ភាគទី៣៣+៣៤

499 18 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៣៣+៣៤

រសៀលថ្ងៃថ្មី..
វត្តមានឪពុកម្ដាយរបស់អែមមី ស្កាលេតនៅឈររេរាខាងមុខផ្លូវចូលបន្ទប់អាហារ ចំណែកឯហូស៊ុកឯណោះក៏នៅអង្គុយអានកាសែតនៅតុអាហារតាមទម្លាប់ ទាស់ត្រង់ថាថ្ងៃនេះគេហាក់មិនអាចផ្ដោតអារម្មណ៍ជាមួយនឹងអត្ថបទកាសែតសោះ ក៏ព្រោះអារម្មណ៍ទាំងមូលហាក់ហោះហើរឡើងទៅជាន់ខាងលើ ទាំងពីរនាក់ប្ដីប្រពន្ធបារម្ភពីកូនស្រីដែលចាប់តាំងពីមានបញ្ហាធំកើតឡើងម្សិលមិញមក នាងក៏ឡើងទៅសម្ងំនៅបន្ទប់ខាងលើមិនព្រមចេញមក ហើយថ្មើរនេះរសៀលទៅហើយនៅមិនទាន់ឃើញនាងចុះមកទៀត។
"បងស៊ុក! អូនថាពួកយើងឡើងទៅមើលកូននៅខាងលើទៅ បាត់នាងមិនឃើញចុះមកញ៊ាំអាហារតាំងពីព្រឹកបែបនេះអូនបារម្ភខ្លាំងណាស់ ចុះបើសិនជាកូនគិតអ្វីមិនល្អនោះ?"
"ម៉ាក់គិតថាកូននឹងធ្វើអីទៅ?" សំឡេងតូចស្រាលបន្លឺពីក្រោយខ្នងរបស់ស្កាលេត អ្នកជាម្ដាយលឺភ្លាមក៏ប្រញាប់បែរទៅរួចអោបក្រសោបកូនស្រីអឹបជាប់នឹងទ្រូង អែមមីក៏ញញឹមរួចលាដៃអោបម្ដាយតបវិញទាំងស្នាមញញឹមវិញ ហូស៊ុកទម្លាក់កាសែតចុះពីដៃរួចព្យាយាមតាមសំឡឹងមើលទៅកូនស្រីដែលហាក់បីដូចជាធម្មតា មិនបានបង្ហាញភាពទុក្ខសោកអ្វីទាល់តែសោះតែម្ដង។
"កូនមិនងាយចុះមកដឹងទេថាម៉ាក់បារម្ភប៉ុណ្ណានោះ?" ស្កាលេតខិតខ្លួនចេញពីការអោបរួចសំឡឹងប្រឈមនឹងមុខកូនស្រី នាងក៏អាចមើលឃើញថាភ្នែកអែមមីនៅមានសភាពហើមតិចៗបើទោះបីជានាងបានតុបតែងមុខរួចរាល់ហើយក៏ដោយ ស្កាលេតក៏លូកដៃកាន់ប៉ះអង្អែលថ្ពាល់កូនស្រីស្រាលៗលួងលោមនាងដោយប្រយោល។
"រសៀលនេះម៉ាក់ធ្វើម្ហូបអីខ្លះ? កូនឃ្លានហើយ" អែមមីក៏ឆ្លៀតលូកដៃអង្អែលពោះខ្លួនឯង ស្កាលេតញញឹមបិទមាត់មិនជិតនឹងកៀកស្មានាំកូនស្រីទៅកាន់តុអាហារដែលមានលោកប៉ារបស់អែមមីចាំនៅទីនោះជាស្រេចផង អែមមីក៏ទាញកៅអីដែលនៅជិតឪពុករួចអង្គុយចុះទាំងញញឹមស្រស់ដាក់លោកប៉ានាង។
"កូនស្រីប៉ាញញឹមបែបនេះ ចង់ឲ្យប៉ាម៉ាក់អស់បារម្ភពិតទេ? ប៉ាម៉ាក់នៅទីនេះក្បែរកូនជានិច្ច បើសិនជាមានរឿងអ្វីរឺក៏មន្ទិលអ្វីនៅក្នុងចិត្តកូនអាចនិយាយប្រាប់ប៉ាម៉ាក់បានគ្រប់ពេល មិនចាំបាច់លាក់បាំងអ្វីឡើយ" ហូស៊ុកទុកកាសែតមួយឡែករួចបែរមកនិយាយរកកូន លូកដៃអង្អែលក្បាលកូនស្រីស្រាលៗ អែមមីក៏នៅស្ងៀមឲ្យលោកប៉ានាងលួងលោម ស្កាលេតឯណោះក៏រៀបចំលើកអាហារមួយមុខផ្សេងមកដាក់លើតុរួចក៏អង្គុយក្បែរកូនស្រីម្នាក់ទៀត។
"ប៉ាកូននិយាយត្រូវ មានរឿងអីក៏កូននិយាយជាមួយនឹងប៉ាម៉ាក់បានគ្រប់ពេលណា..."
"ប៉ាម៉ាក់..កូនពិតជាមិនអីពិតមែន! ប៉ាម៉ាក់បារម្ភពីអារម្មណ៍កូនបន្ទាប់ពីរឿងផ្ដាច់ពាក្យម្សិលមិញពិតទេ? កូនជាអ្នកសុំកូនប្រុសត្រកូលវីគ្រីសផ្ដាច់ពាក្យមុនទេតើមិនចឹង? កុំបារម្ភអីកូនបានធ្វើចិត្តជាមួយរឿងនេះយូរមកហើយណា៎" អែមមីក៏រៀបរាប់តាមដំណើរដើមទងរួចលូកដៃម្ខាងទៅកាន់ដៃម៉ាក់ ដៃម្ខាងទៀតក៏កាន់ដៃលោកប៉ានាង។
"កូនគិតថាមកវិស្សមកាលនៅទីនេះចំពេលល្អណាស់ ព្រោះប្អូនៗគេមានទស្សនកិច្ចសិក្សានៅក្រៅប្រទេសអស់ចឹងកូនក៏នឹងមកជំនួសកន្លែងប្អូនៗកំដរប៉ាម៉ាក់ម្ដង" អែមមីលេងសើចជាមួយប៉ាម៉ាក់នាង ស្កាលេតក៏ញញឹមទាំងនៅកាន់ដៃកូនស្រីជាប់។
"កូនហត់នឿយជាមួយរឿងរៀនច្រើនហើយ កូនចង់ដើរលេងរឺក៏ចំណាយពេលវេលាដើម្បីខ្លួនឯងខ្លះក៏បាន កុំបារម្ភពីប៉ាម៉ាក់អី"
"ម៉ាក់កូននិយាយត្រូវ.." ហូស៊ុកនិយាយរួចក៏លូកដៃចូលហោប៉ៅរួចទាញយកសោរឡានព្រមទាំងកាតក្រេឌីតឲ្យទៅកូនស្រី អែមមីមិនទាន់ទទួលតែក៏សំឡឹងមើលមុខលោកប៉ានាងទាំងចម្ងល់។
"កូនអាចចំណាយវាទៅលើការសម្រាកលំហែវិស្សមកាលរបស់កូន ប៉ាមានផ្ទះនៅមាត់សមុទ្រ អូ!មែនហើយ..ប៉ាក៏មានទីតាំងផ្ទះមួយនៅក្បែរភ្នំដែរ វាមានអាកាសធាតុល្អអាចឲ្យកូនសម្រាកលំហែបានអែមមី ប៉ាដឹងថាកូនចង់សម្រាកលំហែខ្លួនឲ្យបានច្រើន មិនបាច់បារម្ភពីខាងនេះទេម៉ាក់កូនតូចតែមួយប៉ាមើលថែតែម្នាក់ឯងក៏អូខេហើយ...ហាសហា៎ អឹប" ចំណិតប៉េងប៉ោះដែលផ្ទាប់ជាមួយនឹងសាច់មាន់ក៏ហោះស្ទុយចូលមាត់ហូស៊ុកដោយសារស្នាដៃភរិយាឆ្នាស់ឆ្នើមរបស់គេ អែមមីក៏អស់សំណើចព្រមជាមួយនឹងម្ដាយនាង ហូស៊ុកឯណោះក៏ខំទំពារចំណិតប៉េងប៉ោះនោះរួចក៏ក្រវីក្បាលបែបហួសចិត្ត ត្បិតថាប្រពន្ធគេនៅតែដៃត្រង់ដដែល នេះគប់ចូលមាត់ផ្លុកតែម្ដង។
"តោះអញ្ចឹងញ៊ាំអាហារតែម្ដងទៅ លោកប៉ាកូនក៏ត្រូវទៅក្រុមហ៊ុនដែរហើយកូនស្រីម៉ាក់ តែងខ្លួនស្អាតស្រស់បែបនេះគិតចង់ទៅណាដែរមែនទេ?" ស្កាលេតមិនភ្លេចចំអន់កូនស្រីផង ត្បិតថានាងរៀបចំខ្លួនស្អាតបាតហាក់បីដូចជាចង់ទៅណាអញ្ចឹង អែមមីក៏មិចភ្នែកបន្តិចរួចងាកបែរមើលទៅខាងក្រៅ ពន្លឺភ្លឺបញ្ចេញតាមក្រសែភ្នែកនាងហាក់បង្ហាញប្រាប់ថានាងកំពុងតែហៀបនឹងធ្វើរឿងអ្វីជាផលល្អសម្រាប់អារម្មណ៍នាងអញ្ចឹង។
អាផាតមិនត្រកូលវីគ្រីស...
រយៈពេលមួយព្រឹកនេះម្ចាស់កាយមាំទាំក៏ព្យាយាមចុចទាក់ទងទៅរកមនុស្សស្រីជាទីស្រឡាញ់ជាប់រហូត រឿងរ៉ាវកើតឡើងកាលពីម្សិលមិញវាលឿនខ្លាំងពេកសម្រាប់គេ ហើយគេក៏មិនដែលរំពឹងថានឹងមានរឿងនេះកើតឡើងនោះឡើយ។
"អូនទៅណាទៅ? ហេតុអីក៏មិនទទួលទូរសព្ទ័បង?" គេនៅមិនបោះបង់ ព្រមទាំងព្យាយាមទាក់ទងទៅកាន់អែមមីតាមលេខទូរសព្ទ័ទៀតតែថាទាក់ទងមិនចូលទាល់តែសោះប្រហែលជានាងបានប្លុកលេខគេចោលបាត់ទៅហើយ។
"ត្រូវហើយ!" នៅសុខៗស៊ុកជីនក៏បែរនឹកឃើញដល់ការទាក់ទងផ្សេងមួយទៀតនោះគឺបណ្ដាញសង្គមអាយជីនឹងឯង ដៃមាំលូកចុចវាសលើអេក្រង់ទូរសព្ទ័ខ្លួនទាំងអន្ទះអន្ទែងក្នុងទ្រូង បណ្ដាញសង្គមអាយជីដែលជារបស់អែមមីក៏ប្រែជាបាត់រូបអស់គ្មានសេសសល់សូម្បីតែ profile នាំឲ្យស៊ុកជីនកាន់តែបារម្ភពីនាងថែមមួយកម្រិតទៀត នេះក្រៅពីបិទលេខរបស់គេហើយ នាងក៏នៅធ្វើបែបនេះទៀត។
"អូនពិតជាមិនទុកឱកាសឲ្យបងបកស្រាយពិតមែនរឺ? បងនឹកអូន នឹកអនុស្សាវរីយ៍របស់ពួកយើងណាស់ ត្រឡប់មកវិញមក បងសុំអង្វរ" ដំបូងគេគិតថាតាមរយៈបណ្ដាញសង្គមនេះគេប្រហែលជាអាចទាក់ទងដឹងពីសុខទុក្ខនាងបាន តែថាសូម្បីតែផ្លូវមួយនេះក៏នាងមិនព្រមទុកឲ្យគេដែរ ស៊ុកជីនផ្ដេកខ្លួនទៅលើពូកមួយទំហឹងទាំងនឿយណាយក្នុងទ្រូង ដៃមាំលូកអោបក្រសោបទូរសព្ទ័ដៃជាប់ទ្រូង ភ្នែកក្ដៅក្រហាយផ្សាបញ្ចេញទឹកថ្លាៗហូរស្រក់កាត់ប្រលោះភ្នែករមៀលធ្លាក់លើថ្ពាល់កូនប្រុសដើមទ្រូង៥ហត្ថដូចជានាយ គេមិនធ្លាប់យំព្រោះស្រីណាម្នាក់ពីមុនមកឡើយ តែអវត្តមានរបស់អែមមីក៏នាំឲ្យគេឈឺចាប់ដូចជាស្លាប់បែបនេះ តើគេអាចប្រើជីវិតរស់នៅដោយគ្មាននាងបែបណាទៅ? មិនអាចទេ...
តុកៗ
"ចូលមក" ស៊ុកជីនបន្លឺសំឡេងទាំងសំឡេងធ្ងន់មុននឹងប្រាសខ្លួនបែរទៅម្ខាង សម្រឹបជើងដើរចូលមកកាន់តែកៀកស្របនឹងក្លិនទឹកអប់ម៉ាកល្បីប្រហើរកាត់ច្រមុះរបស់ស៊ុកជីន អាចឲ្យនាយដឹងថាអ្នកចូលមកនោះគ្មានអ្នកណាឡើយក្រៅពីក្មួយប្រុសរបស់គេ, ជីមីន។
"ឯងមិនទៅក្រុមហ៊ុនទេ? ក្រែងថាមកកូរ៉េលើកនេះមានការងារធ្វើច្រើនមិនចឹងហេស៎?" ជីមីនឈរជ្រែងហោប៉ៅបែរសំឡឹងមើលលោកពូរបស់ខ្លួនដេកស្ពាបលើគ្រែ ងាកទៅមើលតុសាឡុងក៏ឃើញមានវ៉ាញដល់ទៅ២ដបដែលអស់ ចឹងបានន័យថាយប់មិញលោកពូគេផឹកអស់ច្រើនណាស់ហើយ។
"ខ្ញុំថាពាក្យនេះខ្ញុំជាអ្នកសួរលោកពូវិញទើបត្រូវ លោកពូនៅកើតទុក្ខនឹងរឿងភ្ជាប់ពាក្យនោះធ្វើអីទៀត? ខាងស្រីគេអាចបំភ្លេចពូបានដោយងាយ ចុះហេតុអីក៏លោកពូនៅត្រាំត្រែងនឹងស្នេហាដែលដើរដល់ទីបញ្ចប់មួយនេះ?" ស៊ុកជីនមិនបាននិយាយអីតែក៏ក្រោកនាំខ្លួនអង្គុយឆ្កក់រួចបែរសំឡឹងមើលទៅក្មួយកំហូចដែលនិយាយសម្ដីព្រានមុននេះចេញមក។
"រង់ចាំដល់ថ្ងៃណាមួយដែលឯងប្រាកដប្រជាជាមួយអ្នកណាម្នាក់ នោះឯងប្រាកដជាយល់អារម្មណ៍របស់យើងនាពេលនេះ ជីមីន" ស៊ុកជីនបែរបំណងនឹងដើរចាកចេញតែជីមីនក៏បែរនិយាយអ្វីម៉្យាងដែលនាំឲ្យគេឈប់ឆ្កក់។
"បងឡរ៉ានឹងកូនកំពុងតែចាំបងនៅខាងក្រោម"
"ហេតុអី?"
"លឺថាពួកគាត់នឹងមកនៅទីនេះជាមួយនឹងបង" ស៊ុកជីនក៏បើកភ្នែកធំៗសំឡឹងមើលទៅក្មួយប្រុសហាក់មិនចង់ជឿនឹងសម្ដីដែលគេបាននិយាយ មុននឹងប្រញាប់ចេញទៅខាងក្រៅយ៉ាងលឿនតែម្ដង។
"នោះលោកប៉ាចុះមកហើយ" ក្រឡេកមកមើល២នាក់ម្ដាយកូនដែលនៅអង្គុយខាងក្រោមឯណោះ គ្រាន់តែបានឃើញវត្តមានរបស់ស៊ុកជីនចេញមកភ្លាមឡរ៉ាក៏ប្រញាប់កេះកូនស្រីឲ្យងាកមើលទៅគេភ្លាម វ៉ូយ៉នក៏ក្រោករួចអោនគំនាបបន្តិចនាពេលដែលស៊ុកជីនមកដល់។
"នាងមកទីនេះធ្វើអី?" ស៊ុកជីនសួរនាំស្របនឹងក្រសែភ្នែកងាកសំឡឹងមើលទៅវ៉ាលីសម្លៀកបំពាក់របស់ពួកគេដែលនៅក្បែរនោះ ដៃម្ខាងលើកជ្រឹមចិញ្ចើមខ្លួនឯងទាំងឈឺក្បាលខ្ទោកៗ ហេតុអីក៏បញ្ហាកើតមកផ្ទួនៗបែបនេះ?
"គឺវ៉ូយ៉ននាងនិយាយថានាងចង់មកនៅជាមួយប៉ា មានប៉ាមើលថែនាងប្រហែលជាមិនឯកោឡើយ ម៉្យាងបងក៏..ប្រាវ" តុកញ្ចក់ក្បែរនោះក៏បែកលាន់ច្រាវក្រោយពីទង្គិចគ្នានឹងថូផ្កាដែលស៊ុកជីនបោកមុននោះ កែវភ្នែកទាំងសងខាងរបស់គេក៏ក្រហមងាំងពោរពាសទៅដោយកំហឹងសំឡឹងមើលទៅឡរ៉ា។
"ហេតុអី? ហេតុអីក៏ទើបតែត្រឡប់មកពេលនេះ? បើដឹងថាវ៉ូយ៉នជាកូនរបស់ខ្ញុំហេតុអីក៏នាងទើបតែត្រឡប់មកនាពេលនេះ?" ស៊ុកជីនតម្លើងសំឡេងដាក់ឡរ៉ាខ្លាំងៗ នាងក៏ខាំមាត់ខ្លួនឯងសម្រក់ទឹកភ្នែកច្រោកៗឆ្លើយមិនចេញនឹងសំនួររបស់ស៊ុកជីន នាយក្ដាប់ម្រាមដៃខ្លួនឯងបំណងនឹងដើរចេញតែក៏មានអ្នកណាម្នាក់មកអោបជើងគេជាប់។
"វ៉ូយ៉ន.."
"ឲ្យខ្ញុំនៅទីនេះផងទៅ ទោះលោកអុំនាយកមិនឲ្យខ្ញុំហៅប៉ាក៏បាន តែខ្ញុំក៏ចង់មានបុរសម្នាក់ជាបង្គោលក្នុងផ្ទះដូចជាប៉ា ណា៎លោកអុំនាយកណា៎" សម្ដីនិយាយរបស់ក្មេងតូចមួយនេះហើយដែលមិនអាចឲ្យស៊ុកជីនទៅណាបាន គេក៏អោនបន្ទន់ជង្គង់ចុះរួចក៏លើកដៃអង្អែលក្បាលនាង វ៉ូយ៉នលូកដៃអោបនាយរួចក៏បណ្ដោយឲ្យស៊ុកជីនលើកបីនាងឡើយ ឡរ៉ាឯណោះក៏ញញឹមលាក់ពុតកាលបើឃើញពួកគេទាំង២ចុះសម្រុងនឹងគ្នា។
"វ៉ូយ៉នដល់ពេលសម្រាកលេបថ្នាំហើយ ចាំម៉ាក់ទៅយកឲ្យកូនណា៎" ឡរ៉ាចាកចេញទាំងញញឹមព្រោះដឹងថាផែនការបោកប្រាស់ទឹកភ្នែករបស់នាងអម្បាញ់មិញបានការពិតមែន ស៊ុកជីនក៏លើកបីបំណងចង់នាំវ៉ូយ៉នទៅបន្ទាប់តែនាងក៏ទាញករអាវគេជាប់ បបូរមាត់ពេបយំទាំងទឹកភ្នែកហូរស្រក់មកតក់ៗមិនឈប់។
"លោកអុំនាយក..ជួយវ៉ូយ៉នផង អ្ហឹក"

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now