ភាគ០២

1.4K 64 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ០២

សំឡេងពិធីករបន្ទរឡើងព្រមជាមួយនឹងការតំឡើងថ្លៃខ្លួនរបស់ក្មេងស្រីម្នាក់ដែលនៅលើឆាកម្នាក់នោះ កែវភ្នែកថ្លាយ៉ង់ហាក់មិនអាចងាកទៅណាបានក្រៅពីសំឡឹងមើលមកហូស៊ុក ព្រលឹងវិញ្ញាណនាងដង្ហើយសុំការអាណិតមេត្តាពីគេ នាយកម្លោះក៏មិនបាននិយាយអ្វីបានតែសំឡឹងមើលទៅនាងវិញទាំងទឹកមុខបង្ហាញភាពមិនចាប់អារម្មណ៍ទាល់តែសោះ ហើយក៏សំឡឹងបករបស់គេនឹងឯងដែលនាំឲ្យនាងតូចដែលកំពុងតែរំពឹងទៅលើគេនោះហាក់ធ្លាក់ទឹកចិត្តក្ដុកដល់កែងជើង មិនតែប៉ុណ្ណឹងនាងក៏បានត្រឹមតែអង្គុយមើលគេបោះជំហានចាកចេញទៀត។
«ហ៊ឹកហ៊ឺ..» ឡេឡានីមិនអាចគិតអ្វីបានក្រៅពីអោនមុខចុះសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម នាងដូចជាស្រម៉ៃឃើញជីវិតនាងទៅមុខបន្តទៀតបានបាត់ទៅហើយ ជីវិតជាទាសីរបស់កញ្ចាស់តណ្ហាទាំងអស់នេះ ឡេឡានីក៏លើកដៃជូតទឹកភ្នែកស្ដាប់សំឡេងនៃការដេញថ្លៃខ្លួននាង ប្រៀបបីដូចជាទំនិញដែលនៅលើទីផ្សារមានតម្លៃថ្លៃតែគ្មានកិត្តយសអីបន្តិចទាល់តែសោះ។
(១២០លាន..១២០លានមានអ្នកបន្តទេ? បើសិនជាគ្មានទេ ខ្ញុំគិតថានាងតូចម្នាក់នេះត្រូវបានទៅលើលោកថៅកែម៉ាន់ជាមិនខានឡើយណ៎..តោះ១២០លានលើកទី១..១២០លានលើកទី២..) ឡេឡានីក៏បានត្រឹមតែងាកភ្នែកមើលទៅបុរសចំណាស់ដែលមានមាឌមាំទាំ ដុះក្បាលពោះស្ពីងដូចជាកើតទាចទឹក មើលតែមុខមាត់ក៏ដឹងថាកញ្ចាស់ម្នាក់នេះតណ្ហាក្រាស់ប៉ុណ្ណា ស្រីតូចឡេឡានីក៏បានត្រឹមតែព្រលែងខ្យល់ដង្ហើមធ្ងន់នឹងបិទភ្នែកហាក់ទទួលយកព្រហ្មលិខិតដែលបានកំណត់ជាស្រេចនោះ..
(១២០លានលើកទី...)
(១៥០លាន..) ការដេញថ្លៃដែលហៀបនឹងបញ្ចប់ទៅហើយនោះក៏បែរជាត្រូវបន្តទៅទៀតតែបន្តទាំងស្ងប់ស្ងាត់កាលបើគ្រប់គ្នាភ្ញាក់ផ្អើលនឹងតម្លៃដែលបុរសម្នាក់នោះស្រែកឡើង ជីវិតដែលផុងចូលជ្រៅរបស់ឡេឡានីមុននោះក៏ហាក់មានពន្លឺជះចូលមកបន្តិចម្ដងៗ ស្រីតូចងើបភ្នែកឡើងក៏ឃើញថាបុរសម្នាក់ដែលនាងព្យាយាមយំសុំជំនួយរបស់នាងមុននោះត្រឡប់មកវិញវិញហើយគេក៏ជាអ្នកដែលដាក់តម្លៃ១៥០លានដុល្លារមុននោះដែរ។
វត្តមានម្ចាស់កាយមាំទាំចូលអង្គុយលើសាឡុងរបស់គេដូចដើមរួចគងអន្ទាក់សំឡឹងមើលទៅថៅកែម៉ាន់ដែលខំញញឹមគិតថាខ្លួននឹងបានភ្លក់រសជាតិស្រីក្មេងនេះទៅហើយនោះ បុរសចំណាស់ក្ដាប់ដៃរួចលើផ្លាកបន្តទៀត។
(ថៅកែម៉ាន់...១៧០លាន)
«២០០លាន..» ហូស៊ុកក៏លើកផ្លាកឡើងបន្តព្រមជាមួយនឹងចំនួនទឹកលុយបន្ថែមលើនោះទៀត អ្នកឯទៀតដែលមានបំណងចង់មកដេញថ្លៃដែរក៏ស្ងាត់មិនមាននរណាម្នាក់ហ៊ានបន្តព្រោះតែចំនួនលុយវាឡើងលើសពីសមត្ថភាពរបស់ពួកគេហើយ។
(២១០លាន..) ថៅកែម៉ាន់ក៏មិនបានចុះចាញ់ទោះបីជាកូនចៅដែលមកជាមួយនោះខ្សឹបប្រាប់ថាពួកគេមិនអាចបន្តតំឡើងថ្លៃបានទៀតឡើយ ២១០លានវាច្រើនពេកហើយសម្រាប់តែមនុស្សស្រីម្នាក់នោះ តែព្រោះចិត្តចង់ឈ្នះថៅកែម៉ាន់ក៏នៅតែតំឡើងថ្លៃទាល់តែបាន។
(ថៅកែម៉ាន់២១០លាន..មានអ្នកណាហ៊ានឲ្យលើសនេះទៀតទេ?) ពិធីករប្រកាសឡើងដូចជានាំសង្ឃឹមឲ្យថៅកែម៉ាន់អញ្ចឹង ក្រោយពីគាត់ឃើញថាអ្នកដេញថ្លៃតាមគាត់ប្រកៀកប្រកិតមុននោះស្ងាត់ ហូស៊ុកក៏ងាកមើលទៅគាត់រួចញញឹមបែបត្រជាក់ស្រេងទៅគាត់ មុននឹងទាញលើទង់ដេញថ្លៃឡើង។
«២៥០លាន..»
(ព្រះអើយ..) គ្រប់គ្នាក្នុងបន្ទប់នោះក៏លាន់មាត់ភ្ញាក់ផ្អើល មិនត្រឹមតែពួកគេឡើយ សូម្បីតែថៅកែម៉ាន់ក៏ចំហមាត់មើលទៅគេ គាត់ក៏មិននិយាយអីតែទាញកូនចៅមកជិត។
«ទៅស៉ើបទៅមើលអាម្សៀរនេះជាអ្នកណា?»
«មិនបាច់ស៉ើបទេទាន៎..អ្នកណាថាមិនស្គាល់គេនោះ ចចកប៉ែកខាងលិចទាន៎..» កូនចៅរបស់ថៅកែម៉ាន់ម្នាក់ក៏រំលឹករហស្សនាមឡើងដែលនាំឲ្យថៅកែម៉ាន់ហាក់ភ្លឺភ្នែកដូចជាគេចាប់ទះ ដៃកាន់ទង់មាំទាំមុននោះក៏ទម្លាក់ចុះទាំងខ្លាចរអាគ្រាន់តែបានលឺឈ្មោះគេ។
(អញ្ចឹង២៥០លានជាតម្លៃចុងក្រោយ..អបអរដល់លោកខាងនេះបាទ៎..) សំឡេងទះដៃក៏បន្លឺឡើងស្របនឹងគ្រប់គ្នាងាកសំឡឹងមើលមកបុរសអាថ៌កំបាំងដែលគ្រប់គ្នាបានដាក់រហស្សនាមឲ្យ ហូស៊ុកក៏ផ្អែកខ្នងអោបដៃសំឡឹងមើលទៅនាងតូចដែលអង្គុយមើលមកគេទាំងទឹកភ្នែកនោះ ស្នាមញញឹមតូចច្រមិចក៏បង្ហាញឡើងលើផ្ទៃមុខនាង មុននឹងនាងត្រូវបានគេនាំយកទៅប្ដូរសំលៀកបំពាក់នៅខាងក្រោយឆាក ដើម្បីឲ្យគេជាកិច្ចបញ្ចប់ការដេញថ្លៃ។
ក្រឺង!ក្រឺង..
គ្រប់គ្នាក៏ដល់ពេលចាកចេញទៅ គ្រានោះទូរសព្ទ័របស់ហូស៊ុកក៏រោទ៍ឡើង នាយទាញយកទូរសព្ទ័ពីហោប៉ៅមករួចចុចទទួល មុននឹងគេបានលឺសំឡេងបែបស្លោរស្លន់របស់អេដវីនកូនចៅគេ។
(សុំទោសចៅហ្វាយ បន្ទប់ដែលចៅហ្វាយត្រូវទៅជាបន្ទប់លេខ៩ទេទាន៎ ខ្ញុំមើលច្រឡំ)
«ទៅស្លាប់ទៅអាចង្រៃយ៎..» ហូស៊ុកប្រទិចផ្ដាសាកូនចៅជំនិតបន្តិចរួចក៏ចុចបិទវិញ កែវភ្នែកមុតក៏ងាកមើលទៅវេទិកាបន្តិចមុននឹងនាំខ្លួនចេញទៅច្រកខាងក្រោយរង់ចាំទទួលយកទំនិញដែលគេបានដេញថ្លៃយក។

១៥នាទីក្រោយពីការរង់ចាំ ទ្វារបន្ទប់ខាងក្រោយក៏បើកឡើងបង្ហាញរាងកាយនាងតូចក្នុងឈុតរ៉ូបខ្លីមួយមានពណ៌សក្បុសដូចជាស្បែករបស់នាងដែរ ស្រីតូចអើតករឆ្កក់ចេញមកមុននឹងប្រទះភ្នែកជាមួយនឹងម្ចាស់កាយសង្ហាដែលឈរជ្រែងហោប៉ៅចាំនាងទាំងមុខស្មើធេង។
«ម្ចាស់ប្រុស ហិហិ»
(ស្អីគេ ម្ចាស់ប្រុស?) សព្វនាមដែលនាងហៅគេមុននេះក៏នាំម្ចាស់កាយលើកចិញ្ចើមម្ខាងនឹងសំឡឹងមើលទៅនាងទាំងមានចម្ងល់កប់ពេញក្នុងខួរក្បាល តែគេក៏មិននិយាយនឹងបញ្ចប់ការរាក់ទាក់ត្រឹមដើរចេញទៅ នាងល្អិតឡេឡានីឯណោះក៏ញញឹមខ្ជឹបរួចរត់ទៅតាមពីក្រោយនាយ។
ហូស៊ុកចេញពីខាងក្នុងមកទាំងទឹកមុខស្មើ អេដវីនដែលចៅហ្វាយទើបតែជេរស្ដីមុននោះក៏មិនបានទៅណានឹងនៅរង់ចាំចៅហ្វាយចេញមក តែគេក៏បែរជាភ្ញាក់កាលបើមានមនុស្សស្រីម្នាក់រត់តត្រុកតាមពីកករោយចៅហ្វាយគេមក។ «អេ៎..អេ៎ ឈប់» កាលបើហូស៊ុកដើរមកហួសអេដវីនឯណោះក៏ចូលទៅឃាំងផ្លូវឡេឡានីដោយយកដៃទប់ក្បាលនាងជាប់ ស្រីតូចក៏ព្យាយាមរើចេញរួចងាកបើកភ្នែកម៉ក់ៗមើលទៅហូស៊ុក នាយក៏ក្រវីក្បាលរួចផ្អែកខ្នងនឹងពូកឡាន។
«ឲ្យនាងចូលឡានមក..»
«ប..បាទ៎ចៅហ្វាយ?»
«យ៉េ!! អ៊ែក៎ ជៀស» នាងល្អិតកាលបើបានម្ចាស់ប្រុសនិយាយបែបនឹងក៏បានចិត្តនឹងបំបុកស្មានាយដែលចូលមកឃាត់នាងភ្លាម ស្រីតូចក៏សម្រុកចូលទៅអង្គុយក្នុងឡានផ្នែកខាងក្រោយរួចបិទទ្វារលាន់គ្រឹបរកតែអេដវីនឃាត់មិនទាន់ ព្រោះចៅហ្វាយគេមិនអនុញ្ញាតឲ្យនរណាអង្គុយក្រោយក្បែរគាត់ឡើយ សូម្បីតែក្មួយប្រុសគាត់ក៏ដោយ។
«នែ!នាងល្អិត..បើចង់នៅមានដង្ហើមដកដល់ស្អែកចុះពីបាំងក្រោយមកអង្គុយខាងមុខភ្លាម..»
«ហូយ៎! នេះវាស្អីរបស់លោកទៀតហើយ? ទើសគ្រប់រូបភាព គ្រប់ស្ថានការណ៍តែម្ដង..» អេដវីនក៏ក្ដៅឆេវដែលក្មេងម្នាក់នេះតមាត់ឲ្យបប៉េសជាមួយខ្លួន គេហើបមាត់រកនិយាយតែហូស៊ុកក៏លើកដៃជាសញ្ញាឲ្យគេឈប់ អេដវីនក៏មិនអាចប្រឆាំងបាននឹងអោនក្បាលគោរពមុននឹងទាញទ្វារបិទវិញ។
«ហិហិ ម្ចាស់ប្រុសល្អជាងគេ» ឡេឡានីឯណោះក៏ងាកមើលមកនាយវិញរួចលើកមេដៃបង្ហាញទៅគេ ហូស៊ុកក៏ងាកមើលនាងទាំងមុខស្មើធេង ឡេឡានីក៏ញញឹមរួចអង្គុយសណ្ដកជើងត្រង់ហាក់មិនបានខ្វល់ខ្វាយរឺគិតថាគេនាំនាងទៅណាសោះតែម្ដង។
«នាងមកជាមួយយើងមិនខ្លាចថាយើងនឹងយកនាងទៅធ្វើបាបនឹងរំលោភដូចជាអាថៅកែនោះទេ?» សំណួរមួយក៏លាន់ពីមាត់អ្នកដែលអង្គុយមុខមាំដូចថ្មម៉ាបនោះ ឡេឡានីក៏ច្បូញមាត់រួចងាកមើលមកហូស៊ុក មើលកាន់តែជិតសឹងតែឃើញរន្ធញើសលើមុខគេទៅហើយ។
«តែមុខម្ចាស់ប្រុសមិនសមចេះរំលោភស្រីទេ..»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now