរឯកសណ្ឋានបុគ្គលិករីសតចេញ ហើយទៅរកគេនៅកន្លែងចតឡាន។
ចូលដល់ក្នុងឡាន ក្នុងចិត្តកាន់តែភ័យ មិនហ៊ាននិយាយអី បានត្រឹមងាកមើលមុខគេលេបទឹកមាត់ក្អឹកៗ ស្របពេលគេអង្គុយនៅកន្លែងបញ្ជាចង្កូត នាងចូលមកអង្គុយក្នុងឡានភ្លាម គេបើកចេញទៅភ្លាម ស្ងាត់មាត់មួយសន្ទុះ ទើបគេសួរ
«ឃ្លានទេ?»
«ឃ្លាន»
«ញ៊ាំអីឆ្អែតសិនចាំទៅផ្ទះ»
«មិនអីទេ កុំឲ្យយូរ ទៅមើលផ្ទះតែម្ដងទៅ» នាងពិតជាអន្ទះសាចង់ឃើញផ្ទះគេទិញឲ្យណាស់
«មិនញ៊ាំពេលនេះ ទៅដល់ផ្ទះ គ្មានពេលញ៊ាំទេ»
«ហេតុអី?»
«ផ្ទះថ្មី បន្ទប់ថ្មី គ្រែថ្មី រៀបចំស្អាតហើយ ច្បាស់ជាត្រូវបើកសម្ពោធពេញមួយយប់»
«បើកសម្ពោធលោកហៅអ្នកណាទៅខ្លះ?»
«សម្ពោធ២នាក់ស្រីចិញ្ចឹមបានហើយ»
YOU ARE READING
ផ្គាប់ដួងចិត្ត
Roman d'amourមនុស្សចរិតយកមេឃទ្រាប់អង្គុយ ជើងជាន់ផែនដីផ្អៀងដូច អ៊ូ សូវម៉ីង ខំផ្គាប់ដល់ងាប់ ក៏មិនត្រូវចិត្ត នាងធ្វើអីក៏ខុស ធ្វើអីក៏មិនដែលត្រូវចិត្ត កាន់តែផ្គាប់ កាន់តែខុស តែបើមិនផ្គាប់កាន់តែខុសធ្ងន់ នៅស្ងៀមៗក៏ខុស មើលមុខគេក៏ខុស ដកដង្ហើមក៏ខុស មួយជីវិតនាងចាំតែខុស ព្រ...