ក្រឡេកមកមើលរាងតូចថេយ៉ុងដែលបានលួចរត់ចេញពីអ្នកយាមរបងពីរអ្នកនោះវិញ ជើងស្រឡូនតូចៗទាំងគូររត់ត្របាញ់ញ៉ាប់ស្អេកមកដល់ត្រឹមមាត់ទ្វាភូមិគ្រឹះក៏ចាប់ហ្រ្វាំងជើងឈប់ស្កប់នៅហ្នឹងកន្លែង បន្ទាប់ពីក្រឡេកឃើញវត្តមានបុរសចំណាស់ពាក់វែនតាម្នាក់អង្គុយសម្លឹងក្រដាសកាសែតយ៉ាងស្ងៀមស្ងាត់នៅលើសាឡុង។ រាងតូចឃើញអ៊ំស្រីមេដោះដើរចេញពីផ្ទះបាយល្មម ឃើញដូច្នេះគេក៏ក្រវុីដៃធ្វើមាត់ម្ហបៗ ទំនងដូចជាចង់ឲគាត់មករក ហើយគាត់ក៏ដើរមករករាងតូចពិតមែន។
«អូ...ក្មួយមក-» គាត់ញញឹមដើរមកជិតរាងតូចហើបមាត់និយាយបានតែបន្តិចក៏ស្ងាត់ទៅវិញដោយសារថេយ៉ុងធ្វើកាយវិការយកចង្អុលដៃប៉ះនឹងបបូរមាត់ដែលបូញស្រួចៗដាក់គាត់បំណងហាមកុំឲគាត់និយាយ។
«អ៊ំៗ លោកអ៊ំដែលអង្គុយនៅត្រង់នោះគាត់ជាអ្នកណាអ៊ំ?» ពេលគាត់ដើរមកដល់ រាងតូចក៏អោនទៅខ្សឹបសួរអ៊ំមេដោះតិចៗ ដោយលួចដៀងភ្នែកមើលទៅលោកហ្វ្រីន សុននៀរ៍. អ៊ំស្រីមេដោះក្រឡេកមើលទៅតាមកន្ទុយភ្នែករបស់រាងតូច ក៏ហាក់យល់ន័យមុននឹងនិយាយបែបខ្សឹមៗតិចៗប្រាប់ទៅក្មេងប្រុសជំទង់ដែលគាត់តែងតែឃើញមកអុកឡុកអ្នកប្រុសរបស់គាត់រាល់ថ្ងៃនោះ។
«គាត់គឺជាលោកម្ចាស់នៅទីនេះណាអាល្អិត»
«ហ្ហក៎? ចឹងបានន័យថា....»ថេយ៉ុងស្រាប់តែលើកដៃខ្ទប់មាត់បើកភ្នែកធំៗបញ្ចេញអការ:ភ្ញាក់ផ្អើលបន្ទាប់ពីដឹងថាលោកអ៊ំដែលអង្គុយនៅលើសាឡុងនោះគឺជា...
«ប៉ាក្មេក!»រាងតូចបន្លឺក្នុងចិត្តទាំងភ្ញាក់ផ្អើលខ្លាំងហួសព្រមាណបន្ទាប់ពីបានជួបអនាគតប៉ាក្មេករបស់គេលើកដំបូង មិនកើតទេ ត្រូវតែចូលទៅរាក់ទាក់អនាគតប៉ាក្មេកឲបានឆាប់ទើបបាន!។
មិនបង្អង់យូររាងតូចសារ៉េខោអាវនៅលើខ្លួនឲបានស្អាតរួចបោះជំហ៊ានខ្លីៗដើរទៅរករាងចំណាស់ មុននឹងហាស្ដីឡើងដោយសម្លេងពិរោះស្រទន់គួរឲចង់សណ្ដាប់។
«ជម្រាបសួរប៉ាក្មេក...អូស៎ច្រឡំ ជម្រាបសួរលោកអ៊ំ!»មុននេះជាប់មាត់ក៏ច្រឡំហៅប៉ាក្មេកទើបរាងតូចរហ័សប្ដូរពាក្យសម្ដីអោនគោរពគាត់ម្ដងទៀតដោយមិនភ្លេចបញ្ចេញស្នាមញញឹមគួរឲស្រឡាញ់ដាក់រាងចំណាស់ បណ្ដាលឲគាត់ទម្លាក់កាសែតចុះ មុននឹងមានប្រសាសន៍ឡើង :
«អា៎...អង្គុយចុះសិនមកក្មួយ មករកជុងហ្គុកហ្ហេស៎?»លោកហ្វ្រីនសុននៀរ៍មានប្រសាសន៍សួរទៅកាន់រាងតូច បើតាមគាត់ទាយមិនឲខុស ក្មេងរាងតូចស្ដើងល្ហិតម្នាក់នេះប្រាកដជាមករកកូនប្រុសរបស់គាត់ច្បាស់ណាស់។
«បាទលោកប៉ា ទេទេ...គឺបាទលោកអ៊ំខ្ញុំមករកបងជុងហ្គុក!»រាងតូចរហ័សប្ដូរពាក្យយ៉ាងលឿនដូចព្យុះមិនឲគាត់ចាប់ទាន់ ហើយមូលហេតុដែលគេស្គាល់ឈ្មោះរបស់ជុងហ្គុកនោះដោយសារតែអ៊ំស្រីម៉េដោះជាអ្នកប្រាប់គេ។
«ជុងហ្គុកគេមិននៅទេទាល់តែព្រលប់ទើបបានគេចូលផ្ទះ ថ្ងៃខ្លះក៏ដេកនៅកន្លែងការងារមិនមកផ្ទះក៏មាន, និយាយអញ្ចឹងហើយចុះក្មួយត្រូវជាអ្វីជាមួយកូនប្រុសអ៊ំហ្ហា៎? ជាសង្សាររបស់ជុងហ្គុកហ្ហេស?» តាមគាត់មើលក្មេងប្រុសជំទង់ម្នាក់នេះមិនសមជាមិត្តកូនប្រុសរបស់គាត់ទេព្រោះតាមមើលរូបសម្ភស្សក្មេងម្នាក់នេះ ក្មេងជាងកូនប្រុសគាត់ឆ្ងាយណាស់ បើជាសង្សារគាត់អាចហ្នឹងជឿខ្លះ តែតាំងពីអើយមកមិនដែលឮកូនប្រុសគាត់និយាយថាមានសង្សារស្អីផង បើរាល់លើកគាត់បបួលគេនិយាយរឿងគូរស្រករ ជុងហ្គុកតែងតែបដិសេធថាមិនទាន់ចង់បាន មិនទាន់ចង់យកប្រពន្ធ គេថាយកមកនាំតែទើសដៃទើសជើង។
ថេយ៉ុងឮមនុស្សចាស់សួរអ្វីបែបហ្នឹង ថ្ពាល់ក្រឡើងក្រហមទុំ ញញឹមអឹមអៀន អង្គុយរកតែហើបគូទពីសាឡុង មុនហ្នឹងឆ្លើយប្រាប់រាងចំណាស់ដោយចាក់បណ្ដោយតាមគាត់តែម្ដងទៅ ណាមួយមិនយូរគង់តែជាកូនប្រសាររបស់គាត់ដដែលហ្នឹងមិនថាចឹង?
«បាទ! គឺពិតមែនហើយលោកអ៊ំ...»
«ហ្ហឺស! អាកូនចង្រៃយ៍ចំមែន មានសង្សារលាក់ឯងមិនឲដឹង អឺនេ៎! ក្មួយឈ្មោះអី ហើយកូនចៅអ្នកណាគេដែរប្រាប់អ៊ំបន្តិចទៅមើល មុខមាត់ស្អាតបាត សុភាពរាបសារគួរឲស្រឡាញ់សាកសមហ្នឹងជុងហ្គុកខ្លាំងណាស់!»
«ខ្ញុំឈ្មោះថេយ៉ុង កូនរបស់លោកប៉ាហ្វីនសឺនិងអ្នកម៉ាក់ចាងយូ»រាងតូចនិយាយទាំងថ្ពាល់ក្រហមព្រោះតែអៀននឹងពាក្យដែលគាត់និយាយសរសើរគេថាសមជាមួយជុងហ្គុកប្រុសសំណព្វបេះដូងគេនោះ និយាយទៅឮអញ្ចឹងតើនរណាមិនអៀនហ្ហក៎?។
«ក្មួយនិយាយឈ្មោះប៉ាម៉ាក់របស់ក្មួយឲអ៊ំស្ដាប់ម្ដងទៀតទៅមើល អ៊ំចាស់ហើយស្ដាប់មិនសូវឮ»លោកហ្រ្វីនសុននៀរ៍មានប្រសាសន៍ឲរាងតូចនិយាយម្ដងទៀត ដោយសារអម្បិញមិញស្ដាប់មិនសូវជាច្បាស់ប៉ុន្មាន។
«បាទ! គឺខ្ញុំកូនរបស់លោកប៉ាហ្វីនសឺនិងអ្នកម៉ាក់ចាងយូ»
«ហ្ហាស៎? ហ្វីនសឺ ហ្វីនសឺឧត្តមសេនីយ៍ហ្នឹងមែនក្មួយ?» គាត់ស្រាប់តែភ្ញាក់ពេលសណ្ដាប់ឮដល់ឈ្មោះហ្វីនសឺ ព្រោះលោកហ្វីនសឺគឺជាមិត្តសម្លាញ់របស់គាត់ តែចម្លែកត្រង់ថាគាត់មិនដែលដឹងសោះថាថេយ៉ុងជាកូនរបស់មិត្តគាត់។
«បាទ លោកអ៊ំមានអ្វីមែនទេ?»រាងតូចសួររាងចំណាស់ព្រោះឃើញគាត់ដូចជាភ្ញាក់ផ្អើលពេលដឹងថាគេជាកូនលោកឧត្តសេនីយ៍ហ្វីនសឺ តែរាងតូចក៏មិនបានចម្លែកចិត្តអីនោះដែរ ព្រោះប៉ារបស់គេជាឧត្តមសេនីយ៍ទាំងមូលមិនចម្លែកទេដែលគាត់ស្គាល់នោះ។
«អា៎...អ៊ំគ្រាន់តែមិនដឹងថាក្មួយជាកូនរបស់វា ប៉ាក្មួយនេះណាជាមិត្តសម្លាញ់របស់អ៊ំ ហើយអ៊ំនេះស្គាល់តែសុកជីនម្នាក់ប៉ុណ្ណោះមិនដឹងថាមានក្មួយម្នាក់ទៀតទាល់តែសោះ»
«ពិតមែនឬលោកអ៊ំ»ថេយ៉ុងបើកភ្នែកធំៗ។
«ត្រូវហើយ»
«ប្រសើរណាស់»
«ក្មួយថាយ៉ាងម៉េច?»
«អ៎រ..គឺ..គ្មា...គ្មានអីទេលោកអ៊ំ គឺថាលោកអ៊ំខ្ញុំសុំសួររឿងមួយតើបានទេ?»សុខៗថេយ៉ុងស្រាប់តែនឹកឃើញឡើងដោយចម្ងល់។
«ហ្ហឹម»លោកហ្វ្រីនសុននៀរ៍ក្រហឹមជំនួសការឆ្លើយតបបញ្ជាក់ថាអាចសួរបាន។
«គឺថាខ្ញុំមកទីនេះញឹកញ៉ាប់ដែលតែមិនដែលបានជួបលោកអ៊ំសោះ ទើបខ្ញុំ...»
«អា៎...មកពីអ៊ំនៅផ្ទះផ្សេងហ្នឹងណា»
«អ៎រ...បាទ»រាងតូចងក់ក្បាលអស់ចម្ងល់តទៅទៀត។
«អូ! ខ្ញុំភ្លេចឲឈឹងនេះគឺនំខុកឃីខ្ញុំបានយកមកជាមួយផងដែរ លោកអ៊ំចង់ពិសារដែរទេ?» និយាយជាមួយគាត់ចង់កន្លះថ្ងៃហើយភ្លេចគិតឲឈឹងរឿងនំ តាមពិតទៅនំនៅក្នុងថង់នេះគេធ្វើសម្រាប់តែជុងហ្គុកទេតែបានជួបអនាគតប៉ា ក្មេកបែបនេះមិនអាចអូសរំលងបានទេត្រូវតែយកចិត្តយកថ្លើមអនាគតប៉ាក្មេកបន្តិចទើបបាន ណាមួយពេលដឹងថាគាត់ជាមិត្តនិងប៉ារបស់គេទៀតនោះ គេប្រាកដជាមានសង្ឃឹមច្រើនក្នុងការចាប់យកប្រុសចាស់សង្ហារនោះធ្វើប្ដីបានហុហុ គ្រាន់តែគិតក៏សប្បាយចិត្តមុនដែរ។
«មើលទៅទំនងឆ្ងាញ់ណាស់ ក្មួយជាអ្នកធ្វើអ្ហេះ?»
«បាទលោកអ៊ំចង់ពិសារដែរទេ?ចាំខ្ញុំរៀបចំដាក់ចានជូន!»
«អនាគតកូនប្រសាររបស់ប៉ាពូកែណាស់ ប៉ាក៏ចង់ភ្លក់ដែរថាស្នាដៃកូនប្រសារប៉ាឆ្ងាញ់ប៉ុណ្ណាទៅ»ថេយ៉ុងស្រាប់តែមុខក្រហមងាំងបន្ទាប់ពីបានឮសម្ដីមនុស្សចាស់ហៅគេថាប៉ាកូនប្រសារមិនដាច់ពីមាត់បែបនេះ អៀនខ្លាំងណាស់ចង់តែហក់ចុះពីលើសាឡុងកាយឥដ្ឋការ៉ូឲកាហូងដល់បាតដី លោតប៉ក់ទៅក្នុងនោះលាក់បំពួនខ្លួនប្រាណឲបាត់ៗឥឡូវៗនេះទេនៀក៎។
«អញ្ចឹងចាំខ្ញុំយកវាទៅរៀបចំដាក់ចានជូនលោកអ៊ំ»ថាតែប៉ុន្នឹង ថេយ៉ុងក៏កាន់ថង់ស្បោងនំរត់ទៅផ្ទះបាយបាត់ ទុកឲលោកហ្វ្រីនសុននៀរ៍អង្គុយក្រវុីក្បាលសើចហួសចិត្ត ថែមទាំងក្នក់ក្នាញ់នឹងអត្តចរឹកឬកពារបស់អនាគតកូនប្រសារដែលអៀនរត់ដូចជាកូនក្មេង2-3ឆ្នាំទៅហើយនោះ។
បន្ទាប់ពីរំលែកនំទុកឲអនាគតប្ដីខ្លះ និងរៀបចំនំមួយចំណែកទៀតដាក់ចានឲអនាគតលោកប៉ាក្មេករួច រាងតូចក៏នៅនិយាយលេងជាមួយលោកហ្វ្រីនសុននៀរ៍ពីនេះពីនោះទាំងសើចកក្អឹក មិនដឹងជានិយាយពីអ្វីខ្លះនោះទេ។
...
«និយាយអញ្ចឹងក្មួយទាក់ទងជាមួយជុងហ្គុកកូនអ៊ំយូរហើយឬនៅ?»បន្ទាប់ពីនិយាយជាមួយអនាគតកូនប្រសារក្មេងពីនេះពីនោះសុខៗ គាត់ស្រាប់តែនឹកឃើញដល់រឿងនេះទើបឆ្លិចសួរភ្លាមៗ!
«គឺយូរដែលហើយលោកអ៊ំ»ថេយ៉ុងសើចញឹមៗមិនសូវជាសមប៉ុន្មានព្រោះក្នុងចិត្តមានអារម្មណ៍ថាខុសដែលនិយាយកុហកគាត់ជាមនុស្សចាស់បែបនេះ ទាំងដែលគេជាមួយនិងជុងហ្គុកមិនត្រូវជាអ្វីហ្នឹងគ្នាផង តែឲធ្វើបែបណាបើរឿងវាដល់ចំណុចនេះទៅហើយនោះមានតែចាក់បណ្ដោយតាមហ្នឹងទៅ។
«អាកូនមួយហ្នឹងអញ្ចឹងមែន លួចទាក់ទងកូនគេយូរហើយមិនប្រាប់ឯងជាឪវាមួយម៉ាត់! ហុឺយ...អាកូនចង្រៃយ៍»លោកហ្វ្រីនសុននៀរ៍ប្រទេចជេកូនប្រុសតិចៗទាំងក្ដៅចិត្ត។
«ហើយអាកូនអ៊ំវាមានសម្ដីធំដាក់ក្មួយដែរឬអត់?»ឮគាត់សួរអញ្ចឹងរាងតូចក៏ប្រញ៉ាប់ឆ្លើយភ្លាមៗ។
«មិនត្រឹមតែសម្ដីធំដាក់ខ្ញុំទេលោកអ៊ំ ថែមទាំងស្រែក គំហក សម្លុត ត្បិតថាសម្ដីគាត់អាក្រក់ មាត់ឆ្កែ មាយាទអន់ ពេលខ្លះកាចដូចខ្មោចចូលសន្ថិតក៏ពិតមែន ប៉ុន្តែខ្ញុំស្រឡាញ់គាត់ណាស់!»ថេយ៉ុងនិយាយបណ្ដើរធ្វើកាយវិការបណ្ដើរដោយធ្វើទឹកមុខកំសត់ ប៉ុន្តែពេលនិយាយដល់ចុងប្រយោគគេស្រាប់តែញញឹមឡើងវិញពេលស្រមៃដល់មុខរបស់ជុងហ្គុកប្រុសចាស់កំពូលសង្ហារតែឃោឃៅនោះ។
«អាកូនអ៊ំមួយហ្នឹងវាតែចឹង សូម្បីតែអ៊ំជាឪវាពេលខ្លះក៏វាស្រែកសម្លុតដាក់អ៊ំដែរ មិនដឹងជាកាត់ទៅរកអាណាគេទេអាចរឹកហ្នឹង បើមុខវិញសង្ហារកាត់មករកអ៊ំពីកម្លោះសុទ្ធ!» ឆ្ងល់ណាស់ថាអាចរឹកអាក្រក់ហ្នឹងកាត់ទៅរកអាណាគេ ម្ដេចបានកាត់មករកគាត់តែមុខមាត់ រូបរាងចឹង? ហើយអាចរឹកម៉េចមិនកាត់មករកគាត់ផងទៅ មើលគាត់នែក៎ មិនអួតទេកាលនៅកម្លោះសង្ហារដូចជុងហ្គុកកូនប្រុសរបស់គាត់ចឹង ហើយចរឹកក៏មិនអាក្រក់ដូចកូនគាត់ដែរ និយាយទៅកាលនោះស្រីៗដេញញ៉ែគាត់គ្មានបានដេកពួនទេ ប្រាប់ឲដឹងទៅ។
លោកហ្វ្រីនសុននៀរ៍បន្តនិយាយដើមកូនប្រុសជាមួយអនាគតកូនប្រសារដូចជាត្រូវដៃត្រូវជើងគ្នាសម្បើមណាស់ រហូតទាល់តែក្បាលល្ងាចទើបឈប់ គាត់ក៏បបួលថេយ៉ុងឲនៅញុំាបាយល្ងាចជុំគ្នាជាមួយគាត់ រាងតូចក៏មិនបានប្រកែកព្រោះគេក៏ពេញចិត្តកាលដែលបានស្និតស្នាលជាមួយអនាគតប៉ាក្មេកបែបនេះគឺជារឿងប្រសើរបំផុត។
...