«អ្នកណា?» ថាយយិន ញឹមៗចុងមាត់ ងាកសម្លឹងមុខ ហ្វូយីង ចាប់អារម្មណ៍មុនគេអាវគ្រ័រហ្សេនៅលើខ្លួននាង គ្រលៀសភ្នែកមួយដង្ហើមក៏ដឹង ស្រីស្អាតមុខស្រទន់ កែវភ្នែកស្មោះត្រង់មិនដឹងខ្យល់អី ឫកពាស្លូតបូត គ្មានលាក់បង្កប់ល្បិច ម្នាក់នេះ ជាសំណព្វបេះដូងមិត្តរបស់គេច្បាស់ណាស់
«បុគ្គលិកនៅរីសត» សូវម៉ីង តបទាំងធ្វើមុខមាំ កែវភ្នែកសម្លក់មុខ ហ្វូយីង ដូចចង់ស៊ីសាច់ នាងខ្លាចទឹកមុខគេណាស់ អាក្រក់មើលពេក ដូចបិសាច ទើបឈ្ងោកមុខចុះ នាងសរសើរ ថាយយិន សង្ហា មកពីឃើញសង្ហាមែន តែមិនបានគិតអី ឬមានអារម្មណ៍ធ្លាក់អន្លង់ស្នេហ៍ ថាយយិន មិត្តរបស់គេទេ គេសម្លក់សម្លឹងនាង ដូចនាងចង់ទាក់មិត្តគេ
«ពិតមែន?» ថាយយិន លើកចិញ្ចើមម្ខាងឡើង ធ្វើជាសួរ សូវម៉ីង បញ្ជាក់ តែទឹកមុខបង្ហាញឲ្យឃើញពីការញ៉ោះ ធ្វើឲ្យ សូវម៉ីង មួម៉ៅចង់ដុតរោងចៀមចោល
«ធុញ» គេមិនចូលចិត្តឆ្លើយសំណួរ ជាពិសេសសំណួរដែលទាក់ទងនឹង វ័យ ហ្វូយីង ព្រោះវាឥតប្រយោជន៍ ចាំបាច់អីត្រូវឆ្លើយ?
«បុគ្គលិករីសតឯងស្អាតណាស់ ឃើញហើយទាក់ភ្នែក ពូកែរើសមែន» ថាយយិន ដឹងមិត្តប្រចណ្ឌ ទើបមើលទៅ ហ្វូយីង និយាយសរសើរ សើចញឹមៗ ធ្វើឲ្យអ្នកខ្លះកាន់តែឆេះឆួលនៅមិនសុខ
«ស្អាតចាញ់ចៀមឯងទេ ទើបសំងំនៅជាមួយរាប់ឆ្នាំនេះ?» សូវម៉ីង ឌឺដងវិញ ស្របពេល ហ្វូយីង ក្ដាប់មាត់ លួចដៀងភ្នែកសម្លក់ ខឹងចិត្តគេថាចៀមស្អាតជាងនាង
«ប្រៀបជាមួយបុគ្គលិកឯងម៉េចនឹងបាន មានអីពិសេសទើបយកតាមស្អិត?»
«ឃ្លានហើយ មានស្អីស៊ីខ្លះ?» សូវម៉ីង បន្លប់ប្ដូររឿងនិយាយ លូកដៃទាំងសងខាងជ្រែងហោប៉ៅខោ ដើរនាំមុខម្ចាស់កសិដ្ឋាន ព្រោះស្គាល់ទីនេះច្បាស់ គ្រប់កន្លុកកន្លៀតកៀនកោះទាំងអស់ ស្របពេល៣នាក់ទៀត ដើរតាមគេទៅផ្ទះនៅក្រោយកសិដ្ឋាន
«ទើបក្រោកពីនរក ទើបស្រេកឃ្លានណាស់?»
«ស៉ិន ថាយយិន ការអត់ធ្មត់យើងមានដែនកំណត់»
«ចុះពេលណាវាផុតកំណត់?»
«បើវាផុត រោងចៀមឯងនឹងក្លាយជាផេះ»
«អ្ហ៎ ខ្លាចណាស់»
ហ្វូយីង លួចសើច អស់សំណើច ពេលឮគេនិងមិត្តឌឺដងគ្នាទៅមកគ្មានអ្នកព្រមចាញ់ រហូតដើរមកដល់ផ្ទះ ថាយយិន ឈើ២ជាន់ ឡោមព័ទ្ធដោយព្រៃ មានទឹកមួយថ្លុកថ្លាឆ្វង់នៅមុខផ្ទះ
«ផ្ទះស្អាត ទេសភាពស្អាត ស្ងប់ស្ងាត់ គួរឲ្យចង់រស់នៅណាស់» ហ្វូយីង សម្លឹងមើលផ្ទះឈើ២ជាន់បណ្ដើរ ញញឹមសរសើរបណ្ដើរ ភ្លេចខ្លួននិយាយការពិតទៀតហើយ ទើបងាកឃើញ សូវម៉ីង កំពុងសម្លក់នាងថ្មែ នាងរហ័សយកដៃខ្ទប់មាត់ខ្លួនឯងភ្លាម គេដកដង្ហើមវែងៗ ព្យាយាមរម្ងាប់កំហឹង តែពិតជាខឹងណាស់ ក្ដៅក្រហល់ក្រហាយដូចមានដុំភ្លើងនៅក្នុងទ្រូង អស់ពីសរសើរមិត្តគេសង្ហា សរសើរផ្ទះមិត្តគេស្អាតគួរឲ្យចង់រស់នៅទៀត នាងគិតអី?
គេច្រណែនស្ទើរស្ទះឈាមហើយ នាងមិនដែលសរសើរគេសង្ហា មិនដែលសរសើររីសតគេស្អាត ផ្ទះដែលគេទិញឲ្យក៏មិនដែលឮនាងប្រាប់គួរឲ្យចង់រស់នៅ អ្វីទាំងអស់ជារបស់គេនាងមិនដែលពេញចិត្ត គេអន់ជាង ស៉ិន ថាយយិន ត្រង់ណា?
«ខ្ញុំរស់នៅម្នាក់ឯងក៏អផ្សុក ប្ដូរពីបុគ្គលិករីសត មកធ្វើជាបុគ្គលិកនៅផ្ទះខ្ញុំល្អទេ?» ថាយយិន ឮ ហ្វូយីង សរសើរផ្ទះស្អាតគួរឲ្យចង់នៅ ទើបងាកសួរនាង តែអាសម្លាញ់ចេញកាងភ្លាម ទាញនាងឲ្យឈរក្រោយខ្នង
«វ័យ ហ្វូយីង ជាបុគ្គលិករីសតយើង ឯងមិនអាចដណ្ដើម»
«កំណាញ់ម្ល៉េះ បុគ្គលិកម្នាក់សោះឲ្យមិត្តមិនបាន?»
«បុគ្គលិកម្នាក់នេះជំពាក់បំណុលយើងច្រើន»
«ប៉ុន្មាន?»
«ជាង៩លាន»
«កាកលុយប៉ុណ្ណឹង យើងសងជំនួស»
«កុំឈឺឆ្អាល»
«យើងចង់បានបុគ្គលិកម្នាក់នេះមកនៅជាមួយ»
«ស៉ិន ថាយយិន»
«៩លានសោះ លក់ឲ្យមិត្តម៉ោ»
«៩០លាន ទាំងការ»
«លោក អ៊ូ?» ឮ៩០លាន ហ្វូយីង បើកភ្នែកធំៗ
«នាងបិទមាត់» សូវម៉ីង គំហក ថាយយិន ញោចចុងមាត់
«យើងឲ្យ១០០លាន»
«លែងលក់ហើយ»
«ហេតុអី?»
«យើងស្ដាយលុយជួសឯង មិនចង់ស៊ីញើសឈាមមិត្ត»
YOU ARE READING
ផ្គាប់ដួងចិត្ត
Romanceមនុស្សចរិតយកមេឃទ្រាប់អង្គុយ ជើងជាន់ផែនដីផ្អៀងដូច អ៊ូ សូវម៉ីង ខំផ្គាប់ដល់ងាប់ ក៏មិនត្រូវចិត្ត នាងធ្វើអីក៏ខុស ធ្វើអីក៏មិនដែលត្រូវចិត្ត កាន់តែផ្គាប់ កាន់តែខុស តែបើមិនផ្គាប់កាន់តែខុសធ្ងន់ នៅស្ងៀមៗក៏ខុស មើលមុខគេក៏ខុស ដកដង្ហើមក៏ខុស មួយជីវិតនាងចាំតែខុស ព្រ...