ម្ចាស់គ្រងបេះដូង
ភាគ៖២៤ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ទៀត តែថ្ងៃនេះក៏ប្រៀបដូចជាថ្ងៃដែលតានតឹងបំផុតរបស់ម្ចាស់កាយសង្ហាយើងទៅវិញ នាយអង្គុយនៅលើតុធ្វើការរបស់ខ្លួនទាំងមិនមានអារម្មណ៍នៅក្នុងខ្លួនសោះ ប្រៀបបីដូចជាមានអ្វីមករំខានដល់អារម្មណ៍របស់គេអញ្ចឹង។
"អរុណសួស្ដីលោកនាយក" សំឡេងទ្វារបើកឡើងតែក៏បែរជាបង្ហាញវត្តមានរបស់អ្នកផ្សេង មិនមែនជាមនុស្សដែលនាយចង់ជួបទៅវិញ ជាលេខាជំនិតរបស់ស៊ុកជីនដែលចូលមកព្រមជាមួយនឹងឯកសារជាច្រើនដែលដើមឡើយជាតួនាទីរបស់ឡរ៉ាទៅវិញទេ។
"នេះជាឯកសារសំខាន់ពីការនាំចូល" ពាក្យសម្ដីលេខានិយាយដូចជាមិនចូលក្នុងត្រចៀករបស់នាយកម្លោះយើងអីបន្តិចសោះ ក៏ព្រោះតែកែវភ្នែកនឹងអារម្មណ៍របស់គេកំពុងតែស្វែងរកមនុស្សម្នាក់ផ្សេងដែលមិនមែនជានាង។
"និយាយអញ្ចឹងចុះឯណាអ្នកចាត់ការរបស់នាង?"
"អូ!លោកនាយកចង់សម្ដៅលើឡរ៉ាមែនទេ? នាងបានខលប្រាប់កាលពីព្រឹកមិញថានាងសុំច្បាប់កន្លះថ្ងៃព្រោះត្រូវជូនកូនស្រីទៅពេទ្យ" ស៊ុកជីនក៏ជ្រឹមចិញ្ចើមចូលគ្នាជាថ្មីកាលបើបានលឺថាឡរ៉ាត្រូវជូនកូនទៅពេទ្យ នេះកូនរបស់នាងមានបញ្ហាអ្វីទៀតមែនទេ? ក្រែងពួកគេទើបតែពិនិត្យមើលគ្រប់យ៉ាងកាលពីថ្ងៃមុនទេតើ?
"មិនអីទេ នាងទៅធ្វើការបន្តសោះ" លេខាជំនិតរបស់នាយក៏ចាកចេញទៅទុកឲ្យនាយនៅអង្គុយក្នុងការិយាល័យតែម្នាក់ឯងជាថ្មី ស៊ុកជីនផ្អែកខ្នងនឹងកៅអីរួចក៏លើកដៃជ្រោងសក់ខ្លួនឯងទាំងតានតឹងអារម្មណ៍ ដៃមាំលូកទាញយកទូរសព្ទ័ពីថតតុធ្វើការខ្លួន មុននឹងទាញទូរសព្ទ័ដៃចេញមក គិតមួយសន្ទុះទើបគេធ្វើការចុចទាក់ទងទៅនរណាម្នាក់។
...
ត្រឡប់មកកាន់មនុស្សប្រុសម្នាក់ដែលទើបតែប្រេះស្រាំចិត្តជាមួយនឹងការបរាជ័យលើរឿងស្នេហាឯណេះវិញ ជុននីអូបន្ទាប់ពីការប្រឡងបានបញ្ចប់ក៏ដល់ពេលដែលគេត្រូវធ្វើរឿងខ្លះដើម្បីខ្លួនឯង ថ្ងៃនេះគេក៏យកពេលវេលាទំនេរមកដើរផ្សារទិញរបស់របរចាំបាច់សម្រាប់ការវិលត្រឡប់ទៅប្រទេសកំណើតវិញនាពេលវិស្សមកាលនេះ។
"ជុននីអូ" កំឡុងពេលដែលនាយកម្លោះយើងកំពុងតែដើរមើលរបស់របរឯណោះក៏មានសំឡេងតូចស្រាលមួយបន្លឺឡើងពីក្រោយខ្នងគេ នាយងាកបែរទៅមើលក៏ឃើញថាជាវត្តមានរបស់នាងល្អិតអែលលី នេះគេជួបនាង..ដោយចៃដន្យទៀតហើយ?
"មិនដែលដឹងសោះថាលោកមកផ្សារទំនើបនឹងដើរទិញអីវ៉ាន់ដោយខ្លួនឯងបែបនេះ?" ទោះជានាងដឹងថាជុននីអូមិនពេញចិត្តនឹងវត្តមានរបស់នាងពេលនេះក៏ដោយតែអែលលីក៏នៅតែរក្សាស្នាមញញឹមនឹងក្រសែភ្នែកភ្លឺថ្លាសំឡឹងទៅកាន់នាយជានិច្ច ជុននីអូក៏មិនខ្វល់នឹងព្យាយាមបោះជំហានដើរកាន់តែលឿនឲ្យផុតនាង ឯអែលលីឯណោះក៏ខាំមាត់បែបខឹងមុននឹងរត់ទៅតាមជុននីអូ ពួកគេទាំង២នាក់ក៏រត់ឆ្លងកាត់ពីមួយផ្លូវទៅមួយផ្លូវនៅក្នុងផ្សារ ទឹកមុខជុននីអូក៏ហាក់ស្រស់ស្រាយបន្តិចនាពេលនោះ អែលលីឯណោះវិញក៏សើចកក្អឹកពេលដែលឃើញជុននីអូសើចឡើងវិញបែបនេះ នាងមិនចង់ឃើញដៃគូដែលធ្លាប់តែរឹងមាំរបស់នាងត្រូវទន់ជ្រាយឡើយ បែបនេះវាមិនដូចជាខ្លួនគេសោះ ម៉្យាងហ្វីលីណាក៏ធ្លាប់បានផ្ដាំនាងថាបើសិនជាបានឃើញជុននីអូឲ្យជួយមើលផង ព្រោះជុននីអូជាមនុស្សមាត់រឹងតែចិត្តទន់ជ្រាយ មាត់គេប្រកែកដាច់អហង្ការតែចិត្តរបស់គេអាចនឹងយល់ស្របក៏ថាបាន។
"ឈប់សិន កុំរត់..អ..ព្រូស" ដោយមិនបានប្រយត្ន័អែលលីក៏ទាក់ជើងនឹងកៅអីដែលនៅក្បែរផ្លូវនោះនាំឲ្យនាងដួលព្រូសនឹងដី សំឡេងថ្ងួចថ្ងូរបែបឈឺចាប់របស់នាងហាក់បីដូចជាសំឡេងដែលអាចឃាត់ដំណើររត់របស់អ្នកម្ខាងទៀតបានចឹង ជុននីអូក៏បញ្ឈប់ដំណើររបស់បន្តិចរួចក៏រត់បកត្រឡប់មកមើលនាង។
"រឡាក់រឡើត..នេះនាងជាក្មេងមែនទេ?" ជុននីអូមកដល់មិនជួយលើកនាងទេ តែក៏បែរជាមកបន្ទោសបន្ដាក់នាងថែមមួយកម្រិតទៀត អែលលីឯណោះកំពុងតែឈឺខ្លួនផងហើយក៏ត្រូវគេស្ដីបន្ទោសទៀតទើបនាងកាន់តែមួរម៉ៅ ព្យាយាមក្រោកឈរដោយខ្លួនឯងទាំងជង្គង់ហូរឈាមសស្រាក់។
"បើមិនបានជួយទេ កុំស្ដីបន្ទោស! ខ្ញុំមិនចូលចិត្ត" អែលលីបោះសម្ដីម៊ាំងៗដាក់ជុននីអូ មុននឹងស្ពាយកូនកាបូបនាងទៅមុខបន្តទាំងចារិកងិងក់ដាក់នាយកម្លោះដែលខំរត់ត្រឡប់មកជួយនាងវិញនោះ។
"ឯងធ្វើអី?" អែលលីក៏ឧទានតិចៗកាលបើជុននីអូកាន់ស្មានាងជាប់រួចក៏មកអង្គុយចុះបែរខ្នងមករកនាង ទោះបីជានាងដឹងថាគេចង់ធ្វើអីក៏ដោយតែអ្វីដែលនាងមិនដឹងនោះគឺថាមូលហេតុអីទើបបានជាគេធ្វើបែបនេះ?
"ឲ្យឆាប់ឡើង រឺក៏នាងចង់ឲ្យឈាមហូរអស់ពីខ្លួនសឹមទៅពេទ្យ នាងច្រម៉ក់?" ជុននីអូមិនបានរង់ចាំទាល់តែនាងយល់ព្រមឡើយ គេក៏ទាញដៃនាងឲ្យអស់ជំហរដួលលើខ្នងគេរួចក៏លើកនាងអៀវឡើង រកតែនាងរៀបខ្លួនមិនទាន់។
អែលលីលូកដៃអោបក្រសោបកញ្ចឹងរបស់នាយទាំងញញើតញញើម កាយវិការបែបគិតថាជុននីអូអាចនឹងស្អប់គិតថានាងជាស្រីចិត្តងាយអីបែបនេះ តែសម្រាប់ជុននីអូគេមិនបានខ្វល់ឡើយ គេក៏អៀវនាងដើរបន្តទៅមុខសម្ដៅទៅកាន់គ្លីនិកឯកជនដែលមាននៅក្នុងផ្សារទំនើបនោះ តែថាដើរមកកៀកជិតនឹងគ្លីនិកនោះគេក៏បែរជាបានឃើញរូបភាពខ្លះដែលនាំឲ្យគេភ្ញាក់ផ្អើល។
"អូ! នោះក្រែងជាលោកវីគ្រីសទេតើ ហើយនោះជាអ្នកណា? មានទាំងកូនក្មេងមកជាមួយទៀត?" រូបភាពមនុស្សប្រុសស្រី២នាក់ព្រមជាមួយនឹងក្មេងស្រីរៀងធំគួរសមទៅជាមួយពួកគេ សភាពពួកគេទាំង៣មើលទៅដូចជាសប្បាយរីករាយក្នុងការនៅជាមួយនឹងគ្នា តែថាក្នុងក្រសែភ្នែករបស់ជុននីអូនាពេលនោះក៏ហាក់ពោរពេញទៅដោយកំហឹងទៅវិញ អែលលីក៏ងាកសំឡឹងមើលស៊ុកជីននឹងមនុស្សស្រី២នាក់នោះចូលឡាន មុននឹងងាកឆ្លាស់មកសំឡឹងមើលជុននីអូវិញ មុខគេឡើងក្រហមងាំងដូចជាម្ទេសបង្ហាញប្រាប់ថាគេកំពុងតែខឹងដល់កម្រិតហើយ។
"ជុន..ជុននីអូចង់ទៅណា?" អែលលីសួរ ដៃលូកទាញជាយអាវគេជាប់កាលបើសុខៗនាយក៏ដាក់នាងឲ្យអង្គុយចុះនៅលើបង់ខាងមុខគ្លីនិករួចក៏បំណងចង់ចាកចេញទៅ។
"ឯងមិនអាចទៅបានទេ បើសិនជាមានបញ្ហាអីទៅ វាមិនមានផលល្អសម្រាប់ឯងឡើយ"
"ចឹងនាងចង់ឲ្យខ្ញុំឈរមើលទង្វើគ្រប់យ៉ាងនេះហើយមិនប្រាប់ទៅអែមមីមែនទេ?" ជុននីអូក៏ក្រវាសដៃអែលលីរួចប្រញាប់ចាកចេញទៅយ៉ាងលឿន ស្រីតូចយើងក៏បានត្រឹមតែអង្គុយសំឡឹងមើលការចាកចេញរបស់គេទាំងមិនអាចឡើងទៅឃាត់ដោយផ្ទាល់បាន បានត្រឹមតែហាមាត់ស្រែកឲ្យគេឈប់តែជុននីអូមិនបានខ្វល់ឡើយ។
...
ត្រឡប់មកខាងណេះវិញ បន្ទាប់ពីចាកចេញពីគ្លីនិកមកស៊ុកជីនក៏ត្រូវជូនវ៉ូយ៉នទៅផ្ទះវិញ តែថាក៏ត្រូវបានឡរ៉ាបដិសេធនឹងគេ ព្រោះគិតថាវាមិនសាកសម។
"ម៉ាក់ អុំនាយកជូនយើងផ្ទះទៀតមែនទេ?" នាងល្អិតវ៉ូយ៉នកាលបើមកដល់បានឃើញឡានទំនើបដែលនាងនឹងម្ដាយរបស់នាងបានជិះកាលពីថ្ងៃមុនក៏ញញឹមទាំងសប្បាយចិត្តតែម្ដងដល់ថ្នាក់ចង់រត់ចូលទៅជិះដូចថ្ងៃមុនតែក៏ត្រូវបានឡរ៉ាឃាត់ភ្លាម។
"ខ្ញុំនឹងកូនអាចជិះតាក់សុីទៅបាន មិនរំខានបងច្រើនឡើង ចាំជួបគ្នានៅក្រុមហ៊ុនចុះ" ឡរ៉ានាងក៏អោនគំនាបបម្រុងនឹងចាកចេញទៅតែក៏ត្រូវបាននាយចាប់ដៃជាប់ រួចក៏ងាកសំឡឹងមើលទៅនាងល្អិតវ៉ូយ៉នរួចលើកដៃអង្អែលក្បាលនាងតិចៗ។
"វ៉ូយ៉នទៅចាំនៅលើឡានមុនទៅ អុំនាយកនិយាយជាមួយអ្នកម៉ាក់វ៉ូយ៉នមួយភ្លែតហើយអុំនាយកនឹងជូនវ៉ូយ៉នទៅផ្ទះវិញល្អដែរទេ?"
"វ៉ូយ៉នចង់ញ៊ាំ ice creamណាស់ អុំនាយកចូលទិញបានទេ?"
"វ៉ូយ៉ន" ឡរ៉ានាងក៏និយាយទៅកាន់កូនស្រីកាលបើនាងមើលទៅនាងធ្វើចារិកមិនសាកសមដាក់ស៊ុកជីន តែនាយក៏លើកដៃឃាត់ព្រមទាំងក្រវីក្បាលតិចៗផង ដៃម្ខាងលូកអង្អែលក្បាលវ៉ូយ៉នតិចៗ។
"ល្អណាស់! ឲ្យតែវ៉ូយ៉នស្ដាប់បង្គាប់អុំនាយកនឹងទិញឲ្យច្រើនឲ្យតែម្ដង ល្អទេ?"
"យ៉េ!!!" វ៉ូយ៉នក៏ប្រញាប់រត់ចូលទៅអង្គុយក្នុងឡានបាត់យ៉ាងស្ដាប់បង្គាប់ ឡរ៉ាឯណោះក៏ប្រញាប់គេចដោយចង់ចូលទៅតាមកូន តែក៏ត្រូវស៊ុកជីនឃាត់នាងជាប់។
"វ៉ូយ៉ន...ជាកូនរបស់ខ្ញុំពិតទេ? ថ្ងៃដែលពួកយើងស្រវឹងនៅពិធីជប់លៀងនោះ..."
"បានហើយ! បងកុំរំលឹកពីរឿងអតីតកាលអី វាកន្លងផុតទៅយូរណាស់មកហើយ កុំរំលឹកវាអី.."
"ឆាប់ឆ្លើយមកថានាងជាកូនរបស់ខ្ញុំពិតទេ?" ស៊ុកជីនរៀងតម្លើងសណឡេងបន្តិចនាំឲ្យអ្នកដែលនៅឈរឯជ្រុងម្ខាងចាំមើលនោះបានលឺ ដៃមាំដែលទម្លាក់ចុះក៏ក្ដាប់ណែនសឹងតែបាក់កាលបើបានលឺពាក្យដែលគូសត្រូវស្នេហាខ្លួននិយាបែបនោះ។
"កូនហ្អេស៎? ចង្រៃយ៍.."៚យូមីន
YOU ARE READING
ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]
Romanceស្នេហាកើតឡើងរវាងកម្លោះក្រមុំដែលមានវ័យឃ្លាតគ្នាគួរសម ទោះជាសម្រាប់សង្គមមើលទៅមិនសាកសមតែពួកគេក៏នៅតែជម្នះដើម្បីវាដដែល តែថា...ពួកគេនឹងជម្នះវាដល់ទីបញ្ចប់ដ៏ល្អពេញលេញទេ? - ស៊ុកជីន វីគ្រីស x អែមមី អាល់ម៉ាឌី