ភាគ ៥

4 0 0
                                    

ថ្ងៃបន្ទាប់ ខ្ញុំ និងក្រុមគ្រួសារបស់ឆវី បានធ្វើដំណើរមកកាន់វត្តចំណាស់ មួយ ដែលល្បីលោកចៅអធិការវត្តមានបរមីស័ក្តិសិទ្ធ ពិសេសពិធីរំដោះគ្រោះលើករាសី។ ដោយសារមួយរយៈមុនខ្ញុំបានពិភាក្សារឿងប្លែកដែលខ្ញុំចួបប្រាប់ដល់ឆវី ទើបនាងបបួលខ្ញុំមកជាមួយ។ ពួកយើងក្រាបថ្វាយបង្គំលោកគ្រូចៅអធិការវត្ត ចំនួនបីដង មុនពេលរាយរ៉ាប់ពីគោលបំណងនៃការមកដល់ក្នុងថ្ងៃនេះ។ ម៉ាក់របស់ឆវី រៀបចំរណ្ដាប់ដាក់លើជើងពាន ប្រគេននិមន្តលោក ដើម្បីទស្សន៍ទាយ មើលជោគជតារាសី ​និងធ្វើការស្រោចទឹករំដោះគ្រោះចង្រៃផងដែរ។ ខ្ញុំអង្គុយស្ងៀមចាំស្ដាប់សង្ឃដីការបស់លោកតានិយាយមកកាន់ប៉ាម៉ាក់របស់ឆវី ។ ពេលប៉ាម៉ាក់របស់ឆវី ទស្សន៍ទាយចប់ ខ្ញុំក៏ចូលខ្លួនដើម្បីឱ្យលោកតាគុណគូមើលជោគជតាខ្លួនឯងដែរ។ លោកតាបានមានសង្ឍដីកាមកកាន់ខ្ញុំ៖
«ចៅស្រីខាងណេះ....អាចហ្នឹងជួបគ្រោះ និងមានរឿងប្លែកៗ ព្រោះមានវិញ្ញាណអនាថាកំពុងតាមចៅស្រី » ខ្ញុំចាប់ផ្ដើមតក់ស្លុត រាងកាយចាប់ផ្ដើមព្រឺ សង្ឃដីការបស់លោកតាធ្វើឱ្យខ្ញុំរំលឹកទៅរឿងដែលបានយល់សប្តិ និងហេតុការចម្លែកកន្លងមក។ លោកតាក៏បន្ត៖

«តែមិនថ្វីទេ វិញ្ញាណនោះមិនធ្វើបាបចៅស្រីឡើយ គេមកនេះគ្រាន់តែពឹងឱ្យចៅជួយគេប៉ុណ្ណោះ ហើយគ្រោះកាចដែលចៅស្រីចួប ក៏នឹងមានមនុស្សដែលមាននិស្ស័យមកជួយសង្គ្រោះ តែចៅត្រូវធ្វើបុណ្យកុសលនឹងរលឹមដល់វិញ្ញាណតែលតោលនោះផង គេអាចជាមនុស្សដែលធ្លាប់ស្គាល់គ្នាជាមួយចៅពីមុនក៏ថាបាន! » ខ្ញុំចង់ចាំគ្រប់ពាក្យរបស់លោកតាទុកក្នុងចិត្ត។ រឿងដែលខ្ញុំបានជួបនៅផ្ទះរបស់ម៉ី វាធ្វើអោយខ្ញុំចាប់ផ្តើមសង្ស័យពីសកម្មភាពប្លែករបស់ម៉ី។ ហេតុអ្វីគេផ្លាស់ប្ដូរចម្លែកៗបែបនេះ។ ឬគេមិនមែនម៉ីពិតប្រាកដ ចុះបើអញ្ចឹងមែន តើគេជាអ្នកណា?

***********

ខ្ញុំមកលេងផ្ទះនៅស្រុកម្ដងទៀតហើយ ព្រោះតែមួយរយៈនេះមានរឿងចម្លែកៗកើតឡើងមកលើខ្ញុំច្រើនពេក។ ខ្ញុំចង់មកផ្ទះក្រែងមានម៉ែ មានប្អូន ខ្ញុំអាចមានអារម្មណ៍កក់ក្ដៅច្រើនជាងមុន។
ដោយសារក្នុងផ្ទះអផ្សុកពេក ខ្ញុំក៏បានចេញមកដើរលេង ស្រូបខ្យល់អាកាសនៅខាងក្រៅ។ កំពុងដើរម្នាក់ឯងសុខៗក៏ប្រទះនឹងគ្នីគ្នារបស់់នាយប៉ុយ នាយចយដើរមកពីណាក៏មិនដឹងមកនៅពីក្រោយខ្នងខ្ញុំ។ នាយប៉ុយនៅតែរលៀម ក្រសែភ្នែកមើលមកខ្ញុំ ឃើញហើយគួរអោយស្អប់។
«យ៉ា! អូនណារីដូចមកលេងស្រុកញឹកញាប់ដល់ហើយ...ប្រហែលនឹកបងប៉ុយទេដឹង...» វាទាំងពីរនាំគ្នាសើចលាន់ឡើង ដោយមិនក្រែងចិត្តខ្ញុំសូម្បីបន្តិច។ «ខ្ញុំគ្មានពេលមកគិតនឹកដល់ពួកឯងនោះទេ!...សួរថាបើគិតហើយបានប្រយោជន៍ទេ? យល់ល្អកុំមករញ៉េរញ៉ៃហ្នឹងខ្ញុំអី...ចៀសចេញពីផ្លូវខ្ញុំទៅ...» នាយប៉ុយប្រែទឹកមុខ ប្រហែលខឹងនឹងសម្ដីរបស់ខ្ញុំដែលស្ដីឱ្យមុននេះ។
«អូនណារី...តើពេលណាឈប់កាចដាក់បង?...អូនដឹងទេ? ថាបងឈឺចាប់ណាស់ពេលអូននិយាយតោះតើយដាក់បងបែបនេះ...អូនក៏ដឹងបងប៉ុយមានអារម្មណ៍បែបណាមកលើណារី ល្មមណារីយល់ពីបងខ្លះផង!»
«មែនហើយណារី...បងប៉ុយពិតជាស្រឡាញ់ណារីខ្លាំងណាស់...អាណិតគាត់ផង រាល់ថ្ងៃបាយមិនបានទេ បានតែទឹក» នាយប៉ុយសម្លក់នាយចយ ព្រោះវាចូលតួជ្រុលពេក។
«ចា៎...អរគុណចំពោះការស្រឡាញ់ តែខ្ញុំមិនអាចផ្ដល់ក្ដីស្រឡាញ់ឱ្យទៅកាន់នាយបានទេ...នាយល្មមបញ្ឈប់អារម្មណ៍របស់ខ្លួនឯងទៅ! »
នាយប៉ុយញញឹមពេបមាត់ មិនពេញចិត្តនឹងពាក្យសម្ដីរបស់ខ្ញុំម្ដងទៀត។ ខ្ញុំមិនខ្វល់ទេ ខ្ញុំក៏មិនចូលចិត្តនាយស្អីគេនេះដែរ។ ខ្ញុំក៏សម្រេចចិត្តដើរចេញ តែក៏ត្រូវនាយប៉ុយនិយាយបង្អាក់ឱ្យខ្ញុំនៅស្ងៀមមួយកន្លែង៖
«បងមិនល្អជាងអាម៉ីត្រង់ណា? បានជាណារីមិនចាប់អារម្មណ៍មកលើបងសោះអញ្ចឹង? អាម៉ីក៏ជាអ្នកលេង ជាក្មេងជក់ថ្នាំដែរ? ម៉េចណារីធ្វើល្អជាមួយវាបាន?» នាយប៉ុយសម្លក់មុខខ្ញុំថ្មែ។
«ល្មមបានហើយ ហេតុអីចូលចិត្តយករឿងរបស់ម៉ីមកឡូកលំជាមួយ? ខ្ញុំចូលចិត្តអ្នកណា ស្រឡាញ់អ្នកណាត្រូវសុំការអនុញ្ញាតពីនាយឯងដែរមែន?» ខ្ញុំខឹងណាស់ សឹងតែទះនាយប៉ុយស្អីហ្នឹងមួយដៃទេ។ តែខ្ញុំខំប្រឹងទប់អារម្មណ៍ ព្រោះមិនចង់មានបញ្ហា ណាមួយនៅម្ដុំនេះគ្មានមនុស្សនោះទេ វីវរត្រូវពួកវាធ្វើបាប​ខ្ញុំចប់មុនសាច់រឿងមិនខាន។
"ណារី...ឈប់សិនក្មួយ..." សម្លេងមីងសំអាងហៅខ្ញុំពីជ្រុងម្ខាងផ្លូវ។ ខ្ញុំក្រលេកមកប្រភពសម្លេង ហើយក៏មានអារម្មណ៍ត្រេកអរជាខ្លាំង។ ពេលនេះខ្ញុំមានមីងសំអាង យ៉ាងណាពួកនេះវាមិនហ៊ានធ្វើស្អីខ្ញុំនោះទេ។ ខ្ញុំរត់មករកមីង មើលទៅគាត់ដូចសប្បាយចិត្តណាស់។
«ចាសមីង មានការអ្វីមីង?»
«មីងមានដំណឹងមកប្រាប់...មីងទាក់ទងម៉ីបានហើយ...» ខ្ញុំបើកភ្នែកធំៗ ស្ទើមិនជឿត្រចៀកខ្លួនឯងនូវអ្វីដែលបានលឺ។
«អ្ហា...!!! អាម៉ី?» នាយប៉ុយធ្វើដូចភ្ងាក់ផ្អើលណាស់ពេលលឺដំណឹងរបស់ម៉ី ខ្ញុំមិនខ្វល់ហ្នឹងពួកវា ហើយស្ដាប់មីងសំអាងរៀបរាប់បន្ត។
«ម៉ី គេតេមកមីង...គេថាស្អែកព្រឹកគេមកផ្ទះវិញហើយ...មីងសប្បាយចិត្តណាស់ ពេលដឹងថាគេមិនអី មីងឈប់ដេកគិតបារម្ភពីគេទៀតហើយ...»
«ខ្ញុំរំភើបណាស់ ស្អែកនេះខ្ញុំហ្នឹងទៅរកគេ»
ខ្ញុំញញឹមដាក់មីងសំអាង ហើយក៏សង្កេតឃើញអាពីរនាក់នោះមាន អាកប្បកិរិយាប្លែកៗ ពិសេសនាយចយវាញ័រដៃជើងអ្វីម្ល៉េះ ជួបខ្មោចទេដឹង? នាយប៉ុយក៏លូកមាត់និយាយ៖
«មីង...ពិតជាអាម៉ីមែនហ្អ៎? មីងមានស្ដាប់ច្រលំទេ?...»
«ច្រលំស្អី ម៉ីជាកូនប្រុសរបស់អញ ទៅបាត់វាយូរក៏អញនៅចាំវាដែរ ម៉្យាងវាជាអ្នកតេមកអញមុន! តែណាស់តែពួកឯងដើរជាមួយវាយូរ មិនដឹងវាទៅណា បើមិនជឿអាឯងចាំមកមើលមក តើម៉ីមែនឬអត់? យីអានេះ...!!! នែ តែកូនអញមកវិញឈប់អោយដើរជាមួយពួកអាបំបង់បាយដូចពួកឯងហើយ...គ្មានបានប្រយោជន៍ស្អីទេ»
«អេហេ!!...មីងធ្វើបាបពួកខ្ញុំម្ល៉េះ អាម៉ីនឹងខ្ញុំយើងជាមិត្តភក្តិ! ដាច់គ្នាម៉េចបាន...ចាំមើលស្អែកខ្ញុំនឹងមកមើលវា...ចឹងខ្ញុំលាហើយមីង ណារី! បងទៅវិញហើយ» ខ្ញុំមិនខ្ចីមើលមុខពួកវា អាពីនាក់នោះក៏ដើរទៅបាត់។ ក្នុងចិត្តរបស់ខ្ញុំស្រាប់ចាប់អារម្មណ៍ហ្នឹងអាកប្បកិរិយាមានភិរុទ្ធរបស់អ្នកទាំងពីរ ពីសេសនាយចយ។ វាធ្វើដូចបានចួបរឿងចម្លែក។ មីងអាងមកប្រាប់ខ្ញុំពីដំណឹងនេះបន្តិច គាត់ក៏ត្រឡប់ទៅវិញ។ ហើយខ្ញុំក៏ត្រឡប់មកផ្ទះវិញជាមួយគាត់ដែរ។ ខ្ញុំពិតជាចង់ដឹងណាស់ ថាម្នាក់ដែលមីងអាងនិយាយពិតជាម៉ីមែនឬមិនមែន ខ្ញុំត្រូវទ្រាំរងចាំរហូតព្រឹកស្អែកទើបអាចដឹងការពិតបាន។

ឃាតកម្មផ្ដើមស្នេហ៍ (Completed)Where stories live. Discover now