(សុភមង្គលបេះដូង)
“មួយ...ពីរ...បី ចាប់ផ្ដើម”
ហ្វីវ
ចប់សម្ដីពិធីករភ្លាមបាច់ផ្កា ត្រូវបោះបង្ហើរឡើងទៅលើអាកាស ដែលមានមនុស្សជាច្រើនកំពុងឈរត្រៀបត្រាចាំចាប់ ជាពិសេសក្រមុំៗនេះឯង តែមើលទៅពួកនាងដូចគ្មានសំណាងដូចអ្នកម៉ាក់ថ្មោងថ្មីកំពុងតែឈរឱបបាច់ផ្កាធ្វើមុខឡេមឡាមមិនដឹងអី! ឱ្យដឹងអីយ៉ាងម៉េចបើនាងខំឈរឆ្ងាយទៅហើយតែបាច់ផ្កានៅតែហោះមករកនាងទៀត ដូចកូនក្រមុំមានចេតនាបោះមកអ៊ីចឹង។
“នេះ!...” ជូយៀន ទៅជានិយាយអ្វីមិនចេញ កែវភ្នែកស្រទន់សម្លឹងមើលទៅជុំវិញខ្លួន មុននឹងស្នាមញញឹមក្ដីសុខលេចចេញមកពេលរាងកាយមាំសង្ហាបុរសជាទីស្រលាញ់ប្រាកដវត្តមាននៅពីមុខខ្លួន។
ក្រឹប
ជង្គង់ម្ខាងត្រូវលុតចុះទៅលើដីភ្លែត ព្រមជាមួយប្រអប់ចិញ្ចៀន
ត្បូងគជ់ខ្យងត្រូវបើកបង្ហាញពីមុខអ្នកម៉ាក់ដូចគ្នា ទង្វើរបស់លោកប៉ាអត់មិនឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនបានម្នាក់ៗត្រូវញញឹមបិទមាត់មិនចេញតែម្ដងហើយ។
“បងដឹងថាខ្លួនឯងមិនមែនជាប្រុសល្អបរិបូរណ៍ តាមអ្វីដែលអូនប៉ងប្រាថ្នាតែបងសន្យាថានឹងមើលថែអូននឹងកូន ផ្ដល់គ្រប់យ៉ាងដែលអូនចង់បាន ធ្វើឱ្យពួកអូនមានក្ដីសុខជាទីបំផុត! អ៊ីយៀន អូន...អ្ហឹម...” មិនទាន់បាននិយាយអ្វីផង អ្នកម៉ាក់ក៏ឱនមកជំពិតមាត់បបូរមាត់ក្រាស់លោកប៉ាបាត់ទៅហើយ ហុចផលឱ្យគ្រប់គ្នាស្រែកហ៊ោកញ្ជ្រៀវដោយភាពរីករាយ។
“ហ្វូវ ហ្វូវ...”
ទោះជាសំឡេងទ្រហឹងប៉ុណ្ណា តែក៏មិនអាចបញ្ឈប់សកម្មភាពអ្នកម៉ាក់បានដែរ ជូយៀន ថើបលោកប៉ាទាល់តែអស់ចិត្តចង់ទើបព្រមដកចេញមកវិញព្រមទាំងទាញគេឱ្យក្រោកឈរពេញកម្ពស់ដូចគ្នា។
“ម៉េចក៏អូនកាត់ចង្វាក់បង! បងមិនទាន់និយាយអស់ទេ” អេតូ ខ្សឹបតវ៉ាទាំងមិនពេញចិត្តបង្ហាញមុខស្អុយឱ្យឃើញច្បាស់ សាងឱ្យអ្នកម៉ាក់អស់សំណើច។
“ត្រឹមបងស៊ើប្រាយស៍អូនប៉ុណ្ណឹង អូនក៏សប្បាយចិត្តណាស់ទៅហើយ ទោះបងមិនសុំអូនរៀបការក៏ចាប់បងរៀបការដែរ ហ៊ឹសៗ” អ្នកម៉ាក់រំភើបថ្នាក់ស្រក់ទឹកភ្នែកទៅហើយ។
“ចុះបើបងមិនព្រមរៀបការ?” ហ៊ើយ! លោកប៉ាអើយនៅឆ្លៀតសួរញ៉ោះទៀត អ្នកម៉ាក់អន់ចិត្តឈប់រៀបការឥលូវហើយ។
“អូននឹងនាំកូនរត់ទៅឱ្យឆ្ងាយមិនឱ្យបងឃើញមុខពួកអូនទេ”
“ហ៊ឹសៗ អ៊ីចឹងបងប្រហែលជាត្រូវរៀបការហើយ ព្រោះបងមិនអាចរស់់នៅគ្មានពួកអូនបានទេ” ចប់សម្ដីខ្សឹបផ្អែមល្ហែមឱ្យឮតែពីរនាក់ លោកប៉ាក៏...
ជុប
ថ្ពាល់ទន់ៗត្រូវថើបស្រង់ក្លិនយ៉ាងថ្នាក់ថ្នមបំផុត។
“រៀបការនឹងបងណា៎!” សម្ដីស្រទន់បែបអង្វរករធ្វើឱ្យអ្នកម៉ាក់ញញឹមថ្ពាល់ប៉ោងសឹងតែរហែកទៅហើយ។
“ចាស!...” ជូយៀន តបទាំងមិនស្ទាក់ស្ទើរក៏មិនគិតច្រើននាំតែខាតពេល...ហើយហេតុអីនាងត្រូវគិតដែរ ក្នុងពេលដែលបេះដូងរបស់នាងស្រែករកអ្នកចំពោះមុខមិនឈប់បែបនេះ។
“ហ៊ឹសៗ អគុណដែលព្រមរៀបការជាមួយបង” អេតូ បំពាក់ចិញ្ចៀនលើម្រាមដៃនាងខាងឆ្វេងស្រឡូនស្អាត ព្រមទាំងទាញមកថើបថ្នមៗបង្ហាញក្ដីស្រលាញ់។
គ្រប់គ្នានៅក្នុងហេតុការណ៍នេះ ម្នាក់ៗស្រែកហ៊ោទ្រហឹងអឺងកង អ្នកខ្លះរំភើបដល់ស្រក់ទឹកភ្នែកទៅហើយ ហើយអ្នកខ្លះនោះគឺកូនក្រមុំនេះឯង។
“ម៉េចក៏យំ?” មិនសួរនាំតែមាត់ ជឺស៍ ជូតទឹកភ្នែកចេញថ្ពាល់រលោងរបស់អ្នកម៉ាក់ ព្រមទាំងញញឹមអស់សំណើចជាមួយអ្នកខ្លះ ដែលរំភើបជំនួសគេ។
“ស្សឺត! គឺអូនរំភើបជំនួសបងស្រីហ្នឹងណា៎” ជូសៀន ងាកមកញញឹមទាំងទឹកភ្នែកក្ដីសុខដាក់ស្វាមី។
“ទាំងដែលខ្លួនឯងក៏កំពុងស្លៀករ៉ូបការនេះឬ?” ជឺស៍ គ្រវីក្បាល
ហួសចិត្តកាន់តែខ្លាំង។
“បងមិនយល់អារម្មណ៍អូននោះទេ”
“ហ៊ឹសៗ បងយល់! តោះចុះទៅ” ចប់សម្ដីភ្លាមលោកប៉ាលើកបីអ្នកម៉ាក់ភ្លែតតែម្ដង ដើរសម្ដៅទៅកន្លែងជាទីចាប់អារម្មណ៍របស់គ្រប់គ្នានាពេលនេះ។ “អាហ្អែម! មង្គលការយើងត្រូវឯងទាញចំណាប់អារម្មណ៍អស់ហើយ” ជឺស៍ តវ៉ាបែបលេងបន្លំមែន មិនតវ៉ាបានទេនេះមង្គលការមួយទាំងមូល បែរជាត្រូវអ្នកម្ខាងទៀតទាញជាទីចាប់អារម្មណ៍របស់ខ្លួនទៅវិញ។
“ធ្វើយ៉ាងម៉េច ពួកខ្ញុំជាគូស្នេហ៍ដែលផ្អែមល្ហែមតែបែបនេះឯង” អេតូ មានចេតនាឌឺដងអ្នកប្រុសទំនើងរបស់ខ្លួន។
“អាចង្រៃ!”
“ហ៊ឹសៗ អបអរបងស្រី! ជូនពរឱ្យពួកបងទាំងពីរមានក្ដីសុខ”
“ឯងក៏ដូចគ្នា” ទាំងពីរនាក់បងប្អូនឱបរឹតគ្នាណែនដៃជាមួយទាំងមិនភ្លេចញញឹមមានក្ដីសុខជំនួសគ្នា។
“បងត្រូវមមើលថែបង ជូយៀន ឱ្យល្អដឹងហើយនៅ!” ជូសៀន ងាកមកគំរាមអ្នកជិតក្លាយជាបងថ្លៃរបស់ខ្លួន។
“បងដឹងហើយ! យកក្បាលបងមកធានា” អេតូ តបបែបលេងសើចមកវិញ បម្រុងចូលទៅឱបស្រីតូច តែក៏ត្រូវអ្នកខ្លះទាញចេញបែបហួងហែង។
“អូនមិនបាច់ឱបវាទេ ឱបបងជំនួសវិញ” មិននិយាយតែមាត់នៅមានចាប់ដៃនាងយកទៅឱបចង្កេះខ្លួនថែមទៀត... ឱ! អ្នកប្រុស ជឺស៍ អើយហេតុអីក៏ពូកែយ៉ាងនេះ មើលចុះធ្វើដូចមិនក្រែងក្បាល...អេ មិន
មែនទេ ធ្វើដូចមិនក្រែងចិត្តអ្នកណាទាល់តែសោះ។
“អោ! ហេតុអីត្រូវឱបអ្នកប្រុសដែរ ជូសៀន អបអរខ្ញុំត្រូវតែឱបខ្ញុំទើបត្រូវ” ដឹងច្បាស់ថាអ្នកម្ខាងទៀតហួងហែងតែ អេតូ នៅតែតាមឌឺដងរករឿងមិនឈប់សោះហើយ។
“ជូសៀន ឱបយើងចាំយើងទៅឱបឯង.ត”
“ហ៊ឹសៗ អូខេ អ៊ីចឹងក៏អ៊ីចឹងទៅ” បើមិនអ៊ីចឹងគេអាចនឹងត្រូវបែកមុខក៏ថាបាន។
“បងនេះ!...” ជូសៀន គ្រឺតក្នាញ់នឹងឫកពាហួងហែងហួសហេតុរបស់ស្វាមី។
“បាទ! បងស្រលាញ់អូន...” លោកប៉ាធ្វើមុខក្រាស់មិនខ្វល់ពីក្រសែភ្នែកអ្នកម៉ាក់ដែលកំពុងសម្លក់ខ្លួន! ហេតុអីត្រូវខ្វល់បើប្រពន្ធម្នាក់នេះស្រលាញ់គេស្រាប់ទៅហើយ។
YOU ARE READING
បម្រើស្នេហ៍សាតាន
Romanceនៅលើលោកគ្មាន ស្រីណាហ៊ានបដិសេធគេនោះទេ ហើយក៏គ្មានអ្វីដែលថាគេយកមិនបានដូចគ្នា។ "នាង" ឋានៈត្រឹមស្រីបម្រើ...មិនមែនទេហៅថាអនាគតប្អូនថ្លៃទើបសមជាង បែរជាហ៊ានប្រហើនជំទាស់បំណងរបស់គេ។ គិតឬថាគេព្រមបោះបង់នាងដោយងាយៗ បើយកតាមសម្រួលមិនបាន ចឹងយកដោយល្បិចតែម្ដងទៅ។ ក៏ចង់ដឹ...