ភាគទី១៦

211 4 0
                                    

“កន្លងមកខ្ញុំមិនដែលស្ដាយក្រោយដែលស្រលាញ់លោក អ្វីដែលខ្ញុំស្ដាយក្រោយបំផុតគឺប្រគល់បេះដូងស្មោះត្រង់របស់ខ្ញុំឱ្យទៅលោក”
“សាន់នី បង...”
“ពួកយើងបែកគ្នាទៅ ហើយចាប់ពីថ្ងៃនេះកុំឱ្យខ្ញុំឃើញមុខលោកទៀត ខ្ញុំ...ខ្ញុំស្អប់លោកណាស់ ឃើញលោកទាញឱ្យខ្ញុំឃើញអតីតកាលឈឺចាប់ខ្លួនឯង”
“សាន់...”
សម្ដីគ្រប់ម៉ាត់ត្រូវជាប់គាំងមួយខណៈ វ៉ាល់នៀរ៍ ទៅជាអួលដើម.កនិយាយអ្វីមិនចេញ ជើងក៏ជាប់គាំងមិនអាចកម្រើកទៅមុខបាន បានត្រឹមសម្លឹងមើលមនុស្សជាទីស្រលាញ់ខូងយកបេះដូងរបស់ខ្លួនចេញទៅគេចង់តាមនាង ចង់ឃាត់នាងរក្សាទុកក្នុងរង្វង់ដៃ តែ...កន្លងមកគេអាក្រក់ពេកហើយមិនសមនឹងឱ្យនាងអភ័យ ក៏មិនសមនឹងមានមនុស្សល្អដូចជានាងក្បែរខ្លួនដែរ។
បើអូនសម្រេចចិត្តបែបនេះទៅហើយ បងក៏មានតែព្រមឱ្យអូនទៅ គ្រប់យ៉ាងបងគឺជាអ្នកខុស... សាន់នី បងសុំទោស! តែមិនថាអូនស្អប់បងប៉ុណ្ណាក៏បងនៅតែស្រលាញ់អូន បេះដូងមួយនេះនៅតែជារបស់អូន បងនឹងរក្សាក្ដីស្រលាញ់មួយនេះទុកសម្រាប់អូនតែម្នាក់...

ក្រោយពីសុំបែកគ្នានឹងមនុស្សជាទីស្រលាញ់ សាន់នី មិនអាចទ្រាំរស់នៅក្នុងបន្ទប់ ដែលរក្សាទុកគម្ររូបភាពផ្អែមល្ហែមជាមួយនឹង វ៉ាល់នៀរ៍ បាន ទើបត្រូវរែកពន់ទឹកមុខពេញដោយក្ដីឈឺចាប់ត្រលប់មកផ្ទះរបស់ខ្លួនវិញ តែនាងក៏មិនបានមកព្រោះតែការគេចតែម្យ៉ាងទេ នៅមានរឿងផ្សេងទៀតដែលជាមូលហេតុពិតប្រាកដ។ 
ស្រីតូចច្រឡឹង សាន់នី អង្គុយស្ងៀមទ្រឹងមិននិយាយស្ដីអ្វីនៅក្នុងបន្ទប់សៀវភៅ ខណៈនោះដែរអ្នកផ្ដល់កំណើតទាំងពីរក៏បានតែជ្រួញចិញ្ចើមសម្លឹងមុខគ្នាឆ្លាស់នឹងទឹកមុខកូនស្រីដោយការសង្ស័យ តាំងពីនាងកើតមកពួកគាត់មិនធ្លាប់បានឃើញទឹកសោកសៅ ពេញដោយទុក្ខកង្វល់កូនស្រីពីមុនមកទេ នេះជាលើកទីមួយហើយ។
“កូនថាមានរឿងចង់និយាយជាមួយប៉ា តើជារឿងអ្វីទៅ សាន់នី?” បើគាត់មិនបើកឆាកសួរនាំទេច្បាស់ណាស់មួយយប់ទល់ភ្លឺប្រហែលជាត្រូវអង្គុយបីនាក់ម៉ែឪកូនបែបនេះហើយ។
“ខ្ញុំសម្រេចចិត្តហើយថានឹងទៅរៀននៅបរទេស តាមសំណើរបស់លោកប៉ា!” សាន់នី និយាយទាំងទឹកមុខស្មើគ្មានជាតិចូវហាក់ត្រូវអ្នកណាបង្ខំ...គ្មានអ្នកណាបង្ខំនាងទេ គឺនាងខ្លួនឯងទៅវិញទេដែលបង្ខំខ្លួនឯង បង្ខំចិត្តចាកចេញឆ្ងាយពីប្រុសដែលខ្លួនស្រលាញ់ ចេញពីកន្លែងឈឺចាប់មួយនេះ ទោះជាត្រូវឈឺចាប់នឹងការចាកចេញតែហោចណាស់វាក៏ជាជម្រើសដែលល្អ អាចឱ្យនាងមានពេលវេលាព្យាបាលរបួសបេះដូងខ្លួនឯង ទោះដឹងថាវាមិនជាមួយរយភាគរយក៏ដោយ។
“ហេតុផលអីទើបធ្វើឱ្យកូនផ្លាស់ប្ដូរចិត្ត សាន់នី?” ធ្វើជាឪពុកគេជាងម្ភៃឆ្នាំទៅគិតថាគាត់មិនអាចដឹងពីបញ្ហារបស់កូនៗឬ គាត់មិនជឿថាគ្មានរឿងអ្វី សុខៗកូនស្រីក៏ស្រាប់តែប្ដូរចិត្តប៉ុបប៉ាប់បែបនេះ ទាំងដែលកាលពីអាទិត្យមុននៅបដិសេធដាច់អហង្ការនៅឡើយសោះ។
“គ្មានហេតុផលអ្វីទេប៉ាគ្រាន់តែនឹកឃើញថាមិនចង់ឱ្យប៉ាពិបាកចិត្តតែប៉ុណ្ណោះ ក្នុងនាមជាកូនត្រូវស្ដាប់បង្គាប់ឪពុកមា្ដយមិនអ៊ីចឹង!” សាន់នី ខំប្រឹងញញឹមទាំងមិនសមចេញមក ឃើញហើយពិបាកភ្នែកដល់អ្នកផ្ដល់កំណើតតែម្ដង។
“តែកូនក៏ដឹងថាប៉ាម៉ាក់មិនដែលជំទាស់ នឹងការសម្រេចចិត្តរបស់ពួកកូននោះទេ! សាន់នី មានរឿងអ្វីក៏ឆាប់និយាយប្រាប់ប៉ាម៉ាក់មក កូនធ្វើបែបនេះកាន់តែឱ្យប៉ាម៉ាក់ខ្វល់ចិត្តទៅអ្វីទេ!” ក្នុងនាមជាឪពុកម្នាក់ គាត់ម៉េចនឹងអាចទ្រាំឃើញកូនមានទុក្ខកង្វល់ហើយមិនជួយបានទៅ។
“ខ្ញុំពិតជាគ្មានអ្វីពិតមែនលោកប៉ា ប៉ាម៉ាក់មិនចាំបាច់ខ្វល់ចិត្តនោះទេ ម្យ៉ាងពេលនេះខ្ញុំប្ដូរចិត្តថាទៅវិញហើយតើ លោកប៉ាមិនចាំបាច់សួរដេញដោលក៏បានដែរ...” ស្រីស្រស់និយាយទាំងទឹកមុខបែបអង្វរករឱ្យអ្នកមានគុណបានឃើញច្បាស់ ថានាងមិនចង់និយាយអ្វី បកស្រាយអ្វីច្រើនជាងនេះ ទើបអ្នកជាឪពុកមានតែស្របតាមការសម្រេចចិត្តរបស់កូនស្រី។
“អូខេ ប៉ាមិនដេញដោលច្រើនក៏បានយ៉ាងណាប៉ាស្របតាមចិត្តកូនស្រាប់ហើយ! ហើយនៀក កូនចង់ទៅថ្ងៃណាដែរប៉ានឹងបានរៀបចំឱ្យ?”
“កាន់តែឆាប់កាន់តែល្អលោកប៉ា!” មាត់និយាយថាឆាប់ តែចិត្តបែរជាមិនចង់ចាកឆ្ងាយពីកន្លែងមួយនេះទៅវិញ នាងនៅតែស្ដាយស្រណោះគ្រប់យ៉ាងដែលធ្លាប់មាន មនុស្សមានបេះដូង មានខួរក្បាល មានអនុស្សាវរីយ៍ មិនមែនថាភ្លេចក៏ភ្លេចបានភ្លាមនោះទេ។
“អ៊ីចឹងសម្រេចថាអាទិត្យក្រោយទៅចុះ”
“ចាស លោកប៉ា! អស់ការអ្វីហើយអ៊ីចឹងខ្ញុំមិនរំខានប៉ាម៉ាក់ទៀតទេខ្ញុំទៅសិនហើយ រាត្រីសួស្ដី”
ជុប ជុប
សាន់នី ឱនមកថើបថ្ពាល់ឪពុកម្ដាយម្នាក់មួយខ្សឺត មុននឹងបែរខ្លួនចេញទៅ ខណៈនោះឯងទឹកមុខពេញដែលមានស្នាមញញឹមមុននេះ ក៏ត្រូវជម្រុះចោលនៅសល់ត្រឹមភាពសោកសៅ ទុក្ខទោម្នេញនៅរក្សាជាប់លើផ្ទៃមុខស្អាត។
នៅស្របគ្នានឹង សាន់នី កំពុងតែទុក្ខសោកម្ចាស់រាងកាយមាំមួនក៏មានសភាពមិនខុសពីនាងប៉ុន្មានដែរ ក្រោយត្រូវសង្សារសុំបែករួចមក វ៉ាល់នៀរ៍ ហាក់លែងជាមនុស្សដឹងសភាពអ្វីមកសំងំអង្គុយផឹកស្រា ស្រវឹងការឈឺចាប់តែម្នាក់ឯងនៅក្នុងបន្ទប់គេង។
“អឹក ក្រែងអូននិយាយថាស្រលាញ់បងណាស់ហ្អេស អឹក ម៉េចក៏អូនមិនព្រមស្ដាប់ការបកស្រាយរបស់បង? អឹក ហេតុអីក៏អូនដាច់ចិត្តទៅចោលបង? សាន់នី... បងស្រលាញ់អូន អឹក ត្រលប់មករកបងវិញម៉ោ...”
ព្រុស
មនុស្សស្រវឹងអួទីណួដួលត្រលប់ត្រលិន និយាយមមើមមាយតែម្នាក់ឯងនៅក្នុងបន្ទប់ស្រែកដង្ហោយរកមនុស្សជាទីស្រលាញ់ទាំងដែលដឹងច្បាស់ស្រាប់ទៅហើយថាគ្រប់យ៉ាងមិនអាចត្រលប់ក្រោយ រឿងរវាងគេននឹងនាងក៏បានបញ្ចប់ដូចគ្នា។

“អឹក សាន់នី បងស្រលាញ់អូន អឹក ត្រលប់មករកបងវិញមកអូនសម្លាញ់ បងសូមអង្វរ!...” គេស្ដាយដែលមិនធ្លាប់បាននិយាយពាក្យមួយឃ្លានេះទៅកាន់នាង មិនធ្លាប់ប្រាប់ថាស្រលាញ់នាង ខណៈដែលនាងបែរជាប្រាប់គេជាហូរហែរាល់ថ្ងៃមិនចេះធុញទ្រាន់។

កំហឹងចិត្តកំណួចបេះដូងWhere stories live. Discover now