ភាគទី៣១

150 2 0
                                    

“បងដឹងថាអូនជាអ្នកមានមិនខ្វះទេត្រឹមលុយពីររយលាននេះ តែបងក៏ជឿថាអូនប្រហែលជាមិនចង់ឱ្យអ្នកផ្ទះ ដឹងទំនាក់ទំនងរវាងពួកយើងដូចគ្នា...” និយាយហើយ វ៉ាល់នៀរ៍ ក៏អត់អន់ចិត្តមិនបានដែលអាការៈមួយនេះបង្ហាញលើមុខមាំមួនឱ្យឃើញច្បាស់ដូចគ្នាតែសាមីខ្លួនបានតែបន្លប់ធ្វើដូចជាគ្មានអារម្មណ៍អ្វីជាមួយរឿងទាំងនោះ។
“លិខិតលាឈប់របស់អូនបងទទួលទុកសិនក៏បាន បងទុកពេលឱ្យអូនមួយអាទិត្យសម្រេចចិត្តយ៉ាងណាសឹមមកជួបងជាថ្មី” វ៉ាល់នៀរ៍ ក្រោកដើរសម្ដៅទៅតុធ្វើការរបស់ខ្លួនវិញជាមួយនឹងស្រោមសំបុត្រនៅក្នុងដៃ តែមិនទាន់ដឹងអ្វីផងត្រូវសាមីខ្លួនកញ្ឆក់យករបស់ពីដៃគេទៅវិញមួយទំហឹង។
“ខ្ញុំសម្រេចចិត្តហើយមិនលាឈប់ទៀតនោះទេ” សាន់នី ខាំមាត់និយាយដោយការខឹងចិត្តដែលមិនអាចយកឈ្នះមនុស្សផ្ដាច់ការចំពោះមុខបាន។
ពិតខឹងចិត្តណាស់! តែឱ្យនាងធ្វើយ៉ាងម៉េច បើពេលនេះអ្នកម្ខាងទៀតកាន់សន្លឹកបៀនៅក្នុងដៃធំជាងនាងស្រាប់ទៅហើយ បើប្រឹងតតាំងគេមិនខុសអីពីយកពងមាន់ទៅជល់នឹងថ្មនោះទេ។
ទ្រាំទៅ សាន់នី ធ្វើយ៉ាងម៉េចនេះជាកម្មរបស់ឯង ហុ ហុ...
“អូនច្បាស់ហើយ?” វ៉ាល់នៀរ៍ ធ្វើជាសួរបញ្ជាក់ទាំងមិនភ្លេចញញឹមពេញចិត្ត ដោយដឹងច្បាស់មុនទៅហើយថាស្រីតូចគ្មានផ្លូវអាចយកឈ្នះខ្លួនបាននោះទេ។
“ដឹងហើយនៅសួរធ្វើស្អីទៀត!” ស្រែកគំហកហើយ សាន់នី បែរខ្លួនដើរចេញពីបន្ទប់ វ៉ាល់នៀរ៍ ទាំងកំហឹងតែដើរទៅដល់មាត់ទ្វារក៏មិនភ្លេចបញ្ជាក់នូវសម្ដីដែលសាងឱ្យបេះដូងទាំងពីរដួងឈឺខ្ទោកស្របគ្នា។
“ខ្ញុំស្អប់លោកណាស់...ចាំទុក!” បន្សល់ទុកត្រឹមសម្ដីប៉ុណ្ណឹងដុកទ័រក្រមុំចាកចេញទៅបាត់ទុកត្រឹមម្ចាស់បន្ទប់ឱ្យឈរញញឹមជូចត់តែម្នាក់ឯង។
“តែបងស្រលាញ់អូន!” វ៉ាល់នៀរ៍ បានត្រឹមបន្តប្រយោគពីក្រោយស្រីស្រស់ទាំងបេះដូងឈឺចាប់។
គេចង់ឱ្យនាងបានដឹង បានស្ដាប់ បានឮពាក្យនេះចេញពីមាត់របស់គេតែមើលទៅវាក៏គ្មានប្រយោជន៍ទៀតដែរ ពេលនេះអ្វីៗបានហួសអស់ទៅហើយទោះជាគេសារភាពទាល់តែស្លាប់ខ្លួន ក៏នាងមិនចង់ស្ដាប់ទៀតដែរ! តែមិនថានាងស្អប់ខ្ពើមគេខ្លាំងប៉ុណ្ណា ក៏កាន់តែស្រលាញ់ដែលគេឱ្យទៅនាងមិនរាថយឡើយ ផ្ទុយមកវិញវាមានតែកើនឡើងជាលំដាប់ទោះជាគេមិនអាចរកលំនឹងសម្រាប់ក្ដីស្រលាញ់មួយនេះបានក៏ដោយ។
ពេញមួយថ្ងៃ សាន់នី ធ្វើអ្វីមិនចេញបានតែអង្គុយមើលសំបុត្រលាឈប់នៅក្នុងដៃទាំងមិនអស់ស្មុគស្មាញនៅក្នុងអារម្មណ៍ វាហាក់ដូចជាតាន តឹងមិនដាច់ស្រឡះមិនដឹងថាព្រោះតែអ្វីឱ្យប្រាកដ បានជានាងមានអាការៈចម្លែកបែបនេះកើតឡើងនៅក្នុងខ្លួន។
នេះឯងមិនហ៊ានលាឈប់ព្រោះអ្វីទៅ សាន់នី? ព្រោះមិនអាចយកឈ្នះគេឬព្រោះឯងមិនដាច់ចិត្តចាកចេញពីគេឱ្យប្រាកដ? 
សំណួរនេះវានៅឌិតដាមជាប់ក្នុងខួរក្បាលនាង តាំងពីដើរចេញពីបន្ទប់ប្រុសកំលោះរហូតមកដល់ពេលនេះម្ល៉េះ ហើយប្រាកដណាស់ថានាងក៏នៅតែមិនទាន់អាចរកចម្លើយឱ្យវាបានដូចគ្នា... តាមពិតមិនមែនថារកមិនបាននោះទេផ្ទុយមកវិញនាងខ្លួនឯងដឹងចម្លើយច្បាស់នៅក្នុងចិត្តស្រាប់ទៅហើយ។
នាងនៅក៏ព្រោះតែមិនចង់ឃ្លាតឆ្ងាយពីគេ... តែហើយយ៉ាងម៉េច? មិនថានាងនៅក្នុងហេតុផលណានោះទេវាក៏មិនបានសំខាន់សម្រាប់មនុស្សចិត្តខ្មៅដូចជាគេស្រាប់ទៅហើយ។
“អាមនុស្សចិត្តខ្មៅ ខ្ញុំស្អប់បងណាស់!” ដុកទ័រក្រមុំអង្គុយខាំមាត់ខឹងចិត្តម្នាក់ឯងសឹងតែដាច់ចេញឈាមទៅហើយស្អប់មនុស្សទំនើងកុហកបោកប្រាស់ដូចជា វ៉ាល់នៀរ៍ តែនាងរឹតតែស្អប់ខ្លួនឯងដែលមិនព្រមធ្វើចិត្តឈប់ស្រលាញ់គេបាន ផ្ទុយមកវិញបែរជាកាន់តែស្រលាញ់គេខ្លាំងលើសដើមទៅវិញ។
ទឺត ទឺត
ការហៅចូលរបស់ទូរស័ព្ទ សាន់នី ក៏ប្រញាប់ប្រលែងមាត់ឱ្យមានសេរីភាពវិញ ដោយការងាកមកចាប់អារម្មណ៍របស់ក្បែរខ្លួន ស្របពេលនោះទឹកមុខតប់ប្រមល់មុននេះក៏អាចរំសាយបានខ្លះ ជំនួសមកវិញដោយស្នាមញញឹមស្ទើតែទាំងស្រុងពេលឃើញថាអ្នកខលចូលជាអ្នកណា។
“អាឡូបងធំ”
(ថ្ងៃនេះមានវេនយាមយប់ឬអត់ស្រីស្អាតសំណព្វចិត្តបង?)
“អត់មានទេថ្ងៃស្អែកទើបមាន បងមានការអីមែនទេ?”
(គ្មានអ្វីទេ! គ្រាន់តែចង់សួរអូនថាត្រលប់ទៅផ្ទះពេលនេះឬអត់?) ស្ហេត សួរនាំប្អូនស្រីដោយសំឡេងស្រស់ស្រាយតែសំណួររបស់គេធ្វើឱ្យម្ចាស់រាងតូចភ្ញាក់មិនតិចនោះទេ។
“អុយ នេះដល់ម៉ោងហើយហ្ន៎!”
(បាទ ហើយបងក៏មកចាំអូនជិតម្ភៃនាទីហើយដែរ)
“សុំទោសផងបងធំ ចៃដន្យអីថ្ងៃនេះការងាររវល់ពេកទើបមិនបានជាមើលម៉ោង” នាងកុហក! ថ្ងៃនេះមិនត្រឹមតែគ្មានការងារចូលនោះទេនាងថែមទាំងអង្គុយទំនេរអត់ប្រយោជន៍ពេញមួយថ្ងៃទៀតផង។
បើមិនកុហកហើយចង់ឱ្យនាងធ្វើយ៉ាងម៉េច? ចង់ឱ្យទៅប្រាប់បងប្រុសថាអង្គុយនឹកសង្សារចាស់អ៊ីចឹងហ្ន៎ វាគ្មានផ្លូវទេធ្វើបែបនោះនាងបាក់មុខស្លាប់ហើយ ទាំងដែលស្រែកក្ដែងៗប្រាប់ថាស្អប់ វ៉ាល់នៀរ៍ ហើយក៏មកអង្គុយនឹកគេបែបនេះ ស្លាប់ក៏នាងមិននិយាយការពិតដែរ។
“បងធំចាំមួយភ្លែតណា ខ្ញុំសុំរៀបចំខ្លួនមួយភ្លែតរួចរាល់ខ្ញុំនឹងចេញទៅ” ក្រោយដាក់ទូរស័ព្ទចុះពីបងប្រុសរួចរាល់ សាន់នី ប្រញាប់រៀបចំខ្លួនចេញទៅព្រោះមិនចង់ឱ្យបងប្រុសរង់ចាំយូរជាងនេះ។
ស្រីស្រស់ញាប់ជើងស្មេរដើរទៅមុខមន្ទីរពេទ្យ ទាំងមិនបានចាប់អារម្មណ៍ទេថាមានមនុស្សម្នាក់ ក៏កំពុងតែញាប់ជើងដើរតាមពីក្រោយនាងដូចគ្នា ទាំងឫកពាមើលទៅមិនពេញចិត្តលាយឡំដោយអាការៈខឹងសម្បារដូចគ្នា។
“អាយយ”

“សាន់នី!” មុនពេលដែលស្រីតូចបានទៅដល់ឡាន រាងកាយរបស់នាងក៏ត្រូវចាប់ទាញថយក្រោយមួយទំហឹងតែក៏មិនបានធ្វើឱ្យនាងដួលផ្ទុយមកវិញបែរជាជ្រប់ទៅក្នុងផែនទ្រូងហាប់ណែនមួយទំហឹង ខណៈពេលនោះចំហាយកក់ក្ដៅសាយភាយប៉ះរាងកាយតូចមួយរំពេចន៍មិនចាំស្អែក។
អារម្មណ៍មួយនេះភាពកក់ក្ដៅមួយនេះដែលនាងចង់បាន ដែលនាងដង្ហោយរកវាអស់ជាច្រើនឆ្នាំមកហើយ សាន់នី លង់នឹងចំហាយក្ដីសុខវិះតែធ្លោយដៃលើកទៅឱបរាងក្រាស់ទៅហើយ តែសំណាងដែលនាងដឹងខ្លួនទាន់ពេល ទើបប្ដូរពីឫកពាដែលចង់ឱបគេមកជារុញច្រានអ្នកកំលោះចេញមួយទំហឹងដោយការខឹងស្អប់។
“លោកធ្វើស្អីហ្នឹងហ្អាស!!” ក្រោយពីមានសេរីភាពពី វ៉ាល់នៀរ៍ សាន់នី រត់មកពួនក្រោយខ្នងបងប្រុសឱ្យជួយធ្វើជារនាំងការពារខ្លួន ហើយប្រាកដណាស់ថាមនុស្សដូចជា ស្ហេត នឹងមិនព្រមឱ្យអ្នកមកធ្វើបាបប្អូនស្រីរបស់ខ្លួនបានដោយងាយៗនោះទេ។
“ឯងមានសិទ្ធិស្អីធ្វើបែបនេះដាក់ សាន់នី?”
“ឯងកុំមកចេះ!!”
ឌឹប
ព្រោះចិត្តប្រចណ្ឌលាយឡំនឹងកំហឹង ដែលមានគុំនៅក្នុងចិត្តស្រាប់ វ៉ាល់នៀរ៍ មិនគិតនឹងសួរនាំដេញដោលច្រើនស្ទុះទៅដាល់ ស្ហេត មួយដៃចំកញ្ចប់មាត់យ៉ាងទាន់ហន់ ធ្វើឱ្យអ្នកដែលមិនបានត្រៀមខ្លួនស្រាប់ទៅជាដួលផ្ងារក្រោយមួយទំហឹង! ហេតុការណ៍មួយនេះសាងការភ្ញាក់ផ្អើលដល់គ្រប់គ្នាដែលនៅជុំវិញនេះជាពិសេសគឺ សាន់នី តែម្ដងមិនគិតថា វ៉ាល់នៀរ៍ ហ៊ានធ្វើដល់ថ្នាក់នេះ។

កំហឹងចិត្តកំណួចបេះដូងWhere stories live. Discover now