ភាគទី៣២

148 3 0
                                    

“ឯងកុំមកចេះ!!”
ឌឹប
ព្រោះចិត្តប្រចណ្ឌលាយឡំនឹងកំហឹង ដែលមានគុំនៅក្នុងចិត្តស្រាប់ វ៉ាល់នៀរ៍ មិនគិតនឹងសួរនាំដេញដោលច្រើនស្ទុះទៅដាល់ ស្ហេត មួយដៃចំកញ្ចប់មាត់យ៉ាងទាន់ហន់ ធ្វើឱ្យអ្នកដែលមិនបានត្រៀមខ្លួនស្រាប់ទៅជាដួលផ្ងារក្រោយមួយទំហឹង! ហេតុការណ៍មួយនេះសាងការភ្ញាក់ផ្អើលដល់គ្រប់គ្នាដែលនៅជុំវិញនេះជាពិសេសគឺ សាន់នី តែម្ដងមិនគិតថា វ៉ាល់នៀរ៍ ហ៊ានធ្វើដល់ថ្នាក់នេះ។
“បងធំ! បងយ៉ាងម៉េចហើយ?” សាន់នី ស្ទុះទៅមើលបងប្រុសដោយក្ដីអាណិតក៏លាយឡំនឹងការខឹងសម្បារចំពោះ វ៉ាល់នៀរ៍ ដែលធ្វើឫកដូចពពួកមនុស្សអន្ធពាល គ្មានហេតុផលមិនចេះគិត ហិង្សាលើបងប្រុសរបស់ខ្លួន។
ខណៈដែល សាន់នី កំពុងតែព្រួយបារម្ភពីបងប្រុសរបស់ខ្លួន អ្នកខ្លះដែលជ្រុលខ្លួនតាមកម្សួលអារម្មណ៍ទៅបង្ករឿងមុននេះ បែរជាឈរភ្លឹកគាំងនឹងប្រយោគដែល សាន់នី ហៅមនុស្សប្រុសដែលខ្លួនហិង្សាលើរាងកាយមុននេះ។
បងធំអ៊ីចឹងឬ! មានន័យថាប្រុសម្នាក់ជាបងប្រុស សាន់នី អ៊ីចឹងហ្អេស បែបនេះស្លាប់មិនខានទេ ការតាំងចិត្តថាសុំអតីតសង្សារត្រូវគ្នាវិញ ពេលនេះផែនការណ៍មិនទាន់បានជោគជ័យផង នៅមកមានរឿងឈ្លោះនឹងអនាគតបងថ្លៃទៀត ចប់ហើយ អានៀរ៍ ងាប់មិនខានទេឯង...
វ៉ាល់នៀរ៍ គិតទាំងមិនគួរឱ្យជឿមិនស្មានថានឹងកើតរឿងឆ្កួតស្អីបែបនេះកើតឡើង ចង់បន្ទោសគេតែម្ខាងក៏មិនបាន អ្នកណាប្រើឱ្យនាងមិនព្រមប្រាប់គេពីដំបូងថាមានបងប្រុស ថែមទាំងធ្វើខ្លួនសិ្នទ្ធស្នាលចេញមុខចេញមាត់បែបនេះទៀត ថាទៅគេអាចមិនប្រចណ្ឌបានទេ ទោះជាបែកគ្នាហើយក៏ដោយតែគេនៅតែប្រចណ្ឌនៅតែហួងហែងនាង ហេតុផលមានតែមួយនោះគេនៅ...
ស្រលាញ់នាង!
“សាន់នី បង...”
“អាមនុស្សអន្ធពាល នៀក!”
ផាច់
ផ្ទៃមុខមាំសង្ហាត្រូវងាកទៅម្ខាងតាមកម្លាំងទះរបស់ស្រីក្រមុំ ដូចគ្នា
នឹងសាមីខ្លួនមិនគិតនឹងហាមក៏មិនខ្វល់នឹងការដាក់ទោសរបស់ សាន់នី ដូចគ្នាព្រោះគេខុសអ៊ីចឹងគេក៏មិនខ្លាចនឹងការដាក់ទោសនេះដែរសុំត្រឹមតែម្យ៉ាង នាងកុំស្អប់គេទៅបានហើយ។
“បង...”
“ខ្ញុំស្អប់លោកឯង!!” ទីបំផុតអ្វីដែលគេខ្លាច អ្វីដែលគេមិនចង់ឮក៏របូតចេញពីមាត់នាងឱ្យទាល់តែបាន សាន់នី សម្លឹងមើល វ៉ាល់នៀរ៍ ដោយក្រសែភ្នែកអស់សង្ឃឹមជាទីបំផុត តែក្នុងនោះក៏លាយឡំអាណិតពេលបានឃើញទឹកមុខដឹងខុសរបស់គេ តែស្រីក្រមុំជ្រើសរើសធ្វើចិត្តដាច់មិនខ្វល់ពីអារម្មណ៍របស់គេ។
“យើងទៅវិញបងប្រុស... បងដើររួចទេចាំខ្ញុំគ្រា”
“មិនអីទេបងអាចដើរខ្លួនឯងបាន” ស្ហេត បើកទ្វារឡានឱ្យប្អូនស្រីសំណព្វ មុននឹងដើរវាងទៅកន្លែងរបស់ខ្លួនទាំងភ្នែកក៏មិនភ្លេចដៀងមើលមនុស្សប្រុសដែលមានឈ្មោះថា វ៉ាល់នៀរ៍ ដោយអារម្មណ៍ហេងហាង! គេមិនបានខឹងដែលអ្នកម្ខាងទៀតហិង្សាលើខ្លួនមុននេះ ជាប្រុសដូចគ្នាមើលមួយភ្លែតក៏ដឹងទៅហើយថាវាកើតឡើងព្រោះតែអ្វី តែព្រោះហេតុផលណាក៏ដោយគេក៏គ្មានសិទ្ធិលូកដៃរឿងផ្ទាល់ខ្លួនរបស់ប្អូនស្រីដែរ។
វ៉ាល់នៀរ៍ ដែលពេលនេះប្រៀបដូចជារាងកាយដែលគ្មានវិញ្ញាណបានត្រឹមឈរមើលឡានទំនើបបើកចេញទៅ ដោយមានរាងតូចមនុស្សជាទីស្រលាញ់នៅក្នុងនោះជាមួយអារម្មណ៍ដឹងខុស តែក៏អន់ចិត្ត កើតទុក្ខដែលនាងបង្ហាញឫកពាមិនខ្វល់ខ្វាយនឹងខ្លួន។
នៅលើឡានឯណេះវិញ សាន់នី បានតែអង្គុយស្ងៀមទ្រឹងប្រៀបដូចមនុស្សយន្តតែសម្ដីមួយម៉ាត់ក៏មិននិយាយ កាយវិការបន្តិចក៏មិនកម្រើកផង ធ្វើឱ្យមនុស្សឆ្លាតដូចជា ស្ហេត ដឹងភ្លាមថាប្អូនស្រីកំពុងតែខ្វល់ខ្វាយនឹងហេតុការណ៍ដែលបានកើតឡើងមុននេះ មិនមែនទេប្អូនស្រីរបស់គេកំពុងតែថ្នាក់ថ្នឹងចិត្តជាប្រុសម្នាក់នោះទៅវិញទេ។
“សាន់នី...”
“ខ្ញុំដឹងថាបងចង់សួរពីអ្វី តែខ្ញុំសុំមិនឆ្លើយសំណួរបងនៅពេលនេះទេ” នាងពិតជាមិនទាន់អាចធ្វើចិត្តនឹងនិយាយការពិត ចេញទៅបានមែន កាន់តែមានរឿងរញ៉េរញ៉ៃមុននេះទៀត នាងរឹតតែមិនដឹងថាគួរឆ្លើយតបនឹងប្រុសយ៉ាងណាដូចគ្នា។
“អូខេ បងមិនសួរនាំអ្វីឯងទេ” ពេលប្អូនស្រីមិនគិតនឹងនិយាយគេក៏មិនចង់សួរនាំច្រើនដូចគ្នា មិនចង់ឱ្យនាងគិតច្រើនជាងនេះ តែក៏អត់នឹងបង្អាប់ស្រីស្រស់មិនបានដូចគ្នា។
“មើលទៅប្រុសម្នាក់នោះគេដូចជាស្រលាញ់ឯងខ្លាំងណាស់” ពាក្យបង្អាប់របស់គេវាក៏បានផលពេលដែលអ្នកស្ងាត់ស្ងៀមមុននេះងាកមកតវ៉ាភ្លាមៗ។
“មិនពិតទេ! គេម្នាក់នោះមិនបានស្រលាញ់ខ្ញុំទេ ផ្ទុយមកវិញដែលគេធ្វើគ្រប់យ៉ាងព្រោះចង់ឈ្នះខ្ញុំតែប៉ុណ្ណោះ បងមិនដឹងទេថាគេចិត្តអាក្រក់ធ្វើបាបប្អូនស្រីបងខ្លាំងប៉ុណ្ណានោះទេ” នេះនាងនៅមិនទាន់ប្រាប់រឿងដែលប្រុសចង្រៃនោះគំរាមគំហែងនាងផង មិនអ៊ីចឹងគាត់នឹងដឹងហើយថាប្រុសម្នាក់នោះមិនបានស្រលាញ់នាងទេហេតុផលតែម្យ៉ាងដែលគេធ្វើគឺចង់ឈ្នះនាងឱ្យនាងស្លាប់ក្រោមបបាតជើងគេតែប៉ុណ្ណោះ។
“ហ៊ឹស! មិនស្រលាញ់ក៏ដាល់បងប៉ុណ្ណឹងទៅហើយ ទម្រាំស្រលាញ់ទៀតបងប្រហែលជាស្លាប់នៅនឹងកន្លែងផងក៏មិនដឹង”

កំហឹងចិត្តកំណួចបេះដូងWhere stories live. Discover now