រឿង We can NOT be together
(រឿងខ្លីមួយភាគចប់)
អាហារពេលល្ងាចរៀបចំសម្រាប់ទទួល FeiYe មកលេងស្រុកកំណើតបន្ទាប់ពីរៀននៅទីក្រុងអស់ជាយូរបានរៀបចំឡើងអឹកធឹកក្នុងផ្ទះត្រកូល Shanggong ។ ក្រោយពីញ៉ាំអាហារពេលល្ងាចហើយគ្រប់គ្នាបំបែកគ្នាទៅបន្ទប់រៀងៗខ្លួនលើកលែងតែ FeiYe និងប៉ាម៉ាក់របស់ YiLing ដែលជាម្ចាស់ផ្ទះប៉ុណ្ណោះដែលអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវនិយាយគ្នាពីនេះពីនោះ។
« លោកពូ អ្នកមីងមានអ្វីមែនទេ? » កម្លោះ FeiYe ចាប់និយាយមុនបន្ទាប់ពីស្ងាត់មាត់មួយសន្ទុះ។
« Ye ទីបំផុតឯងរៀនចប់ហើយ!! » ប៉ា Yiling សម្លឹងមើលទៅក្មួយប្រុសដោយមោទនភាព។
« បាទ!! » កម្លោះតូចអោនក្បាលញញឹមតិចៗ។
« អាល្អិតឯងមួយពព្រិចភ្នែកក៏ធំយ៉ាងនេះទៅហើយ!! »
« រៀនចប់ហើយគិតទៅរៀនបន្តនៅឯណា!? » ម៉ាក់ Yiling ងាកមកមើលក្មួយប្រុសបន្ទាប់ពីសើចតាមប្តីមួយសន្ទុះ។
« ក៏កំពុងតែគិតមើលរវាងប្រទេសជប៉ុននិងថៃ! »
« ទៅជប៉ុនក៏ល្អណា៎ ប៉ាម៉ាក់ក៏នៅទីនោះស្រាប់ហើយការអប់រំរបស់សាលាក៏មិនអន់ដែរ » លោកពូឱ្យយោបល់ពេលឃើញថាក្មួយនៅស្ទាក់ស្ទើរក្នុងចិត្ត។
« ដូចពូរបស់ឯងនិយាយក៏ល្អដែរ នៅឆ្ងាយប៉ាម៉ាក់យូរហើយចំណាយពេលក្បែរពួកគាត់ខ្លះក៏ល្អ!! »
« បាទ ខ្ញុំនឹងប្រញាប់រៀបចំឯកសារ!! ចុះ Ling'er!? »
YiLing ពួននៅម្ខាងចាំស្តាប់ចាស់ៗពិភាក្សាគ្នា
FeiYe ជាបងប្រុសជីដូនមួយរបស់នាង ប៉ារបស់ Ye និងប៉ា YiLing ជាបងប្អូនបង្កើតនឹងគ្នា។ គេមានអាយុ 18ឆ្នាំ តែនាងទើបតែ 15ឆ្នាំប៉ុណ្ណោះ ដូច្នេះទើបពួកគេឧស្សាហ៍ស្និតស្នាលនឹងគ្នាដូចបងប្អូនប្រុសស្រីទូទៅមិនបានគិតដល់ភាពជាស្រីប្រុសអ្វីនោះទេ។
តែ Ye ទើបនឹងត្រឡប់មកផ្ទះទេ នេះគាត់ចង់ទៅរៀនបន្តនៅជប៉ុនមែនទេ!? សូម្បីតែនៅក្នុងប្រទេសជាមួយគ្នាខុសតែខេត្តនាងក៏គ្មានសមត្ថភាពទៅជួបមុខគេទៅហើយ ចុះទម្រាំតែឆ្លងប្រទេសទៀត!? នាងមិនហ៊ានគិតដល់ទេ!
« ចាំមើលមីងឯងសម្រេចចិត្តយ៉ាងម៉េចសិន! »
« នាងនៅក្មេង មិនចាំបាច់ប្រញាប់ទេ!! » ម៉ាក់ Yiling ផ្អាកបន្តិចមុននឹងនិយាយត « មែនហើយ Ye ធ្វើដំណើរហត់ណាស់ហើយ ទៅសម្រាកទៅក្មួយ! »
« បាទ!! រាត្រីសួស្តីលោកពូអ្នកមីង!! »
« តុក...តុក...តុក... » សម្លេងគោះទ្វារបន្លឺឡើងជាច្រើនដង Ye ទាញ កន្សែងពោះគោពណ៌សមកស្លៀកជាប់ចង្កេះហើយប្រញាប់ដើរទៅបើកទ្វារទាំងមិនពាក់អាវ។
« Ling'er!! នេះយប់ជ្រៅហើយ មកទីនេះធ្វើអី!? » Ye ច្រត់ដៃលើទ្វារទាំងសងខាងពេលឃើញប្អូនស្រីជីដូនមួយឈរនៅចំពោះមុខ។
« បងទៅជប៉ុនមែនទេ!? » នាងតូចសួរទាំងមិនទាន់ឈានជើងចូលដល់ក្នុងបន្ទប់។
« បងមិនទាន់សម្រេចចិត្តទេ! »
« តែបងនិយាយថានឹងរៀបចំឯកសារ បងសម្រេចចិត្តរួចហើយហេតុអីនៅបន្តកុហកទៀត!? »
« មែនហើយ!! » Ye អស់ផ្លូវប្រកែកទើបត្រូវព្រមទទួល។
« តែខ្ញុំមិនចង់ឱ្យបងទៅទេ បងទើបតែមកដល់ផ្ទះ បងមិនដឹងថាខ្ញុំនឹកបងខ្លាំងប៉ុណ្ណាទេ » នាងស្រាប់តែយំភ្លាមៗរកសម្របតាមមិនទាន់។
« Ling'er កុំយំ!! តែប៉ុន្មានឆ្នាំប៉ុណ្ណោះ! » ដៃស្រឡូនធំវែងៗតាមរបៀបមនុស្សប្រុសលើកជូតទឹកភ្នែកឱ្យ Yiling ថ្នមៗ។
« យូរណាស់! ខ្ញុំមិនចង់ឱ្យបងទៅទេ! » នាងតូចលោទៅអោបចង្កេះបងប្រុសយ៉ាងណែនតាមដែលអាចធ្វើបាន។
« បែបនេះចុះ បងនឹងឧស្សាហ៍មកលេងឯងល្អទេ? »
« បងរៀននៅទីក្រុងជាងមួយឆ្នាំទើបមកផ្ទះម្តង ចុះទម្រាំតែទៅក្រៅប្រទេសទៀត!? បងកុំបោកខ្ញុំអី! »
« ចាំបងខលវីដេអូជាមួយឯងរាល់យប់ ហើយមួយឆ្នាំបងមកលេង 3ដងបានទេ? »
« បងសន្យាហើយ! » Yiling លើកម្រាមកូនដៃឱ្យ Ye ថ្ពក់ជាការសន្យា ទើបអ្នកកម្លោះថ្ពក់ដៃតាមអ្វីដែលនាងចង់បាន។
« សន្យា! ឆាប់ទៅគេងទៅថ្ងៃស្អែកបងនាំទៅដើរលេង! » Ye អង្អែលក្បាលនាងថ្នមៗ។
« ពិតមែន? ល្អណាស់ ខ្ញុំទៅគេងហើយ! » នាងតូចរត់ចេញទៅទើបរាងក្រាស់ប្រញាប់ទាញទ្វារបិទ តែនាងស្រាប់តែរត់បកមកវិញ។
« Ah Ye ថើបខ្ញុំសិនមក! » នាងក្រមុំជំទើតជើងទាមទារការថើបពីបងប្រុសដូចកាលក្មេងៗ។
« ពេលនេះឯងធំហើយ ជាប្រុសស្រីមិនអាចថើបគ្នាទេ! »
« ខ្ញុំទើបតែ 15ឆ្នាំប៉ុណ្ណោះ!! »
« តែបង 18ហើយ! »
« ក៏បាន! » Yiling ជំទើតជើងទាញ Ye ឱ្យអោនមុខចុះហើយថើបថ្ងាស់គេមួយដង្ហើមមុននឹងរត់ទៅបាត់។
« រាត្រីសួស្តី Ah Ye! » នាងតូចងាកមកលើកដៃបាយបាយហើយចូលបន្ទប់បាត់។
FeiYe ឈរញញឹមសម្លឹងមើលប្អូនស្រីរហូតដល់នាងចូលបន្ទប់បាត់ព្រោះបន្ទប់នៅជិតក្បែរៗគ្នាហើយបិទទ្វារចូលគេងដូចធម្មតា។
ម៉ាក់Yiling ឈរនៅម្ខាងសម្លឹងមើលសកម្មភាពរបស់ពួកគេ សង្ឃឹមថាគ្រប់យ៉ាងមិនដូចជាការគិតរបស់គាត់ទៅចុះ ពួកគេជាបងប្អូនដែលមានប្រភេទឈាមស្ទើរតែដូចគ្នាទាំងស្រុង ពីដើមមកគ្រួសារ Shanggong ក៏មិនធ្លាប់មានប្រវត្តិឱ្យបងប្អូនស្រឡាញ់គ្នាដែរ បើពួកគេហ៊ានដើរកន្លង គាត់ច្បាស់ជាធ្វើតាមច្បាប់គ្រួសារមិនខាន។
ថ្ងៃបន្ទាប់
YiLing ឈរមុខកញ្ចក់រើសសម្លៀកបំពាក់ដើម្បីចេញទៅក្រៅជាមួយ FeiYe តែរើសមិនត្រូវចិត្តសោះ។
« ចេញទៅក្រៅជាមួយ Ye មែនទេ? » អ្នកម៉ាក់ចូលមកឈរពីក្រោយកូនស្រីតែម្នាក់គត់របស់គាត់។
« ចា៎! គាត់ថានាំខ្ញុំទៅដើរលេង ម៉ាក់ជួយមើលថាខ្ញុំគួរស្លៀកពាក់បែបណាទើបសម? ខ្ញុំរើសមិនត្រូវចិត្តសោះ! »
« ឯងគួរឱ្យស្រឡាញ់បែបនេះ ពាក់មួយណាក៏សមដែរ! »
« ខ្ញុំចង់ដឹងថាមួយណាដែល Ye ចង់ឱ្យខ្ញុំពាក់ជាង! » នាងតូចសើចហើយរើសសម្លៀកបំពាក់ចុះឡើងមិនចេះចប់។
« Yiling ស្តាប់ម៉ាក់ » គាត់បង្វិលនាងឱ្យបែរទៅកញ្ចក់បញ្ឈរដ៏ធំមួយជំហរខ្លួនក្នុងបន្ទប់នាង។
« ឯងនឹង FeiYe មិនថាមានរឿងអ្វីកើតឡើងនោះទេ ឯងនិងគេគឺមិនអាចលើសពីនេះដាច់ខាត ព្រោះពួកឯងជាបងប្អូននឹងគ្នា! »
គាត់សង្កត់សម្លេងចាប់ស្មារនាងតូចជាប់ធ្វើឱ្យនាងហាក់ដូចជាគាំងនិយាយអ្វីមិនចេញ ម៉ាក់របស់នាងកំពុងនិយាយពីអ្វី? នាងនិង FeiYe? បេះដូងរបស់នាងលោតញាប់ខ្លាំងណាស់!
« ម៉ាក់ទៅហើយ រៀបចំខ្លួនឱ្យស្អាតទៅ Ye ប្រហែលជារួចរាល់ហើយ! » អ្នកម៉ាក់ដើរចេញទៅវិញហើយបិទទ្វារថ្នមៗទុកឱ្យអ្នកនៅខាងក្នុងស្ងាត់មាត់ជ្រាបគិតមិនយល់ពីសម្តីរបស់គាត់មុននេះ។
ដើរលេងតាំងពីថ្ងៃទល់យប់ ទីបំផុតមេឃងងឹតហើយបងប្អូនត្រកូល Shanggong ក៏ដើរលេងឆ្អែតឆ្អន់ដូចគ្នា។
FeiYe នាំ YiLing មកញ៉ាំអីនៅ Mart មុននឹងត្រឡប់ទៅផ្ទះវិញព្រោះខ្លាចនាងរអ៊ូថានាំនាងដើរលេងបង្អត់អាហារនាង។ បន្ទាប់ពីទិញរបស់ញ៉ាំហើយពួកគេក៏មករកកន្លែងអង្គុយដែលដាច់ដោយឡែកឆ្ងាយពីគេមួយ។
« មើលមុខបងធ្វើអី? » Ye និយាយតិចៗពេលឃើញ Yiling មិនព្រមញ៉ាំអាហាររបស់ខ្លួនតែបែរជាសម្លឹងមុខគេមិនឈប់។
« ព្រឹកមិញអ្នកម៉ាក់បាននិយាយប្រាប់ខ្ញុំ »
« អ្នកមីងប្រាប់អី? »
« តែមុននឹងខ្ញុំនិយាយ ខ្ញុំអាចសួរបងរឿងមួយបានទេ? »
« អឹមមម! » Ye ងក់ក្បាលតិចៗហើយលើកកែវទឹកមកផឹក។
« Ye! រវាងយើងអាចលើសពីនេះទេ? » សំណួររបស់នាងចម្លែកហើយក៏ចាក់ដោតរហូត FeiYe ត្រូវស្ងាត់មាត់មិនដឹងថាគួរឆ្លើយតបបែបណាទើបសម។
« ............... »
« ខ្ញុំចង់មានន័យថាពួកយើងអាចលើសពីបងប្អូនទេ? » នាងតូចសួរម្តងទៀតពេលមិនបានលឺចម្លើយ។
« លើសពីបងប្អូន? ប្រាប់បងមក ពេលនេះឯងចង់ធ្វើជាអ្វីនឹងបង? » គេសួរក្នុងទឹកមុខស្មើធ្វើឱ្យបាងអោនមុខចុះ
« ខ្ញុំនិយាយលេងទេ គ្មានអីទេ! » នាងនិយាយធ្វើឱ្យ FeiYe ស្ងាត់មាត់មិននិយាយស្តី។
« Ah Ye! » នាងតូចហៅព្រោះឃើញបងប្រុសដូចភ្លឹកៗ។
« Ling'er លាតដៃមក! » Ye លូកក្នុងហោប៉ៅអាវធំរបស់គេយករបស់ម្យ៉ាងចេញមកហើយដាក់ទៅលើដៃប្អូនស្រីជីដូនមួយ។
« បងទិញមកផ្ញើឯង! »
« ពិតមែន? ស្អាតណាស់! »
Yiling ញញឹមលើកខ្សែកមួយខ្សែនោះមកមើល ទឹកមុខរបស់នាងបង្ហាញយ៉ាងច្បាស់ថានាងត្រេកអរកម្រិតណា។ Ye យកខ្សែកពីដៃ Yiling ហើយយកទៅពាក់លើ ករបស់នាងឱ្យបានត្រឹមត្រូវ។
« កុំគិតច្រើនអី បណ្តោយតាមពេលវេលាទៅ! »
« អឹមមម!! »
នាងតូចងក់ក្បាលផ្ងក់ៗ មែនហើយនាងមិនគួរគិតច្រើននោះទេ ពួកគេនៅក្មេងខ្លាំងណាស់សម្រាប់រឿងបែបនេះ។
« Ye!! ផឹកស្រាបានទេ!? អបអរបងរៀនចប់នោះអី!! » នាងតូចប្រឹងញញឹមធ្វើមុខគួរឱ្យស្រឡាញ់ដាក់បងប្រុស។
« អត់ទេ!! ឯងនៅក្មេង!! »
« Ah Ye! » នាងធ្វើមុខង៉ក់ងរពេលត្រូវបដិសេធ។
« បងទៅបន្ទប់ទឹក កុំផ្តេសផ្តាសឱ្យសោះ! » រាងក្រាស់គំរាមហើយដើរចេញទៅបាត់ទុកឱ្យនាងតូចអង្គុយញញឹមម្នាក់ឯង នាងមិនល្ងង់ស្តាប់តាមបម្រាមរបស់គេនោះទេ យ៉ាងណាក៏គេតែងតែតាមទំនើងចិត្តរបស់នាងស្រាប់ទៅហើយ។
Ye ចេញពីបន្ទប់ទឹកឃើញ Yiling ផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែកក្រាបក្បាលគេងលើតុ។ នេះហាមមិនស្តាប់តែម្តង រាងក្រាស់លើកបីប្អូនស្រីចេញទៅក្រៅហើយហៅតាក់ស៊ីត្រឡប់ទៅផ្ទះវិញ។
ថ្ងៃបន្ទាប់...
FeiYe ភ្ញាក់ឡើងឃើញខ្លួនឯងគេងលើសាឡុង។ រាងក្រាស់ក្រោកទាំងមមីមមើសម្លឹងមើលជុំវិញខ្លួន
វាជាបន្ទប់របស់ Yiling យប់មិញនាងស្រវឹងហើយហាមមិនឱ្យគេចេញទៅចោលនាងទើបគេត្រូវគេងលើសាឡុងបែបនេះ។
Ye ក្រោកដើរទៅជិតប្អូនស្រីដែលគេងលើគ្រែនៅជិតនោះមុននឹងថើបថ្ងាស់នាងបន្តិចហើយបម្រុងដើរចេញទៅវិញតែត្រូវនាងតូចមិនដឹងភ្ញាក់តាំងពីពេលណាចាប់ដៃគេជាប់។
« ភ្ញាក់ហើយអ្ហេស? »
« Ye!! បងស្រឡាញ់ខ្ញុំទេ? » Yiling ក្តាប់ដៃ Ye ជាប់។ នាងមិនយល់ទេថាហេតុអ្វី តែអារម្មណ៍របស់នាងចំពោះគេគឺលើសពីក្តីស្រឡាញ់របស់បងប្អូន ចម្លែកខ្លាំងណាស់។
« បង- »
« បងមិនអាចកុហកខ្ញុំទេ! » Yiling និយាយកាត់សម្តី Ye ។
« ចុះឯង? Ling'er! »
« ខ្ញុំកំពុងសួរបង មិនមែនឱ្យបងសួរបកមកវិញទេ » នាងស្រែកកំហុកដាក់គេធ្វើឱ្យគេឈានជើងថយក្រោយ។
« មែន! បងស្រឡាញ់ឯង លើសពីប្អូនស្រី! »
Ye សារភាពទាំងគិតថាវាមិនអាចទៅរួច។ មនុស្សស្រីច្រើនណាស់ដែលស្អាតជាង Yiling គួរឱ្យស្រឡាញ់ជាង Yiling ហើយស័ក្តិសមនឹងគេជាង Yiling តែបេះដូងរបស់គេបែរជាចងចាំតែ Yiling ម្នាក់ នាងជាក្មេងស្រីសាមញ្ញខ្លាំងណាស់ តែបែរជាធ្វើឱ្យគេងប់ងល់ដល់ថ្នាក់នេះ រាល់ថ្ងៃរាល់ខែនៅសាលាគេទន្ទឹងតែថ្ងៃត្រឡប់មកវិញ ស្នាមញញឹមរបស់នាងតែងតែធ្វើឱ្យបេះដូងគេកក់ក្តៅ កក់ក្តៅទាំងដឹងថាមិនអាចមានផ្លូវអាចទៅរួច។ មិនដឹងថាអារម្មណ៍បែបនេះវាចាប់ផ្តើមតាំងពីពេលណា តែពេលដឹងខ្លួនម្តងទៀត ក៏បាក់ចិត្តទៅលើនាងទៅហើយ។
« Ah Ye! » Yiling ប្រឹងចាប់ដៃ Ye តែគេបែរជាព្យាយាមទាញចេញរហូតដល់របូតពីដៃនាង។
« ឱ្យបងធ្វើយ៉ាងម៉េច? Ling'er ឯងនិយាយមក! »
Yiling ស្រក់ទឹកភ្នែកតក់ៗរកពាក្យតបមិនត្រូវ នាងក៏ស្រឡាញ់គេដូចគ្នា ស្រឡាញ់ខ្លាំងទៀតផង តែត្រកូល Shanggong មានច្បាប់តឹងរឹងខ្លាំងណាស់ មិនអាចបំពាននោះទេ។
« បំភ្លេចវាចោលទៅ! បងសុំទោស! » រាងក្រាស់បែរខ្នងដើរសម្តៅទៅទ្វារចេញត្រឡប់ទៅបន្ទប់គេវិញពេលឃើញប្អូនស្រីគិតតែយំមិននិយាតអ្វី ពេលខ្លះគេអាចគិតតែម្នាក់ឯងក៏ថាបាន។
« ខ្ញុំស្រឡាញ់បងដូចគ្នា! Ye ខ្ញុំស្រឡាញ់បង! » Yiling លុតជង្គង់លើគ្រែស្រែកខ្លាំងៗឱ្យគេលឺហើយងាកមុខមកវិញ។
« បងយល់ហើយ! » គេងាកមកញញឹម YiLing ក៏ក្រោកចេញទៅអោបបងប្រុសជាប់។
« Ye កុំទៅអី! បងកុំទៅក្រៅប្រទេសអី រៀននៅទីនេះក៏បាន ហេតុអីចាំបាច់ទៅ? »
« Ling'er!! ស្តាប់បង! » រាងក្រាស់លើកនាងតូចឱ្យអង្គុយលើគ្រែហើយលុតជង្គង់នៅលើឥដ្ឋការ៉ូមុខនាង មុននឹងនិយាយបន្ត « បងច្បាស់ជាមកវិញ ចាំបង! »
« សន្យាបានទេ? »
« យើងនឹងនៅតែទាក់ទងគ្នាបែបនេះ បងសន្យា! »
រាងស្តើងអោបបងប្រុសទាំងទឹកភ្នែក Ye អង្អែលខ្នងនាងថ្នមៗ គេដឹងហើយ ដឹងថាវាខុសទៅនឹងច្បាប់ក្នុងគ្រួសារ តែមិនថាទៅថ្ងៃមុខមានរឿងអ្វីទេ គេនឹងយល់ព្រមទទួលយកគ្រប់យ៉ាង។
ម៉ាក់YiLing ចេញពីបន្ទប់ចុះទៅក្រោមដើម្បីធ្វើអាហារពេលព្រឹកតែក៏ឃើញ Ye ចេញពីបន្ទប់របស់ YiLing ទាំងព្រលឹម នេះពួកគេនៅបន្ទប់ជាមួយគ្នាពេញមួយយប់មែនទេ?
2ឆ្នាំកន្លងផុតទៅ...
FeiYe និង YiLing មានទំនាក់ទំនងស្នេហាជាមួយគ្នាដោយលាក់លៀមរយៈពេលជាង 2ឆ្នាំហើយ ពួកគេនៅតែរក្សាវាបានយ៉ាងល្អ Ye ក៏ឧស្សាហ៍មកលេង YiLing ដែរ តែក្រោមលេសមកលេងពូមីងតែប៉ុណ្ណោះ។
Ye ផ្ញើសារមកប្រាប់ថានឹងហោះពីជប៉ុនមកកូរ៉េនៅថ្ងៃស្អែក សំបុត្រយន្តហោះនិងអ្វីៗគ្រប់យ៉ាងបានរៀបចំរួចរាល់អស់ហើយ។
នាងតូច YiLing ញញឹមដាក់អេក្រង់ទូរស័ព្ទមុននឹងរត់ឡើងទៅបន្ទប់យកកែវដាក់ផ្កាយក្រដាសដែលនាងបត់ទុកជាអំណោយឱ្យ FeiYe តែនៅមិនទាន់រួចរាល់យកមកបត់បង្ហើយបន្ទាប់ពីលឺដំណឹង។
Ling'er លើកែវផ្កាយនិងក្រដាសឡើងបម្រុងចេញពីបន្ទប់តែបែរជាឃើញម៉ាក់របស់នាងកាន់ទូរស័ព្ទដែលនាងទុកចោលអំបាញ់មិញដើរចូលមកហើយសម្លឹងមកនាងទាំងកំហឹង។
« ឯងទាក់ទងគ្នាជាមួយ Ye មែនទេ? » គាត់ទាញទ្វារបិទពេញទំហឹងលាន់សូរគ្រាំងពេញផ្ទះ។
« អ្នកម៉ាក់! » Yiling ឈានជើងថយក្រោយ នេះគាត់បានឃើញសារទាំងអស់ហើយមែនទេ?
« កូនល្ងង់ ឯងដឹងថាខ្លួនឯងកំពុងធ្វើអ្វីទេ? »
« តែពួកយើងស្រឡាញ់គ្នា! អ្នកម៉ាក់ សុំអង្វរ! កុំបំបែកពួកយើងអី! » នាងតូចរត់មកអោបជើងអ្នកម៉ាក់ដើម្បីអង្វរគាត់តែត្រូវគាត់គ្រវាសចេញធ្វើឱ្យច្រឡោតដួលទៅម្ខាង។
« ផ្កាយក្រដាសនេះបត់ឱ្យ Ye មែនទេ? » គាត់ដើរទៅចាប់លើកកែវផ្កាយទាំងនោះឡើង។
« ម៉ាក់ ឱ្យវាមកខ្ញុំវិញមក! »
« ពួកឯងសុទ្ធតែបានរៀនសៀវភៅច្បាប់គ្រួសាររបស់ត្រកូល Shanggong ហើយ ច្បាប់ទី 101 បងប្អូនត្រកូលដូចគ្នាគឺមិនអាចមានស្នេហានោះទេ ទោះបីប្រភេទឈាមខុសគ្នាក៏ដោយ តែនេះពួកឯងមានប្រភេទឈាមដូចគ្នាដល់ទៅ 95% វាស្ទើរតែដូចបងប្អូនបង្កើតទៅហើយ! Shanggong YiLing ឯងត្រូវតែចាំថា Shanggong FeiYe ជាបងប្រុសរបស់ឯង បើពួកឯងនៅហ៊ានបំពានទៀតនោះ ម៉ាក់នឹងធ្វើតាមច្បាប់គ្រួសារ ធ្វើឱ្យពួកឯងនៅម្ខាងទ្វីបម្នាក់មិនអាចជួបគ្នាជារៀងរហូត! » គាត់និយាយបណ្តើរលើកកែវផ្កាយក្រដាសបម្រុងបោកចោលបណ្តើរ។
« អ្នកម៉ាក់ កុំ- »
« ប្រាវ!! » គាត់បោកកែវផ្កាយក្រដាសបែកខ្ចាត់ខ្ចាយមុននឹងដើរចេញទៅខាងក្រៅបាត់ទាំងមិនខ្វល់ថាសម្តីនិងកាយវិការប៉ះពាល់ដល់កូនស្រីខ្លាំងកម្រិតណា។
« ........... »
Yiling យកដៃខ្ទប់ត្រចៀកញ័រខ្លួនដូចកូនចាបត្រូវទឹក។ នាងចាប់ផ្តើមយំកាន់តែខ្លាំងពេលនឹកឃើញដល់អ្វីដែលបានកើតឡើង នាងដាច់ខាតមិនអាចបែកពីគេទេ មិនអាចទេ។ YiLing យំអោបខ្លួនឯងដែលកំពុងញ័រជាប់ក្នុងបន្ទប់ងងឹតសម្លឹងមើលបំណែកកែវដែលបែបខ្ទេចខ្ទីទាំងបបូរមាត់ស្ងួតស្ទើរប្រេះព្រមទាំងនិយាយរអ៊ូៗតិចៗម្នាក់ឯង
« អត់ទេ! ខ្ញុំស្រឡាញ់គាត់ណាស់!! អត់ទេ! »
FeiYe រៀបចំសម្លៀកបំពាក់ដើម្បីឡើងយន្តហោះថ្ងៃស្អែកទាំងញញឹមស្ទើររហែកមាត់ទៅហើយ។ គេជិតបានជួប YiLing ហើយ មនុស្សស្រីដែលគេស្រឡាញ់បំផុត គេនឹកនាងស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ។
«ក្រាក!!» ប៉ារបស់ Ye បើកទ្វារចូលមក គេក៏ប្រញាប់ក្រោកដើរទៅរកគាត់។
« លោកប៉ា!! អឹសស៎!! » រាងក្រាស់ខ្ទាតដួលទៅលើពូកក្រោយពីត្រូវប៉ារបស់គេដាល់មួយដៃទាំងកម្រោលមិនបានត្រៀមខ្លួន។
« លោកប៉ាមានរឿងអី!? » គេប្រឹងក្រោកឡើងស្ទាបឈាមដែលជ្រាបចេញពីគែមមាត់ព្រោះមួយដៃអំបាញ់មិញ។
« អាចង្រៃឯងទៅមានស្អីជាមួយ YiLing!? ឯងឆាប់និយាយមក! » គាត់ទាញកអាវគេឱ្យក្រោកឡើង។
« Ling'er- »
« ប្អូនថ្លៃនិយាយប្រាប់យើងអស់ហើយ!! អាកូនចង្រៃ!! » គាត់ដាល់មុខគេថែមពីរបីដៃទៀត។
« ខ្ញុំស្រឡាញ់ Ling'er ខ្ញុំស្រឡាញ់នាង! លោកប៉ាមិនយល់ទេ! » Ye ស្រែកខ្លាំងៗតែមិនបានក្នុងន័យគំហក។
« យើងមិននិយាយច្រើនទេ! » គាត់ទម្លាក់គេទៅលើឥដ្ឋហើយបែរសម្តៅទៅទ្វារ។
« ស្អែកមិនបាច់ទៅកូរ៉េទេ បើឯងនៅចង់ជួបមុខ YiLing នៅថ្ងៃក្រោយទៀតប្រញាប់បញ្ចប់វាទៅ ច្បាប់ទី 101 របស់ត្រកូល Shanggong ឯងយកទៅអានសារថ្មីទៅ បើឯងយល់ថារស់នៅម្ខាងទ្វីបម្នាក់វាងាយស្រួលជាងបែកគ្នាពេលនេះ ក៏អញ្ជើញ!! » គាត់និយាយចប់ហើយដើរចេញទៅបាត់។
« Ling!! Ling'er!! » រាងក្រាស់ក្តាប់ដៃណែនមុននឹងដាល់ផាំងៗទៅលើឥដ្ឋពេញទំហឹងឈាមហូរចេញពីក្រញ៉រដៃតែគេបែរជាគ្មានអារម្មណ៍ថាឈឺសូម្បីបន្តិច ព្រោះភាពឈឺចាប់វាធ្វើឱ្យគេស្ពឹកពេញខ្លួនអស់ទៅហើយ។ គេចង់ឱ្យបោកក្បាលឱ្យស្លាប់ទេទើបសមនឹងចិត្តខឹងពេលនេះ។
យប់រំលងអាធ្រាត្រ...
YiLing គេងយំលើឥដ្ឋការ៉ូមិនទាន់ក្រោកចេញ នាងតូចយំដល់សសឹកដង្ហក់ដង្ហើម។ នាងនៅតែទន្ទេញពាក្យថា នាងមិនចង់បែកពីគេទេ អត់ទេ!!
ទូរស័ព្ទរោទ៍ឡើងលាន់ពេញត្រចៀក នាងតូចចុចទទួលហើយគេងស្តាប់អ្នកម្ខាងទៀតនិយាយ នាងកំពុងចាំគេ ចាំយូរហើយ។ តែពេលលឺសម្លេងគេនាងបែរជាកាន់តែអួលដើមករកតបមិនត្រូវទៅវិញ។
« Ling'er!! »
« ... »
« អូនកំពុងស្តាប់មែនទេ? »
« អ៊ឹមមម!! » នាងងក់ក្បាលតិចៗគ្រហឹមចេញពីបំពង់ក។
« Ling'er អូនកុំយំបានទេ? ស្តាប់បង! »
« ... »
« បងស្រឡាញ់អូនណាស់!! តែពួកយើង... » Ye ហាក់អួលដើមកនិយាយមិនចេញ ធ្វើឱ្យការសន្ទនាប្រែជាស្ងាត់មួយសន្ទុះ។
« អូនយល់ហើយ បើវាជាការសម្រេចចិត្តរបស់បង អូនមិនជំទាស់បងទេ »
Ye យកដៃដែលទើបនឹងដាល់ឥដ្ឋស្ទើរតែបាក់ម្រាមដៃហូរឈាមរហាមឡើងញ័រតតាត់នោះខ្ទប់ទូរស័ព្ទជាប់កុំឱ្យនាងដឹងថាគេកំពុងយំ គេមិនចង់ឱ្យនាងពិបាកជាងនេះនោះទេ។ ត្រឹមតែស្តាប់សម្លេងដួលដើមកនិងសសឹកតិចៗរបស់នាង វាធ្វើឱ្យគេឈឺរហូតដល់ស្រាំផ្បែកខាងក្នុងអស់ទៅហើយ។
« ល្អ! ពួកយើង...បញ្ចប់ត្រឹមនេះចុះ! »
ឌឿក! ទាំងសងខាងប្រៀបដូចគេយកដុំថ្មគប់ត្រូវកណ្តាលមុខ Ye ក្តាប់ដៃហូរទឹកភ្នែកតក់ៗ គេកំពុងនិយាយអី!? គេចង់តែកាត់អណ្តាតខ្លួនឯងចោលឱ្យបាត់ទេ។
« បង- » នាងតូចប្រឹងតបទាំងអួលណែន ពាក្យដែលនាងមិនចង់លឺបំផុតតែគេបែរជានិយាយចេញមក។
« អូនស្អប់បង!! Shanggong FeiYe លឺទេ? អូនស្អប់បង! »
នាងស្រែកខ្លាំងៗមុននឹងគូរទូរស័ព្ទទៅជញ្ជាំងបែកខ្ទេច នាងចង់ស្អប់គេ ស្អប់ឱ្យខ្លាំងបំផុត ស្អប់ឱ្យស្មើរនឹងភាពឈឺចាប់ដែលនាងកំពុងមាន តែវាមិនអាចព្រោះចិត្តដែលស្អប់វាតិចជាងចិត្តដែលកំពុងស្រឡាញ់។
« Ling'er!! បងសុំទោស!! »
Ye ប្រាសខ្លួនទៅលើកម្រាលជិតជើងគ្រែ ទឹកភ្នែកកូនប្រុសហូរចុះមកឥតដាច់។ ឈឺ តែទ្រាំ បើគេមានៈគេនឹងមិនអាចជួបនាងជារៀងរហូត។ គេនៅតែចង់ជួបនាងទោះបីមានឱកាសត្រឹមមួយភាគរយក៏ដោយចុះ។ ក៏ដឹងច្បាស់ថានាងនឹងឈឺហើយស្អប់គេ តែគេក៏ឈឺដូចគ្នា នាងឈឺខ្លាំងប៉ុណ្ណាគេនឹងឈឺជាងនាងរាប់ពាន់រាប់ម៉ឺនដង។
ជាងមួយឆ្នាំហើយដែលរឿងរ៉ាវរវាង FeiYe និង YiLing បានស្ងប់ស្ងាត់ទៅក្រោមការស្ម័គ្រចិត្តបញ្ចប់របស់ក្មេងទាំងពីរ។
Ye រស់នៅយ៉ាងស្ងប់ស្ងាត់ផ្តាច់ខ្លួនចេញពីបណ្តាញសង្គមគ្រប់ប្រភេទសូម្បីតែទូរស័ព្ទក៏ស្ទើរតែមិនដែលប៉ះ។ តែគេក៏ឧស្សាហ៍ស៊ើបមើលពី YiLing ដូចគ្នា តែអ្វីដែលគេទទួលបានគឺនាងត្រូវបញ្ជូនទៅរៀននៅទីក្រុងដោយនៅផ្ទះអ៊ំប្រុសរបស់នាងនៅសេអ៊ូល ផ្ទះដែលតែងតែមានកម្មវីធីជប់លៀងស្ទើរតែរាល់ថ្ងៃ។ YiLing ចាប់ផ្តើមក្លាយជាក្មេងដែលមិនពូកែនិយាយស្តីហើយជាញឹកញាប់នាងតែងតែខ្លាចរអារនឹងមនុស្សប្លែកមុខ នាងប្រាកដជាមិនអាចសម្របខ្លួននឹងគ្រួសារអ្នកមានមុខមានមាត់ដែលតែងតែមានមនុស្សប្លែកមុខចេញចូលរាល់ថ្ងៃបែបនេះនោះទេ នាងច្បាស់ជាពិបាកមិនខាន។
YiLing ចេញពីសាលារៀនត្រឡប់មកវិញដោយមានមិត្តភក្តិប្រុសម្នាក់ជូនមកដល់មុខផ្ទះ។ ព្រោះនាងស្ទើរតែដួលសន្លប់នៅសាលាទើបពួកគេមិនទុកចិត្តឱ្យត្រឡប់មកផ្ទះតែម្នាក់ឯង។
នាងតូចព្យាយាមដើរគេចពីក្រសែភ្នែកអ៊ំស្រីថ្លៃរបស់នាងនិងមិត្តពូកែអែបអបរបស់គាត់ដែលតាមសម្លឹងតាំងពីនាងឈានជើងដល់មាត់ទ្វារផ្ទះម្លេះ រាងស្តើងបោះជំហានយ៉ាងញាប់បម្រុងឡើងជណ្តើរទៅបន្ទប់នៅខាងលើតែក៏ឈប់វិញពេលលឺចាស់ៗនិយាយគ្នា។
« ក្មេងមកពីណា!? » មិត្តជិតស្និទ្ធរបស់អ៊ំស្រីម្ចាស់ផ្ទះសួរខ្សឹបៗ តែម្ចាស់ផ្ទះក៏ឆ្លើយបកទៅវិញខ្លាំងៗល្មមឱ្យអ្នកម្ខាងទៀតបានលឺ។
« ក្មួយប្តីរបស់គ្នានឹងណា៎ ខូចខ្លួនរឿងប្រុសឈ្មោលទើបម៉ែឪវាបញ្ជូនមកសេអ៊ូលឱ្យវាចេះបើកភ្នែកបើកខួរខ្លះ! »
YiLing នៅស្ងៀមឈរស្តាប់ទាំងអួលដើមកមិនហ៊ានតបត ទើបភ្លៀវមាត់គ្មានគម្របបន្តនិយាយទៀតដោយមានអ៊ំថ្លៃស្រីរបស់នាងជួយថែមថយ។
« ឈ្លើយខ្លាំងណាស់ ភ្នែកសម្លឹងមើលចាស់ទុំគ្មានចេះអោនលំទោន ទឹកមុខរឹងដូចដែកថែប! ដូចគ្មានគ្រូបារប្រៀនប្រដៅ! »
« ក្មេងខេត្តវាបែបនេះហើយ មិនដឹងថាទៅខូចខ្លួនជាមួយប្រុសប៉ុន្មានក្បាលមកទេទើបត្រូវបញ្ជូនមកដល់ឆ្ងាយបែបនេះ ជាកូនមានពូជអំបូរនឹងគេដែរតែចរិកវាមិនកើត!! » គាត់និយាយលឺៗល្មមឱ្យអ្នកដែលឈរជិតជណ្តើរបានលឺ
« ដុងស្រីខូចទាំងក្មេង! »
រាងស្តើងរត់ឡើងកាំជណ្តើរយ៉ាងលឿនដូចព្រួញចូលក្នុងបន្ទប់បាត់។ នាងមិនអាចទ្រាំស្តាប់ពាក្យប្រមាថមើលងាយបែបនេះនោះទេ នាងមកនៅទីនេះវាពិបាកណាស់ទៅហើយ សុខចិត្តទ្រាំលេបគ្រោះលេបថ្មមិនដែលហ៊ានលឺមាត់លឺកនិយាយតបតប្រកែកនឹងមនុស្សក្នុងគ្រួសារនេះឡើយ ទោះត្រូវគេប្រមាថបែបណាក៏នាងមិនដែលត្អូញត្អែរប្រាប់ឪពុកម្តាយរបស់នាងដែរ។
ពួកគាត់យូរៗទើបខលមករកនាងម្តង នាងមិនអាចឱ្យពួកគាត់ពិបាកចិត្តនោះទេ ទោះនាងដឹងថាគ្រួសារអ៊ំរបស់នាងតែងតែនិយាយមិនល្អពីនាងប្រាប់ឪពុកម្តាយនាងថានាងមានចរិតឆ្មើងឆ្មៃ តមាត់តកមិនចេះគោរពចាស់ទុំ មិនដែលជួយធ្វើកិច្ចការផ្ទះទាំងដែលការងារគ្រប់យ៉ាងក្នុងផ្ទះនាងជាអ្នករ៉ាប់រងស្ទើរតែទាំងអស់ មានថ្ងៃខ្លះនាងធ្វើការងាររៀបចំផ្ទះរហូតដល់ហួសម៉ោងទៅរៀនក៏មាន តែពួកគេមិនដែលមើលឃើញនោះទេ។
គ្រប់គ្នាអង្គុយញ៉ាំអាហារពេលល្ងាចជុំគ្នាដូចសព្វដង YiLing ក៏ដូចគ្នា។ នាងតូចខំប្រឹងលេបទាំងពិបាកព្រោះសម្តីដែលអ៊ំស្រីរបស់នាងនិយាយពីថ្ងៃវានៅអួលណែនជាប់នៅដើមកនាងនៅឡើយ។
« ថ្ងៃមិញអាប្រុសណាជូនមកផ្ទះ? » អ៊ំប្រុសម្ចាស់ផ្ទះកំហុកភ្លាមៗធ្វើឱ្យ YiLing ភ្ញាក់ឡើងកន្ត្រាក់ខ្លួនធ្លាក់ស្លាបព្រាពីដៃ។
« មិ...មិត្តភក្តិ! » នាងប្រឹងឆ្លើយទាំងរអាក់រអួល គាត់ច្បាស់ជាត្រូវអ៊ំស្រីរបស់នាងនិយាយផ្លុំត្រចៀកអ្វីទៀតមិនខាន។
« មិត្តភក្តិវាស្និតស្នាលជូនមកដល់មុខផ្ទះចឹងអ្ហេស? » គាត់នៅតែមិនព្រមជឿ។
« ចា៎! គឺមិត្តភក្តិពិតមែន! » នាងតូចស្រក់ទឹកភ្នែកតក់ៗដាក់ក្នុងចានបាយដែលទើបនឹងញ៉ាំបានពីរបីម៉ាត់ វាប្រៀបជាបាយស្រូបទឹកភ្នែកទៅហើយ។
« មិត្តភក្តិ? បើថាជាសង្សារមីងជឿ! ” អ៊ំស្រីនិយាយថែមល្បោយហាក់ចាក់សាំងពីលើភ្លើងធ្វើឱ្យប្តីរបស់គាត់កាន់តែក្តៅឆាបឆួលឡើង។
« យ៉ាងម៉េច? អត់ប្រុសមិនបានអ្ហេស? កុំឱ្យយើងដឹងថានាងឯងមានអាប្រុសណាឱ្យសោះ បើយើងដឹង នាងឯងត្រៀមដេកតាមចិញ្ចើមផ្លូវឱ្យហើយទៅ! » អ៊ំប្រុសលើកដៃចង្អុលក្បាល Yiling តែនាងនៅស្ងៀមមិនមាត់។
« ... »
« ត្រកូល Shanggong យើងជាត្រកូលថ្លៃថ្នូរមានច្បាប់មានទម្លាប់មិនដែលមានកូនស្រីធ្វើសំផឹងទាក់ប្រុស ដើរលើកជើងឱ្យប្រុសដូចនាងឯងទេ ចាំទុកក្នុងអំបែងខួរទៅ! »
នាងឯង!! ទាក់ប្រុស!! សំផឹង!! លើកជើងឱ្យប្រុស!! ពាក្យសម្តីទាំងនេះលឺរងំពេញត្រចៀករបស់នាង។ YiLing ដៃកាន់សមកាន់ស្លាបព្រាឡើងញ័រតតាត់ បេះដូងនាងលោតញាប់ស្ទើរតែផ្ទុះចេញមកក្រៅ ទឹកភ្នែកប្រដេញគ្នាស្រក់ឥតឈប់ រាងស្តើងក្រោករត់ចេញពីតុអាហារព្រោះទ្រាំស្តាប់តទៀតលែងបាន នាងថប់ដង្ហើមឡើងដង្ហក់ស្ទើរស្ទះទៅហើយ។
« ប្រាវ!! » YiLing ក្រោកចេញលឿនពេកធ្វើឱ្យចានបាយនាងធ្លាក់ពីតុបែកខ្ចាត់ខ្ចាយ។
« មីក្មេងចង្រៃ!! នាងនិយាយប្រដៅឱ្យល្អ នាងឯងហ៊ានបោកចានបាយឌឺយើងផងអ្ហេស? »
អ៊ំប្រុសក្រោកយ៉ាងរហ័សទាញអំបោសជិតនោះដើរសម្តៅទៅរកនាងតូចដែលឈរញ័រខ្លួនទាំងភ័យខ្លាច តែ YiLing ក៏រត់ឡើងទៅបន្ទប់នៅខាងលើយ៉ាងរហ័សឥតងាកក្រោយហើយចាក់សោរទ្វារជាប់។
រាងស្តើងអង្គុយផ្អែកជញ្ជាំងខ្ទប់ត្រចៀកក្នុងបន្ទប់ងងឹតស្តាប់សម្លេងគោះទ្វារវាយផូងផាំងដែលនៅខាងក្រៅ នាងខ្លាច នាងចង់ចេញពីទីនេះ នាងមិនដែលត្រូវនរណាមើលងាយបែបនេះនោះទេ នាងគ្រាន់តែជាក្មេងស្រីម្នាក់ប៉ុណ្ណោះ។ នាងមិនបានធ្វើអ្វីដូចពាក្យចោទប្រកាន់ទាំងនេះទេ។
YiLing ដកថ្នាំងងុយគេងដែលនាងឧស្សាហ៍ប្រើជាប្រចាំពីក្នុងកាបូបរៀនហើយលេបវាជាច្រើនគ្រាប់។ នាងមិនចង់ដឹងលឺអ្វីទៀតនោះទេ នាងចង់គេងមួយរយៈ សង្ឃឹមថាពេលភ្ញាក់ដឹងខ្លួនអ្វីៗនឹងប្រែជាល្អជាងនេះ។
« លោកប៉ាអ្នកម៉ាក់!! ខ្ញុំខ្លាចណាស់ នាំខ្ញុំចេញពីទីនេះទៅ! »
Yiling គេងលើឥដ្ឋទាំងគ្មានកម្លាំងជាតិថ្នាំក៏ចាប់ផ្តើមជ្រាបចូលធ្វើឱ្យភ្នែកនាងស្រវាំងនិងងងុយគេងកាន់តែខ្លាំង។ កាន់តែចុកអួលក្នុងទ្រូងរូបភាពរបស់មនុស្សប្រុសម្នាក់ក៏លេចឡើងក្នុងខួរក្បាលរបស់នាង នាងនឹកគេខ្លាំងណាស់ មិនដឹងថាពេលនេះគេយ៉ាងម៉េចទៅហើយទេ ឬគេមានអ្នកថ្មីទៅហើយ?
« Ye... »
យប់រំលងអាធ្រាត្រអ៊ំស្រីម្ចាស់ផ្ទះយកសោរមកចាក់បន្ទប់ YiLing ដើម្បីមើលថានាងយ៉ាងមិនទៅហើយ ខ្លាចថាបើស្លាប់កូនស្រីគេគ្មានកូនសងគេនោះទេ។
« អេ!! ក្រោកឡើង! » គាត់ប្រើជើងអង្រួនខ្លួននាងតូចដែលគេងនៅជិតជើងគ្រែតិចៗ តែនាងមិនភ្ញាក់។
« ងាប់បាត់ហើយទេដឹង? »គាត់ស្ទាបមុខនាង ឃើញថាមិនស្រួលទើបប្រញាប់នាំនាងទៅមន្ទីពេទ្យ។
ថ្ងៃបន្ទាប់...
ការពិនិត្យរបស់ YiLing ចេញលទ្ធផលក្រោយពីធ្វើឱ្យអ៊ំប្រុសអ៊ំស្រីម្ចាស់ផ្ទះភ័យបុកពោះពេញមួយយប់ស្មានថាធ្វើឱ្យកូនស្រីគេស្លាប់បាត់ទៅហើយ។
គ្រូពេទ្យនិយាយថា អ្នកជំងឺប្រើថ្នាំងងុយគេងលើសកម្រិតរហូតធ្វើឱ្យជាតិថ្នាំជ្រៀបចូលទៅក្នុងគ្រាប់ឈាម។ នាងខ្សោយខ្លាំងដោយសារខ្វះជាតិវីតាមីននិងខ្វះគ្រាប់ឈាមក្រហម ជាពិសេសនាងមានបញ្ហាសតិអារម្មណ៍ ឆាប់ភ័យខ្លាច សូម្បីតែជួបមនុស្សប្លែកមុខក៏អាចធ្វើឱ្យនាងភ័យខ្លាចដែរកុំថាឡើយដល់វាយធ្វើបាបឬស្រែកគំហក។ ពេលភ័យម្តងៗញ័រដៃញ័រជើង បេះដូងលោតញាប់ធ្វើឱ្យថប់ដង្ហើមភ្លាមៗឬអាចគាំងបេះដូងជាយថាហេតុ តែក៏សំណាងដែលនាំមកមន្ទីពេទ្យទាន់ពេលនៅអាចសង្គ្រោះបាន ពេលនេះចាត់ទុកថានាងលែងអីហើយ។
ដំណឹង YiLing ប្រើថ្នាំលើសកម្រិតរហូតដល់ចូលមន្ទីពេទ្យសង្គ្រោះបន្ទាន់ត្រូវបានលេចមឺដល់គ្រួសារទាំងអស់ក្នុងត្រកូល Shanggong ។ តែបែរជាគ្មាននរណាខ្វល់ខ្វាយយកចិត្តទុកដាក់ទៅវិញ គ្រប់គ្នាធ្វើធម្មតាហើយក៏មិនសួរនាំអ្វីទាំងអស់ ហាក់ដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។
មានតែ FeiYe ប៉ុណ្ណោះតែហាក់ខ្វល់ខ្វាយនិងសកម្មជាងគេជាងឯង។ អ្នកកម្លោះកក់សំបុត្រយន្តហោះត្រឡប់មកកូរ៉េវិញតាំងពីពេលបានលឺដំណឹងភ្លាមម្លេះ ពេលនេះទោះនរណាចង់ឃាត់ក៏គេលែងស្តាប់ទៀតដែរ នាងធ្លាក់ដល់ចំណុចសូន្យបែបនេះបើគ្រួសារទាំងមូលមិនខ្វល់ពីនាង គេត្រូវតែត្រឡប់ទៅក្បែរនាង គេមិនអាចឈរមើលនាងស្លាប់ទេ។
YOU ARE READING
We Can Not Be Together [Completed]
Kısa Hikaye" ស្នេហារវាងបងប្អូនជីដូនមួយ ដែលដុះពន្លកឡើងក្នុងរនាំងច្បាប់នៃគ្រួសារ ប្រៀបបីដូចជាផ្កាដែលដុះលើវាលខ្សាច់គ្មានថ្ងៃនឹងអាចរីកសាយបង្ហាញភាពស្រស់បំព្រងដូចផ្កាដែលដុះនៅកន្លែងដទៃ គ្មានផ្លូវអាចបន្ត!! " រឿងខ្លី!!!