រថយន្ដប្រចាំគ្រួសាររីនបើកចាកចេញពីភូមិគ្រឹះទៅនាំយកកាយតូចម៉ូលីយ៉ាចេញផុតពីបរិវេណភូមិគ្រឹះមកមិនឆ្ងាយប៉ុន្មាននាងតូចក៏ក្រលែកភ្នែកមើលតាមកញ្ចក់បង្អួចឡានឃើញរថយន្តចម្លែកបួនប្រាំគ្រឿងបើកក្នុងល្បឿនលឿនស្លេវកាច់ចង្កូតចូលក្នុងវិមានគ្រួសារនាង។"ពួកគេជាអ្នកណា?ហើយពួកគេទៅផ្ទះខ្ញុំធ្វើអីអ៊ំ?"ក្រមុំតូចក្នុងឡានធ្វើភ្នែកស្លេស្លើចង្អុលទៅឡានដែលបើកទៅផុតមុននឹងបែមកសួរអ៊ំប្រុសតៃកុងឡានប្រចាំគ្រួសារឱ្យគាត់គាំងខ្លួននឹកគិតមិនឃើញថានឹងគួរឆ្លើយប្រាប់នាងដោយរបៀបណា។
"គឺ...គឺ"
"ជាភ្ញៀវរបស់ប៉ាម៉ាក់មែនទេ?"
"គឺ...គឺនឹងហើយភ្ញៀវរបស់លោកម្ចាស់"ដោយសំណួរមុននេះគាត់ឆ្លើយមិនចេញទើបចាក់បណ្តោយទៅតាមម៉ូលីយ៉ាតែម្តងទៅដើម្បីកុំឱ្យអ្នកនាងតូចម្នាក់នេះនៅសួរនាំជីកឫសជីកគល់អីច្រើន។
"អ៊ំកុហក!"គ្រាន់តែចម្លើយចេញមកភ្លាមនាងក្រមុំក៏ចាប់បានស្រេចថាគាត់កំពុងតែកុហក ទាំងទឹកមុខនិងកាយវិការអ៊ំបើកឡានម្នាក់នេះប្លែកៗនាងមិនមែនក្មេងដែលមើលមិនដឹងទេច្បាស់ណាស់ថាមានរឿងអ្វីលាក់បាំងនាងមិនខាន។
ឯអ៊ំចំណាស់ឯនេះក្រោយនាងតូចចាប់បានក៏គ្មានអីប្រកែកបានមានតែខំជាន់ហ្គាសឡានសុតទៅមុខលឿនជាងមុនដើម្បីឆាប់បញ្ចប់កិច្ចការព្រោះថានាងតូចនេះអាចនឹងប្តូរចិត្តមិនព្រមទៅវិញក៏ថាបានបើសិនជាដឹងថាគ្រួសារកំពុងស្ថិតក្នុងគ្រោះថ្នាក់។
"ធ្វើអីនឹងអ៊ំ?"
"ប៉ាម៉ាក់ខ្ញុំមានគ្រោះថ្នាក់មែនទេ?!"សួរចំចំណុចលើកទីពីរអ៊ំបើកឡានក៏នៅមិនឆ្លើយគិតតែសម្រុកបើកលឿនជាងមុនទាំងមិនដឹងទេថាកាយវិការគាត់កំពុងបញ្ជាក់ឱ្យនាងដឹងថាអ្វីដែលនាងទាយវាត្រូវទាំងអស់គ្មានចន្លោះ។
"ជូនខ្ញុំទៅភូមិគ្រិះវិញ!"
"អ៊ំមិនលឺខ្ញុំនិយាយទេហ្អេស! ថាឱ្យជូនខ្ញុំទៅភូមិគ្រិះវិញ!!"ស្រីតូចស្រែកឡើងស្ទើរអស់សំឡេងតាមចរិករឹងរូសរបស់ខ្លួនយ៉ាងណាឱ្យគាត់ជូននាងទៅភូមិគ្រិះឱ្យបាន តែអ៊ំនេះត្រចៀកធន់គ្រាន់បើនាងស្រែកស្ទើរបែកក្រដាសត្រចៀកគាត់ហើយគាត់នៅតែទ្រាំធ្វើមិនដឹងមិនលឺដូចដើម។
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...